សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិលើកទី៤១

CNV:

ឯកឧត្ដម ប្រធាន

លោកជំទាវ ឧត្តមស្នងការ

ឯកឧត្តម លោកជំទាវ លោក លោកស្រី

ថ្ងៃនេះ ខ្ញុំមានក្ដីសោមន្សជា អនេក ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី ៤១ ដើម្បីជម្រាបជូនកិច្ចប្រជុំយើងទាំងមូល អំពីការពិតជាក់ស្ដែងដែលកំពុងតែកើតឡើងនៅកម្ពុជា ពាក់ព័ន្ធបញ្ហាសិទ្ធមនុស្ស សង្គមស៊ីវិល និងលទ្ធិប្រជាធិបតេយ្យ។ កម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានាធៀបនឹងកម្ពុជាពិត មានភាពខុសគ្នាច្រើន ឬពេលខ្លះមានភាពខុសគ្នាស្រលះតែម្ដង។

ជាបឋម អនុញ្ញាតឲ្យខ្ញុំជម្រាបជូនអង្គប្រជុំយើងបន្ដិចអំពីប្រវត្ដិសាស្ដ្រថ្មីៗរបស់កម្ពុជា។ នៅក្នុងប្រវត្តិសាស្ដ្រទំនើបរបស់ខ្លួន កម្ពុជាបានជួបប្រទះនឹងគ្រោះមហន្ដរាយធំៗមួយចំនួន រួមមាន ការធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិន ក្នុងឆ្នាំ ១៩៧០-១៩៧៥  និងរបប ប៉ុល ពត ក្នុងឆ្នាំ ១៩៧៥-១៩៧៩ ដែលបានបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចរបស់ជាតិ។ លោកអ្នកទាំងអស់គ្នាច្បាស់ជាជ្រាបហើយថា ក្នុងរបបដ៏ឃោឃៅនោះ សិទ្ធិមនុស្សទាំងអស់របស់ប្រជាជនកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុងរាប់ទាំងសិទ្ធិរស់រានមានជីវិត។ថ្វីត្បិតរបប ប៉ុល ពត ត្រូវបាន បញ្ចប់នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩  តែសង្គ្រាមស៊ីវិលនៅតែបន្ដអូសបន្លាយ។ ស្ថិតនៅក្នុងស្ថា ភាព«មានសង្គ្រាមផង សន្ដិភាពផង» កម្ពុជាពេលនោះ បានប្រើប្រាស់ដៃម្ខាងការពារ ប្រទេសពីការ វិលត្រឡប់មកវិញនៃអំពើប្រល័យពូជសាសន៍ និងដៃម្ខាងទៀតសម្រាប់កសាង និងអភិវឌ្ឍប្រទេស ឡើងវិញពីចំណុចសូន្យក្នុងកាលៈទេសៈដែលមានការហ៊ុំព័ទ្ធ និងការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ពីខាងក្រៅ ដោយអយុត្ដិធម៌ពីសំណាក់បណ្ដាប្រទេសដែលតែងតែអួតអំពីមនុស្សធម៌ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ក្រោយមកទៀត ទោះបីកម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្ដិភាពទីក្រុងប៉ារីស នាឆ្នាំ ១៩៩១ និងបានរៀបចំការបោះឆ្នោតលើកទី ១ នៅឆ្នាំ ១៩៩៣  ដែលកើតចេញពីការរៀបចំរបស់ UNTAC ជាមួយនឹងថវិការប្រមាណ ២ ប៊ីលានដុល្លារ សង្គ្រាមស៊ីវិលនៅតែបន្ដនៅក្នុងប្រទេស។ ច្បាស់ណាស់ថា ការកសាទេងប្រទេសជាតិ មិនអាចធ្វើទៅបាននោះនៅក្នុងកាលៈទេសៈមានសង្គ្រាមឥតឈប់ឈរ។ នេះគឺជាហេតុផលដែលជំរុញឱ្យខ្ញុំដាក់ចេញនូវ គោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកជូនកម្ពុជានូវការបញ្ចប់សង្គ្រាមទាំងស្រុង និង ការទទួលបាននូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពជាតិពេញលេញនៅក្នុងទូទាំងប្រទេសជាលើកដំបូងនៅចុងឆ្នាំ ១៩៩៨ ក្នុងប្រវត្តិសាស្រ្តកម្ពុជាជាច្រើនទស្សវត្សរ៍ចុងក្រោយនេះ ។ ខ្ញុំសូមគូសបញ្ជាក់ថា នេះគឺជាសន្តិភាពដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬ គ្រាប់រំសេវ សូម្បីតែមួយគ្រាប់ និងដោយគ្មានការបង្កាប់បញ្ជា ឬ ការជួយជ្រោមជ្រែងពីខាងក្រៅ ។

ជាការពិត សន្តិភាពបានបើកឡើងនូវឱកាសសម្រាប់អភិវឌ្ឍលើគ្រប់វិស័យ ។ កម្ពុជា ដែលពីមុនត្រូវបានញាំញី និងបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ជាតិ ការបែងចែកទឹកដី និងអសន្តិសុខគ្រប់ទីកន្លែង ឥឡូវបានក្លាយជាប្រទេសដែលមានសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីទាំងស្រុង មានសន្តិសុខរឹងមាំ និងក្លាយជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញមួយនៅក្នុងតំបន់ និងពិភពលោក ហើយមានប្រជាជនរស់នៅក្នុងសុខសន្តិភាពយ៉ាងសុខដុមរមនា ទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិទាំងមូល ។ កម្ពុជា ដែលពីមុនជាវាលពិឃាត គ្របដណ្តប់ដោយអំណាចផ្តាច់ការ និងឧក្រិដ្ឋកម្មគួរឱ្យរន្ធត់បំផុតនៃរបបប្រល័យពូជសាសន៍ ឥឡូវ បានក្លាយជាទឹកដីនៃសេរីភាព ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំនូវការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជារដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិស្មើភាពគ្នានៅចំពោះមុខច្បាប់ ។ កម្ពុជា ដែលពីមុនត្រូវបានគេប្រមាថមើលងាយ ត្រូវបានគេហ៊ុមព័ទ្ធ និងឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវ គឺជារដ្ឋឯករាជ្យមួយដែលមានអធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មនៃតំបន់ និងពិភពលោក ព្រមទាំងកំពុងបំពេញតួនាទីយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការតំបន់ និងអន្តរជាតិ ។ កម្ពុជា ដែលពីមុនជាប្រទេសធ្លាប់ទទួលនូវកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឥឡូវ បានក្លាយជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសជាច្រើនលើពិភពលោក ។ កម្ពុជា ដែលពីមុនជាប្រទេសអន់ថយបំផុតផ្នែកសេដ្ឋកិច្ច គ្របដណ្តប់ដោយភាពក្រីក្រ និងមានកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ឥឡូវ បានក្លាយជាប្រទេសមួយ នាំស្រូវ-អង្ករចេញ ធានាបានយ៉ាងគត់មត់នូវសន្តិសុខស្បៀង ហើយស្ថិតនៅក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនជាងគេលើពិភពលោក សម្រេចបាននូវវឌ្ឍនភាពដ៏ប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសូចនាករផ្នែកសង្គមកិច្ច និងលើសពីនេះទៅទៀត បានឆ្លងកាត់ដោយជោគជ័យពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែង ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ទោះបីកម្ពុជាទើបទទួលបានសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតលើកទី ១ នៅឆ្នាំ ១៩៩៣ យើងបានបន្តប្រកាន់ខ្ជាប់នូវគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាងប្រទេសឱ្យក្លាយជានិតិរដ្ឋដែលគោរពយ៉ាងខ្ជាប់ខ្ជួន និងម៉តចត់នូវវិធានការនៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ ។

នៅឆ្នាំ ២០១៨ កន្លងទៅនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលជាថ្មីម្តងទៀតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ មានការចូលរួមពី ២០ គណបក្សនយោបាយ និងមានអត្រាចំនួនអ្នកចេញទៅបោះឆ្នោតរហូតដល់ ៨៣,០២% ដែលជាតួលេខមួយខ្ពស់បើធៀបទៅនឹងប្រទេសមួយចំនួនដែលបានអនុវត្តនូវលទ្ធិប្រជាធិបតេយ្យជាយូរមកហើយ ។ ខ្ញុំសូមជម្រាបអង្គពិធីយើងឱ្យបានជ្រាបថា ទាំងក្នុងអំឡុងពេលឃោសនា ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ដំណើរការទាំងមូលបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងការគំរាមសូម្បីតែមួយករណី ។ កិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តិទៅក្រោមការត្រួតពិនិត្យ និងឃ្លាំមើលដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៥០០ នាក់ អ្នកសង្កេតការណ៍ជាតិចំនួន ៨០.០០០ នាក់ និងអ្នកអង្កេតការណ៍បក្សចំនួន ៩.០០០ នាក់ ។ ជាអកុសល ប្រទេសមួយចំនួនមិនបានបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមនោះទេ តែបានចេញសេចក្តីថ្លែងការណ៍វាយតម្លៃថា ការបោះឆ្នោតមានភាពមិនត្រឹមត្រូវ និងមិនយុត្តិធម៌ ។ ខ្ញុំសូមអង្គប្រជុំពិចារណា បើមិនបានទៅមើល និងមិនបានឃើញជាក់ស្តែងផង តើប្រទេសទាំងនោះ វាយតម្លៃការបោះឆ្នោតរបស់យើងតាមរបៀបណា?

នៅក្នុងនិយាមនៃការអនុវត្តជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ ។ ការអនុវត្តប្រជាធិបតេយ្យដោយគ្មាននិតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ ។ ក្នុងស្មារតីនេះ យើងចង់ឱ្យតួរអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគុណដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ និងឱនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេស មិនសាបព្រោះនូវការស្អប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកនូវសង្គ្រាមស៊ីវិល ។ គណបក្សនយោបាយទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា ។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទស្សវត្សរ៍បានទូន្មានយើងថា ទោះជាតម្លៃណាក៏ដោយ កម្ពុជាត្រូវតែបន្តរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី !

កម្ពុជាអាចត្រូវបានចាត់ទុកថាជាឋានសួគ៌ានៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាពីបរទេស តែមិនដែលរាយការណ៍ពីប្រភពថវិកាទេ ។ រហូតមកដល់ពេលនេះ អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីមានចំនួនប្រមាណ ៥៤០០ ទាំងអង្គការធ្វើការងារដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍនៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយយើងចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់លើបញ្ហានៃការអភិវឌ្ឍរបស់ប្រទេស មិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្ដិសុខ។ ដើម្បីជំរុញភាពជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ជាមួយសង្គមស៊ីវិល ដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន កម្ពុជាមានកាសែតចំនួន ៥៥០ កាសែត ជាវែបសាយចំនួន ១៤៨ ស្ថានីយ៍វិទ្យុ ២១១ ទូរទស្សន៍ចំនួន ២១ ទូរទស្សន៍ខ្សែកាបចំនួន ១១៣ ប៉ុស្ដិ៍ និងសមាគមន៍អ្នកកាសែតចំនួន ៣៩។ ប្រជាជនកម្ពុជាមានសិទ្ធិទទួលបានព័ត៌មានពីគ្រប់ប្រភព គ្រប់ប្រភេទ និងមានសិទ្ធិបញ្ចេញមតិលើគ្រប់ប្រធានបទ។ ខ្លួនខ្ញុំផ្ទាល់មានទំព័រហ្វេសប៊ុក ដែលជាវេទិកាសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈចូលរួមផ្ដល់យោបល់លើការដឹកនាំរបស់ខ្ញុំ លើបញ្ហានៃការអភិវឌ្ឍនៅតាមមូលដ្ឋានរបស់ពួកគេ ការប្រព្រឹត្តខុសរបស់មន្រ្តី និងអាជ្ញាធរ និងលើបញ្ហាផ្សេងៗទៀត។ គ្រប់ក្រសួងស្ថានប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏សុទ្ធតែមានទំព័រហ្វេសប៊ុក ដើម្បីទទួលបាននូវមតិយោបល់ពីប្រជាពលរដ្ឋ។ បន្ថែមលើនេះ ខ្ញុំតែងតែរៀបចំកិច្ចប្រជុំជាមួយនឹងអង្គភាពសារព័ត៌មានជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងបណ្ដាញសារព័ត៌មាន រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ និងចូលរួមអភិវឌ្ឍសង្គម។

ខ្ញុំសូមជម្រាបអង្គប្រជុំរបស់យើងថា អ្វីដែលកំពុងតែកើតឡើងនៅកម្ពុជា គឺប្រជាជនពីគ្រប់និន្នាការនយោបាយហ៊ានបញ្ចេញមតិប្រកបដោយលក្ខណៈរស់រវើក និងដោយមិនខ្លាចរអាលើគ្រប់ប្រធានបទ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងបានទទួលនូវការផ្ដល់នូវមតិជាច្រើនពីប្រជាពលរដ្ឋខ្ញុំ។ រាជរដ្ឋាភិបាលមិនដែលមានគោលបំណងបំបិទនូវសិទ្ធិបញ្ចេញមតិពីប្រជាពលរដ្ឋទេ មានតែលើកទឹកចិត្តថែម ព្រោះរាជរដ្ឋាភិបាលទាំងមូល កំណត់យកមតិយោបល់ពីប្រជាជនជាកញ្ចក់ឆ្លុះ ដើម្បីវាយតម្លៃអំពីលទ្ធផលការងាររបស់ខ្លួន និងជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្សេងៗទៅថ្ងៃអនាគត។ ក្នុងនាមជារដ្ឋាភិបាល យើងគ្រាន់តែស្នើសុំឱ្យការបញ្ចេញមតិទាំងអស់ ធ្វើឡើងប្រកបដោយភាពទទួលខុសត្រូវ និងត្រូវចែកឱ្យដាច់ពីគ្នារវាងសិទ្ធិក្នុងការបញ្ចេញមតិលើបញ្ហាអ្វីមួយ និងការជេរប្រមាថ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបង្ខូចកេរ្ដិ៍ឈ្មោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអំពាវនាវរំលំរដ្ឋាភិបាលស្របច្បាប់ ដែលអាចនាំមកនូវភាពនលាចល និងការបែកបាក់ក្នុងសង្គម។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ក្នុងចំណោមសិទ្ធិសេរីភាពនានា សិទ្ធិការងារ គឺជាសិទ្ធិមួយដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាតែងតែបុរេសកម្ម និងដាក់ចេញនូវវិធានការនានា ដើម្បីលើកកម្ពស់សិទ្ធិការងារ និងសហជីព។ កម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង ៨ និងអនុសញ្ញាផ្សេងទៀតចំនួន ៥ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសតែមួយគត់នៅក្នុងអាស៊ាន ដែលបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារច្រើនជាងគេ ដើម្បីធានាថា សិទ្ធិការងារ និងលក្ខខណ្ឌការងារត្រូវបានអនុវត្តប្រកបដោយតម្លាភាព ពេញលេញ គ្មានការរើងអើង ដោយឈរលើគោលការណ៍នីតិរដ្ឋ។ ទន្ទឹមនេះដែរ កម្ពុជាជាប្រទេសទី ១ ដែលបានផ្សារភ្ជាប់លក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មក្រៅប្រទេស តាមរយៈកិច្ចព្រមព្រៀងនៅក្នុងវិស័យវាយនភណ្ឌរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកតាំងពីខែមករា ឆ្នាំ ១៩៩៩ ដែលក្រោយមក កម្មវិធីនេះ បានផ្លាស់ប្ដូរឈ្មោះទៅជាគម្រោង «រោងចក្រកាន់តែប្រសើរ» នៅកម្ពុជា។ គម្រោងនេះ ត្រូវបានបន្តទៀត តាមរយៈ MoU ជាលើកទី ៧ នៅខែតុលា ខាងមុខ។

ដើម្បីស្វែងយល់ឱ្យបានកាន់តែច្រើនជាងមុន អំពីលក្ខខណ្ឌ និងស្ថានភាពការងាររបស់កម្មករ ជាពិសេសដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់កម្មករនៅតាមរោងចក្រ ខ្លួនខ្ញុំក៏បានបើកកិច្ចពិភាក្សាផ្ទាល់ជាមួយកម្មករផងដែរ។ គិតតាំងពីខែសីហា ឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ គឺខ្ញុំបានជួបជាមួយកម្មករជិត ១ លាននាក់ហើយ។ ជាលទ្ធផល កិច្ចប្រជុំទាំងនេះ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករ។ ប្រាក់ឈ្នូលអប្បបរមាសម្រាប់កម្មករនៅក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងស្បែកជើង បានកើនពី ៨០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ ដល់ ១៨២ ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៩ នេះ ជាមួយនឹងអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គមផ្សេងៗទៀត។

គិតត្រឹមខែឧសភា ឆ្នាំ ២០១៩ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈសរុបចំនួន ៥០១២ ក្នុងនោះមាន សហជីពមូលដ្ឋានចំនួន ៤៧៨០ សហព័ន្ធសហជីពចំនួន ១៩៣ សហភាពសហជីពចំនួន ២៩ និងសមាគមនិយោជកចំនួន ១០។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានបង្កើតក្រុមការងារ ដើម្បីរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការដែលមានវិជ្ជាជីវៈ តំណាងនិយោជក និងនិយោជិត ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពួកគេក្នុងការអនុវត្តច្បាប់ស្ដីពីសហជីព និងដើម្បីកែលម្អច្បាប់ស្ដីពីសហជីពថែមទៀត តាមការចាំបាច់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិមួយ សម្រាប់ពិនិត្យឡើងវិញនូវអនុសញ្ញាអន្តរជាតិ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន ព្រមទាំងដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ រួមទាំងជាមួយអង្គការពលកម្មអន្តរជាតិផងដែរ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

អ្វីដែលខ្ញុំបានរៀបរាប់ខាងលើ គឺជាសិទ្ធិធំៗ ក្នុងចំណោមសិទ្ធិដទៃទៀតរបស់មនុស្ស ដែលប្រជាជនកម្ពុជាទទួលបានប្រកបដោយភាពរីករាយ និងជាកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេស។ កម្ពុជាជាប្រទេសមួយធ្លាប់ហែលឆ្លងកាត់នូវរបបមួយដែលមិនផ្ដល់សិទ្ធិអ្វីទាំងអស់ដល់ប្រជាជន ពិតជាត្រូវណាស់នូវសិទ្ធិគ្រប់យ៉ាង។ ជាមួយហេតុផលនេះ រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ កម្ពុជាយល់ច្បាស់ថា ការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់សេរីភាពជាមូលដ្ឋាន ការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកកម្ពស់នីតិរដ្ឋ ក៏ដូចជាការកសាងមូលដ្ឋានទាំងនេះ នៅក្នុងសង្គមជាតិ និងនាំមកនូវសុខសន្ដិភាព ស្ថិរភាព ភាពសុខដុមរមនា និងយុត្តិធម៌សង្គមជានិរន្ត ក៏ដូចជានឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ។ នេះគឺជាមូលដ្ឋានជំរុញធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយលេចធ្លោនៅក្នុងចំណោមប្រទេសភាគីនៃសន្ធិសញ្ញាស្ដីពីសិទ្ធិមនុស្ស។ លើសពីនេះទៀត យន្តការជាតិស្ដីពីការការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស ក៏ត្រូវបានចែងក្នុងជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយកម្ពុជា ក៏ជាប្រទេសគំរូ និងនាំមុខគេក្នុងតំបន់ ក្នុងនាមជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលអនុញ្ញាតឱ្យមានការបើក ការិយាល័យនៃឧត្តមស្នការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងប្រទេស និងទទួលឱ្យមាន អ្នករាយការណ៍ពិសេសប្រចាំប្រទេស (Country Special Rapporteur) ចាប់តាំងពីឆ្នាំ ១៩៩៣ មក ដែលមកដល់ពេលនេះមានចំនួន ៦ រូបហើយ។

ទោះបីជាយើងខិតខំប្រឹងប្រែង និងសម្រេចបាននូវលទ្ធផលជាច្រើន កម្ពុជាមិនដែលទទួលនូវការសាទរ ឬសរសើរពីក្រុម ឬស្ថាប័នមួយចំនួន ដែលមានរបៀបវារៈនយោបាយតែមួយគត់ គឺការផ្លាស់ប្ដូររបបទោះនៅក្នុងតម្លៃណាក៏ដោយ។ ពួកគេតែងតែលាបពណ៌ខ្មៅមកលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ទោះបីជាការអនុវត្តសិទ្ធិមនុស្សនៅប្រទេសរបស់ពួកគេខ្លួនឯង ពោរពេញទៅដោយការស្អប់លើជនបរទេស ការរើសអើងពូជសាសន៍ ការប្រព្រឹត្តអំពើមិនគប្បីមកលើជនអន្តោប្រវេសន៍។ល។ លើសពីនេះទៀត ពួកគេមិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរចំពោះការវាយតម្លៃទៅលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីបន្ទច់បង្អាក់ការអភិវឌ្ឍ ក៏ដូចជាកំទេចនូវកិត្តិយសរបស់ជាតិយើងខ្ញុំនោះដែរ។

វាជារឿងចម្លែកណាស់ ដែលកម្ពុជាត្រូវបានស្នើឱ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ប៉ុន្តែនៅពេលដែលអាជ្ញាធរអនុវត្តច្បាប់ ពួកគេចោទប្រកាន់យើងពីការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។ ហើយអាក្រក់ជាងនេះទៀត ប្រទេស និងស្ថាប័នមួយចំនួន បានយកសិទ្ធិមនុស្សធ្វើជាចំណាប់ខ្មាំង ទាក់ទងនឹងការផ្ដល់ជំនួយ ឬការអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់កម្ពុជា។ យើងមានការសោកស្ដាយជាពន់ពេកក្នុងការរំលេចនូវតថភាពដែលថា សិទ្ធិមនុស្ស នាបច្ចុប្បន្ននេះ បានក្លាយជាឧបករណ៍នយោបាយសម្រាប់ប្រទេសមានអំណាចមួយចំនួន ឬក៏អាចនិយាយបានថា ជានិយាមប្រតិបត្តិថ្មីរបស់ពួកគេ ឬជាលេសសម្រាប់រាល់ការលូកដៃជ្រៀតជ្រែកលើអធិតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសទន់ខ្សោយ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ជាទីបញ្ចប់ ខ្ញុំសូមសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូដែលមានលក្ខណៈស្ថាបនា ជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលើកម្ពស់ និងការពារសិទ្ធិមនុស្សឱ្យបានកាន់តែប្រសើរថែមទៀត។ ក៏ប៉ុន្តែ យើងក៏ចង់គូសបញ្ជាក់ដែរថា ការគោរពចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា ភាពមិនលំអៀង និងមិនរើសអើង គប្បីត្រូវបានកំណត់ជាគោលការណ៍ណែនាំ ដែលទាំងអស់គ្នា មិនថាប្រទេសធំ ឬតូច ត្រូវគោរពប្រតិបត្តិនៅក្នុងការខិតខំលើកកម្ពស់សិទ្ធិមនុស្ស ដោយគិតគូរពីបរិការណ៍នយោបាយ ប្រវត្តសាស្រ្ត និងសង្គមរបស់ប្រទេសនីមួយៗ។ បញ្ហាសិទ្ធិមនុស្សគួរតែត្រូវបានដោះស្រាយនៅក្នុងបរិការណ៍ពិភពលោក ដោយឈរលើអភិក្រមស្ថាបនា ប្រើប្រាស់ស្ដង់ដារតែមួយ គ្មានការប្រឈមមុខដាក់គ្នា មិនពាក់ព័ន្ធនឹងរបៀបវារៈនយោបាយ និងផ្អែកលើកិច្ចសន្ទនា។ ក្នុងស្មារតីនេះ ខ្ញុំសូមស្នើឱ្យភាគីទាំងអស់ពិនិត្យមើលបញ្ហាទាំងឡាយជាប្រព័ន្ធ ពោលគឺមើលជាព្រៃទាំងមូល ហើយសូមកុំមើលតែឈើមួយដើមៗ ដោយផ្សារភ្ជាប់ជាមួយរបៀបវារៈនយោបាយរបស់ខ្លួន។ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...