នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដែលប្រទេសទាំងពីរអាចទទួលបានផល​ប្រយោជន៍ពីគ្នាទៅវិញទៅមក

ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩​ — ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានចាត់ ទុកវិស័យទេសចរណ៍ គឺជាវិស័យដ៏មានសារៈសំខាន់ និងប្រកបដោយសក្តានុពលច្រើន ហើយជាវិស័យអាទិភាព ដែលប្រទេសទាំងពីរអាចទទួលបានផល​ប្រយោ​ជន៍ពីគ្នាទៅវិញ ទៅមក។

នៅក្នុងជំនួបសវនាការជាមួយសម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អប្រពៃរវាងប្រទេសទាំងពីរ​កម្ពុជា-ម៉ាឡេស៊ី។ តាមរយៈការផ្លាស់ប្តូរ ដំណើរទស្ស​ន​កិច្ចរវាងប្រជាជននៃប្រទេសទាំងពីរ និងតាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាពេលនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថានឹងអាចត្រួសត្រាយផ្លូវ ដើម្បីឱ្យប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី រួមគ្នាធ្វើការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យដើម្បីវិបុលភាពនៃប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រមុ​ខ​​រដ្ឋស្តីទីថា តាមរយៈដំណើរ ទស្សនកិច្ចនេះមានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់​គ្នាស្តីពី កិច្ចសហ ប្រតិបត្តិការវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្តីពី ការចៀសវាងយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចវេសពន្ធលើប្រាក់ចំណូលរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិ បាលម៉ាឡេស៊ី។ ក្រៅពីនេះ ក៏នឹងមានអនុស្សរណៈយោគយល់គ្នាជាច្រើនទៀត ដែលកំពុងរៀងចំ និងត្រៀមចុះហត្ថលេខា រវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរនាពេល ខាងមុខ។ តាម​រយៈនៃការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នានេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តការនៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ជាពិសេសការវិនិយោគរវាងប្រទេសទាំងពីរ។ ចំពោះវិស័យទេសចរណ៍ គឺជាវិស័យដ៏មានសារៈសំខាន់ និងប្រកបដោយសក្តានុពលច្រើន ហើយវិស័យនេះ ចាត់ទុកថាជាវិស័យអាទិភាពដែលប្រទេសទាំងពីរអាចទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្ស​​នកិច្ចលើកនេះ ហើយ ជឿជាក់ថានឹងរួមចំណែកដ៏សំ​ខាន់ ក្នុងការពង្រឹងពង្រីកបន្ថែមទៀត នៃទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ពិសេសលើទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារ បស់ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់  ដែលបាន​ថ្លែងសរសើរអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការ រីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿថា តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការរបស់ គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាការបន្តខិតខំថែរក្សាប្រពៃណីដ៏ល្អ នៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អ ប្រសើរឡើង និងរឹងមាំថែមទៀត។ ទំនាក់ទំនងដ៏ល្អនេះ បានចាប់ផ្តើមស្ថាបនាឡើងរវាង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំម៉ាឡេស៊ី ជំនាន់មុន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទំាងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អនេះ ប្រមុខរដ្ឋាភិបាល និងមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សន កិច្ចគ្នាទៅវិញទៅមក ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើន ឡើងជាបន្តបន្ទាប់ ដែលបានរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក និងមានកិច្ចសហប្រតិបត្តិការល្អ ក្នុងក្របខ័ណ្ឌ តំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានជួយអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ រយៈពេលវែង និងខ្លីជាច្រើននាក់ដល់មន្រ្តី និងនិស្សិត កម្ពុជា បានទៅសិក្សានៅប្រទេស ម៉ាឡេស៊ី។

សម្តេ​ចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា  ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះករុ​ណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានកំពុងទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមល្អប្រសើរ។ ប្រជាជនកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមរមនា គ្មានការរើសអើងអំពីនិន្នាការនយោបាយ អតីតកាល ជាតិសាសន៍ ជំនឿសាសនាក្នុង សង្គមឡើយ។ ប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចនៅតែ បន្តរីកចម្រើនជាលំដាប់​។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយ មើលឃើញអំពី ការរីកចម្រើន ផ្នែកសេដ្ឋកិច្ច សង្គមរបស់ប្រជាជន និងប្រទេសម៉ាឡេស៊ី ជាបងប្អូនរួមគ្រួសារអាស៊ាន ហើយសូមប្រសិទ្ធពរឱ្យប្រជាជន និងប្រទេសម៉ាឡេស៊ី បន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត រួមចំណែកដល់វឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍ នៅក្នុងតំបន់។ ឆ្លៀតក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើនូវ ព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព សេចក្តីនឹករលឹក សេចក្តីស្រឡាញ់ រាប់អាន ដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ថ្វាយចំពោះព្រះមហាក្សត្រ និងជូនថ្នាក់ដឹកនាំកំពូលប្រទេសម៉ាឡេស៊ីផងដែរ៕

ដោយ ប៉ាល់ សុង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ