សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការប្រារព្ធធ្វើពិធីបុណ្យតូច ធំ និងការអភិវឌ្ឍ​ប្រទេស​ជាតិទៅបាន គឺអាស្រ័យដោយមានសុខសន្តិភាពពេញលេញ

ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍ថា ការប្រារព្ធធ្វើពិធីបុណ្យតូចធំ និងការអភិវឌ្ឍប្រទេសជាតិទៅបាន គឺអាស្រ័​យ​ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​ ហ៊ុន សែន បានសរសេរថា នាថ្ងៃទី ២៤​កញ្ញា ឆ្នាំ២០១៩នេះគឺបិណ្ឌទី១១ ហើយ នៅតែ​៤ថ្ងៃទៀតគឺបុណ្យ​ភ្ជុំបិណ្ឌ​ធំ​ នឹងមកដល់ ដែលត្រូវចំថ្ងៃសៅរ៍ទី២៨ ខែកញ្ញាខាងមុខ។ សម្ដេច​តេជោបានបញ្ជាក់ថា “ខ្ញុំរីករាយណាស់ ដែលបាន​ឃើញ​បងប្អូន​ជ​ន​រួម​ជា​តិ​ និងកូនក្មួយមាន​ឱកាសបានជួបជុំក្រុមគ្រួសារធ្វើបុណ្យភ្ជុំជាមួយគ្នា នៅទូទាំងប្រទេសដោយក្តីសប្បាយរីក​រាយ”។ សម្ដេចតេជោបន្ដថាថ ការប្រារព្ធធ្វើពិធីបុណ្យតូចធំ និងការអភិវឌ្ឍប្រទេស​ជាតិ​ទៅបាន គឺអា​ស្រ័​យដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ។ សម្ដេចតេជោក៏​សូមអរគុណដល់បងប្អូន​ជ​ន​រួម​ជាតិដែលបានចូលរួមថែរក្សា និងការពារសន្តិភាព​មកដល់​សព្វថ្ងៃ។ ​សម្ដេចតេជោក៏សូ​ម​​បងប្អូនជនរួមជាតិ និងកូនក្មួយ ជាពិសេសក្មួយៗ​កម្មករ​កម្មការិនី​​​ធ្វើដំណើរ​ទៅផ្ទះជួបជុំក្រុម​គ្រួ​សា​រមានសុខសុវត្ថិភាពតាមផ្លូវ។ ជាមួយគ្នានេះ សូម​បង​ប្អូនបើកបរមានការប្រុងប្រយ័ត្នខ្ពស់ យោគយល់ អ​ធ្យា​​ស្រ័យ និងគោរពច្បាប់​ទាំងអស់​គ្នា។

សម្ដេចតេជោក៏សូមជូនពរដល់ប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ សូមជួបតែសេចក្តី​សុខ សេចក្តី​ច​​ម្រើន និងពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបី​ឃ្លៀង​ឃ្លាតឡើយ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ