សៀមរាប ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ — ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤នោះ បណ្ដារដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសជាសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូអមដំណើរប្រមាណ៣០០នាក់ បានមកជួបជុំគ្នានៅលើទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធានប្ដូរវេនរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ និង កិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្ដង ជាលក្ខណៈប្ដូរវេន ដែលរួមាន៖ទី១. កិច្ចប្រជុំត្រៀមឧត្ដមមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន។
ទី២. កិច្ចប្រជុំមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ« លើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល»។ កិច្ចប្រជុំនឹងពិភាក្សាផ្ដោតលើប្រធានបទសំខាន់ៗចំនួនបួន ដែលក្នុងនោះរួមមាន៖ ទីមួយៈ ការប្រយុទ្ធប្រឆាំងនិងឧសថក្លែងក្លាយ និងអន់គុណភាព។ ទីពីរៈ ការធានា និរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព។ ទីបីៈ ការពង្រឹងសមត្ថភាពក្នុងការអនុវត្តនិយ័ត កម្មសុខភាពអន្តរជាតិ របស់អង្គការសុខាភាពពិភពលោក។ ទីបួនៈ នវានុវត្តន៍នៃការពង្រឹង សេវាថែទាំសុខភាព។
ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គម ជាមួយនឹងទិសដៅសម្រាប់អនាគតនៃសុខុមាលភាពសហគមន៍អាស៊ាន គឺទាំងអស់គ្នាមានសុខភាពកាន់តែល្អប្រសើរនោះសម្ដេចពិជ័យសេនា ទៀ បាញ់ បានចែករំលែកនូវអនុសាសន៍មួយចំនួនដល់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ថា ទីមួយៈ ប្រទេសសមាជិកអាស៊ានទាំងអស់ត្រូវរួមគ្នាលើកកម្ពស់និងជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូលឱ្យកាន់តែប្រសើរ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាពសេវាសុខាភិបាល។ ទីពីរៈ អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្នែកសុខភាពសាធារណៈ ជាពិសេសការផ្ទុះឡើងនៃជំងឺឆ្លងនៅក្នុងតំបន់អាស៊ាន និងគ្រោះមហន្តរាយនានាដែលបង្កឡើងដោយសារការផ្លាស់ប្ដូរអាកាសធាតុ។ ទីបីៈ អាស៊ានត្រូវរួមគ្នាកាត់បន្ថយ គម្លាតនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ តាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមក នូវចំណុចខ្វះ ខាត ជួយកសាងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និងធនធានមនុស្ស ជាពិសេសត្រូវ បំពាក់បំប៉ននូវចំណេះដឹង និងជំនាញបច្ចេកទេសស្របតាមនិយាមអន្តរជាតិ និងបច្ចេកវិទ្យាទំនើបដើម្បីផ្ដល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់និងភាពជឿជាក់។
ទីបួនៈ អាស៊ានត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់នៃវិស័យសុខាភិបាល ចែករំលែកនូវព័ត៌មាន ចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យា និងបច្ចេកទេសជាប្រចាំ ដើម្បីរិះរកវិធីសាស្ត្រ និងតម្រូវការចាំបាច់សម្រាប់អនុវត្តន៍រួមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា នៅក្នុងបណ្ដាប្រទេសអាស៊ាន និងនៅក្នុងតំបន់។ ទីប្រាំៈ អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ ការបន្តពង្រឹង ក្របខ័ណ្ឌច្បាប់ ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប្រចាំ និង បន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។ ទីប្រាំមួយៈ អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍និងអង្គ ការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និងសកលលោក ដែលមានស្រាប់ និងបង្កើតយន្តការ ឬគោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើសុខដុមនីយ កម្ម វិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាសម្រាប់ការទប់ស្កាត់ ឱសថក្លែងក្លាយ និងអន់គុណភាព៕