កោះកុង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ — ឆ្លៀតក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នៅលើទឹកដីនៃខេត្តកោះកុង កាលពីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយាដ៏ឧត្តុង្គឧត្តម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកម្សាន្តលំហែកាយនៅរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប ស្ថិត ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ដំណើរនៃការអញ្ជើញកម្សាន្តលំហែកាយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅ កាន់តំបន់រម្មណីយដ្ឋានព្រៃ កោងកាង ពាមក្រសោប នាពេលនេះ គឺដើម្បីជាការជំរុញលើកកម្ពស់វិស័យទេសចរណ៍ ខេត្តកោះកុង ដែលជាខេត្តដាច់ស្រយាលមួយរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក និងភាពទាក់ទាញថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ នៅក្នុងដំណើរកម្សាន្តលំហែកាយតាមកាណូតលើផ្ទៃទឹកនៃតំបន់មាត់សមុទ្រ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំ ដែលបានអមដំណើរ ចំណាយពេលប្រមាណ ជាង១ម៉ោង ដើម្បីទស្សនានូវទេសភាពព្រៃកោងកាងដ៏ល្អឯក ដែលដុះតាមផ្ទៃសមុទ្រ ដ៏មាន សក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ចាក់ដែថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ ពីគ្រប់ភាគីពាក់ព័ន្ធ និងការ ចូលរួមរបស់ប្រជាជនកម្ពុជា បាននិងកំពុងក្លាយជាគោលដៅទេសចរណ៍អន្តរជាតិមួយ ដែល ត្រូវទស្សនាប្រកបដោយទាក់ទាញក្នុងតំបន់ និងនៅលើពិភពលោក ពិសេសខេត្តសៀមរាប-អង្គរ ត្រូវបានទទួលស្គាល់ និងចាត់ថ្នាក់ជាទីក្រុងគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ ទាញលំដាប់ទី៤ នៅលើពិភពលោក និងលំដាប់ទី២នៅអាស៊ី បន្ទាប់ពីទីក្រុងក្យូតូ។
បើតាមការវាយតម្លៃរបស់ទស្សនាវដ្តី Travel and Leisure ហើយអង្គរក៏បានជាប់ពានរង្វាន់ ជើងឯកឆ្នាំ២០១៤ Archeo Madness ក្នុងឱកាសទិវាបុរាណវិទ្យាអន្តរជាតិ។ កាលពីឆ្នាំ២០១៤ កន្លងទៅ ព្រមជាមួយនឹងចំនួនទេសចរអន្តរជាតិ នៅលើសកលលោកប្រមាណជាង ១.០០០លាននាក់ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ ក្នុងកំណើន ៧ភាគរយ ក្នុងនោះភ្ញៀវទេសចរមកពីតំបន់អាស៊ីប៉ាស៊ីហ្វីកមានសមាមាត្រ៧៨ភាគរយ មកពីអឺរ៉ុបមានសមាមាត្រ១៦ភាគរយ និងមកពីអាម៉េរិកមានសមាមាត្រ ៦ភាគរយ នៃចំនួនសរុប ព្រមទាំងចំនួនភ្ញៀវទេសចរក្នុងស្រុកប្រមាណជាង៨លាននាក់។ ជាមួយគ្នានេះ ភាគច្រើននៃភ្ញៀវទេសចរអន្តរជាតិសរុប ចូលចិត្តទស្សនាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត ពិសេសប្រាសាទអង្គរ និងគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ដទៃទៀត ខណៈពេលដែលនិន្នាការទេសចរណ៍តំបន់ឆ្នេរសមុទ្រ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍នៅកម្ពុជា កំពុងមានការរីកចម្រើនផងដែរ។ វិស័យទេសចរណ៍កម្ពុជាបានរួមចំណែកប្រមាណជាង១០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ២០១៣ ជាមួយនឹងការបង្កើតឱកាសការងារដោយផ្ទាល់ប្រមាណជាង៥០ម៉ឺននាក់ ពោលគឺប្រមាណ១៣ភាគរយ នៃកម្លាំងពលកម្មសរុប និងការងារដោយប្រយោលរាប់ម៉ឺននាក់ថែមទៀត។ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ទេសចរណ៍នៅកម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ព្រមទាំងយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជាស្អាតនិងបៃតង និងការផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព កម្ពុជានឹងទទួល ទេសចរអន្តរជាតិប្រមាណ៧.៥លាននាក់នៅឆ្នាំ២០២០។ ការរីកចម្រើននៃវិស័យទេសចរណ៍ កម្ពុជា គឺពិតជារួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើនដល់វិស័យដទៃទៀត មានជាអាទិ៍ សេដ្ឋកិច្ច វប្បធម៌ សង្គម បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ រួមមានផ្លូវថ្នល់ កំពង់ផែ ទេសចរណ៍ សណ្ឋាគារ និងអគ្គិសនីជាដើម។ ដោយឡែកចំពោះទេសចរណ៍ប្រកបដោយនិរន្តរភាព អាចជាកម្លាំងចលករមួយដ៏ធំ ក្នុងការទ្រទ្រង់ផ្តល់តម្លៃ និងកិច្ចការពារបេតិកភណ្ឌរូបី និងអរូបី ហើយពឹងផ្អែកលើការជំរុញលើកទឹកចិត្តអភិវឌ្ឍន៍សិល្បៈ សិប្បកម្ម និងសកម្មភាពច្នៃប្រឌិតផ្សេងៗទៀត។ លើសពីនេះទៀត នៅពេលដែលមានកំណើនទេសចរណ៍មិនដែលធ្លាប់មានពីមុនមក វាពិតជាមានសារៈសំខាន់ដើម្បីបញ្ជាក់អំពីការទទួលខុសត្រូវរួមគ្នា រវាងភាគីពាក់ព័ន្ធវិស័យវប្បធម៌ និងទេសចរណ៍ ជាពិសេសក្នុងរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ក៏ដូចជាកាលានុវត្តភាពដ៏មហិមាសម្រាប់វិស័យទាំងពីរ គឺទេសចរណ៍និងវប្បធម៌ ដើម្បីអភិវឌ្ឍន៍នូវគំរូភាពជាដៃគូថ្មី។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅរាត្រីថ្ងៃទី១៥ ខែធ្នូនេះ ដើម្បីជាការរួមចំណែកដល់ការជំរុញលើកកម្ពស់វិស័យទេសចរណ៍ខេត្តកោះកុង ឱ្យកាន់តែមានភាពទាក់ក្នុង គោលដៅនៃការប្រែក្លាយខេត្តចុងកាត់មាត់ញកមួយនេះ កាន់តែមានការអភិវឌ្ឃរីកចម្រើន ខ្ពស់ថែមទៀត៕
ដោយ ជឹម ណារី