ប្រមុខការទូតកម្ពុជាស្នើឱ្យអង្គការបរទេសគោរពច្បាប់ និងកុំពាក់ព័ន្ធរាល់សកម្មភាព ហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ — ប្រមុខការទូតកម្ពុជា បានស្នើឱ្យក្រុមអង្គការមិនមែនរដ្ឋាភិបាល(NGOs) របស់បរទេសចូលរួម អនុវត្តន៍សកម្មភាពស្របតាមក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នានាជាធរមាន និង​ត្រូវជៀសវាងជាដាច់ខាតរាល់សកម្មភាពទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ ការលាងសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យលោកដែល បានកំណត់ឡើងដោយក្រុមប្រទេសអាស៊ី ប៉ាស៊ីហ្វិក ។

ក្នុងកិច្ចពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស កាលពីព្រឹក ថ្ងៃ​ទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍​ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងរួមចំណែកលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេសឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបម្រើ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីបញ្ជាក់ថា វេទិកានេះ នឹងផ្តល់ឱកាសរួមគ្នាកំណត់បញ្ហាប្រឈមនានា ដើម្បី ស្វែងរកដំណោះស្រាយសមស្រប ក្នុងការពង្រឹងការអនុវត្តច្បាប់ បទបញ្ញត្តិជាធរមាន ឱ្យកាន់ តែមានប្រសិទ្ធភាពស័ក្តិសមជានីតិរដ្ឋ។ ឯកឧត្តមឧបកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវ ដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ត្រូវបន្តសហ ការ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការដែលនៅមានសុពលភាព អនុ ស្សរណៈយោគយល់គ្នាជាមួយក្រសួងការបរទេស ក្នុងកិច្ចប្រតិបត្តិការសកម្មភាព របស់ពួក គាត់។ ឯកឧត្តមបានលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាល សូមជៀសវាងជាដាច់ខាតនូវ សកម្មភាពទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញ ប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដែលបានកំណត់ឡើងដោយក្រុម​ប្រទេសអាស៊ី ប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ ដើម្បីជៀសផុតពីការធ្លាក់ ចូលទៅក្នុងបញ្ជី​ប្រផេះរបស់ស្ថាប័ននេះ ព្រមទាំងកុំឱ្យមានជាបច្ច័យអវិជ្ជមាន ដល់កម្ពុជាលើផ្នែកប្រព័ន្ធ​ហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម។ ឯកឧត្តមបានបន្ថែមថា អង្គការមិនមែន រដ្ឋាភិបាលបរទេសទាំងអស់ ក៏ត្រូវតែធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនតាមប្រព័ន្ធ ធនាគារ​ដែល​ស្របច្បាប់ និងមានអាជ្ញាប័ណ្ណផ្លូវការ ចេញដោយធនាគារជាតិ នៃកម្ពុជា។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៣៨៦ នៅមានសុពលភាព ហើយអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងនោះមកពីប្រទេស​ផ្សេងៗនៃទ្វីបអាស៊ី អាម៉េរិក អឺរ៉ុប និងអូស្រ្តាលី ដែលមានគម្រោងសំខាន់ៗ ផ្តោតលើវិស័យ អប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍សហគមន៍ បរិស្ថាន និងបោសសម្អាតមីន៕

ដោយ ប៊ុន រិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ