សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព

នៅវិមានសន្តិភាព រសៀលថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញ​ជួបពិភាក្សា​ការងារជាមួយ ឯកឧត្តម Thongloun SISOULITH នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិតឡាវ។

ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានជម្រាបប្រាប់​សម្តេចតេជោថា ឯកឧត្តមបានមើល​ពី​លើ​យន្តហោះ​បានឃើញ កម្ពុជារី​កចម្រើន ជាពិសេសទីក្រុង​ភ្នំពេញពោរ​ពេញដោយ​អាគារ​ខ្ពស់ៗ​ជាច្រើន ដែលបញ្ជាក់​ពីការរីក​ចម្រើនទៅមុខ​របស់កម្ពុជា។ ឯកឧត្តម Thongloun SISOULITH បាន​ថ្លែង​អំណរ​គុណដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាន អញ្ជើញឯកឧត្តម មកចូលរួម​វេទិកា​សេដ្ឋកិច្ចពិភព​លោក ស្តីពីអាស៊ាន (World Economic Forum on ASEAN) នៅកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះកម្ពុជា ក្នុងការរៀបចំវេទិកាកម្រិត ពិភពលោកនេះ ហើយលោកជឿជាក់​ថានឹង​ទទួល​បាន​ជោគជ័យ នៅក្រោមការដឹក​នាំរបស់ សម្តេចតេជោ។​ ឯកឧត្តម Thongloun SISOULITH ក៏បានលើកឡើង​ពីការងា​រពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាង​ប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានកិច្ចសហ​ប្រតិបត្តិការ​គ្នាល្អជាបងប្អូន ហើយអ្វីដែល ថ្នាក់ដឹកនាំ​កំពូលទាំង​ពីរបាន​ព្រមព្រៀង​និង បានចុះ​ហត្ថ​លេខារួចហើយ គឺការងារ​ទាំងនោះ កំពុងតែ​ដំណើរកា​រទៅមុខ ប្រសិនបើមាន​កិច្ចការ​ណា ដែលមិន​ទាន់ដំណើរការ គឺភាគីទាំង​ពីរនឹងពិនិត្យមើល ឡើងវិញ​អោយ​បានឆាប់។ កន្លងមក​មាន​ពាក្យចរចាមអារាម​ពីការប៉ះ​ពាល់គ្នា​រវាងកម្ពុជា​និងឡាវ នៅ​តំបន់ព្រំដែន។ នេះគឺគ្រាន់​តែជា​ពាក្យ​ចរចាមអារាម​ប៉ុណ្ណោះ។ កម្ពុជា និងឡាវកំពុងតែសហការគ្នាយ៉ាង​ល្អ គឺគណៈកម្មការ​ព្រំដែន​នៃប្រទេស​ទាំងពីរ​កំពុង​តែជួប​ជុំ​ពិភាក្សា​ការងារ ហើយថ្នាក់​ដឹកនាំ​ទាំងពីរ នៅពេល​នេះក៏​កំពុង​តែព្រម​ព្រៀងគ្នា ជម្រុញការងារ ​សេសសល់ ដែលបាន​ព្រមព្រៀង​គ្នារួចហើយ ​គឺធ្វើយ៉ាងណាឲ្យមានការវិ​វឌ្ឍន៍ទៅមុខថែមទៀត ព្រមទាំងកំពុងជំរុញ​ការសាង​សង់ស្ពាន ឆ្លងកាត់​ទន្លេរ​ពៅ នៅតំបន់ព្រំដែន​កម្ពុជា-ឡាវអោយ​ឆាប់ និងកាន់តែ​លឿនផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែង​អំណរគុណ​ដល់ ឯកឧត្តម Thongloun SISOULITH ដែល​បាន អញ្ជើញមកចូលរួម ក្នុងវេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តីពីអាស៊ាន ដែលនឹង​ចាប់ផ្តើមនៅ​ថ្ងៃស្អែកនេះ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់​ចំពោះទំនាក់ទំ​នងរវាងប្រ​ទេស​ទាំងពីរកម្ពុជា​ឡាវ​ជាបង​ប្អូនគ្នា និងជា​មិត្ត ហើយក៏កំពុង​សហការ​គ្នាយ៉ាង​ល្អ។ ទន្ទឹមនឹង​នោះដែរ សម្តេចតេជោ បានឯកភាពជា​មួយឯកឧត្តម​នាយករដ្ឋមន្ត្រីឡាវ ក្នុងការពិភាក្សា​ជំរុញការងារទាំង​ឡាយ​ណាដែល​នៅសេសសល់ ​បានព្រម​ព្រៀងគ្នារួច ឲ្យមាន​ការវិវឌ្ឍន៍​ឆាប់រហ័ស​ទៅមុខទៀត ​ជាពិសេស ដើម្បីសម្រួល​អោយ​ប្រជាជន​រស់ នៅតាមព្រំដែន​បានធ្វើ​ដំណើរ​ឆ្លងកាត់​ទៅវិញ​ទៅមក​បាន និងប្រកប​របរផ្សេងៗ​កាន់តែងាយស្រួល ដើម្បីលើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជា​ពលរដ្ឋ នៃប្រទេស​ទាំងពីរ​អោយកាន់តែ​ប្រសើរឡើងឡើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ