ក្រុមហ៊ុនចិន គ្រោងនឹងវិនិយោគវារីអគ្គិសនីតាតៃផ្នែកខាងលើ និងរោងចក្រផលិតឧបករណ៍ បម្រើឱ្យវិស័យថាមពលបន្ថែមទៀត

ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ — ក្រុមហ៊ុនចិន ដែលកំពុងវិនិយោគវារីអគ្គិសនីតាតៃក្នុងខេត្តកោះកុង បានលើកអំពីគម្រោ​​ង​វិនិ​យោគអភិវឌ្ឍន៍វារីអគ្គិសនីតាតៃផ្នែក​​លើ និង​រោងចក្រផលិតឧបករណ៍អគ្គិសនីបម្រើឱ្យ​វិស័​យ​ថាមពលបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់​ឱ្យដឹង​របស់ ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​ម​ន្ត្រី​​ បន្ទាប់ពីសម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ណាន ឈុនហ៊ួយ (Nan Cunhui) នាយកប្រតិបត្តិក្រុមហ៊ុន ជិន គ្រុប (Chint Group) និងលោក លូ វិនជុន (Lu Wenjun) ប្រធានក្រុម​ប្រឹក្សា​ភិ​បា​ល​ក្រុមហ៊ុន ស៊ីណូម៉ាច៍ (Sinomach-HE) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅវិមានសន្តិភាព។ បើតាមឯកឧត្ដម ស្រ៊ី ថាមរង្គ បានឱ្យដឹងដែរថា  ក្រុមហ៊ុនទាំងពីរនេះ បា​នអភិវឌ្ឍន៍​នូវគម្រោងវារីអគ្គិសនីតាតៃ នាពេលកន្លងមក ហើយកំពុងទទួលភាពជោគជ័យ​​។

លោក ណាន ឈុនហ៊ួយ (Nan Cunhui) នាយកប្រតិបត្តិក្រុមហ៊ុន ជិន គ្រុប (Chint Group)បានសម្ដែ​ង​នូវ​កា​រ​​​​​រីករាយ នៅក្នុងឱកាសបានជួបសម្ដេចតេជោ ហើយបានបង្ហាញនូវ  ការជឿជាក់ថា ក្នុងរយៈ​ពេ​ល​​​ដែលក្រុមហ៊ុន បានមកវិនិយោគនៅកម្ពុជា ជាង១០ឆ្នាំកន្លងមក នេះភាពទាក់ទាញ​នៅ​កម្ពុ​​ជា បានផ្ដល់នោះគឺកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេច តេជោ  ដែល​មាន​សុវ​ត្ថិ​ភា​ព ការអភិវឌ្ឍទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានការរីកចម្រើន ជឿនលឿន ដែលធ្វើឱ្យ​ក្រុ​ម​ហ៊ុនមានជំនឿជឿជាក់ ហើយនឹងបន្តសន្យាប្ដេជ្ញាថា នឹងបន្ត​ការ​វិនិយោគតទៅទៀត ដើម្បី​ជួ​យ​ក្នុងការអភិវឌ្ឍកម្ពុជា។ លោកបានបន្ដថា ក្រុមហ៊ុនបានលើក នូវគម្រោងវិនិយោគ​មួ​យ​ទៀ​ត គឺវារីអគ្គិសនីតាតៃខាងលើ  ដែលអាចផលិតបានថាមពល​១៥០​មេហ្គាវ៉ាត់ ខណៈវារី​អគ្គិ​ស​នី ដែលដំណើរការកន្លងមកនេះ គឺតាតៃខាងក្រោម ដែល​អាច​ផលិត ថាមពលអគ្គិ​សនី២៤០​មេ​​ហ្គា​វ៉ាត់ ដូច្នេះខ្សែទឹកតែមួយតែអាចប្រើប្រាស់បាន២ដង ផ្ដល់ឱ្យមានភាពចំណេញ ហើយ​វា​នឹង​ជួយអគ្គិសនីកម្ពុជា ដែលកំពុងតែត្រូវការស្របតាមការ​វិវឌ្ឍជឿនលឿនរបស់ប្រទេស។ លោកក៏បានលើកឡើងពីគម្រោងកសាងរោងចក្រ ដើម្បី​ផលិតឧបករណ៍ សម្រាប់​​បម្រើលើវិស័យថាមពល រួមទាំងផ្ទាំងសូឡា ត្រង់ស្វូ និងអគ្គិសនី​កើតឡើងវិញ។ល។ ដោ​យ​​ទាំ​ង​នេះ​ វា​នឹ​ង​​ជួយដល់ការការពារបរិស្ថានផង ការសន្សំសំចៃអគ្គិ សនីផង ព្រោះតាមការ​ឱ្យ​ដឹ​ងផលិតនោះ គឺមានគុណភាពខ្ពស់ ធ្វើឱ្យការប្រើប្រាស់អគ្គិសនី មិនប្រើថាមពលច្រើន ដែ​ល​ជា​ការជួយ​បន្ថ​យ​ការប្រើប្រាស់ថាមពល និងជួយបរិស្ថាន  ដែល នេះគឺជាការរួមចំណែក ដល់​ការ​ប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរខ្លាំងទៅលើការ អភិវឌ្ឍ វិស័យថាមពល​អគ្គិ​ស​នី​នេះ។

សម្ដេចតេជោ ហ៊ុន​ សែន បានសម្ដែងការស្វាគមន៍ចំពោះគណៈ​ប្រ​តិ​ភូ​ក្រុមហ៊ុនចិន ហើយបានលើក​ឡើ​ង​ថា ការខិតខំគាំទ្រ នៅក្នុងការវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុននេះ បាន​បង្ហា​ញនូវ​ភា​ព​ជា​ដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានចាត់ទុកថា ពីមុនយើងមាន​ធនធាន​ម​នុ​ស្ស ហើយ​អគ្គិសនី ក៏ជាអាទិភាព មួយដែរ ដោយសារថា កំណើនការអភិវឌ្ឍកម្ពុជា ការ​សា​ងសង់​មាន​ច្រើនលឿន។ សម្តេច​តេ​​ជោបន្តថា ពីមុនកម្ពុជាប្រើប្រាស់ថាមពលអគ្គិសនី តែ​៣៣​មេហ្គាវ៉ាត់ រហូតដល់ពេលនេះ  រាប់ពាន់មេហ្គាវ៉ាត់ ហើយនៅតែខ្វះខាតទៀត។ សម្ដេច​បា​ន​​ស្វាគមន៍ ជាពិសេសគម្រោង​អភិវឌ្ឍន៍តាតៃខាងលើ ដែលខ្សែទឹកតែមួយ អាចប្រើប្រាស់​បា​ន​២ដង ដូច្នេះគឺជាការចំណេញ ហើយវានឹងជួយកាត់បន្ថយនូវការលំបាករបស់រាជរដ្ឋាភិបាល ដែ​លបញ្ហានេះ សម្ដេចបាន​ផ្ដោត​អារម្មណ៍ថា ពីមុនយើងគិតគូរតែប្រើប្រាស់តែក្នុងក្រុង និង​ទី​ប្រ​ជុំជនធំៗតែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះអគ្គិសនី ត្រូវចែកចាយនៅទូទាំងប្រទេសដល់ប្រជាជន​គ្រប់​​ស្រទាប់ទាំងអស់។ សម្ដេចតេជោក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនថា ក្រុមហ៊ុនមិន​ត្រូវ​ពិ​និត្យ​មើល​តែលទ្ធភាព ទីផ្សារកម្ពុជា ដែលមានមនុស្សប្រមាណជា១៦លាននាក់នោះទេ គឺត្រូវ​មើ​លទីផ្សារអាស៊ាន និងទីផ្សារតំបន់ ជាពិសេសក្នុងគម្រោង នៃកិច្ចព្រមព្រៀងថ្មីៗនោះ  មាន​ន័​យ​ថា​រាល់ការ វិនិយោគ មិនត្រឹមតែបម្រើនូវសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺ​ត្រូវគិតទៅលើ ការផលិត ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារដទៃទៀត ខាងក្រៅផងដែរ។ ជា​រួម​​នៅក្នុងជំនួប នេះ សម្ដេចតេជោបានស្វាគមន៍ចំពោះគម្រោង ដែលក្រុមហ៊ុនចិនបាន​លើ​ក​ឡើ​ង ហើយ​ជំរុញ​​ឱ្យក្រុមហ៊ុនខិតខំអនុវត្តន៍ឱ្យបានជោគជ័យ ដើម្បីរួមចំណែកដល់​ការ​អភិ​វឌ្ឍប្រ​ទេសកម្ពុជា ឱ្យមានការរីកចម្រើនតទៅមុខទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...