ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាពិព័រណ៍ ខួប៤០ឆ្នាំ នៃកំណែទម្រង់បើកទូលាយប្រទេសចិន

ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — ប្រភពពីទូរទ្សន៍ជាតិកម្ពុជាបានឱ្យដឹងថា  ក្នុងឱកាសនៃការស្នាក់​នៅបំពេញ​ទស្ស​​​​ន​​​កិច្ច​ផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននោះ នាព្រឹកថ្ងៃទី២១ ខែម​ក​រា​ ឆ្នាំ​២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច​ក្រ​​​ក​ម្ពុ​ជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានអញ្ជើញអញ្ជើញទស្សនា​ពិព័រណ៍ក្នុង​ឱ​កា​សខួប៤០ឆ្នាំ នៃកំណែទម្រង់ និងការបើកទូលាយប្រទេសចិន នៅសារមន្ទីរជាតិចិន ដែល​ស្ថិត​នៅខាងកើតនៃទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។

បេសកកម្មរបស់សារមន្ទីរ គឺដើម្បី​អប់រំសិល្បៈនិងប្រវត្តិសាស្រ្តនៃប្រទេសចិន ដែល​ត្រូវ​បានដឹកនាំដោយក្រសួងវប្បធម៌ នៃសាធា​រណរដ្ឋប្រជាមានិតចិន។ សារមន្ទីរនេះ​បានបើក​ឱ្យ​ដំ​ណើរ ថ្ងៃទី ១ ខែតុលាឆ្នាំ ១៩៥៩។ លោក  Chunfa Wang​ នាយកសារមន្ទីរ​ជាតិនៃ​ប្រ​ទេ​ស​ចិន បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការដាក់តាំងបង្ហាញ នូវពិព័រណ៍រូបថត ស្តី​ពី​សកម្មភាពនៃរយះពេល៤០ឆ្នាំ នៃកំណែទម្រង់ និង​ការបើកទូលាយរបស់ប្រទេស​ចិន ពោ​ល​គឺ​ចាប់តាំងពីសម័យដឹកនាំដោយលោកប្រធាន តេង ស៊ីពីង រហូតមកដល់ដំណាក់ដឹកនាំនា ពេល​បច្ចុ​ប្បន្ន របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។ ពិព័រណ៍ សមិទ្ធផលរូបថត ស្តីពី​សកម្ម​ភា​ព​ទាំងនេះ គឺបង្ហាញពីការកែទម្រង់ស៊ីជម្រៅពីសំណាក់ថ្នាក់ដឹក នាំចិន ស្តីពីទិសដៅ និងអនាគតដ៏​ភ្លឺ​ត្រចះត្រចង់របស់ប្រទេស និងប្រជាជនចិន។ ពិព័រណ៍សមិទ្ធ ផលរូបថត ទាំងនេះ ក៏បានបើក​ឱ្យ​ប្រជាជនចិន និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ចូលទស្សនា​ផង​ដែរ។

គួរបញ្ជាក់ដែរថា  ព្រះរាជា​ណា​ចក្រ​កម្ពុ​ជា សាធារណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ នៅ​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហ​ប្រតិបត្តិការ​ទ្វេ​ភា​គី កម្ពុជា-ចិន ត្រូវបានដំឡើង ទៅជាកិច្ចសហប្រតិបត្តិ​ការភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោ​យ។ កម្ពុជា-ចិន បានឯកភាពគ្នារៀបចំសកម្មភាពអបអរសាទរខួប ៦០ឆ្នាំ នៃការបង្កើត​ទំ​នា​ក់​ទំនង​ការទូតយ៉ាងអធិកអធមបំផុត កាលពីឆ្នាំ២០១៨។ នៅក្នុងសករាជថ្មីនៃទំនាក់ទំនង កិច្ច​សហ​ប្រតិ​បត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរ​ក​ម្ពុ​ជា ចិន បានធ្វើ​ការ​ផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ក្នុងនោះព្រះករុណា ព្រះ​ម​ហាក្សត្រ នៃព្រះ​រា​ជាណាចក្រកម្ពុជា ស្តេចយាងបំពេញព្រះរាជាទស្សនកិច្ច ទៅកាន់​សា​ធារ​ណរដ្ឋប្រជាមានិតចិន ចំនួន ១១លើកចាប់តាំងពីខែសីហាឆ្នាំ២០០៥ រហូតដល់ខែកញ្ញា និង​ខែតុលាឆ្នាំ២០១៨ សម្តេច​តេ​ជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និង​អញ្ជើ​ញបំពេញទស្សនកិច្ចការងារ​ចំនួន១២លើក ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៧ ក្នុង​នោះ​បំពេញទស្សនកិច្ច​ផ្លូវការ​ចំនួន​៦លើក និងបំពេញទស្សនកិច្ចការងារចំនួន៦លើក។

ដោយ​ឡែក​ថ្នាក់ដឹកនាំចិន អញ្ជើញ​មក​បំពេញទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការ នៅកម្ពុជា ក្នុងនោះ​ឯក​ឧ​ត្ត​ម ស៊ី ជីនពីង ប្រធានាធិបតីចិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៣​ដល់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ២០១៦ និង​ឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ខឺឈាង អញ្ជើញបំពេញ​ទស្ស​ន​​កិច្ចផ្លូវការក្នុងប្រទេសកម្ពុជា នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្នុងដំណើរទស្សនកិច្ច​ផ្លូវ​ការ​នោះ​ ប្រមុខរដ្ឋាភិបាល នៃប្រទេស​ទាំងពីរកម្ពុជា ចិន បានចេញសេចក្តីប្រកាសរួម និងបាន​ចុះ​ហត្ថ​លេខាលើឯកសារចំនួន១៩ លើ​វិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ហេ​ដ្ឋារ​ចនាសម្ព័ន្ធ កសិកម្ម ថាមពល និង​សុខាភិបាល។ លើទំហំពាណិជ្ជកម្មនៃ​ប្រទេសទាំង​ពី​រ​ក​ម្ពុ​​ជា ចិន មេដឹកនាំនៃប្រទេសទាំងពីរ មាន​បំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១០ប៊ី​លា​ន​ដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ខណៈ​បច្ចុប្បន្ន​ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានជាង ៥ពាន់​៥៧៧លានដុល្លារអាម៉េរិក ក្នុងនោះ​នៅឆ្នាំ២០២០ខាងមុខ ភាគីទាំងពីរ មានបំណង​ប​ង្កើ​ន​ទំ​ហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់៦ប៊ីលាន​ដុល្លារអាម៉េរិក។ លើវិស័យវិនិយោគទុន ក្នុងឆ្នាំ២០​១​៨​កន្លងទៅ វិនិយោគទុន​ចិន​ នៅកម្ពុជា​មានទឹកប្រាក់ ២ពាន់៨២២លានដុល្លារ ជាប់​ចំ​ណាត់​ថ្នាក់​លេខ១ ក្នុងចំណោមវិនិយោគ​ទុន​បរ​ទេស ក្នុងនោះរួមមានវិស័យឧស្សាហកម្មវាយន​ភ័ណ្ឌ​កាត់​ដេរ វារីអគ្គិសនី រោងចក្រកិនស្រូវ កសិឧស្សាហកម្ម វិស័យសំណង់ និងរោង​ចក្រ​ធ្យូ​ថ្ម​។​ល​។ លើវិស័យទេសចរណ៍ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ មានអ្នក​ទេ​ស​​ចរចិនមកកម្សាន្ត​ក្នុងប្រទេសកម្ពុជា មាន​ចំនួន ១លាន៦២៨ពាន់៨៤៦នាក់។ ទេសចរចិន​មក​ទស្ស​នាកម្ពុជា អាចនឹងកើនដល់​ប្រមាណ ២លាននាក់ ក្នុងឆ្នាំ២០២០។ បច្ចុប្បន្នមានអាកា​ស​ចរ​ណ៍ចំ​នួន១៥ ក្នុងនោះក្រុមហ៊ុន​កម្ពុជាចំនួន៣ កំពុងដំណើរការហោះហើរត្រង់ពី​ចិនមក​កម្ពុ​ជា​ចំនួន១៥៥ជើង ក្នុងមួយសប្តាហ៍​។ លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌខ្សែក្រវាត់ និង​ផ្លូវ កម្ពុជា ចិន បានចុះហត្ថលេខា​លើ​ចំណុច​គោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើ​ម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ​ផ្លូវ​សូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសត​វ​ត្ស​​រ៍ទី២១ កាល​ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៧។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញ​ចូ​ល​រួមវេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់​កិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៤-១៥ ខែ​ឧ​ស​ភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន។ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រទេ​ស​ចិន​បានរួមចំណែកផ្តល់​ឥណទាន​កម្ចី​ក្នុងការកសាងផ្លូវដែលសាងសង់រួចមាន២៣ខ្សែ ប្រវែង​ជា​​ង២ពាន់៣០០គីឡូម៉ែត្រ ប្រើ​ប្រាស់​ថវិកាប្រមាណ ១ពាន់៣០០លានដុល្លារ និងផ្លូវកំពុង​សា​ង​សង់មាន៦ខ្សែ ប្រវែង៦០គីឡូ​ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៤៩០លានដុល្លារ។ ស្ពា​នធំ​ៗ​ដែល​បានសាងសង់រួចមានចំនួន៧ ប្រវែង៦ពាន់៨២៤ម៉ែត្រ ក្នុងនោះរួមមានស្ពាន​ជ្រោយ​ច​ង្វា​​​រ​ តាខ្មៅ សេកុង ព្រែកតាមាក់ ព្រែក​ក្តាម កោះធំ និងស្ពានស្ទឹងត្រែងនៅផ្លូវជាតិលេខ៩ ប្រើ​ប្រាស់​ថវិកាអស់ប្រមាណ ២១៦លានដុល្លារ និងស្ពានកំពុងសាងសង់ចំនួន១ គឺ​ស្ពានឆ្លង​កាត់​ទន្លេ​មេគង្គស្ទឹងត្រង់ ក្រូចឆ្មារ។

ដោយឡែ​ក្នុង​ឆ្នាំ២០១៨នេះ មានគម្រោងសាងសង់​ផ្លូវជាតិ​លេ​ខ​៣ និងផ្លូវក្រវាត់ក្រុងទី៣ ប្រវែង​សរុប​១៨៧គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៤៨៣​លានដុល្លារ។ លើការអភិវឌ្ឍធនធាន​មនុស្ស ភាគីចិនបានផ្តល់អាហារូបករណ៍​ដល់និស្សិត​កម្ពុ​ជា​ ក្នុងនោះឆ្នាំ២០១៦ មាន១២១នាក់ ឆ្នាំ២០១៧មាន ១៨១នាក់ ឆ្នាំ២០១៨មាន៣៣៨កន្លែង ដោ​យឡែកក្នុងដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មក​កា​ន់​​កម្ពុជាកាលពីឆ្នាំ២០១៦ ឯកឧត្តម​ប្រធានាធិបតីបានសន្យាផ្តល់អាហារូបករណ៍ដល់​និស្សិតកម្ពុ​ជា​ចំនួន ៥០០កន្លែង បន្ថែមលើ​អាហា​រូបករណ៍ដែលមានស្រាប់។ បច្ចុប្បន្ននិស្សិតកម្ពុជា​កំពុង​សិ​ក្សាក្នុងប្រទេសចិន មានចំនួន​១ពាន់៦៤៤នាក់ ក្នុងនោះសិក្សានៅទីក្រុងប៉េកាំងមានចំនួន ២១៣នាក់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort