ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ចិនបានផ្ដល់ជំនួយសម្រាប់កម្ពុជា ដោយមិនបានផ្សារភ្ជាប់លក្ខខណ្ឌណាមួយ ជាមួយកម្ពុជានោះទេ គោលការណ៍គោរពឯករាជ្យអធិបតេយ្យភាពរបស់ចិន គឺជាចំណុចពិសេសដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសមិត្តភក្ដិដទៃទៀតតែងតែធ្វើការជាមួយចិនបានយ៉ាងល្អ។
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិតចិន រួមមាន ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua និងវិទ្យុមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីកន្លងមកនោះ សម្ដេចតេជោហ៊ុន សែន ថ្លែងថា គ្មានលក្ខខណ្ឌតម្រូវណាមួយ ថាកម្ពុជាគួរធ្វើនេះឬធ្វើនោះទេ ប៉ុន្តែចិនបានគោរពនូវការសម្រេចចិត្តរបស់យើង ហើយបើនិយាយពីកម្ពុជាសព្វថ្ងៃ ខ្ញុំតែងតែលើកជាញឹកញាប់ហើយថា ប្រសិនបើគ្មានជំនួយរបស់ចិន និងការឧបត្ថម្ភរបស់ចិនទេ សួរថាមកដល់ពេលនេះ តើកម្ពុជាមានផ្លូវថ្នល់ប្រមាណជាង៣០០០គីឡូម៉ែត្រ និងស្ពានធំៗដែលឆ្លងកាត់ទន្លេ ជំនួសឱ្យផ្លូវដែលគ្មានកាលពីពេលមុន និងស្ពានដែលគ្មានកាលពីពេលមុនឬអត់។ ហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាទទួលបានពីជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន គឺបានជួយជំរុញនូវសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការតភ្ជាប់។សម្ដេចតេជោបន្តថា ខ្ញុំពិតជាមានការរីករាយដោយបានធ្វើការជាមួយមិត្តចិន ហើយក្នុងលក្ខណៈដែលមិនមានការភ្ជាប់លក្ខខណ្ឌតម្រូវ។ សម្ដេចតេជោបន្តថា ពិតហើយមានមនុស្សមួយចំនួនបាននិយាយផ្លែផ្កាដាក់ឱ្យយើងថា ជំនួយនេះ និងក្លាយជាអន្ទាក់បំណុលរបស់ចិន ក៏ប៉ុន្តែកុំភ្លេចថា តើប្រទេសប៉ុន្មានដែលមិនជំពាក់បំណុលបរទេស ហើយតើប្រទេសប៉ុន្មានដែលមិនជំពាក់បំណុលរបស់ចិននោះ មានប្រទេសមួយចំនួនជំពាក់បំណុលរបស់ចិន ច្រើនជាងកម្ពុជាទៅទៀត។ ក៏ប៉ុន្តែខ្ញុំមិនជឿថាកម្ពុជា អាចនឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិន ក្នុងពេលដែលយើងមានការខ្ចីដោយមានការគ្រប់គ្រងហ្មត់ចត់ ហើយមិត្តចិនក៏បានធ្វើការជាមួយយើងដោយហ្មត់ចត់។ សម្រាប់យើងៗមិនអនុញ្ញាតឱ្យមានការខ្ចីលើសពិដានដែលកំណត់ឱ្យខ្ចីនោះទេ។ អនុបាតបំណុល ត្រូវឱ្យខ្ចី៤០ភាគរយ ប៉ុន្តែមកដល់ពេលនេះ កម្ពុជាទើបតែនិងខ្ចីគេត្រឹមតែ២៣ភាគរយតែប៉ណ្ណោះ រាប់ទាំងបំណុលចាស់របស់អាម៉េរិក និងបំណុលចាស់របស់អតីតសហភាពសូវៀត។ អីចឹងទេខ្ញុំគួរតែជូនសារប្រាប់ទៅអ្នកដែលបន្តុះបង្អាប់កម្ពុជាថា កម្ពុជានឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិន គឺអ្នកមិនប្រាកដនិយម ហើយអ្នកហាក់ដូចជាមើលស្រាលចំពោះកម្ពុជា ក៏ដូចជាមើលស្រាលចំពោះឥរិយាបទរបស់ចិន ក្នុងឋានៈជាអ្នកផ្ដល់ទុនទៅឱ្យបណ្ដាប្រទេសនានាដែលបានទទួលការអភិវឌ្ឍ។សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្តថា មិត្តចិន កាន់តែមានមិត្តភក្ដិច្រើនទៅៗ ដោយគោរពផលប្រយោជន៍ផងគ្នា ហើយដោយមិនបំពានគ្នា។ បើនិយាយពីក្នុងក្របខ័ណ្ឌតំបន់ ខ្ញុំលើកពីចំណុចដែលទាក់ទិនជាមួយតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន តើអ្នកណាទទួលផលប្រយោជន៍ពិតប្រាកដអំពីបញ្ហាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន គឺបណ្ដាប្រទេសអាស៊ានទេ ដែលជាអ្នកទទួលផលប្រយោជន៍ច្រើនជាងចិនទៅទៀត ព្រោះទំហំពាណិជ្ជកម្មទ្វេទិសនេះវាធំ ប៉ុន្តែបើយើងយកមកពិនិត្យ គឺចិននាំចូលមកពីប្រទេសអាស៊ានច្រើនជាង អាស៊ាននាំចេញពីចិន ចំណុចនេះគឺបណ្ដាប្រទេសអាស៊ានគឺជាអ្នកទទួលផលប្រយោជន៍។ ដូច្នេះហើយខ្ញុំគិតថា ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-ចិន គឺជាការចាំបាច់ ដើម្បីបន្តទៅមុខទៀត។ យន្តការអាស៊ានបូកចិនគឺជាយន្តការដ៏ល្អ ជាមួយនិងយន្តការអាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េខាងត្បូង និងអាស៊ានបូកបី។ តែនៅមានយន្តការពីរទៀតដែលដើរតួនាទីជួយមកដល់បណ្ដាប្រទេសនៅខាងក្រោមគឺ៖ ទីមួយៈ គឺឡានឆាងមេគង្គ ដែលជាការតភ្ជាប់រវាងចិន និងបណ្ដាប្រទេសមេគង្គ ដែលនៅឆ្នាំ២០២០នឹងមានការប្រជុំនៅទីក្រុងវៀងចន្ទន៍ នេះជាយន្តការមួយទៀតដែលបំពេញបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ។ ទីពីរៈ គឺយន្តការមហាអនុតំបន់មេគង្គ ដែលរួមានបណ្ដាប្រទេសតាមដងទន្លេមេគង្គ ទាំងចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម និងធនាគារអភិវឌ្ឍន៍អាស៊ី។ ដូច្នេះចំណុចទាំងអស់នេះមានភាពប្រទាក់ក្រឡាគ្នា ក្នុងទិដ្ឋភាពជានយោបាយ ដែលផ្ដល់នូវស្ថេរភាពសម្រាប់តំបន់ ហើយក្នុងនោះជំរុញនូវការរីកលូតលាស់ខាងសេដ្ឋកិច្ច ដោយជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ចំណុចទាំងនេះហើយធ្វើឱ្យតំបន់របស់យើងមានសន្តិភាព ស្ថិរភាព ក៏ដូចជាមានការអភិវឌ្ឍ៕
ដោយ ជឹម ណារី