សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​ពិធី ជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិ និងមន្ត្រីចំណុះក្រសួងព័ត៌មាន

CNV:

ម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងអ្នកសារព័ត៌មានរបស់យើង សម្រាប់ឆ្នាំទី ៣។

ជួបដើម្បីពង្រឹងនូវការយល់ដឹង និងសាមគ្គីភាព ជាជាតិសាសន៍មួយ រវាងអ្នកដឹកនាំ និងគ្រប់មជ្ឈដ្ឋាន

អនុញ្ញាតអោយខ្ញុំសូមអភ័ទោស ពីការអវត្តមានរបស់ភរិយារបស់ខ្ញុំ ដែលមិនបានចូលរួមនៅក្នុងពេលនេះ។ ឆ្នាំនេះ គឺជាឆ្នាំទី ៣ ហើយដែលយើងបានជួបជុំគ្នា។ ចាប់ផ្ដើមពីជំហានដំបូងនៅឆ្នាំទី ១ មានចំនួន (អ្នកសារព័ត៌​មានចូលរួម) តិចជាង(ឆ្នាំទី ២), ឆ្នាំទី ២ មានចំនួនច្រើនជាង(ឆ្នាំទី ១) ហើយឆ្នាំទី ៣ នេះគឺមានចំនួនច្រើនជាងឆ្នាំទៅ។ សង្ឃឹមថា ចំនួនអ្នកសារព័ត៌មានរបស់យើងនឹងកើនបន្តទៀត ហើយបើទោះបីជាកើនប៉ុន្មាន ក៏ខ្ញុំនៅតែមានឱកាសដើម្បីនឹងជួបប្រជុំប្រចាំឆ្នាំ។

រឿងជួបប្រជុំប្រចាំឆ្នាំនេះ អាចនិយាយបានថា ឥឡូវនេះ ខ្លួនខ្ញុំម្នាក់នេះ កំពុងតែក្លាយទៅជារបៀបវារៈ ឬក៏មុខសញ្ញានៃការស្នើសុំជួបជាមួយនឹងមជ្ឈដ្ឋាននានា។ យើងមានជំនួបជាមួយនឹងអ្នកសារព័ត៌មាន, យើងត្រូវមានជំនួបជាមួយនឹងសិល្បករ/ការិនី, យើងមានជំនួបជាមួយនឹងកីឡាករ/ការិនី, យើងមានជំនួបជាមួយនឹងបងប្អូនខ្មែរអ៊ីស្លាមនៅពេលស្រាយបួស, យើងមានជំនួបជាមួយនឹងសមាគមខ្មែរចិន, យើងមានជំនួបផ្សេងៗទៀត ដែលនោះគឺជាការជួបដើម្បីពង្រឹងនូវការយល់ដឹង និងសាមគ្គីភាពនៅក្នុងចំណោមជាតិសាសន៍របស់យើង និងជាពិសេសគឺរវាងថ្នាក់ដឹកនាំជាមួយនឹងគ្រប់មជ្ឈដ្ឋាន។

សារព័ត៌មានផ្សារភ្ជាប់រវាងរដ្ឋ និងប្រជាពលរដ្ឋ ហើយទទួលព័ត៌មានពីប្រជាពលរដ្ឋ បញ្ជូនមករដ្ឋ

ថ្ងៃនេះ ជំនួបរបស់យើងធ្វើឡើងនៅក្រោមបរិយាកាសនៃសុខសន្ដិភាពមួយ ដែលយើងទើបនឹងគោរពខួបអនុស្សាវរីយ៍ខួបលើកទី ២០ នៃថ្ងៃបញ្ចប់សង្រ្គាមទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ និងបន្ទាប់ពីខួប ៤០ ឆ្នាំ នៃការផ្ដួលរំលំរបប ប៉ុល ពត ដោយផ្តល់ឱកាសអោយយើងបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម ខៀវ កាញ្ញារិទ្ធិ ដែលបានសហការរៀបចំសម្រាប់ជំនួបនៅថ្ងៃនេះ ក៏បានរបាយការណ៍អំពីវឌ្ឍនភាពក្នុងរយៈពេលមួយឆ្នាំកន្លងទៅ។ អនុញ្ញាតអោយខ្ញុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរ និងកោតសរសើរចំពោះអ្នកសារព័ត៌មា​ន​ទាំងអស់ ក៏ដូចជាស្ថាប័នព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលកន្លងទៅនេះ។ យើងអាចនិយាយបានថា គ្មានជោគ​ជ័យណាមួយដែលខ្វះការចូលរួមនោះទេ។ សារព័ត៌មានបានប្រឹងប្រែងយ៉ាងច្រើន ជាមួយនឹងការផ្សព្វ​ផ្សាយទៅផ្សារភ្ជាប់រវាងរដ្ឋ ជាមួយនឹងប្រជាពលរដ្ឋ ហើយក៏ទទួលព័ត៌មានពីប្រជាពលរដ្ឋបញ្ជូនមកអោយរដ្ឋវិញ​។ ដែលខ្ញុំបានលើកឡើងពីមុន ហើយខ្ញុំនឹងលើកឡើងនៅថ្ងៃនេះជាបន្តទៀត។ ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណ និងអរគុណចំពោះអ្នកទាំងអស់គ្នា ដែលបានប្រឹងប្រែងក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅនេះ។

សិក្សាពីការប្ដូរប្រព័ន្ធអាណាឡូក (Analog) ទៅជាប្រព័ន្ធឌីជីថល(Digital)

ពិតហើយ បញ្ហាប្រឈមដែលយើងត្រូវរួមគ្នាដោះស្រាយ មិនមែនជាបញ្ហាដាច់ដោយឡែករបស់អ្នកសារព័ត៌​មាន​នោះទេ ហើយក៏មិនមែនបញ្ហាដាច់ដោយឡែករបស់តួអង្គណាមួយនោះដែរ វាសុទ្ធតែមានបញ្ហាពាក់ព័ន្ធជាមួយគ្នាទាំងអស់។ ប៉ុន្តែខ្ញុំគួរតែចាប់ផ្ដើម … ពាក់ព័ន្ធជាមួយនេងបញ្ហាដែលឯកឧត្តម ខៀវ កាញ៉ារិទ្ធិ លើកឡើងអម្បាញ់មិញនេះ។ ដំបូង ខ្ញុំគួរតែនិយាយប្រាប់ទៅឯកឧត្តម ខៀវ កាញ៉ារិទ្ធិ ថា សូមអោយពិភាក្សាឡើងវិញជាមួយនឹងសា្ថប័នពាក់ព័ន្ធ ទាក់ទងជាមួយនឹងការប្ដូរប្រព័ន្ធ អាណាឡូក(Analog) ទៅជាប្រព័ន្ធឌីជីថល(Digital) ដែលនៅក្នុងក្របខណ្ឌតំបន់អាស៊ានរបស់យើងនេះ កំណត់ត្រឹមឆ្នាំ ២០២០ ប៉ុន្តែកម្ពុជាបានស្នើសុំទៅ​ដល់ឆ្នាំ ២០២៣។

ប​ញ្ហា(ការប្តូរ)នេះ មានចំណោទ ២ យ៉ាង។ ចំណោទទី ១ គឺបញ្ហាប្រទេសជិតខាងយើងនឹងទទួលរងនូវផលប៉ះពាល់ពីការផ្សព្វផ្សាយប្រព័ន្ធ អាណាឡូក របស់យើង ទៅលើបណ្ដាខេត្តដែលនៅជាប់តាមព្រំដែន ជាមួយនឹងប្រទេសកម្ពុជា។ ឯចំណោទទី ២ ប្រព័ន្ធ អាណាឡូក មិនត្រូវបានក្រុមហ៊ុនផលិតសំភារៈបរិក្ខា យកមកប្រើប្រាស់ទៀតទេ។ ដូច្នេះ ឧបករណ៍នៅទីនោះ គឺនឹងជួបការលំបាក ជាពិសេសសំភារៈសម្រាប់ទាក់ទងនឹងគ្រឿងបន្លាស់នោះ។ គួរតែពិភាក្សាលើបញ្ហានេះឡើងវិញ ដើម្បីយើងអាចដកថយមកនៅកម្រិតត្រឹមប៉ុណ្ណា ឬក៏អាច យើងធ្វើតាមលទ្ធភាព អំពីថា ក្រុមហ៊ុនណាដែលមានលទ្ធភាពឈានមុនទៅ។ តើវាអាចទៅរួចទេ រវាងក្រុមហ៊ុនដែលអាចទៅមុនបាន និងក្រុមហ៊ុនដែលអាចទៅក្រោយ កុំរង់ចាំមួយពេល។

ចំណុចនេះ ខ្ញុំគួរតែត្រូវលើក ដើម្បីយកមកពិចារណាមួយគ្នាដោះស្រាយ ដើម្បីអោយដើរទាន់ជាមួយនឹងយុគបច្ចេកវិទ្យានៃសម័យកាលឌីជីថល … សុំអោយ ជាពិសេស ក្រសួងដែលពាក់ព័ន្ធជាមួយនឹងរឿងនេះ គឺក្រសួងព័ត៌​មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នេះតែម្ដង ព្រោះប្រព័ន្ធនេះ ជាប្រព័ន្ធដែលវាពាក់ព័ន្ធ។ កាលណាយើងប្រើប្រាស់ប្រព័ន្ធឌីជីថលហើយនោះ យើងនឹងយកប្រព័ន្ធដែលកំពុងប្រើនៅក្នុងទូរទស្សន៍សព្វថ្ងៃនេះ ទៅប្រើទៅលើប្រព័ន្ធទូរស័ព្ទវិញ ដែលអាចប្រើប្រាស់បានល្អជាង ហើយវាចំណេញជាង។ នេះជាចំណុចទី ១ ដែលទាក់ទងជាមួយនឹងបញ្ហាការគ្រប់គ្រង និងការឈានអោយដល់ដំណាក់កាលថ្មីមួយនៃបច្ចេកវិទ្យារបស់យើង។

វិស័យព័ត៌មាន ត្រូវការច្បាប់ទី ៣ ពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ឯបញ្ហាទី ២ ពាក់ព័ន្ធនឹងច្បាប់ទាក់ទងនឹងការគ្រប់គ្រង។ យើងមានរួចមកហើយ ច្បាប់សារព័ត៌មាន របបសារព័ត៌មានឆ្នាំ ១៩៩៥ ប៉ុន្តែសូមពិនិត្យមើល តើគប្បីមានចំណុចណាខ្លះដែលត្រូវធ្វើវិសោធនកម្ម។ មុននឹងចូលដល់បញ្ហានេះ ខ្ញុំគួរតែត្រូវនិយាយអោយអស់តែម្ដងថា យើងតម្រូវអោយមានច្បាប់ ៣ ដែលត្រូវទៅជាមួយគ្នា។ ច្បាប់ទី ១ គឺរបបសារព័ត៌មាន ឆ្នាំ ១៩៩៥។ ឯច្បាប់ទី ២ គឺច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន។ យើងកំពុងតែធ្វើសេចក្ដីព្រៀងច្បាប់(នេះ) ដែលឯកឧត្តម ខៀវ កាញ៉ារិទ្ធិ បាននិយាយអម្បាញ់មិញ​ ទាក់ទងជាមួយនឹងការប្រជុំចុងក្រោយ ដើម្បីឈានទៅដល់ការអនុម័ត។ ប៉ុន្តែយើងមិនត្រូវភ្លេចថា នឹងត្រូវមានច្បាប់មួយទៀត គឺច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន … ច្បាប់ទាំង ៣ នេះ ត្រូវតែមានសង្គតិភាពជាមួយគ្នា។ ដូច្នេះ ទន្ទឹងនឹងយើងធ្វើច្បាប់អំពីសិទ្ធិទទួលព័ត៌មាន យើងក៏ត្រូវពិនិត្យអំពីច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ ១៩៩៥ តើវាមានអ្វីដែលត្រូវ​ធ្វើការធ្វើវិសោធនកម្មឬទេ?

ប្រទេសគោរពសិទ្ធិបញ្ចេញមតិ ព្រួយបារម្ភពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងព័ត៌មានក្លែងក្លាយ

… ខ្ញុំសូមបញ្ជាក់ថា ក្នុងពេលប្រជុំអាស៊ីអឺរ៉ុបលើកនេះ នៅឯប្រ៊ុចសែល គឺនៅទាំងសម័យប្រជុំពេញអង្គ និងទាំងពេលប្រជុំក្នុងពេលទទួលទានអាហារថ្ងៃត្រង់ បណ្ដាប្រទេសនៅអឺរ៉ុបភាគច្រើន ស្ទើរតែទាំងស្រុងដែលឡើងថ្លែងយោបល់ គ្មានប្រទេសណាមួយដែលភ្លេចអំពីឧក្រិដ្ឋកម្មប្រព័ន្ធបច្ចេកវិទ្យាទេ និងព័ត៌មានក្លែងក្លាយ។ សូម្បីតែប្រ​ទេសដែលគេហៅថាគោរពសិទ្ធិបញ្ចេញមតិ ក៏កើតមាននូវការព្រួយបារម្ភអំពីបញ្ហាទាក់ទងជាមួយនឹងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងព័ត៌មានក្លែងក្លាយ។ រហូតដល់ប្រទេសខ្លះនៅក្នុងប្រទេសអឺរ៉ុប ដែលគេចាត់ទុកថា ជាបិតាប្រជាធិបតេយ្យក៏ត្រូវតែមានច្បាប់រារាំង ដើម្បីដាក់ទណ្ឌកម្មទៅលើព័ត៌មានក្លែងក្លាយ និងដាក់ទណ្ឌ​កម្មទៅលើការរំលោភបំពានអំពី​បច្ចេកវិទ្យាព័ត៌មាននេះផងដែរ។ អញ្ចឹងខ្ញុំសូមស្នើអោយមានការពិភាក្សា អោយច្បាស់ទៅលើបញ្ហានេះ ដើម្បីយើងលើកជាក្របខណ្ឌនៃការគ្រប់គ្រង។ នៅពេលដែលយើងពីការគ្រប់គ្រង មានអ្នកខ្លះនឹងចេញមកធ្វើអត្ថាធិប្បាយថា យើងតម្រង់ឆ្ពោះទៅរករបបផ្ដាច់ការហើយ ព្រោះពួកគេត្រូវការណាស់នូវរបស់ដែលហៅថា ការបំពានសេរីភាពនៃអ្នកដទៃតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ។

ក្រុមផ្សព្វផ្សាយខុសការពិត មុខតែចាត់ទុកពង្រៀងច្បាប់ថា ជាការបំបិទមាត់

… ខ្ញុំបានមើល(អ្វី) ដែលរដ្ឋមន្រ្តីការបរទេសរបស់កម្ពុជា តាមរយៈអគ្គរាជទូតកម្ពុជានៅវ៉ាស៊ីនតោន ផ្ញើមកទាំង​ស្រុង នូវអ្វីដែលជាសេចក្តីថ្លែងរបស់អគ្គរដ្ឋទូតថ្មីរបស់អាមេរិក ដែលថ្លែងចំពោះមុខព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក វាមិនដូចគ្នាជាមួយអ្វីដែលផ្សាយក្នុងវិទ្យុបរទេសមួយទេ។ អញ្ចឹង វាចេញទៅជារឿងមួយផ្សេងទៅទៀត។ ឥឡូវ សូម្បីតែការតែងតាំងអគ្គរដ្ឋទូតអាមេរិក ក៏មិនទាន់អាចធ្វើទៅរួចផង ព្រោះព្រឹទ្ធសភាអាមេរិកមិនទាន់បានអនុម័តទៅលើបេក្ខភាពដែលនឹងត្រូវបញ្ជូនមកធ្វើអគ្គរដ្ឋទូតនៅកម្ពុជាទេ។ ប៉ុន្តែ អ្វីដែលសំខាន់គួរកត់សម្គាល់នោះ គឺវិទ្យុបរទេសមួយផ្សព្វផ្សាយខុសពីសំដីរបស់បេក្ខភាពអគ្គរដ្ឋទូតរបស់អាមេរិកនៅចំពោះមុខព្រឹទ្ធសភា។

ដូច្នេះ បើគេធ្វើអញ្ចឹងបាន នៅពេលដែលខ្ញុំនិយាយអំពីច្បាប់គ្រប់គ្រង មុខតែគេទាមទាររំលាយចេញនូវច្បាប់នេះ ព្រោះគេចាត់ទុកថា ជាការបំបិទមាត់អញ្ចេះឬអញ្ចុះ។ សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោកនេះ គឺសុទ្ធតែមានច្បាប់គ្រប់គ្រងទាំងអស់។ យើងមានច្បាប់មួយរួចហើយ យើងកំពុងព្រៀងសេចក្តីព្រៀងច្បាប់ពីរផ្សេងទៀត។ ប៉ុន្តែ ខ្ញុំសូមទាក់ទាញការចាប់អារម្មណ៍ថា ច្បាប់ទាំងអស់ត្រូវមានសង្គតិភាពជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក រាប់ទាំងការបំពេញបន្ថែមជាមួយនឹងក្រមព្រហ្មទណ្ឌ ដែលយើងកំពុងតែប្រើប្រាស់ផងដែរ ដើម្បីផ្តន្ទាទោសទៅលើបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ នេះជាចំណុចដែលខ្ញុំចង់លើកជាមុន ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការគ្រប់គ្រង និងជម្រុញការវិវឌ្ឍជឿនលឿន​នៅក្នុងវិស័យព័ត៌មានរបស់កម្ពុជា។

គ្រប់ស្ថានីយ៍ទូរទស្សន៍ ធ្វើអោយមានការជឿនលឿនក្នុងការផលិតខ្សែភាពយន្ត

… ខ្ញុំមានសំណូមពរមួយចំនួន ហើយខ្ញុំគិតថាសំណូមពររបស់ខ្ញុំក៏ទៅមិនឆ្ងាយពីអ្វីដែលខ្ញុំបាននិយាយនៅឆ្នាំទី ១ និងទី ២ នោះទេ … ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំ បើនិយាយពីសារព័ត៌មាន គឺវាមានច្រើនប្រភេទ ក៏ប៉ុន្តែ ខ្ញុំចង់និយាយពីទូរទស្សន៍មួយមុខទៅចុះ។ ឃើញថា នៅពេលដែលយើងអំពាវនាវឱ្យមានការផលិតខ្សែភាពយន្ត ដើម្បីផ្សាយនៅក្នុងចន្លោះម៉ោង ៧-៩ យប់ ឃើញថាគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់បានខិតខំបំពេញនូវកិច្ចការងារនោះ។ នេះគឺជាចំណុចជឿនលឿនមួយ ធ្វើឱ្យវិស័យភាពយន្តរបស់កម្ពុជាយើង មានការរីកលូតលាស់ឡើងតាមរយៈ នៃការខិតខំប្រឹងប្រែងផលិតផ្ទាល់របស់ក្រុមហ៊ុនទូរទស្សន៍ និងក្រុមហ៊ុនភាពយន្តដទៃទៀតរបស់យើងផងដែរ។

សំណូមពរ ៦ ចំណុច ទាក់ទងនឹងវិស័យសារព័ត៌មាន

… ទាក់ទងនឹងសារព័ត៌មាន ខ្ញុំគួរត្រូវមានសំណូមពរ(មួយចំនួនដូចតទៅ)។

ចំណុចទី ១ … ស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជន បន្តដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងស្ថានភាពពិតនៃសង្គម។ ចំណុចនេះ ខ្ញុំនៅតែទទូចស្នើសុំឱ្យដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងការពិត ទាំងទិដ្ឋភាពរួមរបស់សង្គម និងទិដ្ឋ​ភាព​នៃរឿងរ៉ាវទាំងឡាយ។ ខ្ញុំបានបញ្ជាក់កាលពីឆ្នាំទៅថា ខ្ញុំមិនចង់បានកញ្ចក់បែកទេ។  កញ្ចក់បែកឆ្លុះទៅវាមិនឃើញសព្វគ្រប់ទេ។ អញ្ចឹង យើងមិនត្រូវការនូវព័ត៌មានលើស ហើយយើងក៏មិនត្រូវការនូវព័ត៌មានខ្វះដែរ។ ក៏ប៉ុន្តែ ខ្ញុំយល់ជាមួយនឹងអ្វីដែលជាព័ត៌មាន។ យើងអ្នកធ្វើព័ត៌មានម្នាក់ មិនអាចតម្រូវឱ្យមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែហោចបំផុតយើងបម្រើឲ្យនូវការយល់ដឹងរបស់មនុស្សទាក់ទងនឹងការទទួលបាននូវព័ត៌មាន។

… អ្នកសារព័ត៌មានរបស់យើងគប្បីបំពេញនូវតួនាទីបែបនេះ ព្រោះបើមិនដូច្នោះទេ ព័ត៌មានបំភ្លៃណាមួយវានឹងបង្កើតឡើងនូវការអាក់អន់ ឬការបែកបាក់។ និយាយរួម (ការផ្សព្វផ្សាយបែបនេះ) មិនគប្បីនឹងទៅជាស្ថាប័នសារព័ត៌មាន ឬក៏ជាអ្នកសារព័ត៌មាននោះទេ។ ដូច្នេះ ត្រូវខិតខំធ្វើ(នូវតួនាទីនេះ) ដើម្បីរួមចំណែកដោះស្រាយបញ្ហា​។ ដូចជាជំងឺអញ្ចឹង វាទាល់តែយើងពិនិត្យជំងឺហ្នឹង (ថាជា)ជំងឺអ្វី? ទើបឱ្យថ្នាំវាត្រូវ។ ប្រសិនបើយើងបំភ្លៃហើយ គឺបានសេចក្តីថា ឲ្យថ្នាំវាលែងត្រូវហើយ …។

ចំណុចទី ២ … អ្នកសារព័ត៌មានបន្តធ្វើជាស្ពានចម្លង ពីរដ្ឋទៅប្រជាជន និងពីប្រជាជនមករដ្ឋវិញ ទាំងកម្រិតគោលនយោបាយរួម និងកម្រិតនៃការអនុវត្ត។ កន្លងទៅនេះ ខ្ញុំបានឃើញទាំងសារព័ត៌មានសរសេរ ទាំងវិទ្យុ ទាំងទូរទស្សន៍ បានធ្វើការច្រើនហើយក្នុងការបញ្ជូននូវកម្មវិធីនយោបាយ ឬក៏បទបញ្ញត្តិផ្សេងៗ ទៅកាន់ប្រជាពលរដ្ឋ ហើយក៏បានខំពាំនាំត្រឡប់មកវិញ ឱ្យរដ្ឋបានដឹងអំពីកង្វល់ និងការលំបាកនានានៅឯមូលដ្ឋាន។ យើង​បានធ្វើនូវកិច្ចការនេះហើយ។ យើងត្រូវបន្តធ្វើកិច្ចការនេះតទៅទៀត។

ម្សិលមិញខ្ញុំក៏បានមើលនូវការធ្វើ(វេទិកា)តុមូល។ ខ្ញុំទទួលយកការដែលលោកចាងហ្វាង នៃសារព័ត៌មានថ្មីៗ បានលើកអំពីការបដិសេធរបស់ប្រជាពលរដ្ឋក្នុងការទទួលយកព័ត៌មាន។ រឿងនេះ វាជារឿងពិត។ យើងមិនអាច … ចេះតែបន្ទោសសារព័ត៌មានទេ។ យើងដាក់កាសែតលក់។ ប្រជាជនគាត់អត់ទិញកាសែត។ យើងបញ្ចាំងតាមទូរទស្សន៍ គាត់មិនបើកមើលព័ត៌មានទេ គាត់បើកមើលខារ៉ាអូខេ។ ឥឡូវ យើងធ្វើម៉េច? យើងទៅចាប់បង្ខំគាត់? វាអត់ត្រូវរឿង … ចំណុចនេះយើងត្រូវធ្វើជាបណ្តើរៗ។

អ្នកខ្លះនៅពេលដែលបើកឃើញព័ត៌មាន គាត់ចង់(មើលកម្មវិធី)កម្សាន្ត … ព្រោះឥឡូវយើងមិនមែនមានទូរ​ទស្សន៍តែមួយ(ប៉ុស្តិ៍)ដូចកាលពីមុនទេ។ ទូរទស្សន៍របស់យើងទៅដល់ជាងដប់(ប៉ុស្តិ៍) … ថែមទៅដោយបណ្តាញខ្សែកាបរបស់យើង មាន(ប៉ុស្តិ៍)ទូរទស្សន៍មកពីបរទេសផ្សាយទៀត។ អញ្ចឹងទេ ដល់ម៉ោងបញ្ចាំងព័ត៌មាន (វា)ក៏ដល់ម៉ោងគេទាត់បាល់ដែរ។ គាត់បើកមើលគេទាត់បាល់បាត់ទៅ។ តើយើងគិតធ្វើម៉េច(រឿង)ហ្នឹង? យើងចង់ផ្តល់​ព័ត៌មានទៅឲ្យប្រជាពលរដ្ឋ ក៏ប៉ុន្តែប្រជាពលរដ្ឋ នៅពេលហ្នឹងម្ខាង គាត់កំពុងហាត់ប្រាណ គាត់ស្ពា​យទូរ​ទស្សន៍ទៅមិនបានទេ។ គាត់កំពុងតែធ្វើដំណើរតាមឡាន គាត់បើកវិទ្យុក្នុងឡាន ជួនកាលវាប្រផិតប្រផើយ។ អញ្ចឹងទេ គាត់ចាក់ចម្រៀងស្តាប់ក្នុងឡាន។ អញ្ចឹង អ្វីដែលយើងផ្សព្វផ្សាយឱ្យគាត់ សូម្បីតែឧតុនិយម ដែលយើងចង់ផ្តល់ព័ត៌មានធាតុអាកាសដល់ប្រជាពលរដ្ឋរបស់យើង ដើម្បីឲ្យគេចផុតពីការគ្រោះថ្នាក់ដោយសារបញ្ហាខ្យល់ព្យុះ ឬក៏គ្រោះថ្នាក់ផ្សេងៗ គឺគាត់ទទួលព័ត៌មានអត់បាន គឺគាត់មានវិទ្យុមួយហ្នឹងនៅក្នុងឡាន គាត់បើកស្តាប់អាហ្នឹង ប៉ុន្តែ នៅពេលដែលគេជូនព័ត៌មានអំពីធាតុអាកាស គាត់រវល់តែស្តាប់ចម្រៀង។

ខិតខំឱ្យប្រជាជនបានអាន យល់ និងស្តាប់ … គ្រប់តួអង្គត្រូវចូលរួម

ចំណុចនេះ វាមានទាំងកត្តាអត្តនោម័តផង ទាំងសត្យានុម័តផង។ យើងឃើញថា សារព័ត៌មានបាន​ប្រឹងប្រែងធ្វើ ស្ថាប័នរដ្ឋក៏បានប្រឹងប្រែងធ្វើ ក៏ប៉ុន្តែ មានពេលខ្លះ មិនមែនទាំងអស់ទេ គឺក្នុងចំណែកតូចណាមួយ ប្រ​ជា​ពលរដ្ឋគាត់មិនទទួលយកខ្លួនឯង តាមរយៈហេតុផលនេះ/នោះ។ មិនមែនគាត់ស្អប់ព័ត៌មានទេ ក៏ប៉ុន្តែរវាងព័ត៌មាន និងចម្រៀង គាត់ស្រឡាញ់ចម្រៀងជាង។ រវាងព័ត៌មានជាមួយនឹងទាត់បាល់ គាត់ចូលចិត្តទាត់បាល់ ជាង។ ចំណុចនេះ យើងត្រូវគិតគូររួមគ្នាពិនិត្យថា តើនៅពេលខាងមុខតើយើងដោះស្រាយរបៀបណា? យើងខិតខំឱ្យប្រជាជនយើងបានអាន បានយល់ បានស្តាប់ ប៉ុន្តែ ក៏មិនបានគ្រប់ ទាំងអស់គ្នានោះទេ ទាមទារឲ្យមានការខិតខំ ហើយដែលការខិតខំនេះ គ្រប់តួអង្គត្រូវចូលរួម រាប់ទាំងអ្នកដែលត្រូវការព័ត៌មាន។ វាខុសពីអ្នកនយោបាយ។ អ្នកនយោបាយក៏មិនដូចគ្នាដែរ។ អ្នកនយោបាយខ្លះ អត់ព័ត៌មានតែប៉ុន្មានម៉ោង ដូចអត់បាយអញ្ចឹង។ អ្នកនយោបាយខ្លះ ព័ត៌មានហ្នឹងកើតឡើង ២០ ថ្ងៃរួចទៅហើយ ខ្លួនឯងនៅតែមិនទាន់យល់ដឹង …។

ស្ពានចម្លង គោលនយោបាយរដ្ឋ ជូនទៅប្រជាពលរដ្ឋ ត្រូវបន្តធ្វើដោយប្រសិទ្ធភាព

ខ្ញុំក៏សូមបញ្ជាក់ដែរថា ការចម្លងជាស្ពានចម្លង រវាងក្របខណ្ឌគោលនយោបាយរបស់រដ្ឋ ឬការអប់រំណាមួយរបស់រដ្ឋពីសំណាក់ស្ថាប័នណាមួយជូនទៅប្រជាពលរដ្ឋ ចាំបាច់ត្រូវបន្តធ្វើ ហើយធ្វើឲ្យមានប្រសិទ្ធភាព។ ដូចជាបញ្ហាគ្រុនផ្តាសាយបក្សី ឬក៏មានបញ្ហាដូច ជានៅខាងខេត្តក្រចេះ ខេត្តមណ្ឌលគិរី ទាក់ទងនឹងពុលស្រាស្លាប់ ក្រសួងសុខាភិបាល បានខិតខំធ្វើការពន្យល់យ៉ាងច្រើនទៅតាមកញ្ចក់ទូរទស្សន៍ ទៅតាមវិទ្យុ និងបណ្តាសារព័ត៌មានដទៃទៀត ក៏ប៉ុន្តែ ការយល់ដឹងរបស់មនុស្សនៅតែខុស ដោយសារតែមិនទទួលបាននូវការពន្យល់នោះ ដោយសារតែមិនបានស្វែងយល់អំពីបញ្ហា។ ឯការយកពីខាងក្រោមត្រឡប់មកវិញ ជាចំណុចដែលខ្ញុំចង់(ស្នើ)ថា ធ្វើអោយកាន់តែមានតម្លាភាពទៅ ព្រោះថាជួនកាល ផ្នែកការអនុវត្ត(នៅខាងក្រោម)មិនបានឆ្លុះបញ្ចាំងការពិតជូនមកថ្នាក់ដឹកនាំទេ។

រឿងនេះជារឿងពិត។ នៅខេត្តខ្លះនៅស្រុកខ្លះ ឬក៏នៅកន្លែងស្ថាប័នខ្លះ ពេលដែលមានការអនុវត្តខុសឆ្គង ពួកគេមិនចង់អោយព័ត៍មាននេះលិចលឺមកដល់ថ្នាក់ដឹកនាំខាងលើ ឬផ្សព្វផ្សាយចេញទៅខាងក្រៅទេ។ ប៉ុន្តែសារព័ត៌​មាន ត្រូវមានតួនាទីផ្សព្វផ្សាយ លើកលែងតែបញ្ហាទាក់ទងនឹងសន្តិសុខជាតិ ដែលវាទាក់ទងនឹងអាថ៍កំបាំងនៃបញ្ហាការពារជាតិនិងសន្តិសុខជាតិរបស់យើង។ ឧទាហរណ៍៖ រឿងកំពុងតែស្រាវជ្រាវប្រផាប់ប្រភីងរៀបនឹងដល់មុខសញ្ញា ទាក់ទងនឹងភេរវកម្ម ប៉ុន្តែយើងបែរជាទម្លាយចេញ ធ្វើអោយភេរវកម្មគឺរត់រួចពីសំណាញ់ច្បាប់ …។

ចំណុចទី​៣ ចង់ឲ្យសារព័ត៌មានរិះគន់ស្ថាបនា ទាំងកម្រិតគោលនយោបាយ ពិសេសការអនុវត្ដរបស់ស្ថាប័ន និងបុគ្គល។​ ខ្ញុំសូមបញ្ជាក់ថា​ ជាអ្នកសារព័ត៌មាន យើងមិនអាចចេះតែនិយាយ​ទាំងដុលទៅទេ។​ យើងបើកឱកាសអោយអ្នកសារព័ត៌មាន មានចំណែក​ជួយរួម​យោ​បល់ទៅដល់កម្រិតគោលនយោបាយ ហើយតាមដានត្រួតពិនិត្យដល់ក្របខណ្ឌគោលនយោបាយ​នោះ។ ចំណុចនេះ វាអាចជួយរួមចំណែកដល់ការកែលំអស្ថានភាពទាំងឡាយ ដែលជាតម្រូវការរបស់ប្រជាជន​យើងផងដែរ។ ខ្ញុំនិយាយយ៉ាងដូច្នេះ ដោយសារខ្ញុំមានបទពិសោធន៍ក្នុងការគ្រប់គ្រង (ដែល)នៅសល់តែពីរបីថ្ងៃទៀត គ្រប់ ៣៤ ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ដ្រីរបស់កម្ពុជាហើយ។ នៅក្នុងតំបន់របស់យើងនេះ ពុំមានប្រទេសណាមួយដែលនាយករដ្ឋមន្ដ្រីកាន់តំណែងរហូតដល់ ៣៤ ឆ្នាំទេ ហើយបូកនឹង ៥ ឆ្នាំទៀត វាឡើង​រហូតដល់ ៣៩ ឆ្នាំ​។ ដល់ឆ្នាំ ២០២៣ រួចហើយដល់ ២០២៨ បានឈប់​។ អត់ទាន់ឈប់ទេ។ អាអ្នកសង្ឃឹម​ថាចាំ ហ៊ុន សែន ស្លាប់​ ចាំទៅ។ បើអ្នកឯងចាំ ហ៊ុន សែន ស្លាប់ ខ្ញុំនឹងប្រកាសពន្យារពេលនៃការ​កាន់អំណាច​តទៀត។ ខ្លួនឯងជិតងាប់ទៅហើយ មកបន់អោយមនុស្សកំពុងវាយកូនហ្គោលចំងាយឆ្ងាយ​ ងាប់ទៅវិញ។ ​គួរតែបន់ឲ្យខ្លួនឯងរស់បានយូរជាង ហ៊ុន សែន បានវាសម … (តាម)បទពិសោធន៍នៃការដឹកនាំ មិនមែនគោលនយោបាយណាដែលយើងដាក់ទៅសុទ្ធតែត្រូវ​​នោះទេ​។

“យុទ្ធនាការពង្រឹងឯករាជ្យរបស់កម្ពុជា”

មុនមកនេះ ខ្ញុំត្រូវដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងក្របខណ្ឌគោលនយោបាយ ស្តីពី​ការ​គាំទ្រដល់ធុរកិច្ចនៅក្នុងប្រទេសយើង​ ដែលខ្ញុំបានឲ្យ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន បើកយុទ្ធនាការ ដែលហៅថា «យុទ្ធនាការពង្រឹងឯករាជ្យរបស់កម្ពុជា​»។ មានចំណុចមួយចំនួន អាចនឹងជួយអោយ​វិស័យធុរកិច្ចរបស់យើង បើទោះបី​ជាគ្មានភាពអនុគ្រោះ ក៏កម្ពុជានៅតែរស់​។ ​ឧទាហរណ៍ ខ្ញុំបានសម្រេចអម្បាញ់​មិញ មាត់ច្រកនៅ​តាមព្រំដែនក្នុងការនាំចេញនាំចូល អត់មានតម្រូវការអោយស្ថាប័ន​ណា​ក្រៅពីអន្ដោប្រវេសន៍​ និងគយ(មានវត្តមាន)ទេ។ អោយតែពីរហ្នឹងទេ។​ ក្រៅពីនោះដកចេញទាំងអស់ ទាំងកាំកុងត្រូលទាំងស្អី។ ស្ថាប័ននានា​ វាបង្កើត​ជាឧប​សគ្គរា​រាំងការធ្វើពាណិជ្ជកម្មទៅវិញទេ។ បើទុកវានាំតែខាតអញ្ចឹងដដែល​ អោយវាចេញមក ទុក​តែប៉ូលីសអន្ដោប្រវេសន៍ ព្រោះអាហ្នឹងវាត្រូវឆ្លងកាត់ វាត្រូវវាយត្រាវាយអី​ ហើយទុកតែគយបានហើយ។ ក្រៅពីនោះ ដកចេញទាំងអស់ទៅ។ បើអត់មានការងារធ្វើទេ​ បុគ្គលិកចូលនិវត្ដន៍មិនបាច់រើសថែម​ទៀត​ទេ។​ កុំរើសតទៅទៀត។ បញ្ហាមួយចំនួនត្រូវធ្វើ ដូចជាស្គែន​ ត្រូវបញ្ចុះថ្លៃទៀត។ យើងត្រូវស្គែនទំនិញនាំចេញនាំចូល (ដើម្បីអោយដឹងថា)វាមិនបង្កប់ដោយស្អី ប៉ុន្ដែតម្លៃរបស់យើងវាថ្លៃ។​ បើអញ្ចឹងយើងទម្លាក់​​ថ្លៃហ្នឹងចុះ ដើម្បីអោយអ្នករកស៊ីកាន់​តែមានប្រាក់ចំណេញ​។ នៅមានមួយចំនួនទៀតដែលយើងត្រូវធ្វើ។ បាន​សេចក្ដី​ថា​ យោងទៅលើអ្វីដែលយើងរកឃើញនេះ (បង្ហាញថា)អ្វីដែលយើងដាក់កន្លងទៅ អត់ទាន់ត្រូវទេ។​ វា​ត្រូវកែលំអ​។

បាវចនា ២ អភិក្រម ៥

… នៅ(ក្នុង)សន្និបាត(បក្សប្រជាជន នៅ)កោះពេជ្រ ខ្ញុំប្រើពាក្យ​ «បាវចនា ២, អភិក្រម ៥»។ ស្អីទៅ “បាវចនា ២” (នោះគឺការ)កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ​។ ឯអភិក្រម ៥ គឺ ឆ្លុះកញ្ចក់​ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់​។ (ផ្អែកតាមបាវចនា និងអភិក្រមនេះ) អម្បាញ់មិញ ខ្ញុំសម្រេចធ្វើ​ឲ្យសម្រាលទៅដល់ក្រុមធុរកិច្ច​ ដែលអាចនិយាយបានថាទោះមានភាពអនុគ្រោះ ឬគា្មនភាពអនុគ្រោះ ធានាថាកម្ពុជារស់​ ក្នុង​សេដ្ឋកិច្ចរបស់ខ្លួន។ ខ្ញុំចង់ឲ្យអ្នកសារព័ត៌មាន​ចូលរួមចំណែកទៅក្នុងបញ្ហាទាំងអស់ហ្នឹង​ ទាំងក្នុង​កម្រិតតាក់តែង​ក្របខណ្ឌគោលនយោបាយ​ និងកម្រិតនៃការអនុវត្ដ​។ សូម្បីបញ្ហាផ្នែកគយ ឬផ្នែកនេះផ្នែកនោះ​ ​ការ​ចំណាយលើតុ ការចំណាយក្រោមតុ ក៏វានៅមាន។​ ត្រូវកាត់បន្ថយ… ជម្រះបញ្ជីវាចេញ​ ដើម្បីយើងពង្រឹងស្មារតីឯករាជ្យរបស់យើង​។ កុំអោយផ្អែកលើអុកស៊ី(ហ្សែន)របស់គេ។ អ្នកឯងចង់ដកអុកស៊ី​(ហ្សែន)យកទៅណា ក៏ខ្ញុំនៅតែរស់។ នេះជារឿងដែលយើងចាំបាច់ត្រូវធ្វើ ហើយអ្នកសារព័ត៌​មាន មាន​ភារ​កិច្ចដើម្បីនឹងជួយតាំងពីភាពសមរម្យ ឬមិនសមរម្យ វាអាចឆ្លុះបញ្ចាំងពីការអនុវត្ដនោះ។

សុច្ចរិតភាពក្នុងការបញ្ជូនព័ត៌មានពីខាងលើទៅខាងក្រោម និងពីខាងក្រោមមកខាងលើវិញ

​នៅពេលដែលអនុវត្ដ តើគេយកអ្វីទៅវាស់ ដើម្បីអោយដឹងថាតើវាត្រូវឬខុស? គឺកម្មវិធីនយោបាយ ឬគោល​ការណ៍នោះហើយ ដែលគេយកទៅវាស់ … អញ្ចឹងបាន ជាខ្ញុំតែងតែទាស់នៅក្នុងឆ្នំា ១៩៧៧, ១៩៧៨, ១៩៧៩ រហូតដល់ ១៩៨០​ ហើយខ្ញុំនៅ​ទាស់ជា​មួយមនុស្សមួយចំនួន ​ដែលហ៊ាននិយាយថា នយោបាយ ប៉ុល ពត ត្រូវ ប៉ុន្ដែ​​អ្នកអនុវត្ដខុស​។ ខ្ញុំថាឆ្កួត។ (កម្មវិធី)នយោបាយគឺជាម៉ែត្រវាស់ បើអ្នកឯងអនុវត្ដខុស គេយកនយោបាយទៅវាស់ អ្នកឯងអនុវត្ដតាម​នយោបាយហ្នឹង ឬខុសនយោបាយហ្នឹង​។ ប៉ុល ពត អោយសម្លាប់មនុស្ស អាក្រោមវាសម្លាប់មនុស្ស​ វាត្រូវ។​ បើ ប៉ុល ពត មិនអោយសម្លាប់មនុស្ស ហើយអាក្រោមវាសម្លាប់មនុស្សទើបបាន​អាក្រោមខុស អាលើត្រូវ។​ ​ចំណុចនេះ ខ្ញុំនៅតែទទូចអោយសារព័ត៌មាន … ត្រូវមានសុច្ចរិត​ភាពកន្លែងហ្នឹង​ នៅក្នុងការបញ្ជូនព័ត៌មានពីខាងលើទៅខាងក្រោម​ និងពីខាងក្រោមមកខាងលើវិញ​ ហើយ​ការជួយរិះគន់ស្ថាបនាលើគោលនយោបាយ​ ហើយពិសេសគឺការអនុវត្ដរបស់ស្ថាប័ន និងបុគ្គល។

ទី ៤ ចង់អោយស្ថាប័នសារព័ត៌មានចូលរួមវិភាគក្នុងកម្រិតយុទ្ធសាស្ដ្រ​ទាំងបញ្ហាជាតិ តំបន់ និងអន្ដរជាតិ។​ កន្លងទៅ តាមរយៈការអំពាវនាវបែបនេះ​ មានអ្នកសារព័ត៌មានរបស់យើង ដែលខ្ញុំសូមមិនបញ្ចេញ​ឈ្មោះទេ​ក៏បានបញ្ជូនជាបន្ដបន្ទាប់នូវការវិភាគរបស់គេមកអោយខ្ញុំ។ ខ្ញុំចង់(អោយ)ពង្រីកតទៅទៀត។ ខ្ញុំមិនទើសទាល់ ហើយខ្ញុំមិនធុញទ្រាន់​នឹងអានទេ សូម្បីតែម៉ោង ១១ ឬម៉ោង ១២ យប់ … ជួនកាល ខ្ញុំមើលនៅម៉ោង ១១ ឬ​ម៉ោង ១២ យប់ រួចហើយខ្ញុំវាយឆ្លើយអរគុណ … ខ្ញុំចង់បានចំណុចនេះដែរ … មិនមែនត្រឹមតែកម្រិតសារព័ត៌​មាន(ទេ) ខ្ញុំនិយាយទៅកាន់បណ្តាសាកលវិទ្យាល័យនានា។ សូមអោយសាកលវិទ្យាល័យទាំងនោះ ក្លាយទៅជាធនាគារខួរក្បាលរបស់រាជរដ្ឋាភិបាលដែរ។

… និយាយដោយត្រង់ ហើយក៏មិនវាយប្រហារទៅលើប្រទេសណា អ្នកណានោះដែរ។ មនុស្សមួយចំនួនគ្រាន់តែគេមានភ័ព្វវាសនា កើតនៅក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ក៏ប៉ុន្តែខួរក្បាលរបស់គេអោយពូកែ គឺមិនប្រាកដថាពូកែជាងយើងទេ។ ខ្លះចេញមកឡប់តែម្តង។ ចេញមកវិភាគ (ថា)ប្រទេសនេះអញ្ចេះ/អញ្ចុះ ហើយចេញមកសុទ្ធតែវិទ្យាស្ថានយុទ្ធសាស្ត្រនៃប្រទេសនេះ វិទ្យាស្ថានយុទ្ធសាស្ត្រនៃប្រទេសនោះ … ខួរក្បាលមនុស្សមិនប្រាកដថាគេពូកែជាងយើងទេ តែពួកគេមានសំណាងកើតនៅលើប្រទេសអ្នកមាន ហើយគេមានប្រៀបមកលើយើងត្រង់ស្ថាប័នរបស់គេនិយាយស្តីមកលើយើងតាមមួយបែបទៅ ប៉ុន្តែអោយមានចំណេះដឹងលើសពីប្រជាជនដែលកើតក្នុងប្រទេសក្រីក្រ មិនប្រាកដថាគេពូកែជាងទេ។

មិនយល់ស្របចំពោះគំនិតចង់អោយមានស្តង់ដារអន្តរជាតិលើផ្នែកព័ត៌មាន

… ម្សិលមិញខ្ញុំបានតាមមើល(ការសន្ទនា)តុមូលរបស់ CNC។ បញ្ហាថា យើងធ្វើអោយដូចស្តង់ដារអន្តរជាតិ ខ្ញុំចង់សួរត្រឡប់ទៅវិញថា តើយើងចង់ធ្វើអោយស្តង់ដារអន្តរជាតិរបៀបម៉េចទៅ? ខ្ញុំនៅតែមិនយល់ស្របជា​មួយស្តង់ដារអន្តរជាតិ ព្រោះស្តង់ដារអន្តរជាតិប្រើបានតែក្នុងកីឡាទេ។ ស្តង់ដារអន្តរជាតិរបៀបនយោបាយ របៀបសារព័ត៌មាន អត់ដូចគ្នាទេ។ ពាក្យស្តង់ដារអន្តរជាតិគួរតែប្រើក្នុងក្របខណ្ឌ ត្រឹមតែកីឡាបានហើយ។ បើលេងវិធានបាល់ទាត់ គឺវិធានដូចគ្នា បាល់ទះដូចគ្នា អ្វីៗគឺដូចគ្នាទាំងអស់ ប៉ុន្តែក្រៅពីនោះអត់ទេ។ ប្រទេសខ្លះជារបបប្រ​ធា​នាធិបតី ប្រទេសខ្លះជារបបសភា ប្រទេសខ្លះពាក់កណ្តាលសភា ពាក់កណ្តាលប្រធានាធិបតី ប្រទេសខ្លះបោះឆ្នោតមួយជុំ ប្រទេសខ្លះបោះឆ្នោតពីរជុំ។

… សហរដ្ឋអាមេរិកបោះឆ្នោតតែមួយជុំទេ … ឧទាហរណ៍ថា៖ ១០០លាននាក់ … មានតែប្រជាជន ៥១% ទៅចុះក្នុង ១០០ លាននាក់ ឬ ៥១ លាននាក់ ទៅបោះឆ្នោត។ ប៉ុន្តែ ៥១ លាននាក់ ត្រូវចែកអ្នកនេះបាន ៥១% អ្នកនេះបាន ៤៩% ទៀត។ ទីចុងបំផុត ប្រធានាធិបតីដែលឡើងកាន់អំណាច … មានប្រជាជនបោះឆ្នោតអោយ បើគិតពីចំនួនប្រជាជនដែលមានសិទ្ធិបោះឆ្នោត ១០០ លាននាក់ និងចេញទៅបោះឆ្នោត ៥១% … មានតែ ២៥ លាននាក់ទេ បោះឆ្នោតអោយ … និយាយពីសារព័ត៌មានអោយទៅជាស្តង់ដារអន្តរជាតិ វាអត់មានទេ …។

យើងអាចនិយាយបែបផ្សេង ប៉ុន្តែពាក្យដែលថាស្តង់ដារអន្តរជាតិ មិនដឹងថាស្តង់ដារហ្នឹងវាស្អី ពិតប្រាកដ? របៀបម៉េចទៅស្តង់ដារគំរូ? បើប្រទេសនីមួយៗ មានការអនុវត្តតាមបែបខុសគ្នាយ៉ាងដូច្នេះ។ ប្រទេសយើងអនុវត្តនូវវិធីបោះឆ្នោតតាមសមាមាត្រតាមខេត្ត។ ប្រទេសខ្លះអនុវត្តតាមការបោះឆ្នោត តាមឯកត្តនាម ប្រទេសខ្លះអនុវត្តការបោះឆ្នោតដោយមានការគួបផ្សំរវាង សមាមាត្រផង និងឯកត្តនាមផង។ អញ្ចឹងទេ ចូលទៅក្នុងកម្រិតនយោបាយគឺថាអត់មានស្តង់ដារអន្តរជាតិកើតទេ។ ប្រទេសមួយ ឬប្រទេសពីរមិនអាចតាំងខ្លួនជាស្តង់ដារអន្តរជាតិបានទេ … អ្វីដែលយើងត្រូវខិតខំនោះ មិនមែនខិតខំទៅរកស្តង់ដារអន្តរជាតិទេ … (ព្រោះ)ម៉ូដែលរបស់វាត្រូវធ្វើយ៉ាងម៉េច​ វាអត់មាន ប៉ុន្តែអ្វីដែលយើងត្រូវខិតខំ គឺរុញអោយដល់ ឧទាហរណ៍ បច្ចុប្បន្នតម្រូវអោយយើងរុញបច្ចេកវិទ្យាពត៌មានទៅដល់ឌីជីថល (Digital)  ហើយលុបចោលអាណាឡូក(Analog)។ យើងរុញអាហ្នឹងអោយដល់ហ្នឹង … ជានិយាមដែលកំណត់ថា ឆ្នាំ ២០២០ នេះ ត្រូវដើរអោយដល់កន្លែងហ្នឹង ​…។

អ្នកសារព័ត៌មានកម្ពុជា គួរវិភាគ ស្រាវជ្រាវ អំពីបញ្ហាអន្តរជាតិ

កម្រិតវិភាគរបស់យើងត្រូវធ្វើបន្ត។ ឥឡូវនេះយើងកំពុងតែស្រាវជ្រាវមើល អ្វីនៅពីក្រោយខ្នងនៃការដកកងទ័ពរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ ពីស៊ីរី។ បន្ទាប់ពីហ្នឹងទៅ តើសភាពការណ៍វានឹងកើតមានអ្វីឡើងតទៅទៀត ក្នុងទំនាក់ទំនងនៅមជ្ឈិមបូព៌ា រវាង ស៊ីរី អ៊ីរ៉ង់ អ៊ីស្រាអែល និងរុស្សី នៅក្នុងតំបន់នោះវាយ៉ាងម៉េច? ជម្លោះនៅយ៉េមែន … រឿងការស្លាប់នៃអ្នកកាសែត និងការដឹកនាំសង្គ្រាមរបស់អារ៉ាប៊ីសាអូឌីត។ តើបញ្ហាទាំងអស់នេះ នឹងវិវឌ្ឍទៅយ៉ាងម៉េច? យើងមានសិទ្ធិនឹងធ្វើការវិភាគ ស្រាវជ្រាវអំពីបញ្ហានេះ។ នៅក្នុងសន្និ​បាត(គណបក្សប្រជាជន)នៅទីនេះ ៣ ថ្ងៃ កាលពីខែមុន ខ្ញុំបានទាក់ទាញការយកចិត្តទុកដាក់ នៃអង្គសន្និ​បាត អោយយកចិត្តទុកដាក់ប្រយ័ត្នប្រយែង ជាមួយនឹងគោលនយោបាយក្រៅប្រទេស លើបញ្ហាខ្លះ ដែលយើងត្រូវចៀសវាង។ បញ្ហាទាំងអស់នេះ អ្នកកាសែតមានសិទ្ធិនឹងសរសេរ និងបញ្ចេញយោបល់ ជាបទវិចារណ​កថានៅលើទំព័រកាសែតរបស់ខ្លួន នៅលើអនឡាញរបស់ខ្លួន តាមមធ្យោបាយរបស់ខ្លួន វិទ្យុខ្លួនក៏មាន ខ្លះមានវិទ្យុ ខ្លះមានទូរទស្សន៍ ខ្លះមានអនឡាញ ខ្លះមានសារព័ត៌មានជាកាសែត សរសេរផ្សាយទៅ អាហ្នឹងជាសិទ្ធិរបស់យើងតើ …។

ឥឡូវនៅសហរដ្ឋអាមេរិក អ្វីនៅពីក្រោយការបិទរដ្ឋាភិបាល … ថ្ងៃនេះដូចជាថ្ងៃទី ១៩ ឬទី ២០ ហើយនៃការបិទរដ្ឋាភិបាល អាចចាត់ទុកថាជាការបិទរយៈពេលវែង។ អញ្ចឹងតើមានសារព័ត៌មានរបស់ខ្មែរយើងណាមួយហើយ ដែលបានសរសេរអំពីបញ្ហានេះ។ ពិតហើយមានអ្នកស្រាវជ្រាវ។ បើទោះបីជារឿងនេះវាជារឿងរបស់អាមេរិក ក៏ប៉ុន្តែយើងមានសិទ្ធិនឹងដឹងពីអាមេរិក។ តាមអ្នកសិក្សា … (ការបិទនេះ មាន)ផលប៉ះពាល់របស់វាទៅលើ ៩ ស្ថាប័ន ក្នុង ៩ ស្ថាប័ន គឺមានស្ថាប័នការបរទេសដែរ។ ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញនេះ គឺផ្សព្វ​ផ្សាយ​ថានឹងកាត់បន្ថយការបង្ហោះហ្វេសប៊ុកស្អីៗមួយចំនួន ព្រោះត្រូវចាយលុយ … ក្រៅពីនោះ រដ្ឋបាលនៅក្នុងប្រទេសអាមេរិក ប្រមាណ ៨០ ម៉ឺននាក់ ដែលរងផលប៉ះពាល់អត់មានប្រាក់ខែបើក … សង្គ្រាមពាណិជ្ជកម្មបច្ចុ​ប្បន្ន នយោបាយគាំពារនិយម និងការប៉ះទង្គិចនានា ដែលបានកើតឡើងវាទៅជាយ៉ាងម៉េច? អញ្ចឹងយើងចង់ពង្រីកនូវចំណេះដឹងរបស់យើងអោយកាន់តែច្រើន អោយកាន់តែខ្លាំង មិនមែនគ្រាន់តែក្នុងក្របខ័ណ្ឌដាច់ដោយឡែករបស់ប្រទេសយើងទេ (តែនៅក្នុង)ក្របខ័ណ្ឌតំបន់ ក្រៅតំបន់ រហូតទៅដល់ក្របខ័ណ្ឌពិភពលោក។ សង្គ្រាមពាណិជ្ជកម្មវានាំយើងទៅដល់ណា ជាចំណុចដែលខ្ញុំទន្ទឹងចង់បាន (ដោយប្រាថ្នា)អោយជាតិសាសន៍របស់យើង ក្នុងក្របខ័ណ្ឌជាអ្នកសារព័ត៌មានចូលរួមចំណែកទៅលើបញ្ហានេះ។

ចំណុចទី៥ អ្នកសារព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវ មិននិយាយបំផ្លើស ញុះញង់ ជេរប្រមាថ បង្កជំលោះ។ ចំ​ណុចនេះ យើងត្រូវគិត(ពី)ការបង្កើនសមត្ថភាព ហើយនិយាយរួមឲ្យវាទៅក្រិតក្រមវិជ្ជាជីវៈ។ ខ្ញុំទទូចអង្វរសុំក្រុមអ្នកលេងហ្វេសប៊ុកទាំងអស់ មេត្តាឈប់(ជេរ)បញ្ចោរ(គ្នា)ទៅ … ខ្ញុំរកនិយាយតាមវាមិនកើត។ ចំអេសចំអាស ហ្នឹងវាសព្វគ្រប់ហើយ។ ខ្ញុំអត់នឹកដល់ថា ជនជាតិរបស់យើងអាចលេងដល់ប៉ុណ្ណឹងទេ។ និយាយទៅកេរ្តិ៍ខ្មាសរបស់បុរស និងកេរ្តិ៍ខ្មាសរបស់ស្រ្តីចេញមកអស់រលីង។ អ្នកលេងហ្វេសប៊ុកមួយចំនួន គេនិយាយត្រឹមត្រូវរបស់គេ … ប៉ុន្តែមួយចំនួនចេញមក គឺជេរយកតែម្តង។ រួចហើយប្តឹងផ្តល់គ្នាទៅឡើងតុលាការ … ហើយរឿងនេះឲ្យកាត់ក្តី កាត់វាមិនបានទេ។ ខ្ញុំមើលដែរ តែខ្ញុំមិនហ៊ានចូលទៅcommentអីទេ ។ ខ្ញុំមិនមានពេលមើលពេល live ហ្នុងទេ ខ្ញុំមើលតែគេបង្ហោះតាមយូធូប … ខ្ញុំសុំអ្នកសារព័ត៌មានហ្វេសប៊ុក បញ្ឈប់(ការប្រើពាក្យសំដី)ចំអេសចំ​អាស (ហែក)កេរ្តិ៍ខ្មាស … អសីលធម៌ អគុណធម៌ …។

អ្នកសារព័ត៌មាន កុំសរុបសន្និដ្ឋាន ហើយបិទផ្លូវតវ៉ា

ខ្ញុំក៏នៅតែបន្ត (ការស្នើ)សុំកុំឲ្យអ្នកសារព័ត៌មានរបស់យើង មិនថាប្រព័ន្ធណាទេ ក្លាយទៅជាអ្នកដែលគេហៅថាសរុបសន្និដ្ឋាន ហើយបិទផ្លូវតវ៉ា ដែលខ្ញុំហៅថាកុំដើរតួជាតុលាការ។ កាត់ក្តីត្រឹមតែនិយាយទៅបានហើយ ប្រាប់​ថាព័ត៌មាន ហ្នឹងវាកើតអញ្ចេះៗ រួចហើយយើងអាចថា យើងមិនអាចរកការបញ្ជាក់ពីភាគីនោះបានទេ … កុំធ្វើជាចៅក្រមក្នុងការកាត់សេចក្តីនៅពេលដែលយើងធ្វើព័ត៌មាន។ អ្វីដែលវាកើតឡើងពិត យើងត្រូវបញ្ជាក់ … ព្រោះឥឡូវហ្នឹង ត្រឹមតែមិនដល់ ៥ នាទីទេ រឿងកើតឡើងគឺថា(មនុស្សជាច្រើនបានដឹង)ផ្អើល ព្រោះវាមិនមែនដូចសម័យមុនដេកពីរអាទិត្យហើយនៅតែមិនដឹងថាព័ត៌មានទៅដល់ណាទេ។ ឥឡូវអត់ទេ ៥ នាទី ឬ ១០ នាទី បង្ហោះតាមហ្វេសប៊ុកពេញ ពេញទឹកពេញដី …។

ទី ៦ ខិតខំលុបបំបាត់ក្រុមព័ត៌មានដែលចាប់ជំរិតទារប្រាក់។ សុំផ្តាំព័ត៌មានទាំងអស់ អ្នកសារព័ត៌មានមិនមែនជានគរបាលយុត្តិធម៌ អ្នកសារព័ត៌មានគ្មានសិទ្ធិនឹងទៅដាក់បារ៉ាស់ចាប់ឡាននេះឡាននោះទេ។ ខ្លួនមិនមែនជានគរបាលយុត្តិធម៌ទេ។ កន្លងទៅក៏មានសារព័ត៌មានបានប្រព្រឹត្តិរឿងនេះ ហើយមានមួយប្រភេទសារព័ត៌​មានទៀត គឺរឿង(ដែលកើត)ឡើង ត្រូវបិទមាត់តាមរយៈលុយកាក់ ហើយមិនហ៊ានផ្សាយ។ ចំណុចទាំងនេះ ត្រូវខិតខំចៀសវាង។ សង្ឃឹមថា មិនមានអ្នកសារព័ត៌មានណាមួយនឹងដើរតួជាមេម៉ាហ្វ្យ៉ាទេ …។

ចំណុចទី ៧ សុំអ្នកសារព័ត៌មានទាំងអស់ និងស្ថាប័នព័ត៌មានទាំងអស់ចូលរួមចំណែកប្រយុទ្ធជាមួយនឹងព័ត៌មានក្លែងក្លាយ។ ព័ត៌មានក្លែងក្លាយហ្នឹងវាច្រើនណាស់នៅស្រុកខ្មែរនេះ ទាក់ទងនឹងខ្លួនខ្ញុំ មិនដឹងថាប៉ុន្មានហើយទេ។ សុខៗស្រាប់តែបើកទៅឃើញថា លោក ហ៊ុន សែន ទើបនឹងស្លាប់មុនហ្នឹងបន្តិច … លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខេម … បញ្ជាឲ្យ ចាប់ ខ្ញុង … បញ្ជាឲ្យចាប់ គិត ម៉េង … បញ្ជាឲ្យចាប់ លី យ៉ុងផាត់ … ដើម្បីចូលរួមចំណែកក្នុងការបំផ្លាញព័ត៌មានក្លែងក្លាយ តើអ្នកសារព័ត៌មានត្រឹមត្រូវរបស់យើង តើគួរធ្វើអី? គឺផ្សាយព័ត៌មានពិតចេញមក។ អាក្លែងក្លាយវាបាត់ឯង។ បើពិបាកពេក ឃើញតែចេញអាហ្នឹងមក ឧទាហរណ៍ថាគេចាប់ គិត ម៉េង ថត គិត ម៉េង ដាក់ទូរទស្សន៍ទៅវាចប់រឿង។ បង្ហោះទៅវាចប់ហើយ។ ជួនកាលយើងនៅស្ពឹកនៅហ្នឹងដែរ។ ស្ងៀម។ ចាំមើលគេដែរ។ មានហ្វេសប៊ុកក្នុងដៃ មានវិទ្យុ មានទូរទស្សន៍ក្នុងដៃដែរអត់ធ្វើ។ សូម្បី​តែ គិត ម៉េង ជាថៅកែទូរទស្សន៍ដល់ទៅ ៤ ទូរទស្សន៍ អត់មានទូរទស្សន៍មួយណាផ្សាយ។ ទៅជាអញ្ចឹងទៅ។ ឥឡូវមិនចាំបាច់ស្អីទេ … ថៅកែខ្លួនឯងកំពុងតែនៅធ្វើការនៅហ្នឹង ហើយគេផ្សាយថា គិត ម៉េង ត្រូវគេចាប់ហើយ គ្រាន់តែថតមួយភ្លាម (ហើយ)ប្រាប់ថា គិត ម៉េង នៅធ្វើការនៅហ្នឹងទៅ … ចាំបាច់អ្នកណាទៅនិយាយទៀត។

នេះចេះខ្ញុំស្រែកទាន់ពេល បើមិនអញ្ចឹងទេចិញ្ចឹមព័ត៌មានក្លែងក្លាយ រហូតដល់ថ្ងៃហ្នឹង។ ហ្នឹងមកពីអី? ហ្នឹងហើយមិនទាន់បានចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ វិធីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយបានប្រសិទ្ធភាពបំផុត គឺយកព័ត៌មានពិតចេញមក …។ យើងមានមធ្យាបាយក្នុងដៃទាំងអស់ ក៏ប៉ុន្តែ យើងអត់ទាន់ចេះប្រើមធ្យាបាយដែលយើងមានក្នុងដៃដើម្បីវាយបក។ មិនបាច់ទៅផ្សាយជាមួយនឹងវិទ្យុ ទូរទស្សន៍ផង គ្រាន់ តែហ្វេសប៊ុកផេកមួយរបស់ក្រុមហ៊ុន(គិត) ម៉េង បញ្ចេញព័ត៌មានហ្នឹងគ្រឹបទៅ វាចប់បាត់ហើយ។ យើងទាំងអស់គ្នាត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ហើយវិធីសាស្រ្ត គឺយកព័ត៌មានពិតបញ្ចេញមកដើម្បីបន្សាបអាព័ត៌មានក្លែងក្លាយ។ វិធីមានតែអញ្ចឹងទេ … ឥឡូវខ្ញុំច្រើនធ្វើអញ្ចេះដែរ ឃើញគេផ្សាយព័ត៌មានហ្នឹង (ហើយ)រដ្ឋមន្រ្តីនៅស្ងៀម … ខ្ញុំទាញយក(ព័ត៌មាន)ហ្នឹង បញ្ជូនតាម WhatsApp ទៅឲ្យរដ្ឋមន្រ្តី … ជួនកាលគាត់មើលដែរ ប៉ុន្តែមើលរួចហើយ … នៅស្ងៀមធ្វើអីអញ។ ខ្ញុំបានបញ្ជាក់ក្នុងសន្និបាត(បក្សហើយ) បើថានៅតែ របៀបហ្នឹង ឆ្នាំ ២០២០ ខ្ញុំអត់ទុកទេ។ ខ្ញុំដូរ។ យើងត្រូវសកម្មឡើង។

មិនចាំបាច់បង្កើតទូរទស្សន៍ ២-៣ ថ្មីនោះទេ ប្រើតែទូរទស្សន៍មានរាល់ថ្ងៃហ្នឹងឲ្យវាអស់សមត្ថភាពទៅ​

ព័ត៌មានបំភ្លៃវាមិនអាចទៅរួចទេ វាគង់តែនឹងងាប់ទេ។ ប៉ុន្តែ ដើម្បីឲ្យវាងាប់ ទាល់​តែយើងយកអាពិតចេញមក ហើយមធ្យោបាយរបស់យើងមាន … មិនចាំបាច់ដូចលោក អ៊ុក គឹមសេង និយាយពីម្សិលទេ។ ពីម្សិល លោក អ៊ុក គឹមសេង ថា សុំឲ្យរដ្ឋាភិបាលពិនិត្យមើលដូចជានៅអាឡឺម៉ង គេបង្កើតប៉ុស្តិ៍ ២-៣ គ្រាន់តែចាក់ហើយអត់មានផ្សាយពាណិជ្ជកម្ម។ ប្រើតែអារាល់ថ្ងៃឲ្យតែវាអស់ មិនទាន់ប្រើអស់ផង លោកឯងចង់ទៅបង្កើតអីទៀត? ខ្ញុំនិយាយឲ្យវាត្រង់អញ្ចឹងទៅ។ លើការជាក់ស្តែង លោកឯងប្រើមិនទាំងអស់ផង ហើយទៅបង្កើតទូរទស្សន៍ធ្វើស្អីទៀត? ថាស្រុកគេមានទូរទស្សន៍ រួចហើយគេគិតតែពីផ្សាយ មិនមានផ្សាយពាណិជ្ជកម្មទេ គ្មានប្រាក់ចំណូលស្អីទេ។ ឥឡូវសួរថាបង្កើត(ធ្វើអី) បើលោកឯងមិនទាំងផលិត​ព័ត៌មាន(ផង) ហើយព័ត៌មានលោកឯងស្អុយតែរហូត ឥឡូវគ្រាន់បើបន្តិច មើលទៅគ្រាន់ចូលភ្នែកបន្តិច។

ពីដើម បើនិយាយពីព័ត៌មានអន្តរជាតិវិញ កើតថ្ងៃហ្នឹង បីថ្ងៃក្រោយបានផ្សាយ នរណាគេមើល? គេមិនមើលទេ។ ជាងនេះទៅទៀត សម័យនេះជាសម័យដែលអនឡាញវាបានកើតឡើងហើយ ដូច្នេះគេមិនរង់ចាំម៉ោងលោកឯងផ្សាយនោះទេ។ អញ្ចឹងទេបានជាទូរទស្សន៍មួយ គួរមាន Facebook Page របស់ទូរទស្សន៍ហ្នឹង … មានប្រព័ន្ធអីដើម្បីរុញឲ្យគេលឿន បើមិនអញ្ចឹងធ្វើមិនឈ្នះគេទេ។ គេហទំព័រខ្ញុំដឹងថាមានហើយ ក៏ប៉ុន្តែ អ្វីដែលយើងគួរតែត្រូវធ្វើឲ្យបានមុន។ ចង់ទៅបង្កើតទូរទស្សន៍អីទៀត បើសូម្បីតែទូរទស្សន៍មួយគ្រប់គ្រងមិនទាំង​អស់ ប្រើមិនទាំងអស់ផង … បង្កើតឡើងមាននរណាទៅធ្វើព័ត៌មាន … យើងអត់ព្រមប្រើប្រាស់បញ្ចេញព័ត៌មានពិត​ និងប្រើមធ្យោបាយរបស់យើងដើម្បីវាយ រួចហើយទៅទារបង្កើតទូរទស្សន៍ ២-៣ ឯណាទៀត។ អត់ទេ! ខ្ញុំអត់លេងចូលទេអាហ្នឹង បង្កើតនាំអស់លុ​យ។

ប្រទេសនានា សុទ្ធតែមានសារព័ត៌មានអនឡាញលឿនមួយប្រចាំប្រទេសគេ

ពិតហើយ ខ្ញុំយល់ស្របជាមួយនឹងការចង់បានរបស់លោកចាងហ្វាង Thmey Thmey ដែលថា ធ្វើម៉េចឲ្យសារព័ត៌មានរបស់យើងចេញជា​​ភាសាបរទេស ជាភាសាអង់គ្លេស។ ខ្ញុំយល់ស្របអាហ្នឹង ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាធនធានមនុស្ស ហើយរឿងដែលគួរធ្វើ ខ្ញុំគិតថា យើងធ្វើជាវិទ្យុ ធ្វើជាទូរទស្សន៍ ធ្វើមិនទាន់គេទេ។ ត្រូវ​មានអនឡាញ។ អនឡាញទើបទាន់គេ។ ឥឡូវអនឡាញដែលខ្លាំងៗ មានប៉ុន្មាននៅកម្ពុជា? ប្រណាំងប្រ​ជែង​គ្នាទៅ។ នៅនេះមាន Fresh News, Swift News, Thmey Thmey និងដើមអំពិល។ ឥឡូវប្រណាំងប្រជែងគ្នាទៅ អា Fresh News ចេញបានមានភាសាអង់គ្លេស និងភាសាចិនហើយ។ ប្រទេសមួយតែងមានសារព័ត៌មានលឿនមួយ។ យើងពិនិត្យមើល បារាំងមាន AFP អាមេរិកមាន AP អាហ្នឹងវាអត់ចាំម៉ោងទេ ម៉ោងពេលប៉ុន្មានគឺវាចេញទៅតែម្តង។ វៀតណាមមាន VNA​ ចិនមាន Xinhua ជប៉ុនមាន Kyodo … ម្យ៉ាងទៀត បើយើងចង់ឲ្យពួកបរទេសមើល ទូរទស្សន៍យើងមិនងាយទៅដល់ឯណា។ យើងត្រូវឲ្យគេចាប់ប៉ុស្តិ៍ ព្រោះពីហ្នឹងទៅប្រទេសគេមើលម៉េចនឹងដល់ ប៉ុន្តែ បើគេមើលតាម Internet គេមើលបាន។

បើកយុទ្ធនាការប្រណាំងប្រជែង “សារព័ត៌មានពិតហើយលឿន” បើចេញច្រើនភាសាកាន់តែល្អ

អញ្ចឹងត្រូវពង្រឹងសមត្ថភាព​​ … សូមប្រកាសបើកយុទ្ធនាការប្រណាំងប្រជែងឲ្យក្លាយទៅជាសារព័ត៌មាន ដែលមានល្បឿនលឿន ពិតហើយលឿន។ ព័ត៌មានត្រូវពិត ហើយត្រូវលឿន ហើយបើចេញបានច្រើនភាសា គឺកាន់​តែល្អ។ ខ្ញុំទទួលហើយ AKP អើយ។ នៅពេលដែលខ្ញុំបង្ហោះ Facebook ព្រឹប AKP គេចូលមក comment គេផ្សាយពីអី ហើយវិទ្យុជាតិផ្សាយពីអី។ ខ្ញុំទទួលបានហើយ ក៏ប៉ុន្តែ​ សួរថា មានប៉ុន្មាន? … (បើកទូរស័ព្ទមើលlive) ខ្ញុំអត់មាន Internet មិនបានទេ​។ ឥឡូវ បាយ័ន កំពុងតែបន្តផ្ទាល់ … ព្រោះខ្ញុំត្រូវត្រួតពិនិត្យដែរ … ខ្ញុំឧស្សាហ៍ control ដែរ ព្រោះយើងទៅដល់ជើងមេឃក៏ដោយ យើងកាន់តែទូរស័ព្ទមួយហ្នឹង យើងមើលបានទាំងទូរទស្សន៍ផង និងស្តាប់បានទាំងវិទ្យុផង។ ចំណុចនេះ (សូម)ចូលរួមចំណែកប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ​។ (ជាការ)ចាំបាច់ត្រូវធ្វើ ហើយយើងមានមធ្យោបាយដើម្បីបង្ក្រាបវា ដោយមិនមែនយកកាំភ្លើងទៅបង្ក្រាបវាទេ គឺយកព័ត៌មានពិត ប្រើមធ្យោបាយដ៏ច្រើនសន្ធឹកសន្ធាប់របស់យើងវាយបំបាក់អាព័ត៌មានក្លែងក្លាយនោះ ព្រោះវាមិនដឹងចេញមកពីត្រង់ណា បន្តិចៗឃើញខ្មោចឯណេះ បន្តិចៗឃើញខ្មោចឯណោះ។

ចំណុចទី ៨ ខិតខំលើកកម្ពស់សមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ដើរទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ។ សូមឲ្យមានការគិតគ្រប់អង្គភាពនៃព័ត៌មានទាំងអស់ យកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពធនធានមនុស្ស នៅក្នុងអង្គភាពរបស់ខ្លួន។ រួមជាមួយនឹងសមាគមនានា នៃសារព័ត៌មាន ដែលយើងមាននៅក្នុងប្រទេស … យើងក៏មានក្រសួងព័ត៌មាន ដើម្បីនឹងដឹកនាំបង្កើតឲ្យមានការបណ្តុះបណ្តាល។ ខ្ញុំគិតថា មិនចាំបាច់គគ្រឹកគគ្រេងហួសហេតុនោះទេ បង្កើតជាវគ្គខ្លីៗក្នុងការបណ្តុះបណ្តាល ធ្វើឡើងដោយក្រសួងព័ត៌មាន ឬក៏ធ្វើឡើងដោយសមាគមនៃសារព័ត៌មានរបស់យើង ដែលមានប៉ុន្មានសមា​គមអាចសហការគ្នាធ្វើជាមួយគ្នា។ យើងមានសាស្រ្តាចារ្យរបស់យើង មានអ្នកជំនាញរបស់យើង ដើម្បីនឹងធ្វើកិច្ចការងារនោះ ហើយបើមានការចាំបាច់ត្រូវហៅ​គ្រូបរទេសមកជួយបណ្តុះបណ្តាលធនធានមនុស្សរបស់យើង … ខ្លឹមសារ​ល្អបំផុត ស្រួលធ្វើបំផុត គឺស្ថានីយទូរទស្សន៍ វិទ្យុ ឬកាសែតមួយៗ ឬក៏អនឡាញមួយៗមានបុគ្គលិករបស់ខ្លួន ដូច្នេះ រកវិធីធ្វើម៉េចបណ្តុះបណ្តាលបុគ្គលិកបន្ថែម។ ធ្វើយ៉ាងនេះ ទើបយើងមានធនធានមនុស្សគ្រប់គ្រាន់ ហើយចេះសរសេរ។ បើគ្មានធនធានមនុស្សទេ កម្រិតរបស់យើងទៅមិនរួចទេ។ យើងមានតែបរិមាណ តែគុណភាពមិនគ្រប់។ ការបណ្ដុះបណ្ដាលធនធានមនុស្ស នៅតែជាការងារអាទិភាព​​លើគ្រប់​​វិស័យទាំងអស់ ក្នុងនឹងវិស័យព័ត៌មានដែលជាវិស័យនាំមុខមួយ។

សម្រាប់ប្រទេសជាតិ ក៏ត្រូវតែបង្កើនការយកចិត្តទុកដាក់ ហើយបណ្ដាស្ថាប័នអ្នកដែលទទួលខុសក្នុងស្ថាប័ន​នោះ មិនគួរកំណាញ់ក្នុងការបញ្ចេញប្រាក់ អោយបុគ្គលិករបស់ខ្លួនទៅរៀនថែមទេ។ ឧទាហរណ៍៖ ស្រាប់តែមានអ្នកណាមួយគេបើកថ្នាក់បង្រៀនអាហ្នឹង អញ្ចឹងទេ យើងអោយបុគ្គលិករបស់យើងទៅរៀនទៅ មួយថ្ងៃថាអោយទៅរៀន ២ ម៉ោង ហើយយើងចេញប្រាក់អោយរៀនទៅ សូម្បីតែសាកលវិទ្យាល័យភ្នំពេញរបស់យើងមានតើ។ យើងមានកន្លែងបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដែលលោក ឆាយ សុផល គាត់ធ្វើជាសាស្ត្រាចារ្យនៅនឹងដែរ អញ្ចឹងអាចនឹងរិះរកគ្រប់មធ្យោបាយដើម្បីលើកកម្រិត នៃចំណេះដឹងរបស់អ្នកសារព័ត៌មានរបស់យើង ហើយអ្នកដែលកាន់តែមានលទ្ធភាព អាចបញ្ជូនទៅទៀត ជួនកាលទៅដកស្រង់បទពិសោធន៍ ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ជាមួយនឹងប្រទេសគេ គេបញ្ជូនមនុស្សមកដកហូតពិសោធន៍ជាមួយយើង យើងក៏បញ្ជូនមនុស្សទៅដកហូតពិសោធន៍ជាមួយប្រទេសដទៃ អំពីវិស័យសារព័ត៌មាននេះ … ចំណុចដែលអម្បាញ់​មិញ ឯកឧត្តម (ខៀវ)កាញារិទ្ធិ លើកឡើងទាក់ទងជាមួយនឹងវិទ្យុជនពិការ និងវិទ្យុធម៌ទេសនារបស់ព្រះសង្ឃ ខ្ញុំមិនដឹងថា តើគេយកលុយយ៉ាងម៉េចអីយ៉ាងម៉េចទេ ក៏ប៉ុន្តែម្សិលមិញខ្ញុំបានចារហើយ កុំទៅយករបស់គ្នា វិទ្យុជនពិការភ្នែកប៉ុន្មាននោះ មិនដឹងថាខាងណាគេអោយបង់អីទេ … ហើយវិទ្យុធម៌ទេសនា អ្នកណាទៅផ្សាយពាណិជ្ជកម្ម? អត់ផងហ្នឹង។ ហ្នុងរឿងតូចតាចទេ។ ដោះស្រាយនៅខាងក្រៅ។

សារព័ត៌មាន ប្រៀបបាននឹងចុងភៅម្នាក់ មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នា

… ខ្ញុំនៅតែចង់ធ្វើម៉េច អោយប្រទេសមានសេរីភាពសារព័ត៌មាន។ ពិតហើយ … សារព័ត៌មានមួយវាប្រៀបដូចជាចុងភៅម្នាក់អញ្ចឹង មិនអាចនឹងចុងភៅម្នាក់ធ្វើផ្គាប់ចិត្តមនុស្សរាប់ពាន់នាក់ ដូចគ្នាល្ងាចហ្នឹងប្រមាណជា តាមរាយការណ៍អោយខ្ញុំ គឺប្រហែលជា ៥ ពាន់នាក់។ ហ្នឹងខាងខុទ្ទកាល័យខ្ញុំអ្នករាយការណ៍។ ម្ហូបល្ងាចនេះអាចនឹងត្រូវមាត់មនុស្សមួយចំនួន តែមិនអាចត្រូវមាត់មនុស្សមួយចំនួនទេ។ សម្ដីដែលខ្ញុំនិយាយនៅពេលនេះ អាចនឹងត្រូវចិត្តមនុស្សមួយចំនួន ក៏ប៉ុន្តែក៏មិនអាចត្រូវចិត្តមនុស្សមួយចំនួនដែរ។ ជាពិសេសអ្នកដែលជេរគ្នាតាមហ្វេសប៊ុកមួយចំនួនពេញចិត្ត មួយចំនួនមិនពេញចិត្តទេ ព្រោះចង់បន្តជេរ។ បន្ទាប់ពីហ្នឹងទៅ ខ្ញុំនឹងតាមមើល តើអស់លោកដែលជេរគ្នានៅបន្តជេរគ្នាទេ។ ខ្ញុំវាអត់យល់ លេងហ្វេសប៊ុកដូចតែគ្នា រួចហើយទៅវាយគ្នា នេះវាគឺជារឿងមួយដែលគួរអោយឆ្ងល់ ចុះចេះទាស់គ្នាទៅកើត មួយនៅអង្គុយអីនេះ មួយអង្គុយអីនោះ មួយនៅជេរពីនេះទៅ មួយនោះជេរតមកវិញ … ចេញមកហើយសព្វគ្រប់ទាំងអស់។

នាយករដ្ឋមន្ត្រី ស្នើសុំឱ្យមានការយោគយល់អធ្យាស្រ័យគ្នា

ប្រសិនបើយើងទាំងអស់គ្នា ប្រើប្រាស់សុច្ចរិតភាពនៃព័ត៌មាន យើងនឹងទទួលបាននូវការរីកចម្រើនលឿនជាង ហើយវាមិនរាំងស្ទះដោយសារតែទំនាស់ទាស់ទែងគ្នា ហើយឥឡូវតុលាការទៅជាកាត់សេចក្តី ថ្ងៃមុនឃើញ ពេជ្រ ស្រស់ ទៅជេរ ខាន់ ចាន់សុវណ្ណ។ ខាន់ ចាន់សុវណ្ណ ក៏ជេរត្រឡប់ទៅវិញទៀត។ ហ្នុងចូលដល់ប្រធានបក្សនយោបាយ ទៅជេរដល់អ្នកលេងហ្វេសប៊ុក។ អ្នកលេងហ្វេសប៊ុកជេរត្រឡប់ទៅវិញ … សិទ្ធិរបស់អ្នក ប៉ុន្តែក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំក៏គួរតែអំពាវនាវស្នើសុំឱ្យមានយោគយល់អធ្យាស្រ័យគ្នា រឿងដែលមិនគួរទាស់ទៅទាស់គ្នា។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាមិនចត់បាយទេ ព្រោះមិនមែនជារឿងអ្វីដែលធ្ងន់ធ្ងរពេកនោះទេ សំណូម​ពរវាមិនហួសវាល្មម វាមិនធ្ងន់ធ្ងរពេក តែវាក៏មិនស្រាលពេកដែរ តែយើងត្រូវប្រឹងប្រែងរួមគ្នា។

អាណត្តិទី ៥ ព្រៀង អាណត្តិទី ៦ បញ្ចប់ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

ហើយ (ខៀវ) កាញារិទ្ធិ ត្រូវធ្វើកិច្ចការមួយ។ មួយអាណត្តិទី ៥ គឺគ្រាន់តែព្រៀងទេ។ អាណត្តិទី ៦ ល្មមអោយ​ចប់ (រឿងព្រៀង)ច្បាប់ទាក់ទងជាមួយនឹងសិទ្ធិទទួលបានព័ត៌មាន ក៏ប៉ុន្តែត្រូវតែអោយមានសង្គតិភាពជាមួយ ច្បាប់ ទាក់ទងជាមួយនឹងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងច្បាប់របបសារព័ត៌មាន នៅឆ្នាំ ១៩៩៥ ដែលត្រូវធ្វើវិសោ​ធនកម្មដើម្បីអោយស្របជាមួយគ្នា។ អ្វីដែលខ្ញុំនិយាយនៅពេលនេះ ចាំមើលគេបង្កើតតុមូល តុជ្រុង នៅកន្លែងនេះនៅកន្លែងនោះភ្លាម។ ស្រួលដែរ ឥឡូវខ្ញុំក្លាយទៅជាតួអង្គមួយ ឲ្យតែឡើងមានសេចក្ដីថ្លែងការណ៍មួយ ការ​ងាររបស់អ្នកកាសែតប្រឆាំងមួយចំនួន ត្រូវបានគេធ្វើ។ ខ្ញុំគួរតែទារ កុំមិស្យិន មិនថាតែកាសែតប្រឆាំងទេគ្រប់តែកាសែត គ្រប់តែទូរទស្សន៍ទាំងអស់ ព្រោះយករបស់ខ្ញុំទៅបញ្ចាំង។ ការពិត ខ្ញុំគួរតែអរគុណទៅវិញទេ ព្រោះ ខ្ញុំចង់បញ្ជូនសារទៅអោយប្រជាពលរដ្ឋ គឺបញ្ជូនតាម វិទ្យុ ទូរទស្សន៍ និងតាមអនឡាញរបស់អស់លោក។

អាណត្តិថ្មីនៅសល់ ៤ ឆ្នាំទៀត បន្តជួបដល់ ២០២៣ នៅសល់ ៤ ដងទៀត

អរគុណណាស់សម្រាប់ការជួបជុំនៅថ្ងៃនេះ ហើយក៏មានការឧបត្ថម … ខ្ញុំ Note ក្នុងទូរស័ព្ទរបស់ខ្ញុំ។ ក្នុងហ្នឹងមាន លាង ឃុន ឧបត្ថមស្រាបៀរ ៥៥០ កេស ល្មមមួយស្រវឹងហ្នឹង តែសូមកុំភ្លេច បើស្រវឹងកុំបើកបរ បើបើកបរកុំផឹក ប្រយ័ត្នចេញពីហ្នឹងមិនរួច​ ហើយមានអ្នកឧបត្ថមទឹកបរិសុទ្ធ វីតាល់ ៥០០ កេស។ អញ្ចឹងទេ វាល្មមដល់ពេលវេលាដែលយើងត្រូវទទួលទានហើយ។ សង្ឃឹមថា ឆ្នាំក្រោយយើងនឹងជួបគ្នាសាជាថ្មីម្ដងទៀត។ ខ្ញុំមិនចោលទេ​អាណត្តិថ្មីនៅសល់ ៤ ឆ្នាំទៀត ត្រូវជួបគ្នា ៤ ដង ពីនេះទៅដល់ឆ្នាំ ២០២៣។ បោះឆ្នោតឆ្នាំ ២០២៣ ហើយ បន្តជានាយករដ្ឋមន្ត្រី នឹងបន្តជួបរយៈពេល ៥ ដងទៀត។ អញ្ចឹងនៅជំពាក់ ៩ ដងទៀត។ ខ្ញុំអត់ទៅណាទេ។ អ្នកដែលចង់អោយខ្ញុំស្លាប់ សូមអ្នកកុំសង្ឃឹមតែមិនស្រួលអ្នកស្លាប់មុនខ្ញុំ ព្រោះពូជខ្ញុំនេះអត់តិចជាង ៩០ (ឆ្នំា)ទេ … ទី ១ … ទី ២ មិនមានជំងឺភ្លេចភ្លាំងទេ ហើយទី ៣ គឺអត់មានទឹកនោមផ្អែមទេ សូមកុំបារម្ភ។ កុំរង់ចាំ។ ខ្ញុំអត់ឆ្លងឆ្លើយជាមួយអ្នកណា ក្រុមនយោបាយណាទេ។ អ្នកណាចង់ធ្វើអីធ្វើទៅ តែសុំកុំមកបំពានច្បាប់ស្រុកខ្មែរ។ គេបង្កើតទាហាន បង្កើតប៉ូលីស បង្កើតគុក សម្រាប់ដាក់អ្នកខុសហ្នឹងតើ។ អរគុណសម្រាប់ការចូលរួមទាំងអស់គ្នា ហើយសូមជូនពរឱ្យអ្នកដែលបានចូលរួមនៅទីនេះ សូមជួបប្រទះតែនឹងសេចក្ដីសុខសេចក្ដីចម្រើន និងពុទ្ធពរទាំង៥ប្រការអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...