សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ ខួបលើកទី ១៥៦ នៃទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

CNV:

“ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” មានអត្ថន័យស្របនឹងសកម្មភាព

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ជាថ្មីម្តងទៀត ថ្ងៃនេះយើងជួបជុំគ្នាតាមការកំណត់សម្រាប់ថ្ងៃ ៨ ខែឧសភា ជារៀងរាល់ឆ្នាំ។ ឆ្នាំទៅនៅទីនេះ យើងក៏បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីអបអរសាទរខួបលើកទី ១៥៥។ ថ្ងៃនេះគឺខួបលើកទី ១៥៦ នៃទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ឆ្នាំនេះប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”។ ខ្ញុំចាត់ទុកថា ប្រធានបទមួយនេះជាប្រធានបទអចិន្ត្រៃយ៍ សម្រាប់កាកបាទក្រហមកម្ពុជារបស់យើង ព្រោះថាប្រសិនបើគ្មានការស្រឡាញ់នោះទេ ប្រហែលជាយើងមិនមានឱកាសជួបជុំគ្នាប្រចាំឆ្នាំ និងប្រជាពលរដ្ឋរបស់យើង ក៏មិនបានទទួលនូវផលប្រយោជន៍ណាមួយដែរ។ ដូច្នេះជារៀងរាល់ឆ្នាំ តែងតែច្បាមយកនូវប្រធានបទខុសៗគ្នា ក៏ប៉ុន្តែប្រធានបទទាក់ទងទៅនឹងពាក្យថា “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” គឺពិតជាមានអត្ថន័យស្របជាមួយសកម្មភាព ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ។ ខ្ញុំសុំយកឱកាសនេះ ស្វាគមន៍ចំពោះការចូលរួមរបស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អស់លោក ទាំងក្នុងក្របខណ្ឌជាតិ ក៏ដូចមិត្តភក្តិដែលមកពីបរទេស រួមទាំងអគ្គរាជទូត អគ្គរដ្ឋទូត និងប្រិយមិត្តបរទេសនៅក្នុងឱកាសនេះ។

កាកបាទក្រហមកម្ពុជាមានគោលដៅផ្សេងៗតាមស្ថានភាព

វាពិតជាភ័ព្វសំណាងមួយរបស់កម្ពុជាដែលព្រះករុណាព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តមសីហនុ ព្រះអង្គបានបង្កើតឡើងនូវចលនាមួយដ៏ធំនេះ ហើយដែលបានឆ្លងកាត់ដំណាក់កាលមួយ​ៗខុសៗគ្នា តែដំណាក់កាលដែលសំខាន់ចុងក្រោយនេះ គឺវាប្លែកពីដំណាក់កាលដែលយើងធ្វើកាលពីពេលមុន។ សម័យសង្គ្រាម គឺគោលដៅនៃសកម្មភាពរបស់កាកបាទក្រហមកម្ពុជារបស់យើង គឺមានគោលដៅផ្សេង។ បន្ទាប់ពីពេលដែលប្រទេសជាតិទទួលបាននូវសន្តិភាព យើងក៏បានគោលដៅផ្សេង ដើម្បីបន្តជំហានឆ្ពោះទៅមុខ។ ដូចឯកឧត្តមប្រធានប្រតិភូកាកបាទក្រហម បានលើកឡើងអម្បាញ់​មិញ ពាក់ព័ន្ធទៅនឹងសភាពការណ៍នៅប្រទេសមួយចំនួន ដូចជានៅស៊ីរី និងការជួបគ្រោះធម្មជាតិ ការបាក់ទំនប់នៅប្រទេសឡាវ និងគ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី ប្រធានបទទាំងអស់នោះ គឺសុទ្ធតែបានកើតឡើងសម្រាប់ការដោះស្រាយ ប៉ុន្តែវិធីដោះស្រាយនៅពេលនោះ នៅកន្លែងផ្សេង ជាពិសេសនៅប្រទេសស៊ីរី គឺវាមិនដូចគ្នានៅក្នុងការដោះស្រាយក្នុងប្រទេសឡាវ ប្រទេសឥណ្ឌូនេស៊ី ឬកន្លែងដទៃទៀតនោះទេ។ កន្លែងដែលមានសង្គ្រាម គឺត្រូវដោះស្រាយរ​បៀបផ្សេង។ ដូចដែលអតីតកាលរបស់យើងបានជួបប្រទះរួចមកហើយ អំពីដំណោះស្រាយ និងគោលដៅរបស់កាកបាទក្រហមនៅក្នុងដំណាក់កាលនីមួយៗ។

កោតសរសើរចំពោះសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ខ្ញុំសុំយកឱកាសនេះជាថ្មីម្តងទៀតសុំកោតសរសើរចំពោះសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលអម្បាញ់មិញប្រធានកាកបាទក្រហមកម្ពុជាបានធ្វើរបាយការណ៍ ទោះបីរបាយការណ៍នេះសង្ខេប តែយើងបានដឹងអំពីសកម្មភាពមនុស្សធម៌ ដែលបានធ្វើសកម្មភាពយ៉ាងធំធេង។ យោងទៅលើរបាយ ការណ៍នេះ ចំនួនគ្រួសារប្រមាណជិត ១៤ ម៉ឺនគ្រួសារ ដែលបានទទួលជំនួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។ នេះពិតជាសកម្មភាពដែលពោរពេញទៅដោយភាពអង់អាច និងឆ្ពោះទៅកាន់គោលដៅ ចំពោះជនដែលងាយរងគ្រោះ។ ខ្ញុំពិតជាមានមោទនភាពជាមួយនឹងការចូលរួមរបស់កាកបាទក្រហមកម្ពុជា ដែលសកម្មភាពទាំងអស់នេះបានរួមចំណែកយ៉ាងធំធេង ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ព្រោះថាជនរងគ្រោះត្រូវការជំនួយដែលជាផ្នែកមួយនៃគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ហើយដែលចំណុចនេះមិនមែនគ្រាន់តែឆ្នាំ ២០១៨ និងពីនេះតទៅទេ ក៏ប៉ុន្តែកាក​បាទក្រហមរបស់យើងបានចាប់ផ្តើមធ្វើសកម្មភាពឡើងវិញ តាំងពីក្រោយថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ពិតមែនហើយ កាលពីពេលនោះ កាកបាទក្រហមរបស់យើង មានការបែកខ្ញែកទៅតាមភាគីនីមួយៗ មិនទាន់មានការឯករាជ្យនៅឡើយ ប៉ុន្តែក្រោយព្រះរាជតម្រិះ និងព្រះរាជដឹកនាំដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា សម្តេចឪ សម្តេចតា របស់យើងក៏បានធ្វើអោយកាកបាទក្រហមទាំងភាគីទាំងអស់មានការឯកភាពគ្នា ហើយក៏បានធ្វើសកម្មភាពចាប់ពីពេលនោះរហូតដល់ពេលនេះ។

យុវជនកាកបាទក្រហមកម្ពុជា មានបណ្តាញនៅគ្រប់ទិសទី និងអាជ្ញាធរថ្នាក់ក្រោមជាតិ

ខ្ញុំសូមយក​ឱកាសនេះសម្តែងនូវការកោតសរសើរចំពោះយុវជនកាកបាទក្រហមកម្ពុជា​ ដែលមានបណ្ដាញនៅគ្រប់ទិសទីទាំងអស់ សាខានៃកាកបាទក្រហមកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់ ដែលខ្ញុំអាច ចាត់ទុកថាជាបណ្តាញព័ត៌មានដ៏ឆាប់រហ័ស ឆ្លើយតបជាមួយនឹងអ្វីដែលជាកង្វល់ ហើយដែលជាបញ្ហាត្រូវដោះស្រាយ។ ជួនកាលរបាយការណ៍អាជ្ញាធរក៏មានការយឺតយ៉ាវជាង ហើយរបាយការណ៍របស់ កាកបាទក្រហមកម្ពុជាបានមកដល់មុន ចំពោះមុខសញ្ញា ឬគ្រោះមហន្តរាយដែលទាក់ទងជាមួយនឹង តម្រូវការនៃការជួយសង្គ្រោះ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងនូវការកោតសរសើរជាមួយនឹងអាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់ ដែលបានខិតខំរួមចំណែកគាំទ្រដល់កាកបាទក្រហមកម្ពុជា។ ខ្ញុំតែងតែលើកថាវិធីសាស្ត្រក្នុងការចាត់ចែងដឹកនាំគ្រប់គ្រងនៅឯថ្នាក់មូលដ្ឋាន កាកបាទក្រហមមានភាពឈ្លាសវៃ នៅក្នុងការប្រើប្រាស់តួនាទីរបស់អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ឬថ្នាក់ដឹកនាំរបស់ខេត្ត ដើម្បីចូលរួមនៅក្នុងចលនារបស់កាកបាទក្រហមកម្ពុជា។ ដូច្នេះមន្ត្រីសាធារណៈរបស់យើងមួយចំនួន ជាពិសេសនៅតាមខេត្ត​បានក្លាយទៅជាសមាជិក និងជាអ្នកបម្រើរបស់កាកបាទក្រហមកម្ពុជា។ ក៏ប៉ុន្តែ យើងក៏ត្រូវដឹងថាភារកិច្ចទាំងនោះជាភារកិច្ចរបស់អាជ្ញាធរដែលត្រូវដោះស្រាយ។ ដូច្នេះការបំពេញអោយគ្នាទៅវិញទៅមក រវាងអន្តរាគមន៍របស់អាជ្ញាធរ ក៏ដូចជាការធ្វើសកម្មភាពរបស់កាកបាទក្រហមកម្ពុជា មានទិសដៅតែមួយ​ គឺការដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អ្នកដែលរងគ្រោះ និងអ្នកដែលងាយរងគ្រោះ។

សម្តេចម៉ែ ​​ព្រះមហាក្សត្រ តែងតែបានគាំទ្រចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា

ខ្ញុំក៏សូមយកឱកាសនេះសម្តែងថ្វាយចំពោះ សម្តេចម៉ែ ចំពោះ​ព្រះមហាក្សត្រ ដែលព្រះអង្គតែងតែបានគាំទ្រចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ហើយបើនិយាយពីព្រះរាជតួនាទីតាំងពីដើមទីរបស់ទ្រង់មកដល់ពេលនេះ ក្នុងឋានៈជាអតីតប្រធានកាកបាទក្រហមកម្ពុជា និងក្នុងឋានៈបច្ចុប្បន្នដែលជាព្រះប្រ​ធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា សម្តេចម៉ែតែងធ្វើសកម្មភាពជាប់មិនដាច់ជារៀង រហូតមកដល់ពេលនេះ​​ អស់រយៈពេលមិនតិចបើយើងគិតទៅគឺមិនតិចជាង ៥០ ឆ្នាំ រួចមកហើយនោះទេ។ ទូលព្រះបង្គំខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការអរព្រះគុណចំពោះព្រះមហាក្សត្រជាទីសក្ការៈ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលព្រះអង្គតែងចុះសួរសុខទុក្ខ និងចែកអំណោយសម្រាប់ប្រជាជនក្រីក្ររបស់ព្រះអង្គ។ នេះក៏ក្លាយទៅជាព្រះរាជគំរូសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសប្បុរសជននានា និងមន្ត្រីថ្នាក់ក្រោមរបស់យើង។

សម្តេច ឯកឧត្តម លោកជំទាវ សប្បុរសជន ជួយទៅដល់កាកបាទក្រហមកម្ពុជា

ខ្ញុំក៏សូមយកឱកាសនេះអរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ ដែលជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ដែលធ្វើជាប្រធាន និងក្រុមការងារចុះជួយបណ្តាខេត្ត រាជធានី ដែលបានចូលរួមនៅក្នុងចលនាកាកបាទក្រហមកម្ពុជារបស់យើង។ ពិសេសការស្វះស្វែងរកប្រភពទុន ដើម្បីជួយទៅដល់​​កាកបាទក្រហមតាមខេត្ត។ តាមការដែលយើងទទួលបាននូវព័ត៌មាន ខេត្តមួយចំនួនបានធ្វើនូវទិវាកាកបាទក្រហមរួចស្រេចទៅហើយ ហើយដែលមានប្រាក់ចំណូល មានការចូលរួមពីសំណាក់សប្បុរសជននៅតាមខេត្តនានាផងដែរ។ នេះក៏ជាផ្នែកមួយនៃការជួយរួមចំណែក នៃការដោះស្រាយបញ្ហាដែលបង្ហាញអោយឃើញថា ប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» គឺជាប្រធានបទឆ្លើយតបបានគ្រប់មនុស្ស ដែលទាក់ទងជាមួយនឹងពីរផ្នែក៖ មួយផ្នែក អ្នកដែលមានលទ្ធភាពផ្តល់ជំនួយ និងមួយផ្នែកទៀតអ្នកដែលទទួលបានផលពីការផ្តល់ជំនួយ នៃកាកបាទក្រហមកម្ពុជា។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយកាកបាទក្រហមកម្ពុជាតាមរយៈទិវា ៨ ឧសភា ក្តី និងតាមរយៈនៃសកម្មភាពដទៃៗទៀត ដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា។ ខ្ញុំគួរតែរំលេចថា សិល្បៈ ឬវប្បធម៌ នៃការចែករំលែកនៅក្នុងចំណោមប្រជាជនកម្ពុជារបស់យើង ពិតជាមានអត្ថន័យធំធេង និងជ្រាលជ្រៅខ្លាំងណាស់។ ប្រសិនបើប្រជាជនយើងមិនមានការយោគយល់អធ្យាស្រ័យ និងអនុវត្តនូវសិល្បៈ នៃការចែករំលែកនោះទេ ខ្ញុំគិតថា យើងអាចនឹងជួបការលំបាក។

ក្រៅពីក្របខណ្ឌកាកបាទក្រហម សិល្បៈនៃការចែករំលែកបានអនុវត្តច្រើនគោលដៅ

ត្រង់ចំណុចនេះ យើងគួរតែសង្កេតមើល មិនមែននៅក្នុងក្របខណ្ឌនៃសកម្មភាពរបស់កាកបាទក្រហម កម្ពុជាមួយមុខនោះទេ ក៏ប៉ុន្តែ សិល្បៈនៃការចែករំលែកបានអនុវត្តច្រើនគោលដៅ។ បើយើងនិយាយទាក់​ទងជាមួយនឹងសាសនា និយាយពីបញ្ហាព្រះពុទ្ធសាសនា រដ្ឋគ្មានថវិកាដើម្បីកសាងនូវទីអារាម សម្រាប់ព្រះសង្ឃទេ។ ក៏ប៉ុន្តែ តាមរយៈនៃសិល្បៈនៃការចែករំលែក គឺការចូលរួមរបស់ពុទ្ធបរិស័ទ ក៏បានកសាងទៅជាទីអារាមនានាសម្រាប់ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋដើម្បីធ្វើបុណ្យទាន។ ឯចំពោះសាលារៀនវិញ បើយើងពិនិត្យឲ្យបានដិតដល់ កាលពីមុនសង្គ្រាមឆ្នាំ ១៩៧០ កាលពីពេលនោះ សាលាអាចថាចូលទៅដល់ ៩០% នៃចំនួនសាលារៀនដែលធ្វើដោយសហគមន៍។ ពេលនោះ រាជការមានលទ្ធភាពត្រឹមតែផ្តល់គ្រូបង្រៀនតែប៉ុណ្ណោះ ប៉ុន្តែ ចំពោះសាលារៀនត្រូវបានសហគមន៍ជាអ្នកធ្វើ តាមរយៈនៃការចូលរួមវិភាគទានក្នុងការធ្វើនូវសាលារៀន ឬក៏ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងដំណាក់កាលនោះ។ នៅក្នុងសម័យបច្ចុប្បន្ននេះ យើងអាចសង្កេតមើលអំពីសាលារៀនតែមួយមុខ ប្រមាណជាពាក់កណ្តាលគឺរដ្ឋចេញថវិកាធ្វើ ប៉ុន្តែ ៥០% នៃចំនួនសាលារៀនដទៃទៀត គឺបានមកពីការចូលរួមជួយឧបត្ថម្ភពីសំណាក់សប្បុរសជន ដែលនេះគឺជាការដោះស្រាយបញ្ហាមិនតូចទេ ដែលផ្តើមចេញពីគុណធម៌ សីលធម៌ និងវប្បធម៌នៃការចែករំលែក ពីអ្នកដែលមានលទ្ធភាពជួយ ទៅដល់ការលំបាករបស់ប្រជាពលរដ្ឋ។ បើពិនិត្យក្នុងក្របខណ្ឌសាលារៀន យើងមិនទាន់ធ្វើការអង្កេតទេ។ តែការប៉ាន់ស្មានរបស់ខ្ញុំ ប្រមាណជា ៥០% រដ្ឋចេ​ញថវិកាធ្វើ ឯ ៥០% ទៀត បានមកពីការចូលរួមនៃសប្បុរសជនរបស់យើង ក្នុងការចូលរួមធ្វើសាលារៀន។ អណ្ដូងទឹកមួយភាគធំ ត្រូវបានចូលរួមដោយសប្បុរសជនជាអ្នកធ្វើ។ ស្រះទឹក រហូតទៅដល់ប្រព័ន្ធស្រោចស្រព ផ្លូវថ្នល់ ក៏មានការចូលរួមចំណែកពីសប្បុរសជនរបស់យើង។

អ្នកមានប្រាក់ក៏មានចំនួនកាន់តែច្រើន ទំហំនៃការចូលរួមក៏កាន់តែច្រើន សិល្បៈនៃការចែករំលែកបន្ត

ដូច្នេះ តាមរយៈសកម្មភាពទាំងអស់នេះ យើងក៏បានឃើញថា នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងពេលដែលជីវភាពរបស់ប្រជាពលរដ្ឋរបស់យើងកាន់តែកើន អ្នកមានប្រាក់ ក៏មានចំនួនកាន់តែច្រើន ទំហំនៃការចូលរួមក៏កាន់តែច្រើនដែលនោះក៏វាជាផ្នែកដ៏សំខាន់មួយ។ ខ្ញុំសង្ឃឹមថាចលនានៃសិល្បៈនៃការចែករំលែកពីអ្នកមានលទ្ធភាពជួយទៅដល់អ្នកដែលគ្មានលទ្ធភាព នៅតែត្រូវបានបន្ត។

សិល្បៈនៃការចែករំលែកនេះ ក៏ត្រូវបានអនុវត្តនៅក្នុងក្របខណ្ឌទូទាំងពិភពលោក

យើងក៏មិនត្រូវភ្លេចថាសិល្បៈនៃការចែករំលែក មិនមែនត្រឹមតែអនុ​វត្តនៅក្នុងក្របខណ្ឌនៃប្រជាពលរដ្ឋរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែ សិល្បៈនៃការចែករំលែកនេះ ក៏ត្រូវបានអនុវត្តនៅក្នុង ក្របខណ្ឌទូទាំងពិភពលោកផងដែរ។ តួយ៉ាង យើងពិនិត្យមើលបណ្តាប្រទេសដែលបានផ្ដល់ជំនួយសម្រាប់យើង គេបានយកធនធានពីប្រទេសរបស់គេមកផ្ដល់ជំនួយសម្រាប់ប្រទេសរបស់យើង គេបានចូលរួមវិភាគទានសម្រាប់កាកបាទក្រហម អឌ្ឍចន្ទក្រហម។ គេបានចូលរួមតាមវិភាគទានតាមរយៈអង្គការសហប្រជាជាតិ ដើម្បីជួយផ្ដល់ទៅដល់ប្រទេសដែលជួបការលំបាក។

ស្ថានភាពហិរញ្ញវត្ថុ UN លំបាក តម្រូវឲ្យប្រទេសនានារួមទាំងកម្ពុជា ចេញថវិកាមុន

ពិតមែនហើយ ឥឡូវនេះ ស្ថានភាពហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ មិនជាល្អប្រសើរនោះទេ។ សូម្បីតែកម្ពុជាដែលមានតម្រូវការចាំបាច់ក្នុងការប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅឯប្រទេសម៉ាលីក៏ត្រូវបានចេញថវិកាមុនផងដែរ។ ថ្ងៃមុន ក្នុងពេលជួបគ្នាបន្តិចជាមួយអគ្គលេខាធិការអង្គការសហប្រ​ជាជាតិ នៅឯប៉េកាំង ពេលនោះ ខ្ញុំក៏បាននិយាយអំពីបញ្ហាការចេញថវិកាមុនរបស់កម្ពុជា ដើម្បីការពារកម្លាំងប្រតិបត្តិការរបស់ខ្លួននៅទីនោះ។ គាត់ក៏បានឆ្លើយតបនិយាយជាមួយខ្ញុំថា អង្គការសហប្រជាជាតិជួបការលំបាកអំពីថវិកា ដែលតម្រូវឲ្យប្រទេសនីមួយៗ មាន​ការចូលរួមច្រើនជាងមុន រាប់ទាំងកម្ពុជាចេញទាំងកម្លាំងផង និងចេញទាំងថវិកា ក្នុងការរក្សាសន្ដិភាព នៅក្នុងប្រទេសម៉ាលី។

វប្បធម៌ចែករំលែក កម្ពុជាបានចែករំលែកទៅកាន់ប្រទេសមួយចំនួនទៀត

ខ្ញុំចង់បញ្ជាក់ឡើងវិញថា សិល្បៈនៃការចែករំលែក មិនមែនគ្រាន់តែអនុវត្តនៅក្នុងក្របខណ្ឌជាតិរបស់យើងប៉ុណ្ណោះទេ តែបានអនុវត្តជាទូទៅ គឺពីប្រទេសមួយចែករំលែកទៅកាន់ប្រទេសមួយចំនួនទៀត ដែលមានការលំបាកជាង តាមរយៈទំនាក់ទំនងទ្វេភាគី ឬតាមរយៈនៃយន្តការពហុភាគី ដើម្បីឆ្លើយតបជាមួយនឹងការលំបាក។ ប៉ុន្តែឥឡូវ  សភាពការណ៍ពិភពលោកបានប្រែប្រួល ទាក់ទងជាមួយនិងភូមិសាស្រ្តនយោ​បាយ ទាក់ទងជាមួយនិងសង្រ្គាម និងទាក់ទងជាមួយនិងការប្រែប្រួលអាកាសធាតុផង។ បញ្ហាសង្រ្គាម គឺមនុស្សជាអ្នកបង្កើត។ ឯបញ្ហានោះ ក៏វាបង្កើតជាទំងន់យ៉ាងធ្ងន់សម្រាប់ការដោះស្រាយនៃបញ្ហារបស់ពិភពលោក ដូចជាវិបត្តិជនភៀសខ្លួន ដែលចេញពីមជ្ឈិមបូព៌ាទៅកាន់អឺរ៉ុប។ ហើយក៏មិនមែនគ្រាន់តែវិបត្តិជនភៀសខ្លួនចេញ ពីមជ្ឈិមបូព៌ា ទៅកាន់អឺរ៉ុប និងទីកន្លែងផ្សេងទេ ក៏ប៉ុន្តែក្នុងប្រទេសនីមួយៗ សុទ្ធ​​តែមានជនភៀសសឹក ដែលគេចចេញពីសង្រ្គាមពីកន្លែងមួយទៅកាន់កន្លែង​មួយ។ វិបត្តិមនុស្សធម៌បានកើតឡើងនៅច្រើនទីកន្លែងរាប់ ទាំងបញ្ហានៅក្នុងតំបន់របស់យើងផង ដែលត្រូវដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីនយ៉ា ដែលកំពុងរស់នៅបង់ក្លាដេស ហើយដែលមិនទាន់បានធ្វើមាតុភូមិនិវត្តនៅឡើយ ដែលយើងកម្ពុជា ក៏ត្រូវមានកាតព្វកិច្ចមួយផ្នែកណានោះ ដើម្បីជួយដោះស្រាយបញ្ហានេះ ដូចដែលយើងបានធ្វើចំ​​ពោះមិត្តឡាវ ចំពោះឥណ្ឌូនេស៊ី និងចំពោះប្រទេសផ្សេងទៀត ដែលត្រូវការជំនួយសង្រ្គោះ។ នោះហើយជាសិល្បៈ នៃការចែករំលែក។

កោតសរសើរចំពោះគ្រប់ទីកន្លែង ដែលបានឆ្លើយតបភ្លាមៗជាមួយនឹងសភាពការណ៍គ្រោះធម្មជាតិ

អ្វីដែលខ្ញុំចង់និយាយសម្រាប់ប្រទេសរបស់យើង ការប្រែប្រួលកាអាសធាតុបាននាំមកនូវការលំបាកយ៉ាងច្រើនសម្រាប់យើង។ គ្រាន់តែក្នុងប៉ុន្មានអាទិត្យនេះ នៅខេត្តបន្ទាយមានជ័យ ផ្ទះរាប់រយខ្នងត្រូវបានដួលរលំ​។ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ភ្លៀង បានធ្វើអោយរលំផ្ទះ ខូចខាតទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស និងសត្វ។ នោះហើយគឺជាបញ្ហាដែលទាមទារអោយយើងដោះស្រាយ។ ខ្ញុំក៏សុំថ្លែងនូវការកោតសរសើរចំពោះគ្រប់ទីកន្លែងដែលបានឆ្លើយតបភ្លាមៗជាមួយនិងសភាពការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសយើង។

ភ្លៀងបន្តធ្លាក់ កង្វះខាតទឹក និងអគ្គិសនី នឹងលែងជាបញ្ហា

ពិតមែនហើយ ប៉ុន្មានអាទិត្យមុននេះ យើងព្រួយបារម្ភថា យើងនឹងខ្វះខាតទឹកនៅក្នុងរយៈពេលវែង ប៉ុន្តែជាកុសលល្អ ក្នុងប៉ុន្មានអាទិត្យនេះ យើងទទួលបានភ្លៀងធ្លាក់។ នៅព្រឹកមិញនេះ ខ្ញុំបានទទួលរបាយការណ៍ពីឯកឧត្តម ស៊ុយ សែម ដែលបានបញ្ជូនមកខ្ញុំជាលើកដំបូងក្នុងប៉ុន្មានខែនេះ ដែលវារីអគ្គិសនីរបស់យើងបញ្ចេញបានជាង ៦០០ មេហ្គាវ៉ាត់ ក្នុងចំណោមជិត ១៤០០ មេហ្គាវ៉ាត់។ ប៉ុន្មានអាទិត្យមុននោះ (វារីអគ្គិសនី)ពេលខ្លះចេញបានតែ ១០០ ទៅ ២០០ ទៅ ៣០០ ទៅ ៤០០ មេហ្គាវ៉ាត់តែប៉ុណ្ណោះ។ ប៉ុន្តែដោយសារភ្លៀងធ្លាក់ក្នុងប៉ុន្មានថ្ងៃនេះ អគ្គិសនីដែលបញ្ចេញក្នុងយប់មិញនេះ បានរហូតទៅដល់ជាង ៦០០ មេហ្គាវ៉ាត់។ សង្ឃឹមថា ភ្លៀងនឹងបន្តធ្លាក់តទៅទៀត។

តាមការព្យាករ រដូវវស្សានឹងឈានមកដល់ឆាប់ៗ, ត្រៀមកម្លាំងដើម្បីជួយអន្តរាគមន៍

ឯកឧត្តម លឹម គានហោ បានព្យាករណ៍ថា រដូវវស្សានឹងអាចចាប់ផ្ដើមលើសការព្យាករ(ដែលបានធ្វើ) កាលពីលើកមុន។ លើកមុន ព្យាករណ៍ថានៅក្នុងអាទិត្យទី ៣ ប៉ុន្តែឥឡូវនេះ អាចនឹងលឿន ជាងបន្តិចបន្ដួច​។ បើដូច្នោះ យើងនឹងអាចកាត់បន្ថយនូវការលំបាកទាក់ទងជាមួយនឹងបញ្ហាការខ្វះខាតទឹក។ ក៏ប៉ុន្តែបាតុភូតរន្ទះ ខ្យល់កន្ត្រាក់នៅតែជាកង្វល់ដែលយើងត្រូវយកចិត្តទុកដាក់ ហើយផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានោះ យើងក៏ត្រូវតែមានការប្រុងប្រៀបអន្តរា​គមន៍ដើម្បីឆ្លើយតបជាមួយនឹងគ្រោះមហន្តរាយបែបនេះ កើតឡើងនៅតំបន់ដែលជួបគ្រោះថ្នាក់ រាប់ទាំងអន្ត​រាគមន៍នៃកងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព អាវុធហត្ថ និងនគរបាល ដើម្បីជួយធ្វើ ជួសជុលផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ ឬទាក់ទងជាមួយនឹងបញ្ហាវិស័យសុខាភិបាល និងផ្នែកដទៃទៀត ដែលជាតម្រូវការរបស់យើង។

ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា ត្រូវធ្វើអោយចេញជាសកម្មភាពជាក់ស្ដែង

ខ្ញុំសូមយកឱកាសនេះ អំពាវនាវធ្វើអោយប្រធានបទពាក្យ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ក្លាយទៅជាចលនា ក្លាយទៅជាសកម្មភាព អនុវត្តជាក់ស្ដែង និងក្លាយទៅជាចលនារបស់ជាតិទាំងមូល។ ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា មិនមែនគ្រាន់តែស្ថិតនៅលើក្រដាសនោះទេ ក៏ប៉ុន្តែត្រូវធ្វើអោយចេញជាសកម្មភាពជាក់ស្ដែង ហើយត្រូវក្លាយទៅជាចលនាជាតិ តាំងពីថ្នាក់កំពូល រហូតដល់ប្រជាជនធម្មតា។ រាប់ទាំងប្រជាជនដែលត្រូវការជំនួយសង្រ្គោះ និងប្រជាជនដែលត្រូវបានចូលរួមនៅក្នុងចលនាទាក់ទិនជាមួយនឹងសកម្មភាពមនុស្សធម៌ទាំងនេះ។ ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋរបស់យើងអាចធ្វើបានទៅនឹងទ្រឹស្តីមួយនេះ ហើយទ្រឹស្តីមួយនេះវាបានបង្កើតនូវភាពសុខដុមរមនារវាងអ្នកដែលមានលទ្ធភាព និងរវាងអ្នក ដែលគ្មានលទ្ធភាពដើម្បីឆ្លើយតបជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង។

ប្រមូលថវិកាសម្រាប់សកម្មភាពកាកបាទក្រហម ៨ ឧសភា ២០១៩ ដល់ ៨ ឧសភា ២០២០

សុំគ្រាន់តែបញ្ជាក់បន្ថែមប្រធានកាកបាទក្រហមអានរបាយការណ៍អម្បាញ់មិញ គឺនៅក្នុងសុន្ទរកថានោះ បានបញ្ជាក់ថា សម្តេចព្រះមហាក្សត្រជាទីសក្ការៈរបស់យើងបានប្រទាន ១ ម៉ឺនដុល្លារ ប៉ុន្តែតួលេខពិត ប្រា​កដគឺព្រះអង្គប្រទានដល់ទៅ ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយសម្តេចម៉ែក៏ប្រទានចំនួន ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ។ ក៏សុំយកឱកាសនេះជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា និងទិវា ៨ មីនានៅថ្ងៃនេះ សូមអរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈ ក៏ដូចជាសម្តេច ព្រះវីររាជមាតាជាតិខ្មែរជាទីសក្ការៈ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ហើយនោះហើយជាព្រះរាជគំរូសម្រាប់យើងទាំងអស់គ្នា មហាក្សត្រក៏ដូចជាសម្តេចម៉ែ ព្រះអង្គបានយក ព្រះទ័យទុកដាក់យ៉ាងដូច្នេះ នោះហើយបានក្លាយទៅជាព្រះរាជគំរូចំពោះមន្រ្តីរាជការក៏ដូចជាអ្នកដែលមានធនធានដើម្បីចូលរួមនៅក្នុងចលនានេះ។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នាដែលចូលរួមនៅក្នុងឱកាសនេះ សង្ឃឹមថា ថ្ងៃនេះយើងរួមគ្នាដើម្បីប្រមូលនូវថវិកា សម្រាប់សកម្មភាពបន្តរបស់កាកបាទក្រហម សម្រាប់ឆ្នាំ ២០១៩ រហូតដល់ថ្ងៃ ៨ ខែឧសភា ឆ្នាំ ២០២០ ហើយឆ្នាំក្រោយយើងនឹងបន្តជួបគ្នាទៀត ប្រទេសរបស់យើងគឺជាប្រទេសដែលមានសន្តិភាពរឹងមាំ។ តាមរយៈសកម្មភាពដ៏រឹងមាំ នៃសន្តិភាពនោះហើយដែលផ្តល់ឱកាសឲ្យអ្នកធុរៈកិច្ច អាជីវកររបស់យើង ក៏ដូចជាអ្នកប្រកបរបរគ្រប់ប្រភេទមានឱកាសដើម្បី នឹងរកស៊ីចិញ្ចឹមជីវិត ហើយក៏មានប្រាក់ដើម្បីចូលរួមវិភាគទានសម្រាប់សកម្មភាពកាកបាទក្រហមកម្ពុជា​។

ខ្ញុំមិនយកពេលបន្ថែមទៀតទេ ដោយសារយើងនៅមានត្រូវការពេល ដើម្បីទទួលយកនូវជំនួយដ៏សប្បុរស ពីសម្តេចឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អស់លោកដែលមកចូលរួមនៅថ្ងៃនេះ ខ្ញុំសុំជាកិច្ច បញ្ចប់ ជូនពរចំពោះកាកបាទក្រហមកម្ពុជា ជូនពរចំពោះសម្តេចឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូនជនរួមជាតិសូមប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លៀតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...