ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ -សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ ជាតំណាងកាកបាទក្រហមកម្ពុជា តំណាងក្រសួងស្ថាប័ននានា ព្រមទាំងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីក្រោមឱវាទ បានអញ្ជើញជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែចែកជូនប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ ចំនួន ៨៥៧គ្រួសារ នៅភូមិចំនួន៤ គឺ ភូមិម្រើម ភូមិតាងួន ភូមិជួរព្រៃ និងភូមិខ្នងពស់ ក្នុងឃុំដា ស្រុកចិត្របុរី ខេត្ដក្រចេះ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលពិធីចែកអំណោយនេះធ្វើនៅទីទួលសុវត្ថិភាព គឺ ទួលក្បាលកន្ថម ក្នុងឃុំដា ស្រុកចិត្របុរី ខេត្ដក្រចេះ។
សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្រ បានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្រត្រី ព្រះវររាជ មាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫ ទ័យ យកចិត្ដទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។
សម្ដេចចៅហ្វាវាំងក៏បានលើកឡើងផងដែរ នូវការសាកសួរសុខទុក្ខ និងផ្ដាំផ្ញើពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស ដែលសម្ដេចបានដឹកនាំប្រទេសជាតិនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ។ ជាពិសេសបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលទទួលបានការកោតសរសើរពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងមានវិធានការក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលានៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ ណាមួយឡើយ។
ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែដែលបានព្រះរាជទាន ជូនដល់ប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់បណ្តាលឱ្យលិចលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៨៥៧គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ចំនួន ១ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកាចំនួន ២០ម៉ឺនរៀល ៕