សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រ សម្រាប់ជ័យលាភី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន ១ ៣៥៦ នាក់។ សប្ដាហ៍នេះ គឺជាលើកទី ២។ លើកទី ១ កាលពីថ្ងៃ ច័ន្ទ សម្រាប់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ហើយលើកទី ២ គឺសម្រាប់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ព្រឹកនេះ។ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ ចំពោះរបាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ទាក់ទិនជាមួយនឹងវឌ្ឍនភាពរបស់សាកលវិទ្យាល័យ ក៏ដូចជា ការខិតខំសិក្សារបស់និស្សិតរបស់យើង។

សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ក៏ដូចជា សាស្ត្រាចារ្យ ដែលបានខិតខំបង្ហាត់បង្រៀន ចំពោះនិស្សិតរបស់យើង​ ដែលបានសិក្សារយៈពេលកន្លងទៅ ហើយទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជា និស្សិតដែលកំពុងបន្តការសិក្សាបន្តទៅមុខទៀត។ ជាមួយគ្នានេះដែរ ខ្ញុំសូមយក​ឱកាសនេះ ដើម្បីសម្ដែងនូវការអបអរ ចំពោះនិស្សិតជ័យលាភីទាំងអស់នៅគ្រប់កម្រិត ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងរយៈពេលកន្លងទៅ ដែលមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់។

(១) មិនត្រូវមានពេទ្យនៅក្រៅបញ្ជីក្របខណ្ឌ ដែលច្បាប់ទទួលស្គាល់ទេ

ពិតហើយ នៅក្នុងការីកចម្រើន នៃសាកលវិទ្យាល័យនេះ មានចំណុចមួយដែលខ្ញុំសូមផ្ដល់អនុសាសន៍ សម្រាប់សាកលវិទ្យាល័យផង​ សម្រាប់និស្សិតផង ​ហើយក៏សម្រាប់ខាងផ្នែកក្រសួងសុខាភិបាល ដែលមានឯកឧត្តម ម៉ម ប៊ុនហេង នៅទីនេះស្រាប់។ ដោយសារសាកលវិទ្យាល័យនេះ គឺមានរៀនផ្នែកវេជ្ជសាស្ត្រ និងឱសថ និយាយរួម គឺទាក់ទងនឹងផ្នែកពេទ្យ។ យើងបានធ្វើការសម្របសម្រួលបញ្ហានេះ នៅក្នុងក្របខណ្ឌ នៃការប្រជុំ រវាងគ្រឹះស្ថានឧត្តមសិក្សា ជាមួយនិងរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាមុខវិជ្ជានេះ ព្រោះថាវាទាក់ទងជាមួយនឹងជីវិតមនសុ្ស ប្រសិនបើមិនច្បាស់លាស់ទេ ត្រូវខិតខំធ្វើយ៉ាងណាក្រសួងសុខាភិបាលត្រូវធ្វើការតម្រង់ទិស ព្រោះមិនអាចមានការបណ្ដុះបណ្ដាល ហើយឱ្យមានពេទ្យនៅក្រៅបញ្ជីក្របខណ្ឌ ដែលទទួលស្គាល់ដោយច្បាប់នោះទេ។

… (២) បើទោះបីរៀននៅសាលាឯកជនក្តី សាលារដ្ឋក្តី ខិតខំធ្វើម៉េចឱ្យទៅជាប្រព័ន្ធឯកភាពមួយ

ទោះបីថាយើងមានការខិតខំច្រើនណាស់ហើយក៏ដោយ ក៏ប៉ុន្តែ ថ្មីៗនេះ បណ្ដាញសារព័ត៌មានមួយចំនួនបានចុះ ហើយជារឿងពិតដែលមានគ្រូពេទ្យមួយចំនួនដើរចាក់ថ្នាំដោយគ្មានសញ្ញាបត្រ គ្មានការទទួលស្គាល់ពីផ្នែកសុខាភិបាលនៅតាមភូមិ/ឃុំមួយចំនួន ក្នុងផ្ទៃប្រទេសរបស់យើង។ ឥឡូវ នៅតាមសាកលវិទ្យាល័យឯកជនមួយចំនួន ក៏មានការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ត្រ ផ្នែកឱសថនេះតែម្ដង។ ដូច្នេះ ត្រូវខិតខំធ្វើការសម្របសម្រួលយ៉ាងម៉េចឱ្យក្លាយទៅជាប្រព័ន្ធមួយ ដែលជាប្រព័ន្ធឯកភាព បើទោះបីជាសិក្សានៅសាលារដ្ឋ​ក្ដី សិក្សានៅសាលាឯកជនក្ដី ក៏ប៉ុន្តែ គប្បីមានការទទួលស្គាល់ឱ្យបានច្បាស់ អំពីបញ្ហានេះ ព្រោះមុខវិជ្ជានេះជាមុខវិជ្ជាដែលទាក់ទងជាមួយនឹងជីវិតមនុស្សតែម្ដង។

… (៣) ឱសថសាស្ត្រ ត្រូវមានស្តង់ដាមួយកំណត់ រវាងរដ្ឋ និងសាកលវិទ្យាល័យឯកជន

ចំពោះបញ្ហាឱសថសាស្រ្ត ក៏ដូចគ្នានេះដែរ ត្រូវមានស្ដង់ដារមួយកំណត់ រវាងរដ្ឋ និងសាកលវិទ្យាល័យឯកជន មិនអាចមានសាកលវិទ្យាល័យពីរនៅក្នុងប្រទេសមួយដាច់ដោយឡែកពីគ្នានោះទេ។ នេះគ្រាន់តែរំ​លឹកទៅដល់សាកលវិទ្យាល័យនានា ដែលពាក់ព័ន្ធដល់ការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ។ និស្សិត ក៏ដូចជា ក្រសួងសុខាភិបាល ដែលពាក់ព័ន្ធបញ្ហានេះ យើងបាននិយាយគ្នាច្រើន។ ជំនួប រវាងនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធ ជាមួយនិងគ្រឹះស្ថានឧត្តមសិក្សាឯកជន។

ការកសាងសមត្ថភាព ទាំងមនុស្ស/ស្ថាប័ន នៅតែជាអាទិភាព​សំខាន់

ខ្ញុំនៅតែបន្តការលើកទឹកចិត្តឱ្យវិស័យឯកជន បន្តចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ដែលយើងចាត់ទុកថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងសមត្ថភាពទាំងមនុស្ស ក៏ដូចជា សមត្ថភាពស្ថាប័ននៅតែជាអាទិភាព​សំខាន់សម្រាប់យើង។ ខ្ញុំគិតថា វាមិនមែនគ្រាន់តែសម្រាប់កម្ពុជាទេ ប្រទេសនានាតែងដាក់ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាពនេះ ជាគោលដៅរបស់គេ។ ពិតហើយ បើយើងចង់ឱ្យស្ថាប័នរឹងមាំ វាទាល់តែស្ថាប័ននោះមានធនធានមនុស្សពូកែដែរ បើគ្មានធនធានមនុស្សពូកែទេ ស្ថាប័នវាក៏មិនអាចនឹងរឹងប៉ឹងបានដែរ។ ចំណុចនេះហើយ ដែលរាជរដ្ឋាភិបាលកំពុងតែពង្រឹងសមត្ថភាពស្ថាប័ន ហើយការពង្រឹងសមត្ថភាពស្ថាប័ន គឺយកកត្តាគន្លឹះមួយ គេហៅថា កត្តាជំរុញមួយ គឺចាប់ផ្តើមពីធនធានមនុស្សនេះតែម្ដង។

ប្រទេសមិនរីកលូតលាស់បានទេ បើខ្វះការជឿនលឿនផ្នែកធនធានមនុស្ស

រាជរដ្ឋាភិបាល ទន្ទឹមនឹងការវិនិយោគផ្ទាល់របស់ខ្លួន ក៏អំពាវនាវឱ្យវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ចូលរួមនៅក្នុងការអភិវឌ្ឍធនធានមនុស្ស សម្រាប់កម្ពុជារបស់យើង​។ គ្មានប្រទេសណាមួយរីកលូតលាស់ទៅបាន ដោយខ្វះការជឿនលឿនផ្នែកធនធានមនុស្សនោះទេ ការងើបហក់ឡើង(នៃសេដ្ឋកិច្ច) វាដើរទន្ទឹមនឹងការងើបឡើងនឹងធនធានមនុស្សរបស់កម្ពុជាយើងផងដែរ។ យើងសង្កេតឃើញថា កាលពីមុនសង្គ្រាមឆ្នាំ ១៩៧០ ប្រទេសរបស់យើងពេលនោះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបិតាជាតិ ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺព្រះអង្គបានយកព្រះទ័យទុកដាក់ទៅលើការអភិវឌ្ឍធនធានមនុស្ស ហើយពេលនោះ សេដ្ឋកិច្ចសង្គមរបស់កម្ពុជានៅក្នុងតំបន់របស់យើង​ ក៏មិនអន់ជាងគេប៉ុន្មានដែរ។ ស្ថានភាពកាលពីពេលនោះ បើយកស្ថិតិមកពិនិត្យឡើងវិញ នៅក្នុងប្រមាណជាជាឆ្នាំ ១៩៦៩ ចំណូលសម្រាប់ប្រជាពលរដ្ឋម្នាក់ៗរបស់កម្ពុជាមានដល់ទៅដូចជា ២៦០(ដុល្លារ) ឬ ២៧០(ដុល្លារ) ក្នុងពេលដែលកូរ៉េខាងត្បូងពេលនោះ មានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ត្រឹមតែ ៧២ ដុល្លារ តែប៉ុណ្ណោះ។ ឥឡូវ កូរ៉េខាងបានហក់ឡើងប្រមាណជា ៥ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ក្នុងម្នាក់ៗ ក្នុងពេលដែលកម្ពុជាយើងនៅស្ថិតក្នុងកម្រិត ១ ៧០៦ ដុល្លារ តែប៉ុណ្ណោះ។

ក្រោយរបប ប៉ុល ពត កម្ពុជាបន្ត(មាន)សង្គ្រាម តែធនធានមនុស្សមានកម្រិតខ្លាំង

អញ្ចឹង មកពីអ្វី? សង្គ្រាមបានបំផ្លិចបំផ្លាញយើង វាជាមូលហេតុធំណាស់ទៅហើយ។ សង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញយើង។ ហើយបន្តទៅយើងត្រូវបន្តធ្វើសង្គ្រាមផង​ និងប្រទេសស្ថិតក្នុងកាលៈទេសៈជាប្រទេសមានសន្តិភាពផង និងមានសង្គ្រាមផង​។ ពិតមែនតែពេលនោះសង្គ្រាមមានដាច់ដោយដុំ និងពេលវេលាខ្លះប៉ុណ្ណោះ ហើយសន្តិភាពគ្របដណ្ដប់នៅដែនដីភាគច្រើន និងពេលវេលាភាគច្រើន ប៉ុន្តែ សង្គ្រាមនោះក៏វាបានបន្ទច់បង្អាក់ នៃការអភិវឌ្ឍប្រទេសជាតិរបស់យើង។ មានកត្តាមួយដែលសំខាន់ ដែលនោះទន្ទឹមនឹងយើងចេញផុតពីក្រោយពីរបប ប៉ុល ពត ប្រទេសបន្ត(មាន)សង្គ្រាម តែធនធានមនុស្សរបស់យើងមានកម្រិតខ្លាំងណាស់។

រក្សាសន្តិភាព ធានាបរិយាកាសអភិវឌ្ឍសេដ្ឋកិច្ចសង្គម

នេះគឺជាស្ថានភាពដែលយើងអាចមើលឃើញ អំពីវឌ្ឍនភាពក្នុងដំណាក់កាលនោះ និងវឌ្ឍនភាពក្នុងដំណាក់កាលថ្មីរបស់យើងនេះ ដូច្នេះហើយយើងត្រូវខិតខំម្ខាងរក្សាសន្តិភាពឱ្យបាន ដើម្បីធានាបរិយា​កាសសម្រាប់ការអភិវឌ្ឍសេដ្ចកិច្ចសង្គម ទោះបីតម្លៃណាក៏ដោយ យើងត្រូវខិតខំការពារនូវសន្តិភាព ដើម្បីការពារនូវការភិវឌ្ឍ។ ប៉ុន្តែ ម្ខាងទៀតត្រូវជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងឱ្យមានការរីកចម្រើន​។ បើយើងប្រៀបធៀប អំពីស្ថានការសេដ្ឋកិច្ច-សង្គម នៅក្នុងដំណាក់កាល នៃពេលដែលយើងខ្វះធនធានមនុស្សនៅពេលនោះ និងមកដល់ពេលនេះ គឺប្រហាក់ប្រហែលគ្នា។

ការរីកដុសដាល នៃវណ្ណៈកណ្តាល

ឥឡូវ យើងសង្កេតឃើញវណ្ណៈថ្នាក់កណ្តាលរបស់យើង រីកដុះដាលច្រើនណាស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វណ្ណៈកណ្តាលយើងអាចសង្កេតឃើញបាន តាមរយៈកំណើននៃរថយន្ត តាមរយៈកំ​ណើននៃផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលឥឡូវនេះ គឺថា អាផ្ទះស្បូវ ផ្ទះប្រកស្លឹកអីហ្នឹង អាហ្នឹងវាថ្លៃជាងក្បឿង។ ស្បូវវាពិបាករកជាងក្បឿង ហើយនិងស័ង្កសី វាពិបាករកជាង។(ទាំង)ហ្នឹងផ្ទះដែលគេធ្វើលក់នៅតាមបុរីស្អីៗហ្នឹង។ អញ្ចឹង វណ្ណៈកណ្តាលរបស់យើងវារីកចម្រើនខ្លាំងណាស់។ ក្នុងពេលនោះ យើងពិនិត្យឃើញថា ជួរក្នុងធនធានមនុស្សរបស់យើងក៏មានការកើនឡើងដូចគ្នា។

គ្មានធនធានមនុស្ស មិនរំពឹងថាសេដ្ឋកិច្ចក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ឬក៏ឧស្សាហកម្ម ៤.០

ចំណុចនេះ ដើរស្របគ្នា ដែលយើងត្រូវបន្តផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍធនធានមនុស្សនេះ ព្រោះថា បើគ្មានធនធានមនុស្សទេ យើងមិនរំពឹងថាសេដ្ឋកិច្ចរបស់យើងក្លាយទៅជាសេដ្ឋកិច្ច ដែលដើរទាន់សម័យកាល (ដែល)ឥឡូវ គេហៅថា សេដ្ឋកិច្ចឌីជីថល ឬក៏ឧស្សាហកម្ម ៤.០ ដែលវាត្រូវមានដំណើរឆ្ពោះទៅមុខឱ្យទាន់ពេលវេលា​ ស្របទៅនឹងការវិវដ្តនៅក្នុងប្រទេសរបស់យើងផង ក្នុងតំបន់ និងក្នុងពិភពលោកផង។ ឥឡូវនេះ យើងមានមោទនភាព ដោយសារតែប្រជាពលរដ្ឋរបស់យើងមានការយល់ដឹង ហើយខិតខំឱ្យកូនចៅបានរៀនសូត្រ។

ឃុំមួយមានអនុវិទ្យាល័យមួយយ៉ាងតិច និងខេត្តមួយសាកលវិទ្យាល័យមួយ

ទន្ទឹមនឹងរដ្ឋបានជម្រុញសាលាទៅដល់លំនៅដ្ឋាន (និង/ឬ)ក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅតាមភូមិ/ឃុំ ហើយដែលយើងដាក់ចេញនូវគោលដៅ នៃការអភិវឌ្ឍក្នុងវិស័យអប់រំ ឃុំមួយមានអនុវិទ្យាល័យមួយយ៉ាងតិច មានន័យថា ផ្តល់ឱកាសសម្រាប់មនុស្សទាំងអស់ ក្នុងនោះ ក៏ផ្តល់ឱកាសច្រើនសម្រាប់កុមារីទទួលបានការសិក្សា បន្ទាប់ពីបញ្ចប់បឋមសិក្សានៅក្នុងភូមិហើយ នឹងមានអនុវិទ្យាល័យនៅក្នុងឃុំរបស់ខ្លួន ដែលទៅមិនឆ្ងាយ។ ស្រុកមួយក៏មានវិទ្យាល័យច្រើន ខេត្តមួយក៏មានវិទ្យាល័យច្រើន រហូតទៅដល់ឥឡូវនេះ យើងបានដាក់ចេញថា ខេត្តមួយសាកលវិទ្យាល័យមួយ ដែលមកដល់ពេលនេះ ខេត្តមួយចំនួនបានមានសាកលវិទ្យាល័យរួចទៅហើយ និងខេត្តមួយចំនួនទៀតមានសាខាសាកលវិទ្យាល័យនៅទីនោះ ដែលនេះជាគោលដៅ នៃការខិតខំរបស់យើង។ ការខិតខំទាំងអស់នោះ វាជោគជ័យបាន ឬមិនបាន មិនមែនអាស្រ័យទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលសុទ្ធសាធទេ។

រាជរដ្ឋាភិបាលផ្តល់ឱកាស ប្រជាពលរដ្ឋ យុវជន/នារី កុមារា/កុមារី ចូលរួម

រាជរដ្ឋាភិបាលបើកឱកាសគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋ សម្រាប់យុវជន/នារី កុមារា/កុមារីរបស់យើងហើយ ប៉ុន្តែ វាក៏ស្ថិតនៅលើការចូលរួមរបស់ប្រជាពលរដ្ឋ ដែលយើងគួរមានមោទនភាព សម្រាប់ប្រជាពលរដ្ឋរបស់យើងដែលអនុញ្ញាតឱ្យកូនទៅរៀន។ ពីមុននេះ គឺទុកកូនឱ្យនៅជួយធ្វើការផ្ទះ ជាពិសេស កូនស្រីតែម្តង។ ខ្ញុំទើបនឹងជួបករណីមួយថ្ងៃមុននេះ គឺចម្លែកបន្តិចដែរ គឺថ្ងៃ សៅរ៍-អាទិត្យ មុននេះ ខ្ញុំទៅវាយកូនហ្គោល នៅតារាងកូនហ្គោលមួយ ឃើញក្មេងស្រីម្នាក់ជា Caddie ថ្មី ហៅមកសួរថា ក្មួយឯងអាយុប៉ុន្មាន? ថាអាយុ ១៩ ឆ្នាំ។ ថាចូលធ្វើការបានប៉ុន្មានខែ? ថាចូលធ្វើការទើបនឹងបាន ៦ ខែទេ។ សួរថា​ ចុះរៀនដល់ថ្នាក់ណា? ថារៀនដល់ថ្នាក់ទី ៩ ហើយសួរថាម៉េចបានឈប់? ម៉េចក៏មិនបន្តរៀនតទៅទៀត? ថាអត់ទេប៉ាឱ្យឈប់។ ម៉េចបានប៉ាឱ្យឈប់? ថាមកពីខ្ញុំជិះម៉ូតូលឿនពេក ព្រោះខ្លាចដាច់ពូជ។ គាត់និយាយអញ្ចឹង ថាខ្លាចដាច់ពូជ ​ព្រោះប៉ាម៉ាក់ខ្ញុំមានកូនតែមួយទេ។ ដល់ឃើញខ្ញុំជិះម៉ូតូលឿនពេក ខ្លាចក៏ឈប់ឱ្យកូនរៀនទៅ។ ចម្លែកណាស់។ ថាបើខ្វះខាតជីវភាពទៅចុះវាជារឿងមួយ ក៏ប៉ុន្តែ ដោយសារតែខ្លាចឃើញកូនជិះម៉ូតូលឿន។ អញ្ចឹងទេ ក៏ឱ្យកូនឈប់រៀនទៅ។

ប្រទេសជាតិ ត្រូវមានធនធានមនុស្សខ្លាំងពូកែ

អំពាវនាវចំពោះមាតាបិតា ហើយក្មួយនៅឯតារាង Golf ឯណោះ សូមកុំប្រកាន់ នេះក៏ជាឧទាហរណ៍មួយ ព្រោះខ្ញុំចូលចិត្តស្រាវជ្រាវណាស់ សួរអ្នកនេះរៀនដល់នេះ/នោះ គ្រាន់តែ Caddie នៅតាមតារាង Golf នានា នៅហ្គ្រេន នៅតាមតារាង លី យ៉ុងផាត់ ក្មេងៗរៀននៅសាកលវិទ្យាល័យ ប៉ុន្តែ ទៅកាន់ដំបង Golf ដើម្បីជំនួយឱ្យអ្នកវាយកូនហ្គោល។ ប៉ុន្តែ យកលុយមករៀននៅសាកលវិទ្យាល័យ។ ខ្ញុំបានផ្តល់ឱ្យពួកគេនូវការបញ្ចប់ការសិក្សា ឬក៏បង់ថ្លៃឱ្យពួកគេ សម្រាប់រយៈពេលបញ្ចប់បរិញ្ញា​ ឬឈានទៅបញ្ចប់បរិញ្ញាជាន់ខ្ពស់។ សង្ឃឹមថា មាតាបិតា អាណាព្យាបាលរបស់សិស្ស ឃើញកូនកំពុងរៀន ត្រូវប្រឹងឱ្យកូនរៀនបន្តទៀត​ ទើបជាការស​មស្រប បើមិនដូច្នោះ គឺយើងទុកឱ្យកូនចៅរបស់យើងស្ថិតនៅក្នុងស្ថានភាព ដែលខ្វះសមត្ថភាពនឹងឈានឡើងទៅមុខ។ នេះគឺជាគោលដៅដែលយើងបន្ត ហើយអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា សម្រាប់វិស័យអប់រំនេះ គឺប្រទេសជាតិមួយត្រូវមានធនធានមនុស្សខ្លាំងពូកែ។

បន្តការដាំដុះ សម្រាប់កំណើនវិស័យកសិកម្ម

ខ្ញុំគិតថាដោយសារតែខ្ញុំអាទិត្យមុននេះ ក៏បាននិយាយច្រើនលើបញ្ហានេះ/នោះ ក៏ប៉ុន្តែ ឥឡូវនេះ គឺស្ថានភាពអាកាសធាតុរបស់យើងកាន់តែប្រសើរ ហើយយោងទៅលើរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំនេះ យើងមានការយឺតបន្តិចមែនទៅលើការស្ទូងដកនៅក្នុងដើមរដូវ ក៏ប៉ុន្តែ ខ្ញុំគិតថា បើទោះបីជាឥទ្ធិពល នៃអ៊ែលនីញ៉ូ(El Nino)នេះ មិនទាន់ត្រូវបានបញ្ចប់ទាំងស្រុងក៏ដោយ ក៏ប៉ុន្តែភ្លៀងក៏បានចាប់ធ្លាក់នៅក្នុងក្របខណ្ឌទូទាំងប្រទេស មានការកន្លែងខ្លះក៏បានច្រើន កន្លែងខ្លះក៏បានតិច។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងក៏បន្តការដាំដុះ សម្រាប់កំណើនវិស័យកសិកម្មរបស់យើងជាបន្តទៀតនៅក្នុងឆ្នាំនេះ។ វាមិនមែនគ្រាន់តែបញ្ហាផលិតកម្មស្រូវប៉ុណ្ណោះទេ ក៏ប៉ុន្តែ ផលិតកម្មកសិកម្មទាក់ទិនជាមួយនឹងដំណាំផ្សេងៗ រាប់ទាំងដំណាំឧស្សាហកម្មផងដែរ ត្រូវបានជម្រុញ។ ឥឡូវនេះ ទោះបីថាទឹកជ័រ គេហៅថា ជ័រកៅស៊ូរបស់យើង កៅស៊ូធម្មជាតិរបស់យើងតម្លៃធ្លាក់ចុះបន្តិចមែន ប៉ុន្តែ ក៏សូមអំពាវនាវកុំឱ្យកសិកររបស់យើងរត់ទៅតាមចរន្តទីផ្សារលឿនពេក។ កន្លែងខ្លះកាប់ដើមកៅស៊ូ ជំនួសដោយស្វាយចន្ទី ដល់ទៅស្វាយចន្ទីធ្លាក់ថ្លៃ កាប់ដើមស្វាយចន្ទី​ ទៅដាំស្អីផ្សេងទៀត។ អញ្ចឹង វាចំណាយពលកម្មច្រើនណាស់​។

អង្ករសិប្បនិម្មិត ជាសង្គ្រាមចិត្តសាស្ត្រ

នៅលើពិភពលោកនេះ បើទោះបីជាមានការប្រែប្រួលភូមិសាស្រ្តនយោបាយ ប្រែប្រួលពីរបបមួយទៅរបបមួយ ប្រែប្រួលពីរដ្ឋាភិបាលមួយទៅកាន់រដ្ឋាភិបាលមួយក៏ដោយ ក៏ប៉ុន្តែ អារឿងស៊ីចុកនេះវានៅតែបន្ត។ អត់មាននរណាចេះធ្វើអង្ករសិប្បនិម្មិតទេ។ អញ្ចឹង បានខ្ញុំមិនយល់។ មានពេលខ្លះគេថា មានអង្ករសិប្បនិម្មិត យកទៅលក់នៅកន្លែងនេះ/នោះ ហើយខ្ញុំចេះតែចោទសួរថា ចុះគ្រាន់តែផលិតអង្ករធម្មតាក៏វាថោកណាស់ទៅហើយ ចុះទៅផលិតអង្ករសិប្បនិម្មិត ហើយយកទៅលក់យ៉ាងម៉េចវានឹងដាច់? វាធ្វើទៅមិនរួច។ នេះវាជាសង្រ្គាមចិត្តសាស្រ្តមួយ។ រហូតទៅដល់អាជ្ញាធររបស់យើងចាញ់បោកគេទៅទៀត មិនចេះគិតអំពីការប្រៀបធៀបថ្លៃ។ ឥឡូវ យើងគ្រាន់តែដាំស្រូវធម្មតា ថ្លៃស្រូវរបស់យើងវាមានការធ្លាក់ចុះទៅហើយ ចុះទម្រាំធ្វើអង្ករសិប្បនិម្មិត? ដើម្បីបានអង្ករសិប្បនិម្មិតត្រូវឆ្លងកាត់សង្វាក់ឧស្សាហកម្ម សិប្បកម្មទៀតអាចទៅរួច។ មិនចេះតែយកទៅធ្វើឯណា។

ត្រៀមដេញថ្លៃអង្ករទៅ ហ្វីលីពីន, នាំចេញអង្ករទៅម៉ាឡេស៊ីច្រើនជាងគេ

អញ្ចឹងទេ បានជាស្រូវអង្កររបស់យើងក៏នៅតែបន្ត។ ខ្ញុំសង្ឃឹមថា ដោយសារហ្វីលីពីនបានចាប់ផ្ដើម។ ពីមុននេះ ហ្វីលីពីនដាក់ការដេញថ្លៃ។ យើងមិនដែលដេញថ្លៃឈ្នះថៃ និងវៀតណាមទេ។ វៀតណាម ឬក៏ថៃ តែងតែដេញថ្លៃឈ្នះយើង ដើម្បីនាំអង្ករទៅកាន់ប្រទេសហ្វីលីពីន។ មូលហេតុនៅត្រង់ថា យើងផលិតនៅមានតម្លៃខ្ពស់ជាងប្រទេសវៀតណាម និងប្រទេសថៃ។ ប្រទេសថៃ អាចមានការឧបត្ថម្ភទុនខ្លាំងផង។ ប៉ុន្តែឥឡូវនេះ ប្រទេសហ្វីលីពីន គឺអនុញ្ញាតឱ្យមានការប្រកួតប្រជែង រវាងបណ្ដាក្រុមហ៊ុននានា សម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន។ ឯនៅប្រទេសម៉ាឡេស៊ី យើងបាននាំចេញច្រើនជាងគេ។ ថ្ងៃមុនខ្ញុំជួបអគ្គរដ្ឋទូតថ្មី ដែលមានឯកឧត្តម Mahathir Mohamad នឹងត្រឡប់មកធ្វើជានាយករដ្ឋមន្រ្តីវិញក្នុងវ័យ ៩៥ ឆ្នាំនោះ ម៉ាឡេស៊ីដាក់ចេញគោលដៅឱ្យមានការវិនិយោគ។ កាលពីមុនម៉ាឡេស៊ីឈរលំដាប់លេខ ១ នៅក្នុងការវិនិយោគនៅកម្ពុជា។ តែឥឡូវម៉ាឡេស៊ីធ្លាក់ទៅដល់លំដាប់ទី ៦។ គាត់នឹងប្រឹងងើបឈរឡើងឱ្យដល់កម្រិតទី ៣ ឬទី ២ …។

កម្ពុជា ផលិតអង្ករសរីរាង្គ

ពិតហើយ ស្រូវអង្កររបស់យើងប្រកួតប្រជែងនៅក្នុងក្របខណ្ឌអនុតំបន់មេគង្គ។ អនុតំបន់មេគង្គផលិតដូចគ្នាទាំងអស់។ មីយ៉ាន់ម៉ាក៏ផលិតអង្ករ។ ឡាវក៏ផលិតអង្ករ។ ថៃក៏ផលិតអង្ករ។ វៀតណាមក៏ផលិតអង្ករ។ កម្ពុជាក៏ផលិតអង្ករ។ ផលិតអង្ករដូចគ្នា។ អាហ្នឹងគេប្រកួតប្រជែងគ្នាឯងត្រង់ហ្នឹង។ ក្រៅពីនោះ មានឥណ្ឌាក៏ជាអ្នកនាំចេញអង្ករធំដែរ។ តែសម្រាប់យើង ចំណុចខ្លាំងរបស់កម្ពុជានៅត្រង់ថា យើងមានទីផ្សារដែលទទួលទិញ ដោយសារតែប្រទេសមួយចំនួនត្រូវការអង្កររបស់យើង ព្រោះអង្ករយើងមិនប្រើជាតិគីមី។ គេត្រូវការការផលិតដោយមិនប្រើគីមី។ អង្ករសរីរាង្គ។

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ត្រូវខិតខំជំរុញប្រជាពលរដ្ឋរបស់យើងឱ្យអនុវត្តនូវការផលិតដោយប្រើជីធម្មជាតិ ជំនួសដោយការប្រើជីគីមី ដែលវាមិនមែនគ្រាន់តែជាបញ្ហាទីផ្សារខាងក្រៅទេ ក៏ប៉ុន្តែ វាពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋរបស់យើងតែម្ដង។ ក្នុងហ្នឹង បន្លែបង្ការនានា គឺខិតខំយ៉ាងម៉េចដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងប្រើប្រាស់ជីធម្មជាតិ ហើយកាត់បន្ថយការនាំចូល នៃបណ្ដាផលិតផល ដែលប្រើជាតិគីមី ដែលវានាំទៅដល់ការបំផ្លាញសុខភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង។ អញ្ចឹង យើងមានលទ្ធភាពអាចធ្វើទៅបាន ព្រោះដីរបស់យើងនៅមានសេសសល់ច្រើនណាស់ ហើយប្រជាពលរដ្ឋរបស់យើងក៏មានលទ្ធភាពដើម្បីបង្កើន(ទិន្នផល) ដោយប្រើប្រាស់ជីធម្មជាតិ។

សូមប្រជាពលរដ្ឋ ដាំដុះដោយមិនប្រើជាតិគីមី

មានបន្លែបង្ការជាច្រើននៅក្នុងប្រទេសរបស់យើង។ អំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង យកចិត្តទុក​ដាក់ការដាំដុះដោយមិនប្រើជាតិគីមី។ ជាមួយគ្នានោះ អំពាវនាវចំពោះអ្នកដែលទិញ គឺខិតខំទិញនូវផលិត​ផល ឬក៏ដំណាំដាំដុះណាដែលមិនប្រើជាតិគីមី។ ខាងកាំកុងត្រូល ក៏ត្រូវតែដើរតួនាទីមួយដែរនៅក្នុងការត្រួតពិនិត្យលើការប្រើប្រាស់ជាតិគីមី ដែលវាទៅលើសកម្រិតកំណត់ ហើយឈានទៅដល់ការបំផ្លាញសុខភាពប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល ដែលជាអ្នកនាំមុខនៅក្នុងបញ្ហាទាក់ទិនទៅនឹងសុវត្ថិភាពចំណីអាហារនេះ ក៏ត្រូវមានការទទួលខុសត្រូវ ចំពោះពលរដ្ឋរបស់យើង។ ចំណុចនេះ យើងត្រូវមើលឃើញ។ ប្រទេសមួយចំនួន ប្រើប្រាស់(គីមី) ដើម្បីឱ្យ(ដំណាំ)រីកធំធាត់ឆាប់រហ័ស។

អ្នកលក់ អ្នកទិញ អ្នកដាំដុះ ឈប់ប្រើប្រាស់សារជាតិគីមី ដើម្បីសុវត្ថិភាពចំណីអាហារ

កសិករយើងមួយចំនួន ដើម្បី(ដំណាំ)រីកធំធាត់ឆាប់រហ័ស ប្រើប្រាស់ជាតិគីមីហ្នឹងខ្លាំងតែម្ដង ដែលវានឹងនាំទៅដល់ផលប៉ះពាល់(សុខភាព) សម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលគាត់មិនបានដឹង។ អំពាវនាវចំពោះប្រជាពលរដ្ឋជាអ្នកទិញ សុំមេត្តាកុំទិញនូវផលិតផលណាដែលមានជាតិគីមី ព្រោះនេះវាហាក់ដូចជាយើងបានធ្វើពហិកាមិនប្រើប្រាស់នូវផលិតផលដែលមានជាតិគីមីផងដែរ។ សូម្បីតែបង្គា (ឬ)បង្កងខ្លះ គាត់ដាក់ជាតិគីមី ដើម្បីទុកបានយូរ។ អញ្ចឹង ប្រជាពលរដ្ឋរបស់យើងមិនបានដឹង។ បើសិនជាប្រជាពល​រដ្ឋរបស់យើងពង្រឹងភាពជាម្ចាស់ក្នុងការទិញមកទទួលទាន ហើយពិនិត្យរឿងហ្នឹងឱ្យបានច្បាស់ គឺវាល្អប្រសើរ សម្រាប់ទាំងអស់គ្នា ព្រោះថា អ្នកឯងលក់មែន ប៉ុន្តែ ខ្ញុំដឹងថា អ្នកឯងផលិតផលមានជាតិគីមី ខ្ញុំអត់ទិញ ខ្ញុំសុខចិត្តទៅទិញបន្លែបង្ការពីប្រជាពលរដ្ឋ ដែលអត់មានប្រើប្រាស់គីមី។ នេះជាការចូលរួមទាំងអ្នកលក់ ទាំងអ្នកទិញ ទាំងអ្នកដាំដុះ(ឈប់ប្រើប្រាស់របស់មានសារជាតិគីមី) ដើម្បីធ្វើឱ្យប្រទេសមានសុវត្ថិភាពចំណីអាហារ។

នំបញ្ចុកជាអត្តសញ្ញាណជាតិ មិនមែនជារបស់បក្សនយោបាយណាមួយទេ

ប្រហែលជាថ្ងៃទី ៩ នំបញ្ចុក ជី សណ្ដែកកួរ ត្រយូងចេក ឡើងថ្លៃសម្បើមណាស់ ព្រោះថ្ងៃទី ៩ នេះជាថ្ងៃដែលស៊ីនំបញ្ចុកមួយប្រទេស។ សាកលវិទ្យាល័យនេះ មានរៀបចំស៊ីនំបញ្ចុកឬអត់? រៀបចំហើយ។ នាំគ្នាមកទទួលទាននំបញ្ចុកនៅថ្ងៃទី ៩ នេះ។ សុំនិយាយរឿងនំបញ្ចុកបន្ដិចទៅចុះ។ នំបញ្ចុកជារបស់ជាតិ មិនមែនជារបស់បក្សនយោបាយណាមួយទេ។ វាជាអត្តសញ្ញាណជាតិរបស់យើង។ នំបញ្ចុកមិនមែនជាបញ្ហាបំបែកបំបាក់ជាតិទេ តែនំបញ្ចុក គឺជាការឯកភាពជាតិ ជាការសាមគ្គីជាតិរបស់យើងទៅវិញទេ។ ដូច្នេះ ​នំបញ្ចុក កុំក្លាយទៅជាបញ្ហានយោបាយឱ្យសោះ។ ការទទួលទាននំបញ្ចុកនៅថ្ងៃទី ៩ ហើយបន្តបន្ទាប់ទៀត មិនមែនស៊ីតែនៅថ្ងៃទី ៩ ទេ អ្នកណាឃ្លានថ្ងៃណាស៊ីថ្ងៃហ្នឹងទៅ។ ថ្ងៃហ្នឹងថ្ងៃទី ៦ ឃ្លានក៏ទៅស៊ី។ ថ្ងៃទី ៧ ៨ ឃ្លានក៏ស៊ី។ ឯថ្ងៃទី ៩ ទៅស៊ី។ ដល់ថ្ងៃទី ១០-២០ ឃ្លានក៏ទៅស៊ីទៅ។ អត្តសញ្ញាណជាតិរបស់យើង ហើយយើងកំពុងតែជំរុញការប្រើប្រាស់ផលិតផល ដែលផលិតក្នុងស្រុក។

នឹងប្រើនំបញ្ចុកសំរាប់កម្មវិធីជប់លៀងទទួលភ្ញៀវ 

ខ្ញុំនិយាយដោយស្មោះ ខ្ញុំសរសើរមិត្តឡាវណាស់ តាំងពីជំនាន់ខ្ញុំទៅទស្សនកិច្ចនៅឡាវតាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ឆ្នាំនេះ ទស្សនកិច្ចនៅឡាវទៀត បានសេចក្តីថា ៤០​ ឆ្នាំ​ក្រោយ ឡាវអត់ដែលចោលនូវបាយ​ដំណើបរបស់គាត់ បូកជាមួយនឹងឡាប និងស្អីៗជារបស់គាត់ៗ។ មិនដែលចោលទេ។ អញ្ចឹងទេ យើងលេងអាហ្នឹងមើល។ ឥឡូវខ្ញុំចាប់ផ្តើមបណ្តើរៗ។ ខ្ញុំដាក់អាម៉ុកទទួលភ្ញៀវជប់លៀងថ្នាក់នាយករដ្ឋមន្រ្តី។ អាម៉ុក សម្លកកូរ។ ថ្ងៃក្រោយដាក់សម្លម្ជូរ គេដាក់ម្ហូបរបស់គេឱ្យយើងស៊ីដូចតែគ្នាហ្នឹង។ យើងបង្ហាញម្ហូបរបស់យើងឱ្យបានច្រើនបន្តិចទៅមើល។ ខ្ញុំគិតថា ម្ហូបដំបូងគេ ដាក់នំបញ្ចុកឱ្យស៊ីតែម្តង ប៉ុន្តែ រកវិធីយ៉ាងម៉េចកុំឱ្យភ្ញៀវពិបាកទទួលទាន ព្រោះត្រូវប្រើចង្កឹះ អ្នកខ្លះមិនចេះចាប់ចង្កឹះទេ។

ជម្រុញការប្រើប្រាស់ផលិតផលជាតិ អន្តរសកម្មទៅលើតម្លៃកសិផល

ខ្ញុំគិតថា ចំណុចនេះ យើងនឹងជម្រុញនូវការប្រើប្រាស់ផលិតផលជាតិរបស់យើង ហើយយ៉ាងតិច ឬច្រើន មានអន្តរសកម្មទៅលើតម្លៃអង្ករ ទៅលើតម្លៃត្រយូងចេក សណ្តែកកួរ និងអ្វីៗផ្សេងទៀត ដែលវាទាក់ទងជាមួយនឹងនំបញ្ចុកនេះ។ អ្នក​រកស៊ីនំបញ្ចុក មនុស្សមួយចំនួនមកបើកហាង បើកកន្លែងលក់នំបញ្ចុកទៅ កុំទៅខ្វល់អី សំខាន់រឿងលក់ដាច់។ យូរៗទៅវាទៅជានំបញ្ចុកចង់ក្លាយទៅជាការបែកបាក់ជាតិ។ ក៏ប៉ុន្តែ ខ្ញុំឃើញថា មានការស្រុះគ្នាមួយនៅគ្រប់បណ្តាបក្សនយោបាយ ទៅលើបញ្ហាការប្រើប្រាស់ចំណុចការស៊ីនំបញ្ចុក អត់មានការប្រជែងគ្នាទេ។ អញ្ចឹង បានជាខ្ញុំសូមអំពាវនាវ។ ឥឡូវ បានឃើញអ្នកខាងផ្នែកគណបក្សប្រជាជនរៀបចំដល់ថ្នាក់ភូមិដល់អីមួយចំនួន មិនដឹងថាគេដល់​ណាដល់ណីទេ។ ប៉ុន្តែ ពីម្សិលខ្ញុំឆៀងទៅមើលការដ្ឋានសំណង់ខុទ្ទកាល័យគណបក្សប្រជាជនបន្តិច ហើយបង សាយ ឈុំ ប្រធានព្រឹទ្ធសភា គាត់ទៅមើលពីព្រឹក។ អញ្ចឹង គាត់នឹងធ្វើ(នំបញ្ចុក)ឱ្យកម្មករ ដែលកំពុងធ្វើការនៅទីនោះ ជិត ៤០០ នាក់ ហើយពេលស៊ី ខ្ញុំគិតថា នឹងឡើងដល់ ៥០០ នាក់ ក៏មិនដឹង នៅកន្លែងព្រឹទ្ធសភា នៅថ្ងៃអាទិត្យ។

កុំភ្លេចប្រគេននំបញ្ចុកព្រះសង្ឃផង ឬធ្វើពិធីនៅក្នុងវត្តតែម្តង

ខ្ញុំសូមអំពាវនាវ សូមកុំភ្លេចតាមវត្តអារាម ប្រយ័ត្នលេងស៊ីតែខ្លួនឯង លោកមិនបានឆាន់។ អញ្ចឹងទេ កន្លែងខ្លះពិបាករៀបចំពិធី ទៅរៀបចំនៅក្នុងវត្តបណ្តោយទៅ ប្រគេនលោកឆាន់ផង យើងទទួលទានផងទៅ វាមិនស្រួល? ទៅវត្តតែម្តងទៅ ព្រោះអញ្ចេះ អាប៉ែននំបញ្ចុកល្មមៗហ្នឹង ធ្វើមិនទាន់ពេលទេ ព្រោះមនុស្សស៊ីរាប់ពាន់តោន។ អ្នកដែលធ្វើនំបញ្ចុកហ្នឹងធ្វើមិនទាន់ទេ។ ត្រូវមានវិធីធ្វើហើយ​។ អញ្ចឹង កុំភ្លេចវត្តអារាម។ ទីអារាម ប្រមាណជាង ៤ ០០០ ហើយមានព្រះវិហារឥស្លាម ព្រោះឥស្លាមស្រាយបួសហើយ ដូច្នេះ ឥស្លាមក៏ពូកែខាងនំបញ្ចុកដែរ។ ឥស្លាមក៏នាំគ្នាជួបជុំគ្នាទទួលទាននំបញ្ចុកដូចពេលដែលស្រាយបួសកន្លងទៅដែរ។ នៅមានកន្លែងច្រើនទៀត ដែលអាចធ្វើទៅបាន ប៉ុន្តែ ពឹងពាក់ទៅលើអ្នកលក់នំបញ្ចុកសុទ្ធ ប្រហែលជាគ្មាននំបញ្ចុកទទួលទានទេ ព្រោះស៊ីម្តងប៉ុន្មានលាននាក់ឯណោះ បើគ្រាន់តែសមាជិក/ជិកាគណបក្សប្រជាជន ៧ លាននាក់ ទៅហើយ។ អ្នកលក់នំបញ្ចុករកនំបញ្ចុកឯណាលក់ឱ្យបាន? អញ្ចឹងទេ ប្រហែលជាត្រូវការធ្វើខ្លួនឯង។

ការទទួលទាននំបញ្ចុកនេះ ទាញតម្លៃកសិផលផង បង្ហាញពីសាមគ្គីភាពផង

ច្បាស់ណាស់ថា យកបញ្ហានំបញ្ចុកមួយ វាមានអន្តរសកម្មដល់ទីផ្សារអង្ករ ទីផ្សារសម្រាប់ប្រជាពលរដ្ឋ ដែលគាត់ដាំត្រយូងចេក។ ប្រហែលជាចម្ការលើត្រូវកាប់ត្រយូងចេក ដឹកចេញមិនតិចទេ យកមកលក់។ កន្លែងដែលមានដាំចេកទាំងប៉ុន្មាន ព្រោះអាហ្នឹងត្រូវការត្រយូងចេក បើអត់ត្រយ៉ូ​ងចេកវាមិនឆ្ងាញ់ដែរ។ វាទាល់តែគ្រប់គ្រឿងរបស់វា។ វាទាញតម្លៃ​​កសិផលរបស់យើងឡើង។ ថ្ងៃណាមួយ ពេលណាមួយ យើងនឹងបំផុសឱ្យទទួលទានអីមួយទៀត ដើម្បីឱ្យកសិផលរបស់យើងឱ្យវាមានតម្លៃខ្ពស់​ ហើយក៏វាបង្ហាញនូវសាម​គ្គីភាព ដោយមិនថា បក្សនេះ/នោះទេ ឥឡូវ នាំគ្នាស៊ីទាំងអស់គ្នាទៅ។ កុំលាបពណ៌គ្នា អំពីបញ្ហាទាក់ទិនជាមួយរឿងនេះ អាហ្នឹងជាសាមគ្គីភាព នៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ទទួលទាននំបញ្ចុកដែលជាអត្តសញ្ញាណជាតិរបស់យើង ហើយប្រើប្រាស់ផលិតផលជាតិរបស់យើង។ ខ្ញុំកំពុងតែជម្រុញប្រើប្រាស់ផលិតផលក្នុងស្រុករបស់យើង ដែលវាអាចនាំទៅដល់កត្តាទាក់ទាញជំរុញ។

ប្រយ័ត្នប្រយែងក្រែងលោមានបញ្ហាពុលនំបញ្ចុក

សូមបញ្ជាក់សាជាថ្មីថា កុំចាំថ្ងៃទី ៩ ចង់ថ្ងៃហ្នឹង ស៊ីថ្ងៃហ្នឹង។ ចង់ស្អែក ស៊ីស្អែក។ ដល់ថ្ងៃ ៩ ហើយ បន្ទាប់​ពីនោះទៅ បន្តស៊ីនំបញ្ចុកឱ្យបានច្រើនគ្នាទៅ។ ​វាល្អទេតើ។ ហ្នឹង គឺជាចំណុចដែលយើងគួរយកមកនិយាយដែរ។ តែក៏សូមអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន។ កន្លងទៅមិនទាន់មានការទទួលទាននំបញ្ចុកនៅក្នុងថ្ងៃតែមួយ នៅមានករណីពុលនំបញ្ចុក ដែលធ្លាប់កើតនៅកន្លែងមួយចំនួនទៅហើយ។ អញ្ចឹង សូមមេត្តាប្រយ័ត្នប្រយែងនៅក្នុងករណីការពុលនំបញ្ចុកនេះ។ ក្រសួងសុ​ខាភិបាល ពេលនោះ ត្រូវតាមមើលមែន​ទែន ដោយ​សារកន្លងទៅធ្លាប់មានករណីពុលនំបញ្ចុកហ្នឹង។ ឥឡូវ ដល់ទៅស៊ីច្រើនគ្នាអញ្ចឹង វាមានករណីហ្នឹង ទម្លាក់កំហុសមកឱ្យ ហ៊ុន សែន ទៀត។ អាហ្នឹងត្រូវប្រុងប្រយ័ត្ន។ កន្លែងនីមួយៗត្រូវមានការទទួលខុសត្រូវអំពីបញ្ហាហ្នឹង។ ប៉ុន្តែ ជួនកាលអ្នកខ្លះពុលស្អីពីត្រង់ណាមក ហើយមកកើតរឿងនៅកន្លែងហ្នឹង។ អាហ្នឹងយើងក៏ត្រូវតាមដាន (និង)ពិនិត្យមើលឱ្យបានដិតដល់ ហើយចៀសវាងការបន្ទោសគ្នា។ សង្ឃឹមថា នឹងមិនមានអីកើតឡើងទេ បើនាំគ្នាអនាម័យ ពិសេស បង្កើតឱ្យបាននូវការធ្វើអនាម័យ។ តាមភូមិមួយៗ បើសិនជាភូមិហ្នឹងគេចាត់តាំងគ្នាគេ ដើម្បីនឹងធ្វើនំបញ្ចុកខ្លួនគេ ធ្វើទឹកសម្លខ្លួនគេ រកបន្លែបង្ការខ្លួនគេ អាហ្នឹងធានាតែម្តង។ ភូមិរបស់គេមួយៗ។ ធ្វើតាមភូមិល្អ ហើយភូមិហ្នឹង ឬគេមិនចង់ធ្វើអញ្ចឹង គេធ្វើតាមវត្តលោកដែលមានភូមិប៉ុន្មានចំណុះវត្តហ្នឹង លេងនៅក្នុងវត្តហ្នឹងតែម្តង ហើយព្រះសង្ឃក៏មិនអង្គុយលេបទឹកមាត់ ឧបាសកស៊ីនំបញ្ចុកអស់ ព្រះសង្ឃអត់អីឆាន់(ដែរ)។

គ្រប់សាសនានៅកម្ពុជា សុទ្ធតែអាចធ្វើនំបញ្ចុក និងទទួលទានជាមួយគ្នាបាន

វត្តលោកក៏មិនត្រូវភ្លេច វិហារឥស្លាមក៏មិនត្រូវភ្លេច ហើយក៏អាចមានវិហារកាតូលីកដែរ បើវិហារកាតូលីកអាចនឹងធ្វើនំបញ្ចុកចែកជូនចំពោះអ្នកដែលទៅចូលរួមបាន ក៏វាមិនអីដែរ ព្រោះកម្ពុជាយើងមានព្រះពុទ្ធសាសនា មានឥស្លាមសាសនា មានគ្រឹស្តសាសនា ទៅជាមួយគ្នាទៅ។ ទទួលទានទៅ។ សាកមើល។ គ្រឹស្តក៏ចេះនំបញ្ចុក។ ឥស្លាមក៏ចេះនំបញ្ចុក។ ព្រះពុទ្ធក៏ចេះនំបញ្ចុក។ ហិណ្ឌូក៏ចេះនំបញ្ចុកដែរ អញ្ចឹងទេ ដាក់នំបញ្ចុកមួយពេលទៅមើល។ ប៉ុន្តែ​ មិនមែនមួយពេលទេណា មួយពេលថ្ងៃ ៩ ក្រៅពីនោះច្រើនពេលទៀត។ ប៉ុន្តែ សុំឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាប្រុងប្រយ័ត្ន ក្រែងលោមានជាតិពុលស្អីមួយនៅក្នុងហ្នឹង នៅទីកន្លែងណាដែលត្រូវពិនិត្យ ព្រោះថ្ងៃនោះថ្ងៃអាទិត្យផងទេ សប្បាយទៅ វាអត់មានអីទេ។

ម្ចាស់ផ្ទះជួល ម្ចាស់រោងចក្រ គួររៀបចំកម្មវិធីហូបនំបញ្ចុកមួយពេលបង្ហាញពីសាមគ្គីភាព  

កុំភ្លេចកម្មករ។ កន្លែងខ្លះ ខ្ញុំដឹងថា សហជីពកម្មករនៅទីក្រុងភ្នំពេញ គេបានរៀបចំជូនកម្មករ ២៣ សហជីព ដែលរៀបចំសម្រាប់កម្មករ។ អំពាវនាវចំពោះផ្ទះជួលឱ្យកម្មករ/ការិនីស្នាក់នៅ ប្រសិនបើម្ចាស់ផ្ទះជួលហ៊ានប៉ាវមួយពេល សម្រាប់កម្មករ/ការិនី ដែលនៅផ្ទះជួលរបស់ខ្លួន នឹងជាការល្អ។ ខ្ញុំអរគុណទុកជាមុន។ ឥឡូវ ខ្វះអីកម្មករ/ការិនីមកនៅផ្ទះជួលរបស់ខ្លួនរាប់ឆ្នាំ គ្រាន់តែប៉ាវមួយពេល(ហូប)នំបញ្ចុក ឱ្យទទួលទានម៉ាឆ្ងាញ់ វាគ្មានខាត់បង់អីច្រើនប៉ុន្មានទេ។ អាហ្នឹងជាចិត្តសប្បុរស ហើយបង្ហាញពីសាមគ្គីភាព ក្នុងទំនាក់ទំនង​ រវាងម្ចាស់ផ្ទះជួល ជាមួយនឹងអ្នកជួលផ្ទះ។ ហើយបើតាមរោងចក្រអាចធ្វើទៅបាន អាហ្នឹងក៏បង្ហាញពីសាមគ្គីភាព រវាងម្ចាស់រោងចក្រ ជាមួយនឹងកម្មករដែរ ដើម្បីឱ្យកម្មករបានទទួលទានដែរ។ អញ្ចឹង សហជីពក៏គេធ្វើ ប៉ុន្តែ សហជីព គេធ្វើដោយឡែក។ បើតាមរោងចក្រធ្វើ អាហ្នឹង គឺកាន់តែប្រសើរ ព្រោះកន្លែងខ្លះគាត់មានកន្លែងទទួលទានអាហារ។ អញ្ចឹងទេ ថ្ងៃហ្នឹងគេអត់ធ្វើការមែន ក៏ប៉ុន្តែ គេបើក និងនាំគ្នាទៅសប្បាយរីករាយស៊ីនំបញ្ចុកថ្ងៃទី ៩ ហ្នឹងតែម្តងទៅ។ ថ្ងៃហ្នឹងខ្ញុំក៏កំពុងពិនិត្យមើលថា តើខ្ញុំទៅស៊ីនំបញ្ចុកនៅឯណា? វាលំបាកណាស់។

ប្រធានាធិបតី នាយករដ្ឋមន្ត្រី មានអ្នកត្រួតពិនិត្យម្ហូប ព្រោះទាក់ទងសុវត្ថិភាពជាតិ

កន្លងទៅនេះ ខ្ញុំមកស្រាយបួសបងប្អូនឥស្លាមនៅទីនេះ អត់មានពីណាគេពិនិត្យម្ហូបខ្ញុំទេ? ដល់ទៅ ស្រាយ​បួសនៅបឹងកក់ អត់មានពីណាគេពិនិត្យនំបញ្ចុក ពិនិត្យសម្លការី ពិនិត្យស្អីដែលខ្ញុំស៊ី។ គេអត់ដឹងថាខ្ញុំ ស៊ីស្អីផង? អញ្ចឹង​ ពិនិត្យអត់កើត។ ប៉ុន្តែ បើនៅផ្ទះវិញ មុននឹងយកមកពីផ្សារ គឺគេចាប់ផ្តើមយកទៅពិនិត្យ ហើយ ដល់ពិនិត្យរួចហើយ ទើបបានបញ្ជាក់មកខាងពួកចង្ក្រានជើងឆ្នាំងឱ្យដាំស្លទៅ។ ប៉ុន្តែ មិនមែនមានតែនាយករដ្ឋមន្ត្រីកម្ពុជាទេ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីប្រទេសនានា សុទ្ធតែដូចគ្នាដែរ ព្រោះវាទាក់ទងនឹងសុវត្ថិភាពរបស់ជាតិ។ ឧទាហរណ៍៖ ករណីការបំពុលណាមួយកើតឡើង។ រឿងពិនិត្យម្ហូបអា​​ហារសម្រាប់ខ្ញុំនេះ មិនមែនទើបនឹងពិនិត្យឥឡូវទេ ពិនិត្យតាំងពីឆ្នាំ ១៩៧៩ ឯណោះ (តាំងពី)ធ្វើជារដ្ឋ មន្ត្រីការបរទេសឯណោះ ព្រោះគេធានាសុវត្ថិភាពសម្រាប់យើង។ អញ្ចឹង បានជាមានពេលខ្លះ ម៉េចក៏ធ្វើយូរម្ល៉េះ អញឃ្លានបាយហើយមិនទាន់បានបាយស៊ី? គេថា យឺតមកពីគេរវល់តែយកសាច់/បន្លែទៅពិនិត្យ ទម្រាំតែបានចេញពីកន្លែងពិនិត្យហ្នឹង វាត្រូវផ្អាកគ្នាអ្នកដាំស្លនេះ។ ដល់យូរៗ មួម៉ៅថា វាគ្មានអាណា បំ​ពុល​អញទេ? ប៉ុន្តែ អាហ្នឹងអ្នកដែលគេទទួលបន្ទុកការពារយើង មានភារៈទទួលខុសត្រូវទៅលើបញ្ហាហ្នឹង​។

នំបញ្ចុកមានអន្តរសកម្មច្រើន/គ្រប់ស្ថាប័នរដ្ឋ សូមប្រើប្រាស់ម្ហូបខ្មែរ ដើម្បីទទួលភ្ញៀវ            

កសិកម្មឆ្នាំនេះរបស់យើងត្រូវបន្តជម្រុញ។ ខ្ញុំជឿជាក់ថា ចលនាបំផុសឱ្យប្រជាពលរដ្ឋទទួលទាននំបញ្ចុកតែមួយមុខ វាមានអន្តរសកម្មជាមួយថ្លៃអង្ករ។ លើកតម្លៃអង្ករឡើង វាមានអន្តរសកម្មទៅលើបញ្ហាបន្លែបង្ការ ដទៃទៀត ដែលវាទាក់ទងទៅនឹងអាហ្នឹង។ ប្រសិនបើប្រជាពលលរដ្ឋរបស់យើងប្រើប្រាស់អាហ្នឹងជំនួសអាភីហ្សាកាន់តែច្រើន អាហ្នឹង គឺរបស់ក្នុងស្រុករបស់យើង ប្រើប្រាស់បានកាន់តែច្រើន។ ខ្ញុំអំពាវនាវចំពោះស្ថាប័នរដ្ឋរបស់យើងទាំងអស់ ដែលទទួលជប់លៀងភ្ញៀវថ្នាក់រដ្ឋមន្ត្រី ថ្នាក់ឧបនាយករដ្ឋមន្ត្រី​ ថ្នាក់ក្រសួងនានា សូមប្រើប្រាស់ឱ្យបានច្រើនបន្តិចនូវម្ហូបខ្មែរ ដើម្បីទទួលភ្ញៀវ កុំលេងឡើងសុទ្ធតែម្ហូបបារាំងមក ស្អីមកអញ្ចឹង ធ្វើម៉េចគេស្គាល់ម្ហូបខ្មែរយើងបាន? ដាក់ទៅសម្លកកូរ សម្លម្ជូរ ឱ្យគេសាកម្ហូបខ្មែរមើល? យើងទៅឡាវ បើចង់ទទួលទានបាយ ទាល់តែយកដៃទៅចាប់បាយ ពូតទៀតបានយកមកញាត់(មាត់) បាយដំណើប។ ឡាវគាត់ធ្វើអញ្ចឹង។

ចលនានំបញ្ចុកសាមគ្គីភាព ឯកភាពជាតិ នឹងជំរុញចលនាប្រើរបស់ខ្មែរ

សង្ឃឹមថា ឆ្លងកាត់នូវចលនានំបញ្ចុកសាមគ្គីភាព ឯកភាពជាតិនេះ នឹងធ្វើឱ្យការលាបពណ៌គ្នា ឬក៏អាច និ​​​យាយទៅម្ខាងថា នឹងជំរុញឱ្យមានចលនា ដើម្បីប្រើរបស់ខ្មែរ។ ប្រហែលជាលើកនេះបំបែកឯតទគ្គកម្មពិភពលោកតែម្តង។ ឧទាហរណ៍ថា អ្នកដែលមានសិទ្ធិបោះឆ្នោត យើងគិតថា ១០ លាននាក់ ស្រាប់តែមាន ៧ លាននាក់ ឬក៏ ៨ លាននាក់ ទៅស៊ីនំបញ្ចុក បានសេចក្តីថា ៨០% បំបែកឯតទគ្គកម្មពិភពលោកបានហើយ។ វាធំជាងអន្សមយក្ស។ សង្ក្រាន្តសៀមរាបអន្សមយក្ស អង្រុតយក្ស។ ចេញពីនឹងទៅខ្ញុំត្រូវទៅទទួលភ្ញៀវមួយទៀត។ ថ្ងៃមុនចេញពីហ្នឹងទៅ ត្រូវទៅទទួលរដ្ឋមន្ត្រីការបរទេស ទីម័រលេស្ត ឥឡូវ ចេញពីនឹងទៅដែរ ត្រូវទៅទទួលប្រធាន ICAP ដែលកម្ពុជាអាចនឹងធ្វើជាម្ចាស់ផ្ទះ នៅក្នុងការប្រជុំសន្និសីទមួយ ដែលឆ្នាំទៅនេះប្រជុំនៅនេប៉ាល់ ប៉ុន្តែ ឆ្នាំនេះអាចមកប្រជុំនៅកម្ពុជា។ បន្តទៅខ្ញុំទៅ Philippines, Manila ហើយនឹងអាចទៅកូរ៉េខាងត្បូងទៀត ទាក់ទងនឹងបណ្តាបក្សនិយមកណ្តាលនៅអាស៊ីប៉ាស៊ីហ្វិក …។

អំណោយកំដរដៃ

ថ្ងៃនេះ ខ្ញុំក៏បាននាំមក សម្រាប់ជ័យលាភី ដែលទទួលសញ្ញាបត្រ ចំនួន ១ ៣៥៦ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៤០៣ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ថវិកា ៥ លានរៀល។

សូមកុំយល់ច្រឡំថា យុទ្ធនាការហូបនំបញ្ចុក ឈានទៅដល់ការចរចានយោបាយ

ចំនួន ៥ លានរៀលនេះ ល្មមនឹងថ្លៃនំបញ្ចុកហើយ។ ប្រមូលនិស្សិតៗដែលចប់ហើយ ទាំងនិស្សិតមិនទាន់ចប់ មកហូបនំបញ្ចុកនៅសាលារបស់ខ្លួនម្តងមើល។ រៀបចំឱ្យវាស្រួលថ្ងៃអាទិត្យហ្នឹងតើ។ កម្មង់នំបញ្ចុកទាល់តែលឿនបន្តិច បើមិនលឿនទេ អ្នកដែលធ្វើនឹងអត់នំបញ្ចុកឥឡូវហ្នឹង។ ឥឡូវរឿងនំបញ្ចុកសម្បើមណាស់។ ខ្ញុំគិតថា អាចនឹងចូលរាប់ពាន់តោន បើនំបញ្ចុកមួយប្រទេសនោះ។ កុំគិតថា បក្សណាៗ អញ្ជើញគេមកស៊ីមក។ គេមកក៏មក គេមិនមកទេក៏ហី។ បើគេហៅយើងទៅស៊ី ឧបមាថា យើងឆ្អែតហើយ ប៉ុន្តែ​ បើគេមានចិត្ត គេហៅយើងទៅស៊ីជាការគួរសម យើងក៏ទៅស៊ីដែរ។ ស៊ីហើយទៅសាកល្បងទៅស៊ីឯណោះទៀត ជាការគួរសម។ បើគេអញ្ជើញហើយ យើងមិនទៅ វាអាក្រក់មើល។ ឯគេ បានទទួលទានហើយ ប៉ុន្តែ បើឃើញគេ យើងក៏អញ្ជើញគេមក គេមកក៏មក គេមិនមកទេ អាហ្នឹង គឺរឿងរបស់គេទេ។ តែសុំកុំយកបញ្ហាដែលខ្ញុំនិយាយនេះ ធ្វើជាការវិភាគអ្វីផ្សេងក្រៅពីរឿងស៊ីនំបញ្ចុក ព្រោះអ្នកខ្លះគិតថា វាជាជំហានទៅដល់ការចរចាស្អីៗ សុំកុំភាន់ច្រឡំ។ ខ្ញុំនិយាយរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្គីភាព ឯកភាពជាតិ នៃការទទួលទាននំបញ្ចុក ថ្ងៃទី ៩ មិថុនា នេះតែម្តង។

ជាថ្មីម្តងទៀត សូមកោតសរសើរជាមួយវឌ្ឍនភាព  នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏ដូចជា អបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ក៏ដូចជា ក្រុមគ្រួសារ នៃជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងទៅ។ ហើយក៏សុំជូនពរ ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី នាងកញ្ញា សូមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...