សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ (Alicia Alejandra Alfaro Castillo) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ ក្នុងព្រះបរមនាមរបស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ប្រទេសកូឡុំប៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោសង្ឃឹមថា ក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ីឱ្យកាន់តែរីកចម្រើនទោះបីជាប្រទេសទាំងពីរមានភូមិសាស្ត្រឆ្ងាយពីគ្នាក៏ពិតមែនក៏ប៉ុន្តែកម្ពុជា និងកូឡុំប៊ីមានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា និងមានសក្តានុពលជាច្រើនទៀតដែលអាចពង្រីកបន្ថែមទៀត រវាងប្រទេសទាំងពីរ។
លោកជំទាវ ឯកអគ្គរដ្ឋទូតកូឡុំប៊ី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវបានបានជួបសម្ដែងការគួរសម និងជូនសារតាំងចំពោះសម្ដេចតេជោនាពេលនេះ។ លោកជំទាវបានប្ដេជ្ញាចិត្តថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ីឱ្យកាន់តែរឹងមាំបន្តទៀត។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទាំងពីរមានសក្តានុពលបន្ថែមក្នុងការពង្រីកជាមួយគ្នាទាំងនៅក្នុងក្របខណ្ឌអន្តរជាតិ នយោបាយអន្តរជាតិ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី រវាងប្រទេសទាំងពីរ ហើយកូឡុំប៊ី និងកម្ពុជាក៏គ្រោងនឹងមានកិច្ចសន្ទនានយោបាយជាមួយគ្នាបន្ថែមទៀត។ ទន្ទឹមគ្នានេះ ប្រទេសទាំងពីរនឹងជំរុញនូវពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគ បន្ថែមទៀត ។ លោកជំទាវក៏បានយកឱកាសនេះអបអរសាទរចំពោះ សមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលោកជំទាវអបអរចំពោះអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជាដែលមានភាពស្រស់ស្អាត និងបង្ហាញអំពីភាពរីកចម្រើននៅក្នុងប្រទេសមួយនេះ។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ហើយសម្ដេចបានបញ្ជាក់ថា កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ជាពិសេសរកចំណុចណាដែលមិនទាន់បានពង្រីកនូវកិច្ចការជាមួយគ្នាពោលគឺទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគតែម្ដង ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចក៏ឆ្លៀតអរគុណចំពោះអតីតកាលដែលប្រទេសកូឡុំប៊ីបានបញ្ជូននូវកងទ័ពរបស់ខ្លួនតាមរយៈអ៊ុនតាក់នៅក្នុងចន្លោះឆ្នាំ១៩៩២ និង១៩៩៣ ហើយតាមរយៈអ៊ុនតាក់ គឺបានចូលរួមសម្របសម្រួលក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ សម្ដេចសង្ឃឹមថា ក្នុងតួនាទីរបស់លោកជំទាវដែលជាអគ្គរដ្ឋទូតនាពេលនេះ នឹងខិតខំប្រឹងប្រែងធ្វើការជាមួយនិងរដ្ឋាភិបាលកម្ពុជាក្នុងការពូនជ្រំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។
ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតកូឡុំប៊ីប្រចាំនៅកម្ពុជា ឱ្យបំពេញបេសកកម្មការងារប្រកបដោយភាពជោគជ័យ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort