ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ — ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ បានប្តេជ្ញារួមគ្នាថា នឹងខិតខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបយោងតាមការឱ្យដឹងរបស់អ្នក យកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា។
ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊នលើកទី៣៤ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ៊្វុក នាយក រដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញចូលរួមក្នុងពិធីពិសារអាហារការងារពេលព្រឹក ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងមតិមួយចំនួនទាក់ទិនទៅនឹងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសទាក់ទិនទៅនឹងការអភិវឌ្ឍក្នុងតំបន់ត្រីកោណ នៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ដែលមានការអភិវឌ្ឍតិចតួចនៅឡើយ។ ក្នុងជំនួបអាហារការងារពេលព្រឹកនោះដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេស ទាំងបី បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើចំពោះលទ្ធផលជាវិជ្ជមាន ដែលក្រុមការងារនៃប្រទេសទាំងបី ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី ដែលពីមួយឆ្នាំទៅមួយឆ្នាំបានចូលរួមចំណែកដល់ការកៀរគររកប្រភពជំនួយពីគ្រប់ទិសទី ក្នុងការអភិវឌ្ឍតំបន់ត្រីកោណ ឱ្យមានការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចម្រើនជាលំដាប់ ពិសេសបានប្រែក្លាយពីតំបន់មួយដែលមានការខ្វះខាត ជីវភាពរបស់ប្រជាពលរដ្ឋមានភាពក្រីក្រ ឱ្យក្លាយទៅជាតំបន់មួយដែលមានការតភ្ជាប់ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ន ពិសេសការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បានប្តេជ្ញារួមគ្នាថា នឹងខិតខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យកាន់ទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕