សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​ចែកសញ្ញាបត្រនិស្សិត គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថាន ជាតិអប់រំ

CNV:

កម្ពុជា ប្រទេសមាតាធិបតេយ្យ

ថ្ងៃនេះ មានមុខទៀតហើយ។ កាលពីថ្ងៃច័ន្ទយើងជួបគ្នាម្តង ជាមួយនឹងនិស្សិត នៃសាកលវិទ្យាល័យភ្នំ​ពេញអន្តរជាតិ ហើយថ្ងៃនេះ ​គឺជួបជុំគ្នានៅពេលព្រឹក នូវការចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ របស់យើងនេះ និងពេលល្ងាចក៏ត្រូវចូលរួមក្នុងសន្និបាត នៃក្រសួងអប់រំ ទាក់ទងនឹងវិស័យអប់រំដដែល។ ខ្ញុំពិតជាមានការរីករាយ ដោយសារតែរៀងរាល់ឆ្នាំ គឺបានមកជួបជុំគ្នានៅទីនេះ។ អម្បាញ់មិញ ឯកឧត្តម ពិត ចំណាន បានអាននូវចំណុចមួយ ប្រហែលជាចាប់អារម្មណ៍ទេថា ទេវតាឆ្នាំចាស់តាមថែរក្សាទេវតាឆ្នាំថ្មី។ ក្រែងលោខ្ញុំស្តាប់ច្រឡំ។ អញ្ចឹង ឱ្យទេវតាមួយទៅតាមថែទេវតាមួយទៀត? ប៉ុន្តែ យើងឆ្ងល់ដែរម៉េចបានទេវ​តាសុទ្ធតែស្រីៗ ដូចជាមិនមានប្រុសសោះ? ចាត់ទុកថា ប្រទេសរបស់យើងនេះជាប្រទេសមាតាធិបតេយ្យ​ពិតប្រាកដហើយ។ អញ្ចឹង ៨ មីនា មិនមែនរឿងដាច់ដោយឡែកមួយទេ ក៏ប៉ុន្តែ គេអាចកត់សម្គាល់បានអំពីប្រទេសមួយដែលយកតួនាទីស្រ្តីជាធំ។ គេមិនដែលហៅ បាភូមិទេ គេហៅមេភូមិ មេឃុំ មេស្រុក មេខេត្ត មេបញ្ជាការ សុទ្ធតែមេទាំងអស់។ ប៉ុន្តែ យើងនាំធ្វើបុណ្យសម្រាប់ស្រ្តី ហ្នឹងគឺជារឿងមួយហើយ។

ពីអតីតកាល បណ្តុះបណ្តាលវគ្គខ្លីៗ

ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកជួបជុំជាមួយនឹងនិស្សិតគ្រប់ផ្នែក ដែលបញ្ចប់ការសិក្សា ហើយមុនពេលដែលត្រឡប់ទៅធ្វើការបង្រៀនវិញ។ ខ្ញុំតែងតែមកជួបជុំ ដើម្បីធ្វើការផ្តាំផ្ញើជាមួយនឹងការគោរពជាមួយនឹងអ្វីដែលយើងបានខិតខំរួមគ្នា ដើម្បីបង្កើតឡើងនូវប្រព័ន្ធអប់រំសម្រាប់ប្រទេសយើង។ រំលឹកអតីតកាល ដូចឯកឧត្តម ពិត ចំណាន បានធ្វើរបាយការណ៍អម្បាញ់មិញ វិទ្យាស្ថានអប់រំរបស់យើងនេះ គឺបានចាប់ផ្តើមដំណើរការតាំងពី ១៩៧៩ ដែលជារឿយៗខ្ញុំតែងតែធ្វើការរំលឹក អំពីអនុស្សាវរីយ៍នៅទីកន្លែងនេះតែម្តង។ ពេលនោះ យើងបានបង្កើតនូវការបណ្តុះបណ្តាលវគ្គខ្លីៗនៅក្នុងរង្វង់ខែ ៤ ខែ ៥ ឆ្នាំ ១៩៧៩ ហើយក្រោយមកបន្តិច … យើងយកគ្រូមួយចំនួន ដែលមកធ្វើការបណ្តុះបណ្តាល និងមួយចំនួនទៀតមិនមែនជាគ្រូទេ។ ប្រព័ន្ធអប់រំរបស់យើងកាលពីចាប់ផ្តើម ឆ្នាំ ១៩៧៩-១៩៨០ ពិតជាមានការលំបាក ហើយត្រូវឆ្លងកាត់មួយជំនាន់មនុស្សៗ ដោយសារគ្រូបង្រៀនរបស់យើងស្លាប់ក៏ច្រើន។

ឈានទៅអនុវត្តការបណ្តុះបណ្តាលតាមប្រព័ន្ធភូមិភាគ ១២+៤

ដូច្នេះ បើប្រៀបធៀបជាមួយគ្រូ និងសិស្ស ដែលមានចំណេះដឹង គឺខុសគ្នាតែប៉ុន្មានថ្នាក់តែប៉ុណ្ណោះ។ ឧទាហរណ៍៖ អតីតសិស្សរៀនថ្នាក់ទី ៧ ចាស់ វាស្មើនឹងទី ៦ បច្ចុប្បន្ន យកទៅបង្រៀនសិស្សថ្នាក់ទី ៤ ឬ ទី ៥ តែប៉ុណ្ណឹង បានសេចក្តីថា គ្រូមានចំណេះវិជ្ជាច្រើនជាងសិស្សត្រឹមតែ ១ ឬ ២ ថ្នាក់តែប៉ុណ្ណោះ។ យើង​ត្រូវឆ្លងកាត់មួយជំនាន់មនុស្សៗ ទើបយើងអាចកសាងបានប្រព័ន្ធអប់រំមួយ ដែលយើងដាក់កម្រិតថា កម្រិតណាទៅបង្រៀននៅកម្រិតណាៗ ដែលឥឡូវនេះ យើងបានដើរដល់បរិញ្ញាបូក ១ ដើម្បីបញ្ជូនទៅកាន់វិទ្យាល័យ ហើយយើងមានការបណ្តុះបណ្តាលតាមគរុកោសល្យខេត្ត និងតាមគរុកោសល្យភូមិភាគ ដែលក្នុងនោះ យើងកំពុងតែឈានទៅរកការអនុវត្តនូវការបណ្តុះបណ្តាលតាមប្រព័ន្ធភូមិភាគ គឺ ១២+៤ ដែលជាផ្នែកមួយដ៏សំខាន់។

៣ ឆ្នាំចុងក្រោយ វិនិយោគប្រមាណ ៣០០ លានដុល្លារ សង់អគារ និងអន្តេវាសិកដ្ឋាន

ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ឆ្នាំ ២០១៦ ខ្ញុំបានធ្វើដំណើរជាង ៥ ពាន់គីឡូម៉ែត្រ ដោយថ្មើរជើងតែម្តង ដើម្បីចុះពិនិត្យអំពីស្ថានភាពរបស់បណ្តាខេត្ត។ ការធ្វើដំណើររបស់ខ្ញុំ គិតមកដល់ពេលនេះ តាំងពីពេលនោះមក យើងវិនិយោគប្រមាណ ៣០០ លានដុល្លារ ហើយក្នុងចំណោម ៣០០ លានដុល្លារនេះ អគារច្រើនណាស់ ដែលបានកើតឡើង។ ក្នុងនោះ មានអគារ​អន្តេវាសិកសម្រាប់គ្រូ និងសិស្សផងដែរ ដែលទៅខាងមុខនេះ គោលដៅរបស់យើង ទន្ទឹមនឹងការកសាងអគារសិក្សា ក៏ត្រូវតែរៀបចំឱ្យមានអគារអន្តេវាសិក សម្រាប់គ្រូរបស់យើង ដែលទៅពីចម្ងាយផងដែរ។ ពិតមែនហើយ​ ឥឡូវនេះ យើងក៏មានប្រាក់សម្រាប់ឧបត្ថម្ភការជួលផ្ទះតាមកន្លែងនីមួយៗ អ្នកដែលទៅកាន់តែឆ្ងាយ ក៏ទទួលប្រាក់ក៏កាន់​តែខ្ពស់។ ប៉ុន្តែ បើសិនជាយើងមានអន្តេវាសិក វាក៏បង្កលក្ខណៈងាយស្រួលឱ្យគ្រូរបស់យើងផងដែរ​។​

អរគុណពលិកម្មរបស់គ្រូបង្រៀន

ខ្ញុំពិតជាមានការគោរព ចំពោះពលិកម្មរបស់គ្រូបង្រៀន​របស់យើង។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ចាប់ផ្តើមពីគំនរផេះផង់ ឥឡូវនេះ អ្នកដែលបានទទួលការអប់រំពីពេលវេលានោះ កំពុងតែធ្វើការ ហើយមួយចំ​នួនទៀត ក៏បានកើតក្រោយពេលនោះ ក៏បានចូលនៅក្នុងដំណើរការក្នុងវិស័យអប់រំរបស់យើងនេះ។ ពលិ​កម្មរបស់ពួកគាត់ពិតជាធំ។ រឿងមួយដែលខ្ញុំនឹងស្មានមិនដល់ នៅត្រង់ថា ខ្ញុំបានធ្វើដំណើរចេញពីព្រះវិ​ហារ ហើយមកកាន់ឧត្តរមានជ័យ នៅក្នុងផ្លូវធ្វើដំណើរ រវាងព្រះវិហារ និងឧត្តរមានជ័យ ចូលមកដល់ឧត្តរមានជ័យ នៅម្តុំក្បែរស្រុកអន្លង់វែង ក៏ជួបសាលាមួយ ក៏ចូលទៅរៀបចំសាលានោះ។ ប៉ុន្តែ ក៏ជួបគ្រូបង្រៀន ដែលគ្រូបង្រៀននោះ គឺជួបទាំងប្តី/ប្រពន្ធ។ ប៉ុន្តែ ប្រវត្តិដើមរបស់គ្រូបង្រៀនម្នាក់នេះ ប្រពន្ធគាត់ទៅបង្រៀននៅឧត្តរមានជ័យ ផ្លាស់ពីខេត្តក្រចេះ ពេលដែលជាប់ជាគ្រូបង្រៀនហើយ គេបញ្ជូនឱ្យទៅបង្រៀននៅឧត្តរមានជ័យ តាំងពីប្រាក់ខែនៅ ១៦ ម៉ឺនរៀល។ កាលហ្នឹងគាត់នៅក្រមុំ។ គ្រូបង្រៀនមួយទៀត ដែលរៀនជា​មួយគ្នានោះ គាត់ជាប់ជាគ្រូបង្រៀនហើយ គាត់ទៅសុំរៀបការជាមួយនឹងអតីតសិស្សជាមួយគ្នានោះ ទៅនៅឧត្តរមានជ័យជាមួយគ្នា។ អញ្ចឹង គេក៏ផ្លាស់គ្រូបង្រៀនពីក្រចេះនេះ ឱ្យទៅឧត្តរមានជ័យជាមួយគ្នា។ គាត់ធ្វើដំណើរទៅបង្រៀននៅទីនោះ តាំងពីប្រាក់ខែនៅ ១៦ ម៉ឺនរៀល។ អញ្ចឹងទេ យើងឃើញថា រយៈពេលកន្លងទៅនេះ គ្រូបង្រៀនរបស់យើងបានប្រឹងប្រែងច្រើនណាស់ ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស នោះគឺជាការលះបង់មួយខ្ពស់។

បងស្រី អេវ៉ា សាងសង់សាលា ហ៊ុន សែន មួយ នៅម៉ាលី

ស្ថានភាពបែបនេះ គឺជាការកម្រ ដែលធ្វើឱ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសមួយដែលមានវឌ្ឍនភាពខាងវិស័យអប់រំមិនធម្មតា។ សូម្បីតែបងស្រីម្នាក់ ដែលជាជនជាតិអាមេរិក មុនពេលដែលគាត់មកប្រទេសកម្ពុជានេះ គាត់ទៅប្រទេសម៉ាលី ប៉ុន្តែ រដ្ឋាភិបាលយោធាបានបិទអង្គការរបស់គាត់ៗក៏ត្រឡប់មកអាមេរិក​។ នៅពេលដែលលឺថា ប្រជាជនកម្ពុជាជួបការលំបាក គាត់ក៏មកកម្ពុជា។ គាត់រស់នៅកម្ពុជា មួយរយៈ ហើយគាត់បានសុំចូលសញ្ជាតិកម្ពុជារួចស្រេចទៅហើយ។ ក្រោយពេលស្តារនូវលទ្ធិប្រជាធិបតេយ្យស្អីៗ នៅប្រទេសម៉ាលី គឺគាត់បានទៅត្រឡប់ទៅប្រទេសម៉ាលីវិញ។ ប៉ុន្តែ កម្រិតការលូតលាស់រវាងប្រ​ទេសម៉ាលី និងប្រទេសយើង គឺមានការខុសគ្នា។ ទៅដល់ម៉ាលីនោះ គឺគាត់បានអំពាវនាវមកចំពោះខ្ញុំ ដើម្បីរួមគ្នាកសាងសាលាមួយ ហើយគេក៏ដាក់ឈ្មោះថា វិទ្យាល័យ ហ៊ុន សែន នៅបាម៉ាកូ ប្រទេសម៉ាលី​ ដែលជាប្រទេសមួយដែលខ្ញុំធ្លាប់ធ្វើទស្សនកិច្ច នៅពេលដែលខ្ញុំធ្វើជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស កាលពីពេលនោះ។

សង្គ្រាមរាំងជល់ និងភេរវកម្មនៅ ម៉ាលី, យើងបំពាក់អាវុធឱ្យកងកម្លាំងថែរក្សាសន្តិសុខកម្ពុជា

ឥឡូវនេះ ស្ថានភាពនៅប្រទេសម៉ាលី មានសង្គ្រាមរាំងជល់ និងភេរវកម្ម គឺកំពុងតែកើតជាបន្ត។ អាហ្នឹងសកម្មភាពក្នុងព្រៃ។ ពួកអាល់កៃដា ពួកស្អីៗក៏នៅហ្នឹង។ អញ្ចឹង បានជាអាទិត្យមុននេះ ខ្ញុំបានចុះហត្ថលេ​ខា ដើម្បីបញ្ចេញនូវថវិកា ១៥ លានដុល្លារ ដើម្បីទិញរថពាសដែលបញ្ជូនទៅឱ្យកងទ័ពយើងនៅទីនោះ ដោយសារអង្គការសហប្រជាជាតិអត់មានថវិកា ដើម្បីបំពាក់នូវសម្ភារៈនេះ តម្រូវឱ្យប្រទេសនីមួយៗ គឺចាត់​វិធានការមុន។ យើងមិនបណ្តោយឱ្យកងទ័ពយើងគ្រោះថ្នាក់ដោយសារអត់អាវុធទេ។ ឥឡូវ បំពាក់ទៅហ្នឹង មានរថពាសដែក មិនមែនដាក់ទៅសម្រាប់ដេញបុកគេទេ ដាក់យ៉ាងហោចណាស់ ១៤,៥ mm នៅលើអាហ្នឹង ដើម្បីធានាឱ្យកងទ័ពរបស់យើងនៅទីនោះ។ យើងក៏មិនដកកងទ័ពរបស់យើងចេញពីប្រ​ទេសម៉ាលីដែរ។ ហ្នឹងនៅខាងព្រៃ។ ដល់នៅទីក្រុងវិញមានរឿងអី? ទីក្រុងវិញបែរជាមានបាតុកម្ម ប៉ូលីសក៏ធ្វើបាតុកម្ម ទាហានក៏ធ្វើបាតុកម្ម មន្រ្តីសាធារណៈ រាប់ទាំងគ្រូបង្រៀនក៏ធ្វើបាតុកម្ម។ ដល់ពេលគេបាតុ​កម្មនៅសាលាសាធារណៈ ​កូនមន្រ្តីនានាទៅរៀនសាលាឯកជន។ អញ្ចឹងទេ គេក៏នាំគ្នាទៅបិទសាលាឯកជននោះទៀត។ សាលាដែលអង្គការក្រៅរដ្ឋាភិបាលទៅធ្វើឱ្យហ្នឹង ទៅបិទអាហ្នឹង។ ឥឡូវ សាលាខ្ញុំ ដែលបានធ្វើជា​មួយ​គាត់នៅបាម៉ាកូ កំពុងត្រូវបិទ។ អានេះជារឿងមួយអញ្ចឹង។

គ្រូបង្រៀន ឬមន្ត្រីដីស លះបង់ធំណាស់

សម្រាប់ស្ថានភាពកម្ពុជា គឺគ្រប់ដំណាក់កាល ទោះបីលំបាកយ៉ាងណាក៏ដោយ កូនសិស្សរបស់យើងធ្លាប់ឆ្លងកាត់ សិស្ស និងគ្រូធ្លាប់ឆ្លងកាត់ នូវការលំបាកក្នុងអតីតកាល ពេលបង្រៀននៅតាមសាលានានាតែងតែមានលេណដ្ឋាន។ ចាប់តាំងពីសង្រ្គាម ១៩៧០ បន្ទាប់ពី លន់ នល់, សេរីមតៈ, ចេង ហេង, អ៊ិន តាំ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ សង្រ្គាមបានឆាបឆេះ។ ពេលនោះ គឺនៅទីក្រុង ទីប្រជុំជន អាចនៅសេសសល់ការរៀនសូត្រខ្លះ ក៏ប៉ន្តែ ក្រោមការគំរៀមកំហែងនៃគ្រាប់បែក គ្រាប់ផ្លោង នៅជនបទក៏នៅសេសសល់ខ្លះ ក៏ប៉ុន្តែ វាមិនគត់មត់ទេ។ សូម្បីតែក្រោយឆ្នាំ ១៩៧៩ រហូតដល់ឆ្នាំ ១៩៩៣ និងរហូតមកដល់ឆ្នាំ ១៩៩៨ ដែលយើងអនុវត្តនូវនយោបាយឈ្នះឈ្នះ ស្ថានភាពអប់រំរបស់យើងនៅក្នុងតំបន់មួយចំនួន គ្រូបង្រៀន លះ​បង់ធំណាស់ នៅក្នុងការធ្វើយ៉ាងម៉េចបញ្ចៀសគ្រោះថ្នាក់ កុំឱ្យកើតមានចំពោះសិស្ស។ នោះហើយដែលយើងតែងតែធ្វើបុណ្យរំលឹកគុណគ្រូ ដែលជាកាយវិការមួយ សម្រាប់មនុស្សគ្រប់រូបមានការចងចាំ។ គ្មានអ្នកណាមួយដែលថាគ្មានគ្រូទេ បើទោះជាគ្រូអូមអាម គ្រូស្នេហ៍ គ្រូស្តោះគ្រេចស្អី សុទ្ធតែមានគ្រូទាំងអស់ហ្នឹង។ អញ្ចឹងទេ ចង់រំលឹកគុណគ្រូ ប៉ុន្តែ ខ្ញុំចង់និយាយអំពីគ្រូ ក្នុងវិស័យគរុកោសល្យ វិស័យអប់រំរបស់យើង គឺពិតជាមានការលះបង់ច្រើនណាស់ ដែលមុននេះ គេហៅថា ជាមន្រ្តីដីស។

ទីផ្សារគ្រូ ជាទីផ្សារត្រូវប៉ាន់

យើងបានឃើញហើយកាលពីមុននេះ ព្រោះខ្ញុំបានដឹកនាំ(រាជ)រដ្ឋាភិបាលនេះវាយូរក្រែលហើយ បើនិ​យាយមកដល់ពេលឥឡូវនេះ វាជាង ៣៤ ឆ្នាំ ជាមនុស្សតែម្នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាល ចាប់ពីថ្ងៃទី ៨ មករា ១៩៧៩ បង្កើត(រាជ)រដ្ឋាភិបាលដំបូង គឺមានឈ្មោះ ហ៊ុន សែន នៅក្នុងហ្នឹង គឺជាមនុស្សតែម្នាក់គត់ដែលមិនដាច់ក្នុងរយៈពេលជាង ៤០ ឆ្នាំ។ គ្រូហ្នឹងទាល់តែគាត់ទៅប្រឡងធ្លាក់គ្រប់សាលាទាំងអស់បានគាត់មកប្រឡងគ្រូ។ ពេលហ្នឹងវាអញ្ចឹងមែន។ គាត់ទៅប្រឡងពេទ្យ គាត់ទៅប្រឡងចូលសាលានេះ/នោះ ដល់ធ្លាក់សាលាហ្នឹងអស់ បានគាត់មកប្រឡងគ្រូ។ ប៉ុន្តែឥឡូវខុសគ្នា  ខុសគ្នាដាច់ស្រឡះ។ ទីផ្សារគ្រូជាទីផ្សារត្រូវប៉ាន់។

គ្រូបង្រៀន និងគ្រូពេទ្យ ពីរក្របខណ្ឌ ទទួលបានបៀវត្សរ៍ខ្ពស់

ដោយចាប់ចូលអាណត្តិទី ៥ កន្លងទៅ ខ្ញុំបាននិយាយចំទិសដៅតែម្តង ព្រោះពេលហ្នឹងខ្ញុំកាន់កែទម្រង់មុខងារសារធារណៈដោយផ្ទាល់ ហើយរំសាយចោលគណៈកម្មាធិការកែទម្រង់មុខងារសាធារណៈ បង្កើតក្រសួងមុខងារសាធារណៈ ហើយធ្វើការជាមួយនឹងរដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ខ្ញុំក្តាប់ទៅលើបញ្ហាហ្នឹងតែម្តង។ អ្នកដែលទទួលបានបៀវត្សខ្ពស់ជាងគេ គឺមានក្របខណ្ឌពីរទេ គឺគ្រូបង្រៀន និងពេទ្យ។ នៅតែប៉ុន្មានថ្ងៃទៀត លោកគ្រូ អ្នកគ្រូ ត្រូវឡើងប្រាក់ខែទៀតហើយ។ ខ្ញុំបានស៊ីញ៉េរួចហើយ ព្រោះមួយឆ្នាំ ឡើង​ពីរដង អាឡើងពីខែមករា-មេសា គឺថា ឡើងបៀវត្សរ៍ ដល់ខែមេសាទៅអាហ្នឹងឡើងប្រាក់មុខងារ។

នៅកម្ពុជាប្រាក់ខែតិច តែអាចចាយគ្រប់ ប្រទេសខ្លះប្រាក់ខែច្រើន តែចាយមិនគ្រប់ 

(អ្នក)ខ្លះគេឃើញយើង(ប្រាក់ខែ) ៣០០ ដុល្លារ (ឬ)ជាង ៣០០ ដុល្លារ គេថាតិចតួចណាស់។ តិចតួចសម្រាប់ស្រុកខ្មែរ ប៉ុន្តែចាយបាន។ ប្រទេសខ្លះ ៣ ០០០ ដុល្លារ តែចាយមិនបានទេ។ ខ្ញុំគ្រាន់តែជម្រាបជូនអញ្ចេះ អាអាវកាក់ពណ៌លឿងនៅប្រទេសបារាំង(ធ្វើបាតុកម្ម)ប៉ុន្មានអាទិត្យហើយ។ អាទិត្យមុននេះឈានចូលដល់ដំណាក់កាលប្រើកងទ័ព ដើម្បីអន្តរាគមន៍ជាមួយនឹងកម្លាំង ហ្សាំងដាំមូរី និងប៉ូលីស។ នៅប្រទេសបារាំងឈានចូលដល់ដំណាក់កាលប្រើកងទ័ពហើយ។ សប្តាហ៍ទី ១៩ បានចាប់ផ្តើមប្រើកងទ័ពចូលអន្តរាគមន៍ជាមួយ ដើម្បីទប់ស្កាត់អាវកាក់ពណ៌លឿង។ យើងពិនិត្យមើលតែប៉ុណ្ណេះ ប្រេងយើងអត់មានផលិតខ្លួនឯងទេ យើងនាំចូលទាំងអស់។ ក្នុងពេលនេះ ទោះបីតម្លៃទីផ្សារយ៉ាងម៉េចក៏ដោយ តែប្រេងសាំងនៅតាមស្ថានីយត្រឹមតែ ៣ ៦៥០ (រៀល)។ ប្រេងម៉ាស៊ូត ៣ ៦០០(រៀល)។ ប៉ុន្តែ នៅពេលដែល​ប្រទេសបារាំងធ្វើបាតុកម្ម ពេលនោះ តម្លៃប្រេងជិត ៨ ០០០ រៀលឯណោះ ហើយរដ្ឋបាលរបស់ ម៉ាក្រុង ចង់បន្ថែមពន្ធទៀត។ ដោយសាររឿងចង់បន្ថែមពន្ធ ផ្ទុះបាតុកម្ម ១៩ អាទិត្យហើយ។

និយាយពីប្រាក់ខែយើង ៣០០ (ដុល្លារ)មែន ប៉ុន្តែ យើងអាចរស់បាន ដោយសារទំនិញរបស់យើងវាថោកជាង តម្លៃស៊ីចុកវាថោកជាង ហើយពន្ធដាររបស់យើងវាមិនធ្ងន់។ ខ្ញុំឃើញ លោក ជេម សុក្រ គាត់វិភាគ ហើយគាត់និយាយពីទិន្នន័យអាមេរិក។ អាមេរិករកបាន ១ ដុល្លារ អ្នកមានសិទ្ធិចាយបានត្រឹមតែ ៤៩ សេនទេ។ អាហ្នឹងបើសិនជាខ្ញុំស្តាប់មិនច្រឡំកាលវិភាគរបស់គាត់។ ត្រូវបង់ពន្ធអីណាអីអាណា។ ១ ដុល្លារ គឺចាយបានតែ ៤៩ សេនទេ។ ហ្នឹងគេដាក់ពន្ធ។ យ៉ាងម៉េចឱ្យអ្នកឯងត្រឹមតែមួយគ្រប់តែប៉ុណ្ណឹង។ ប្រាក់ខែមើលទៅច្រើន ប៉ុន្តែ ទីចុងបំផុតអត់សល់អីទេ។ គេឃើញយើងប្រាក់ខែប៉ុណ្ណេះប៉ុណ្ណោះ គេពេបជ្រាយអាប្រាក់ខែហ្នឹង។ ប៉ុន្តែ សួរថា គេទៅនៅក្រៅប្រទេសនោះ ពួកគេអាចសន្សំបានទេ? ឥឡូវថា ៣ ០០០ ដុល្លារ គេអាចចាយត្រឹមតែ ៣០០ ដុល្លារ ហើយទុកបាន ២ ៧០០ ដុល្លារ? អត់ទេ អត់មានលទ្ធភាពទេ។

បងប្អូនខ្មែរខ្លះ រាប់ទាំងសាច់ញាតិខ្ញុំខ្លះ មិត្តភក្តិខ្ញុំខ្លះ គ្មានទាំងប្រាក់មកលេងស្រុកផង? បើចង់ឱ្យគាត់មកលេងស្រុក ដើម្បីជួបជុំ ទាល់តែយើងហ៊ានប៉ាវគាត់។ ទិញសំបុត្រយន្តហោះឱ្យគាត់។ មកដល់ទីនេះត្រូវចេញថ្លៃសណ្ឋាគារឱ្យគាត់ដេក មានឡានឱ្យគាត់(ជិះ) អាហ្នឹងបាន។ ប៉ុន្តែ អ្នកខ្លះយើងក៏តម្រូវការឱ្យមកដែរ ដូចជាសាច់ញាតិខ្ញុំខ្លះ ឪពុកម្តាយឈឺនៅទីនេះ រួចក្រុមគ្រួសារត្រូវធ្វើបុណ្យធ្វើទានអី ក៏យើងអាចផ្តល់ដើម្បីឱ្យគាត់មានលទ្ធភាពត្រឡប់មកប្រទេស(កម្ពុជា)។ ដូចជាប៉ុន្មានខែមុន ម្តាយធំរបស់ខ្ញុំគាត់ទទួលមរណភាព។ អញ្ចឹង ត្រូវឱ្យកូនរបស់គាត់មកពីនោះ កូន និងចៅមកពីអាមេរិកមកទាន់ពេល។ អញ្ចឹង ត្រូវតែមានលទ្ធភាពដើម្បីរកសំបុត្រយន្តហោះឱ្យពួកគាត់។

គ្រោះមិនចេះអក្សរ និងគ្រោះថ្នាក់ភ្លេចអក្សរ

ឥឡូវនេះ ពេលដែលយើងប្រឡងគ្រូម្តងៗ  គឺចំនួននិស្សិតដែលដាក់ឈ្មោះប្រឡងចូល គឺមានចំនួនច្រើន ហើយយើងនឹងបន្តដំណើរ ដើម្បីពង្រឹងគុណភាពគ្រូបង្រៀនរបស់យើងតទៅទៀត។ ចំណុចនេះ ជាចំណុចដែលបានខិតខំរួមគ្នា មិនមែនអ្នកណាមួយខិតខំត្រឹមតែមនុស្ស ១ នាក់ ឬ ២ នាក់ អាចធ្វើកើតទេ។ ជាប្រ​ព័ន្ធទាំងមូល ជាការខិតខំរួមរបស់ប្រជាជនកម្ពុជារបស់យើង។ ខ្ញុំឧស្សាហ៍និយាយច្រំដែលៗ ប៉ុន្តែ រឿងវាបានកើតពិត ពីភាសាដែលថា “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ” វាជារឿងពិត។ ឥឡូវ អត្រានៃការមិនចេះអក្សរមានចំនួនប៉ុន្មាន? យើងសុំពិនិត្យមើល បើសិនជាអ្នកអានសៀវភៅ ១០ ឆ្នាំ នៃដំណើរកម្ពុជា ដែលខ្ញុំបានសរសេរ នៅក្នុងឆ្នាំ ១៩៨៨ ចប់មុនឆ្នាំ ១៩៨៨ ដើម្បីចូលរោងពុម្ពបោះ​ផ្សាយ ឱ្យទាន់នៅថ្ងៃ ៧ មករា ១៩៨៩ មើលសៀវភៅនោះឡើងវិញ។ សូម្បីតែខ្ញុំជាអ្នកសរសេរខ្លួនឯង ក៏ខ្ញុំនៅតែមើលដែរ ព្រោះសភាពការណ៍នៅពេលនោះមិនមែនធម្មតាទេ។ ចក្ខុវិស័យដែលខ្ញុំបានដាក់ចេញនៅពេលនោះប៉ុន្មានចំណុច ដែលទាក់ទងមានចក្ខុវិស័យមួយៗ រាប់ទាំងវិស័យអប់រំនេះជាដើម ក្នុងហ្នឹងយើងមានគ្រោះថ្នាក់អំពីមិនចេះអក្សរ និងគ្រោះថ្នាក់ភ្លេចអក្សរ។ ព្រោះអក្សររៀនបានតិចតួចពេកហើយ យើងក៏ខ្វះការអាន។ អត់មានអីអានគ្រប់គ្រាន់ យូរៗភ្លេចអក្សរបណ្តោយ។ អញ្ចឹងទេ ចំណុចអស់ទាំងនេះ សុទ្ធតែជាចំណុចដែលយើងចាប់ផ្តើមរួមគ្នាទាំងលំបាកលំបិន។ បើក្មួយៗកើតមិនទាន់ទេ ក្មួយៗអាចសួរជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ទើបដឹងរឿងថា អតីតកាលរបស់យើងវាយ៉ាងម៉េច។

មួយឆ្នាំៗកម្ពុជាចំណាយច្រើនលើការព្យាបាល និងទប់ស្កាត់ការរីករាលដាលជំងឺអេដស៍

ពេលនេះក្មួយៗ គឺមានសំណាងណាស់ទៅហើយ។ យុវជន/នារីក្នុងសម័យសន្តិភាពស្រួលមែនទែន។ ប៉ុន្តែដល់ស្រួលមែនទែន វាកើតជំងឺផ្តេសផ្តាស។ កាលពីមុន សភាពការណ៍លំបាក ប៉ុន្តែ អារឿងផ្តេសផ្តាសហ្នឹងវាតិច។ ឥឡូវនេះ ដល់ចាប់ផ្តើមមានស៊ីមានចុកច្រើន វាទៅជារឿងទំនើង។ អាទំនើងនេះ កូនអ្នកមានមួយចំនួនក៏ទំនើង កូនអ្នកមានអំណាចមួយចំនួនក៏ទំនើង កូនអ្នកក្រមួយចំនួនក៏ទំនើង។ វា​អញ្ចឹង​។ អាគ្រោះថ្នាក់ចរាចរណ៍នេះ ក៏វាបានកើតឡើងដោយសាររឿងទំនើងហ្នឹងឯង។ បញ្ហាប្រឈមវាបានកើតឡើងតាមដំណាក់កាលខុសៗគ្នា។ យើងយកទៅចំណាយទៅលើសុខភាពខ្លួនឯង ឬក៏ចំ​ណាយទៅលើការសប្បាយខ្លួនឯង។ តើមួយឆ្នាំៗយើងចំណាយទៅលើការព្យាបាល ការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ប៉ុណ្ណាទៅ? អាហ្នឹងមកពីអី?

បើកាល អាពត អត់មានអីស៊ី អត់មានទំនើងអញ្ចឹងទេ។ ខ្លាច អាពត វាយទៀត។ ប៉ុន្តែដល់ឥឡូវសប្បាយពេក ចូលក្លឹបទៅ ជួនកាលទៅលេងគ្រឿងញៀនទៅ ជួនកាលទៅប៉ះស្រីទៅ រួចហើយចម្លងមេរោគអេដស៍​។ អញ្ចឹង បើសិនជាកុំមានការរីករាលដាលនៃជំងឺអេដស៍នេះ ប្រហែលជាថវិកាមួយចំនួនយើងយកធ្វើសាលារៀន ធ្វើប្រឡាយទឹក ធ្វើផ្លូវថ្នល់ បានមិនចេះតិចទេ។ បានច្រើនណាស់។ ប៉ុន្តែ មួយឆ្នាំៗ គឺមិនចេះតិចទេ សម្រាប់ការចំណាយទៅលើការទប់ស្កាត់ជំងឺអេដស៍។ រាប់ទាំងពេលអុំទូកម្តងៗ និយាយរួមខ្ញុំសែនខ្មាស នៅត្រង់ថា ដើរចែកតែស្រោម។ ខ្ញុំអាហ្នឹងតែមើលក៏មិនមើលផង ឱ្យយកមកកាន់មើល? ប៉ុន្តែ ក្នុងកញ្ចក់ទូរទស្សន៍ចេះតែមើលតាមគេទៅ។ អញ្ចឹង ត្រូវផលិតអាហ្នឹង ទិញអាហ្នឹងយកមកដើរចែក។ អាហ្នឹងគេហៅថា នៅពេលដែលជីវភាពកើនឡើង វាទៅជារឿងមួយផ្សេងទៀត តែរឿងយើងក៏ត្រូវតាមគ្រប់គ្រងសភាពការណ៍អស់ទាំងនេះ។

សីលធម៌ និងគុណធម៌ គឺជារឿងធំសម្រាប់សិស្ស/និស្សិត

ខ្ញុំគ្មានអ្វីផ្តាំផ្ញើទាក់ទងនឹងការបង្រៀននេះទេ ចំណេះវិជ្ជាអ្នកទាំងអស់គ្នាមានហើយ អ្នកណាត្រូវធ្វើអីៗ ហើយសាលាគេទើបបើក។ ថ្ងៃនេះទើបបិទវគ្គទេ។ ប៉ុន្តែ រឿងដែលខ្ញុំចង់និយាយ គ្រូៗ/សាស្ត្រាចារ្យរបស់យើង ទន្ទឹមនឹងការអប់រំចំណេះដឹង សម្រាប់និស្សិត/សិស្ស បញ្ហាគុណធម៌ គឺជារឿងធំ សម្រាប់ឱ្យសិស្ស/និស្សិត។ រឿងនេះ គឺជារឿងធំណាស់។ បើមិនអញ្ចឹងទេ គឺធ្វើឱ្យស្ថានភាព នៃសង្គមរបស់យើងប្រែប្រួល ពីសង្គមដែលធ្លាប់គោរពចាស់ទុំ ដែលមានមនុស្សភាគច្រើនគោរពចាស់ទុំ ទៅជាមនុស្សភាគតិចគោរពចាស់​ទុំ គោរពគ្រូបង្រៀន និងគោរពទៅដល់ច្បាប់។ ដូច្នេះ ត្រូវពង្រឹងនូវគុណភាពនៃការអប់រំ ទៅលើបញ្ហាសីលធម៌ ហើយដែលផ្នែកនានាតែងតែបញ្ចូលទៅក្នុងវិស័យអប់រំ ទាមទារដាក់ទៅក្នុងវិស័យអប់រំនូវបញ្ហាជាច្រើន។ ខ្លះដាក់បញ្ហាជំងឺអេសដ៍ក៏ចូលទៅក្នុង(ហ្នឹង) ខ្លះដាក់បញ្ហាសិល្បៈចូលទៅក្នុងហ្នឹង។ តែរឿងដែលខ្ញុំចង់និយាយធំជាងគេ គឺបញ្ហាសីលធម៌ និងគុណធម៌របស់សិស្ស។

ឪពុកម្តាយ ឬអ្នកអាណាព្យាបាល តាមឱ្យជាប់សៀវភៅទំនាក់ទំនងរវាងគ្រួសារ និងសាលា

ខ្ញុំសុំបញ្ជាក់ថា សម្រាប់ខ្ញុំៗខ្ញុំមានជោគជ័យ ក្នុងការអប់រំកូនរបស់ខ្ញុំ។ មិនប្រាកដថា ខ្ញុំអប់រំចៅបានប៉ុណ្ណាទេ​។ ខ្ញុំនៅរង់ចាំមើល។ ប៉ុន្តែ សម្រាប់កូនៗរបស់ខ្ញុំទាំងអស់ សៀវភៅទំនាក់ទំនង រវាងគ្រួសារ និងសាលា ខ្ញុំជាអ្នកកាន់ផ្ទាល់។ សាលាចតុមុខរបស់យើងនេះ កូនរបស់ខ្ញុំរៀននៅនោះ។ សាលាស៊ីសុវត្ថិរបស់យើងនេះ ម៉ាណែត រៀននៅនោះ។ កូនប៉ុន្មានទៀតរៀនត្រឹមតែសាលាចតុមុខ រួចហើយចេញទៅរៀនក្រៅប្រទេស​។ ឯម៉ាណែត បានឆ្លងកាត់ចតុមុខ ហើយទៅស៊ីសុវត្ថិ។ ចប់បាក់ឌូប្លិ៍ស៊ីសុវត្ថិហើយ បានចេញទៅក្រៅប្រទេស។ កូនទាំងអស់ ខ្ញុំគ្រប់គ្រងសៀវភៅទំនាក់ទំនងសាលា និងគ្រួសារទាំងអស់។ ហើយខ្ញុំធ្វើមូលវិចារ ខ្ញុំចារស្នើឱ្យយកចិត្តទុកដាក់អី ហើយភាគច្រើននៅក្នុងនោះ ខ្ញុំមិននិយាយអំពីបញ្ហាពិន្ទុនេះ/នោះទេ រឿងធំជាងគេ គឺខ្ញុំសង្កេតមើលនៅផ្ទះ តើកូនមួយណាយ៉ាងម៉េចៗ ហើយអ្វីដែលខ្ញុំស្នើឱ្យលោកគ្រូ ស្នើឱ្យសុំយកចិត្តទុកដាក់លើបញ្ហាសីលធម៌។

មានកូនមួយ ខ្ញុំមិនរំលឹកឈ្មោះ ខ្ញុំចារទៅតែម្តងថា មួយនេះខិលបន្តិច (និង)រពឹស សូមឱ្យលោកគ្រូយកចិត្តទុកដាក់បន្តិច។ ថ្ងៃមុនឃើញលោក ឆាយ សុផល គាត់សរសេរសំបុត្រ អំពីគេហៅថា បងប្អូនប្រុស ៣ នាក់។ គេចង់និយាយពីម៉ាណែត ម៉ានិត ម៉ានី បងប្អូន ៣ នាក់។ លោក ឆាយ សុផល សរសេរ។ ខ្ញុំមើលបានផ្នែកខ្លះ។ មើលត្រួសៗ។ អ្នកណាគេរៀបរាប់យ៉ាងម៉េច គេមានវិប្បដិសារីយ៉ាងម៉េច ឪពុកអប់រំយ៉ាងម៉េច អីយ៉ាងម៉េច។​ ពួកគេអត់ភ្លេចពាក្យបណ្តាំរបស់ឪពុករបស់គេទេ។ ពួកគេបានសារភាពថា ពីតូចគេខូចយ៉ាងម៉េចខ្លះ ធ្វើឱ្យពុកព្រួយយ៉ាចម៉េចអីយ៉ាងម៉េច។ អញ្ចឹងទេ បញ្ហានេះ កុំបន្ទោសគ្រូ កុំឱ្យគ្រូទទួលទណ្ឌកម្មដូចកាលពីមុន។

កូនប្រឡងធ្លាក់ មកពីគ្រូអន់, កូនប្រឡងជាប់ មកពីពូជ

គ្រូមិនដែលមានគុណសម្បត្តិទេ តែមានអ្នកខ្លះគេឱ្យគុណសម្បត្តិទៅគ្រូ។ ប៉ុន្តែ អ្នកខ្លះទៀត បើកូនប្រឡងធ្លាក់ជេរម្រាយ(ម្តាយ)គ្រូ ប៉ុន្តែ បើកូនប្រឡងជាប់ អាហ្នឹងមកពីពូជអញ។ គ្រូអត់មានគុណសម្បត្តិ។ អញ្ចឹង បើហ៊ានកូនប្រឡងធ្លាក់ ថាមកពីគ្រូវាអន់ បានជាកូនប្រឡងធ្លាក់ ដល់កូនប្រឡងជាប់ ថាមកពីពូជវាពូកែ។ អញ្ចឹង គ្រូអត់មានគុណសម្បត្តិ។ អាហ្នឹងខ្ញុំក៏ធ្លាប់និយាយដែរ មានក្មេងម្នាក់ សួរពូម្នាក់ ពូ! ក្មួយពូឯងមួយធ្វើជាចៅហ្វាយស្រុក? អើ! ពូជអញអញ្ចឹង។ ទេ! មានមួយទៀតដូចជាធ្វើមេគយ? ពូជអញអញ្ចឹង​។ មួយទៀតថា មានជីដូនមួយពូឯងមួយដូចធ្វើការងារធំដុំ? រកស៊ីធំដុំ? ពូជអញអញ្ចឹង។ ប៉ុន្តែ ដូចមានមួយកំពុងជាប់គុក? យកតែអាល្អទេ អាណាដែលធ្វើធំបានល្អ អាហ្នឹងពូជអញទាំងអស់។ អាណាជាប់គុក អាហ្នឹងមិនមែនពូជអញទេ។ ធ្វើម៉េចយើងទទួលទៅ ប្រាប់ថាដូងវាមានតក់មាននាឡិ។ និយាយចឹងទៅបានទេ? កុំចាំបាច់ថា អាណាល្អៗ គឺពូជអញ។ ពូជណាអាក្រក់ អាហ្នឹងមិនមែនទេ។ ឈាមយើងទាំងអស់។

ពង្រឹងគុណធម៌ សិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ

… សុំឱ្យយកចិត្តទុកដាក់ពង្រឹងគុណធម៌ សម្រាប់សិស្សនិស្សិតរបស់យើង ចំពោះការវាយលុកពីខាងក្រៅទៅលើបញ្ហាគុណធម៌ ទៅលើបញ្ហាវប្បធម៌។ ប៉ុន្តែ រឿងសំខាន់ជាងទៀត គឺទាក់ទងជាមួយគ្រឿងញៀន និងអំពើល្មើសទាក់ទងជាមួយនឹងចរាចរណ៍។ ឥឡូវ ខ្ញុំគិតថា វាដល់ពេលវេលា មិនមែនគ្រាន់តែអប់រំត្រឹមតែកូនសិស្ស ផ្ទៃក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការក៏ត្រូវតែធ្វើដែរ។ គ្រាន់តែ ២-៣ ថ្ងៃសោះ កើតមិនដឹងប៉ុន្មានរឿងទេ? ប៉ុន្តែ ជាការល្អហើយ​ ដែលមេប៉េអឹមខេត្តក្រចេះបានឱ្យកូនចេញមក ដើម្បីទទួលកំ​ហុស ក្នុងពេលដែលយកអាវុធទៅភ្ជង់គូជម្លោះ។ នៅករណីបាញ់សម្លាប់ដែលចាត់ទុកថាចោរ ក៏ត្រូវបានឪ​ពុកលើកទឹកចិត្តឱ្យមកសារភាពទាំងអស់។ ប៉ុន្តែ បទល្មើសនៅតែមាន។ បណ្តាលមកពីអី? បណ្តាលមកពីក្នុងខ្លួនអត់មានគុណធម៌។ ដូចជាករណីចរាចរណ៍ពីម្សិល គេបញ្ចាំងចុះបញ្ចាំងឡើង រឿងបញ្ហាបុកនិស្សិតស្លាប់ អាហ្នឹងតាមរកឱ្យឃើញ។ បណ្តាលមកពីអី គឺចេញមកអត់គុណធម៌ហ្នឹងឯង។ បើយើងជិះកង់យឺតប៉ុណ្ណា ក៏គង់លឿនជាងអ្នកដើរដែរ ហើយបើយើងជិះម៉ូតូ បើទោះបីយើងជិះយឺតប៉ុណ្ណា ក៏គង់លឿនជាងកង់ដែរ លឿនជាងអ្នកដើរដែរ លើកលែងតែឡាន និងម៉ូតូ ព្រោះម៉ូតូខ្លះលេងវ៉ាឡានម៉ាសេរីរបស់គាត់។ ប៉ុន្តែ គេចចុះ/ឡើង ភូសនៅក្រោមឡានបាត់។ រឿងវាអញ្ចឹង។ ធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមួយថ្ងៃៗស្លាប់ច្រើនជាងសម័យសង្គ្រាម។

គុណធម៌ ផ្សារភ្ជាប់ការគោរពច្បាប់ចរាចរណ៍ ការមិនប្រើប្រាស់គ្រឿងញៀន និងសីលធម៌ទំនាក់ទំនង

សម័យសង្គ្រាម មានថ្ងៃខ្លះយើងអត់ឃើញមានការប្រយុទ្ធ ដែលមានការស្លាប់/របួស។ មានភ្លើងឆេះផ្ទះដោយសារការប្រយុទ្ធ មានថ្ងៃខ្លះ គឺអត់ទេ។ ប៉ុន្តែ រឿងចរាចរណ៍ស្រុកខ្មែរបច្ចុប្បន្នថ្ងៃណាក៏មានដែរ ស្លាប់/របួសប៉ុន្មានជាមធ្យម? អាចថា ៧ នាក់/ថ្ងៃ។ អញ្ចឹង វាច្រើនជាងសម័យសង្គ្រាមទៅទៀត ដែលទាមទារអោយយកចិត្តទុកដាក់។ ក្នុងនោះ ដែលយើងនិយាយពីបញ្ហាគុណធម៌ ក៏គប្បីត្រូវផ្សារភ្ជាប់ជំហានដំបូង គឺបញ្ហាទាក់ទងជាមួយនឹងបញ្ហាគោរពច្បាប់ចរាចរណ៍ ទាក់ទងជាមួយនឹងបញ្ហាការមិនប្រើប្រាស់គ្រឿងញៀន និងទាក់ទងជាមួយនឹងបញ្ហាសីលធម៌ក្នុងទំនាក់ទំនង។ រឿងទាំងអស់នេះ គឺជារឿងដែលវាល្អហើយដែលយើងត្រូវបន្តទៅ។

មូលហេតុនៃការធ្លាក់ចុះវប្បធម៌/ភាសាបារាំងនៅកម្ពុជា

ថ្ងៃនេះក៏មាននិស្សិត/សិស្ស ទាក់ទងអំពីបញ្ហាឯកទេសភាសាបារាំង។ ខ្ញុំសូមនិយាយបន្តិចអារឿងភាសាបារាំង។ ក្នុងនេះដូចមានអ្នកនិយាយរឿងភាសាបារាំង មានឬអត់? មាន។ រឿងភាសាបារាំងនេះវាអញ្ចេះ ទោះបីយើងជាសមាជិក Francophone ក៏ប៉ុន្តែ Francophone នៅអាស៊ី ដែលមានប្រទេស ៣ គឺមានកម្ពុជា មានឡាវ មានវៀតណាម មេដឹកនាំនៅក្នុងហ្វ្រង់កូហ្វូននេះ គឺនិយាយភាសាអង់គ្លេសទៅវិញទេ។ អញ្ចឹងបានជារឿងដែលខ្ញុំជួបជាមួយនឹងមេដឹកនាំបារាំងម្តងៗ ជាពិសេស អតីតប្រធានាធិបតេយ្យបារាំង Jacques Chirac​ នៅពេលដែលជួបគ្នាគាត់និយាយបារាំងមករកខ្ញុំ ប៉ុន្តែ បន្ទាប់ទៅយើងសន្ទនាគ្នាជាភា​សាអង់គ្លេសទេ។ ឧទាហរណ៍៖ ទោះបីជាគាត់មានវ័យចំណាស់ ហើយជាប្រទេសធំក៏ដោយ ក៏ប៉ុន្តែ គាត់មានការរាប់អានណាស់។ អោយតែឃើញ Mon ami ជាប់ជានិច្ច។ ប៉ុន្តែ ដល់និយាយគ្នាពិតប្រាកដ គឺភា​សាអង់គ្លេសទេ។ ពេល(ប្រជុំ)អាស៊ី-អឺរ៉ុបនៅហាណូយ គាប់ជួនព្រះករុណាបិតាដាក់រាជ្យ។ ពេលនោះ Jacques Chirac បានសួរខ្ញុំថា តើអ្នកណាឡើងសោយរាជ្យ? គាត់ចង្អុលឈ្មោះនេះ/នោះ។ ថាអត់មែនទេ។ ម្នាក់នោះ គឺព្រះនាមផ្សេងទេ ដែលនឹងឡើងគ្រងរាជ្យនៅពេលខាងមុខ។ ជាគោលដៅ នៃក្រុមប្រឹក្សារាជសម្បត្តិ ពេលនោះច្បាប់មិនទាន់បានធ្វើទេ។

ប៉ុន្តែ រឿងភាសាបារាំងនេះ ខ្ញុំបានដាស់តឿនបារាំងផ្ទាល់ នៅពេលដែលខ្ញុំធ្វើជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ខ្ញុំបានទៅប្រទេសបារាំង ដោយចូលរួមសមាជគណបក្សកុំម្មុយនីស្តបារាំង។ ពេល​នោះ មានជំនួបមួយ រវាងបណ្តាអ្នកតំណាងរាស្រ្ត នៃបណ្តាបក្សនយោបាយបារាំង មានទាំងបក្សសង្គមនិយមរបស់ François Mitterrand, មានទាំង RPR របស់ Jacques Chirac, មានទាំងបក្សកុំម្មុយនីស្តរបស់ Georges Marchais និងមានបក្សដទៃទៀតចូលរួមហូបបាយជាមួយគ្នា។ គេរៀបចំទទួលខ្ញុំឱ្យមានការសន្ទនាជាមួយនឹងសមាជិកសភាបារាំង។ ពេលនោះ ខ្ញុំបាននិយាយទៅកាន់អ្នកតំណាងរាស្រ្តទាំងនោះថា ឯកឧត្តម លោកជំទាវ ពេលនេះ ភាសាបារាំងនៅកម្ពុជាកំពុងចុះខ្សោយ។ អ្នកដែលចេះភាសាបារាំងចេះតែស្លាប់ អ្នកដែលរៀន គឺតិចណាស់។ ដូច្នេះ គួរតែពិនិត្យមើលអំពីការបង្កើតមជ្ឈមណ្ឌលវប្បធម៌បារាំង ឬ Alliance Française នៅកម្ពុជា។​

ស្រាប់តែតំណាងរាស្ត្រម្នាក់អង្គុយទល់មុខខ្ញុំ គាត់ឆ្លើយថា បារាំងអត់ទទួលស្គាល់រដ្ឋាភិបាលឯកឧត្តមទេ។ ដូច្នេះ បារាំងមិនអាចដាក់ Alliance Française ឬមជ្ឈមណ្ឌលភាសាបារាំងនៅកម្ពុជាបានទេ។ បានខ្ញុំក្តៅដែរ។ ខ្ញុំថា ឯកឧត្តម ខ្ញុំនិយាយនេះ ក្នុងគោលបំណង ដើម្បីថែរក្សាភាសាបារាំងនៅកម្ពុជា តែឯកឧត្តមមិនត្រូវភ្លេចទេ ប្រទេសយើងខ្ញុំទោះបីបារាំងត្រួតត្រា ៩០ ឆ្នាំ តែបារាំងអត់មានលទ្ធភាពដើម្បីធ្វើការកែប្រែភាសាយើងខ្ញុំបានទេ។ វៀតណាមពីដើម គឺអក្សរដូចអក្សរចិន បារាំងធ្វើរ៉ូម៉ាទីហ្សេ។ អក្សររបស់ម៉ុងហ្គោលីពីដើមក៏ដូចចិនដែរ រុស្សីធ្វើតាមរបៀបរុស្សីទៅ។ ប្រទេសខ្ញុំ មានភាសាជាតិខ្លួនឯងមួយច្បាស់​លាស់ មិនមែនដូចប្រទេសអាហ្វ្រិកមួយចំនួន ដែលប្រើប្រាស់ភាសាបារាំងជាភាសាជាតិទេ។ អាហ្នឹងចំណុចទី ១​ ឯកឧត្តមត្រូវចាំ។

ឯចំណុចទី ២ ខ្ញុំមានជម្រើសក្រៅពីភាសាបារាំង គឺមានភាសាអង់គ្លេស។ បច្ចុប្បន្នខ្ញុំកំពុងបញ្ជូននិស្សិតយ៉ាងច្រើនទៅសូវៀត និងអឺរ៉ុបខាងកើត។ ដូច្នេះ ពួកគេមានភាសាផ្សេង។ មែន។ ដល់ឆ្នាំ ១៩៩០ បានចាប់ផ្តើមស្ទុះស្ទាមកដាក់ Alliance Française ក្នុងពេលដែលដំណើរការហួសពេលទៅហើយ។​ ពង្រីកចេះតែពង្រីក ប៉ុន្តែអត់មានអ្នកនិយាយធ្វើម៉េច? និយាយដែរ និយាយតែពេលគេទៅស្រុកបារាំងឯណោះ សួរថា Emmanuel Macron ពេលដែលគាត់មកប្រជុំនៅ Belgium នៅពេលគាត់ចាប់ដៃជាមួយខ្ញុំៗចាប់ដៃជាមួយគាត់ និយាយអង់គ្លេសដាក់គ្នាតើ? ពេលដែលជប់លៀងនៅវាំងស្តេចនៅ Belgium។ ជួបគ្នាពីរដង។ ខ្ញុំក៏ថ្លែងអំណរគុណ។ ខ្ញុំក៏បាននិយាយពីរឿងខ្ញុំគាំទ្រពីសកម្មភាពបារាំងនៅឯប្រទេសម៉ាលី ដែលជាសមាជិក Francophone ដែរ។ ម៉ាលីនិយាយភាសាបារាំង។ ការពិតវាអញ្ចឹង។ កាលណាតែមានការគិតខុសណាមួយ គឺវាទៅជាអញ្ចឹង។ ឥឡូវ នៅសល់មនុស្សប៉ុន្មាននាក់ទៅ ដែលនិយាយភាសាបារាំង?  ក្នុងផ្ទះខ្ញុំអាចថាអ្នកស្ទាត់ជំនាញភាសាបារាំងមាន ២ នាក់ដែរ។​ ប៉ុន្តែ បង្គួរៗ ២ នាក់ទៀត។ ខ្ញុំមានកូនស្រីពៅមួយ ដែលរៀននៅបារាំង ហើយគេនៅចេះអាចនិយាយបារាំងបានខ្លះ … (នៅ)សាលាយោធាបារាំង មានិត និងម៉ានី (បានរៀន) មុនពេលបញ្ជូនទៅអាមេរិក។ ដល់ម៉ាណែត ទៅដេករៀនតាមផ្ទះគ្រួ​សាររបស់ប្រជាជនបារាំងទេ។ ប៉ុន្តែ ម៉ាណែត មានមូលដ្នានចេញពីស្រុកខ្មែរទៅ។ មុននឹងទៅអាមេរិក គឺនៅប្រទេសរបស់យើងពេលនោះ ក៏មានរៀនភាសាបារាំងមួយចំនួនដែរ។

បានភាសាបារាំងជួយសង្គ្រោះជីវិត ពេលខ្ញុំរត់ឆ្លងដែនទៅរកការគាំទ្រការតស៊ូ

រឿងមួយខ្ញុំអរគុណភាសាបារាំង ដែលបានជួយសង្គ្រោះជីវិតខ្ញុំ។ មានរឿងមួយដែលខ្ញុំគួរតែនិទាន ហើយខ្ញុំបានជួបគាត់ឡើងវិញកាលពីឆ្នាំ ២០១៧។ កាលដែលខ្ញុំរត់ឆ្លងដែនទៅវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការតស៊ូ។ ពេលនោះ ក្នុងថ្ងៃ(ទី) ២០ ខ្ញុំចេញយប់​ថ្ងៃ(ទី) ២០ ប៉ុន្តែ នៅពេលគេសួរចម្លើយខ្ញុំ ដោយសក្តិ ៤ កន្លះម្នាក់។ ពេលនោះម៉ោងជិត ១២ យប់ ហើយខ្ញុំត្រូវសួរចម្លើយ ៣ កន្លែង ចាប់ផ្តើមដំបូងនៅភូមិដែលខ្ញុំចូលទៅដល់ ហើយគេឱ្យបាយខ្ញុំទទួលទានត្រឹមត្រូវ។ តែគេអត់ចងអត់អីទេ។ ទៅកន្លែងមួយទៀត មានសក្តិ ៣ ម្នាក់ សួរចម្លើយ។ ពេលហ្នឹងខ្ញុំអត់មានចេះភាសាវៀតណាមអីទេ ប៉ុន្តែ ស្រាប់តែលឺសូរសក្តិ ៣ ហ្នឹង និយាយពាក្យណយឡាវ។ ពាក្យណយឡាវភាសាវៀតណាម គេថានិយាយភូត។ ដល់អញ្ចឹង​ខ្ញុំឆ្ងល់។ ស្រាប់តែឆ្លងកាត់តាមអ្នកបកប្រែម្នាក់ ដែលជាអតីតកម្មករចម្ការកៅស៊ូនៅខ្ជាយ មេមត់ គាត់បាននិយាយថា អ្នកឯងភូត ព្រោះអ្នកឯងចេះច្រើន។ អ្នកអ្នកឯងមិនមែនសក្តិប៉ុណ្ណឹង ឋានៈប៉ុណ្ណឹងទេ។

ខ្ញុំអាយុទើបតែ ២៥ ឆ្នាំ ខ្ញុំមានឋានៈប៉ុណ្ណឹងវាខ្ពស់ណាស់ទៅហើយ សម្រាប់អ្នកដែលចូលតស៊ូតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ នោះ។ ប៉ុន្តែ រឿងដែលខ្ញុំចេះដឹងនេះ ដោយសារខ្ញុំជាគ្រូខាងផែនទី និងក៏ជាមេទាហានសេនាធិការ ព្រោះគេឱ្យខ្ញុំចង្អុលទៅលើផែនទីទាំងឡាយ។ ចុះចរិតនាយទា​ហានមួយដែរ ទៅចង្អុលខុសផែនទីយ៉ាងម៉េច? យើងចង្អុលប្រាប់តាំងពីនិយាមការទៀតផង។ ចុះផែនទីនោះវាមានអីពិបាក? វាមាននិយាមការរបស់វានៅហ្នឹងស្រាប់ទៅហើយ។ យើងចង្អុលអាទីតាំងនេះវានៅចំណុចនេះៗ ដល់(អញ្ចឹង)ទៅគេដឹកខ្ញុំទៅដល់ស្រុកលុកនិញ។ គេរក្សាទុកនៅកន្លែងហ្នឹងទាំងអស់។ ខាងវៀតណាមរក្សាទុកជាទីកន្លែងប្រវត្តិសាស្ត្រ។

ម៉ោងប្រហែលជា ៣:៣០ (នាទី) យើងស៊ីបាយអស់មួយឆ្នាំងលេខ ១០។ គ្នាតែ ៥ នាក់ ស៊ីបាយអស់មួយឆ្នាំងលេខ ១០? ដល់ទៅម៉ោង ៦:៣០ (នាទី)ល្ងាច ស៊ីបាយអស់មួយឆ្នាំងលេខ ១០ ទៀត។ យើងស៊ីចង់ហល់។ ដល់ស៊ីរួចហើយគេនាំខ្ញុំទៅសួរចម្លើយ។ ដំបូងសួរធម្មតា ដល់ទៅចុងក្រោយគាត់សួរពីរចំនួនទ័ពរបស់ខ្ញុំមានប៉ុន្មាន? ខ្ញុំបានឆ្លើយថា កាលក្រោយពេលរំដោះទីក្រុងភ្នំពេញ កងទ័ពអង្គភាពនេះមានជាង ២ ពាន់(នាក់)។ ប៉ុន្តែ ថ្ងៃដែលខ្ញុំចេញដំណើរនៅសល់ ១ ៧៧៦ នាក់ ព្រោះត្រូវបានផ្ទេរទៅអង្គភាពផ្សេង និងមួយចំនួនត្រូវាបានគេចាប់ខ្លួន។ ស្រាប់តែតាសក្តិ ៤ កន្លះនោះ ស្រែកវ៉ាវមកតែងម្ដង ណយឡាវ (ភូតទៀតហើយ)។ ខ្ញុំមានអារម្មណ៍ថា អ្នកបកប្រែខុស។ អញ្ចឹង ត្រូវរកវិធីធ្វើយ៉ាងម៉េចពន្យល់។ អញ្ចឹង សម្លឹងមើលមុខគាត់ ពេលនោះ គាត់អាយុប្រហែលជាជិត ៦០(ឆ្នាំ)។ ខ្ញុំគិតថា គាត់ចេះបារាំងខ្លះ។ ខ្ញុំសួរ … ឆ្លើយ​មកគាត់ចេះបារាំង។ ដល់អញ្ចឹងទៅ យើងបកស្រាយជាភាសាបារាំងឱ្យគាត់។ ចេះតែប៉ុន្មានទេ។ តែរួចខ្លួនព្រះចេះតែជួយ។ ដល់ទៅពេលវេទនាពេក ស្រាប់តែនឹកឃើញបារាំង ចេះនិយាយបារាំងតែម្ដង។

សម័យមុន តែចាប់ផ្ដើមរៀនថ្នាក់ទី ៩ ស្មើនឹងថ្នាក់ទី ៤ ឥឡូវ ចាប់ផ្ដើមរៀនបារាំង។ ធ្វើទាហានជំនាន់នោះក៏ពង្រឹងភាសាបារាំងនៅក្នុងកងទ័ពដែរ ដើម្បីងាយស្រួលនៅក្នុងការធ្វើទំនាក់ទំនង។ ជួនកាលចាប់វិទ្យុទាក់ទង ដៃគូម្ខាងទៀតគេនិយាយបារាំង គេនិយាយអង់គ្លេស យើងក៏ត្រូវយល់អំពីវា។ ខ្ញុំអរគុណភាសាបារាំង ដែលបានជួយសង្គ្រោះ(ជីវិត) កុំអីគេសួរចម្លើយ(រួច) គេវាយងាប់។ ថាយើងភូតគេ … អ្នកបកប្រែគេថា កងទ័ពមានតែ ៣០ នាក់ទេ ម៉េចបានមានដល់រាប់ពាន់នាក់? ខ្ញុំថា អានេះច្បាស់ណាស់។ អញ្ចឹងទេ គាត់បកប្រែអង្គភាពដែលយើងកាន់ គឺកងវរសេនាធំ។ បារាំងគេហៅរេស៊ីម៉ង់ ដល់គេបកប្រែ ទៅជា សេស្យុង។ អាសេស្យុង វាតែ ៣៦ នាក់។ ដល់ភាសាវៀតណាម គេហៅជុងដន គាត់ទៅហៅអាជុងដក។ អញ្ចឹង វាមិនងាប់យើង? អាហ្នឹងហើយវាជាប្រវត្តិភាសាបារាំង។

ភាសាបារាំងប្រើ ក្នុងវិស័យវេជ្ជសាស្ត្រ ច្បាប់ និងរដ្ឋបាល

យ៉ាងណាក៏ដោយ ភាសាបារាំងនៅកម្ពុជា វានៅតែស្ថិតស្ថិរនៅក្នុងវិស័យវេជ្ជសាស្ត្រ គឺប្រើប្រាស់ភាសាបារាំង។ នៅក្នុងភាសាច្បាប់របស់យើងភាគច្រើន គឺភាសាបារាំង។ នៅក្នុងវិស័យរដ្ឋបាលរបស់យើងមួយចំ​នួន គឺនៅប្រើភាសាបារាំង។ យើងបន្តការខិតខំ ដើម្បីរួមជាមួយដៃគូក្នុងសហគមន៍ Francophone ទៅទៀត ដើម្បីជម្រុញទៅដល់វឌ្ឍនភាពភាសាបារាំង។ នៅក្នុងខែវិច្ឆិកាឆ្នាំនេះ បណ្ដាអភិបាលក្រុងនិយាយភាសាបារាំង នឹងត្រូវប្រជុំនៅរាជធានីភ្នំពេញ ដែលយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំអភិបាលក្រុងនិយាយភាសាបារាំង។ មកដល់ពេលនេះមានជាង ១០០ ក្រុង (និយាយភាសាបារាំង)។ ដូចជានៅក្នុងប្រទេសរបស់យើង ក្រុងនិយាយភាសានិយាយភាសាបារាំងដាក់ចូលទៅក្នុងសមាគម នៃបណ្ដាទីក្រុងនិយាយភាសាបារាំង៖ មានទីក្រុងភ្នំពេញ​ សៀមរាប កំពត បាត់ដំបង។ មានបួនខេត្ត។ ប្រទេសខ្លះគេមកច្រើន ប្រទេសខ្លះគេមកតិច​។

បើសិនជាពេលនោះ ហោចណាស់ Alliance Française រួចហើយបើក(សាលា Rene)  Descartes ឱ្យ​រហ័ស គឺភាសាបារាំងអាចនៅច្រើន។ ប៉ុន្តែឥឡូវអ្នកដែលចេះបារាំងអត់និយាយបារាំងទេ និយាយអង់​គ្លេ​សទៅវិញ។ អ្នកដែលចេះភាសាបារាំងស្លាប់ទៅ (អាចនិយាយបានថា)ស្លាប់ ១០ រៀនតែមួយទេ។ អញ្ចឹង វាថយចំនួន។ អញ្ចឹង យ៉ាងណាក៏ដោយៗសារតែប្រទេសរបស់យើងស្ថិតនៅក្នុងប្រព័ន្ធនិយាយភាសាបារាំង យើងក៏ត្រូវបន្តនិយាយរឿងនេះទៅទៀត​។ សម្រាប់លោកគ្រូ អ្នកគ្រូ វាជាទម្លាប់ទៅហើយ។

ឆ្នាំក្រោយអាចនឹងកាត់បន្ថយថ្ងៃឈប់សម្រាកខ្លះ

រឿងនេះ វាបានកើតទៅជាទម្លាប់ តែទម្លាប់នេះ មិនប្រាកដថាអ្នកក្រោយខ្ញុំគេធ្វើទេ។ សុំជម្រាប។ មានតែវិទ្យាស្ថានជាតិអប់រំមួយគត់ ដែលខ្ញុំផ្ដល់ជំនួយ សម្រាប់ពិធីជប់លៀងក្រោយពេលបិទ និងជូនទៅកម្សាន្តនៅសៀមរាប។ ឆ្នាំនេះ ត្រូវចំណាយរហូតទៅដល់ជាង ៣០២ លានរៀល ក្នុងនោះ សម្រាប់ការជប់លៀងនេះ ៨៧ លានរៀល ហើយសម្រាប់ការទស្សនកិច្ចអង្គរ ២១៥ លានរៀល។ បងប្អូនខ្លះគាត់ធ្លាប់ទៅហើយ តែមួយចំនួនក៏មិនធ្លាប់ទៅ។ បើសិនជាទៅច្រើនដងក៏វាមិនអាក្រក់អីដែរ។ ឱ្យតែបានទៅ។ កុំឱ្យកូនសិស្សសួរថា អ្នកគ្រូៗ អង្គរវត្តបែបម៉េចទៅ? ចៅកូនអើយ! ម៉ែក៏អត់ដឹងដែរ? អត់ទាន់ស្គាល់។

ចេញពីហ្នឹងទៅត្រូវទៅទទួលភ្ញៀវមួយនៅល្ងាចនេះ។ ព្រឹកមិញត្រូវពិនិត្យឯកសារបន្ទាន់ ដែលទាក់ទងទៅនឹងការកែទម្រង់ទាំងអស់។ សម្រាប់ថ្ងៃសុក្រនេះ ដាក់ចេញជាកំណែទម្រង់ជាកញ្ចប់។ ក្នុងនឹងក៏សុំនិ​យាយទុកឱ្យហើយ កម្ពុជាជាប្រទេសក្រីក្រ ក៏ប៉ុន្តែការឈប់សម្រាកនៅប្រទេសកម្ពុជា គឺច្រើនជាងប្រទេសអ្នកមានដល់ទៅប៉ុន្មានដងឯណោះ។ សាំងហ្គាពួរ គេសម្រាកតែ ១១ ថ្ងៃទេ ក្នុងពេលដែលប្រទេសកម្ពុជាសម្រាក ២៨-៣០ ថ្ងៃ។ អញ្ចឹង ប្រទេសយើងក្រ ក៏ប៉ុន្តែ យើងឈប់សម្រាកច្រើនណាស់។ ដូច្នេះ សុំការយោគយល់។ បើមិនអញ្ចឹងអ្នករកស៊ីទាំងអស់រត់ចោលយើងទៅអស់ ដោយសារតែម្ខាងទាមទារឡើងប្រាក់​ខែកាន់តែច្រើន។ អញ្ចឹងទេ ឆ្នាំក្រោយអាចនឹងកាត់បន្ថយថ្ងៃសម្រាក។

វិធីនេះប្រហែលជាល្អ។ ឧទាហរណ៍ ថ្ងៃណាមួយសម្រាកមួយថ្ងៃ តែយើងកុំសម្រាក យើងសន្សំអាថ្ងៃហ្នឹង​។ បុណ្យធំៗរបស់កម្ពុជាមានតែពីរទេ (១) មួយបុណ្យភ្ជុំ (២) ចូលឆ្នាំ។ ប៉ុន្តែ បុណ្យភ្ជុំយើងបានពីរថ្ងៃទេ។ ប៉ុន្តែបើយើងទុកមួយថ្ងៃៗ ដែលសម្រាកហ្នឹង យើងដាក់ជាថ្ងៃសម្រាក ក៏ប៉ុន្តែយើងកុំសម្រាក ដើម្បីយើងយកអាហ្នឹងទៅបូកឱ្យថ្ងៃភ្ជុំ វាឡើងបាន ៤ ឬ ៥ ថ្ងៃទៅវិញ។ ហ្នឹងវាមិនចំណេញជាង? យើងទុកអាថ្ងៃនេះធ្វើការ តែដល់ទៅថ្ងៃភ្ជុំយើងសម្រាកឱ្យបានវែងជាង ព្រោះយើងត្រូវធ្វើដំណើរទៅមួយថ្ងៃ ធ្វើដំណើរមកវិញមួយថ្ងៃ ទីចុងបំផុតទៅលេងផ្ទះបានមួយថ្ងៃ។ បើសិនជាយើងសន្សំអាឈប់មួយថ្ងៃៗនេះ យើងដាក់ក្នុងប្រ​ក្រតិទិនថាជាការសម្រាក ក៏ប៉ុន្តែ យើងអត់សម្រាកយើងសន្សំវាទៅថ្ងៃភ្ជុំ ដល់ថ្ងៃដទៃទៀត យើងអត់សម្រាក តែយើងទុកបូកទៅថ្ងៃចូលឆ្នាំវិញ។ នឹងគ្រាន់តែជាការចាប់ផ្តើមគិតគូរ។

មានមនុស្សខ្លះចាប់ផ្ដើមគិតគូរទៅលើបញ្ហាហ្នឹង ហើយវាហាក់ដូចជាសមស្រប ព្រោះបើយើងឈប់មួយថ្ងៃ (ហើយ)មួយថ្ងៃហ្នឹងទៅលេងស្រុកកំណើតក៏អត់បានដែរ ព្រោះដល់ស្អែកឡើងធ្វើការហើយ។ អញ្ចឹងទេ អត់បានទៅណាទាំងអស់។ អញ្ចឹង យើងទុកអាហ្នឹងដាក់ក្នុងប្រក្រតិទិនឈប់សម្រាក។ ប៉ុន្តែ យើងអត់ឈប់សម្រាកទេ យើងទុកយកទៅបូកថ្ងៃភ្ជុំ។ យើងថា ៥ ថ្ងៃ ដល់ពេលថ្ងៃចូលឆ្នាំយើងថា ៥ ថ្ងៃ។ អញ្ចឹងទេ យើងបានទៅលេងស្រុកកំណើតបានយូរបន្តិច ធ្វើដំណើរបានយូរបន្តិច។ យើងនឹងពិគ្រោះបញ្ហានេះ ជា​មួយមន្ត្រីសាធារណៈរបស់យើង ជាមួយនឹងវិស័យឯកជន និងផ្នែកនានាដែលមានការពាក់ព័ន្ធ។

ធ្វើឱ្យកម្ពុជាទៅជាប្រទេសមួយមានការអភិវឌ្ឍ ដោយមិនពឹងលើភាពអនុគ្រោះពីអ្នកណាទាំងអស់

យើងមានកំណែទម្រង់ច្រើនណាស់។ ប៉ុន្តែ នេះជាបញ្ហារសើបមួយ ដែលសុំការយោគយល់ទុកជាមុ​ន។ បើមិនអញ្ចឹងទេ អ្នករកស៊ីនៅប្រទេសរបស់យើងៗគិតតែទារឡើងប្រាក់ខែ ជាមួយគ្នាទារឈប់សម្រាកឱ្យបានកាន់តែច្រើន អញ្ចឹង អ្នករកស៊ីនឹងចាកចេញពីយើង។ យើងធ្វើនេះ ដោយមិនគិតថា មានភាពអនុ​គ្រោះ ឬអត់ភាពអនុគ្រោះ គិតតែពីកម្លាំងខ្លួនឯង ធ្វើឱ្យក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍមួយ ដោយមិនគិតថា ខ្លួនមានភាពអនុគ្រោះពីអ្នកណាទាំងអស់ ដើម្បីកុំឱ្យប្រទេសរបស់យើងត្រូវទទួលរងនូវការប្រមាថ ហើយកង្វល់របស់គេត្រូវចាប់បង្ខំឱ្យយើងជាអ្នកអនុវត្ត គឺអត់ទេ។ អ្នកឯងត្រូវគិតថា កង្វល់របស់ប្រជាជនខ្ញុំ គឺអី? (រាជ)រដ្ឋាភិបាលខ្ញុំមានកង្វល់ពីអី អ្នកឯងអត់យល់ទេ? អ្នកឯងចាប់បង្ខំឱ្យយើងស្តាប់អ្នកឯងពីកង្វល់របស់អ្នកឯង។ យើងអត់ទទួល(យក)បានទេអាហ្នឹង។ ដូច្នេះ មានតែវិធីដោះស្រាយបញ្ហា (ដោយក្នុងនោះ)កាត់បន្ថយអ្វីដែលវាមិនចាំបាច់។ សូម្បីតែស្កេនកុងតឺន័រ កុំឱ្យឡានវានៅកកកុញអញ្ចឹង។ បង់លុយស្កេនវាម្យ៉ាងហើយ ប៉ុន្តែ បើស្កេនគ្រប់កុងតឺន័រវាយឺតណាស់។ គេត្រូវដឹកជញ្ជូនក្នុងល្បឿនមួយលឿន ដើម្បីបម្រើឱ្យការសម្រួលពាណិជ្ជកម្ម។ យើងក៏ត្រូវរកវិធី ដើម្បីធ្វើអាស្កេនហ្នឹង។ ​ស្កេនតាមរបៀបហានិភ័យ។

ឧទាហរណ៍៖ ១០០ កុងតឺន័រ យើងសង្ស័យតែ ១ ឬ ២ កុងតឺន័រ យើងយកតែ ១ ឬ ២ កុងតឺន័រយកមកស្កេន ក្រៅពីនោះឱ្យចេញទៅ។ ចេញទៅប្រទេសក្រៅ បើប្រទេសណាមិនតម្រូវឱ្យស្កេនទេ មិនបាច់ស្កេនទេ។ ប្រទេសណាគេតម្រូវឱ្យស្កេន អាហ្នឹងចាំស្កេន។ គ្រាន់តែប៉ុណ្ណឹងចំណេញទាំងលុយ/ពេលវេលា។ អ្នករកស៊ីគេនៅជាមួយយើង។ ដកចេញហើយកាំកុងត្រូល ដែលមុននេះ គយក៏ពិនិត្យផង កាំកុងត្រូលក៏ពិនិត្យផង ឥឡូវ ដកចេញមួយ។ កាំសាប ដែលមុននេះធ្វើតួនាទី ៤០ ឆ្នាំហើយ ឥឡូវ រំលាយចោលនូវអង្គភាពកាំសាបនេះ ដើម្បីឱ្យកំពង់ផែ ធ្វើទំនាក់ទំនងផ្ទាល់ជាមួយនឹងកប៉ាល់តែម្តង ដោយមិនចាំបាច់មានពីឡុតរបស់យើងនាំនាវាចូលកំ​ពង់ផែទៀតទេ។ តម្លៃអគ្គិសនីត្រូវធ្លាក់ចុះ និយាយរួម ត្រូវរុញច្រានសេដ្ឋកិច្ចរបស់យើងឱ្យមានកំណើន។ បើគេតម្រូវឱ្យយើងបង់ពន្ធ យើងបង់ពន្ធ គេនាំចូលមកយើងៗក៏វាយពន្ធគេ យើងនាំទៅគេៗវាយពន្ធយើង កុំឱ្យគេថា នែ! អញឱ្យអានេះ ហ្អែងធ្វើតាមអញ ហ្អែងមិនធ្វើតាមអញៗដកយក។ កុំឱ្យនិយាយអាភាសាហ្នឹងតទៅទៀត។

ធ្លាប់ទទួលការហ៊ុំព័ទ្ធទាំងនយោបាយ និងសេដ្ឋកិច្ច តែខ្មែរអាចរស់បាន

ខ្មែរកាលពីដើម មិនមែនត្រឹមតែគេធ្វើប៉ុណ្ណឹងទេ ខ្មែរយើងធ្លាប់គេហ៊ុំព័ទ្ធទាំងនយោបាយ និងសេដ្ឋកិច្ចគ្រប់ច្រកទាំងអស់ តែខ្មែរអាចរស់បាន។ នោះជាខ្មែរ ហ៊ុន សែន ដឹកនាំ។ ឥឡូវ នៅតែខ្មែរ ហ៊ុន សែន ដឹកនាំដដែលហ្នឹង។ តែ ហ៊ុន សែន នឹងបន្តដឹកនាំសេដ្ឋកិច្ចនេះឱ្យរស់រវើក ជាមួយនឹងកំណើនសេដ្ឋកិច្ចកន្លងទៅ ៧,៥% រក្សានូវកំណើន នៃល្បឿនសេដ្ឋកិច្ចរបស់យើងក្នុងអត្រាជុំវិញ ៧% តទៅទៀត។

កម្ពុជាបច្ចុប្បន្ន មិនមែនអ្វីៗ សុទ្ធ​តែជំនួយ ឬកម្ចីបរទេសទេ

ព្រឹកមិញនេះ មុនមកត្រូវពិនិត្យឯកសារទៅលើបញ្ហាទាំងឡាយ ដែលទាក់ទងជាមួយនឹងកំណែទម្រង់នេះ ដើម្បីរុញសម្រាប់ថ្ងៃហ្នឹង។ ថ្ងៃហ្នឹងអាចមានផ្សាយបន្តផ្ទាល់។​ អាចថាថ្ងៃសុក្រ ជាថ្ងៃហត់នឿយ គ្រាន់តែពង្រៀងសុន្ទរកថាមួយនេះ អាចត្រូវការ ២ ម៉ោង ឬ ២ ម៉ោង ៣០ នាទី ដើម្បីឧទ្ទេសនាមអំពីកំណែទម្រង់។ កំណែទម្រង់ជាកញ្ចប់តែម្តង រាប់ទាំងត្រៀមថវិកាប៉ុន្មាន ដើម្បីអន្តរាគមន៍ ព្រោះកម្ពុជាបច្ចុប្បន្ន មិនមែនអ្វីៗ សុទ្ធ​តែ​ទៅសុំជំនួយ ឬកម្ចីបរទេសទាំងអស់ទេ។ គ្រាន់តែប៉ុន្មានថ្ងៃនេះ ខ្ញុំត្រូវអនុម័តគម្រោងទាំងឡាយ ដែល​ប្រាក់ចែកទៅឱ្យផ្នែកណាៗ ព្រោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរាយការណ៍សុំពីនាយករដ្ឋមន្ត្រីដែរ។ ឧទាហរណ៍៖ ឱ្យទៅលើវិស័យសាធារណការ ១០០ លានដុល្លារ (ដើម្បីយក)ធ្វើអីខ្លះៗ ត្រូវដាក់ចូលក្នុងគម្រោង។ អាណាត្រូវទូទាត់សម្រាប់ឆ្នាំនេះ អាណាត្រូវពហុឆ្នាំ។ កសិកម្មប៉ុន្មានសិបលាន។ អភិវឌ្ឍន៍ជន​បទ ប៉ុន្មានសិបលាន។ សុខាភិបាលប៉ុន្មានអីប៉ុន្មាន។ បើនិយាយពីរឿងសាធារណការ វាមានអាលុយវិនិយោគផ្ទាល់សម្រាប់ធ្វើផ្លូវផង និងមានអាលុយថែទាំផ្លូវផង។ មួយឆ្នាំៗ យើងវិនិយោគខ្លួនឯងរាប់រយលានដុល្លារ។ លុយដែលបានមកពីការសន្សំរបស់យើង។

កំណែទម្រង់ផ្ទៃក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ

ក្រុមហ៊ុននានាបានត្រៀមខ្លួនរួចរាល់ សម្រាប់ការបង់ពន្ធ ព្រោះភាពអនុគ្រោះរបស់គេៗគង់តែយកនៅពេលណាមួយតែប៉ុណ្ណឹងទេ តែកាលណាសេដ្ឋកិច្ចរបស់យើងកើនឡើងដល់កម្រិតណាមួយ គឺវាបាត់ជា ស្វ័យប្រវត្តិហើយ។ អញ្ចឹងទេ កុំឱ្យគេប្រើតទៅទៀតនូវពាក្យ “មិនធ្វើតាមកាត់” កុំឱ្យប្រើភាសាហ្នឹងតទៅទៀតជាមួយយើង។ អញ្ចឹង ទាល់តែយើងឯករាជ្យ។ ខ្ញុំប្រើពាក្យ “កំណែទម្រង់ផ្ទៃក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” យើងរកស៊ីដៃគូជាមួយមិត្តភក្តិ គ្រប់ប្រទេសទាំងអស់រកស៊ីជាមួយ។ គេបង់ពន្ធឱ្យ​យើង​ៗបង់ពន្ធឱ្យគេតែប៉ុណ្ណឹង។

អង្ករអ៊ីតាលីប្រកួតមិនឈ្នះ អ៊ីតាលីស្នើសហភាពអឺរ៉ុបដាក់ពន្ធលើអង្ករកម្ពុជា និងមីយ៉ាន់ម៉ា

​មានពាក្យខ្លះមិនយុត្តិធម៌ទេ ដូចជាអង្ករ។ អង្ករមិនមែនជាប់ក្នុងអាប្រព័ន្ធអនុគ្រោះ ឬមិនអនុគ្រោះទេ ប៉ុន្តែ ដោយសារអង្ករអ៊ីតាលីប្រកួតមិនឈ្នះអង្ករកម្ពុជា អញ្ចឹង អ៊ីតាលីស្នើសុំសហភាពអឺរ៉ុបឱ្យដាក់ពន្ធលើអង្ករកម្ពុជា និងអង្កររបស់មីយ៉ាន់ម៉ា។ យើងនៅតែនាំចូលទៅអឺរ៉ុប។ ប៉ាន សូរសក្តិ យើងនាំទៅបានប៉ុន្មាន? ការនាំចេញ ២ ខែនេះ ដូចជាមានកំណើន។ គេឯណោះវាយពន្ធ ប៉ុន្តែ យើងបែរជានាំអង្ករចេញមានកំ​ណើនទៅវិញ បានសេចក្តីថា ទោះបីអ្នកឯងវាយពន្ធ ខ្ញុំនៅតែនាំទៅ។ ហើយមិនមែននាំចេញទៅតែអឺរ៉ុប ឯណា? អង្ករខ្មែរវាអាចនាំចេញទៅវៀតណាម ៣០ ម៉ឺនតោន។ នាំទៅចិន ៤០ ម៉ឺនតោន។ នាំទៅម៉ាឡេស៊ី នាំទៅស្អីៗ នាំទៅប្រទេសដទៃទៀត។ ភាសាខ្លះគួរឱ្យធុញទ្រាន់។ មានអ្នកខ្លះ ចាំគេវាយ ហ៊ុន សែន ឱ្យ​រលំ​សិន ចាំអញមកត្រួតបណ្តោយ។ អើ! ហ្អែងចាំទៅ? ល្អមើលតើ? មិនហ៊ានមកវាយខ្លួនឯងទេ ឱ្យគេជួយវាយសិន។ តែខ្ញុំមិនថាឱ្យអ្នកណាទេ កុំរើសដាក់ខ្លួន។ ចាប់ពីថ្ងៃនេះទៅ កុំបបួលខ្ញុំភ្នាល់/ស្បថ។

សុន្ទរកថាស្ទើររាល់ថ្ងៃ …

ថ្ងៃសុក្រនេះ ប្រហែលជាថ្ងៃដែលខ្ញុំត្រូវអង្គុយចាប់ពីព្រឹក មើលទៅប្រហែលខ្ទង់ម៉ោង ២ ទើបចប់។ ថ្ងៃណាក៏និយាយដែរ ថ្ងៃច័ន្ទក៏និយាយ ថ្ងៃអង្គារ៍ក៏និយាយ ថ្ងៃពុធកំពុងនិយាយ។ បន្តិចទៀតទៅជួបភ្ញៀវមួយ អត់អីទេ អាហ្នឹងមិននិយាយចំហទេ។ ដល់ល្ងាចនេះ ទៅនិយាយក្នុងវិស័យអប់រំ។ អានទេ អត់និយាយទេ។ ដល់ស្អែកនេះ ប្រាប់ទៅ អ៊ិត សំហេង សុំអង្វរបានទេ អាខួបលើកទី ១០០ របស់អង្គការពលកម្មអីនេះ? អ៊ិត សំហេង នៅតែអង្វរថា អាហ្នឹងខួបគេ ១០០ ហើយ។ យើងខួប ៥០ គួរតែចូលរួម។ ឯងសុំវាមិនបាន? មនុស្សតែម្នាក់ ហើយដណ្តើមប្រើឱ្យគ្រប់តែគ្នា។ អ្នកណាក៏ចង់បាននាយករដ្ឋមន្ត្រីទៅ។ ប៉ុន្តែ ដល់ត្រឡប់ទៅផ្ទះវិញនោះ ទាំងគំនរៗ ដើម្បីពិនិត្យ និងចុះហត្ថលេខា ខ្ញុំមិនដែលរកស៊ីជំពាក់បំណុលឯកសារទេ។

ព្រឹកមិញដោយសារវាបន្ទាន់ បានគេដាក់ឯកសារឱ្យខ្ញុំ កុំអីខ្ញុំចេញមកមុនហើយ។ លឺថាឯណេះជួបជុំហើយ ប៉ុន្តែខ្ញុំត្រូវការពិនិត្យឯកសារនោះក្នុងល្បឿនមួយលឿន។ ដល់ពេលត្រឡប់ទៅវិញគេដាក់លើតុទៀតហើយ។ ដល់ល្ងាចយើងមកធ្វើការ ល្ងាចទៅវិញគេដាក់(ឯកសារ)នៅលើតុទៀតហើយ។ មិនមែនគ្រាន់តែមកប៉ុណ្ណឹងឯណា មួយថ្ងៃៗឯកសារច្រើនណាស់ ដែលត្រូវពិនិត្យ និងចុះហត្ថលេខា។ អាហ្នឹងជាកម្មពៀររបស់យើង ដែលយើងត្រូវធ្វើ។ ជឿព្រហ្មលិខិតខ្លះទៅ។ មនុស្សមិនតិចទេដែលចង់ធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែវាមិនបានធ្វើ។ ខ្លះដេកយល់សប្តិទាំងថ្ងៃចង់ធ្វើនាយករដ្ឋមន្ត្រី ហើយសុទ្ធតែឧបមាថា បើសិនជាអញធ្វើនាយករដ្ឋមន្ត្រី អញគួរអង្គុយយ៉ាងម៉េច? តុបែរទៅខាងណាអីខាងណា? ស្រមៃសព្វគ្រប់ហើយ។

ខ្ញុំមិនដែលប៉ងប្រាថ្នាធ្វើនាយករដ្ឋមន្ត្រីម្តងណាទេ។ មហិច្ឆតាដើមរបស់ខ្ញុំកាលពីខ្ញុំនៅក្មេង​ សុំតែធ្វើគ្រូបង្រៀន​។ សុំធ្វើតែប៉ុណ្ណឹងទេ។ ប៉ុន្តែ ដល់សង្គ្រាមទៅ ក្រោយមកនឹកចង់ធ្វើជាពីឡុតបើកយន្តហោះ ព្រោះខឹងអាយន្តហោះវាដេញបាញ់។ ពិនិត្យទៅ ទី ១. កម្ពស់របស់យើង គឺវាដូចល្មមក្លាយទៅជាពីឡុតបានដែរ​។ ទី ២. ដូចថា ផ្នែកស្មារតីស្អីៗហ្នឹងវាសមល្មមដែរ។ ប៉ុន្តែ ស្រាប់តែរបួសភ្នែកមក បាត់បង់ទាំងអស់។ អាពត ធ្វើអញ្ចឹងទៀត ចប់បណ្តោយ។ មានតែវាយ ​អាពត ទេ។ មិនត្រឹមតែមិនបើកយន្តហោះទេ គេរៀបចំយន្តហោះឱ្យយើងជិះទៀត។ មិនត្រឹមមិនបានធ្វើគ្រូ មកបង្រៀនគ្រូ ចែកសញ្ញាបត្រឱ្យគ្រូទៅវិញ។ អាហ្នឹងវាមានព្រហ្មលិខិតចារមក។ ជឿខ្លះទៅ។

ចំណារព្រហ្មលិខិត, ជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា

ឆ្នាំ ១៩៩៨ ព្រះករុណា ព្រះបិតា នៅខេត្តសៀមរាប​ ព្រះអង្គមានបន្ទូលច្បាស់ៗថា ឯកឧត្តមទាំងអស់គ្នា ជឿព្រហ្មលិខិតខ្លះទៅ។ ធ្វើម៉េចបើសម្តេចនាយក កើតឡើងមកគេចារឱ្យមកធ្វើនាយករដ្ឋមន្ត្រីអញ្ចឹង។ ដូចខ្ញុំៗ មិនចង់ធ្វើស្តេចឯណា? សុខៗស្រាប់តែគេទៅហៅពីព្រៃនគរមកឱ្យធ្វើស្តេច។ លោកមានបន្ទូលអញ្ចឹង។ នៅក្នុងស្រុកខ្មែរអត់ទាន់មានអ្នកនាធ្វើនាយករដ្ឋមន្ត្រីរហូតដល់ជាង ៣០ ឆ្នាំដូច ហ៊ុន សែន ទេ? មើលទៅក្នុងសៀវភៅប្រវត្តិរបស់ លោក ឆាយ សុផល។ អ្នកខ្លះធ្វើនាយករដ្ឋមន្ត្រីបាន ១ ខែ។ អ្នកខ្លះធ្វើនាយករដ្ឋមន្ត្រីបាន ៣ ខែ។ ដូររហូត។ អាពត ហើយដែលថា ឃោរឃៅព្រៃផ្សៃ បើគិតពីឆ្នាំ ១៩៧៦ អាពត មិនមែនធ្វើពីឆ្នាំ ១៩៧៥ ទេ ឆ្នាំ ១៩៧៦ បានធ្វើ។ អាពត ធ្វើនាយករដ្ឋមន្ត្រីបានតែជាង ២ ឆ្នាំទេ។ ព្រះករុណា ព្រះអង្គកាន់អំណាចបាន ១៦ ឆ្នាំ ទាំងនាយករដ្ឋមន្ត្រី និងទាំងព្រះប្រមុខរដ្ឋ។ អាហ្នឹងមិននិ​យាយពីបញ្ហាសោយរាជ្យទេ។ លន់ នល់ កាន់(អំណាច)បាន ៥ ឆ្នាំ។ ប៉ុល ពត កាន់បាន ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ។ ឯគណបក្សប្រជាជនកាន់(អំណាច)ជាង ៤០ ឆ្នាំ គឺរយៈពេលមួយដ៏វែង។ ក្នុងហ្នឹងអំណាចរបស់ ហ៊ុន សែន ៣៤ ឆ្នាំជាង។ ឥឡូវ នៅសល់ ៤ ឆ្នាំទៀត វាមិន ៣៨ (ឆ្នាំ)? ហើយខ្ញុំថែមដល់(ឆ្នាំ) ២០២៨ ឯណោះ បានចូលនិវត្តន៍។

ការវាយប្រហារត្រកូល ហ៊ុន ធ្វើអោយកម្លាំងសាមគ្គីភាពក្នុងបក្ស និងអ្នកគាំទ្រ ហ៊ុន សែន កាន់តែខ្លាំង

ឥឡូវ វារាលដាល។ ពង្រីកពីទម្លាក់ ហ៊ុន សែន ទៅវាយត្រកូល ហ៊ុន សែន ម្តង។ បើអញ្ចឹងទៅទៀត។ រាប់​ទាំងកូនខ្ញុំ ដែលគ្នាអត់ដឹងអី ក៏វាចេះវាយទៅរួច? បន្តិចទៀត វាវាយដល់ចៅ។ អញ្ជើញ! បាន។ អ្នកឯងធ្វើនេះកាន់តែធ្វើឱ្យកម្លាំងសាមគ្គីភាពនៅក្នុងគណបក្សប្រជាជន និងនៅក្នុងចំណោមអ្នកគាំទ្រ ហ៊ុន សែន កាន់តែមានកម្លាំង។ អ្នកឯងវាយបើកមុខព្រួញធំពេក វាយប៉ះមនុស្សច្រើនពេក។ ដូច្នេះ នយោបាយធ្វើបែបនេះ អ្នកឯងធ្វើមួយជីវិតទៀតក៏ធ្វើវាមិនឈ្នះដែរ។ ស្អីអំពាវនាវឱ្យកងទ័ពបះបោរ ប្រជាជនបះបោរ ចាំ​តើ? គេត្រូវការសប្បាយរីករាយ។ បន្តិចទៀតរាំវង់ផ្អើលពេញស្រុកខ្មែរ។

ពាំនាំ

ថ្ងៃនេះ ខ្ញុំក៏បាននាំមកសម្រាប់គរុនិស្សិត និងគរុសិស្ស ដែលទទួលសញ្ញាបត្រ ១ ៩១៨ នាក់ និងសាស្ត្រាចារ្យ បុគ្គលិក វិទ្យាស្ថានជាតិអប់រំ ចំនួន ២៣៥ នាក់ សរុបទាំងអស់ចំនួន ២ ១៥៣ នាក់ ក្នុងម្នាក់ៗជូន(ថវិកា)ចំនួន ១០ ម៉ឺនរៀល។ និស្សិតធម្មតាជូនតែ ៥ ម៉ឺនរៀលទេ ប៉ុន្តែ អ្នកទាំងអស់គ្នាសុទ្ធតែជាគ្រូ អញ្ចឹង ត្រូវតែជូន ១០ ម៉ឺនរៀល។ អត្រាកំណើនសេដ្ឋកិច្ចវាកើន ប្រាក់ខែក៏វាឡើង បើកំណើនសេដ្ឋកិច្ចវាកើន ហើយអានេះវាអត់កើន អាហ្នឹងវាស្មើគ្នា។ ជាមួយនឹងការអបអរសាទរ វឌ្ឍនភាព នៃវិទ្យាស្ថានជាតិអប់រំ ក៏ដូចជា អបអរសាទរ ចំពោះនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ និងមន្ត្រីរបស់យើងដែលទទួលការបណ្តុះបណ្តាលបន្ថែម ខ្ញុំសូមប្រសិទ្ធពរជូនសម្រាប់ទាំងអស់គ្នា ជួបប្រទះតែនឹងសេចក្តីសុខ/ចម្រើន និងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ