សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៩ លើប្រធានបទ “ការប្រែក្លាយផ្នែកជីឌីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០”

CNV:

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ!
អង្គសន្និសីទទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៩ ដែលផ្តោតលើប្រធានបទ “ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០”។ នេះជាលើកទី ១៣ ហើយ ដែលខ្ញុំបានចូលរួម ក្នុងសន្និសីទប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ។

ខ្ញុំសូមថ្លែងអំណរគុណ ចំពោះកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ UNDP ដែលបាននាំបញ្ញាសិប្បនិមិត្ត កញ្ញា រ៉ូបូ សូហ្វៀរ មកចូលរួមក្នុងសន្និសីទនេះ ដើម្បីបង្ហាញអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំក៏សូមសំដែងនូវការកោតសរសើរដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្ពុជា  និងក្រុមហ៊ុន ជីហ្គៀ  ដែលជាដៃគូរួមសហការថ្មី ក្នុងការបន្តរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ខ្ញុំសូមស្វាគមន៍ ចំពោះថ្នាក់ដឹកនាំ អ្នកជំនាញការជាតិ និងអន្តរជាតិ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដែលមានវត្តមាននៅក្នុងអង្គសន្និសីទនេះ។ ខ្ញុំនៅចាំថា កាលពីឆ្នាំមុនក្នុងសន្និសីទនេះ យើងបានផ្លាស់ប្តូរមតិគ្នាពីវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍថ្មី ព្រមទាំងចក្ខុវិស័យ និងគោលដៅរយៈពេលវែងរបស់កម្ពុជានៅឆ្នាំ ២០៣០ និងទៅអនាគត។ កាលនោះ ខ្ញុំបានគូសបញ្ជាក់អំពីការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាព និងត្រៀមខ្លួនដោះស្រាយផលប៉ះពាល់ នៃឧស្សាហកម្ម ៤.០។

តាមរយៈការស្វាគមន៍ដ៏កក់ក្តៅ ជាមួយនឹងសារដ៏ច្បាស់លាស់របស់បញ្ញាសិប្បនិមិត្ត គឺកញ្ញា រ៉ូបូ សូហ្វៀចំពោះរូបខ្ញុំអម្បាញ់មិញ ស្តីពីការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធ ក្នុងការប្រែក្លាយឌីជីថលនៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ច្បាស់ អំពីវឌ្ឍនភាព នៃបច្ចេកវិទ្យាឌីជីថល ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ដូចខាងក្រោម៖

ទី ១. បច្ចេកវិទ្យាឌីជីថល ឤចជួយជំរុញកំណើន និងប្រសិទ្ធភាព។ បច្ចេកវិទ្យាឌីជីថល រួមមាន៖ ទូរស័ព្ទវៃឆ្លាត, បច្ចេកវិទ្យាក្លោដ,  បច្ចេកវិទ្យាប្រើរ៉ូបូ, បច្ចេកវិទ្យាប្លុកឆេន និងអ៊ិនធើណិតនៃបរិក្ខារជាដើម បានកំពុងផ្តល់លទ្ធភាពខ្ពស់ ក្នុងការបង្កើនការតភ្ជាប់ រវាងមនុស្ស និងមនុស្ស បង្កើតឡើងនូវធុរកិច្ចថ្មីៗជាមួយនឹងគំនិតថ្មីៗ សម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយរបាំងចូលទីផ្សារ បង្កើតឱកាសសម្រាប់សកម្មភាពច្នៃប្រឌិតថ្មីៗ និងបង្កើតសកម្មភាពសហគ្រិន។

ទី ២. បច្ចេកវិទ្យាឌីជីថល ឤចជួយរដ្ឋាភិបាលបង្កើនសមត្ថភាពវិស័យសាធារណៈបានល្អប្រសើរ ជួយបង្កើនគណនេយ្យភាព និងតម្លាភាព ក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ជួយឱ្យឤជ្ញាធរនៅគ្រប់កម្រិតឤចផ្តល់សេវាដល់ប្រជាជនបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល ឤចជួយពង្រឹងកិច្ចសហការភាពជាដៃគូ និងនវានុវត្តន៍ រវាងក្រសួង និងផ្ទៃក្នុងក្រសួង ព្រមទាំងស្ថាប័នពាក់ព័ន្ធទូទាំងប្រទេស។

ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិទ្យាឌីជីថល ក៏បានផ្តល់នូវគុណវិបត្តិផ្សេងៗ រួមមាន៖ ១. រ៉ូបូ  បាននិង កំពុងជំនួសកម្លាំងពលកម្មមនុស្ស ដែលនឹងធ្វើឱ្យមនុស្សបាត់បង់ការងារ។ ២. ទាមទារកម្រិតជំនាញខ្ពស់ ដើម្បីឱ្យស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា និងព័ត៌មានវិទ្យា។ ៣. វិសមភាពនៃការទទួលផលប្រយោជន៍ ដោយសារភាពមិនស្មើគ្នា នៃឱកាសទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា។ ៤. ការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល នឹងបង្កើនភាពងាយរងគ្រោះ ដែលបណ្តាលមកពីពីឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]

ត្រូវទាញយកប្រយោជន៍ពីបច្ចេកវិទ្យាព័ត៌មាន និងត្រូវគ្រប់គ្រងបញ្ហាប្រឈមរបស់វា

ចំណុចខាងលើអម្បាញ់មិញ យើងបានឃើញហើយថា វាមានគុណសម្បត្តិរបស់វា ក៏ប៉ុន្តែ យើងក៏មិនត្រូវ ភ្លេចនូវគុណវិបត្តិ ដែលជាបញ្ហាប្រឈមធំនៅក្នុងយុគសម័យថ្មីរបស់យើងនេះ។ បើអ្វីៗត្រូវបានធ្វើជំនួស ទៅដោយគ្រឿងយន្តទៅហើយនោះ តើបញ្ហាការបាត់បង់ការងារធ្វើរបស់មនុស្សវានឹងទៅជាអ្វី? មួយទៀត ឧក្រិដ្ឋកម្មបច្ចុប្បន្នវាក៏បានកើតឡើងដោយសារតែបច្ចេកវិទ្យានោះផងដែរ។ ចំណុចនេះ គឺជាចំណុចដែល មួយផ្នែកទាញយកផលប្រយោជន៍ពីវា តែមួយផ្នែកទៀតត្រូវគ្រប់គ្រងនូវស្ថានភាពនេះបែបណា? រាប់ទាំង បញ្ហាសង្គម ដែលធ្វើឱ្យមនុស្សបាត់បង់ការងារធ្វើយ៉ាងច្រើន ដែលបណ្តាលមកអំពីបញ្ហាការជំនួសដោយ គ្រឿងយន្ត។ នោះហើយជាបញ្ហាប្រឈមថ្មី។ ចំណុចនេះ ខ្ញុំបានលើកនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក តាំងពីនៅដាវ៉ូស រហូតមកដល់ទីក្រុងភ្នំពេញ ទៅទីក្រុងហាណូយ និងទីកន្លែងដទៃទៀត ដែលជាចំណុចត្រូវចាប់អារម្មណ៍ និងត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលនឹងកើតមានដោយសារបច្ចេកវិទ្យាទំនើបថ្មីនេះ។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!

បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល កំពុងពេញនិយមទូទាំងសកលលោក ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់ ៧,៥% ក្នុងឆ្នាំ ២០១៨ តាមរយៈ​ការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ ទន្ទឹមនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូរពីប្រ​ទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជា​ប្រទេស​ដែលពឹងផ្អែកសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដូច្នេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលឱ្យបានគ្រប់ជ្រុងជ្រោយ កម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ សម្រាប់រយៈពេលវែង។

ក្នុងស្មារតីនេះ នៅដើមឆ្នាំ ២០១៩ កន្លងទៅនេះ ខ្ញុំបានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោ​បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបង្កើតក្រុមការងាររៀបចំក្របខណ្ឌគោលសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងចាប់យកកាលានុវត្តភាពពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្ដោតលើទិដ្ឋភាពធំៗបី គឺ ១. ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យឌីជីថល ការរៀបចំប្រព័ន្ធទូទាត់សងប្រាក់អេឡិចត្រូនិក និងប្រព័ន្ធឡូជីស្ទិក។ ២. ការបង្កើតថ្នាលឌីជីថល និងការអភិវឌ្ឍប្រព័ន្ធធុរកិច្ចឌីជីថល និង ៣. ការលើកកម្ពស់ឌីជីថលូបនីយកម្មរដ្ឋាភិបាល សហគ្រិនភាព អក្ខរកម្មឌីជីថល និងទិន្នន័យបើកចំហ។

ដូច្នេះ ដើម្បីឱ្យបដិវត្តឧស្សាហកម្មទី ៤ ដែលជាចរន្ត នៃការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្តល់នូវប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ខ្ញុំសូមគូសរំលេចនូវគំនិតផ្តួចផ្តើម និងការងារឤទិភាពមួយចំនួន ដូចខាងក្រោម៖

ទី ១. ការរៀបចំ និងដាក់ឱ្យអនុវត្តរដ្ឋាភិបាលឌីជីថលមួយឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ៖ នេះគឺជាបុរេលក្ខខណ្ឌ នៃការកសាងសេដ្ឋកិច្ចឌីជីថល ដែលម្ខាងសំដៅលើកកម្ពស់ប្រសិទ្ធភាព នៃសេវាសាធារណៈ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ក្នុងការផ្តល់សេវានៅតាមមូលដ្ឋាន។ ម្ខាងទៀត ដើរតួជាអ្នកជំរុញ តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តឧបករណ៍ឌីជីថលសំខាន់ៗ ដូចជា៖ ឤស័យដ្ឋានឌីជីថល ហត្ថលេខាឌីជីថល អត្តសញ្ញាណប័ណ្ណឌីជីថល ដើម្បីបង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។

ទី ២. ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះ៖ ត្រូវបន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្នឹងខ្នង ដូចជា៖ ខ្សែកាបអុបទិក ខ្សែកាបអុបទិកបាតសមុទ្រ ការចែកចាយ និងតភ្ជាប់ដល់ផ្ទះ និងទីតាំងធុរកិច្ច និងមជ្ឈមណ្ឌលទិន្នន័យ ដើម្បីធ្វើឱ្យប្រព័ន្ធអីនធឺណែតមានល្បឿនលឿន តម្លៃសមរម្យ និងទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេស។

ទី ៣. ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី ៤.០ ឱ្យបានជាអតិបរមា៖ ការអភិវឌ្ឍមូលធន មនុស្ស គឺជាកត្តាចាំបាច់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់គុណភាពនៃការអប់រំ ជំរុញការអប់រំផ្នែកស្តេម ជំរុញការបណ្តុះបណ្តាលជំនាញ និងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ។

ទី ៤. ការកសាង និងដាក់អនុវត្តនូវគោលនយោបាយបទប្បញ្ញត្តិច្បាប់ និងស្តង់ដាពាក់ព័ន្ធ៖ សុវត្ថិភាពឌីជីថល គឺជាកត្តាចាំបាច់ ក្នុងការកសាងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។ កម្ពុជានឹងរៀបចំក្របខណ្ឌគត្តិយុត្ត និងបទប្បញ្ញត្តិ សម្រាប់ការគ្រប់គ្រងលើសុវត្ថិភាពទិន្នន័យ និងសិទ្ធិឯកជននៃទិន្នន័យ និងសន្តិសុខតាមប្រព័ន្ធអ៊ិនធើណិត ការការពារ និងរក្សាទុកព័ត៌មានសម្ងាត់ ការធ្វើពាណិជ្ជកម្ម និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងបទប្បញ្ញតិផ្សេងទៀត ដើម្បីការពារអ្នកប្រើប្រាស់។

ទី ៥. ការលើកកម្ពស់ការរៀបចំប្រព័ន្ធអេកូឡូហ្សី៖ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល ដែលជា ចំណុចចាប់ផ្តើម ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន តាមរយៈការរៀបចំគោលនយោបាយគ្រប់ជ្រុងជ្រោយមួយជាកញ្ចប់ ដោយគិតគូរពីបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ ការលើកទឹកចិត្ត ការបណ្តុះបណ្តាល៘ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗ ក្នុងវិស័យឌីជិថល តាមរយៈការបង្កើតមូលនិធិ សហគ្រិន​ភាព ដែលមានថវិកាចំនួន ៥ លានដុល្លារ ក្នុងមួយឆ្នាំ ដែលនឹងឤចជួយជាធនធានហិរញ្ញវត្ថុ បច្ចេកទេស ទំនាក់ទំនងទីផ្សារ ការផលិត ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេស ក្រុមហ៊ុនតូចៗ ដែលទើបបង្កើតឡើង។

បដិវត្តន៍ឧស្សាហកម្មទី ៤ ដែលជាចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បាន និងកំពុងក្លាយជាកាតាលីករសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ខ្ញុំសង្ឃឹមថា សន្និសីទនេះ នឹងពិភាក្សាយ៉ាងផុសផុល អំពីកាលានុវត្តភាព បញ្ហាប្រឈមនានា និងវិធីសាស្ត្រ សម្រាប់ការដោះស្រាយរួមគ្នា ដែលកើតចេញពីបដិវត្តឧស្សាហកម្មទី ៤ ក្នុងស្មារតីរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]

ទីតាំង CDRI ដាច់ខាតមិនត្រូវដោះដូរ

មុននឹងឈានទៅរកការបញ្ចប់ ខ្ញុំសុំរំលឹកបន្តិចពាក់ព័ន្ធជាមួយនឹងទីតាំង នៃវិទ្យាស្ថានបច្ចុប្បន្ន។ ក្នុងប៉ុន្មានខែមុននេះ ស្រាប់តែមានការរៀបចំនូវការស្នើសុំប្តូរទីតាំង ដោយស្នើសុំយកទីតាំងបច្ចុប្បន្ននេះ ទៅជាផ្នែកឯកជន រួចហើយរកកន្លែងផ្សេងធ្វើជាទីតាំងថ្មី ឬក៏មួយផ្នែកកសាងអគារសម្រាប់ CDRI និងមួយផ្នែកទៀតវិស័យឯកជន។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានបដិសេធរួចហើយ ក៏ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ថា ដី(ដែលជាទីតាំង CDRI បច្ចុប្បន្ន)ដាច់ខាតមិនត្រូវប្រគល់ឱ្យអ្នកណាទេ ក្រៅតែពីទុកប្រើប្រាស់ទៅលើបញ្ហាការស្រាវជ្រាវ។ រឿងនេះ វាមានប្រវត្តិវែងឆ្ងាយរបស់វា។ កាលពីឆ្នាំ ១៩៩០ ជាមួយនឹងបង អេវ៉ា ជាមួយ ឯកឧត្តម ជា ចាន់តូ កាលពីពេលនោះយើងនៅចាំបាន យើងបានប្រឹងប្រែងទៅធ្វើកន្លែងនេះ ដើម្បីបង្កើតធនាគារខួរក្បាល ដែលមានរហូតមកដល់ពេលនេះ។

CDRI ប្រៀបបានជាកូនបង្កើត

គិតមកដល់ពេលនេះ គឺមានអាយុ ២៩ ឆ្នាំហើយ។ ដូច្នេះ បើទោះបីកន្លែងនេះត្រូវបាក់បែក ខ្ញុំសុខចិត្តប្រ​មូល​ធនធាន (និង/ឬ)ប្រមូលគ្នា ដើម្បីធ្វើជាទីកន្លែង សម្រាប់ធ្វើការងារនៃវិទ្យាស្ថាននេះតទៅទៀត។ ចាត់ទុកថាកន្លែងនេះ គឺជាកូនបង្កើតដែលខ្ញុំបានបង្កើតវាឡើងដោយផ្តល់ដៃ ហើយនឹងការថែទាំវាតាំងពីពេលនោះរហូតមកដល់ពេលនេះ។ អញ្ចឹង​ សុំកុំឱ្យអ្នកណាមួយផ្តួចផ្តើមគំនិតទាក់ទងជាមួយនឹងដីធ្លីនេះឱ្យ​សោះ … យើងបានធ្វើនូវកិច្ចការមួយចំនួនអំពីការដោះដូរអគារនេះ/នោះ ព្រោះយើងគ្មានប្រាក់។ ឥឡូវ កន្លែងដែលយើងដោះដូរទាំងនោះ ក្លាយជាក្រសួង/ស្ថាប័នធំៗរួចស្រេចទៅហើយ វាមិនចោទទេ។ ក៏ប៉ុន្តែ CDRI គឺជាតំបន់មួយដែលយើងមានប្រវត្តិរយៈពេលជិត ៣០ ឆ្នាំ ហើយដែលដីធ្លីទាំងនោះមិនត្រូវបានដោះដូរដោយអ្នកណាមួយនោះទេ។ សូមបញ្ជាក់ជូនអំពីបញ្ហានេះ។

ការបង្កើតនូវស្ថាប័នខួរក្បាលមិនមែនជារឿងថ្មីរបស់ ហ៊ុន សែន នោះទេ

នេះមិនមែនជារឿងថ្មីរបស់ ហ៊ុន សែន ទេ វាជារឿងចាស់របស់ ហ៊ុន សែន ដែលបានបង្កើតនូវស្ថាប័នខួរក្បាល គឺ CDRI នេះ បានដើរតួនាទីតាំងពីអ្នកបង អេវ៉ា នៅធ្វើកិច្ចការងារនេះជាមួយនឹង ឯកឧត្តម ជា ចាន់​តូ ហើយខ្ញុំបានទៅកន្លែងហ្នឹងមុនគេ។ ប៉ុន្តែ អ្នកបង អេវ៉ា ចេញពីកម្ពុជាទៅម៉ាលី។ ឥឡូវ គេបិទសាលានៅម៉ាលីឯណោះទៅទៀត។ ឥឡូវ មកអង្គុយនៅទីនេះ។ មុនមកកម្ពុជា គឺនៅឯម៉ាលី។ ដល់គេដេញចេញពីម៉ាលី មកនៅស្រុកខ្មែរ។ ដល់ស្រុកខ្មែរមានការវិវឌ្ឍ ចងទៅម៉ាលីវិញ។ ជួយគ្នាកសាងបានវិទ្យាល័យ​មួយនៅ បាម៉ាកូ។ ឥឡូវ គេធ្វើបាតុកម្មបិទសាលានោះ។ សង្ឃឹមថា សាលាហ្នឹងបើកឡើងវិញ។

ក្នុងពិភពលោកនេះគ្មានទេ Single Standard

ស្ថានភាពវាមិនដូចគ្នាទេ។ ស្ថានភាពកម្ពុជាវាអញ្ចឹង តែស្ថានភាពនៅប្រទេសដទៃវាយ៉ាងម៉េច? ម្សិលមិញខ្ញុំបាននិយាយហើយ គ្មាន Single standard ទេ វា Double standard ហើយវាមានដល់ Triple standard ឯណោះ។ មិនមែនជាការជូនសារអីទៅអ្នកណាទេ ក៏ប៉ុន្តែ កង្វល់អ្នកដទៃមិនមែនជាបន្ទាត់នយោបាយ និងច្បាប់ ដែលកម្ពុជាត្រូវអនុវត្តទេ។ កម្ពុជាត្រូវមានច្បាប់របស់ខ្លួន។ អនុវត្តច្បាប់របស់ខ្លួនមួយដោយឡែក។ ប្រទេសដទៃសុទ្ធតែមានស្ថានភាពខុសៗគ្នា បើទទួលស្គាល់ថា ប្រទេសដទៃមានស្ថានភាពខុសៗគ្នា ម៉េចក៏មិនទទួលស្គាល់ថា កម្ពុជាមានស្ថានភាពខុសគេដែរ? នៅលើពិភពលោក នៃសតវត្សរ៍ទី ២០ មានរបប ប៉ុល ពត កើតមានឡើងដូចកម្ពុជាទេ? តើទទួលស្គាល់ចំណុចហ្នឹងទេ? បើទទួលស្គាល់ថាកម្ពុជាមានអាហ្នឹង ហើយទទួលស្គាល់ថានៅមីយ៉ាន់ម៉ាមានអាហ្នឹង ទទួលស្គាល់ថានៅប្រទេសនេះមានអញ្ចេះ  ចេះនិយាយថា ប្រទេសមួយមានបរិបទមួយ ប៉ុន្តែ មិនព្រមទទួលស្គាល់ថា កម្ពុជាមានបរិបទរបស់កម្ពុជាមួយដែរទេ។ ដូច្នេះ គួរតែត្រូវបានយល់។

ពីដើមបង្កើតស្ថាប័នមួយៗ យកផ្ទះល្វែងធ្វើជាកន្លែងធ្វើការ

ខ្ញុំសូមជម្រាប អគារតាមស្ថាប័នមួយៗសព្វថ្ងៃ កាលពីពេលដែលយើងចូលធ្វើការនៅទីក្រុងភ្នំពេញ អត់មានមនុស្សនៅទេ … ប្រជាជននៅទីក្រុងភ្នំពេញតែ ៧០ នាក់ទេ ដែលខ្ញុំបានជួប ភាគច្រើនជាមនុស្សចាស់ និងជាស្ត្រី និងកុមារ។ ប្រុសៗតិចណាស់ ព្រោះត្រូវបានគេសម្លាប់។ អញ្ចឹង អគារធំៗអត់មានអ្នកណាហ៊ានចូលនៅទេ។ អញ្ចឹង យើងបង្កើតស្ថាប័នមួយៗយកផ្ទះល្វែងធ្វើ(ជាកន្លែងធ្វើការ)។ មានតែក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ ដែលបានទៅជ្រើសរើសអគារសមរម្យ។ ក្រសួងការពារជាតិ បានទៅជ្រើសរើស(នៅទីតាំង)សព្វថ្ងៃនេះ។ ឯខ្ញុំទៅជ្រើសរើសអតីតក្រសួងការបរទេស នៅមុខព្រះបរមរាជវាំង តែវាតូចពេក។ ខ្ញុំបានមកយកសាលាពុទ្ធិកមហាវិទ្យាល័យបច្ចុប្បន្ននេះ។ មានតែក្រសួងប៉ុន្មានហ្នឹងទេ ដែលមានកន្លែងធ្វើការគ្រាន់បើ។ ដូចជាក្រសួងកសិកម្មជាដើម ឥឡូវ ទៅជាផ្នែកមួយនៃក្រសួងធនធានទឹក។ តា នៅ សាមុំ គាត់ជារដ្ឋមន្ត្រី គាត់នៅក្បែរហ្នឹង អញ្ចឹង មានផ្ទះមួយនៅក្បែរហ្នឹង គាត់យកអាហ្នឹងធ្វើជាក្រសួងតែម្តងទៅ ព្រោះមួយក្រសួងមានមនុស្សបួនដប់នាក់។ ក្រោយមកយើងបានអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទីតាំង ព្រោះយើងអត់មានលុយ។ អញ្ចឹងទេ យើងអាចថា ដីនេះមួយផ្នែកឱ្យអ្នកនេះសាងសង់ ឥឡូវ ដីទាំងនោះសុទ្ធតែឡើងថ្លៃទាំងអស់។

អ្នកគ្រប់គ្រងក្រោយៗ សូមរក្សាទីតាំង CDRI សុខចិត្តអំពាវនាវសប្បុរសជនជួយបរិច្ចាគធានធាន

ខ្ញុំសូមបញ្ជាក់ ដី CDRI គឺអត់បានទេ។ ទោះបីអ្នកគ្រប់គ្រងប៉ុន្មានទៀតក៏ដោយ សុំមេត្តាទុកកន្លែងហ្នឹង។ ឧទាហរណ៍ ខ្វះអគារធ្វើការ យើងអាចវាយអគារណាមួយចោល ក៏ប៉ុន្តែ យើងមិនអាចទៅរកដោះដូរជាមួយ ឯកជនទេ។ ខ្ញុំសុខចិត្តប្រមែប្រមូល(ដោយ)អំពាវនាវសប្បុរសជន ដើម្បីបរិច្ចាគធ្វើឱ្យក្លាយទៅជាធនាគារខួរក្បាល ដែលខ្ញុំបានបង្កើតវាជិត ៣០ ឆ្នាំ ជាមួយនឹងអ្នកបង អេវ៉ា និងឯកឧត្តម ជា ចាន់តូ។ ឥឡូវ វារស់រានដល់ថ្ងៃនេះ។ មួយឆ្នាំយើងធ្វើសន្និសីទម្តងៗ ដើម្បីបង្កើតការសិក្សាស្រាវ ហើយសុទ្ធតែអ្នកតាក់តែងគោលនយោបាយ និងការរៀបចំនានា ដែលចូលមកធ្វើនៅកន្លែងនេះ។

ត្រូវតែគោរពដល់យុត្តិធម៌ គោរពដល់គោលការណ៍

ពិតហើយ គឺមានសារបញ្ជូនចេញថា នៅលើពិភពលោកវាអត់មានស្តង់ដាតែមួយ វាមានស្តង់ដាច្រើនណាស់។ ប៉ុន្តែ ត្រូវតែគោរពដល់យុត្តិធម៌ គោរពទៅដល់អ្វីដែលជាគោលការណ៍។ ប្រទេសនេះគោលការណ៍អញ្ចេះ ប្រទេសនោះគោលការណ៍អញ្ចុះ វាអត់មានស្តង់ដាមួយឯកភាពគ្នា។ កន្លែងហ្នឹងជា កន្លែងដែលយើងពិបាក។ ប៉ុន្តែ ប្រព័ន្ធឧស្សាហកម្មទី ៤ នេះ អាហ្នឹងវាស្តង់ដាតែមួយ។ ដូចជាកញ្ញានេះ (រ៉ូបូ សូហ្វៀ) គាត់និយាយបានតែប៉ុណ្ណឹង គាត់នៅតែប៉ុណ្ណឹង។ ប៉ុន្តែ បន្ទាប់ពីហ្នឹងទៅ យើងត្រូវច្នៃប្រឌិតទៅតាមស្ថានភាពនៃប្រទេស។ ប្រទេសដែលមានសុទ្ធតែភ្នំ គឺគេត្រូវធ្វើយ៉ាងម៉េច? ប្រទេសដែលមានទាំងភ្នំផង ទឹកផង តើគេត្រូវធ្វើយ៉ាងម៉េច? ច្បាស់ណាស់ថា វាមិនដូចគ្នាទេ តម្រូវឱ្យមានការគិតគូរខុសៗគ្នា។ ស្ថានភាពនៃប្រ​ទេសមួយចាប់បង្ខំឱ្យប្រទសមួយអនុវត្តតាមខ្លួន តើគេធ្វើបានឬអត់? អ្នកឯងស៊ីនំប៉័ង ខ្ញុំស៊ីបាយ ធ្វើម៉េចដូចគ្នា? គេធ្វើបាន យើងធ្វើមិនបាន។ អាហ្នឹងយ៉ាងម៉េច? សង្ឃឹមថា យើងអាចយល់គ្នា ដើម្បីរួមដំណើរជា​មួយគ្នា​ ហើយជាពិសេស យកអង្គឯកភាព នៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកទេសនេះ ដើម្បីចេញដំណើរទៅរួមគ្នា យើងអាចបំព្រួញនូវការខុសគ្នា នៃការគិតគូររបស់យើង។ សុំទោសដែលខ្ញុំបាននិយាយដល់បញ្ហានេះ រឿងធំជាងគេ គឺរឿងស្នាក់ការហ្នឹងតែម្តង។ គ្រាន់តែរំលឹកទៅដល់អ្នកដទៃ ព្រោះឯកសារធ្លាប់បានមកដល់ខ្ញុំម្តង ខ្ញុំចារគ្រវាត់ទៅវិញថា លេងចំអាកន្លែងបេះដូងយើងតែម្តង។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៩ ក្រោមប្រធានបទ ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០ ខ្ញុំសូមជូនពរឱ្យសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៩ ទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលផ្លែផ្កា និងខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និសីទទាំងមូល សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់​ភារកិច្ច៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ