សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ ពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំងប្រទេសចិន (យកពីហ្វេសប៊ុកសម្តេចតេជោ)

CNV:

នៅព្រឹក ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ នេះ នៅទីក្រុងប៉េកាំងប្រទេសចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី ២ ដែលពិធីនោះក៏មានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងបណ្ដាថ្នាក់ដឹកនាំប្រទេសជាច្រើនទៀតផងដែរ។


ថ្លែងសុន្ទរកថានៅក្នុងឱកាស នៃពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវនេះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថា ដែលមានខ្លឹមសារថា៖ សម្ដេចពិតជារីករាយដែលបានអញ្ជើញមកចូលរួមនៅក្នុងវេទិកានេះ ហើយសម្តេចកត់សម្គាល់ឃើញថាក្នុងរយៈពេលជិត ៦ ឆ្នាំនៃការអនុវត្តន៍កន្លងមក គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» សម្រេចបានផ្លែផ្កាជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើសាកលលោកទាំងក្នុងការតភ្ជាប់រូបវ័ន្ត និងសម្របសម្រួលគោលនយោបាយ ការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលវឌ្ឍនភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃលំហូរពាណិជ្ជកម្ម លំហូរមូលធន លំហូរទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរបច្ចេកវិទ្យាជាដើម។

ប្រការនេះ បានចូលរួមចំណែកដល់ការលើកស្ទួយសុខមាលភាព និងការអភិវឌ្ឍតំបន់របស់យើងទាំងក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច និងសង្គម។ លើសពីនេះទៀត ចំនួនប្រទេសចូលរួមក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី ២ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាសញ្ញា នៃការរីកដុះដាល និងភាពកាន់តែរឹងមាំជាលំដាប់នូវការផ្តល់សេចក្តីគាំទ្រ និងការជឿទុកចិត្តលើគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» សម្រាប់ការលើកកម្ពស់សន្តិភាព ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងវិបុលភាពតំបន់ និងនៅលើសាកលលោក។
ជាមួយវឌ្ឍនភាពនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» វេទិកាលើកទី ២ នាពេលនេះ នឹងផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា ដែលជាប្រជាជាតិមានការជឿជាក់លើសាកលភាវូពាណិជ្ជកម្ម និងការបើកចំហសេដ្ឋកិច្ចដោយឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការជាដៃគូយូរអង្វែង រួមគ្នាពង្រឹងកម្លាំងសាមគ្គី និងពូតដៃគ្នាការពារផលប្រយោជន៍ និងវិបុលភាពរួមពិភាក្សា និងដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលជាផ្លែផ្កាថ្មីៗបន្ថែមទៀត។

សម្តេចតេជោបានបន្តថា សម្រាប់កម្ពុជាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌។ ភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាគម្រោងវិនិយោគដ៏ធំរបស់ចិន និងជាសក្ខីភាពមួយយ៉ាងច្បាស់នៃការកសាងគម្រោងផែនការសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» រវាងប្រទេសទាំងពីរ។ គម្រោងទាំងនេះទទួលបានជោគជ័យល្អប្រសើរ ហើយបច្ចុប្បន្នមានក្រុមហ៊ុនចំនួន ១៦១ កំពុងធ្វើសហប្រតិបត្តិការ។ ក្នុងនោះមានក្រុមហ៊ុនចិនចំនួន ១៤៨ និងបង្កើតការងារជូនប្រជាជនកម្ពុជាជាង ២ ម៉ឺននាក់។

ការអភិវឌ្ឍសេដ្ឋកិច្ចក្រុងព្រះសីហនុជំហានពីរ អាចនឹងបង្កើតការងារជូនប្រជាជនប្រមាណ ៨ ម៉ឺននាក់បន្ថែមទៀត។ សមិទ្ធផលថ្មីមួយទៀតតាមរយៈគំនិតផ្តួចផ្តើមនេះ គឺកម្ពុជាសម្រេចបាននូវការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលនឹងក្លាយទៅជាកម្លាំងចលករមួយចូលរួមកែប្រែវិមាត្រសេដ្ឋកិច្ចកម្ពុជា និងបង្កើនការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។
សម្តេចតេជោមានជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» កំពុងបង្កើតកម្លាំងចលករថ្មីសំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក ដើម្បីបុព្វហេតុសន្តិសុខ សន្តិភាព ភាពសុខដុមរមនា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ យើងពិតជាមានតម្រូវការចាំបាច់ក្នុងការជំរុញកសាងសាមគ្គីភាព និងការយោគយល់គ្នាដោយផ្អែកលើតម្លៃនៃគុណធម៌ សាមគ្គីភាព មិត្តភាព និងជំនឿទុកចិត្ត និងសមភាពនៅក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេស រវាងប្រជាជន និងប្រជាជនរបស់យើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...