សម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ធុរកិច្ច និងអ្នកវិនិយោគជប៉ុន អំពីវិធានការមុតស្រួច​ មួយ​ចំនួនរបស់កម្ពុជាក្នុងការចូលរួមកាត់បន្ថយថ្លៃចំណាយធុរកិច្ចរបស់អ្នកវិនិយោគ

ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — ក្នុងពិធីបើកសិក្ខសាលា ស្តីពី​បរិ​យាកាសវិនិយោគនៅកម្ពុជា  ដែលរៀបចំឡើង​ដោ​យ​ក្រុ​មប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សហការជាមួយនឹងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JE​TRO) និងដោយមានការអញ្ជើញចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគធំៗរបស់ប្រទេស​ជប៉ុ​ន​​​ប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ថ្លែងប្រាប់ធុរកិច្ច និ​ង​អ្នកវិនិយោគជប៉ុនអំពីវិធានការមុតស្រួចមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួម​កា​​ត់​​បន្ថយ ថ្លៃចំណាយធុរកិច្ចរបស់ អ្នកវិនិយោគ សរុបប្រមាណជា ៤០០លានដុល្លារអាម៉េរិក​ក្នុង​​មួយឆ្នាំ សំដៅចូលរួមធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។

វិធានការទាំងនោះរួមមាន៖

ក. ការធ្វើឱ្យប្រសើរឡើងនូវកិច្ចស​ម្រួល​ពាណិជ្ជកម្ម និង​កា​ត់​​បន្ថយចំណាយធុរកិច្ចគឺ ១-ការ បញ្ចប់តួនាទីអចិន្ត្រៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោ​យ​រក្សា​ទុកតែភ្នាក់ងារគយ ប៉ុណ្ណោះក្នុងការត្រួតពិនិត្យទំនិញនៅតាមច្រកទ្វារអន្តរជាតិ តំបន់​សេ​ដ្ឋ​​កិច្ចពិសេស និងទី កន្លែងត្រួតពិនិត្យ ទំនិញ នាំចេញ-នាំចូល ផ្សេងទៀត។ ២- ការលុប​ចោល​ភ្នា​​ក់​ងារកម្ពុជានាវា ចរហៅកាត់ថា កាំសាប។ ៣- ដូចបានកំណត់ក្នុងគោលនយោបាយ​អភិ​វឌ្ឍ​​ន៍​វិស័យឧស្សាហ កម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ យើងបានចាប់ផ្តើមបញ្ចុះតម្លៃអគ្គិស​នីជំ​ហា​ន​ដំបូងចំនួន២សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ចាប់​ពី​ឆ្នាំ២០១៩នេះតទៅ និងសិក្សាលទ្ធភាពបញ្ចុះថ្លៃជាបន្តបន្ទាប់ទៀត។ កន្លងទៅនេះយើងក៏​មាន​ការសោកស្តាយ ចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់ថាមពលតាមបរិមាណ និងគុណ​ភា​ព​មិនគ្រប់គ្រាន់ ដោយកត្តាអាកាសធាតុមិនអំណោយផល ធ្វើឱ្យថាមពលដែលមានប្រភព​ពីវា​រី​អគ្គិសនីផលិត ក្រោមកម្រិតធម្មតា។ នៅឆ្នាំខាងមុខយើងនឹងបន្ថែមការផ្គត់ផ្គង់ក្នុង​បរិមា​ណប្រ​មា​ណ ៥០០ ម៉េហ្គាវ៉ាត់ ពីប្រភពនានារួមទាំងថាមពលពន្លឺព្រះអាទិត្យ។ ៤- ការកាត់បន្ថយចំនួ​ន​​ថ្ងៃឈប់ សម្រាកបុណ្យ និងទិវាពី ២៨ថ្ងៃ មក ២១ថ្ងៃ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្ត​ន៍ចាប់ពី​ឆ្នាំ​២០​២០តទៅ។ ៥- ការបញ្ចុះថ្លៃសេវាលើកដាក់កុងតឺន័រនៅចំណត និងការមិនតម្រូវឱ្យស្កែន​កុង​តឺន័ររបស់ក្រុមហ៊ុនដែលមានអនុលោមភាពល្អ (Best trader)។

ខ. ក្របខ័ណ្ឌច្បាប់ស្ដីពីការ​វិ​និ​យោគ​នៅកម្ពុជា។ ការបញ្ចប់សេចក្ដីព្រាងច្បាប់​ថ្មីស្ដី​ពីវិនិ​យោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋ​កិ​ច្ច​​​ពិ​សេស ឱ្យបានរួចរាល់នៅចុងខែមិថុនា ឆ្នាំ២០១៩នេះ ដែលច្បាប់ថ្មីទាំងពីរនេះមាន​គោ​ល​បំ​ណង​បង្កើនទំនើបកម្ម និងផលិតកម្មនៃឧស្សាហកម្ម ក្នុងស្រុក ពង្រឹងការតភ្ជាប់ទៅក្នុងខ្សែ​ចង្វា​ក់​ផ្គត់ផ្គង់ក្នុងតំបន់និងសកល មានលក្ខណៈ ប្រកួតប្រជែង និងគាំទ្រគោលនយោបាយ​សេ​ដ្ឋ​កិ​ច្ចនិងសង្គម។ ជាពិសេស ច្បាប់ថ្មីស្ដីពី វិនិយោគនេះ នឹងផ្ដល់ការលើកទឹកចិត្តបន្ថែមចំពោះ បណ្ដាសកម្មភាពមួយចំនួនលើស ពីច្បាប់ចាស់ដូចជា សកម្មភាព ដែលគាំទ្រដល់ការផលិត​ជំនួ​ស​ការនាំចូល និងការចំណាយ ទៅលើសុខុមាលភាពរបស់កម្មករ និយោជិត ដូចដែល​ក្រុម​ហ៊ុន​ជប៉ុន កន្លងមកបានអនុវត្តន៍ ប៉ុន្តែមិនទទួលបានការលើកទឹកចិត្ត។

ជាមួយគ្នានេះ កម្ពុជា-ជប៉ុនកំពុងស្ថិតក្នុងដំណើរការនៃការចរចាលើកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួត​គ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល។ សង្ឃឹមថាប្រទេស​យើ​ង​ទាំងពីរនឹងអាចបញ្ចប់ការចរចាកិច្ចព្រមព្រៀង នេះឱ្យបានឆាប់រហ័សនាពេលខាងមុខ។ កិច្ច​ព្រ​​មព្រៀង និងអនុស្សរណៈយោគ យល់គ្នាទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់​ក្នុងការព​ង្រឹ​ង​ និងទាក់ទាញការវិនិយោគ ព្រមទាំងគាំទ្រដល់សកម្មភាពវិនិយោគជប៉ុននៅកម្ពុជា។​ ការ​វិនិយោគរបស់ជប៉ុនទាំងអស់ នៅកម្ពុជា នេះមិនត្រឹមតែនាំមកនូវប្រាក់ចំណេញដល់អ្នកវិនិ​យោ​​​គ​ប៉ុណ្ណោះទេ តែថែមទាំង ចូលរួមចំណែកដល់ការរក្សាស្ថិរភាពយូរអង្វែងនៅកម្ពុជា ក៏ដូ​ច​ជា​​នៅក្នុងតំបន់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...