សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

73

នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលក្នុងសុន្ទរកថានោះមានខ្លឹមសារសំខាន់ៗថា៖ សម្តេចពិតជារីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី 41 ដើម្បីជំរាបជូននូវកិច្ចប្រជុំរបស់យើងទាំងមូលអំពីការពិតជាក់ស្ដែងដែលកំពុងកើតឡើងនៅកម្ពុជាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សង្គមស៊ីវិល និងលទ្ធិប្រជាធិបតេយ្យកម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានាភាពដែលកម្ពុជាពិតមានភាពខុសគ្នាច្រើន ឬពេលខ្លះមានភាពខុសគ្នាស្រឡះតែម្ដង។ សម្ដេចក៏បានជម្រាបជូនអង្គប្រជុំអំពីប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសកម្ពុជានៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួនកម្ពុជាបានជួបប្រទះ នឹងគ្រោះមហន្តរាយដ៏ធំៗមួយចំនួនរួមមានការធ្លាក់ចូលក្នុងសង្គ្រាមឥណ្ឌូចិនក្នុងឆ្នាំ 1970-1975 និងរបស់ប៉ុលពតឆ្នាំ 1975-1979 ដែលបានបំផ្លាញដល់ឬសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ចរបស់ជាតិ។ ច្បាស់ណាស់ថានៅក្នុងរបបដ៏ឃោរឃៅនោះសិទ្ធិមនុស្សទាំងអស់របស់ប្រជាជនកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុងរាប់ទាំងសិទ្ធិរស់រានមានជីវិត។ ថ្វីដ្បិតរបស់ ប៉ុល ពត ត្រូវបានបញ្ចប់នៅថ្ងៃ 7 មករាឆ្នាំ 1979 តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនៅតែអូសបន្លាយ។

ស្ថិតនៅក្នុងស្ថានភាពមានសង្រ្គាមផង និងសន្តិភាពផងកម្ពុជាពេលនោះបានប្រើប្រាស់ដៃម្ខាងសម្រាប់ការពារប្រទេសពីការវិលត្រឡប់មកវិញនៃអំពើប្រល័យពូជសាសន៍ និងដៃម្ខាងទៀតសម្រាប់កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញពីចំណុចសូន្យ ក្នុងកាលៈទេសៈដែលមានការហ៊ុមព័ទ្ធនិងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌ពីសំណាក់បណ្ដាប្រទេសដែលតែងតែអួតអាងអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ក្រោយមកទៀតទោះបីជាកម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ 1991 និងបានរៀបចំការបោះឆ្នោតលើកទី 1 ក្នុងឆ្នាំ 1993 ដែលកើតចេញពីការរៀបចំរបស់អ៊ុនតាក់ជាមួយនឹងថវិកាប្រមាណជា 2ប៊ីលានដុល្លារសង្គ្រាមស៊ីវិលនៅតែបន្តក្នុងប្រទេស។ ច្បាស់ណាស់ថាការកសាងប្រទេសជាតិមិនអាចធ្វើទៅបាននោះទេ នៅក្នុងកាលៈទេសៈដែលមានសង្គ្រាមឥតឈប់ឈរ នេះគឺជាហេតុផលដែលជំរុញឱ្យសម្ដេចតេជោបានដាក់ចេញនូវនយោបាយឈ្នះឈ្នះដែលបាននាំមកនូវកម្ពុជានូវការបញ្ចប់សង្រ្គាមទាំងស្រុង និងការទទួលបាននូវសុខសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពជាតិពេញលេញនៅក្នុងទូទាំងប្រទេសជាលើកដំបូងនៅចុងឆ្នាំ 1998។ ដោយនយោបាយនេះ គឺបានសម្តេចដោយខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធឬរំសេវសូម្បីតែមួយគ្រាប់ និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីខាងក្រោយឡើយ។

កម្ពុជាត្រូវបានចាត់ទុកថាជាឋានសួគ៌នៃអង្គការមិនមែនរដ្ឋាភិបាលដែលអង្គការខ្លះបានទទួលថវិកាពីបរទេសតែមិនបានរាយការណ៍អំពីប្រភពថវិកានោះទេ។ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីមានចំនួនប្រមាណជា 5400 អង្គការ ធ្វើការដើម្បីការអភិវឌ្ឍន៍សិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍវិស័យពិសេសការអភិវឌ្ឍនៅតាមមូលដ្ឋានទាំងនៅតំបន់ដាច់ស្រយាលហើយយើងចង់ឲ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់លើបញ្ហានៃការអភិវឌ្ឍរបស់ប្រទេសមិនមែនជាខ្សែលាក់របស់បរទេស និងមិនធ្វើឲ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាពជាដៃគូនេះថែមទៀតរាជរដ្ឋាភិបាលបានរៀបចំជាវេទិការពិគ្រោះយោបល់ជាទៀងទាត់ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង ដោយគ្មានលក្ខណៈស្ថាបនាក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មានកម្ពុជាមានកាសែតចំនួន 550 កាសែត ជាវិបសាយជំនួញ 148 ស្ថានីយវិទ្យុ 211 ទូរទស្សន៍ចំនួន 21 ទូរទស្សន៍ខ្សែកាបចំនួន 113 ប៉ុស្តិ៍និងសមាគមកាសែតចំនួន 39 ។ ប្រជាជនកម្ពុជាមានសិទ្ធិទទួលព័ត៌មានវាគ្រប់ប្រភេទពីគ្រប់ប្រភពនៅមានសិទ្ធិបញ្ចេញមតិលើគ្រប់ប្រធានបទ។ រូបសម្តេចផ្ទាល់ក៏មានទំព័រហ្វេសប៊ុកដែលជាវេទិកាសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈចូលរួមផ្ដល់យោបល់នូវការដឹកនាំរបស់សម្ដេចលើបញ្ហានៃការអភិវឌ្ឍនៅតាមមូលដ្ឋានរបស់មន្ត្រីនិងអាជ្ញាធរ។បន្ថែមលើសពីនេះទៀត សម្ដេចតែងតែរៀបចំនូវកិច្ចប្រជុំជាមួយព័ត៌មានជារៀងរាល់ឆ្នាំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលសារព័ត៌មានរួមមានសង្គមស៊ីវិល។ រាជរដ្ឋាភិបាល
គ្មានគោលបំណងបំបិទសិទ្ធិបញ្ចេញមតិពីប្រជាពលរដ្ឋនោះទេ មានតែលើកទឹកចិត្តបន្ថែមព្រោះរាជរដ្ឋាភិបាលទាំងមូលកំណត់យកមតិពីប្រជាពលរដ្ឋជាកញ្ចក់ឆ្លុះបញ្ចាំងដើម្បីវាយតម្លៃអំពីលទ្ធផលការងាររបស់ខ្លួន និងជាធាតុចូលសម្រាប់រៀបចំជាគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្សេងៗនៅថ្ងៃអនាគត។

សម្តេចបន្តទៀតថា ក្នុងចំណោមសិទ្ធិសេរីភាពនានា សិទ្ធិការងារគឺជាសិទ្ធិមួយដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។រាជរដ្ឋាភិបាលកម្ពុជាតែងតែបុរេសកម្មនិងដាក់ចេញនូវវិធានការនានាដើម្បីលើកកម្ពស់សិទ្ធិការងារនិងសហជីពកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង 8 នឹងអនុសញ្ញាផ្សេងទៀតចំនួន 5 ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសតែមួយគត់ក្នុងអាស៊ានដែលបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារច្រើនជាងគេដើម្បីធានាថាសិទ្ធិការងារនិងលក្ខខណ្ឌការងារត្រូវបានអនុវត្តប្រកបដោយតម្លាភាពពេញលេញមានការរើសអើងដោយឈរលើគោលការណ៍នីតិរដ្ឋទន្ទឹមនេះដែរកម្ពុជាជាប្រទេសទី 1 ដែលបានផ្សារភ្ជាប់លក្ខណៈការងារលក្ខខណ្ឌការងារជាមួយនឹងពាណិជ្ជកម្មក្រៅប្រទេសតាមរយៈកិច្ចព្រមព្រៀងក្នុងវិស័យវាយនភណ្ឌ រវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកតាំងពីខែមករាឆ្នាំ 1999 ដែលក្រោយមកកម្មវិធីនេះបានផ្លាស់ប្ដូរឈ្មោះទៅជាគំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ គម្រោងនេះ នឹងត្រូវចុះMOU នៅថ្ងៃទី27 នៅខែតុលា ខាងមុខ។

ដើម្បីស្វែងយល់ឲ្យកាន់តែច្រើនជាងមុនអំពីលក្ខខណ្ឌនិងស្ថានភាពការងាររបស់កម្មករជាពិសេសដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់កម្មករនៅរោងចក្រ សម្ដេចតេជោបានបើកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយកម្មករផងដែរ។ គិតតាំងពីខែសីហាឆ្នាំ 2017 រហូតដល់ពេលនេះគឺសម្ដេចបានជួបកម្មករជិត 1 លាននាក់ ហើយលទ្ធផលនៃកិច្ចប្រជុំទាំងនោះបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងកើនពី 80 ដុល្លារអាមេរិកក្នុងឆ្នាំ 2013 ដល់ 282 ដុល្លារអាមេរិកក្នុងឆ្នាំ 2019 នេះ ជាមួយនឹងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្សេងៗទៀត។ គិតត្រឹមខែឧសភាឆ្នាំ 2019 ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះបញ្ជីអង្គភាពអង្គការវិជ្ជាជីវៈសេរី 5012 ក្នុងនោះសហជីពមូលដ្ឋានចំនួន 4790 សហព័ន្ធសហជីពចំនួន 193 សហភាពសហជីពចំនួន 29 និងសមាគមនិយោជកចំនួន 10 ។

ក្រសួងការងារដែលបង្កើតក្រុមការងារដើម្បីរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការដែលមានវិជ្ជាជីវៈតំណាងនិយោជក និងនិយោជិតព្រមទាំងភាគីពាក់ព័ន្ធផ្សេងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពួកគេក្នុងការអនុវត្តច្បាប់ស្ដីពីសហជីពនិងដើម្បីកែលម្អច្បាប់ស្ដីអំពីសហជីពផង រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិមួយសម្រាប់ពិនិត្យឡើងវិញនូវអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័នព្រមទាំងដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធរួមទាំងជាមួយនឹងអង្គការពលកម្មអន្តរជាតិផងដែរ។

កម្ពុជាបានក្លាយទៅជាប្រទេសមួយដែលលេចធ្លោនៅក្នុងចំណោមប្រទេសភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្ស។ លើសពីនេះទៀតយន្តការជាតិស្ដីអំពីការការពារនិងការលើកកម្ពស់សិទ្ធិមនុស្សក៏ត្រូវបានចែងនៅក្នុងជំពូកទី 3 នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយកម្ពុជាក៏ជាប្រទេសគំរូនិងនាំមុខគេក្នុងតំបន់ក្នុងចំណោមប្រទេសតែមួយគត់ក្នុងអាស៊ីដែលអនុញ្ញាតឲ្យមានការបើកការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេស និងទទួលឲ្យមានអ្នករាយការណ៍ពិសេសប្រចាំប្រទេសចាប់តាំងពីឆ្នាំ 1993 មកដែលមកដល់សព្វថ្ងៃនេះគឺមានចំនួន 6រូបហើយ។ ទោះបីជាយើងខិតខំប្រឹងប្រែង និងសម្រេចបាននូវសមិទ្ធផលជាច្រើន កម្ពុជាមិនដែលបានទទួលនូវការសាទរ ឬសរសើរពីក្រុម ឬស្ថាប័នមួយចំនួនដែលមានរបៀបវារៈនយោបាយតែមួយគត់គឺការផ្លាស់ប្ដូររបបនោះទោះ។ ក្នុងតម្លៃណាក៏ដោយពួកគេតែងតែលាបពណ៌ខ្មៅមកលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ទោះបីជាការអនុវត្តសិទ្ធិនៅប្រទេសរបស់ខ្លួនគេខ្លួនឯងពោរពេញទៅដោយការស្អប់លើជនបរទេស ការរើសអើងពូជសាសន៍ ការប្រព្រឹត្តអំពើមិនគប្បីមកលើជនអន្តោប្រវេសន៍។ល។ វាជារឿងចម្លែកដែលកម្ពុជាត្រូវស្នើឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ប៉ុន្តែនៅពេលដែលអាជ្ញាធរអនុវត្តច្បាប់ពួកគេបានចោទប្រកាន់យើងពីការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិហើយអាក្រក់ជាងនេះទៅទៀត ប្រទេសនិងស្ថាប័នមួយចំនួនបានយកសិទ្ធិមនុស្សធ្វើជាចំណាប់ខ្មាំងទាក់ទងនឹងការផ្ដល់ជំនួយ ឬការអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់កម្ពុជា។ យើងមានការសោកស្ដាយជាពន់ពេកក្នុងការរំលេចនូវទិដ្ឋភាពដែលថាសិទ្ធិមនុស្សនាពេលបច្ចុប្បន្នបានក្លាយទៅជាឧបករណ៍នយោបាយសម្រាប់ប្រទេសមានអំណាចមួយចំនួនឬអាចនិយាយបានថាជានិយាមប្រតិបត្តិថ្មីរបស់ពួកគេ ឬជាលេសសម្រាប់រាល់ការលូកដៃជ្រៀតជ្រែកលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសទន់ខ្សោយ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងភាពជាដៃគូដែលមានលក្ខណៈស្ថាបនាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីជំរុញលើកកម្ពស់ និងការពារសិទ្ធិមនុស្សឲ្យកាន់តែប្រសើរបន្ថែមទៀត ក៏ប៉ុន្តែយើងក៏ចង់គួរបញ្ជាក់ថាការគោរពចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា ភាពមិនលម្អៀង និងមិនរើសអើង គប្បីត្រូវបានកំណត់ជាគោលការណ៍ណែនាំដែលទាំងអស់គ្នាមិនថាប្រទេសធំ ឬតូច ត្រូវគោរពប្រតិបត្តិក្នុងការខិតខំលើកកម្ពស់សិទ្ធិមនុស្សដោយគិតគូពីបរិការណ៍នយោបាយប្រវត្តិសាស្ត្រ និងសង្គមរបស់ប្រទេសមួយ។

បញ្ហាសិទ្ធិមនុស្សគួរតែត្រូវបានដោះស្រាយនៅក្នុងបរិការណ៍ពិភពលោក ដោយឈរលើអភិក្រមស្ថាបនាប្រើប្រាស់ស្តង់ដារតែមួយគ្មានការប្រឈមមុខដាក់គ្នា មិនពាក់ព័ន្ធនិងរបៀបវារៈនយោបាយ និងលើផ្នែកកិច្ចសន្ទនា។ ក្នុងស្មារតីនេះសម្តេចតេជោបានស្នើឲ្យភាគីទាំងអស់ពិនិត្យលើបញ្ហាទាំងឡាយជាប្រព័ន្ធ ពោលគឺមើលជាព្រៃទាំងមូល ហើយកុំមើលតែឈើមួយដើម ដោយផ្សារភ្ជាប់ជាមួយរបៀបវារៈនយោបាយរបស់ខ្លួន៕