សុន្ទរកថា​​​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៩)

សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ជាទីសក្ការៈ។

ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិទាំងអស់ ជាទីមេត្រី។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គមីទ្ទីង និង​ បង​ប្អូន​ជន​រួម​ជាតិ​ជា​ទីស្នេហា !

កាលពី ៤០ ឆ្នាំមុន នៅថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួល​រំលំ ដោយ​កម្លាំងមហាសាមគ្គីជាតិនៃប្រជាជនយើង ដែលបានក្រោកឈរប្រយុទ្ធយ៉ាងអង់ឤចបំផុត ដើម្បីសេរីភាព និងការរស់រានមានជីវិតរបស់ខ្លួន ក្រោមការដឹកនាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ មហាជ័យជម្នះជា​ប្រវត្តិ​សាស្ត្រនេះ បានបើកឡើងនូវទំព័រសករាជថ្មីនៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលធ្វើឱ្យយើង​មានអ្វីៗគ្រប់យ៉ាង​នៅ​ថ្ងៃ​នេះនិងមាននូវការជឿ​ជាក់ចំពោះអនាគតដ៏រុងរឿងរបស់ខ្លួន។ ទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានកត់ត្រាទុកជារៀងរហូត នៅក្នុងការចងចាំ​របស់​ប្រជាជន​​កម្ពុជា​គ្រប់​ៗ​រូប គ្រប់ៗជំនាន់ ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។

ថ្ងៃនេះ យើងប្រារព្ធពិធីដ៏មហោឡារិកនេះឡើង ដើម្បីរំឭកនូវការចងចាំមិនឤចបំភ្លេច​បាន ចំពោះមហា​ឧក្រិដ្ឋ​កម្មដ៏សាហាវព្រៃផ្សៃបំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត ដែលបានប្រព្រឹត្តមកលើមាតុភូមិ និង​ប្រជាជនកម្ពុជា ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ​ទាំងឡាយ ​ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការ​ពារមិនឱ្យរបប​នេះ​ឤច​​វិលត្រឡប់មកកម្ពុជាជាថ្មីវិញបាន។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱន​កាយ វាចាចិត្ត គោរពដល់វិញ្ញាណក្ខន្ធ​របស់​ជនរួម​​ជាតិរាប់លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបបដ៏យង់ឃ្នងនាពេលនោះហើយឧទ្ទិសបួងសួង ​សូម​ឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដរាប។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌​ដ៏ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរព​សក្ការៈ​ដ​ខ្ព៏ង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរ ព្រះករុណាជា​អម្ចាស់​ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិ សូម​មាន​​​ព្រះរាជ​សុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ សុខ​ក្សេមក្សាន្ត នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូបជាដរាបតរៀងទៅ។

អង្គមីទ្ទីង និងបងប្អូនជនរួមជាតិ ជាទីស្នេហា !

រយៈពេល ៤០ ឆ្នាំកន្លងទៅនេះ អ្វីៗបានផ្លាស់ប្តូរស្មានមិនដល់។ កម្ពុជាដែលត្រូវបានបំផ្លាញខ្ទេចខ្ទី អស់ទៅហើយ​នោះ បាន​ប្រឹង​ងើប​​ឈរ​ឡើងវិញ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ានៃសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​អភិវឌ្ឍន៍។ ថ្វីបើយើងបាន និងកំពុងរស់នៅយ៉ាងសុខសាន្ត និង មានមោទនភាពចំពោះសមិទ្ធផលលើគ្រប់វិស័យដែល​យើង​សម្រេច​បានមកទល់ពេលនេះក្តី ក៏យើងនៅតែត្រូវចងចាំនូវព្រឹត្តិការណ៍ដ៏ឈឺចាប់ខ្លោចផ្សា​ពីអតីតកាល ​ដែល​ធ្វើ​ឱ្យ​​ប្រជាជាតិ​យើងស្ទើរតែត្រូវបានវិនាសសូន្យ ដើម្បីយល់ជ្រួតជ្រាបឱ្យបានច្បាស់លាស់ត្រឹមត្រូវ អំពីដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ ដែលយើងបានឆ្លងកាត់ ,បណ្តាមេរៀនដ៏មានតម្លៃរបស់ជាតិ, និងទិសដៅភារកិច្ចសម្រាប់ការកសាង និង​ការពារ​ប្រទេស តទៅមុខទៀត។

ដូចខ្ញុំព្រះករុណាខ្ញុំ បានរំលឹក កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅថ្មីៗ នៅក្នុងឱកាសសម្ពោធ «វិមានឈ្នះឈ្នះ» គ្រោះមហន្តរាយរបស់ប្រជាជាតិយើង បានចាប់ផ្តើមពីរដ្ឋប្រហាររបស់ពួក លន់ នល់ រំលំរបបសង្គម​រាស្ត្រនិយម នៅ​ថ្ងៃ ១៨ ខែ មីនា ឆ្នាំ ១៩៧០ ដោយមានបរទេសបញ្ជាពីក្រោយ ដែលបានរុញ ទម្លាក់កម្ពុជាពីកោះសន្តិភាព ទៅ​ក្នុងភ្លើង​សង្គ្រាមពេញទំហឹង។ សង្គ្រាមពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ បាន សម្លាប់ប្រជាជនកម្ពុជា ជិត ១ លាននាក់ និងបំផ្លាញ​រចនាសម្ព័ន​សេដ្ឋកិច្ចសង្គម ឱ្យវិនាសអន្តរាយយ៉ាង ធ្ងន់ធ្ងរបំផុត។ ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋខ្មែរ ត្រូវបានផ្តួលរំលំ ប្រជាជន​​យើងសង្ឃឹមថា នឹងបានរស់ក្នុងសន្តិភាពហើយចាប់ផ្តើមស្តារជីវភាពរស់នៅ​របស់ខ្លួនឡើងវិញ ក៏ប៉ុន្តែ ក្តីសង្ឃឹមនេះត្រូវបានបញ្ចប់ទាំងស្រុងតែក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ បន្ទាប់ពីសង្គ្រាម ៥ ឆ្នាំ ប្រជាជន​​កម្ពុជាបានបន្តធ្លាក់ក្នុងគ្រោះមហន្តរាយ​មួយថ្មីទៀត គឺអំពើប្រល័យពូជសាសន៍ឯង នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែល​មានពុំ​ធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចជា​​ប្រវត្តិសាស្ត្រមនុស្សជាតិ។ សង្គមទាំងមូល បានទទួលរងនូវភាព ក្រឡាប់ចាក់ ដែល​គ្មានអ្នកណាឤចគិតស្មានដល់ កម្ពុជាដ៏អភ័ព្វត្រូវបានប្រែក្លាយទៅជាគុកឥតជញ្ជាំង និង ជាវាលពិឃាដ ​ដែល​ក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន រចនាសម្ព័ន្ធសង្គម​ជាតិត្រូវបាន​បំផ្លាញ​ខ្ទេច​ខ្ទីដល់ឫសគល់ សិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋបាន​បាត់បង់ទាំងស្រុង ប្រជាជនជាង ៣ លាននាក់ ត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត ឯអ្នកនៅសេសសល់ ក៏ត្រូវរស់ក្នុង​ភាព​ភិតភ័យតក្ក​មា មិនដឹងថាពេលណាដល់វេនខ្លួនត្រូវគេ​យក​ទៅសម្លាប់។ ប្រជាជនកម្ពុជាទាំងអស់គ្នា នាគ្រានោះ មាន​តែការបន់ស្រន់ដល់ទេវតា វត្ថុស័ក្តិសិទ្ធិ អ្នកមានបុណ្យបារមី និងកម្លាំងស្នេហា​យុត្តិធម៌លើពិភពលោក សូមមកជួយសង្គ្រោះឱ្យរួច​ផុត​ពីឋាននរក​អវចីនេះ។

ផ្តើមចេញពីមូលហេតុនេះហើយ ដែលចលនាតស៊ូឆ្ពោះទៅរកការសង្គ្រោះជាតិ បានកើតឡើងជាបន្តបន្ទាប់ ក្រោម​ការតាមរក និងវាយកម្ទេចយ៉ាងសាហាវ ពីសំណាក់ពួក ប៉ុល ពត។ នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ខ្ញុំព្រះករុណាខ្ញុំ ដែលកាលនោះជាមេបញ្ជាការទ័ពមួយរូប បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ជា​មួយ​មិត្តរួមឤវុធមួយចំនួន ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ។ នៅថ្ងៃ ១២ ខែ ឧសភា ឆ្នាំ ១៩៧៨ កងកម្លាំងប្រដាប់ឤវុធសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង។ នៅ ថ្ងៃ ២៥ ខែ ឧសភា ឆ្នាំ ១៩៧៨ កងទ័ព និងប្រជាជន​នៅភូមិភាគបូព៌ា បានក្រោកឈរប្រឆាំងនឹងរបប ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និង សម្តេច ជា ស៊ីម ព្រមជាមួយនឹងចលនាតស៊ូដែលមានរួចមកហើយ នៅខេត្តកោះកុង នៅភូមិភាគឦសាន និង ចលនាប្រឆាំង ប៉ុល ពត ផ្សេងៗទៀត។ ការរួបរួម នៃចលនាទាំងនេះ បានឈានដល់ការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់ តំណាងឱ្យឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់ឤវុធបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពេញទំហឹង ពីសំណាក់ប្រជាជននៅ​ទូទាំង​ប្រទេស ព្រមទាំងទទួលបានការជួយឧបត្ថម្ភដ៏ស្មោះសរ ពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀត​ណាម និងពីកម្លាំងស្នេហា​សន្តិភាព និងយុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបប​ប្រល័យ​ពូជសាសន៍ សម្រេចបានជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ជ័យជម្នះ ៧ មករា បានសង្គ្រោះទាន់ពេលវេលា ​នូវឤយុជីវិត​ប្រជាជន​កម្ពុជា​រាប់លាននាក់ ដែលនៅរង់ចាំតែសេចក្តីស្លាប់ បានធ្វើឱ្យរាល់តម្លៃ ទាំងខាងស្មារតី និងសម្ភារៈ​របស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាង ពូនជ្រំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួន ហើយបានស្រកស្រុត ស្ទើររលាយសាបសូន្យបាត់អស់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត គ្រានោះ រស់ឡើងមកវិញ បានបិទទំព័រដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា ហើយ​បើក​ឡើងនូវសករាជថ្មី គឺ  សករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង វឌ្ឍនភាពសង្គម ជូនដល់ប្រជាជាតិដ៏កំសត់នៃយើង បានផ្តល់ជូនប្រជាជនកម្ពុជា នូវ​សិទ្ធិសេរីភាពគ្រប់យ៉ាង ក្នុងការធ្វើជាម្ចាស់លើជោគ​វាសនារបស់ខ្លួនពិតប្រាកដ។ លើសពីនេះទៀតជ័យជម្នះ ៧ មករា ១៩៧៩ ក៏បាន រួមវិភាគទានដ៏​សកម្ម ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើត​ទីពីរ​របស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏​យើង​គ្មានអ្វីៗនៅថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬ ​កម្លាំង​ណា​ ឤចមកបំភ្លៃ ឬបំផ្លាញបានឡើយ។

ជាការពិត ជ័យជម្នះ ៧ មករា ១៩៧៩ សម្រេចបានមក ដោយឈរលើមូលដ្ឋាននៃការគួបផ្សំយ៉ាង ស្អិតរមួតរវាងកម្លាំងពីរ គឺកម្លាំងមហាសាមគ្គីជាតិរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការជួយឧបត្ថម្ភយ៉ាងធំធេងទាន់ពេល និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម។ បើគ្មានការគួបផ្សំនៃកម្លាំងទាំងពីរនេះទេ គឺពិត​ជា​មិន​ឤចមានជ័យជម្នះ ៧ មករា ១៩៧៩ បានឡើយ។

លើមូលដ្ឋាននេះ ក្នុងនាមប្រជាជនកម្ពុជាខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណជាអនេកប្បការ ជូនចំពោះបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាជូនចំពោះដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមដែលបានឆ្លើយតបទៅនឹងការ​អំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ​កម្ពុជា​ ក្នុងការតស៊ូរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងបានបន្តជួយទប់ស្កាត់ មិនឱ្យរបប​នេះវិល​ត្រឡប់មកវិញបាន។ គុណូបការៈដ៏ថ្លៃថ្លានេះ ត្រូវបានចារិកទុកជានិច្ច នៅក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា។

អង្គមីទ្ទីង និងបងប្អូនជនរួមជាតិ ជាទីស្នេហា !

ដោយចាប់ផ្តើមពីចំណុចសូន្យ កម្ពុជាបានធ្វើដំណើរលើកំណាត់ផ្លូវដែលពោរពេញដោយឧបសគ្គ និងការ​លំបាក​ច្រើន​រាប់មិនអស់ ទម្រាំឈានមកដល់ដំណាក់កាលបច្ចុប្បន្ននេះ។ យើងបានចេញដំណើរពីការបង្កើត ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍កម្ពុជា នៅថ្ងៃ ៨ ខែ មករា ឆ្នាំ ១៩៧៩ និងការបង្កើត សាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបន្ទាប់មកទៀតក្លាយទៅជា រដ្ឋកម្ពុជា រហូតដល់ការបង្កើត ព្រះរាជាណាចក្រកម្ពុជាទីពីរ ពីឆ្នាំ ១៩៩៣ មកទល់ពេលនេះ។ អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលត្រូវបានប្តូរឈ្មោះជា រដ្ឋកម្ពុជា នៅឆ្នាំ ១៩៨៩ បានបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយជោគជ័យ ក្នុងការការពារមាតុភូមិ ការការពារនូវការរស់ឡើងវិញរបស់ប្រជាជន ការរាំងស្កាត់នូវការប៉ុនប៉ងនាំយករបបប្រល័យពូជសាសន៍ ឱ្យវិលត្រឡប់មកវិញ ការស្តារ និងកសាងជាតិ ពីគំនរផេះផង់ ឱ្យមានស្ថិរភាពជាជំហានៗ ដែលបង្កើតបាននូវបុព្វបទចាំបាច់សម្រាប់ការ​អភិវឌ្ឍ នៅក្នុងដំណាក់កាលបន្តបន្ទាប់។

ជាមួយគ្នានេះ យើងមិនត្រូវភ្លេចទេថា រាល់សមិទ្ធផលដែលប្រជាជាតិយើងទទួលបាន គឺមិនមែនបានមកដោយគ្មានការតស៊ូ និងការ​លះបង់នោះឡើយ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងត្រូវប្រឈមមុខនឹងផលលំបាកច្រើនឥតគណនា ដែលសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានបន្សល់ទុក ក្នុងការស្តារជីវភាពសង្គមឡើងវិញ។ ព្រមជាមួយនោះពួកបាក់ទ័ព ប៉ុល ពត ដែល​ពុំ​ទាន់​ត្រូវបានកម្ចាត់ទាំងស្រុងនៅឡើយ បានប្រមូលកម្លាំងអនុវត្តឧបាយកលទន្ទ្រាន និងផ្តួលរំលំសាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា តាមវិធានការយោធា ដោយបានទទួលការគាំទ្រ និងការជួយឧបត្ថម្ភពីប្រទេសមួយចំនួន។ ឤស្រ័យហេតុនេះបណ្តាភារកិច្ចជាមូលដ្ឋានរបស់យើងនៅពេលនោះ គឺដៃម្ខាង បង្កបង្កើនផល ស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ឯដៃម្ខាង​ទៀត ​ប្រយុទ្ធទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍។ មិនតែប៉ុណ្ណោះ ប្រជាជនកម្ពុជាដ៏កំសត់ ដែលទើបរួចផុតពីសេចក្តីស្លាប់ និងកំពុងស្ថិតក្នុងភាពក្រីក្រលំបាកបំផុត នាគ្រា​នោះ ក៏ត្រូវបានបណ្តាប្រទេស ដែលគាំទ្រពួក ប៉ុល ពត ហើយដែលតែងតែអួតឤងអំពីមនុស្សធម៌ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យនោះ ធ្វើការហ៊ុមព័ទ្ធយ៉ាងអយុត្តិធម៌ ទាំងខាងនយោបាយ និងសេដ្ឋកិច្ចថែមទៀត ក្នុងពេល​ដែល​ប្រជាជនកម្ពុជា កំពុងត្រូវការបំផុត នូវការជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ ដើម្បីស្តារសេដ្ឋកិច្ច រចនាសម្ព័ន្ធសង្គម និងជីវភាព​រស់នៅរបស់ខ្លួន។ ក៏ប៉ុន្តែទោះបីជាមានឧបសគ្គ និងការលំបាកធំប៉ុណ្ណាក្តី យើងនៅតែឤចពុះពារជម្នះបានដោយជោគជ័យ ធ្វើឱ្យប្រទេសជាតិ ទទួលបាននូវការផ្លាស់ប្តូរជាជំហានៗ និងសម្រេចបានសមិទ្ធផលធំធេង ជាបន្តបន្ទាប់ លើគ្រប់វិស័យដូចខ្ញុំបានគូសបញ្ជាក់ពីខាងលើ។ ច្បាស់ណាស់ថា សមិទ្ធផលទាំងនេះ សម្រេចបានមកឤស្រ័យ ដោយ​មានការដឹកនាំ​ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជនយើងនៅទូទាំងប្រទេស ព្រមទាំង​ការជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តមួយចំនួន។

បន្ទាប់ពីរយៈពេលមួយទសវត្សនៃការស្តារសង្គម-សេដ្ឋកិច្ច និងការការពារការរស់ឡើងវិញរបស់ជាតិកម្ពុជាបានឆ្លងដំណាក់កាលដ៏លំបាកបំផុត ហើយឈានមក​ដល់ដំណាក់​កាលពង្រឹង និងពង្រីកខ្លួន ដែលបានបង្កនូវបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋាន សម្រាប់ដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃ ២៣ ខែ តុលា ឆ្នាំ ១៩៩១។ គប្បី​រំឭកថា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពនេះព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ដែលជាតួអង្គគន្លឹះនៅក្នុងកិច្ចដំ​ណើរការនេះបានពុះពារ ធ្វើការរួមគ្នាយ៉ាងស្វិតស្វាញ​បំផុត ​ក្នុង​ស្មារតី​ឯកភាពជាតិខ្ពស់ ជាមួយនឹងការជួយជ្រោម ជ្រែងពីសហគមន៍អន្តរជាតិ។

ក្រោយការបោះឆ្នោតជាតិ នីតិកាលទី ១ នាឆ្នាំ ១៩៩៣ ដែលត្រូវបានរៀបចំ និងត្រួតពិនិត្យដោយ អ៊ុនតាក់ រដ្ឋ​ធម្មនុញ្ញថ្មី ត្រូវបានបង្កើតឡើងដែលជាសមិទ្ធផលដ៏ថ្លៃថ្លាបំផុតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាលទ្ធផល កម្ពុជាបានសម្រេចប្រកាន់យកនូវរបប​រាជា​និយម​ឤស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស។ ប៉ុន្តែ ប្រទេសជាតិពុំទាន់​ទទួលបាននូវ​​សន្តិភាព​​ពេញលេញនៅឡើយ គឺនៅតែមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ ឤស្រ័យដោយពួកឧទ្ទាមខ្មែរ​ក្រហម ដែល​បានដកខ្លួនចេញពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅបន្តធ្វើសង្គ្រាមប្រឆាំងរាជរដ្ឋាភិបាល។ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ខ្ញុំព្រះករុណាខ្ញុំ បានផ្តួចផ្តើមដាក់ចេញនូវ «នយោបាយឈ្នះឈ្នះ» ដែលជាជំហានបញ្ចប់​នៃដំណើរ​ការ​ស្វែង​​រក​សន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា។ ការ​អនុវត្តដោយជោគជ័យនូវ «នយោបាយឈ្នះឈ្នះ» នេះ បាន​បញ្ចប់ជាស្ថាពរនូវ​សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាព​ទឹក​ដី​ទាំងស្រុង នៅចុងឆ្នាំ ១៩៩៨។ ដូចខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានគូសបញ្ជាក់ នេះគឺជាសន្តិភាព ដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើឤវុធ ឬ គ្រាប់រំសេវ សូម្បីតែមួយគ្រាប់ និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីខាងក្រៅ។ ជាការពិតស្ថានភាពដូច្នេះ​ពុំធ្លាប់កើត​មាន​ឡើយ ក្នុងរយៈពេលជាង ៥០០ ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា ដែលប្រជាជាតិយើងទាំងមូលស្រុះស្រួលគ្នារស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលតែមួយ ដោយគ្មានការបែងចែកកងកម្លាំងប្រដាប់ឤវុធ និងតំបន់ត្រួតត្រាផ្សេងៗគ្នា ហើយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រួមរស់ជាមួយគ្នា ក្នុងសុខសន្តិភាព និងស្ថិរភាព យ៉ាងសុខដុមរមនា ក្រោមម្លប់នៃព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រតែមួយអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយបានបង្កើតឱកាសមាសដែលពុំធ្លាប់មាន​ដល់កម្ពុជា ក្នុងការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យសម្រេចបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ ក្នុងរយៈពេលជាង ២ ទសវត្សចុង​ក្រោយ​នេះ។ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុត លំដាប់ទី ៦ លើ​ពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង ៧% ក្នុង ១ ឆ្នាំ តាមរយៈ​ការរីកចម្រើនក្នុងកម្រិតដ៏ខ្ពស់ ជាប់មិនដាច់ នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្មទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ជាលទ្ធផល សេដ្ឋកិច្ចជាតិបានរីកធំធាត់យ៉ាងឆាប់រហ័ស។ ជាក់ស្តែងផលិតផលក្នុងស្រុកសរុប បានកើនពីប្រមាណ ៣ ៦៤៩ លាន ដុល្លារ នៅឆ្នាំ ២០០០ ដល់ប្រមាណ ២៤ ៦០៥ លានដុល្លារ នៅឆ្នាំ ២០១៨។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ក៏កំពុងផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជា​ប្រទេស​ដែលពឹងផ្អែកជាសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្មវិញ។ ផ្លូវ ស្ពាន បណ្តាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន ត្រូវបានស្ថាបនាច្រើនស្អេកស្កះពាសពេញផ្ទៃប្រទេស។ រោងចក្រ សហគ្រាស កសិដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អគារខ្ពស់ៗ ៘ ត្រូវបានកសាង និងពង្រីកកាន់តែច្រើន ​ដែល​បាន​ផ្តល់​ការងារ​ជូន​ប្រជាជនរាប់លាននាក់ នៅគ្រប់ទិសទី។ កម្ពុជា ក៏ត្រូវបានមជ្ឈដ្ឋានវិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិនានា វាយតម្លៃថា ជាប្រទេសដែលមានបរិយាកាសល្អសម្រាប់ការវិនិយោគ និងធុរកិច្ច។ សម្រាប់​រយៈ​ពេល​ខ្លី និងមធ្យមខាងមុខ កម្ពុជារំពឹងថា នៅតែឤចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ និងធានាបាននូវ​ស្ថិរភាព​​ម៉ាក្រូ​សេដ្ឋកិច្ចរឹងមាំបន្តទៀត។ លើមូលដ្ឋាននៃសមិទ្ធកម្មវិស័យសេដ្ឋកិច្ចនេះ ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋទូទៅ​ ក៏ទទួលបាននូវការកែលម្អកាន់តែប្រសើរឡើងជាលំដាប់ ដែលប្រការនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលមធ្យមសម្រាប់មនុស្សម្នាក់ ពីប្រមាណ ២៨៨ ដុល្លារ នៅឆ្នាំ ២០០០ ដល់ ១ ៥៦៣ ដុល្លារ នៅឆ្នាំ ២០១៨។ អត្រានៃភាព​ក្រីក្រ​ ក៏បាន​ធ្លាក់​ចុះពីប្រមាណ ៥៣,២% នៅឆ្នាំ ២០០៤ មកនៅត្រឹមប្រមាណ ១៣,៥% នៅឆ្នាំ ២០១៤ និង ត្រូវបានរំពឹងថា បន្តថយចុះមកនៅក្នុងរង្វង់ ១០% នាបច្ចុប្បុន្ន។

សរុបមក ក្នុងរយៈពេល ៤០ ឆ្នាំ ផ្តើមពីជ័យជម្នះ ៧ មករា ១៩៧៩ កម្ពុជាសម្រេចបាននូវការក្រែប្រែមុខមាត់ ដែលគ្មានអ្នកណាឤចនឹក​ស្មាន​ដល់។ កម្ពុជា ដែលពីមុនត្រូវបានញាំញី និងបំផ្លិចបំផ្លាញ ដោយសង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ជាតិ និងបែងចែកទឹកដី ​អសន្តិសុខ​គ្រប់ទីកន្លែង ឥឡូវបានក្លាយជាប្រទេសដែលមានសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាព​ទឹកដីទាំងស្រុង មានសន្តិសុខរឹងមាំ និងក្លាយជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញមួយនៅក្នុងតំបន់ និងពិភពលោក ហើយមានប្រជាជនរស់នៅក្នុងសុខសន្តិភាព យ៉ាងសុខដុមរមនា ទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិទាំងមូល។ កម្ពុជា ដែលពីមុន ជាវាលពិឃាដ គ្របដណ្តប់ដោយអំណាចផ្តាច់ការ និងឧក្រិដ្ឋកម្មគួរឱ្យរន្ធត់បំផុត នៃរបប​ប្រល័យ​ពូជសាសន៍ ឥឡូវបានក្លាយជាទឹកដីនៃសេរីភាព ដែលមានការគោរព​យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃ​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស តាមរយៈការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជារដ្ឋ ដែលគោរព​គោលការណ៍ច្បាប់ដោយឥតងាករេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិស្មើភាពគ្នានៅចំពោះមុខច្បាប់។ កម្ពុជាដែលពីមុន ត្រូវបានគេ​ប្រមាថ​មើលងាយ ត្រូវបានគេហ៊ុមព័ទ្ធ និងឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវ គឺជារដ្ឋឯករាជ្យមួយ ដែលមាន​អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្ម នៃតំបន់ និងពិភពលោក ព្រមទាំងកំពុងបំពេញតួនាទីយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការតំបន់ និងអន្តរជាតិ។ កម្ពុជា ដែលពីមុន ជាប្រទេសធ្លាប់ទទួលនូវកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឥឡូវ បានក្លាយជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ នៅប្រទេសជាច្រើនលើពិភពលោក។ កម្ពុជាដែលពីមុន ជាប្រទេស​អន់ថយបំផុតខាងផ្នែកសេដ្ឋកិច្ច គ្របដណ្តប់​ដោយ​ភាពក្រីក្រ និងមានកង្វះខាតស្បៀងឤហារយ៉ាងធ្ងន់ធ្ងរ ឥឡូវ បានក្លាយជាប្រទេសមួយនាំស្រូវ-អង្ករចេញ ធានាបានយ៉ាងគត់មត់នូវសន្តិសុខ​ស្បៀង ហើយស្ថិតនៅក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនជាងគេលើពិភពលោក សម្រេចបាន​វឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសូចនាករផ្នែកសង្គមកិច្ច និងលើសីពីនេះទៀត បាន ឆ្លងកាត់ដោយ​ជោគជ័យ ពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលធម្យមកម្រិតទាប ព្រម ទាំងកំពុងប្រឹងប្រែង​ដើម្បី​ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

អង្គមីទ្ទីង និងបងប្អូនជនរួមជាតិ ជាទីស្នេហា !

ជាមួយនឹងការធានារក្សាបានយ៉ាងគត់មត់ នូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម កម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពអនុគ្រោះដ៏ល្អប្រសីរ ដែលបង្កលក្ខណៈសម្បត្តិឱ្យប្រជាជនយើង ព្រួតកម្លាំងគ្នា ប្រឹងប្រែងឈានទៅសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀត ក្នុងដំណើរការកសាងជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ដែល​បាន​ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ក្នុងបរិយាកាសប្រកប​ដោយសន្តិភាព និងគ្មានអំពើ​ហិង្សា ដោយមានប្រជាពលរដ្ឋចំនួន ៨៣,០២% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោត បានទៅបោះឆ្នោត បានបង្ហាញយ៉ាង​ច្បាស់ថា ប្រជាជនកម្ពុជាបានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិរបស់ខ្លួន ដូចមានចែងក្នុង​រដ្ឋធម្មនុញ្ញ ប្រកប​​ដោយមនសិការ និងការទទួលខុសត្រូវ ដើម្បីជ្រើសរើសអ្នកតំណាងរបស់ខ្លួន ឱ្យដឹកនាំប្រទេស ៥ ឆ្នាំទៅមុខទៀត តាមគោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ។ ប្រការនេះ ក៏បានបញ្ជាក់​យ៉ាងច្បាស់ផងដែរថា ប្រជាជន​កម្ពុជា​កំពុង​ក្តាប់ក្នុងដៃ នូវជោគវាសនាជាតិ មាន​ភាពជឿជាក់ក្នុងការអនុវត្តភាពធ្វើជាម្ចាស់ប្រទេស ដោយបដិសេធដាច់អហង្កការ នូវសកម្មភាពរបស់ក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយម និង​​មជ្ឈដ្ឋានបរទេសនៅពីក្រោយខ្នងរបស់ពួកនេះ ដែលនៅតែបន្តរកវិធីរាំងខ្ទប់ការអភិវឌ្ឍនៅកម្ពុជា និងរុញច្រានកម្ពុជា​ឱ្យ​ឃ្លាតចេញពី​មាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមរយៈ មធ្យោបាយបដិវត្តពណ៌។ លើសពីនេះទៀត លទ្ធផលនៃការបោះឆ្នោត ក៏បានឆ្លុះបញ្ចាំង​​​នូវទឹកចិត្តគាំទ្រយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ លើភាពចាំបាច់ក្នុងការបន្តថែរក្សារាល់សមិទ្ធផល នៃសង្គមជាតិ និងការបន្ត​ភារកិច្ចដឹកនាំកសាងកម្ពុជា លើមាគ៌ាសន្តិភាព ការអភិវឌ្ឍ និងការកែទម្រង់រដ្ឋ គ្រប់វិស័យ ទៅមុខទៀត។

ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ និងការជឿទុកចិត្តរបស់ប្រជាជន ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃ​រដ្ឋសភា ខ្ញុំព្រះករុណាខ្ញុំ សូមប្តេជ្ញាជាឧឡារិកជាថ្មីម្តងទៀតថា នឹងពុះពារប្រឹងប្រែងអនុវត្តឱ្យបានសម្រេចជោគជ័យ​ នូវ កម្មវិធី​នយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ដែលគណបក្សបានសន្យាចំពោះជនរួមជាតិនៅមុនការបោះឆ្នោត ហើយដែលបច្ចុប្បន្ន បានក្លាយទៅជា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា។ ក្នុងស្មារតីនេះ ខ្ញុំព្រះករុណាខ្ញុំ សូមគូសបញ្ជាក់ជាថ្មី នូវ​ការប្តេជ្ញា​​ចំពោះមុខរដ្ឋសភា កាលពីថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅ ក្នុងការប្រឹងប្រែងសម្រេចឱ្យបាន នូវការ​ធានា​ធំៗ​ទាំង ​៤ យ៉ាង ជូនដល់ប្រជាជន គឺ៖

ទី ១ ការធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅដោយ​សុខ​ក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យ និងបូរណ​ភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។

ទី ២ ការធានាបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងគ្រប់វិស័យ ដោយផ្តោតឤទិភាពទៅលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រម​ទាំង​បង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចដែលមាន​ស្ថិរភាព​រឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ការបន្តផ្តោត​ឤទិភាព​ខ្ពស់ ទៅ​លើការវិនិយោគលើមូលធនមនុស្ស និងការបង្កើនការវិនិយោគ ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

ទី ៣ ការ​ធានា​ជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជន នូវការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើការជួយកសិករក្នុងការ​ពង្រីក​ផលិតកម្ម និងការរកទីផ្សារលក់កសិផល ការបន្តដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ព្រមទាំង​ការកែ​លម្អ​លក្ខខណ្ឌការងារ និងការការពារឤជីពជូនកម្មករ និយោជិត ការបន្តបង្កើនប្រាក់បៀវត្ស និងប្រាក់សោធនិវត្ត ជូន​មន្ត្រីសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន ការពង្រីកបណ្តាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី និងទឹកស្អាត ៘

ទី ៤ ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូច​ទៅ​អនាគត តាមរយៈការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព សម្រាប់ប្រជាជនគ្រប់រូប ពិសេស សម្រាប់អ្នកក្រីក្រ និងក្រុមជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះ ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។

អង្គមីទី្ទង និងបងប្អូនជនរួមជាតិជាទីស្នេហា !

ស្មារតី ៧ មករា ស្ថិតនៅជានិច្ចក្នុងដួងចិត្តរបស់យើង។ ស្មារតី ៧ មករា គឺជាកម្លាំងយ៉ាងធំធេង ដែលធ្វើឱ្យយើងយកឈ្នះបានលើគ្រប់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាង ក្នុងការកសាង និងការការពារមាតុភូមិ​។ ស្មារតី ៧ មករា គឺ  សាមគ្គីភាព  វីរភាព  និងជ័យជម្នះ ។ បច្ចុប្បន្ន យើងកំពុងឈរយ៉ាងរឹងមាំ ក្នុងភាពជាម្ចាស់លើប្រទេសជាតិ និងជោគវាសនារបស់ខ្លួន ហើយក៏កំពុងឈានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយភាពជឿជាក់។ ក៏ប៉ុន្តែ ប្រការនេះ ពុំមែនមានន័យថា ស្នាមរបួស និងការឈឺចាប់ពីអតីតកាល បានជាសះអស់ទាំងស្រុងហើយដំណើរទៅមុខរបស់យើង នឹងមានភាពរលូន ដោយគ្មានបញ្ហាប្រឈម និងហានិភ័យនោះទេ។ ច្បាស់ណាស់ថា នៅក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅមុខ ឆ្ពោះទៅរកត្រើយ នៃវិបុលភាពកាន់តែចម្រើនរុងរឿង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ យើងនឹងត្រូវបន្តពុះពារជំនះនូវ បញ្ហាប្រឈម និងការលំបាកស្មុគស្មាញ ជាច្រើនថែមទៀត។ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន ខ្ញុំដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្ញុំចំពោះប្រជាជាតិយើងទាំងមូល។ ខ្ញុំសូមសម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រខ្ញុំ និងផ្តល់ឱកាសឱ្យខ្ញុំបានបន្តបម្រើជាតិ និងមាតុភូមិ។ ការគាំទ្រនេះ ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវជំនឿ និងសេចក្តីសង្ឃឹមដ៏មុតមាំរបស់ជាតិយើងទាំងមូល ចំពោះចីរភាព និងភាពរឹងមាំនៃសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ក៏ដូចជាចំពោះការបន្តដំណើរការកែទម្រង់រដ្ឋស៊ីជម្រៅក្នុងគ្រប់វិស័យ ដោយផ្អែកលើសាមគ្គីភាពគតិបណ្ឌិត ទេពកោសល្យ ភាពអង់ឤចក្លាហាន និងសេចក្តីព្យាយាម ដើម្បីជំរុញទៅមុខថែមទៀត នូវការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងសង្គមជាតិ ឆ្ពោះទៅរកភាពកាន់តែចម្រើនរុងរឿង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ឱ្យកាន់តែប្រសើរឡើងឥតឈប់។

ក្នុងស្មារតីនេះ ខ្ញុំព្រះករុណាខ្ញុំ សូមជម្រាបជូនជនរួមជាតិថា លើមូលដ្ឋាននៃ កម្មវិធីនយោបាយ ដែលទទួលបាននូវការគាំទ្រដ៏កុះករពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស នៅក្នុងការបោះឆ្នោតនាខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវរបៀបវារៈអភិវឌ្ឍន៍ជាតិ ដ៏ស៊ីជម្រៅ និងទូលំទូលាយ​ តាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដែលខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញដោយផ្ទាល់ដោយមិនទុកឱ្យស្ថានភាពឤក្រក់ណាមួយ មកបង្កជាឧបសគ្គរារាំងដល់ការសម្រេចនូវក្តីប្រាថ្នារបស់យើងនោះឡើយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបើកទូលាយនូវកិច្ចសន្ទនាដ៏ស្មោះសរជាមួយបណ្តាគណបក្សនយោ​បាយ សង្គមស៊ីវិល និងរាល់មជ្ឈដ្ឋានជឿនលឿនទាំងអស់ សំដៅប្រមែប្រមូលគំនិតបញ្ញា និងធនធានមនុស្ស ពីគ្រប់ប្រភពដោយគ្មានការបែងចែករើសអើង ដើម្បីបង្កើនកម្លាំងសរុប នៅក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ។ ភាពកក់ក្តៅសុខដុមរមនា និងការរីកចម្រើន នៃសង្គមជាតិ កើតចេញពីទឹកចិត្តយោគយល់ និងការចេះអធ្យាស្រ័យអត់ឱនឱ្យគ្នាទៅវិញទៅមករវាងគ្រប់និន្នាការ ពីការចេះធ្វើការងារ និងការហ៊ានទទួលយកការរិះគន់ដើម្បីស្ថាបនា និងពីការគោរពប្រតិបត្តិច្បាប់ទាំងអស់គ្នា។ ប៉ុន្តែមានប្រវត្តិសាស្ត្រមួយដែលយើងមិនឤចឱ្យកើតមានសាដានឡើងវិញបានទេ នោះគឺការបែកបាក់ជាតិមានប្រភពពីមហិច្ឆតារបស់អ្នកនយោបាយ ដែលយកប្រជាជនធ្វើជាឧបករណ៍ ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់របស់ខ្លួន ដោយពុំគិតដល់ជោគវាសនារបស់ជាតិ។

ខ្ញុំមានជំនឿថា សង្គមកម្ពុជាមួយ ដែលមានលក្ខណៈសេរី បើកចំហ និងគោរពតម្លៃមនុស្ស នឹងផ្តល់ថាម​ពល​គ្មានកំណត់ ដល់ការអភិវឌ្ឍសមត្ថភាព និងការច្នៃប្រឌិតបង្កើតថ្មីរបស់បុគ្គលម្នាក់ៗ ក្នុងការចូលរួមស្ថាបនាជាតិ ជាពិសេសសម្រាប់ស្រទាប់យុវវ័យដ៏ច្រើនកុះករ ដែលបានទទួលការបណ្តុះបណ្តាលនៅគ្រប់កម្រិត ព្រមទាំងបានទទួលនូវមរតក ស្នាដៃ ចំណេះដឹង គំនិតបញ្ញា រួមជាមួយនឹងបទពិសោធន៍ពីអ្នកជំនាន់មុន នឹងដែលកំពុងបង្ហាញនូវភាពស្វាហាប់ក្នុងការបំពេញការងារគ្រប់ផ្នែក នៅទូទាំងប្រទេស ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ជាមួយនឹងការខិតខំពុះពារប្រឹងប្រែងឥតសំចៃកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី យើងពិតជានឹងសម្រេចបាននូវគោលដៅដ៏ឧត្តុង្គឧត្តម គឺការកសាងកម្ពុជាឱ្យកាន់តែរីកចម្រើន ក្លាយទៅជាប្រទេសជឿនលឿនមួយ និងជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មី នូវសង្គ្រាម, អំពើប្រល័យពូជសាសន៍, និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពេលមុនទៀត។ ក្នុងស្មារតីនេះ យើងប្តេជ្ញាដាច់ខាត ថែរក្សាឱ្យបានគង់វង្ស និងរឹងមាំ នូវសុខសន្តិភាព និងរាល់សមិទ្ធផលនៃការអភិវឌ្ឍដែលសម្រេចបានមកដោយលំបាក់លំបិន ជាមួយនឹងពលីកម្មដ៏ធំធេង មិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ។

មានសន្តិភាព ទើបមានការអភិវឌ្ឍ ! មានការអភិវឌ្ឍខ្លាំងក្លា ទើបធានាបានសន្តិភាព ស្ថិតស្ថេរចីរកាល !

ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ ដែលបានគាំទ្រ និងផ្តល់ជំនួយឧបត្ថម្ភសព្វបែបយ៉ាងដល់កម្ពុជា តាំងពីគ្រាលំបាកបំផុត រហូតមកដល់បច្ចុប្បន្ន។ ប្រាកដណាស់ រាល់សមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេល ៤០ ឆ្នាំមកនេះ គឺមិនឤចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏សប្បុរស ពីសំណាក់បណ្តាមិត្តភក្តិ និងដៃគូអន្តរជាតិបានឡើយ។ ជាមួយនឹងការដឹងគុណនេះ កម្ពុជាប្តេជ្ញាបន្តផ្តល់សារៈសំខាន់ខ្ពស់ ដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេស និងសហគមន៍អន្តរជាតិ ក៏ដូចជាដល់ការជំរុញសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងពិភពលោកដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាផ្ទាល់ផង និងដើម្បីបង្កើនការចូលរួមដ៏សកម្មរបស់កម្ពុជា នៅក្នុងបុព្វហេតុសន្តិភាព, សន្តិសុខ ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព នៃតំបន់ និងពិភពលោកផង។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលសង្ឃឹមថា ដៃគូបរទេសមួយចំនួនដែលឤចមានបុរេនិច្ឆ័យមិនត្រឹមត្រូវចំញេះកម្ពុជា នឹងស្វែងយល់ឱ្យបានច្បាស់អំពីសភាពការណ៍នៅកម្ពុជា ក៏ដូចជាអំពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ហើយចូលរួមប្រកបដោយភាពស្ថាបនា និងសុឆន្ទៈពិត​ៗ ដល់ការពង្រឹងសន្តិភាព និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជា។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ និងសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិទាំងអស់ នៅគ្រប់ទិសទី សូមបានប្រកបតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ប្រការ ជារៀងដរាប៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...