- ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាទីរាប់ឤន
- សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ ជាទីរាប់ឤន!
រាត្រីនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយហើយក៏សូមថ្លែងអំណរគុណឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានអញ្ជើញខ្ញុំ និងភរិយាចូលរួមក្នុងពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រារព្វឡើងយ៉ាងឧឡារិកនាពេលនេះ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសំដែងនូវការអបអរសាទរ និងកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន ចំពោះសមិទ្ធផលដ៏អស្ចារ្យច្រើនឥតគណនា ដែលមហាមិត្តចិនសម្រេចបានជោគជ័យកន្លងមកក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់បក្សកុម្មុយនីស្តចិន ចាប់តាំងពីឆ្នាំ ១៩៤៩។ បច្ចុប្បន្ន ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងធំធេង និងឆាប់រហ័សលើគ្រប់វិស័យ ហើយបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក។
ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមហាមិត្តចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ន។ កម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ប្រជាជនយើងទាំងពីរ ក៏ដូចជាបុព្វហេតុ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម នៅក្នុងតំបន់ និងពិភពលោក។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ឈរលើមូលដ្ឋានស្មើភាពគ្នា និងមានការជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីឧត្តមប្រយោជន៍រួម។ កម្ពុជាប្រកាន់នយោបាយ «ចិនមួយ» យ៉ាងខ្ជាប់ខ្ជួន ខណៈដែលចិនគោរពយ៉ាងម៉ឺងម៉ាត់នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។
អង្គពិធីទាំងមូលជាទីមេត្រី!
អនុញ្ញាតឱ្យខ្ញុំបានរំលឹកបន្តិចថា កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី ១ រវាងព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តមនាយករដ្ឋមន្ត្រី ជូ អេនឡាយ ក្នុងអំឡុងពេលចូលរួមសន្និសីទនៅទីក្រុងបាន់ឌុង ខែ មេសា ឆ្នាំ ១៩៥៤ នៅប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់មកទំនាក់ទំនង មិត្តភាពជាប្រវត្តិសាស្ត្រនេះបានកសាងឡើងរួមគ្នារវាងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម ប្រមុខរដ្ឋ ម៉ៅ សេទុង ក៏ដូចជាឥស្សរជនកម្ពុជា និងចិនជំនាន់មុនៗ និងបច្ចុប្បន្ន។
ជាក់ស្តែង ខ្លួនខ្ញុំផ្ទាល់ចាប់តាំងពីឆ្នាំ ១៩៩៩ មកបានទៅធ្វើទស្សនកិច្ច នៅប្រទេសចិនចំនួន ១៩ លើកហើយនេះបង្ហាញឱ្យឃើញថា កម្ពុជា និងចិនបានរួមគ្នាថែរក្សា អភិវឌ្ឍ និងបង្កើនចំណងមិត្តភាព រឹងមាំ និងកាន់តែរីកចម្រើនរហូតឈានដល់ការបង្កើត «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន» នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ កន្លងមក។
ក្នុងស្មារតីនេះការកែទម្រង់ និងការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់ប្រទេសចិន ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងមូល។ ជាការពិត គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលរដ្ឋាភិបាលចិនបានដាក់ចេញពិតជាបានពង្រីក និងលើកកម្ពស់ «ភាពជាដៃគូដែលមានប្រយោជន៍ទៅវិញទៅមក» «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» និង «វិបុលភាពរួមគ្នា» រវាងបណ្តាប្រទេសនៅតាមខ្សែក្រវាត់ និងផ្លូវ តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងប្រជាជន ក៏ដូចជាសហប្រតិបត្តិការផ្នែកធុរកិច្ច វប្បធម៌ និងវិស័យសំខាន់ៗដទៃទៀតទាំងបច្ចុប្បន្ន និងអនាគត។
ទន្ទឹមនេះ ខ្ញុំជឿជាក់ថា មហាមិត្តចិននឹងក្លាយជាប្រទេសមហាអំណាចពិភពលោក ក្នុងវិស័យបច្ចេកទេស និងនវានុវត្ត នៅឆ្នាំ ២០៥០។ ហើយជាបន្តបន្ទាប់ មិត្តចិននឹងបន្តសម្រេចបាននូវគោលដៅ ១០០ ឆ្នាំ ទាំងពីរ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពកម្រិតមធ្យមលើគ្រប់វិស័យនៅឆ្នាំ ២០២១ និងបន្តឆ្ពោះទៅសម្រេចបាននូវការកសាងប្រទេសចិនជាប្រទេសសង្គមនិយម ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ មានវប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ ២០៤៩ ដូចដែលថ្នាក់ដឹកនាំចិនបានអនុវត្ត និងកំណត់ទិសដៅទុករួចមកហើយ។
អង្គពិធីទាំងមូលជាទីមេត្រី!
នៅក្នុងឱកាសដ៏សែនរីករាយនេះ ដើម្បីអបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំសូមយាង និងអញ្ជើញសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាលើកកែវឡើង៖
- ដើម្បីសុខភាពល្អបរិបូរណ៍របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងលោកជំទាវ
- ដើម្បីព្រះរាជសុខភាពបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
- ដើម្បីចំណងមិត្តភាពកម្ពុជា-ចិន រឹងមាំ ស្ថិតស្ថេរចីរកាល
- ដើម្បីសុខភាពបរិបូរណ៍ និងជោគជ័យរបស់សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅទីនេះ។
សូមអរគុណ!