ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ -ក្នុងខណៈអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោ សម្រាប់ពិធីផ្គុំកៅអី និងផ្គុំអគារទាំងមូលក្នុងបរិវេណត្រូវបានសម្រេចរួចរាល់តាមផែនការដំណាក់កាលទី២ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងទី២៩ ខែកក្កដា ឆ្នាំង២០១៩ និងដោយមានការអញ្ជើញចូលរួមរបស់មន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមទាំងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពហុកីឡាដ្ឋានជាតិមរតកតេជោ បានបង្ហាញពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន កាន់តែរឹងមាំថែមទៀត ក្រោមគំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់ និងផ្លូវ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោបានសរសេរថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ លើផ្ទៃដីទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់។ សំណង់ពហុកីឡាដ្ឋានជាតិមរតកតេជោត្រូវបានសាងសង់ជា៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ, អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអាគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលហាត់សាច់ដុំ សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ។
ពហុកីឡាដ្ឋានជាតិមរតកតេជោ បានស្ថាបនាឡើងក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួនជិត១៦០លានដុល្លារអាម៉េរិក ដែលមកដល់ពេលនេះសម្រេច បាន៦០ភាគរយហើយ ដោយចាប់ផ្តើមការដ្ឋានសាងសង់តាំងពីឆ្នាំ២០១៣ និងបែងចែកជា ៣ដំណាក់កាល ដោយគ្រោងនឹងចំណាយពេលប្រមាណ៧ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់រហូតដល់ឆ្នាំ២០២០ជាបញ្ចប់ជាស្ថាពរ។ នៅក្នុងបរិវេណពហុកីឡាដ្ឋាននេះ មានកន្លែងស្នាក់នៅរបស់កីឡាករ ទីលានបាល់ទាត់ ទីលានអត្តពលកម្ម សាលបាល់បោះ សាលបាល់ទះ សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម។ លើសពីនេះទៅទៀត ពហុកីឡាដ្ឋានមរតកតេជោ ក៏មានទីធ្លាសម្រាប់កម្មវិធីជាតិដូចជា ការតាំងពិព័រណ៍ផ្សេងៗ ការប្រគុំតន្រ្តី ការិយាល័យ ហើយហ៊ុំព័ទ្ធដោយអគារស្នាក់នៅ អាហារដ្ឋាន សណ្ឋាគារខ្នាតយក្ស សួនទឹកកម្សាន្ត។
គួរបញ្ជាក់ដែរថា គម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលកំពុងសាងសង់នៅលើផ្ទៃដីជាង៨៥ហិកតានេះ គឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ ២០២៣ខាងមុខនេះដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយពហុកីឡដ្ឋានជាតិមរតកតេជោនេះ ក៏អាចផ្ទុកអ្នកទស្សនាបានរហូតដល់ប្រមាណជា៧ម៉ឺននាក់៕