សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៨-២០១៩ និងទិសដៅការងារឆ្នាំ ២០១៩-២០២០

CNV:

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨– ២០១៩ និងទិសដៅការងារឆ្នាំ ២០១២០២០ ដែលបានដំណើការ ២ ថ្ងៃ កន្លងមកនេះ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ។

ទន្ទឹមនេះ ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សហគមន៍អន្តរជាតិ និងសហគមន៍មូលដ្ឋាន ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានស្រាវជ្រាវអភិវឌ្ឍ និង ផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មដល់បងប្អូនកសិករយើង ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានសន្ទុះទៅមុខ និងទទួលបានជោគជ័យប្រកបដោយមោទនភាព។

តាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យកសិកម្មឆ្នាំ ២០១៨-២០១៩ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ផលិតផលស្រវូសរុបសម្រេច បានក្នុងបរិមាណ ១០,៨៧ លានតោន កើនលើសឆ្នាំមុនប្រមាណ ៣,៣៧% និងអតិរេកស្រូវមានចំនួនជាង ៥,៨លានតោន ឬ គិតជាអង្ករស្មើនឹងជាង ៣,៧ លានតោន។ ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗទៀតសម្រចបាន ១៦,៧ លានតោន កើនលើសឆ្នាំមុន ប្រមាណ ២% ជាពិសេសផលិតកម្មកៅស៊ូមានកំណើនរហូតដល់ ១៤% ផលិតកម្មសត្វ ៣,៤% និងវារីវប្បកម្មកើនប្រមាណ ២២,៤% ធៀបនឹងឆ្នាំមុន។ ទន្ទឹមនេះការប្រើប្រាស់គ្រឿងយន្តកសិកម្មក្នុងការភ្ជួររាស់សម្រាប់ស្រូវវស្សា មានការកើនឡើងប្រមាណជាង ៩៦% ដែលនេះជាជោគជ័យសម្រាប់វិស័យកសិកម្មកម្ពុជា។

ដូច្នេះ ការជំរុញកំណើនវិស័យកសិកម្មនៅតែជាគោលដៅចម្បង ដើម្បីធានាសន្តិសុខស្បៀង ឤហារូបត្ថម្ភ និងការនាំចេញ។ ដោយឡែក ផលិតកម្មដំណាំកសិ-ឧស្សាហកម្មកម្ពុជាមានការកើនឡើងខ្ពស់ដោយផ្អែកលើការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិ ព្រមទាំងការកើនឡើងនៃការវិនិយោគលើផ្នែកកសិ-ឧស្សា​ហកម្ម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានបន្តអនុវត្តផែនការរយៈពេលមធ្យម និងវែងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ដោយមានការចូលរួម ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍ។ ម៉្យាងទៀត រាជរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនកសិករ តាមរយៈការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជនបទ ការលើកកម្ពស់ផលិតភាពកសិកម្ម ការធ្វើអន្តរាគមន៍ផ្ទាល់របស់រដ្ឋ នៅពេលដែលថ្លៃស្រូវ-អង្ករប្រឈមនឹងការធ្លាក់ចុះនៅលើទីផ្សារអន្តរជាតិ ឬ ត្រូវទប់ថ្លៃកុំឱ្យធ្លាក់ចុះហួសពីថ្លៃទីផ្សារ ដើម្បីជួយបងប្អូនប្រជាកសិករឤចបន្តការដាំដុះដំណាំស្រូវបានជាធម្មតា។

ការអភិវឌ្ឍវិស័យកសិកម្ម គឺជាកាតព្វកិច្ចសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងតួនាទីវិស័យ​កសិ​កម្ម បង្កើតការងារធានា សន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍជនបទ។

ជារួម វិស័យកសិកម្មបានផ្តល់ឱកាសការងាររហូតដល់ ៤១,៥% ប៉ុន្តែទន្ទឹមនេះ យើងក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ ដូច្នេះ ខ្ញុំសូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តបន្តទៀតនូវកាតព្វកិច្ចជាមូលដ្ឋាន ដូចខាងក្រោម៖

ទី១· ត្រូវធ្វើទំនើបកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង តាមរយៈការលើកកម្ពស់ការស្រាវជ្រាវដើម្បី អភិវឌ្ឍបច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើប ក្នុងទិសដៅបង្កើនបរិមាណ គុណភាព និងឤហារូបត្ថម្ភ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ជាលក្ខណៈ ឌីជីថល ពង្រឹងការគ្រប់គ្រងដំណាំកសិកម្ម និងធាតុចូលកសិកម្ម ឱ្យបានល្អប្រសើរ។

ទី២· ត្រូវបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម តាមអភិក្រមភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ដែលនឹងឤចជួយដោះស្រាយបញ្ហាទីផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត «ផលិតកម្មកសិកម្មតាមកិច្ចសន្យា » ឱ្យកាន់តែទូលំទូលាយថែមទៀត។ ជាមួយនេះ ត្រូវជំរុញឱ្យមានការវិនិយោគសាងសង់ផ្សារបោះដុំកសិផល និងផ្សព្វផ្សាយទីផ្សារកសិផលជូនដល់ប្រជាកសិករ។

ទី៣· ត្រូវបន្តេលីកកម្ពស់គុណភាពផលិតកម្មដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម។ ត្រូវប្រើប្រាស់យន្តការចរចាជាមួយបណ្តាប្រទេស ដែលទិញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ ត្រវូចូលរួមពង្រឹងសុវត្ថិភាពចំណីឤហារ ក្នុងទិសដៅធានា និងលើកកម្ពស់សុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឱ្យបានល្អប្រសើរ។

ទី៤· ត្រូវបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំកៅស៊ូដល់កសិករដាំកៅស៊ូ ឱ្យបានច្រើនថែមទៀត ត្រូវបន្តពង្រីកសហគមន៍កៅស៊ូគ្រួសារ ដើម្បីការពារផលប្រយោជន៍កសិករនៅពេលលក់ផលិតផលកៅស៊ូទាំងនោះ។ បន្តជំរុញការវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។

ទី៥· ត្រូវបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ចំណូលធ្វើការស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ កែលម្អពូជសត្វឱ្យមានទិន្នផលខ្ពស់ គ្រប់គ្រងការធ្វើឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំណីសត្វ បសុឱសថ ហាមមិនឱ្យមានការធ្វើឤជីវកម្មផ្តាច់មុខដែលប៉ះពាល់ដល់ថ្លៃទីផ្សារ។ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកនៅទូទាំងប្រទេស និងអនាម័យសាច់។ ជំរុញការផលិតចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេស។

ទី៦· ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព។ បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយឯកឧត្តម សៅ សុខា សូមបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទទៅក្រៅប្រទេស តាមច្រកព្រំដែន និងច្រករបៀងដែលគ្មានការអនុញ្ញាត ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ទី៧· ត្រវូបន្តពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យបានរឹងមាំ គ្មានបទល្មើសជលផល ទាំងទឹកសាប និងសមុទ្រ។ ជំរុញការអភិវឌ្ឍ វារីវប្បកម្មគ្រប់ប្រភេទ រួមទាំងការចិញ្ចឹមត្រីតាមស្រែត្រូវធ្វើឱ្យកើនយ៉ាងតិច ២០% ​ក្នុងមួយឆ្នាំ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ អភិវឌ្ឍវារីវប្បកម្មឆ្នាំ ២០១៦-២០៣០។ បន្តពង្រឹងការគ្រប់​គ្រង ការពារកន្លែងអភិរក្សជលផល ព្រៃលិចទឹក ព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់របស់មច្ឆជាតិ។ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធការនេសាទល្មើសច្បាប់តាមរយៈ​យន្តការថ្នាក់ជាតិ និងអន្តរស្ថាប័ន ស្របតាមនីតិវិធីជាធរមាន។

ទី៨· ត្រូវបន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល តាមបរិការណ៍កែទម្រង់បច្ចុ​ប្បន្ន ពង្រីកសហគមន៍ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ។ ជំរុញការដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើឤជីវកម្ម និងដីទំនេររបស់រដ្ឋ ដោយសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងបង្កើនការបណ្តុះកូនឈើគ្រប់ប្រភេទនៅតាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជន។

ទី៩· ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូអភិវឌ្ឍនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងថ្នាក់តំបន់ និងអនុតំបន់ ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗទៀត ដើម្បីធ្វើទំនើបភាវូបនីយកម្មកសិកម្មកម្ពុជា ឱ្យរួមចំណែកកាន់តែច្រើនក្នុងសេដ្ឋកិច្ចជាតិ។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]

ត្រូវរកវិធីរួមគ្នាកាត់បន្ថយតម្លៃដើម ដើម្បីសម្រេចបានគោលដៅនាំចេញអង្ករ

ខ្ញុំចង់ទាក់ទាញការយកចិត្តទុកដាក់ ជាមួយនឹងការខិតខំទៅមុខរបស់យើង។ យើងពិនិត្យមើលបញ្ហាកសិ កម្មរបស់យើងបច្ចុប្បន្ននេះ ពិតមែនតែយើងមានកំណើន ហើយបើនិយាយពីគោលនយោបាយ ក្នុងការអភិវឌ្ឍគោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងគោលដៅទាំងពីរនេះ គឺយើងសម្រេចបានគោលដៅមួយជាមូលដ្ឋាន គឺផលិតកម្មស្រូវ។ ពីការដែលយើងខ្វះស្រូវហូប ខ្វះអង្ករហូប ឬក៏មានអតិរេកតិចតួច តែពេលបច្ចុប្បន្ននេះយើងមានអតិរេករហូតទៅដល់ប្រមាណជិត ៦ លានតោន ស្រូវ និងជិតជាង ៤លានតោន អង្ករ។ ប៉ុន្តែ គោលដៅនៃការនាំចេញ យើងមិនសម្រេចគោលដៅ ១ លានតោនទេ។ បញ្ហាចោទឡើងគឺអ្វី? ពីមុននេះ គឺប្រៀបដូចជាយើងមានមាសខ្វះក្រដាសខ្ចប់ នៅត្រង់ថា ពេលដែលផលិតកម្ម ជម្រុញល្បឿនផលិតកម្មកើនឡើង អ្វីដែលយើងត្រូវធ្វើគឺការកែច្នៃ សម្រាប់ការនាំចេញគឺនៅមានកម្រិតណាស់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ចំនួននេះក៏មានការកើនឡើង អាចនឹងឈានទៅដល់ការដែលយើងកែច្នៃបាន ៣លានតោន ទៅ ៤ លានតោន នៅពេលខាងមុខ នៅពេលដែលយើងសម្រេចរួចរាល់ការវិនិយោគទាំងអស់។ ប៉ុន្តែបញ្ហាមួយដែលយើងត្រូវឃើញ យើងគ្រាន់តែគិតអំពីទីផ្សារហ្វីលីពីនមួយប៉ុណ្ណោះ កម្ពុជាមិនដែលដេញថ្លៃឈ្នះ វៀតណាម និង ថៃ នោះទេ គឺយើងដេញមិនឈ្នះគេតែម្តង។ មូលហេតុអីទៅ? មូលហេតុនៅត្រង់ថាផលិតផលកសិកម្មរបស់យើង​ មានតម្លៃខ្ពស់ជាងតម្លៃរបស់វៀតណាម និងតម្លៃរបស់ថៃ។ ដូច្នេះ យើងត្រូវរកវិធីរួមគ្នាដើម្បីកាត់បន្ថយតម្លៃដើមរបស់កសិករយើង ដែលបានផលិត ដើម្បីអោយតម្លៃ ដែលយើងត្រូវជ្រាបចូលទៅកាន់ទីផ្សារនោះ ព្រោះប្រទេសខ្លះគឺគេដាក់សម្រាប់ការដេញថ្លៃតែម្តង។ ហ្វីលីពីន ត្រូវការប្រមាណជាង ១លានតោន ក្នុងមួយឆ្នាំ … មិនមានប្រទេសណាមួយ ឬក្រុមហ៊ុនណាមួយទៅចរចាដើម្បីនាំចូលទៅប្រ​ទេសហ្វីលីពីនផ្តាច់មុខនោះទេ។ ហ្វីលីពីន ដាក់អោយមានការដេញថ្លៃ។ តែកម្ពុជាមិនដែលដេញថ្លៃឈ្នះ គេ ដោយសារតែផលិតផលរបស់យើងមានតម្លៃខ្ពស់។ យើងគប្បីរិះរកគ្រប់វិធី ដើម្បីកាត់បន្ថយតម្លៃនៃការផលិតរបស់ប្រជាជនយើង។​

ការភ្ជួររាស់ដោយគ្រឿងយន្តមានរហូតដល់ ៩៦% ឯការភ្ជួររាស់ដោយគោ ក្របី គឺនៅមានចំនួនតិចតួច

ពិតហើយ និយាយដល់បញ្ហានេះ យើងក៏ត្រូវគិតអំពី យើងមោទនភាពហើយអំពីការកើនឡើងនៃចំនួនភ្ជួររាស់ដោយគ្រឿនយន្ត រហូតទៅដល់ជាង ៩៦% ឯណោះ។ ឯការភ្ជួររាស់ដោយគោ ក្របី​ គឺមានចំនួនតិចជាង​។ ចំ​ណុចនេះ យើងត្រូវគិតថាវាមានមុខសកម្ម និងមុខអសកម្មរបស់វា។ មុខសកម្មគឺនៅត្រង់ថាយន្តតូបនីយកម្មបានដើរដល់ដំណាក់ចំណុចមួយ ដែលគួរអោយមោទនភាព ប៉ុន្តែយើងត្រូវគិតអំពីមុខអសកម្មរបស់វានៅត្រង់ថា នៅពេលដែលប្រើគ្រឿងចក្រកាន់តែច្រើន តម្លៃផលិតរបស់វាក៏កាន់តែខ្ពស់ដែរ ព្រោះគ្រឿងចក្រទាំងនេះស៊ីប្រេង។ កុំភ្លេចថាប្រេង តែបញ្ឆេះទៅគឺដឹងតែលុយ … វាខុសពីគោ និងក្របី ដែលយើងចេះតែធ្វើទៅ ភ្ជួររាស់ដោយគោក្របី។

ឈប់ប្រើគោក្របី ឈប់ចិញ្ចឹមយកសាច់ ឈប់ចិញ្ចឹមដើម្បីដឹកជញ្ជូន គឺជាមហន្តរាយ

កសិកររបស់យើងឥឡូវនេះគឺគាត់ប្រើប្រាស់គោក្របីតិចតួចណាស់ ហើយគាត់ចិញ្ចឹមគោរបស់គាត់​ទៅក្នុងការប្រើសាច់ត្រឡប់ទៅវិញ ក៏មានជាខុសអ្វីនោះទេ។ ក៏ប៉ុន្តែយើងត្រូវឃើញចំណុចត្រង់នេះ ប្រសិនបើគាត់ត្រឹមតែផ្ទេរពីការប្រើប្រាស់ការភ្ជួររាស់ចេញពីគោក្របី ទៅកាន់គ្រឿងយន្ត ប៉ុន្តែ គាត់នៅរក្សាទុកការចិញ្ចឹមគោ/ក្របីរបស់គាត់ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក៏វាមិនជាអាក្រក់ទេ​។ ក៏ប៉ុន្តែ អ្វីដែលគួរឲ្យបារម្ភ គឺនៅពេលដែលគាត់ឈប់ប្រើគោ ឈប់ទាំងចិញ្ចឹមយកសាច់ ឈប់ទាំងចិញ្ចឹមដើម្បីដឹកជញ្ជូន អាហ្នឹងគឺជាមហន្តរាយ ដែលយើងត្រូវមើលឃើញការបាត់បង់។

ប្រេងថ្លៃ ប្រើគ្រឿងយន្ត អត់ចំណេញ

… ពេលខ្លះវាមានមុខ ២ របស់វា។ យើងសប្បាយរីករាយ នៃការឃើញការកើនឡើងនូវការប្រើប្រាស់គ្រឿងយន្ត ប៉ុន្តែយើងក៏ត្រូវតែចាំថា គ្រឿងយន្តនោះហើយដែលនាំទៅដល់តម្លៃកាន់តែខ្ពស់។ អញ្ចឹងគ្រឿងយន្តទាំងអស់ ពេលភ្ជួរក៏គ្រឿងយន្ត រាស់ក៏គ្រឿងយន្ត ដល់ទៅពេលច្រូតក៏គ្រឿងយន្តទៀត ហើយរឿងអី? បើតម្លៃប្រេងលើទីផ្សារអន្តរជាតិ ក៏ដូចជាទីផ្សារក្នុងស្រុក មានការថយចុះ ហ្នឹងអាចផ្តល់នូវផលចំណេញ។ ប៉ុន្តែ ដល់ទៅថ្លៃប្រេងក៏ខ្ពស់ ប្រើគ្រឿងយន្តគឺបានសេចក្តីថា ផលិតផលនេះវាអត់ចំណេញទេ។ អញ្ចឹងចំណុចនេះ យើងត្រូវគិតរួមគ្នា មិនមែនក្រសួងកសិកម្មមួយអាចធ្វើបានគ្រប់គ្រាន់នោះទេ។

ប្តូរពីការបូមទឹកដោយប្រើប្រេង ទៅជាប្រើអគ្គិសនី និងបូមក្រោយម៉ោង ១២ យប់

យើងត្រូវរួមគ្នាដោះស្រាយបញ្ហា រាប់ទាំងថ្ងៃមុន ដែលខ្ញុំបាននិយាយ ត្រូវធ្វើយ៉ាងម៉េច កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងការបូមទឹក ទៅជាការប្រើអគ្គិសនីដើម្បីបូមទឹកវិញ ដោយខិតខំឲ្យក្រសួងរ៉ែ និងថាម​ពល ជាពិសេស ផ្នែកអគ្គិសនី តបណ្តាញខ្សែភ្លើង​ទៅកាន់តំបន់ដែលមានប្រភពទឹក ហើយដែលប្រើប្រាស់ម៉ូទ័រទាញទឹកត្រឡប់មកវិញ។ ជាការកាត់បន្ថយការចំណាយមួយដ៏ធំ ហើយក៏អាចជាការរួមចំណែកធ្វើអនុត្តរភាពទៅលើប្រពន្ធស្រោចស្រពរបស់យើង អំពីកន្លែងដែលមានប្រភពទឹក។ ចំណុចនេះ ត្រូវផ្តើមចេញពីក្រ​សួងកសិកម្ម ក្រសួងធនធានទឹក ដែលជាមេទឹកស្រាប់ ថាឥឡូវចំណុចណាដែលជាចំណុចដែលយើងធ្លាប់ប្រើម៉ាស៊ីន ហើយជាពិសេស នៅកម្ពុជាមានម៉ាស៊ីនម៉ាក ហ៊ុន សែន ក៏មាន ម៉ាកឥណ្ឌាក៏មាន។ យើងប្តូរពីការប្រើប្រេងនោះ ទៅជាការបូមទឹកក្នុងតម្លៃមួយដ៏ថោក​ ដែលយើងបានដាក់តម្លៃឲ្យបូមក្រោយម៉ោង ១២ យប់ ចូលទៅកាន់ប្រព័ន្ធប្រឡាយទឹករបស់ប្រជាពលរដ្ឋ …។

ទាក់ទាញវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ផលិតចំណីសត្វ បម្រើការចិញ្ចឹមសត្វ

សម្រាប់ការចិញ្ចឹមសត្វ គឺវិធីដែលល្អ គឺខិតខំទាក់ទាញអ្នកវិនិយោគ ហើយមិនចាំបាច់អ្នកវិនិយោគដែលមកពីក្រៅប្រទេសទេ ស្រុកខ្មែរឥឡូវសេដ្ឋីពាន់លាន ក៏មានរួចមកហើយៗ សេដ្ឋីមធ្យមៗ រយលាននោះ ក៏វាច្រើនដែរ។ អញ្ចឹងឲ្យពួកគេរួមចំណែកផលិតនូវចំណីសត្វ សម្រាប់ការចិញ្ចឹមសត្វនៅក្នុងប្រទេសរបស់យើង។ មិនមែនបច្ចុប្បន្ននេះ កម្ពុជាគ្មានសេដ្ឋីពាន់លាន និងសេដ្ឋីរយលាននោះទេ។ បើនិយាយអ្នកដែលមានប្រាក់ចាប់ពី ១ លានដុល្លារឡើងលើ មិនដឹងថាទៅរាប់ម៉េចទេ។ ច្រើនណាស់។ ខ្ញុំមិនមែនចង់សំដៅថាសាច់ប្រាក់​ទេ។ ឥឡូវ យើងពិនិត្យមើល ផ្ទះមួយកន្លែងនៅទីក្រុងភ្នំពេញតម្លៃលើសពី ១ លានបាត់ទៅហើយ។ ហ្នឹងប្រហែលជាកំហុសខ្ញុំទេ។ ស្អីក៏ទម្លាក់មកលើខ្ញុំដែរ។ ប៉ុន្តែ នៅពេលណាដែលរឿងល្អ វាមិនដែលឲ្យខ្ញុំទេ … ពីដើមវារកតែស្បែកជើងពាក់មិនបាន ឥឡូវវាជិះទាំងឡានទៀត ហើយវាឡាយវីដេអូហ្វេសប៊ុកទៀត រួចហើយវាថា កាន់តែក្រទៅៗ។ រឿងអីក៏វាទម្លាក់មកអោយឯង តែអារឿងមានបាន វាអត់ទម្លាក់មកឲ្យឯងសោះ …។

ការប្រកួតប្រជែងផលិតផលដូចគ្នានៅក្របខណ្ឌអាស៊ាន

ឥឡូវ យើងពិនិត្យមើល ស្ថានភាពបានប្រែប្រួល ប៉ុន្តែបញ្ហាប្រឈមរបស់យើងនូវតែមាននៅឡើយ។ យើងនាំទៅទីផ្សារប្រទេសក្រៅ ត្រូវប្រកួតប្រជែងជាមួយដៃគូខ្លាំងៗនៅខាងក្រៅ ក្នុងហ្នឹងគ្រាន់តែនៅក្នុងតំបន់អាស៊ាន ពួកនៅក្នុងក្របខណ្ឌមេគង្គនេះ ឬក្របខណ្ឌអ៊ិចម៉ិច គឺយើងពិនិត្យមើលផលិតផលប្រហាក់ប្រហែលគ្នាទាំងអស់ គឺប្រកួតប្រជែងគ្នាឯង។ យើងទៅទិញពីប្រទេសគេ ដូចជាទិញយន្តហោះសម្រាប់ដឹកជញ្ជូន Airbus គឺផលិតផលរបស់អឺរ៉ុប ​Boeing ផលិតផលរបស់អាមេរិក អញ្ចឹងមិនមានអ្នកណា(ប្រកួតប្រជែង)។ ឯយើងបើចេញស្រូវគឺស្រូវទាំងអស់គ្នា។ កម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា​សុទ្ធតែស្រូវ ទៅទាំងអស់គ្នា។ ទៅប្រ​កួតប្រជែងទាំងអស់គ្នា​។ អញ្ចឹងទេប្រកួតប្រជែងតែគ្នាឯង។ ដល់គេឃើញប្រកួតប្រជែងតែគ្នាឯង គេទម្លាក់ថ្លៃយើងគ្រឹប។ ដល់របស់គេអត់មានអ្នកប្រកួតប្រជែង គេដាក់ថ្លៃប៉ុន្មានក៏ត្រូវទិញដែរ។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកមួយសាៗ ខ្ញុំតែងតែលើកពីបញ្ហាការប្រកួតប្រជែងគ្នាឯង ក្នុងចំណោមនៃបណ្ដាប្រទេស ដែលកំពុងអភិវឌ្ឍន៍មានផលិតផលប្រហាក់ប្រហែលគ្នា ក្នុងពេលដែលប្រទេសជឿនលឿន គេមានផលិត​ផលអត់មានអ្នកប្រកួតប្រជែងជាមួយបាន។ បើថានាឡិកាស្វ៊ីសផ្ដាច់មុខតែម្ដង ឬបន្ថែមដោយជប៉ុន។ យន្តហោះសម្រាប់ការដឹកជញ្ជូនអាមេរិក និងអឺរ៉ុប រថយន្ត ឬក៏គ្រឿងយន្តមួយចំនួន គឺរបស់ណាមិនល្អ គឺតម្លៃថោកបន្តិចទៅ របស់ណាដែលល្អគឺថ្លៃខ្ពស់ រឿងគឺវាអញ្ចឹង។

វិធានការឧបត្ថម្ភទុន ខុសទៅនឹងបញ្ញត្តិនៃអង្គការពាណិជ្ជកម្មពិភពលោក

យ៉ាងណាក៏ដោយ ស្ថានភាពទីផ្សារអញ្ចឹង។ វាជាយន្តការទីផ្សារ។ យើងអត់មានជម្រើសទេ។ វិធីដែលល្អជាងគេ គឺកាត់បន្ថយតម្លៃផលិត​ ទើបយើងអាចឈានចូលទៅទីផ្សារ។ យើងមិនអាចប្រើវិធានការឧបត្ថម្ភទុនដើម្បីនឹងប្រកួតប្រជែងលើទីផ្សារទេ។ ខុសជាមួយនឹងបញ្ញត្តិនៃអង្គការពាណិជ្ជកម្មពិភពលោក។ បើទោះបីជាប្រទេសជឿនលឿនមួយចំនួន គេឧបត្ថម្ភទុនសម្រាប់កសិករក្នុងស្រុករបស់គេ ក៏ប៉ុន្តែកម្ពុជាមិនត្រូវធ្វើតាមរបៀបនោះទេ។ ឧទាហរណ៍ យើងសម្រាប់ការលក់ចេញ យើងទិញមកក្នុងតម្លៃដើមវា ៤៥០ ដុល្លារក្នុងមួយតោនជាអង្ករ ហើយដើម្បីយើងនាំចេញទៅប្រទេសណាមួយបាន ដេញថ្លៃជាមួយគេឈ្នះ យើងដាក់តែ ៤១០ ដុល្លារ ដោយរដ្ឋបំពេញខាតអោយ ៤០ដុល្លារ ពិតជាមិនអាចធ្វើទៅរួចទេ។ ធ្វើយ៉ាងដូច្នេះគឺវាខុសនឹងក្រឹត្យ​ក្រមទីផ្សារ … អញ្ចឹង ត្រូវរកវិធីដើម្បីកាត់បន្ថយថ្លៃដើមផលិត តាំងពីជីកសិកម្មតាំងពីស្អីៗហ្នឹង។ ម្សិលមិញខ្ញុំបានមើលទូរទស្សន៍ ដូចជាទូរទស្សន៍ Fresh News គាត់ធ្វើសម្ភាសន៍ជាមួយនឹងកសិករ ដាំបន្លែសរីរាង្គនៅឯខេត្តសៀមរាប។ គាត់ស្នើដោយទទូចអោយរដ្ឋបញ្ចុះថ្លៃអគ្គិសនី ព្រោះគាត់ប្រើវិធីខ្ទប់បាំងស្អី តាមបច្ចេកវិទ្យាថ្មី (ដើម្បីដាំ)បន្លែរបស់គាត់។ អញ្ចឹងគាត់មុខតែមានការប្រើអគ្គិសនី។ នេះសុទ្ធតែជាបញ្ហាដែលយើងត្រូវរកវិធីសាស្រ្តដោះស្រាយ។

ពន្យល់ប្រជាពលរដ្ឋពីតម្លៃឡើងចុះក្នុងទីផ្សារកសិផល

មួយទៀត ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទរបស់យើង ត្រូវតែបន្តការស្រាវជ្រាវ ហើយនិងអប់រំប្រជាពលរដ្ឋរបស់យើង អំពីការដែលគេហៅថា អន្លង់អន្លោចទៅតាមទីផ្សារ។ រត់ទៅតាមទីផ្សារដោយខ្វះការពិចារណា។ ដីមួយកន្លែង ៤ ឆ្នាំមុន យើងទៅឃើញកៅស៊ូ។ ៤ ឆ្នាំក្រោយ យើងទៅឃើញស្វាយចន្ទី។ ២ ឆ្នាំក្រោយទៀត យើងទៅឃើញដំឡូងមីម្ដង។ ដោយសារអ្វី? គាត់រត់ទៅតាមចរន្តតម្លៃនៃទីផ្សារ។ អញ្ចឹងគាត់ឃើញថា អានោះវាមិនកាក់កប កាប់វាចោល។ កាប់ដើមកៅស៊ូចោល ដាំស្វាយចន្ទី។ ដល់ស្វាយចន្ទីចុះថ្លៃ កាប់ដើមស្វាយចន្ទីចោល ដាំដំឡូងមីម្ដង។ អញ្ចឹងសុំអោយកសិកររបស់យើង យល់អំពី តម្លៃវាឡើងចុះជាធម្មតារបស់វា ប៉ុន្តែវាមិនចុះជាប់រហូតទេ​។

គោលនយោបាយពន្ធដារទន់ភ្លន់ សំរាប់ការនាំចេញកៅស៊ូ

រាជរដ្ឋាភិបាលក៏បានយកគោលនយោបាយពន្ធដារមួយ បើកៅស៊ូធ្លាក់ថ្លៃប៉ុន្មាន យើងយក(វិធានការណ៍ពន្ធ​ដូចជា) មានពេលខ្លះយើងអត់យកពន្ធតែម្ដង។ ពន្ធសូន្យ។ នៅពេលវាឡើងដល់ប៉ុន្មាន យកពន្ធប៉ុន្មាន។ យើងមានគោលនយោបាយទន់ភ្លន់ លើបញ្ហាពន្ធដារសម្រាប់ការនាំចេញកៅស៊ូរបស់កសិករថែមទៀតផង។ ហ្នឹងជារំដោះសេដ្ឋកិច្ចមួយដែលរាជរដ្ឋាភិបាលបានផ្ដល់។

ទីផ្សារចិន ៤០ ម៉ឺនតោន និងវៀតណាម ៣០ ម៉ឺនតោន យឹតយោងតម្លៃស្រូវអង្ករកម្ពុជា

ឥឡូវនេះ ខ្ញុំនៅតែបន្តការខិតខំដើម្បីប្រើប្រាស់ទីផ្សារដែលយើងមានរួចមកហើយ សម្រាប់លើកតម្លៃស្រូវ នោះ​គឺទីផ្សារចិន ៤០ ម៉ឺនតោន ត្រូវអនុវត្តបាន។ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ត្រូវធ្វើការរួមគ្នាលើបញ្ហានេះ ពិសេសគឺក្រសួងពាណិជ្ជកម្ម។ ហ្នឹងចូលដល់កសិ​-ពាណិជ្ជកម្មហើយ។ ទីផ្សាររបស់វៀតណាម ដែលផ្ដល់អោយយើងនាំចេញចំនួន ៣០ ម៉ឺនតោន។ អញ្ចឹងបាន ៧០ ម៉ឺនតោនអង្ករ វាស្មើនឹងជាងមួយលានតោនស្រូវដែរ។ ធ្វើម៉េចអនុវត្តអោយបានអាហ្នឹង ដើម្បីទាញស្រូវរបស់យើងអោយបានកើនឡើង។

ជំរុញអោយសាធារណរដ្ឋកូរ៉េជួយទិញផលិតផលរបស់កម្ពុជាបន្ថែមទៀត

ល្ងាចនេះ ខ្ញុំនឹងពិសារបាយជាមួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្នុងឋានៈជាគ្រួសារទេ។ ស្អែកទើបចរចាផ្លូវការ និងធ្វើវេទិកាធុរកិច្ចរួមគ្នា។ ពេលគាត់មកដល់ គឺតួអង្គព្រះមហាក្សត្រទេ ដែលត្រូវផ្ដល់ភោជ​នាហារផ្លូវការ សម្រាប់ប្រធានាធិបតី។ ក៏ប៉ុន្តែ ល្ងាចនេះ ខ្ញុំនឹងជួបជាមួយគាត់ ហើយបាយជាមួយគ្នា ពីរនាក់ប្ដីប្រពន្ធៗទេ។ យើងនឹងខិតខំបើកទីផ្សារ។ ហើយស្អែក គម្រោងនៃការលើករបស់ខ្ញុំ ស្នើអោយកូរ៉េជួយទិញផលិតផលរបស់កម្ពុជាថែមទៀត។

ពង្រីកទីផ្សារ ដើម្បីកំណើនសេដ្ឋកិច្ចជាក់លាក់ គ្មានហានិភ័យពីកត្តា ឬវិបត្តិខាងក្រៅ

ទីផ្សាររបស់យើង ពិតជាយើងមិនអាចទៅចំណុះលើទីផ្សារណាមួយ ដោយគេខ្ទប់ច្រមុះយើងអោយស្លាប់នោះទេ។ ឆ្នាំនេះ ខ្ញុំនឹងដើរទៅកាន់ប្រទេសអាស៊ីអឺរ៉ុប គេហៅថា Eurasia មួយចំនួនទៀត ដើម្បីទាញយកផលិត​ផលរបស់យើងទៅកាន់ទីនោះ។ យើងតម្រង់ឆ្ពោះទីផ្សារនៅមជ្ឈឹមបូព៌ាថែមទៀត។ យើងបើកទីផ្សារកាន់តែធំ។ កាលពីមុន ស្អីក៏យើងទិញគេដែរ។ ដំណាក់កាលមុន ស្អីក៏នាំចូលដែរ។ ដំណាក់កាលនេះរបស់វាសល់ ហើយវាត្រូវនាំចេញ។ អញ្ចឹងការវិវឌ្ឍវាបានដើរមកដល់នេះហើយ។ នេះជាចំណុចដែលខ្ញុំគ្រាន់តែធ្វើការទាក់ទាញចំណាប់អារម្មណ៍សម្រាប់យើង ដើម្បីយើងប្រើប្រាស់ការខិតខំរួមគ្នានេះ ធ្វើអោយសេដ្ឋកិច្ចរបស់យើងមានកំណើនជាក់លាក់ ហើយគ្មានហានិភ័យដែលពាក់ព័ន្ធទៅនឹងកត្តាខាងក្រៅ ឬវិបត្តិខាងក្រៅ។

គិតគូរ និងរួមគ្នាដោះស្រាយ ពេលបញ្ហាវិបត្តិសេដ្ឋកិច្ចសកលមកដល់

ម្សិលម្ង៉ៃ ខ្ញុំជួបជាមួយនឹងថ្នាក់ដឹកនាំធុរកិច្ចរបស់ជប៉ុន។ គាត់ក៏លើកអំពីកង្វល់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល នៅក្នុងដំណាក់កាលនៃសង្រ្គាមពាណិជ្ជកម្ម។ កង្វល់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់តំបន់ ក៏ប៉ុន្តែគាត់ក៏បានមើលឃើញអំពីការកើនឡើងនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានរបស់យើង។ តែយើងក៏មានការគិតគូរអំពីការជះឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច គេហៅថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល តាមរយៈការព្យាកររបស់ IMF ឬធនាគារពិភពលោក។ យើងនឹងមិនត្រូវរងនូវផលប៉ះពាល់នោះ។ បើសិនជារង រងក៏នៅក្នុងកម្រិតតូចតាចណាមួយ ព្រោះសេដ្ឋកិច្ចរបស់យើង វាទាក់ទងជាមួយនឹងសេដ្ឋកិច្ចសកលដែរ។ អញ្ចឹងជាចំណុចដែលខ្ញុំគិតថា យើងទាំងអស់គ្នាមានមោទនភាពផង មានការសប្បាយរីករាយផង និងក៏មានបញ្ហាប្រឈម ដែលទាមទារនូវការរួមគ្នា ដើម្បីដោះស្រាយបញ្ហា។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង-ស្ថាប័ន ឤជ្ញាធរដែនដី កងកម្លាំងប្រដាប់ឤវុធ វិស័យឯកជនដៃគូអភិវឌ្ឍ ព្រមទាំងសហគមន៍ជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យ​កសិកម្មនៅកម្ពុជា។

នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ សន្និបាតបូកសរុប ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨ – ២០១៩ និង លើកទិសដៅការងារឆ្នាំ ២០១៩-២០២០ នាពេលនេះ ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិ និងអង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការគឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ យាងត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយចូលរួម កិច្ចប្រជុំកំពូលហ្វ្រង់កូហ...

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជាណា​ចក្រ​កម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ​២០​២៤