CNV:
– សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
– សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំប្រចាំ ឆ្នាំលើកទី ២៧ នៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក
– ឯកឧត្តម លោកជំទាវ លោក លោស្រី ជាប្រតិភូ នៃប្រទេសជាសមាជិកនៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក
– ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ភ្ញៀវជាតិ-អន្តរជាតិ ជាទីមេត្រី !
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ នៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក ស្តីពី ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានរៀបចំឡើងនាពេលនេះ។ ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូនៃបណ្តាប្រទេសសមាជិកអង្គការ អេភីភីអេហ្វ (APPF) ប្រទេសសង្កេតការណ៍ និងអង្គការដៃគូទាំងអស់ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវជាតិ-អន្តរជាតិ ដែលបានអញ្ជើញមកដល់ទឹកដី អង្គរនៃខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះជាលើកដំបូង សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ នៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមគ្នាពិភាក្សាអំពីស្ថានភាពនយោបាយ សង្គមសេដ្ឋកិច្ច បញ្ហាប្រឈមសកល សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងអន្តរជាតិ និងការទូតសភា ជាពិសេស កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ក្នុងតំបន់ ដើម្បីសម្រេចបានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសដ៏ឱឡារិកនេះ ទូលព្រះបង្គំខ្ញុំសូមព្រះរាជានុញ្ញាត សម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ និងប្រោសប្រទានការគាំទ្រជានិច្ចចំពោះព្រឹទ្ធសភា រដ្ឋសភា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍន៍- ជាតិ ការលើកស្ទួយជីវភាព សុខុមាលភាព និងភាពសុខដុមរមនា នៃប្រជារាស្ត្ររបស់ព្រះអង្គ។
– សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ពេលនេះ នៅតំបន់ឤស៊ីប៉ាស៊ីហ្វិក រួមទាំងពិភពលោកផង កំពុងប្រឈមនឹងបញ្ហាសកល ដូចជាសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមសញ្វវុធ អំពើភេរវកម្មឆ្លងដែន ការជួញដូរឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ការប្រែប្រួលឤកាសធាតុ គ្រោះមហន្តរាយធម្មជាតិ អសន្តិសុខស្បៀង និងភាពក្រីក្រ ដែលកំពុងគំរាមដល់សន្តិសុខសកល និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក។ ដូច្នេះ កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ នៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក នាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសនៅក្នុងតំបន់ រួមទាំងកម្ពុជាផង ដើម្បីពង្រឹងភាពជាដៃគូសភាឤស៊ីប៉ាស៊ីហ្វិក ឈានទៅសម្រេចបាននូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកប ដោយចីរភាព។
កិច្ចប្រជុំនេះប្រព្រឹត្តទៅស្របពេល ដែលកម្ពុជាទើបតែបានធ្វើពិធីរំលឹកខួបប្រវត្តិសាស្ត្រធំៗ ២ គឺខួបលើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា និងខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជាបានដោះស្រាយបញ្ហាជាតិដោយខ្លួនឯងផ្ទាល់ ហើយបានបញ្ចប់ដោយជោគជ័យនូវសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើឤវុធ និងគ្មានការបង្គាប់បញ្ជា ឬ ជួយជ្រោមជ្រែងពីបរទេស ហើយនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា ដែលពុំធ្លាប់កើតមានអស់រយៈពេលជាង ៥០០ ឆ្នាំកន្លងមក។
បច្ចុប្បន្ន កម្ពុជាបានសាងសង់វិមានឈ្នះ-ឈ្នះ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ គឺការបញ្ចប់សង្គ្រាមជាស្ថាពរ និងតំណាងឱ្យកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍ ហើយបានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិច្រើនឥតគណនា សម្រាប់កូនចៅ ជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជា។
បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយចាប់ផ្តើមពីចំណុចសូន្យ ហើយក្នុងរយៈពេលជិត ២ ទសវត្សរ៍ ចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី ៦ លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង ៧% ក្នុង ១ ឆ្នាំ តាមរយៈការរីកចម្រើនឥតឈប់ឈរលើវិស័យឧស្សាហកម្មកម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ដោយឡែក រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ចំពោះអត្រានៃភាពក្រីក្រក៏បានធ្លាក់ចុះពីប្រមាណ ៥៣,២ % នៅឆ្នាំ ២០០៤ មកនៅត្រឹមប្រមាណ ១៣,៥% នៅឆ្នាំ ២០១៤ និងត្រូវបានរំពឹងថា បន្តថយចុះមកក្នុងរង្វង់ ១០% នាបច្ចុប្បុន្ន។ កត្តានេះ ធ្វើឱ្យកម្ពុជាកាន់តែមានមហិច្ឆតាខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ លទ្ធផល នេះបញ្ជាក់ច្បាស់ថា មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍខ្លាំងក្លា ទើបធានាបានសន្តិភាព ស្ថិតស្ថេរចីរកាល។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចែករំលែកអនុសាសន៍មួយ ចំនួនដល់អង្គពិធីសម្រាប់ជាមូលដ្ឋានក្នុងការពិចារណា និងរៀបចំការពិភាក្សា ដូចខាងក្រោម៖
១. ត្រូវរួមគ្នាយកចិត្តទុកដាក់លើតួនាទីអង្គការសហប្រជាជាតិ តួនាទីឤស៊ាន តួនាទីអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ជាពិសេសគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការប្រែប្រួលឤកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខ-ស្បៀង និងការកាត់បន្ថយភាពក្រីក្រ ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។
២. ត្រូវរួមគ្នាលើកកម្ពសកា់រគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ និងកតិកាសញ្ញាផ្សេងៗ នៃអង្គការសហប្រជាជាតិ ជាពិសេសការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ឬបង្កើតសកម្មភាពខុសច្បាប់ផ្សេងៗ ដែលបង្កឱ្យមានអស្ថិរភាពនយោបាយ ឬភាពវឹកវរក្នុងតំបន់ និងពិភពលោក។
៣. ត្រូវរួមគ្នាដោះស្រាយជម្លោះដែលកើតឡើងតាមរយៈការចរចាដោយសន្តិវិធី ឬដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឬតាមរយៈនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យភាគីជម្លោះទាំងសងខាងឈ្នះឈ្នះ ឬឤចទទួលយកបានទាំងអស់គ្នាដោយសុខសន្តិភាព។
៤. ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន ជួញដូរវត្ថុបុរាណ បទល្មើស បច្ចេកវិទ្យា ទូរគមនាគមន៍ ជំងឺឆ្លងគ្រប់ប្រភេទ និងការជួញដរូស្ត្រី និងកុមារ។
៥. ត្រូវរួមគ្នាលើកតម្កើងវប្បធម៌ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសក្នុងតំបន់ ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសឤស៊ីប៉ាស៊ីហ្វិក ដើម្បីថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សទាំងនៅក្នុងតំបន់ និងពិភពលោក ឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ នៃវេទិកាឤស៊ីប៉ាស៊ីហ្វិក ស្តីពី ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលមានវត្តមាននៅក្នុងអង្គពិធី សូមទទួលបាននូវផាសុកភាព និងការចងចាំនូវអនុស្សាវរីយ៍ល្អៗ ក្នុងការស្នាក់នៅលើទឹកដីអង្គរដ៏ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា៕
សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់ !