ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋកូរ៉េក្នុងខែវិច្ឆិកាខាងមុខ

ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹ​ង​អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ និងចូលរួមកិច្ចប្រជុំកិច្ចប្រជុំកំពូ​ល​​អនុស្សាវរីយ៍កូរ៉េ-អាស៊ាន និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ  ដែលនឹងធ្វើឡើងនៅទី​ក្រុ​ង​ប៊ូ​សា​​ន នាខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋ​មន្ត្រី​ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកបណ្ឌិត វន់ ម៉ុកលី (Won Meok L​ee)​សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim)ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម នា ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះលោកបណ្ឌិត Won Meok Lee បាន​ជម្រាប​ជូ​ន​សម្ដេចតេជោ នា​យករដ្ឋមន្ត្រីថា​ លោកបានធ្លាប់មកកាន់ប្រទេសកម្ពុជាម្ដងរួច​មកហើយ ​កាល​ពី​១០​ឆ្នាំមុន ហើយក៏បានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរកាលពេលនោះ។ លោក​បណ្ឌិ​ត​​បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈ​ប្រតិ​ភូ​​​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកបានជម្រាបជូន​សម្តេច​តេ​​​ជោថា កាលពីម្សិលមិញនេះលោកបានអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរពេទ្យព្រះអង្គឌួង ជាពិ​សេ​​ស​នៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្យាបាលជំងឺភ្នែក ដែលជួយដោយប្រទេសកូរ៉េតាម​រយៈ​អង្គ​កា​​រKoica​ និងបានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដោ​យសារកន្លង​ម​ក​​មានកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យរបស់គាត់ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេ​ញ​។​

លោកបណ្ឌិតក៏បានជម្រាបជូនសម្តេចតេជោថា កន្លងមក លោកបានជួយដល់​ការងារ​ផ្នែក​សុ​ខាភិបាលច្រើន ជាពិសេសការយកចិត្តទុកដាក់ និងការព្យាបាលជំងឺភ្នែក​តាមរយៈមជ្ឈម​ណ្ឌ​ល​នៅមន្ទីពេទ្យព្រះអង្គឌួង ហើយលោកប្ដេជ្ញាថា នឹងខិតខំជួយដល់ កម្ពុជាជាបន្តបន្ទាប់​ទៀ​ត​ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអរគុណដល់សាធារណរដ្ឋ​កូរ៉េ ​ដែលកន្លង​ម​ក​ធ្លាប់បានជួយដល់ប្រទេសកម្ពុជាលើវិស័យជាច្រើន ជាពិសេសដល់ផ្នែកវិស័យសុខាភិ បាលក៏​ដូចជាវិស័យអប់រំ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចពិតជាអរគុណ​ទៅ​ដល់ភាគីកូរ៉េ ដែរបានជួយក្នុងការផ្ដល់នូវការព្យាបាលជំងឺភ្នែក ដល់ប្រជាជនកម្ពុជា ដែល​ប្រ​ជាជនជាច្រើនមានបញ្ហាជំងឺភ្នែកនេះ ហើយពួកគាត់ ពិតជាត្រូវការចាំបាច់​នូវសេវា​ព្យា​បា​ល​បញ្ហានៃជំងឺភ្នែក រួមទាំងជំងឺគថ្លង់ផងដែរ។

សម្ដេចបានបន្តថា កន្លងមករាជរដ្ឋាភិ​បា​លកម្ពុ​ជា​​ក៏បានយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកជួយថែទាំ និងព្យាបាលបងប្អូនប្រជាពលរដ្ឋ​ដែ​ល​​មានជំងឺភ្នែក និងគថ្លង់ ពិការជាដើម ជាពិសេសកន្លងមកនេះ​ក៏មានអង្គការគ្រួសារថ្មី​ដែ​លបានយកចិត្តទុកដាក់ក្នុងការជួយដល់កុមារពិការនិងគថ្លង់ ហើយថ្មីៗនេះអង្គការគ្រួសារ​ថ្មី​នេះ ​ត្រូវបានបញ្ចូលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជាវិញ ដូច្នេះនេះ​គឺ​ជា​អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

សម្តេចតេជោបានមាន​ប្រ​សាសន៍ទៀតថា កន្លងមកនេះរាជរដ្ឋាភិបាលក៏ទទួល បានជោគជ័យផងដែរ ទាក់ទងទៅ​នឹង​ការ​បង្ការទប់ស្កាត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល  និងជំងឺតេតា​ណូ​ស​ជាដើម។ បច្ចុប្បន្ននេះកម្ពុជា កំពុងតែយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំង​ជំងឺ​របេ​ង ជំងឺលើសឈាម និងជំងឺគ្រុនចាញ់ជាដើម។

សម្ដេចតេជោក៏បានមានប្រសាសន៍ផង​ដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការវិនិយោគ​យ៉ាងច្រើនទៅលើវិស័យសង្គម​កិ​ច្ច ជាពិសេសក្នុងការផ្ដល់នូវថវិកាជាតិ ទៅលើវិស័យអប់រំ  វិស័យសុខាភិបាល ដើម្បីផ្ដល់នូវ​ប្រ​យោ​ជន៍ ក៏ដូចជាបម្រើនូវសេវាដល់ បងប្អូនប្រជាពលរដ្ឋ។

សម្តេចតេជោក៏បានជម្រាប​ជូន​លោ​ក​បណ្ឌិតផងដែរថា ក្នុងពេលខាងមុខនេះ ពោលគឺ នៅក្នុងអំឡុងខែវិច្ឆិកា សម្ដេចតេជោ​នឹ​ង​​​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ កូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ២ ដែលទី​១​គឺ​​កិច្ចប្រជុំអាស៊ាន-កូរ៉េ និង​ទី​២​ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលគ្រោងនឹងធ្វើនៅទីក្រុងប៊ូសាន​នា​ពេលខាងមុខនេះ។ ​តប​តាមការអញ្ជើញ របស់លោកបណ្ឌិតសាកលវិទ្យាធិការ​នៃសា​ក​ល​វិទ្យា​ល័យកន់យ៉ាង ស​ម្ដេ​ចតេជោនឹងរក ពេលវេលា​សមស្រប ដើម្បី​​ទៅទស្សន​កិច្ច​នៅ​សា​​កលវិទ្យាល័យកន់យ៉ាង នៃប្រទេសកូរ៉េ។ ក្នុងឱកាសនោះផងដែរ សម្តេចតេជោ​នាយក​រដ្ឋ​ម​ន្ត្រី ក៏មានគម្រោងជួបជាមួយពលករ ខ្មែរដែលបម្រើការងារនៅឯប្រទេសកូរ៉េនោះផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ