សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​ពិធី បើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុង ខ្សែទី ៣ (ផ្លូវជាតិលេខ ៤ ដល់ ១)

ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា,
សម្តេច ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ​ ដែលបានចូលរួមនៅក្នុងពិធីនេះជាទីនឹករលឹក!

អរគុណដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន

ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយដោយបានរួមជាមួយនឹងឯកឧត្តមអគ្គរដ្ឋទូត សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិ ដើម្បីបើកការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ក្រុង គេហៅខ្សែក្រវាត់ទី ៣ របស់រាជធានីភ្នំពេញ។ ដោយថ្ងៃនេះ មានទាំងអ្នកអញ្ជើញមកពីទីក្រុងភ្នំពេញ និងអ្នកអញ្ជើញមកពីខេត្តកណ្តាល ពិសេស គឺស្រុកកណ្តាលស្ទឹង អនុញ្ញាតឲ្យខ្ញុំក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលការបោះឆ្នោតនោះ បានផ្តល់ឱកាសសម្រាប់ឲ្យខ្ញុំបន្តជានាយករដ្ឋមន្រ្តី ដែលខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ដោយសារតែការបោះឆ្នោតនោះហើយ បានជាថ្ងៃនេះ យើងមានឱកាសដើម្បីបើកការដ្ឋានសាងសង់នូវផ្លូវក្រវាត់ក្រុងទី ៣ ដែលមានចម្ងាយរហូតទៅដល់ជិត ៥៣ គីឡូម៉ែត្រ ដែលអាចចាត់ទុកថាជាផ្លូវមួយដ៏ធំ សម្រាប់ដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងប្រទេសរបស់យើង។ អនុញ្ញាតឲ្យខ្ញុំក្នុងឋានៈជាបេក្ខភាពនាយករដ្ឋមន្រ្តីកាលពីពេលមុន ក្លាយទៅជានាយករដ្ឋមន្រ្តីផ្លូវការនៃអាណត្តិទី ៦ បន្តដំណើរការជាមួយនឹងប្រជាពលរដ្ឋរបស់យើងទាំងនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជាប្រជាជននៅក្នុងក្របខណ្ឌទូទាំងប្រទេស។

ពុទ្ធទំនាយ «មានផ្ទះ គ្មានមនុស្សនៅ មានផ្លូវ គ្មានមនុស្សដើរ» ពិតជាបានកើតពិតមែន

ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ ក៏ដូចជាឯកឧត្តម វ៉ាង វិនធៀន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងអំពីចំណុចពាក់ព័ន្ធជាមួយនឹងការស្ថាបនាផ្លូវនេះ ក៏ដូចជាចំ​ណុចពាក់ព័ន្ធជាមួយនឹងបញ្ហាបច្ចេកទេស និងការជឿនលឿនសម្រាប់ប្រទេសរបស់យើង (ខ្ញុំសូមបន្ថែម)ហេតុអ្វីបានជាមានការចាំបាច់កសាង (នូវអ្វីដែល)គេនិយាយតាមមួយបែបថា ខ្សែក្រវាត់ក្រុង ប៉ុន្តែ និយាយមួយបែបទៀតគេថា ផ្លូវវាងក្រុង? ហេតុអីក៏ចាំបាច់ទៅធ្វើអាផ្លូវនោះ? សូម្បីតែនៅក្នុងឆ្នាំ ១៩៧៩ ផ្លូវនៅទីក្រុងភ្នំពេញ យើងប្រើអត់អស់ទេ។ យើងបិទចោលផ្លូវមួយចំនួន។ រហូតមកដល់ដើមទសវត្សរ៍ ៩០ ហើយ ផ្លូវមួយចំនួននៅបិទនៅឡើយទេ ដោយសារតែវាមិនមានចរាចរណ៍។ ផ្លូវនៅទីក្រុងភ្នំពេញ គឺប្រើមិនអស់ទេ។ កុំថាឡើយយើង(មានការចាំបាច់)ត្រូវពង្រីកផ្លូវមកខាងក្រៅ។ ពុទ្ធទំនាយដែលដូនតាយើងបាន(និយាយតៗ) ហើយខ្ញុំបានលឺតាំងពីក្មេង រហូតដល់ខ្ញុំជជែកតមាត់ជីដូនជីតារបស់ខ្ញុំផង ដែលគាត់និយាយអំពីពុទ្ធទំនាយថា «មានផ្ទះ គ្មានមនុស្សនៅ មានផ្លូវ គ្មានមនុស្សដើរ» គឺខ្ញុំបានជជែកជាមួយគាត់ថា វាមិនដែលទេតា។ មិនដែលមានផ្ទះហើយ អត់មនុស្សនៅ មានផ្លូវហើយអត់មនុស្សដើរ។ ប៉ុន្តែ យើងបានជួបប្រទះពិតប្រាកដមែននូវពុទ្ធទំនាយនេះនៅក្នុងរយៈពេលនៃការគ្រប់គ្រងអំណាចរបស់ពួក ប៉ុល ពត។ ពេលនោះ ទីក្រុងភ្នំពេញមិនមានមនុស្សនៅទេផ្ទះ ហើយផ្លូវនៅទីក្រុងភ្នំពេញក៏មិនបានប្រើប្រាស់ដែរ។

ក្រោយរំដោះ ៧ មករា សង់ផ្ទះស្អេកស្កះខ្ពស់ៗ ផ្លូវវិញពង្រីកមិនចេះគ្រប់គ្រាន់

ក្រោយរំដោះ ៧ មករា ១៩៧៩ ផ្ទះមួយចំនួនមិនមែនដូចឥឡូវនេះទេ។ ឥឡូវនេះ គឺវាស្អេកស្កះ។  សូម្បី​តែដីនៅសេសសល់បន្តិចបន្តួចនាំគ្នាធ្វើ ហើយពង្រីក មិនត្រឹមតែធ្វើអាទាបៗទេ ឡើងដល់អាកាសឯណោះឥឡូវនេះ។ ឯចំពោះផ្លូវវិញ ផុតពីផ្លូវមួយ ពង្រីកផ្លូវមួយ ហើយវាមិនគ្រប់ ថែមផ្លូវមួយទៀត។ ឥឡូវផ្លូវនេះ (វាមានសភាព)គឺដូចឯកឧត្តម ស៊ុន ចាន់ថុល បានរាយការណ៍អម្បាញ់មិញ។ មើលសាកល្បងផ្លូវនេះមួយមើល បុកគ្នាដល់ណាទៀត។ លេងដល់ ២៥ ម៉ែត្រទៅមើល រួចហើយកណ្តាលសងខាងហ្នឹង ដាក់ធ្វើសួនច្បារសងខាង ២ ម៉ែត្រកន្លះ។ អញ្ចឹងតើគេឆ្លងគ្នាផ្លោះអាសួនច្បារហ្នឹង មកបុកគ្នា ឬយ៉ាងម៉េច? ដេញជើងអ្នកធ្វើដំណើរម្តង។ ពូកែខាងបុក។ ប៉ុន្តែ បញ្ហាធំគឺទាក់ទងជាមួយនឹងការរីកចម្រើនរបស់ប្រទេសជាតិរបស់យើង ដែលតម្រូវឲ្យមានការពង្រីក​ផ្លូវបន្ថែមទៀត។ មុននេះ ប្រទេសរបស់យើងផ្លូវជាតិតែ ៧ ម៉ែត្រទេ ហើយយើងចាត់ទុកថា ផ្លូវនោះគឺជាផ្លូវធំណាស់ទៅហើយ។ ឥឡូវនេះ ពង្រីក ១២ ម៉ែត្រ ក៏នៅតែតូច ពង្រីកឡើង ២០ ម៉ែត្រ ក៏វានៅតែតូច។ យើងពិនិត្យមើល អតីតកាលរបស់កម្ពុជា គិតត្រឹមឆ្នាំ ១៩៧៩ ទៅ(ចុះ) មានកង់មួយគ្រឿងស្មើនឹងមានម៉ូតូមួយគ្រឿង មានម៉ូតូមួយគ្រឿងស្មើនឹងមានឡានមួយគ្រឿង សឹងតែថាម៉ូតូមួយគ្រឿងនោះស្មើនឹងឡាន Mercedes មួយគ្រឿងនោះ។ ប៉ុន្តែ ឥឡូវ​នេះ បញ្ហាមានកង់ មានម៉ូតូ វាមិនមែនជាបញ្ហាធំរបស់ប្រជាជនយើងទៀតទេ។

ពីអតុល្យភាពសេចក្តីត្រូវការធ្វើដំណើរ/ដឹកជញ្ជូន និងមធ្យោបាយ មកមធ្យោបាយច្រើន ផ្លូវតិច/តូចៗ ពេក

ឥឡូវនេះ ដោយសាររថយន្តផលិតមកកាន់តែថោកទៅៗ ប្រជាពលរដ្ឋត្រូវការទិញឡាន។ អ្នកដែលមានលទ្ធភាពទិញឡាន ក៏ទិញឡាន អ្នកដែលមានលទ្ធភាពទិញម៉ូតូ ក៏ទិញម៉ូតូ ឯអ្នកដែលមានលទ្ធភាពទិញកង់ ក៏ទិញកង់។ អញ្ចឹងទេ បានជាចំនួនមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង វាកាន់តែច្រើនទៅៗ ហើយទំនើបទៅៗ។ កាលពីប៉ុន្មានឆ្នាំមុននោះ ខ្ញុំបានលើកឡើងអំពីអតុល្យភាពទៅលើបញ្ហាវិស័យមួយចំនួន ក្នុងហ្នឹងមានអតុល្យភាពរវាងតម្រូវការរបស់ប្រជាជនក្នុងការធ្វើដំណើរ ទៅនឹងការខ្វះមធ្យោបាយធ្វើដំណើរ។ ប៉ុន្តែ ឥឡូវនេះ អតុល្យភាពនោះ ត្រូវបានលុបបំបាត់ចោលហើយ រវាងសេចក្តីត្រូវការនៃការធ្វើដំណើរ ជាមួយនឹងមធ្យោបាយនៃការធ្វើដំណើរ វាមកមានអតុល្យភាពជំនួសវិញដោយសារ អតុល្យភាពរវាងមធ្យោបាយច្រើនពេក ជាមួយនឹងផ្លូវថ្នល់តូច និងផ្លូវថ្នល់តិច នេះវាចេញមកអញ្ចេះ។ ស្ថានភាពវាអត់ដូចគ្នាទេ។ កាលពីខ្ញុំបានលើកឡើងប្រហែលជា ២០ ឆ្នាំ មុន ខ្ញុំនិយាយអំពីបញ្ហាអតុល្យភាពរវាងប្រជាជនត្រូវការធ្វើដំណើរច្រើន ត្រូវការដឹកជញ្ជូនច្រើន ជាមួយនឹងមធ្យោបាយធ្វើដំណើររបស់យើងមិនគ្រប់គ្រាន់ មធ្យោបាយដឹកជញ្ជូនមិនគ្រប់គ្រាន់ ប៉ុន្តែ ឥឡូវនេះ មធ្យោបាយធ្វើដំណើរច្រើនពេក ជាមួយនឹងផ្លូវថ្នល់តូច ហើយថែមទាំងខ្វះផ្លូវថ្នល់ផង។

អតុល្យភាពបង្ហាញ ១) ការខិតខំផ្ទាល់របស់ប្រជាជន, ២) ភាពត្រឹមត្រូវនៃគោលនយោបាយបក្សកាន់អំ​ណាច

… ចំណុចនេះ វាចង្អុលបង្ហាញពីអី? ម៉ូតូ (យើង)មិនអាចទៅសុំបានទេ ពីប្រទេសដែលគេផលិតម៉ូតូនោះ។ វាទាល់តែយើងមានប្រាក់ទិញ។ ប្រាក់នេះ រដ្ឋក៏មិនបានជួយទៅដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានប្រាក់ទិញម៉ូតូទេ ក៏ប៉ុន្តែ រដ្ឋក៏មិនអាចទិញម៉ូតូមកចែកជូនប្រជាពលរដ្ឋបានទេ ប៉ុន្តែ ប្រជាពលរដ្ឋបានប្រឹងប្រែងខ្លូនឯង ដើម្បីបានប្រាក់ទិញម៉ូតូ ឬឡាននេះ។ ពិតហើយរឿងនេះ វាមានចំណែកដែលត្រូវដោះស្រាយបញ្ហានៅត្រង់ថា ​ដើម្បីមានបាន គឺប្រជាពលរដ្ឋត្រូវមានការខិតខំ ប៉ុន្តែ វាត្រូវតែមានភាពត្រឹមត្រូវខាងនយោបាយរបស់បក្សកាន់អំ​ណាច និងរាជរដ្ឋាភិបាលផងដែរ ដែលខ្ញុំតែងតែនិយាយ ចាស់ៗ ២ នាក់ នៅស្រុកថ្មគោល របស់ខេត្តបាត់ដំបង ជជែក​គ្នាលេងថា យើងមានបានសព្វថ្ងៃនេះ តើដោយសារអ្វី? តាម្នាក់គាត់ឆ្លើយថា យើងមានបានសព្វថ្ងៃដោយសារយើងប្រឹង។ តាម្នាក់ទៀតគាត់និយាយតប​វិញថា ចុះជំនាន់ អាពត ប្រឹងចង់ងាប់ ម៉េចក៏ស៊ីបបរ? រឿងនេះវាត្រូវមានការខិតខំ។

សន្តិភាព ២០ ឆ្នាំមកនេះ ជាឱកាសមាស/ពេជ្រ ដើម្បីកសាងប្រទេស

ដំបូង គឺពីប្រជាពលរដ្ឋម្នាក់ៗត្រូវមានការខិតខំ​ ប៉ុន្តែ វាទាមទារឲ្យមានភាពត្រឹមត្រូវខាងនយោបាយរបស់បក្សកាន់អំណាច និងរបស់រាជរដ្ឋាភិបាលផងដែរ ទើបអាចផ្តល់ឱកាសដល់ប្រជាជនរកស៊ីមានបាន។ សន្តិភាព ដែលយើងរកបានដោយលំបាកនេះ គឺជាមូលដ្ឋានសំខាន់បំផុតសម្រាប់ការរីកលូតលាស់ នៅក្នុងប្រទេស​។ យើងបានប្រឹងប្រែងណាស់ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិរបស់យើងមានសន្តិភាព។ កាលពីថ្ងៃ ២៩ ខែធ្នូ ចុងឆ្នាំ ២០១៨ នេះ យើងបានធ្វើខួបលើកទី ២០ នៃថ្ងៃជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលនាំទៅដល់ការបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិ និងឯកភាពទឹកដីជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់ និងឈឺចាប់របស់ខ្លូន។ សន្តិភាពដែលយើងរកបាននេះ គឺជាឱកាសមាស ឱកាសពេជ្រ ដើម្បីផ្តល់ឲ្យយើងនូវការកសាងប្រទេសជាតិមួយនៅក្នុងសុខសន្តិភាព។

ផ្លូវក្រវាត់ក្រុងខ្សែទី ៣ តភ្ជាប់ព័ទ្ធជុំវិញរាជធានីភ្នំពេញ និងផលប្រយោជន៍ពីផ្លូវក្រវាត់ក្រុងមួយនេះ

… ថ្ងៃនេះ ជាមួយនឹងផ្លូវខ្សែក្រវាត់ក្រុង ដែលយើងបានមានរួចមកហើយ ម៉េចបាន(ត្រូវការ)ដល់អាទី ៣? ដោយសារវាមានអាទី ១ និងមានអាទី ២ ឥឡូវបានចូលដល់អាទី ៣។ អាទី ១ នៅត្រង់ណា? អាទី ១ គឺគ្រាន់តែតភ្ជាប់ស្ពានជ្រោយចង្វារ កាត់មកផ្លូវស្ទឹងមានជ័យស្អីៗ អាហ្នឹងមួយរង្វង់ទៅ។ ឥឡូវហ្នឹងវាមិនទាន់ទាំងរួច​រាល់ផងទេ យើងបាន និងកំពុងសាងសង់ គឺតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ ៥ តាមទំនប់កប់ស្រូវ កាត់ផ្លូវជាតិលេខ ៤ តភ្ជាប់ … ចេញទៅស្ពានតាខ្មៅ ហើយកាត់ចេញទៅផ្លូវជាតិលេខ ១ ឯណោះ។ ហ្នឹងគឺខ្សែក្រវាត់ទី ២។ ឥឡូវចូលដល់ខ្សែក្រវាត់ទី ៣ នេះ កាន់តែធំ។ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងក្នុងរបាយការណ៍ ខ្សែក្រវាត់ទី ៣ នេះ (មានប្រវែង) ៥២,៩៨៣ គីឡូម៉ែត្រ បានយើងនិយាយលេខគត់ថា ជាង ៥៣ គីឡូម៉ែត្រទៅចុះ។ ចាត់ទុកថា ផ្លូវនេះជាផ្លូវដ៏ធំ។ ជាហាយវេ ដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ការតភ្ជាប់រៀប​រាប់ដោយឯកឧត្តម ស៊ុន ចាន់ថុល អម្បាញ់មិញនេះ គឺបើយើងនិយាយ អំពីការតភ្ជាប់រវាងផ្លូវនេះដែលយើងតភ្ជាប់ក្នុងខ្សែក្រវាត់ទី ២ ដែលមានរួចមកហើយ តភ្ជាប់ជាមួយនឹងស្ពានព្រែកព្នៅ និងផ្លូវមហាវិថីឈ្នះឈ្នះ ទៅផ្លូវជាតិលេខ ៦ យើងបានតភ្ជាប់តាំងពីផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៥ ដល់ផ្លូវជាតិលេខ ៦ ហើយដល់ផ្លូវជាតិលេខ ៨ បើនិយាយពីមួយជុំ ព័ទ្ធមួយជុំហ្នឹង ថែមទាំងទៅដល់ផ្លូវជាតិលេខ ២១ ចុះទៅស្រុកស្អាង។

អ្នកកោះអន្លង់ចិន ស្រុកស្អាង សំណាងបានស្ពានធំ និងលែងប្រើទូកដ

អ្នកដែលសំណាងជាងគេនៅផ្លូវខ្សែក្រវាត់ក្រុងនេះ គឺកោះអន្លង់ចិន នៅស្រុកស្អាងឯណោះវិញទេ ដែលផ្លូវខ្សែក្រវាត់ក្រុង វាលាតសន្ធឹងរហូតទៅដល់ស្រុកស្អាង ហើយយើងត្រូវធ្វើស្ពានរហូតទៅដល់ ២២ ម៉ែត្រឯណោះ ដែលចាត់ទុកថាជាស្ពានដែលធំ។ ពីមុន ស្ពានត្រឹមតែទទឹងតែ ១២ ម៉ែត្រទេ។ តែឥឡូវធ្វើស្ពានដើម្បីជាខ្សែ​ក្រវាត់ក្រុង ដែលឆ្លងកាត់កោះអន្លង់ចិន រវាងម្ខាងត្រើយខាងកើត និងត្រើយខាងលិច … ប៉ុន្តែ ត្រូវទម្លាក់ខ្លួនទៅលើកោះអន្លង់ចិន ដែលធ្វើឲ្យអ្នកអន្លង់ចិនធ្លាប់តែពឹងពាក់ទៅលើជីវិតអ្នករត់ទូកដ(មានភាពងាយស្រួល)។ ជីវិតអ្នករត់ទូកដនៅកោះអន្លង់ចិន នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២១។ សុំទោសអ្នករត់ទូកដទាំងឡាយ សុំផ្ទេរពីការរត់ទូកដ ឬរត់សាឡាង ទៅធ្វើមុខរបរផ្សេង។ ជំនួសមកវិញដោយស្ពានបេតុងរហូតទៅដល់ទទឹង ២៥ ម៉ែត្រ​។ ហេតុ​អីបានធ្វើស្ពានដល់ទៅ ២៥ ម៉ែត្រ? ស្ពានទទឹង ២៥ ម៉ែត្រ ដើម្បីកុំឲ្យវាទៅជាកដប ព្រោះផ្លូវរបស់យើងវា ២៥ អញ្ចឹងដើម្បីកុំឲ្យវាទៅជាកដប គឺត្រូវកសាងនូវស្ពាននៅកោះអន្លង់ចិន គ្រាន់តែសាច់ស្ពានគឺចំនួន ៩៩៦ ម៉ែត្រ ខាងកើត ៦៣០ ម៉ែត្រ និងខាងលិច ៣៦៦ ម៉ែត្រ ដែលចាត់ទុកថាជាស្ពានដ៏ធំ ហើយវាបម្រើទៅដល់ប្រព័ន្ធដឹកជញ្ជូនរបស់យើង និងការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង ដែលកាត់បន្ថយការកកស្ទះ និងបង្កើតភាពចំណេញសម្រាប់ប្រជាពលរដ្ឋរបស់យើង។

គោលនយោបាយតភ្ជាប់ផ្ទៃក្នុងប្រទេសផង ជាមួយប្រទេសជិតខាងផង

ឯកឧត្តម អគ្គរដ្ឋទូតចិនបានលើកឡើងអម្បាញ់មិញ … ចិនមានភាសាមួយ កាលពីជំនាន់ដើមរបស់គាត់ មានភាសាមួយ “បើចង់ធ្វើអ្នកមាន ឲ្យធ្វើផ្លូវមុន”។ ប៉ុន្តែ កម្ពុជាក៏មានភាសាផ្លូវនេះដែរ “មានផ្លូវ មានសង្ឃឹម” អញ្ចឹងទេ បានជាយើងស្រវាស្រទេញក្នុងការធ្វើផ្លូវ ហើយពេលដែលយើងប្រកាសចេញនូវអាទិភាពនៃគោលនយោ​បាយវិនិយោគ កាលពីឆ្នាំ ១៩៨៧ គឺ ៣២ ឆ្នាំមុន យើងបានដាក់ចេញនូវអាទិភាព ៤ យ៉ាង សម្រាប់វិនិយោគ គឺរួមមានទឹក ផ្លូវ ភ្លើង មនុស្ស។ ឥឡូវតាំងពីឆ្នាំ ២០១៣ រហូតមកដល់ពេលនេះ យើងប្រើពាក្យមនុស្ស ទឹក ផ្លូវ ភ្លើង ដដែលទេ គ្រាន់តែលំដាប់អាទិភាពនៃការបណ្តុះបណ្តាលធនធានមនុស្សត្រូវដើរមួយជំហានមុន។ អញ្ចឹង​ទេ បានជាយើងដាក់ចេញនូវគោលនយោបាយក្នុងការតភ្ជាប់ មិនមែនគ្រាន់តែជាការតភ្ជាប់ធម្មតានោះទេ ក៏ប៉ុន្តែ ក្នុងសម័យបច្ចុប្បន្ននេះ គឺតភ្ជាប់នៅក្នុងផ្ទៃក្នុងប្រទេសខ្លួនឯងផង និងតភ្ជាប់ជាមួយប្រទេសជិតខាង ដែលជាប់ជាមួយយើងផងដែរ។

បក្សប្រឆាំង ខ្លាចគណបក្សប្រជាជនបានគុណសម្បត្តិពីការសង់បានស្ពានអាកាស

អញ្ចឹងទេ បានជាយើងខិតខំរកទុនដើម្បីនឹងធ្វើការវិនិយោគ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងហ្នឹងថ្ងៃនេះ យើងរួមគ្នាដើម្បីនឹងបើកការដ្ឋានស្ថាបនាផ្លូវវាងក្រុងនេះ ហើយក្នុងពេលដែលយើងកសាងផ្លូវវាងក្រុងនេះ  យើងនឹងបង្កើតបាននូវស្ពានអាកាសរហូតទៅដល់ ៤ ទៀត។ ឆ្លងកាត់ផ្លូវជាតិលេខ ៤  មួយទៅ ឆ្លងកាត់ផ្លូវជាតិលេខ ២ មួយទៅ ផ្លូវជាតិលេខ ៣ មួយទៅ និង ឆ្លងកាត់ផ្លូវជាតិលេខ ២១ មួយទៅ។ បាន ៤ ទៀត។ អញ្ចឹងកន្លងទៅ យើងមានផ្លូវអាកាសប៉ុន្មានហើយ? យើងមានស្ពានអាកាសនៅទីក្រុងភ្នំពេញ ៥ កំពុងធ្វើមួយទៀត។ ឥឡូវដាក់ឲ្យប្រើប្រាស់ ៥ យើងធ្វើអាទី ៦។ យើងមាន(ផ្លូវ)អាកាសឡើងដល់ ១០ នៅអា ៦០ ម៉ែត្រនេះមួយទៀត។ បន្តិចទៀតយើងមិនចាំបាច់អួតស្ពានអាកាសទេ ព្រោះកាលដែលយើងមានស្ពានអាកាសមួយ គេដាក់ផ្លែឲ្យខ្ញុំ គេថាមានស្ពានអាកាសមួយ ប្រឹងអួត។ គេមានដល់រាប់រយគេមិនទាំងអួតផង។ បានខ្ញុំឆ្លើយតបទៅវិញ​ថា ដោយសារតែមានអាមួយហ្នឹងហើយបានប្រឹងអួត ព្រោះវាមិនដែលមាន … ពីដើមដែលមានស្ពានអា​កាសឯណាស្រុកខ្មែរ។ យើងបានស្ពានអាកាសក្បាលថ្នល់មួយ យើងប្រឹងអួត។ ដល់ប្រឹងអួត គេមិនត្រឹមតែមិនជួយអបអរសាទរថា យើងមានស្ពានអាកាសទេ ព្រោះខ្លាចគុណសម្បត្តិហ្នឹងធ្លាក់ដល់គណបក្សប្រជាជន។ ឯគេអត់បានសន្លឹកឆ្នោត គេថាមានស្ពានអាកាសមួយ ប្រឹងអួត … ខ្ញុំដាក់ត្រឡប់ទៅវិញដោយសារតែមានអាមួយហ្នឹង ហើយបានប្រឹងអួត។

នឹងកសាងផ្លូវពីក្រោមទន្លេ មិនបាច់ធ្វើស្ពាន

ឥឡូវនេះ យើងមាន ៥ កំពុងដាក់ឲ្យប្រើប្រាស់ កំពុងសាងសង់មួយនៅចោមចៅ ហើយនឹងត្រូវកសាងមួយទៀត បន្តិចទៀតស្ពានអាកាសលែងជាចំណុចដែលយើងយកមកអួតហើយ ព្រោះវាមានលើសពី ១០ ទៅ លែងអួតកើតហើយ។ ចាប់ផ្តើមមានមួយ ហ្នឹងត្រូវតែអួតហើយ។ បន្តិចទៀតដល់ពេលយើងចាប់ផ្តើមធ្វើផ្លូវក្រោមបាតទន្លេ។ ឆ្លងទន្លេមិនចាំបាច់ធ្វើស្ពានទេ។ លេងអាផ្លូវពីក្រោមទន្លេទៀត។ បានទី ១ អាហ្នឹងអួតចេញភ្លើងហើយ។ មិនឲ្យអួតម៉េច វាត្រូវតែអួត ប៉ុន្តែ ដល់មានច្រើនចូលដល់រាប់សិបហើយ លែងអួតហើយ។ ដូចឥឡូវចិនគាត់ចាំបាច់អួតអី បើទៅសៀងហៃវិញសឹងតែថា ធ្វើដំណើរលើផ្លូវអាកាសរហូត។ នៅទីក្រុងសៀងហៃ យើងធ្វើដំណើរទៅជួបមេដឹកនាំ ទៅជួបកន្លែងធ្វើការស្អីៗ ឃើញតែធ្វើដំណើរលើស្ពានអាកាស។ ឥឡូវនេះ ស្ពានដែលវែងជាងគេលើពិភពលោក កាត់ដៃសមុទ្រគឺមាននៅប្រទេសចិន។ ពីមុនពី Shenzhen ទៅហុងកុង ឥឡូវស្ពានណាមួយនោះ ភ្ជាប់ពីម៉ាកាវ ទៅហុងកុង ៤២ គីឡូម៉ែត្រ ដែលនៅលើពិភពលោកនេះ គឺមាននៅក្នុងប្រទេសចិន។

ចំណាយ ៣០៣ លានដុល្លារ សង់ផ្លូវមានអត្ថប្រយោជន៍ និងអន្តរសកម្ម គាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជា

អញ្ចឹងទេ បានជាខ្ញុំគួរតែនិយាយថា ថ្ងៃនេះ យើងបានធ្វើនូវកិច្ចការ(មួយ) ដែលយើងត្រូវខិតខំ។ ផ្លូវមួយខ្សែនេះ មានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងមានអន្តរសកម្មចំពោះការគាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ខ្ញុំសូមយកឱកាសនេះ ថ្លែងតាមរយៈឯកឧត្តមអគ្គរដ្ឋទូត ជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង នាយករដ្ឋមន្រ្តី លី ខឺឈាង ក៏ដូចជាស្ថាប័ន ក៏ដូចជារដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវការគាំទ្រហិរញ្ញប្បទានសម្រាប់ការកសាងផ្លូវមួយខ្សែនេះ។ ហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួន ២៧៣ លានដុល្លារសហរដ្ឋអាមេរិកឯណោះ ធ្វើផ្លូវតែជាង ៥២ គីឡូម៉ែត្រទេ។ ផ្លូវនេះ (មាន)តម្លៃស្មើនឹងផ្លូវតភ្ជាប់រវាងទីក្រុងភ្នំពេញ ខេត្តកណ្តាល ជាមួយនិងខេត្តសៀមរាប ដោយសារតែផ្លូវនេះ វាត្រូវចំណាយធំណាស់។ ធានាគុណភាព​។ លេងសុទ្ធតែពីបេតុង។ និយាយយ៉ាងដូច្នេះថាទេ មិន(មែន)ដឹកតាមផ្លូវហ្នឹង ដាក់ឲ្យធ្ងន់ប៉ុណ្ណាក៏បានដែរនោះទេ។ តឡានក៏អត់បានដែរ។ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បាននិយាយអម្បាញ់មិញអញ្ចឹង។ ប៉ុន្តែ បើយើងគិតគូរទាំងអស់តាមរយៈក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ទាំងបញ្ហាបន្ទុកពន្ធដារ ទាំងការប្រើប្រាស់ថវិកាដើម្បីដោះស្រាយផលប៉ះពាល់ យើងចំណាយ រហូតទៅដល់ ៣០៣ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបានផ្លូវវាងក្រុងមួយខ្សែនេះ។

ម្ចាស់ការសន្សំប្រាក់ វិនិយោគខ្លួនឯងផង និងបដិភាគគម្រោងជំនួយឥតសំណង និងឥណទានសម្បទាន

ខ្ញុំអរគុណ ជាមួយនឹងការផ្តល់នូវឥណទានសម្បទានសម្រាប់ឲ្យកម្ពុជាមានឱកាស មានលទ្ធភាព ដើម្បីសាងផ្លូវវាងក្រុង(ខ្សែទី ៣ នេះ) ហើយក៏សុំថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលរួមគ្នាដើម្បីធ្វើការចរចាជាមួយនឹងបណ្តាក្រុមហ៊ុនចិន ដែលថ្ងៃនេះក្រុមហ៊ុនសៀងហៃជាអ្នកសាងសង់ ហើយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏ត្រូវតែមានថវិកាក្នុងដៃ។ ដែលខ្ញុំធ្លាប់តែបាននិយាយហើយថា មិនមានគម្រោងបរទេសណាមួយ ដែលមិនតម្រូវឲ្យកម្ពុជាមានថវិកាបដិភាគទេ។ អញ្ចឹងបើចង់ប្រើប្រាស់លុយបរទេសបាន វាទាល់តែយើងមានលុយខ្លួនឯង ដើម្បីនឹងយើងយកមកធ្វើជាថវិកាបដិភាគ។

អ្នកផ្តល់កម្ចីឲ្យយើង ឬផ្តល់ជំនួយឥតសំណងឲ្យយើង មិនអាចយកលុយមកផ្តល់ឲ្យយើងបន្ថែម ដើម្បីការដោះចោលបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោះស្រាយផលប៉ះពាល់ទៅលើដីធ្លីរបស់ប្រជាពលរដ្ឋ និងការចំណាយដទៃទៀតដែលជាបន្ទុករបស់កម្ពុជាទេ។ ដូច្នេះកម្ពុជាត្រូវតែជាម្ចាស់ការសន្សំប្រាក់ ម្ខាងវិនិយោគខ្លួនឯងដោយផ្ទាល់សម្រាប់ការកសាងនូវប្រឡាយទឹក នូវមន្ទីរពេទ្យ នូវសាលារៀន នូវផ្លូវថ្នល់ នូវស្ពាន និងនូវអ្វីផ្សេងៗទៀត តែមួយផ្នែកទៀត ត្រូវមានប្រាក់ដើម្បីអនុវត្តគម្រោងដែលមិត្តភក្តិបានជួយយើងជាជំនួយឥតសំណងក្តី និងជាឥណទានសម្បទានក្តី ត្រូវមានប្រាក់។ ដូច្នេះ ត្រូវគ្រប់គ្រងថវិកាឲ្យបានជាប់ មានថវិកាក្នុងដៃទើបអាចអនុវត្តបាន បើគ្មានថវិកាក្នុងដៃទេ មិនអាចអនុវត្តបានទេ។

អ្នកនៅអមសងខាងផ្លូវនេះ ទទួលផលច្រើនជាងគេ

ខ្ញុំក៏សុំថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរ ទាំងរាជធានីភ្នំពេញ និងទាំងខេត្តកណ្តាល ក៏ដូចជាមូលដ្ឋាននៃបណ្តាស្រុកឃុំ ដែលនៅតាមដងផ្លូវឆ្លងកាត់ ដែលត្រូវដោះស្រាយនូវបញ្ហាពាក់ព័ន្ធជាមួយនឹងបណ្តាញផ្លូវនេះ។ អរគុណចំពោះប្រជាពលរដ្ឋ និងសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ សម្រាប់ការកសាងផ្លូវមួយខ្សែនេះ។ អ្នកដែលទទួលផលប្រយោជន៍ពិតប្រាកដ គឺអ្នកនៅអមសងខាងក្បែរផ្លូវនេះតែម្តង។ ពិតហើយផ្លូវនេះទទួលផលអស់ទាំងគ្នាហ្នឹង ប៉ុន្តែអ្នកដែលបានទទួលផលច្រើនជាងគេ គឺអ្នកនៅជាប់ផ្លូវហ្នឹង ពីដើមអត់រកស៊ីអីបានទេ ប៉ុន្តែក្រោយមក គឺកន្លែងហ្នឹងក្លាយទៅជាកន្លែងដែលនឹងត្រូវទទួលបាននូវការធ្វើដំណើរឆ្លងកាត់ ហើយប្រជាពលរដ្ឋនឹងអាចទទួលបាននូវការងារ ឧទាហរណ៍ បញ្ហាការលក់ដូរ ឬក៏បញ្ហាសេវាដទៃទៀត ដែលទាក់​ទង​ជាមួយនឹងតាមដំណើរការនៃផ្លូវមួយខ្សែនេះ។

បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដោយសមធម៌ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ

អរគុណណាស់ជាមួយនឹងការខិតខំ ហើយយើងត្រូវជម្រុញបន្ត គ្មានអ្វីប្រសើរជាងវិនិយោគសាធារណៈ(ទេ)។ នេះចាត់ទុកថា សមធម៌បំផុតហើយនៅក្នុងការបញ្ចេញនូវថវិកាដោយផ្ទាល់របស់យើងក្តី ថវិកាជំនួយឥតសំ​ណងក្តី ឬថវិកាដែលយើងខ្ចីបុលពីបរទេសក្តី យកទៅវិនិយោគសាធារណៈ។ (ជាការសំរេចចិត្តដ៏)សមធម៌បំផុតហើយ។ កសាងផ្លូវ កសាងស្ពាន កសាងសាលារៀន កសាងមន្ទីរពេទ្យ និងកសាងអ្វីៗ ដែលវាបម្រើឲ្យសេចក្តីត្រូវការរបស់មនុស្ស ផ្លូវមួយខ្សែនេះ អ្នកមានក៏ធ្វើដំណើរ អ្នកក្រក៏ធ្វើដំណើរ ស្មើភាពគ្នាណាស់ សាលារៀនមួយខ្នង កូនអ្នកមានក៏រៀន កូនអ្នកក្រក៏រៀន។ អញ្ចឹងទេ យើងត្រូវប្រើប្រាស់ គេហៅថា បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ គឺត្រូវប្រឹងប្រែងកសាងនូវហេដ្ឋារចនាសម្ព័ន្ធ។

ភូមិសាស្ត្រប្រព័ន្ធគមនាគមន៍ដឹកជញ្ជូន

ពីមុនយើងបានគិតគូរទៅលើបញ្ហាភូមិសាស្ត្រនៃវិស័យអប់រំ ភូមិសាស្ត្រនៃវិស័យសុខាភិបាល ដែលខ្ញុំចង់និយាយថា ភូមិសាស្ត្រក្នុងវិស័យអប់រំ បឋមសិក្សាគួរមាននៅកន្លែងណា អនុវិទ្យាល័យគួរមាននៅកន្លែងណា វិទ្យាល័យគួរមាននៅកន្លែងណា … ភូមិសាស្ត្រសុខាភិបាល គួរដាក់គិលានដ្ឋាន​នៅកន្លែងណា មន្ទីរពេទ្យបង្អែកនៅកន្លែងណា អីនៅកន្លែងណា … ឥឡូវនេះ យើងត្រូវតែពិនិត្យគិតគូរឲ្យបានម៉ត់ចត់ អំពីភូមិសាស្ត្រប្រព័ន្ធគមនាគមន៍ដឹកជញ្ជូន ដើម្បីភាពចំណេញរបស់ប្រជាជន និងភាពចំណេញក្នុងវិស័យសេដ្ឋកិច្ច។ ដូចជា កន្លងទៅ ដែលយើងត្រូវរកទុនបន្ថែមពីមិត្តចិន យើងកំពុងតែស្ថាបនាស្ពានមួយដែលនឹងភ្ជាប់រវាងម្ខាងស្រុកស្ទឹងត្រង់របស់ខេត្តកំពង់ចាម និងម្ខាងទៀតរវាងស្រុកក្រូចឆ្មាររបស់ត្បូងឃ្មុំ ដែលមុននេះវាជាខេត្តកំពង់ចាមតែមួយទេ ដើម្បីតភ្ជាប់រវាងផ្លូវជាតិលេខ ៧ ទៅផ្លូវជាតិលេខ ៦ ខាងខេត្តកំពង់ធំ ក្នុងល្បឿនឆាប់រហ័ស។

យើងកំពុងតែសិក្សាដើម្បីតភ្ជាប់ខេត្តក្រចេះជាមួយខេត្តកំពង់ធំ ជាមួយនឹងស្ពានមួយទៀត នៅទីរួមខេត្តក្រចេះ ដើម្បីធ្វើដំណើរពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ ដោយមិនចាំបាច់ធ្វើដំណើរវាងឆ្ងាយទេ។ យើងកំពុងតែរកទុន ដើម្បីកសាងផ្លូវភ្ជាប់ពីខេត្តកោះកុង ទៅថ្មដានៃខេត្តពោធិសាត់ នៃព្រំដែនកម្ពុជា-ថៃ ហើយចេញពីព្រំដែនកម្ពុជា​-ថៃ ទៅសំឡូត នៃខេត្តបាត់ដំបង ដើម្បីភ្ជាប់ជារបៀង កុំឲ្យអ្នកកោះកុងលំបាកធ្វើដំណើរចេញមកតាមផ្លូវជាតិលេខ ៤ ចេញមកដល់ភ្នំពេញ ហើយបានកាត់ទៅខេត្តពោធិសាត់ កាត់ទៅខេត្តបាត់ដំបងនោះ។ ហ្នឹងជាផលចំណេញដែលយើងកំពុងតែគិត រៀបចំផែនការផ្លូវ ដើម្បីតភ្ជាប់ទៅលើបណ្តាញផ្លូវនៅក្នុងប្រទេស … ហើយក៏ធ្វើផងដែរនូវការតភ្ជាប់ផ្លូវ ដូចជាផ្លូវនេះ ហាយវ៉េអាស៊ានលេខ ១១ គឺជាផ្លូវសេដ្ឋកិច្ចនៅក្នុងតំបន់ ឬក៏ហៅថា របៀងខាងត្បូង ភាគខាងត្បូង។

ទស្សនកិច្ចផ្លូវការនៅចិន ពិភាក្សាអំពី សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិស័យពាក់ព័ន្ធការអភិវឌ្ឍ

ខ្ញុំពិតជាមានការរីករាយជាមួយនឹងការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់យើង ហើយសេដ្ឋកិច្ចរបស់យើង និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដែលយើងធ្វើថ្ងៃនេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលយើងបានធ្វើកន្លងទៅ។ ភាគច្រើនយើងបានទុនមកពីសាធារណរដ្ឋប្រជាមានិតចិន។ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជានៅក្នុងក្របខណ្ឌទូទាំងប្រទេសថា ថ្ងៃអាទិត្យទី ២០ នេះ ខ្ញុំនឹងធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃទី ២១ និងថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ទើបត្រឡប់មកវិញ ដែលពេលនោះ បញ្ហាជាច្រើន ពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការជម្រុញទំនាក់ទំនងក្នុងវិស័យពាក់ព័ន្ធជាមួយនឹងវិស័យការអភិវឌ្ឍ គឺចំណុចស្នូលនៃកិច្ចពិភាក្សារវាងខ្ញុំជាមួយនឹងប្រធានាធិបតី ស៊ី ជីនពីង និងរវាងខ្ញុំជាមួយរដ្ឋមន្ត្រី លី ខឺឈាង ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ដែលកិច្ចព្រមព្រៀងមួយចំនួនក៏ត្រូវបានរៀបចំ ដើម្បីការចុះហត្ថលេខា នៅក្នុងដំណើរទស្សនកិច្ចនេះ។

តារាសាគរ ត្រូវទាញទេសចរចិន ៣ លាននាក់ ទិញអង្ករ បន្លែបង្ការ ត្រីសាច់ ក្នុងស្រុកផ្គត់ផ្គង់

ឆ្នាំ ២០១៨ កន្លងផុតទៅនេះ ទេសចររបស់យើងកើនរហូតទៅដល់ ៦ លាន ២ សែននាក់។ ឆ្នាំទៅបានតែ ៥ លាន ៧ សែន។ ឆ្នាំនេះកើនមកដល់ ៦ លាន ២ សែន ដោយសារទេសចរចិនបានកើនពី ១ លាន ២ សែន ឡើងដល់ ១ លាន ៦ សែននាក់ … ប្រទេសដទៃតែងតែចង់បានទេសចរចិន។ ប្រទេសថៃបច្ចុប្បន្នមានទេសចរចិនរហូតដល់ ១០ លាននាក់ … ប្រជាជនចិនមានច្រើននាក់ដែលត្រូវធ្វើទេសចរណ៍នៅក្រៅប្រទេស។ មានរាប់រយលាននាក់។ អញ្ចឹងយើងខិតខំទាញទេសចរចិន ៣ ឬ ៤ លាននាក់ឲ្យបាន … ទៅតារាសាគរ/កោះកុង ជួបលោកប្រធានក្រុមហ៊ុន ខ្ញុំថា លោកឯងត្រូវខិតខំឲ្យតារាសាគរជាកន្លែងទាក់ទាញភ្ញៀវទេសចរចិន ៣ លាននាក់ ហើយ ៣ លាននាក់នេះ ត្រូវទិញអង្ករខ្មែរផ្គត់ផ្គង់ឲ្យអ្នកទេសចរចិន។ ហ្នឹងជារបៀបមួយនៃការដោះស្រាយការនាំចេញនៅនឹងកន្លែង។ ការនាំចេញមិនចាំបាច់តែការនាំចេញឆ្លងកាត់ព្រំដែនទេ។ យើងត្រូវមានចក្ខុវិស័យមួយ។ ទន្ទឹមនឹងការនាំចេញទៅកាន់ទីផ្សារខាងក្រៅ យើងត្រូវប្រើប្រាស់នូវការទាក់ទាញទេសចរមកកាន់ប្រ​ទេសយើង ឲ្យទទួលទានស្រូវ ឲ្យទទួលទានអង្ករដែលផលិតក្នុងប្រទេសយើង ទទួលទានបន្លែបង្ការ សាច់ នៅក្នុងប្រទេសយើង និងអ្វីៗផ្សេងទៀតដែលផលិតនៅក្នុងប្រទេសយើង ក៏ជាផ្នែកមួយនៃការនាំចេញ និងជម្រុញការលូតលាស់នៃសេដ្ឋកិច្ចរបស់យើងដែរ។

ខិតខំទាញទេសចរចិន ០,០៥% ក្នុងឆ្នាំ ២០២៥

ដូច្នេះទេសចរចិន គឺជាគោលដៅនៃការខិតខំទាក់ទាញ។ ឥឡូវនេះចាំបាច់ត្រូវកែហើយ។ ចាំខ្ញុំគិត ហើយខ្ញុំនឹងស្នើទៅប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តម លី ខឺឈាង ក៏ដូចជាមេដឹកនាំដទៃទៀត។ កាលពីពេលមុន ឆ្នាំ ២០១០ ឯកឧត្តម ហ៊ូ ជិនតាវ ពេលនោះជាប្រធានាធិបតី ហើយឯកឧត្តម ស៊ី ជីនពីង ជាអនុប្រធានាធិបតី ទស្សនកិច្ចឆ្នាំ ២០០៩ ឯកឧត្តម ហ៊ូ ជិនតាវ មកឆ្នាំ ២០១០ ពេលនោះខ្ញុំបាននិយាយទៅកាន់ប្រធានាធិបតី ហ៊ូ ជិនតាវ ហើយក្រោយមកនិយាយទៅកាន់ប្រធានាធិបតី ស៊ី ជីនពីង និងមេដឹកនាំចិនថា ខ្ញុំត្រូវការនូវទេស​ចរចិនស្មើនឹង ០,០១%។ ខ្ញុំប្រាប់ទៅគាត់អញ្ចឹង។ ចិនមានប្រជាជនរហូតទៅដល់ ១៣០០ លាននាក់ … បើគ្រាន់តែបាន ០,០១% យើងនឹងបាន ១ លាន ៣ សែននាក់។ យើងដាក់ចេញ(គោលដៅ)នេះ ពេលនោះថាដល់ ២០២០ ផង ឥឡូវ ទើបនឹងឆ្នាំ ២០១៨ ឡើងដល់ ១ លាន ៦ សែន នាក់ហើយ។ អញ្ចឹងទេ ដាក់(តួលេខ)ក្នុងមហិច្ឆតាអោយខ្ពស់បន្ដិច ប្រហែលជាអាចឈានទៅដល់ដំណាក់កាលសម្រេចគោលដៅឆ្នាំ ២០២៥ គឺ ០.០៥%។ អញ្ចឹងធ្វើម៉េចឲ្យបាន ៥ លាន។ ការហោះត្រង់ពីចិនមកកម្ពុជាកាន់តែច្រើនហើយ។ ចំ​ណុចទាំងអស់នេះ​ ជាប្រធានបទនៃការពិភាក្សានៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដែលពេលនោះប្រហែលជាគំនិតផ្ដួចផ្ដើមរបស់ភាគីទាំងពីបន្ទាប់ពីខួបលើកទី ៦០ ថ្ងៃទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិនជាមួយកម្ពុជា ដែលកាលពីឆ្នាំទៅឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន បំពេញទស្សនកិច្ចនៅកម្ពុជា ហើយក៏មានការប្រជុំ ឡានឆាង-មេគង្គ នៅកម្ពុជា។ ឆ្នាំនេះ យើងអាចប្រកាសជាឆ្នាំនៃការផ្លាស់ប្ដូរទេសចររវាងកម្ពុជា និងចិន ដែលនោះជាការទាក់ទាញដ៏ធំនៃការលូតលាស់សេដ្ឋកិច្ចរបស់យើង។

កម្ពុជាធ្វើសេដ្ឋកិច្ចច្រើនផ្នែក ជាមួយច្រើនប្រទេស

យើងធ្វើសេដ្ឋកិច្ចមិនមែនពឹងពាក់តែលើវិស័យណាមួយ ដែលទុកឲ្យខ្ទប់ច្រមុះយើងស្លាប់នោះទេ។ យើងធ្វើសេដ្ឋកិច្ចច្រើនផ្នែក ច្រើនយ៉ាង និងច្រើនប្រទេស។ ខ្ញុំមិនចង់បញ្ជូនសារសម្រាប់អ្នកណាទេ តែខ្ញុំចង់ប្រាប់ប្រជាពលរដ្ឋកម្ពុជាអោយបានជ្រាបថា យើងធ្វើសេដ្ឋកិច្ចមិនមែនពឹងពាក់តែលើផ្នែកណាមួយ ដែលនៅពេលដែលគេបិទក្បាលវ៉ាល់មួយធ្វើអោយយើងស្លាប់នោះទេ។ បើប្រៀបធៀបជាមួយសរីរាង្គមនុស្ស យើងមានរន្ធច្រមុះពីរ និងមាត់មួយ។ បើតឹងច្រមុះម្ខាង នៅសល់ម្ខាងគ្រាន់នឹងដក ហើយបើតឹងតាមរន្ធច្រមុះទាំងពីរ អញដកដង្ហើមតាមមាត់។ អញ្ចឹងទេ មិនងាយសម្លាប់កម្ពុជាទេ។ យើងធ្វើសេដ្ឋកិច្ចច្រើនផ្នែក ហើយយើងធ្វើសេដ្ឋកិច្ចជាមួយច្រើនប្រទេស។ មិនមែនធ្វើជាមួយប្រទេសមួយ ឬប្រទេសពីរទេ។ អញ្ចឹងបានជានៅក្នុងសន្និបាតបក្ស ដែលប្រព្រឹត្តទៅមួយខែមុននេះ ខ្ញុំបានបញ្ជាក់ច្បាស់នៅក្នុងសន្និបាត(ថា) “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ”។ យើងបន្ដពង្រីកដៃគូ មិត្តភក្ដិក្រៅប្រទេសបន្ដទៀត ប៉ុន្ដែកុំភ្លេចកែទម្រង់ខាងក្នុង ដើម្បីការលូតលាស់នៃសេដ្ឋកិច្ចរបស់យើង។

ជំរុញវិស័យកសិកម្ម ដើម្បីឆ្លើយតបនៃកំណើនទេសចរខាងមុខ

ស្រូវឆ្នាំនេះ អាចមានលទ្ធភាពនៅសល់រហូតដល់ ៦ លានតោន។ ឆ្នាំទៅស្រូវដែលយើងសល់ប្រមាណជា ៥ លាន ៦ សែនតោន តែការទទួលផលនៅក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ យើងមិនទាន់សរុបអស់ទេ។ ឥឡូវយើងបានកើនលើសជាង ១០ លានតោន រួចស្រេចទៅហើយ។ ប៉ុន្ដែមិនទាន់បញ្ចប់ទេ។ ស្រូវក្នុងវិស័យ​កសិ​កម្ម យើងបូកសរុបនៅក្នុងខែមេសាឯណោះ។ អញ្ចឹងទេ ក្រៅពីការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស យើងត្រូវជម្រុញការទាក់ទាញទេសចរមកកាន់ប្រទេសរបស់យើង ដើម្បីជម្រុញវិស័យកសិកម្ម ការដាំដុះរបស់ប្រជាពលរដ្ឋរបស់យើង។ ដាំស្រូវល្អ អង្ករល្អ ដើម្បីបញ្ជូនចូលតាមសណ្ឋាគារ ចិញ្ចឹមសត្វ ដាំបន្លែបង្ការ ឲ្យបានល្អ ដើម្បីបញ្ជូនទៅតាមសណ្ឋាគារ។ ឥលូវ យើងគិតតែប៉ុណ្ណេះទៅមើល អាហ្នឹងគេហៅចំណូលមិនមែនសារពើពន្ធ យើងគិតវាយ visa មួយប៉ូក ៣០ ដុល្លារ យើងមានជាង ៦ លាននាក់ តែយើងថា ៦ លានចុះ។ ប៉ុន្ដែ ១ លាន គឺយើងលើកលែងទិដ្ឋាការទៅវិញទៅមក។ យើងទៅប្រទេសគេ ក៏អត់បង់លុយ គេមកប្រទេសយើងក៏អត់បង់។ យើងថា ១ លានចុះ។ ប៉ុន្ដែនៅ ៥ លាន ទៀត គុណនឹង ៣០ ទៅ។ វាបាន ១៥០ លានដុល្លារទៀត។ វាជាចំ​ណូលមួយរបស់យើងដែរ។ ចូលមើលអង្គរវត្ដឆ្នាំនេះបាន ១២០ លាន តែពីរ(មុខ)ហ្នឹងគ្របដណ្ដប់ប្រាក់ខែបានមួយខែ។ ប៉ុន្ដែយើងមិនដែលយកអាហ្នឹងទៅបើកប្រាក់ខែទេ។ គ្រាន់តែលុយគយគ្រប់គ្រាន់បើកប្រាក់ខែ សូមអស់លោកខាងក្រៅកុំភ័ន្ដច្រឡំអោយសោះ ថាគ្រាន់តែគេផ្ដាច់ជំនួយបាត់បង់អត់មានលុយបើកប្រាក់ខែ …។

ខួបទី ៣៤ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ដ្រី

ថ្ងៃនេះខួបលើកទី ៣៤ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ដ្រីផ្លូវការ។ ថ្ងៃ ១៤ មករា ឆ្នាំ ១៩៨៥ ថ្មើរនេះ ជាពេលបោះឆ្នោតនៅសភា។ ៣៤ ឆ្នាំនៃការធ្វើនាយករដ្ឋមន្ដ្រី នៅជាមួយគ្នាតាំងសក់ខ្មៅដល់សក់ស ឥឡូវសក់សដល់សក់ខ្មៅវិញ។ តាំងពីពេលនោះលំបាកលំបិន ខ្ញុំមិនបានរើសថ្ងៃនឹងថាជាថ្ងៃខួបលើកទី ៣៤ ឆ្នាំនៃការកាន់តំណែងនាយករដ្ឋមន្ដ្រីទេ ប៉ុន្ដែពេលវេលាវាអញ្ចឹង។ មានតែថ្ងៃហ្នឹង។ ស្អែក និងខានស្អែកខ្ញុំត្រូវទៅសៀម​រាប បន្ទាប់ទៅត្រូវរៀបចំចេញដំណើរទៅសាធារណរដ្ឋប្រជាមានិតចិន អញ្ចឹងមានតែយកថ្ងៃហ្នឹង។ វាចំតែម្ដង។ ខ្ញុំ​សូមនិយាយពីការខុសគ្នា។ ទេព្ដាបានសាកល្បងនូវសមត្ថភាពរបស់ខ្ញុំច្បាស់ណាស់។ ឆ្នាំ ១៩៨៤ ពេលដែលបង ចាន់ ស៊ី គាត់ឈឺធ្ងន់ គាត់ចេញពីព្យាបាលនៅអតីតសហភាពសូវៀត ក្រុងមូស្គូ ដោយជំងឺមហារីកឈាមរបស់គាត់។ តំណែងនាយករដ្ឋមន្ដ្រីស្ដីទីបានធ្លាក់មកលើដៃខ្ញុំ ពេលនោះមួយផ្នែករាំងស្ងួតនៅដីគោក មួយផ្នែកទៀតទឹកជំនន់នៅតាមទន្លេមេគង្គ។ អញ្ចឹងទេខ្ញុំត្រូវនិយាយយ៉ាងម៉េចនៅពេលសភាបោះឆ្នោតហើយ ខ្ញុំអត់មានក្រដាសស្នាមអីទាំងអស់។ ខ្ញុំឡើងទៅអំពាវនាវចំពោះសមាជិក សមាជិកា នៃសភាសូមអោយជួយ ហើយខ្ញុំបាននិយាយថា ទេព្ដាពិតជាបានសាកល្បងសមត្ថភាពរបស់ខ្ញុំហើយ។

នៅក្នុងសភាខ្ញុំ(បាន)ហៅ(សមាជិកសភាថា)បង។ បងៗបានដឹងហើយថា គ្រោះទឹកជំនន់ និងរាំងស្ងួតនៅឆ្នាំ ១៩៨៤ កន្លងទៅ បានបន្សល់ទុកនូវផលអាក្រក់សម្រាប់យើងដោះស្រាយនៅពេលនេះ។ អញ្ចឹងទេ សុំឲ្យយើងត្រូវយកចិត្តទុកដាក់ដោះស្រាយមិនត្រូវទុកអោយប្រជាជនណាម្នាក់ស្លាប់ដោយយើងមិនបានដឹង មិនបានដោះស្រាយ។ នេះជាសម្ដីដែលខ្ញុំបានប្រើប្រាស់នៅក្នុងសភានៅពេលនោះ ហើយបានប្រើប្រាស់ខាងក្រៅជាលើកដំបូងនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលពេលនោះ លោក ស្បោង សារ៉ាត់ នៅធ្វើជាអភិបាលស្រុកនៅកំពង់ត្របែក ខេត្តព្រៃវែង។ ពេលនោះ យើងលំបាកណាស់ រកតែស្រូវស៊ីមិនគ្រប់។ តែពេលនេះស្រូវរបស់យើងសល់លើសពី ៥ លាន តោន ហើយឆ្នាំនេះអាចឈានទៅដល់ ៦ លានតោន។ ស្ថានភាពពេលនោះលំបាក​។ ប្រជាជនរបស់យើងក្រីក្រ រកតែខោអាវស្លៀកពាក់មិនបានផង។ ឥឡូវស្ថានភាពបានផ្លាស់ប្ដូរហើយ។ ពីមុន មិនមានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ អតុល្យភាពរវាងសេចក្ដីត្រូវការធ្វើដំណើររបស់ប្រជាជន ការដឹកជញ្ជូនរបស់ប្រជាជនជាមួយនឹងមធ្យោបាយធ្វើដំណើរ ឥឡូវមធ្យោបាយធ្វើដំណើរច្រើនពេកជាមួយនឹងផ្លូវថ្នល់តូច និងខ្វះផ្លូវថ្នល់ តែត្រូវដោះស្រាយខុសគ្នា វិធីដោះស្រាយមិនដូចគ្នាទេ …។

“បើសិនអ្នកដាក់ទណ្ឌកម្មខ្ញុំ មិនបាច់ប្រដៅខ្ញុំទេ”

អញ្ចឹង សូមមិនចាំបាច់អ្នកណាគំរាមទេ ចង់ធ្វើអីក៏ធ្វើទៅ។ ប៉ុន្ដែអ្នកក៏ត្រូវដឹងថា តម្លៃដែលអ្នកត្រូវសងគឺអ្វី? មាន​ទៅមានមក។ សូមកុំភ្លេច។ អ្នកក៏មិនចំាបាច់មកប្រដៅខ្ញុំទៀតទេ។ (បើ)អ្នកបានជាជ្រុលដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិដើម្បីនិយាយប្រដៅខ្ញុំពីរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យអីដែរ។ ខ្ញុំចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ (វា)ស្មើនឹង(ការ)វាយសម្លាប់បក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯងឲ្យបានច្បាស់។ គ្មានរឿងអី ខ្ញុំត្រូវថ្នាក់ថ្នម(ទៀតទេ)។ បានជាជ្រុលអញ្ចឹងហើយ អោយវាទៅបណ្ដោយទៅ។ ហ្នឹងវាមានរឿងតែប៉ុណ្ណឹង។ ហ្អែងខូច អញកាត់ទោសហ្អែង។  អាហ្នឹងផ្លូវច្បាប់។ តែហ្អែងទៅអំពាវនាវអោយគេបំផ្លាញកម្ពុជា អញ្ចឹងមានអីត្រូវទុកអោយហ្អែងរស់តទៅទៀត។ សុំកុំប្រមាថចំពោះកម្ពុជា ហើយសុំកុំព្រមានចំពោះកម្ពុជា។ ខ្ញុំបានប្រកាសហើយ មិនអាចយកឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសទៅដោះដូរជាមួយជំនួយអ្នកណាទេ។ បើកម្ពុជាមិនអាចអនុវត្តច្បាប់ខ្លួនឯងបាន ក៏មិនចាំបាច់ថា មានឈ្មោះជារដ្ឋអធិបតេយ្យទេ ហើយមិនចាំ​បាច់មានឈ្មោះថា ជាសមាជិកអង្គការសហប្រជាតិនោះទេ។ អញ្ចឹងទេ អាល្បែងគំរាមដកនេះដកនោះ ទណ្ឌ​កម្មនេះល្មមឈប់ហើយ លើពិភពលោកនេះគេធុញទ្រាន់ខ្លាំងណាស់ទៅហើយ។

ថ្ងៃទី ២៤ កុម្ភៈ ក្លាយជាពោះម៉ាយ ដោយមិនដឹងប្រពន្ធ និងកូនស្លាប់ ឬរស់

ខ្ញុំក៏ធ្លាប់ដឹកនាំសេដ្ឋកិច្ច ក្នុងពេលដែលគេហ៊ុមព័ទ្ធនយោបាយ ហ៊ុមព័ទ្ធទាំងសេដ្ឋកិច្ច។ ប៉ុន្តែបាននាំចម្លងទាំងសេដ្ឋកិច្ច តាំងពីជាង ៥ លាននាក់ឡើងដល់ ១៦ លាននាក់ទៅហើយ រាល់ថ្ងៃ កើតនោះកើត។ ខ្ញុំក៏អត់បន្ទោសអ្នកណាបានដែរ។ ឆ្នាំ ១៩៧៩ ពេលហ្នឹង ៤០ ឆ្នាំមុន ខ្ញុំនៅជាបុរសពោះម៉ាយ។ ខ្ញុំធ្លាប់ពោះម៉ាយ។ ម៉េចបានថាខ្ញុំធ្លាប់ពោះម៉ាយ? នៅពេលដែលខ្ញុំបែកពីប្រពន្ធខ្ញុំនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ខ្ញុំមិនដឹងថាប្រពន្ធខ្ញុំស្លាប់ ឬរស់ទេ។​ ខ្ញុំបានក្លាយទៅជាបុរសពោះម៉ាយ នៅក្នុងវ័យ ២៥ ឆ្នាំ។ ឯភរិយាខ្ញុំក៏ក្លាយទៅជាមេម៉ាយកូនមួយ ថ្ងៃ ២៤ ខែ កុម្ភៈ … ដោយសារពេលនោះសភាពការណ៍ច្របូកច្របល់ពេក ភរិយារបស់ខ្ញុំត្រូវទៅរស់នៅ និង​រើសគួរស្រូវ ដើម្បីចិញ្ចឹមកូន … អញ្ចឹង ៤០ ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដែលខ្ញុំស្ថិតក្នុងស្ថានភាពពោះ​ម៉ាយ ឯភរិយារបស់ខ្ញុំក៏ស្ថិតក្នុងស្ថានភាពជាស្រ្តីមេម៉ាយកូនមួយ។ ប៉ុន្តែចាប់ពីថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ខ្ញុំក្លាយទៅជាបុរសដែលមានប្រពន្ធឡើងវិញ គឺប្រពន្ធដដែល។ វាលំបាកណាស់ទីក្រុងភ្នំពេញ រកតែទឹកផឹកមិនបានផង ទីក្រុងភ្នំពេញយ៉ាប់មែនទែន ម្ដុំវិមានឯករាជ្យពីដើមអត់មានមនុស្សទេ អាដើមខ្នុរអីហ្នឹង នៅហ្នឹងសត្វមៀមវាយំ អាកូនក្ដៅខ្លួន។ តែមៀមយំគឺកូនក្ដៅខ្លួនហើយ។ ឥឡូវវាមិនលឺសម្លេងមៀមយំទេ សម្លេងឡាន ម៉ូតូអត់មានពេលសម្រាកបានទេ … ព្រលឹមឡើងនាំគ្នាទៅដងទឹកនៅមាត់ទន្លេ សម្ដេច ហេង សំរិន ក៏ទៅដងទឹក ខ្ញុំក៏ទៅដងទឹកយកមកប្រើប្រាស់មិនមែនមានទឹកប្រើដូចសព្វថ្ងៃទេ។

កាត់បន្ថយចំណាយទាំងផ្លូវការ និងមិនផ្លូវការ អោយអ្នកវិនិយោគមាន​ឱកាសប្រកួតប្រជែង

ពិតហើយ យើងមិនចង់ធ្វើសត្រូវជាមួយអ្នកណាទាំងអស់។ យើងចង់ពង្រីកមិត្តភក្តិនៅលើពិភពលោក ក៏ប៉ុន្តែសូមមិត្តភក្តិ ស្គាល់គ្នាអោយច្បាស់។ កុំលុះទៅដោយការប្រព្រឹត្តនូវកំហុសដែលយកប្រជាជន ១៦ លាននាក់ ទៅបម្រើអោយគោលដៅនយោបាយរបស់ខ្លួន ក្នុងការបំផ្លិចបំផ្លាញកម្ពុជានោះ។ ឥឡូវនេះ ត្រូវមានការ​ប្រជុំ ហើយធ្វើកិច្ចការកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងអោយកាន់តែលឿន ដែលថ្ងៃមុនខ្ញុំបាននិយាយបន្តិចហើយ សូមផ្ដាំទៅអ្នកវិនិយោគិនទាំងឡាយ អ្នកធ្វើធុរកិច្ចទាំងឡាយនៅពេលខាងមុខ នឹងមានការដាក់ចេញនូវវិធានការកាត់បន្ថយការចំណាយទាំងផ្លូវការ និងមិនផ្លូវការរបស់អ្នកវិនិយោគ ដើម្បីអោយអ្នកវិនិយោគទាំងនោះ មាន​ឱកាសកាន់តែខ្លាំងសម្រាប់ការប្រកួតប្រជែងទៅលើវិស័យសេដ្ឋកិច្ច បម្រើអោយការប្រើប្រាស់ក្នុងស្រុក បន្ថយ​ការនាំចូល និងជំរុញការនាំចេញ។ ឧទាហរណ៍ ខ្ញុំសុំលើកគ្រាន់តែវិស័យសំណង់មួយទេ កាលពីពេលមុនស៊ីម៉ង់ត៍ដែលយើងប្រើ ៥ លានតោន រហូតដល់ ៧ ទៅ ៨ លានតោន យើងនាំចូលស្ទើរតែទាំងអស់ ឥឡូវនេះស៊ីម៉ង់ត៍យើងផលិតបានខ្លួនឯងរហូតទៅ ៧ លាន ៥ សែនតោន ដែលអាចផ្ដល់អោយប្រមាណ ៩០% នៃសេចក្ដីត្រូវការក្នុងប្រទេស។ នេះជាការខិតខំវិនិយោគបម្រើអោយសេចក្ដីត្រូវការនៃការសាងសង់ នៅក្នុងប្រទេសរបស់យើង​។

ជេរថាបាត់ព្រៃឈើ តែខ្លួនធ្វើចំការពេញពាស និងផ្ទះសុទ្ធតែឈើប្រណីត

សព្វថ្ងៃ មានពេលណាមួយនឹងត្រូវដោះស្រាយជាមួយគ្នា។ ជេរឯងរឿងបាត់ព្រៃឈើក្នុងពេលដែលពួកវាទៅធ្វើចំការពេញ(ណាពេញណី) អាហ្នឹងមួយទៅ។ មួយទៀតជេរឯងរឿងបាត់ព្រៃឈើ ក្នុងពេលដែលផ្ទះវាជញ្ជាំងសុទ្ធ​តែ​ឈើ ខាងក្នុង(ផ្ទះ)សុទ្ធតែឈើ។ អញ្ចឹងទេថ្ងៃណាមួយអោយតែមុខសញ្ញាពួកប្រឆាំង ខ្ញុំដើរទៅរុះផ្ទះទាំងអស់ហើយយកឈើ មកពីអ្នកឯងថា(ធ្វើអោយ)បាត់ឈើ។ ចុះឈើឯងធ្វើផ្ទះហ្នឹងឯងបានពីណា?​ ពីដើមគេហៅខេត្តព្រៃវែង។ ខ្ញុំបានសួរគេថាម៉េចបានគេដាក់ឈ្មោះ ខេត្តព្រៃវែង? ថាមកពីព្រៃហ្នឹងវាវែង។ តែឥឡូវសួរមើល​មានព្រៃទៀតអត់ព្រៃវែង។ វាអត់មានព្រៃទេ ដោយសារអី? ដោយសារមនុស្សមានកើនឡើង វាមានតម្រូវការអោយកាប់ព្រៃ កាប់ម្ខាងដើម្បីរុករានដីធ្វើស្រែ ធ្វើចំការ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋដែលមានការកើនឡើង តែមួយទៀត​កាប់ឈើយកមកធ្វើសំណង់ធ្វើផ្ទះ។ ផ្ទះរបស់វាធ្វើសុទ្ធតែឈើ មកជេរឯងថាអស់ព្រៃឈើ។ ខឹងអាពួកកាប់ឈើវាម្យ៉ាង ប៉ុន្តែវាប្រើប្រាស់ឈើ ហើយសុទ្ធតែអាប្រណីតទៀត តាំងពី បេង នាងនួន ធ្នង់ស្អីគ្រប់សព្វទាំងអស់ វាប្រើអោយពេញតែផ្ទះវា រួចវាមកជេរឯងថា គ្រប់គ្រងប្រទេសធ្វើអោយបាត់ឈើ។ ថ្ងៃណាប្រមូលត្រឹមតែ ១០០ ផ្ទះទេ ទៅរុះតែម្ដង រុះហើយយកឈើចេញ រុះហើយយកឈើចេញ ស៊ីម៉ង់ត៍កុំយក យកតែឈើ រួចហើយទៅចង្អុលបង្ហាញ ឯងជេរអញបាត់ឈើ។ ឥឡូវឈើនេះហែ្អងយកពីណា?

អ្វីដែលជាសមិទ្ធផលជាតិសូម្បីតែសរសើរមួយម៉ាត់ក៏មិនដែល

អញ្ចឹងបានថាខ្មែរយើង អ្វីដែលជាសមិទ្ធផលរបស់ជាតិសូម្បីតែវាសរសើរតែមួយម៉ាត់ ក៏វាអត់សរសើរដែរ … ឥឡូវ​ខ្ញុំសូមអំពាវនាវជួយបោះឆ្នោត។ ថ្ងៃមុន ពេលជួបអ្នកកាសែត ខ្ញុំភ្លេចនិយាយ(អោយ)ជួយបោះឆ្នោតអោយកីឡាការិនី កែ ឡេង ដើម្បីក្លាយទៅជាកីឡាឆ្នើមពិភពលោក​ ព្រោះគេរើសប៉ុន្មានប្រទេសទៅប្រកួតតាមរយៈការបោះឆ្នោត។ កែ ឡេង គាត់ទទួលលេខមួយខាងប៊ូល ៣ លើក ឥឡូវប្រទេសបារាំងគេរើសប្រទេសមួយៗ យកទៅដាក់បោះឆ្នោត ដើម្បីឆ្លងទៅវគ្គបន្ត។ ត្រូវមានការបោះឆ្នោត តាមអនឡាន ហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា គេកំពុងតែអំពាវនាវ។ សូម្បីតែកីឡាដែលប្រកួតឈ្នះ ក៏ពួកប្រឆាំងមិនដែលអបអរសាទរទេ ព្រោះបើអបអរសាទរទៅវាដូចជាឲ្យគុណសម្បត្តិមកគណបក្សប្រជាជន ឬមករាជរដ្ឋាភិបាល។ ប៉ុន្តែសួរថាបើគំ​និតចង្អៀតចង្អល់បែបនេះ វាដឹកនាំជាតិបាន ឬអត់។ វាទៅមិនរួចទេ។

ពង្រឹងឯករាជ្យ សំដៅពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស ដោយមិនត្រូវពឹងផ្អែកលើជំនួយបរទេសច្រើនហួស

អញ្ចឹងបានជាយើងត្រូវធ្វើការខិតខំកែទម្រង់ខាងក្នុងនេះ គាំទ្រនូវកំណែទម្រង់ទាំងអស់ ដើម្បីអោយសេដ្ឋកិច្ចប្រ​កួត​ប្រជែង។ យើងមិនអាចពឹងគេអស់មួយជីវិតទេ។ ត្រូវតែមានការរីកលូតលាស់ឡើង សូម្បីតែបញ្ហាប្រាក់ដែលយើងត្រូវរកពីខាងក្រៅ នៅពេលណាមួយគេនឹងអោយយើងទទួលការប្រាក់ពាណិជ្ជកម្ម។ អញ្ចឹងទេបានជាយើង​ត្រូវប្រឹងពង្រឹង។ យុទ្ធនាការពង្រឹងឯករាជ្យ គឺសំដៅទៅលើពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស ដោយមិនត្រូវពឹងផ្អែកច្រើនហួស រហូតទៅដល់ពេលគេខ្ទប់អីមួយ ខ្លួនឯងស្លាប់នោះទេ។ ផលប៉ះពាល់វាតែងមានហើយ ក៏ប៉ុន្តែកុំអោយផលប៉ះពាល់រហូតទៅដល់សេចក្ដីស្លាប់ ប៉ុន្តែបើអ្នកឯងហ៊ានធ្វើ តម្លៃដែលត្រូវសង ពួកអ្នកឯងរង់ចាំមើលទៅ។ ពួកអ្នកឯងសប្បាយទៅ។ សួរថារដ្ឋបាល ហ៊ុន សែន នឹងចាត់វិធានការចំពោះពួកអាក្រក់របៀបណា? អោយច្បាស់លាស់ជាមួយគ្នា។ អ្នកឯងគ្មានសិទ្ធិមកនិយាយជាមួយខ្ញុំតទៅទៀតទេ។ ពួកអ្នកមានទោសទាំងប៉ុន្មាន មិនអោយហ្អែងរួចខ្លួន ប្រមូលយកកាត់ទោស។ ព្រោះ(បានជា)ជ្រុលជាធ្វើចឹងទៅហើយ ពួកឯងអ្នកធ្វើអាក្រក់ អញអនុវត្តច្បាប់។ ឯងទៅប្ដឹងចៅហ្វាយឯង អោយធ្វើបាបអញ។ អញ្ចឹងអញជាន់កឯងថែម។

ធ្វើមិត្តភក្តិជាមួយប្រទេសនានា តែស្ថិតក្នុងស្មារតីឯករាជ្យរបស់ប្រទេស

ល្ងាចនេះគេនឹងឡើងតុមូល/ជ្រុងទៀតហើយ តាមវិទ្យុបរទេសឡើងតុមូល/ជ្រុង តែនេះដូចជាសារបញ្ជាក់ចំៗ ប្រាប់ថា កម្ពុជាមិនមែនធ្វើសេដ្ឋកិច្ចតែផ្នែកណាមួយទេ ធ្វើច្រើនផ្នែកពហុវិស័យ កសិកម្មក៏ធ្វើ ឧស្សាហកម្មក៏ធ្វើ សេវាក៏ធ្វើ ហើយក្នុងកសិកម្ម មិនមែនមានតែស្រូវមួយមុខទេ មានតាំងពីស្រូវ ពោត សណ្ដែក ដំឡូង កៅស៊ូ ម្រេច ។ល។ អាពាក្យ ។ល។ ហ្នឹងគឺច្រើនណាស់។ មានតាំងពីចិញ្ចឹមសត្វ ចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមត្រី រហូតដល់ចិញ្ចឹមអណ្តើកទៀត។ ហ្នឹងក្នុងវិស័យកសិកម្ម។ ហើយការកែច្នៃក្នុងវិស័យកសិកម្មបាន និងកំពុងដំ​ណើរការ តាមរយៈឧស្សាហកម្មធុនតូច និងមធ្យមរបស់យើង។ ខ្លះគេធ្វើជានំ ខ្លះគេធ្វើនេះ ធ្វើនោះ បម្រើអោយទីផ្សារក្នុងស្រុក ហើយមានការនាំចេញទៅខាងក្រៅ។

វិស័យឧស្សាហកម្ម យើងមានវិស័យឧស្សាហកម្ម និងសិប្បកម្ម យើងមានវិស័យកាត់ដេរ យើងមានវិស័យដេរស្បែកជើង យើងមានផ្នែកដទៃទៀត ដែលមិនចំណុះអោយត្រឹមតែប្រទេសមួយ ​អោយតែផ្នែកណាមួយនោះទេ រហូតដល់យើងមានឧស្សាហកម្មធុនធ្ងន់មួយប្រភេទដែរ​ គឺឧស្សាហកម្មសម្ភារៈសំណង់។ យើងមិនអាចធ្វើដែក ហើយក៏មិនគួរធ្វើនូវរោងចក្រដែកថែបនៅកម្ពុជាទេ។ ប៉ុន្តែ ប្រសិនបើនាំដែកទាំងនោះមកផលិតជាសម្ភារៈសំ​ណង់ ផ្គុំសម្ភារៈសំណង់ ដើម្បីនឹងបម្រើអោយការសាងសង់ គឺឥឡូវកំពុងធ្វើហើយ។ ដូចជាក្រុមហ៊ុនខ្លះ យើងត្រូវការសសរផ្ទះ ត្រូវការបង្គោល គេមានហើយស្រេច។ គេយកដែកមកធ្វើហើយចាក់ជាមួយស៊ីម៉ង់ត៍ ដើម្បីធ្វើអោយវាត្រូវធ្វើជាសសរផ្ទះ។ មុននេះយើងធ្វើពីឈើ ឥឡូវនេះយើងធ្វើពីស៊ីម៉ង់ត៍ម្តង។ ក្នុងវិស័យសេវា យើងក៏មានច្រើនមានតាំងពីសេវាហិរញ្ញវត្ថុ ជាធនាគារ ជាធានារ៉ាប់រង មីក្រូហិរញ្ញវត្ថុ ជាសេវាដឹកជញ្ជូន ជាសេវាទេសចរណ៍ និងសេវាដទៃទៀត រាប់ទាំងឥឡូវហ្នឹងសេវាវាទៅជា ស្រុកខ្មែរវាទៅជាអ្នកផឹកកាហ្វេ វាមិនដឹងទៅជាស្អី ឥឡូវថាកាហ្វេពេញស្រុក ពេញភ្នំពេញទាំងអស់ ឥឡូវចេះផឹកតាំងពីក្មេង បន្តិចៗនាំគ្នាទៅជួបគ្នានៅហាងកាហ្វេ អាហ្នឹងសម្រាប់សេដ្ឋកិច្ចរបស់យើងនៅក្នុងប្រទេស។

យើងធ្វើពហុវិស័យ កសិកម្មក៏មានច្រើនប្រភេទ ឧស្សាហកម្មក៏មានច្រើនប្រភេទ សេវាក៏មានច្រើនប្រភេទ។ នៅខាងក្រៅ យើងមិនធ្វើតែនៅប្រទេសមួយទេ យើងធ្វើជាមួយប្រទេសច្រើន។ អញ្ចឹងបានជាយើងចង់ធ្វើមិត្តភក្តិជាមួយប្រទេសក្រៅ ក៏ប៉ុន្តែត្រូវតែស្ថិតក្នុងស្មារតីឯករាជ្យរបស់ប្រទេស។ យើងអរគុណណាស់ជាមួយនឹងមិត្តភក្តិ​ដែលបានផ្តល់អោយយើង។ នៅកម្ពុជានេះរាប់ពាន់គីឡូផ្លូវថ្នល់ និងស្ពានត្រូវបានសាងសង់ដោយថវិការបស់មិត្តចិន។ ខ្ញុំទៅលើកនេះច្បាស់ជាមានគម្រោងដាក់បន្ថែមហើយ។ មិនដឹងថាត្រូវចុះហត្ថលេខាប៉ុន្មានទេ? នឹងត្រូវគម្រោងដែលត្រូវទទួលបានពីមិត្តចិន។ យើងធ្វើជាមួយនឹងប្រទេសច្រើន ដើម្បីការលូតលាស់នៃសេដ្ឋកិច្ចរបស់យើង។ ពង្រីកបន្ថែមផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ កំពង់ផែ និងជម្រុញការអភិវឌ្ឍវិស័យអគ្គិសនី ដើម្បីអោយអគ្គិសនីកាន់តែចុះថោក ដែលជាផ្នែកមួយនៃការប្រកួតប្រជែង ក្នុងសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចតំបន់របស់យើងផងដែរ។

អតីនាយករដ្ឋមន្ត្រី អៀរឡង់ថា “វាមិនយុត្តិធម៌សម្រាប់កម្ពុជា”

ខ្ញុំមិនចង់លឺតទៅទៀតនូវពាក្យ គំរាមគំហែង ដាក់ទណ្ឌកម្មនេះ ដាក់ទណ្ឌកម្មនោះ ចង់ធ្វើអ្វីក៏ធ្វើទៅ។ ប៉ុន្តែខ្ញុំគ្រាន់តែចង្អុលបង្ហាញថា ការដាក់ទណ្ឌកម្មចំពោះកម្ពុជាមានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង។ មិនមែនមានន័យថាកម្ពុជាអត់ពហុបក្សទេ។ ពហុបក្សនៅតែមាន បោះឆ្នោតកន្លងទៅ ២០ គណបក្ស។ យើងនៅតែបន្តពហុបក្ស។ បោះឆ្នោតតាមការកំណត់នៃរដ្ឋធម្មនុញ្ញ។ ប៉ុន្តែអ្នកព្រហើនៗ ​នឹងត្រូវចប់សេចក្តីរបស់វា។ រឿងអីអោយឯងបន្តទៀត។ ឯងធ្វើខុសហើយ ឯងមិនព្រមទទួលស្គាល់ខុស។ ផ្តួលរដ្ឋអំណាចក្រៅការបោះឆ្នោត​ ហ្នឹងជាអ្វី? តើគួរមានទោសទេ? ដល់គេដាក់ទោស ឯងទៅពឹងពាក់បរទេស អោយមកសម្លាប់ប្រជាជនខ្មែរ។ តើប្រជាជនខ្មែរត្រូវមានឥរិយាបទយ៉ាងណា? ជាមួយពួកអាចង្រៃនេះ … និយាយអោយត្រង់ៗជាមួយគ្នាឆាប់ស្តាប់បាន។ ថ្ងៃមុនខ្ញុំជួបជាមួយតំណាងរាស្រ្តនៃសាធារណរដ្ឋ អៀរឡង់ ដែលជាអតីតនាយករដ្ឋមន្ត្រី អៀរឡង់ ហើយក៏ធ្លាប់ជាប្រធានសហភាពអ៊ឺរ៉ុប ​ព្រោះនៅអ៊ឺរ៉ុបគេចែកគ្នា ៦ ខែម្តង ធ្វើប្រធានសហភាពអ៊ឺរ៉ុប។ គាត់ធ្លាប់ធ្វើប្រធានសហភាពអ៊ឺរ៉ុប។ នៅពេលដែលគាត់ធ្វើនាយករដ្ឋមន្ត្រី ខ្ញុំប្រាប់គាត់ គាត់ក៏នឹកមិនដល់ថារឿងហ្នឹងបែរជាមកបង្កើតចំ​ពោះកម្ពុជា គំរាមដល់កម្ពុជា វាមិនយុត្តិធម៌សម្រាប់កម្ពុជាទេ។

កុំកសាងកំហុសទី ៣ … បន្តជំរុញកែលម្អប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឬសម្លាប់វាចោលត្រឹមកន្លែងហ្នឹង​?

… ពេលខ្ញុំចេញផុតមក ស្រាប់តែឃើញ Fresh News ផ្សាយ។ អ្នកនាំពាក្យរបស់យើងបានប្រាប់ ដាក់ថាកុំកសាងកំហុសទី ៣។ កំហុសទី ១ អ្នកឯងជាប្រទេសប្រជាធិបតេយ្យ តែបានគាំទ្ររដ្ឋប្រហារ ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ។ គិតមើលទៅគួរណាស់ពេលហ្នឹង។​ ប្រទេសប្រជាធិបតេយ្យទាំងឡាយនាំគ្នាថ្កោលទោសពួកធ្វើរដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ តែមិននឹកស្មានថាពួកគេគាំទ្រ លន់ នល់ ប្រឆាំងនឹង សម្តេច ព្រះនរោត្តម សីហនុ ដែលជាព្រះប្រមុខរដ្ឋស្របច្បាប់ ហ្នឹងកំហុសទី១។ គិតមើលទៅអ្នកឯងធ្លាប់បានសំដែងនូវការសោកស្តាយទេ អត់ទេ។ កំហុសទី ២ អ្នកឯងបានបន្តគាំទ្រពួក ប៉ុល ពត អោយអង្គុយនៅអង្គការសហប្រជាជាតិ ១២ ឆ្នាំ បន្ទាប់ពី ប៉ុល ពត សម្លាប់មនុស្សជាង ៣ លាននាក់។ ឥឡូវនេះកម្ពុជាអនុវត្តប្រជាធិបតេយ្យដ៏ខ្ជាប់ខ្ជួន និងកសាងប្រទេសមួយដែលកំពុងវិវឌ្ឍទៅមុខ។ ក៏មានការរួមចំណែកនៃការជួយពីអស់លោកអ្នក។ ប៉ុន្តែអស់​លោកអ្នកក៏ត្រូវតែគិតថា តើគួររក្សាសមិទ្ធផលដែលអស់លោកអ្នក ដែលជួយកសាងមកនេះ ហើយបន្តជំរុញដំណើរការកែលម្អសភាពការណ៍​ ដើម្បីអោយសេដ្ឋកិច្ចកាន់តែល្អ។ លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់​តែ​ល្អប្រសើរ។ ឬក៏អ្នកឯងត្រូវសម្លាប់វាចោលត្រឹមកន្លែងហ្នឹង​។ ជ្រើសរើសទៅ។ វាល្មមដល់ពេលដែលខ្ញុំនិ​យាយដើម្បីអោយប្រជាពលរដ្ឋខ្មែរបានដឹង។ ខ្ញុំមិនសំដៅទៅលើផ្ញើសារអោយអ្នកណាទេ តែសំខាន់បំផុតខ្ញុំចង់ពន្យល់ប្រជាជនកម្ពុជាអោយយល់ ថាយើងមិនត្រូវស្លាប់ទេ។ យើងធ្វើតាំងពីពេលវេលាដែលយើងអត់មានអ្វីទាំងអស់។ ឆ្នាំ ១៩៧៩ មានចានអត់ឆ្នាំង មានឆ្នាំងអត់ស្លាបព្រា។ ឥឡូវនេះយើងបានឆ្លងផុតមកដល់តំណាក់កាលនេះ យើងត្រូវបន្តការខិតខំ មិនត្រូវទុកអោយមានសភាពការណ៍ណាមួយអាក្រក់​ ដោយសារតែការផ្តាច់អុកស៊ី(សែន)ពីអ្នកខ្លះនោះទេ។

“អ្នកដើរត្រង់ ខ្ញុំដើរត្រង់ដែរ, អ្នកឯងដើរវាង ខ្ញុំក៏ដើរវាងដែរ”

ហើយរង់ចាំមើល អាអ្នកដែលទៅអំពាវនាវអោយបរទេសកាត់ជំនួយ អ្នកឯងរង់ចាំមើល តើជោគវាសនារបស់អ្នកឯងយ៉ាងម៉េច? ខ្ញុំនិយាយត្រង់ៗអញ្ចឹង បានសេចក្តីថាយើងក៏រង់ចាំជំហានគេផងដែរ។ សង្ឃឹមថា លោក សុខ សុគន្ធ ដែលខ្ញុំចាត់ទុកគាត់ថាគឺជាអ្នកវិភាគមួយដ៏ជ្រៅជ្រះ គាត់មិនកាន់ជើងខ្ញុំទេ ជួនកាលគាត់ហៅខ្ញុំថា អា ហ៊ុន សែន ប៉ុន្តែគាត់ពិតជាមានការវិភាគដ៏មានខ្សែរយៈ ខុសពីអ្នកវិភាគដូរបាយ។ អ្នកវិភាគដូរបាយ អាហ្នឹងគឺវាមានផលប្រយោជន៍។ អាខ្លះចេញពីទីប្រឹក្សានេះ ចេញពីបក្សនេះ ចេញបក្សនោះ ជាពួកវិភាគដូរបាយ។ ប៉ុន្តែរបៀបលោក ជេម សុខ ឬ លោក សុខ សុគន្ធ ខ្ញុំស្តាប់ការវិភាគរបស់គាត់ គាត់អត់មានផលប្រយោជន៍អី អញ្ចឹងគាត់វាយទាំងអស់ហ្នឹង … គាត់វិភាគត្រូវ អ្វីដែលជាវិធានការណ៍ដែលខ្ញុំបានគ្រោង។ អញ្ចឹងខ្ញុំក៏ចាំជំហានអ្នកខាងនោះដើរ។ បើខាងនោះដើរត្រង់ ខ្ញុំក៏ដើរត្រង់ដែរ បើអ្នកឯងដើរវាងផ្លូវហើយ ខ្ញុំក៏ដើរវាងផ្លូវដែរ … កុំអាងអីហៅមីស៊ីល។ ធ្លាប់ហៅមីស៊ីល បាញ់ចូលទួលក្រសាំង បាញ់ចូលប្រទេស … រឿងអីយើងត្រូវអត់ឱនអោយវា។ ការសម្លាប់កម្ពុជាតាមរូបភាពណាមួយមានតម្លៃស្មើនឹងសម្លាប់ក្រុម ដែលអ្នកឯងគាំទ្រអោយប្រឆាំងជាមួយរដ្ឋាភិបាល ហ៊ុន សែន។ ខ្ញុំមិនលើកលែងអោយទេ។ បានតែជ្រុលលេងគ្នាហើយ វាត្រូវតែលេង។ ហ្នឹងល្បែងមានទៅមានមក។ អញ្ចឹងអ្នកណាត្រៀមខ្លួនរត់ត្រៀមទៅ … ខ្ញុំមិនតាមចាប់ពីថៃត្រឡប់មកវិញទេ អ្នកត្រៀមរត់ហ្នឹង។ អាខ្លះវារត់ វារត់ទៅ វាមកៗ ហើយស្មានតែគេមិនដឹង? ខ្ញុំនិយាយត្រឹមប៉ុណ្ណឹង ល្មមយល់គ្រប់គ្នាហើយ។ បើចង់អោយពួកប្រឆាំងងាប់ អាហ្នឹងកាត់ទៅ។ បើចង់អោយពួកប្រឆាំងរស់ … ពិភាក្សាគ្នាកែលម្អសភាពការណ៍ជាមួយគ្នា បន្តទៅមុខជាមួយគ្នា ក្នុងភាពជាដៃគូស្មើភាពលើការគោរពឯករាជ្យ និងអធិបតេយ្យ។ គេរង់ចាំជំហានរបស់យើងៗ ក៏រង់ចាំជំហានរបស់គេដើរដែរ។

សុំកុំយកកម្ពុជាធ្វើជាប្រធានបទនៃការឃោសនារកសំឡេងឆ្នោត ក្នុងការបោះឆ្នោតសភាអឺរ៉ុប

ហើយសុំកុំយកកម្ពុជាធ្វើជាប្រធានបទនៃការឃោសនារកសំឡេងឆ្នោត ក្នុងការបោះឆ្នោតសភាអឺរ៉ុប។ សុំផ្ដាំទៅអ្នកតំណាងរាស្រ្តនៃសភាអឺរ៉ុប សុំកុំយករឿងកម្ពុជា ធ្វើជាប្រធានបទសម្រាប់ការឃោសនា ដើម្បីការជាប់ឆ្នោតជាសមាជិកសភាអឺរ៉ុបជាបន្តទៀត។ ធ្វើយ៉ាងដូច្នេះ គ្រាន់តែចំណេញអ្នក​ឯង ក៏ប៉ុន្តែបរិវាររបស់អ្នកឯងនៅកម្ពុជា នឹងទទួលភាពខ្ទេចខ្ទាំ បាក់ឆ្អឹងខ្នង … ហើយអ្នកឯងគ្មានសិទ្ធិមកនិយាយជាមួយខ្ញុំតទៅទៀតដែរ។ រដ្ឋ និងរដ្ឋទំនាក់ទំនងធម្មតា។ ប្លុកអាស៊ាន និងប្លុកសភាអឺរ៉ុប បន្តចរចាកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី នៅតែបន្តធ្វើ​។ រឿងរបស់កម្ពុជា ក្លាយទៅជារឿងដែលគេយកធ្វើនយោបាយ ចំណេញសម្រាប់ការឃោសនាបោះឆ្នោតនៃសភាអឺរ៉ុបនៅពេលខាងមុខ។ សុំកុំយកកម្ពុជាធ្វើជាល្បែងកូនក្មេងលេងអោយសោះ។

កំណើនសេដ្ឋកិច្ច ៧,៣%, លទ្ធភាពសាច់ប្រាក់ដំឡើងប្រាក់ខែ និងការបើកប្រាក់បៀវត្ស ២ សប្ដាហ៍ម្ដង

ថ្ងៃនេះ ខ្ញុំអរគុណណាស់ ហើយសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ​ដែលរស់នៅតាមផ្លូវ(ក្រវាត់ក្រុងខ្សែទី ៣) ហើយទទួលផលប៉ះពាល់ និងសុំអធ្យាស្រ័យនៅពេលសាងសង់។ វាលឺហើយ។ ថ្លង់ហើយ។ ក៏ប៉ុន្តែនៅឆ្នាំ ២០២១ គឺនឹងរួចរាល់។ ពេលនោះសម្បូរសប្បាយ។ ២០២២ បោះឆ្នោតឃុំសង្កាត់ គណបក្សទាំងអស់ក៏ទទួលផលប្រយោជន៍ពីហែក្បួនតាមផ្លូវហ្នឹង។ ២០២៣ គណបក្សទាំងអស់ដែលចូលរួមបោះឆ្នោតនៅពេលនោះ ក៏នឹងទទួលផលពីការហែក្បួនឃោសនាតាមផ្លូវហ្នឹងដែរ។ វាមិនស្ទះចរាចរណ៍តទៅទៀត។ ប្រឹងស្រែកអោយលឺ ដាក់មេក្រូអោយច្រើនក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ។ ខំធ្វើយ៉ាងម៉េចអោយសេដ្ឋកិច្ចរបស់យើងរីកលូតលាស់ឡើង។ កំណើនឆ្នាំកន្លងទៅនេះ ៧,៣% ដែលជាកំណើនមួយដ៏ធំ លើសពីការគ្រោងទុក។ ប្រាក់ចំណូលរបស់រដ្ឋ ក៏មានការកើន។ ពីមុន មួយខែមាន ៦០ ថ្ងៃ ព្រោះអត់មានសាច់ប្រាក់បើកប្រាក់ខែ។ អញ្ចឹងមន្រ្តីរាជការ​របស់យើងកាលហ្នឹងថា កម្ពុជាមួយខែមាន ៦០ ថ្ងៃ។ ក្រោយមក កម្ពុជានៅមួយខែមាន ៤០ ថ្ងៃ ឬ ៥០ ថ្ងៃ។ ដល់ក្រោយមក កម្ពុជានៅ ២២ ថ្ងៃក្នុងមួយខែ បានសេចក្ដីថា យើងចាប់បើកប្រាក់បៀវត្ស(មន្រ្តីរាជការ) ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃ ២៨។ ឥឡូវនេះ កម្ពុជា មួយខែនៅសល់ ១៥ ថ្ងៃ ធ្វើការពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ បើកលុយបានហើយ។ ដល់ថ្ងៃ ៣០ បើកលុយម្ដងទៀត។ អញ្ចឹងមិនមែនប្រាក់ខែ ប្រាក់ប្រចាំសប្ដាហ៍ម្ដង។ សន្សំលុយទាល់តែមានលទ្ធភាពសាច់ប្រាក់ មិនមែនបានសេចក្ដីថា លុយមានតែក្រដាស តែនេះគឺសាច់លុយសុទ្ធ​តែ​ម្ដង។ យើងមានសាច់ប្រាក់ មានសមត្ថភាពបើកប្រាក់ខែមួយឆ្នាំ។ បើសេដ្ឋកិច្ចគ្រប់គ្រងតាមរបៀបកញ្ជើធ្លុះ មិនមានលុយសល់បែបនេះទេ សម្រាប់ម្ខាងវិនិយោគ ធ្វើផ្លូវ ធ្វើស្ពាន ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យមួយចំនួន ដោយលុយផ្ទាល់របស់យើង ១០០%។ ម្ខាងទៀត យើងដំឡើងប្រាក់ខែអោយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ហើយយើងមានសមត្ថភាពមានសាច់ប្រាក់បើកប្រាក់បៀវត្សអោយមន្រ្តីរាជការរបស់យើងក្នុង ២ សប្ដាហ៍ម្ដង។

ប្រជាជនបានផ្តល់ការជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជាអោយដឹកនាំប្រទេស​

អរគុណណាស់ ជាមួយនឹងការខិតខំទាំងអស់គ្នា ហើយសង្ឃឹមថា ការខិតខំនឹងកើនឡើងមួយជាពីរនៅពេលដែល៖ ទី ១ ប្រជាជនបានផ្ដល់នូវការជឿទុកចិត្តទាំងស្រុង លើគណបក្សប្រជាជនកម្ពុជាអោយដឹកនាំប្រទេស​។ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើសកម្មភាពដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់ប្រជាជន ធ្វើម៉េចបម្រើប្រជាជនអោយបានល្អ ធ្វើយ៉ាងណាអោយប្រជាជនបានទទួលផលកាន់តែច្រើនពីការអភិវឌ្ឍរបស់យើង។ ដូច្នេះ ផ្ដើមចេញពីជំនឿទុកចិត្តរបស់ប្រជាជន ដែលយើងត្រូវប្រឹងមួយជាពីរ ទើបឆ្លើយតបបានទៅនឹងការជឿទុកចិត្តរបស់ប្រជាជនដែលខំបោះឆ្នោតអោយយើង។ ទៅបោះឆ្នោតហើយ បោះឆ្នោតអោយយើងគណបក្សប្រជាជន។ យុទ្ធនាការ “ដេកផ្ទះ ឈ្នះ​ឯង” រលំរលាយបាត់។ អ្នកទៅបោះឆ្នោតមានចំនួនជាង ៨៣% ហើយបោះឆ្នោតអោយគណបក្សប្រជាជន ស៊ីដាច់ ១២៥ កៅអី។​

យុទ្ធនាការពង្រឹងឯករាជ្យរបស់កម្ពុជា មិនចុះញ៉មជាមួយនឹងគម្រាមរបស់បរទេស

ទី ២ យុទ្ធនាការពង្រឹងឯករាជ្យរបស់កម្ពុជា ដោយមិនចុះញ៉មជាមួយនឹងគម្រាមរបស់បរទេសនោះទេ។ អញ្ចឹងត្រូវធ្វើមួយជាពីរទៀត អោយសេដ្ឋកិច្ចកម្ពុជាកាន់តែខ្ពស់ឡើង។ ចំណុចប្រជាជនជឿទុកចិត្ត និងចំណុចនៃការពង្រឹងឯករាជ្យរបស់កម្ពុជា គឺសុទ្ធតែជាចំណុចជំរុញអោយយើងខិតខំទ្វេឡើង ដើម្បីម្ខាងចំពេញចិត្តប្រជាពល​រដ្ឋ អោយប្រជាពលរដ្ឋទទួលបានផលសក្តិសមនឹងការជឿទុកចិត្តរបស់គាត់ចំពោះគណបក្សប្រជាជន ចំពោះរាជរដ្ឋាភិបាល។ ឯម្ខាងទៀត កុំអោយគេប្រមាថ កុំអោយគេមើលងាយ ហើយកុំយកឯករាជ្យរបស់យើងទៅដោះដូរ ប៉ុន្តែផ្ទុយទៅវិញ បើអ្នកឯងហ៊ានធ្វើ ខ្ញុំក៏ហ៊ានធ្វើនៅខាងក្នុង។ ប៉ុន្តែយើងអត់ចង់បានសភាពការណ៍បែបនោះទេ យើងគ្រាន់តែចង់បានតែកម្ពុជា គឺជាប្រទេសមួយដែលឯករាជ្យ អនុវត្តច្បាប់ខ្លួនឯងបាន ប្រទេសមួយដែលមានចំណងទាក់ទងជាមួយប្រទេសជាច្រើននៅលើពិភពលោក។ សម័យនេះហើយ មិនគប្បីប្រើជំនួយនេះ ជំនួយនោះ ក្រោមហេតុផលនេះ ហេតុផលនោះ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទេ។

ប៉ុន្មានថ្ងៃមុននេះ គេធ្វើគ្នានៅបង់ក្លាដេសទៀត ដោយសារតែបក្សប្រឆាំងបានតែ ៨ កៅអី។ អញ្ចឹងទេ ត្រូវថ្កោលទោសការបោះឆ្នោតនៅបង់ក្លាដេស។  នៅបង់ក្លាដេស គាត់ចាប់ប្រធានបក្សកាត់ទោសទាំងប្រធានទាំងម៉ែទាំងកូន ព្រោះអតីតនាយករដ្ឋមន្រ្តី និងជាប្រធានបក្សប្រឆាំង គឺជាស្រ្តី។ គាត់ចាប់កាត់ទោសហើយ គាត់កាត់ទោសទាំងកូនទៀត។ បង់ក្លាដេសគាត់ធ្វើ។ គាត់អនុវត្តច្បាប់របស់គាត់។ កម្ពុជាក៏ដូចគ្នាដែរ។ ផ្ដួលរំលំ(ពួក)ក្រៅច្បាប់។ ស្លាប់អស់មនុស្សប៉ុន្មាននាក់? ហើយអ្នកឯងធ្វើអីខ្លះ? ក៏ត្រូវធ្វើដូចគ្នាដែរ។ បើប្រទេសមួយមិនអាចអនុវត្តច្បាប់របស់ខ្លួនបាន មិនចាំបាច់ធ្វើប្រទេសទេ។

អរគុណចំពោះឯកឧត្តម អគ្គរដ្ឋទូតចិន

ជាថ្មីម្ដងទៀត អរគុណចំពោះឯកឧត្តម អគ្គរដ្ឋទូតចិន ដែលថ្ងៃនេះ លើកទី ១ ដែលឯកឧត្តមចូលរួម។ ឯកឧត្តម​ត្រូវដឹងថា ធ្វើទូតនៅកម្ពុជា ឯកឧត្តមនឹងមានការរវល់ច្រើនជាងធ្វើទូតនៅប្រទេសផ្សេង។ ទូតចិនដែលធ្វើការនៅប្រទេសផ្សេង អាចមិនសូវរវល់ប៉ុន្មានទេ ប៉ុន្តែធ្វើការនៅប្រទេសកម្ពុជា​ ឯកឧត្តមអាចនឹងរវល់ច្រើន គ្រាន់តែដើរបើកការដ្ឋាននេះ ព្រោះការដ្ឋានចិនមានច្រើន។ ដើរបើក ដើរសម្ពោធ ហើយត្រូវធ្វើការងារច្រើនណាស់ នេះគ្រាន់តែជាលើកទី ១ តែមិនមែនលើកចុងក្រោយទេ ប្រហែលលើកទី ១៥ ឬលើកទី ២០ ទើបឯកឧត្តមចប់ការងារ ព្រោះមានរឿងច្រើនត្រូវធ្វើជាមួយគ្នា។

ជូនអំណោយ

ថ្ងៃនេះ ខ្ញុំក៏បាននាំមកសម្រាប់ក្រុមកាយាឬទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៤០០ នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ២ ម៉ឺនរៀល។​ សិស្សានុសិស្សចំនួន ២០២៦ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិចមួយដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូអ្នកគ្រូចំនួន ១០១ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៥ ម៉ឺនរៀល។ ជូនសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពិស សង្កាត់ព្រែកកំពិស ថវិកា ១ លានរៀល។ ជូនមណ្ឌលសុខភាពរលួស ថវិកា ១ លានរៀល។ ជូនសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ២ លានរៀល។ ជូនសាលាស្រុកកណ្ដាលស្ទឹង ថវិកា ២ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការនៅក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ជូនក្រុមតម្រ្តីសម័យ ថវិកា ៥ លានរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ព្រែកកំពិស សង្កាត់ព្រែកកំពិស ថវិកា ២ លានរៀល។

ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍

ថ្ងៃក្រោយ ផ្លូវរបស់យើង នេះខ្សែក្រវាត់ទី ៣ ប៉ុន្តែអាចទី ៤ តភ្ជាប់រវាងផ្លូវជាតិលេខ ៥ មកផ្លូវជាតិលេខ ៤ ដែលមិត្តចិន(សិក្សា)កំពុងសាងសង់ដែរ។ នៅមានខ្សែក្រវាត់តទៅទៀត ខ្សែក្រវាត់ទី ១ ២ ៣ ដល់ទី ៤ ចូលដល់ ៥១(គីឡូម៉ែត្រ) ហើយ ដែលភ្ជាប់មួយជុំវិញហ្នឹង ដើម្បីព័ទ្ធវា។ អញ្ចឹងទេ ដង្ហើមរបស់យើងដកស្រួលបន្ដិច សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង។ តែបើទោះបីជា ផ្លូវធំយ៉ាងណាក៏ដោយ មេត្តាសុំកុំប្រថុយជីវិត ត្រូវខិតខំបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍។ ដែលខ្ញុំធ្លាប់បានសំណូមពរហើយ “ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍”។ បើស្រវឹងកុំបើកបរ បើបើកបរកុំផឹកគ្រឿងស្រវឹង។ ត្រូវខិតខំយ៉ាងម៉េច ត្រូវគោរពជីវិតខ្លួនឯង និងគោរពជីវិតអ្នកដទៃ។ ជាមួយនឹងការប្រកាសបើកការដ្ឋានដើម្បីសាងសង់ផ្លូវខ្សែក្រវាត់ក្រុង ខ្សែទី ៣ ប្រវែងជាង ៥២ គីឡូម៉ែត្រ ជាមួយនឹងហិរញ្ញប្បទាន សម្បទាន របស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ខ្ញុំសុំយកឱកាសនេះ ជូនពរចំពោះចំណងមិត្តភាពកម្ពុជាចិន ក៏ដូចជាជូនពរចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមនៅក្នុងឱកាសនេះ សូមជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជា​មួយ​នឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ