សម្តេចតេជោ ហ៊ុន សែន ៖ ស្រ្ដីទៅពិនិត្យ​ផ្ទៃពោះ​ទទួល​បាន​ប្រាក់ ដែល​ខុស​ពីមុន​ទៅ​ពិនិត្យ គេ​ទារលុយ ឥឡូវ​ទៅ​ពិនិត្យ​គេឱ្យ​លុយ​មក​ផ្ទះវិញ

ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ឥឡូវនេះ អ្នកដែលមានផ្ទៃពោះទៅពិនិត្យ៤ដង ដោយ​ពិនិត្យម្តងទទួលបានប្រាក់ ដែលពីមុនទៅពិនិត្យគេទារលុយ ឥឡូវទៅពិនិត្យហើយគេ​ឱ្យ​លុយ​មកវិញ។

ថ្លែងនៅក្នុងពិធីផ្ទេរសាលាពិការភ្នែក និងគថ្លង់នៃអង្គការគ្រួសារថ្មី ឱ្យទៅក្រោមការ​គ្រប់​គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ស្រីមានផ្ទៃពោះ និងស្រ្តីមានកូនអាយុក្រោម២ឆ្នាំ ទទួលបាន​ការ​គាំពារសង្គម ជាបីផ្នែក គឺផ្នែកទីមួយដំណាក់កាលមានគភ៌ ទទួលបានការគាំពារម្តង ដំណាក់​កាលទី២ ការឆ្លងទន្លេ និងដំណាក់កាលទី៣ ការថែទាំទារកអាយុក្រោម២ឆ្នាំ។

សម្ដេចតេជោបានបញ្ជាក់ថា ឥឡូវនេះកម្មវិធីគាំពារសង្គមទៅលើបញ្ហាស្ត្រីមានផ្ទៃពោះ បាន និងកំពុងអនុវត្តន៍ហើយ ដែលក្នុងរយៈពេលតែមួយខែទេ គិតមកដល់ថ្ងៃទី៣០ ខែមិថុនា​ម្សិលមិញ ស្ត្រីដែលមកពិនិត្យផ្ទៃពោះ ឆ្លងទន្លេ និងអ្នកមានកូនក្រោមអាយុ២ឆ្នាំ មានចំនួន​១៨.៧២៥​ករណី។ សម្តេចតេជោបន្ដថា “យើងមានការឧបត្ថម្ភចែកជា ៣ផ្នែក ដោយផ្នែកទី១ អ្នកដែលមានផ្ទៃពោះទៅពិនិត្យ៤ដង ដោយពិនិត្យម្តងទទួលបានប្រាក់ ដែលពីមុនទៅពិនិត្យ​គេទារលុយ ឥឡូវទៅពិនិត្យហើយគេឱ្យលុយមកវិញ ដើម្បីធានាថាសុខភាពរបស់កុមារ ដែល​ជាផ្នែកមួយ នៃអាហារូបត្ថម្ភមុនពេលសម្រាល ដល់ថ្ងៃសម្រាលយើងឧបត្ថម្ភម្តងទៀត និង​បន្ទាប់ពីសម្រាលរួចហើយ យើងត្រូវឧបត្ថម្ភ ៨ដងទៀត”។

សម្ដេចតេជោបានបន្ថែមថា ចំនួនអ្នកដែលបានកើតឡើងហើយមានបញ្ញាខ្សោយ ឬមានកាយសម្បទាមិនគ្រប់គ្រាន់ នឹងអាចកាត់បន្ថយតាមរយៈនយោបាយគាំពារសង្គមនេះ។ សម្ដេចតេជោបានលើកឡើងថា ការពិនិត្យផ្ទៃនេះ ដើម្បីធានាថាសុខភាពកុមារនោះជាផ្នែក​មួយ​នៃអាហារូបបត្ថម្ភមុនពេលសម្រាល៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ