ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជទាំង ២ គណៈ សម្តេចព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ។
សម្តេចព្រះរាម សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។
សូមគោរពបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីស្រឡាញ់!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជនរួមជាតិ នៅក្នុងពិធីជួបជុំរំលឹកខួបអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះផង ការសម្ពោធដាក់អោយប្រើប្រាស់វិមានឈ្នះឈ្នះផង និងសម្ពោធដាក់អោយប្រើប្រាស់នូវមហាវិថីឈ្នះឈ្នះ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦A ទៅដល់ផ្លូវជាតិលេខ ៤។ អម្បាញ់មិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើរបាយការណ៍រួចហើយទាក់ទងជាមួយនឹងការសាងសង់នូវវិមាននេះ។ ថ្ងៃនេះអ្វីដែលជាចំណុចសំខាន់ ដែលខ្ញុំព្រះករុណាខ្ញុំចង់លើកឡើងនៅទីនេះ ពាក់ព័ន្ធជាមួយនឹងដំណើរជាតិដ៏វែងឆ្ងាយរបស់យើង ដែលយើងគួរតែត្រូវបញ្ជាក់ នៅក្នុងពេលវេលាមួយសមស្រប គឺរយៈពេល ២០ ឆ្នាំ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលនាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់យើង។
ដំបូងនេះ ខ្ញុំសូមស្វាគមន៍ចំពោះការចូលរួមទាំងអស់របស់សម្តេច ព្រះតេជគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិក្នុងនោះ ក៏សូមស្វាគមន៍ចំពោះប្រិយមិត្តបរទេស ដែលមានគណៈប្រតិភូមកពីយោធាជាន់ខ្ពស់មកពីសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រិយមិត្តបរទេស ដែលបានមកចូលរួមអបអរសាទរនៅទីនេះ។ ខ្ញុំពិតជាមានការរីករាយជាមួយនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ហើយខ្ញុំសូមយកឱកាសនេះដើម្បីកោតសរសើរដល់ក្រុមការងារ ដឹកនាំដោយ សម្តេច ទៀ បាញ់ ដែលបានខិតខំកសាងនូវវិមាននេះឡើង។ មិនគ្រាន់តែជាការកសាងវិមាននេះទេ អ្វីដែលសំខាន់គឺការប្រមូលចងក្រងឯកសារទាំងឡាយ ដែលពាក់ព័ន្ធទៅនឹងដំណើរជាតិដ៏វែងឆ្ងាយរបស់យើង ពិសេសទាក់ទងទៅនឹងការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណផងដែរ ដែលនៅក្នុងវិមានឈ្នះឈ្នះនេះ បានរៀបរាប់មួយផ្នែកទាក់ទងនឹងដំណើរជំហានដំបូងនៃការយកជីវិតធ្វើដើមទុនរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ឧទ្ទិសការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ជូនដល់ប្រជាជនកម្ពុជាគ្រប់និន្នាការនយោបាយ
ខ្ញុំក៏សូមយកឱកាសនេះឧទ្ទិសនូវជោគជ័យនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់និន្នាការនយោបាយ ដែលបានទទួលផលអំពីនយោបាយឈ្នះឈ្នះនេះ។ នយោបាយឈ្នះឈ្នះ សន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ វាជារបស់រួមរបស់ជាតិកម្ពុជា បើទោះបីជាអ្នកនោះមាននិន្នាការណាក៏ដោយ ហើយពួកគេមិនទទួលស្គាល់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេបានទទួលផលរួចស្រេចទៅហើយអំពីនយោបាយឈ្នះឈ្នះនេះ។ ដូច្នេះក្នុងន័យនេះ ខ្ញុំសូមឧទ្ទិសនូវសមិទ្ធផលនៃ នយោបាយឈ្នះឈ្នះនេះ ជូនចំពោះជនរួមជាតិនៅគ្រប់ទៅកន្លែងគ្រប់ទិសទី ហើយសូមអោយសមិទ្ធផលនៃនយោបាយឈ្នះឈ្នះនេះ បន្តនៅគង់វង្សស្ថិតស្ថេរជាអមតៈ នៅលើទឹកដីដ៏កំសត់របស់យើងតទៅទៀត។ ខ្ញុំក៏សូមយកឱកាសនេះសំដែងនូវអំណរអរព្រះគុណចំពោះ សម្តេចឪ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចម៉ែ ដែលស្តេចព្រះអង្គទាំងទ្វេតែងតែប្រទាននូវការគាំទ្រចំពោះដំណើរការបង្រួបបង្រួម និងផ្សះផ្សាជាតិ។
កម្លាំងយោធា មិនតុល្យភាព, កម្រិតនយោបាយ នៅចាញ់ប្រៀប
អនុញ្ញាតអោយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ធ្វើការរំលឹកបន្តិច ពាក់ព័ន្ធនឹងតួនាទីជាប្រវត្តិសាស្ត្ររបស់ សម្តេច ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ប្រសិនបើព្រះអង្គមិនផ្តល់នូវការគាំទ្រនេះទេ យើងពិតជាមិនអាចនឹងសម្រេចនូវការអនុវត្តនូវនយោបាយឈ្នះឈ្នះនេះបានទេ។ ព្រះមហាក្សត្រគឺជាព្រះប្រមុខរដ្ឋ ដូច្នេះចំណុចសំខាន់ដែលយើងចាប់ផ្តើម គឺជាបញ្ហាដែលទាក់ទងជាមួយនឹងតុល្យភាពកម្លាំង។ នោះនៅត្រង់ថា បើប្រៀបធៀបកម្លាំងយោធា នៅពេលដែលមានការផ្តាច់ខ្លួននៅប៉ៃលិន និងនៅម៉ាឡៃ យើងមានត្រឹមតែ ២ កងពលតែប៉ុណ្ណោះ ហើយដែល ២ កងពលនេះ នៅឃ្លាតឆ្ងាយពីគ្នារហូតទៅដល់ជាង ១០០គីឡូម៉ែត្រ ឯណោះ។ នៅក្នុងចន្លោះកណ្តាលនៃកងពលទាំង ២ មានរណសិរ្ស ២៥០ ដែលមានច្រើនកងពល និងនៅខាងឆ្វេងដៃមាននៅទិសសំឡូត ដែលមានច្រើនកងពល។ ដូច្នេះទោះបីជាប្រឹងប្រែងរៀបចំនូវការត្រៀមបម្រុង ដើម្បីជួយស្រោចស្រង់សភាពការណ៍តាមរយៈអន្តរាគមន៍កងពលលេខ ៤ របស់រដ្ឋកម្ពុជា របស់រាជរដ្ឋាភិបាលនៅពេលនោះ លេខ ៦ នៅបវេល ដើម្បីជួយសង្គ្រោះនូវទិសម៉ាឡៃ និងអន្តរាគមន៍នៃកងពលធំលេខ ៤ ដើម្បីអន្តរាគមន៍ឡើងជួយទៅប៉ៃលិនក៏ដោយចុះ ក៏ប៉ុន្តែយើងពិតជាពិបាកស្រោចស្រង់ជាមួយនឹងសភាពការណ៍នេះខ្លាំងណាស់។ កម្រិតនៃកម្លាំងយោធាគឺជាបិទតុល្យភាពខ្លាំងណាស់ទៅហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងទៀតមេដឹកនាំនៃចលនាបះបោរ មានត្រឹមតែកម្រិតប្រធានកងពលតែប៉ុណ្ណោះ គឺ ឯកឧត្តម អ៊ី ឈាន និងឯកឧត្តម សុខ ភាព។ ប៉ុន្តែនៅភាគីម្ខាងទៀត ដែលមិនទាន់បះបោរ គឺនៅមានប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រី ខៀវ សំផន នៅមាន ប៉ុល ពត នៅមាន នួន ជា នៅមាន សុន សេន។ បើនិយាយពីកម្រិតនយោបាយហាក់ដូចជានៅចាញ់ប្រៀបខ្លាំងណាស់។
ស្នើសុំអោយព្រះករុណាព្រះបិតា ព្រះអង្គមេត្តាលើកលែងទោសអោយ លោក អៀង សារី
កម្លាំងបះបោរងាយនឹងត្រូវទទួលការកម្ទេចតែម្តង។ ដូច្នេះវិធីដែលល្អជាងគេ យើងត្រូវរកអោយឃើញនូវការចាកចេញរបស់ លោក អៀង សារី។ ពេលនោះវិទ្យុ ប៉ុល ពត បានជេរ លោក អៀង សារី យ៉ាងខ្លាំង។ ខ្ញុំក៏បានស្នើសុំអោយ ឯកឧត្តម ទៀ បាញ់ ឯកឧត្តម ទៀ ចំរើន ទៅរក លោក អៀង សារី នៅពេលនោះ។ ប៉ុន្តែ លោក អៀង សារី ត្រូវទទួលនូវការកាត់ទោសដោយតុលាការប្រជាជនកម្ពុជា នៅឆ្នាំ ១៩៧៩។ ដូច្នេះត្រូវធ្វើនីតិសម្បទាឡើងវិញ ដើម្បីអោយ លោក អៀង សារី មានលទ្ធភាពមកធ្វើជាឆ័ត្រនយោបាយអោយកម្លាំងផ្តាច់ខ្លួនរបស់យើង។ ខ្ញុំបានចូលទៅព្រះបរមរាជវាំង ដើម្បីស្នើសុំអោយព្រះករុណាព្រះបិតា ព្រះអង្គមេត្តាលើកលែងទោសអោយ លោក អៀង សារី។ ព្រះករុណាជាអង្គម្ចាស់ បានមានព្រះឱង្ការឆ្លើយតបថា ប្រសិនបើមានការគាំទ្រពីសភា ២ ភាគ ៣ ខ្ញុំនឹងឡាយព្រះហស្ថលេខាដើម្បីលើកលែងទោសអោយ លោក អៀង សារី។ ពេលនោះខ្ញុំត្រូវធ្វើការជាមួយនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីប្រមូលសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច អោយបានគ្រប់ ២ ភាគ ៣ លើសពី ២ ភាគ ៣ ដើម្បីទទួលបាននូវការព្រះរាជទានទោស លើកលែងទោសអោយ លោក អៀង សារី។ យើងយក លោក អៀង សារី មកធ្វើជាឆ័ត្រនយោបាយ ដើម្បីដោះស្រាយបញ្ហារវាងកម្លាំងផ្តាច់ខ្លួន ជាមួយនឹងកម្លាំងដែលនៅរឹងរូស។ នេះហើយជាចំណុចលេចធ្លោ ប្រសិនបើមិនមានការលើកលែងទោសអោយ លោក អៀង សារី ទេ លោក អៀង សារី ពិតជានឹងមិនបំពេញនូវបេសកកម្មនេះទេ។ ទូលព្រះបង្គំសូមអរព្រះគុណចំពោះព្រះរាជកាយវិការគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងដំណើរការរួបរួម និងផ្សះផ្សាជាតិនេះ។
សម្តេចព្រះបាទព្រះបរមនាថ នរោត្តមសីហមុនី, គណបក្សប្រជាជនកម្ពុជា, ភាគីពាក់ព័ន្ធ, ប្រតិបត្តិករ
ទូលព្រះបង្គំក៏សូមយកឱកាសថ្លែងថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ សម្តេច ព្រះបាទព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលព្រះអង្គបានគាំទ្រចំពោះ រាជរដ្ឋាភិបាលក្នុងដំណើរការទូទៅបន្តពីព្រះរាជកិច្ចរបស់បិតារបស់ព្រះអង្គ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានគាំទ្រ និងចូលរួមអនុវត្តនូវ នយោបាយឈ្នះឈ្នះនេះ។ ខ្ញុំអាចបញ្ជាក់នៅទីនេះថា បើទោះបីនេះវាជាគំនិតផ្តើមផ្ទាល់របស់ខ្ញុំព្រះករុណាខ្ញុំ ហើយខ្ញុំព្រះករុណាខ្ញុំក៏ត្រូវដឹកនាំផ្ទាល់ទៅលើការអនុវត្តនូវនយោបាយឈ្នះឈ្នះនេះ ក៏ប៉ុន្តែបើគ្មានការគាំទ្រពី សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន ពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាដ៏ច្រើនកុះកររបស់គណបក្សប្រជាជនទេនោះ គឺពិតជាមិនអាចសម្រចនូវជោគជ័យនេះបានឡើយ។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការអរគុណ ជាមួយថ្នាក់ដឹកនាំគណបក្ស សមាជិក សមាជិកា នៃគណបក្សប្រជាជន ដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវនយោបាយឈ្នះឈ្នះ។ ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងក្របខណ្ឌដៃគូនៃរដ្ឋាភិបាលចម្រុះ បើទោះបីជាមានបញ្ហាខ្លះក៏ដោយ ក៏ប៉ុន្តែយើងក៏បានធ្វើកិច្ចការរួមគ្នាដើម្បីនាំមកនូវជោគជ័យនៃនយោបាយឈ្នះឈ្នះ។
ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះអតីតកម្លាំងខ្មែរក្រហម ដែលគាំទ្រនូវនយោបាយឈ្នះឈ្នះរបស់ខ្ញុំ។ អរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានគាំទ្រនូវនយោបាយ និងអនុវត្តនូវនយោបាយនេះ។ ជាពិសេសអ្វីដែលជាកង្វល់ធំរបស់ខ្ញុំព្រះករុណាខ្ញុំនៅពេលនោះ គឺប្រជាជនអាចមានការសងសឹកគ្នា ប៉ុន្តែទីបំផុតប្រជាជនកម្ពុជាពុំមានការសងសឹកគ្នាណាមួយនោះទេ។ នោះហើយគឺជាចំណុចល្អ ដែលធ្វើអោយ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចរាជរដ្ឋាភិបាលងាយស្រួលដោះស្រាយបញ្ហា។ ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះថ្លែងនូវការអរគុណ និងកោតសរសើរជាពិសេសដល់ប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ពិសេស សម្តេច ទៀ បាញ់ ឯកឧត្តម កែ គីមយ៉ាន ឯកឧត្តម ប៉ុល សារឿន ឯកឧត្តម មាស សុភា ឯកឧត្តម មល់ រឿប និងបណ្តាមេបញ្ជាការយោធភូមិភាគ កងពលធំ កងពលតូច បណ្តាខេត្តដែលនៅជាប់ផ្ទាល់ដូចជា ខេត្តកំពត កំពង់ស្ពឺ កោះកុង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។
ខ្ញុំព្រះករុណាខ្ញុំអាចបញ្ជាក់ថា បើគ្រាន់តែមានគំនិត ហើយគ្មានប្រតិបត្តិករអនុវត្តជាក់ស្តែងទេនោះ យើងមិនអាចសម្រេចនូវជោគជ័យមួយក្នុងការរំលត់ភ្លើងសង្គ្រាមដ៏ធំនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាមានទំនាយថា មានអារម្មណ៍ថា នៅពេលដែលខ្ញុំព្រះករុណាខ្ញុំមានការសម្រេចចិត្តធំៗ និងធ្វើកិច្ចការលើបញ្ហាធំៗតែងមាន សម្តេច ទៀ បាញ់ នៅជាប់ខ្លួនជានិច្ច។ រឿងនេះហាក់ដូចទំនាយបានទាយទុកថា គឺខ្ញុំបានក្លាយទៅជាសេនាឯករបស់ព្រះមហាក្សត្រ ប៉ុន្តែ សម្តេច ទៀ បាញ់ ក៏ក្លាយទៅជាសេនាឯកដែលនៅជាប់ជាមួយនឹងខ្ញុំ នៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងអនុវតុ្តនូវកិច្ចការទាំងឡាយ។ ខ្ញុំពិតជាអរគុណជាមួយប្រតិបត្តិករទាំងអស់ដែលអនុវត្តនូវនយោបាយឈ្នះឈ្នះនេះ រាប់ទាំង ឯកឧត្តម កែវ ពង្ស ដែលពីមុនយើងចាប់ផ្តើមពីឯកឧត្តម កែវ ពង្ស ហើយក៏បានក្លាយទៅជាប្រតិបត្តិករដែរ។ បន្ទាប់ទៅយើងអនុវត្តទៅលើ អ៊ី ឈាន និង សុខ ភាព តែក្រោយមកអ្នកទាំងនោះក៏បន្តក្លាយខ្លួនជាប្រតិបត្តិករ ក្នុងឋានៈជាកម្លាំងរបស់រាជរដ្ឋាភិបាល។
ត្រូវការ ៥០០ ម៉ោង រៀបរាប់ពីមូលហេតុចាំបាច់ត្រូវមាននយោបាយឈ្នះឈ្នះ
ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំគួរតែត្រូវបញ្ជាក់ថា ហេតុអ្វីចាំបាច់ត្រូវមាននយោបាយឈ្នះឈ្នះ? នេះជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំយល់ថា វាមានការចាំបាច់ ដើម្បីអោយខ្ញុំព្រះករុណាខ្ញុំយកឱកាសដើម្បីថ្លែងនៅថ្ងៃនេះបញ្ជាក់ជូនបន្តិច។ ប៉ុន្តែពេលវេលា វាមិនអនុញ្ញាតច្រើនពេក បើសិនជាអោយខ្ញុំព្រះករុណាខ្ញុំ និយាយនិទានរឿងនេះ គឺខ្ញុំព្រះករុណាខ្ញុំត្រូវការ ៥០ ម៉ោងយ៉ាងតិច ហើយបើសិនអោយខ្ញុំព្រះករុណាខ្ញុំនិយាយ ទៅតាមរូបភាពដែលបានឆ្លាក់នៅទីនេះ ចាប់ពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នៅពេលដែលខ្ញុំព្រះករុណាខ្ញុំចាប់ផ្ដើមយកជីវិតធ្វើទុនដើម្បីតស៊ូរំដោះប្រទេសនេះ។ ខ្ញុំព្រះករុណាខ្ញុំត្រូវការ ៥០០ ម៉ោងយ៉ាងតិច។ ប៉ុន្តែឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ ខិតខំ និងច្បិចយកនូវបញ្ហាទាំងឡាយ ដើម្បីបញ្ជាក់ជូនជនរួមជាតិ នៅក្នុងឱកាសទិវាបុណ្យខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ហើយក៏ជាពេលវេលានៃការសម្ពោធនៅវិមានឈ្នះឈ្នះ នៅពេលនេះ។
ថវិកាប្រើសាងសង់នៅទីនេះភាគច្រើនប្រើថវិកាសាលារាជធានីភ្នំពេញ
អម្បាញ់មិញសម្ដេចពិជ័យសេនា ទៀ បាញ់ បានស្នើសុំបន្ថែមថវិកា។ ខ្ញុំសូមបញ្ជាក់ជំនួសអោយសម្ដេច ទៀ បាញ់ ថា ថវិកាដែលយើងប្រើនៅទីនេះ ភាគច្រើនបំផុត គឺប្រើថវិការបស់សាលារាជធានីភ្នំពេញ។ ឥឡូវនេះ ថវិកាបានត្រៀមបំរុងរួចស្រេចបាត់ទៅហើយ។ បញ្ហាធំបំផុតថា តើត្រូវការប៉ុន្មាន? នេះជារឿងពិត ព្រោះខ្ញុំហៅឯកឧត្តម ប៉ា សុជាតិវង្ស ដែលមុននេះគឺជាអតីតអភិបាលរាជធានីភ្នំពេញ មកសួរបញ្ជាក់យើងបានចំណាយជាង ១២ លានដុល្លារសហរដ្ឋអាមេរិចរួចស្រេចទៅហើយ មិនទាន់គិតអំពីបញ្ហាដីធ្លីនោះទេ ប៉ុន្តែ យើងក៏មានទុនបំរុងបន្ថែមទៀត តាមតម្រូវការនៃគណៈកម្មការសាងសង់ ហើយខ្ញុំសង្ឃឹមថា ឧកញ៉ា លី យ៉ុងផាត់ ដែលបានរួមចំណែកមួយចំនួនហើយ នឹងបន្តរួមចំណែកទៅតាមសំណូមពរនៃគណៈកម្មការតទៅទៀត។ សូមអរគុណទុកជាមុន។
ហេតុអ្វីបានជាវិមានឈ្នះឈ្នះត្រូវកសាងនៅកន្លែងនេះ?
ទីនេះ ក៏អាចចាត់ទុកថាជាទីកន្លែងមួយដ៏សំខាន់ ហើយទីកន្លែងនេះក៏សូមជម្រាបជូនប្រិយមិត្តបរទេសទាំងឡាយ អោយបានជ្រាបថា ហេតុអីបានជាត្រូវជ្រើសរើសកសាងវិមានឈ្នះឈ្នះនៅកន្លែងនេះ? ទីនេះអនាគតនឹងក្លាយទៅជាទីក្រុងរណប ហើយក៏ជាកន្លែងដែលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ គឺនៅតំបន់នេះឯង ដែលយើងកំពុងកសាងយ៉ាងមមាញឹក … កន្លែងនេះមិនមែនជាផ្ទះរបស់ខ្ញុំនោះទេ ហើយក៏មិនមែនជារបស់អ្នកណាមួយដែរ តែជារបស់ជាតិហើយក៏បើកឱកាសអោយប្រជាជនកម្ពុជា យុវជន និស្សិតរបស់យើងមកចូលធ្វើការស្រាវជ្រាវនៅទីនេះ ហើយមកលេងកម្សាន្ដនៅទីនេះ និងធ្វើការហាត់ប្រាណ ឬក៏ចង់ធ្វើអ្វីទៅតាមបំណងរាប់ទាំងការចូលរួមការប្រកួតកីឡាបាល់ទាត់ បាល់ទះ ហែលទឹក និងវិញ្ញាសាផ្សេងៗនៅតំបន់នេះផងដែរ។
ហេតុអ្វី យកថ្ងៃ ២៩ ធ្នូ ១៩៩៨ ធ្វើជាថ្ងៃជោគជ័យ នៃការបញ្ចប់សង្គ្រាមទាំងស្រុង?
ឥឡូវខ្ញុំបក។ មុននឹងនិយាយទៅដល់បញ្ហាហេតុអ្វីបានជាចាំបាច់ត្រូវមាននយោបាយឈ្នះឈ្នះ? ហើយហេតុអ្វីបានជាចាំបាច់ត្រូវយកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ យកធ្វើជាថ្ងៃជោគជ័យ ជាថ្ងៃបញ្ចប់? នោះខ្ញុំនឹងធ្វើអត្ថាធិប្បាយនៅផ្នែកខាងក្រោម តែខ្ញុំសូមបញ្ជាក់ថា គឺជាថ្ងៃដែលប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានសភា និងគណៈរដ្ឋមន្ត្រីទាំងមូលរបស់ខ្មែរក្រហម បានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី ដែលនៅលើពិភពលោកនេះមិនទាន់មានប្រទេសណាមួយ ដែលមានការចុះចូលកម្រិតនោះទេ មានតែតាមការចាប់ខ្លួន ឬបាញ់សម្លាប់តែប៉ុណ្ណោះ ក៏ប៉ុន្តែ នៅកម្ពុជា យើងមានលទ្ធភាពធ្វើអោយប្រធានរដ្ឋ និងជានាយករដ្ឋមន្រ្តីព្រមទាំងគណៈរដ្ឋមន្ត្រីទាំងមូល អាចមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី។
ពីប្រទេសកោះសន្តិភាព ទៅជាប្រទេសមានសង្គ្រាម ផ្ដើមចេញពីរដ្ឋប្រហា ១៨ មីនា ១៩៧០
ឥឡូវ ហេតុអ្វីបានជាយើងត្រូវមាននយោបាយឈ្នះឈ្នះ? យើងត្រូវដឹងពីប្រវត្តិអោយបានច្បាស់។ ទី ១ សង្គ្រាមបានចាប់ផ្ដើមពីរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០។ ជាចំណុចចាប់ផ្ដើម នៃសោកនាដកម្មរបស់ប្រជាជនកម្ពុជារបស់យើង។ ប្រទេសកម្ពុជា ដែលគេហៅថាកោះសន្តិភាពនៅក្នុងដំណាក់កាលនៃសង្គ្រាមវៀតណាម។ កម្ពុជាដឹកនាំដោយសម្ដេច ព្រះនរោត្តម សីហនុ បានក្លាយទៅជាកោះសន្តិភាព ប៉ុន្តែកោះសន្តិភាពនេះ ក៏ត្រូវទទួលការគម្រាមកំហែងជាបន្តបន្ទាប់ពីសង្គ្រាមនៅវៀតណាមខាងត្បូង តាមការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់នៃពួកឈ្លានពាន។ យើងបានក្លាយទៅជាប្រទេស ដែលមានសង្គ្រាមទាំងស្រុង បន្ទាប់ពីរដ្ឋប្រហារដោយ លន់ នល់, សេរី មតៈ, អ៊ិន តាំ, ចេង ហេង ផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ។ ពេលនោះហើយ ប្រទេសកម្ពុជាយើង ពីប្រទេសកោះសន្តិភាពក្លាយទៅជាប្រទេសដែលមានសង្គ្រាម។
ពួកប្រល័យពូជសាសន៍ ប៉ុល ពត ប្លន់ជ័យជំនះ
ការប្រយុទ្ធគ្នាអស់រយៈពេល ៥ ឆ្នាំ ជោគជ័យក៏បានធ្លាក់ទៅលើរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ប៉ុន្តែត្រូវបានឆក់ប្លន់ ដោយពួកប្រល័យពូជសាសន៍ ប៉ុល ពត។ យើងក៏បានជួបប្រទះនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ស្លាប់ក្នុងសម័យសង្គ្រាមដោយគ្រាប់បែក គ្រាប់ផ្លោងអស់ច្រើនណាស់ទៅហើយ ក៏ប៉ុន្តែយើងត្រូវបន្តការស្លាប់ក្នុងរបប ប៉ុល ពត តទៅទៀត។ ត្រង់នេះហើយដែលយើងចាប់ផ្ដើមបង្កើតឡើងរៀបចំចលនាតស៊ូ ហើយពេលវេលានេះ បើសិននៅក្នុងរយៈពេលជិត ៤០ ឆ្នាំមុន ពេលវេលានេះគឺជាពេលវេលាវាយលុក ដើម្បីឆ្ពោះមករំដោះទីក្រុងភ្នំពេញ នាថ្ងៃទី ០៧ មករា ឆ្នាំ ១៩៧៩ កាលពី ៤០ ឆ្នាំមុននោះ។
សង្គ្រាមដោយដុំ/ពេលវេលា មានឥទ្ធិពលអាក្រក់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជារំដោះចេញរបប ប៉ុល ពត ក៏ប៉ុន្តែយើងត្រូវដឹងថា បញ្ហាមិនគ្រាន់តែផ្ដួលរំលំពួក ប៉ុល ពត ចេញពីទីក្រុង ចេញពីអំណាចនោះទេ វាគ្រាន់តែជាការផ្លាស់ប្តូរទីតាំង រវាងយើងធ្លាប់នៅក្នុងព្រៃ យើងចេញមកនៅក្នុងទីក្រុង ឯពួក ប៉ុល ពត ចេញពីទីក្រុង ទៅនៅក្នុងព្រៃម្ដង។ សង្គ្រាមនៅបន្តទៀតមិនទាន់ចប់នៅឡើយទេ ទោះបីជាសន្តិភាពបានកើតឡើងលើចំណែកភាគច្រើន នៃដែនដី/ពេលវេលា ឯសង្គ្រាមកើតឡើងដោយដុំ និងពេលវេលាខ្លះតែប៉ុណ្ណោះ ក៏ប៉ុន្តែសង្គ្រាមនេះវាមានឥទ្ធិពលអាក្រក់ដែលវាមានឥទ្ធិពលទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្រ ព្រមទាំងដំណាក់កាលនោះកម្ពុជាត្រូវទទួលការហ៊ុមព័ទ្ធយ៉ាងអយុត្តិធម៌ពីសំណាក់ខាងក្រៅ រាប់ទាំងអង្គការសហប្រជាជាតិ នៅបន្តអោយពួក ប៉ុល ពត អង្គុយនៅទីនោះ បើទោះបីជាដឹងថា ពួក ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាយ៉ាងច្រើន។ ក្នុងដំណាក់កាលនេះ ទាមទារអោយយើងត្រូវរកដំណោះស្រាយ នោះចាប់ផ្ដើមពីសង្គ្រាមនេះហើយដែលយើងត្រូវរកដំណោះស្រាយ។
អ៊ុនតាក់ ចាយលុយជាង ២ ពាន់លានដុល្លារ តែមិនអាចបញ្ចប់សង្គ្រាមបាន
ចំណុចទី ២ នៅក្នុងទីនេះ គឺការរកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមផ្ដើមចេញពីការចរចា សីហនុ-ហ៊ុន សែន នៅហ្វ៊ែរអង់តាឌឺន័រ និងការចរចា នៅតាមវេទិការដទៃៗទៀតរហូតទៅដល់ សន្និសីទទីក្រុងប៉ារីស រហូតដល់បង្កើតបានកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយបញ្ហានោះ។ ប៉ុន្តែខ្ញុំសូមមបញ្ជាក់នៅទីនេះអោយបានជ្រាបថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន ប៉ុន្តែអ៊ុនតាក់មិនអាចសម្រចបាន គឺនៅពេលដែលអ៊ុនតាក់បានដកត្រឡប់ទៅវិញនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែលសភាធម្មនុញ្ញក្លាយទៅសភាជាតិ គឺអ៊ុនតាក់បានបន្សល់ទុកអោយកម្ពុជាជាប្រទេសមួយដែលមានតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២ ហើយសង្គ្រាមនៅបន្តឆាបឆេះនៅក្នុងផ្ទៃប្រទេសរបស់យើង អ៊ុនតាក់បានចាយលុយអស់ជាង ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក៏ប៉ុន្តែអ៊ុនតាក់មិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជាបានទេ។ តែយើងក៏មិនភ្លេចគុណរបស់អ៊ុនតាក់ របស់អង្គការសហប្រជាជាតិ ដែលបានរួមចំណែកដោះស្រាយបញ្ហាជាច្រើនសម្រាប់ប្រទេសរបស់យើង។ ក្នុងចំណោមភាគី ៤ មានភាគី ៣ ដែលបានចូលរួមនៅក្នុងរាជរដ្ឋាភិបាលចំរុះ ហើយចូលរួមនៅក្នុងការបោះឆ្នោត លើកលែងតែខ្មែរក្រហម។
ក្នុងស្ថានភាពដែលការប្រយុទ្ធនៅបន្ត តាមព្រំដែនកម្ពុជា/ថៃស្ទើរតែទាំងស្រុងត្រូវគ្រប់គ្រងដោយខ្មែរក្រហម សូម្បីតែព្រះវិហារដែលមុននេះ កងទ័ពរបស់រដ្ឋកម្ពុជាគ្រប់គ្រងប្រាសាទព្រះវិហារ ក៏ប៉ុន្តែបន្ទាប់ទៅអតីតរដ្ឋកម្ពុជាបានផ្ទេរទៅអោយអ៊ុនតាក់ជាអ្នកគ្រប់គ្រង កងទ័ពខ្មែរក្រហមបានទៅវាយកាន់កាប់ ហើយចាប់កងទ័ពអ៊ុនតាក់ចងនៅទីនោះ។ ពេលនោះ សូម្បីតែប្រាសាទព្រះវិហារ ក៏ត្រូវគ្រប់គ្រងដោយខ្មែរក្រហមផងដែរ។ ឯនៅផ្ទៃក្នុងប្រទេសនៅតំបន់ឱរ៉ាល់ តាកែនកោះស្លា ភ្នំវល្លិ៍ នៅក្នុងខេត្តកំពត តាកែវ កំពង់ស្អឺ ពោធិសាត់ បាត់ដំបង ប៉ៃលិន កោះកុង សៀមរាប ឧត្តរមានជ័យ សុទ្ធសឹងតែទីតាំងរបស់ខ្មែរក្រហម ដែលបោះតាមរបៀបស្ថានភាពស្បែកខ្លា។ ការប្រយុទ្ធដ៏តឹងតែងនៅសមរភូមិប៉ៃលិន នៅក្នុង ខែ មីនា និង ខែ មេសា ឆ្នាំ ១៩៩៤ គឺជាការប្រយុទ្ធដ៏តឹងតែងមួយ បន្ទាប់ពីការប្រយុទ្ធនោះក៏មានការចរចានៅ ឆាងស៊ូអ៊ុន នៅសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ គឺកូរ៉េខាងជើងក្រោមព្រះរាជអធិបតីរបស់សម្ដចព្រះនរោត្តម សីហនុ ដែលពេលនោះខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និង សុន សេន ឯខាងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេច ជា ស៊ីម សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយសម្ដេច ជា ស៊ីម និងសម្ដេចក្រុមព្រះ នរោត្តម រណរិទ្ធ បានប្រគល់តួនាទីអោយខ្ញុំចរចាជាមួយនឹង ខៀវ សំផន សម្ដេចព្រះសង្ឃរាជដែលនៅទីនេះ ដែលមានសម្ដេច ទេព វង្ស មានសម្ដេច ប៊ួ គ្រី ក៏បាននិមន្តទៅទីនោះ។
DIFID ជាយុទ្ធសាស្ត្រមួយ ឈានទៅរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម
សម្ដេចព្រះសង្ឃរាជ សម្ដេចទាំង ៥ ព្រះអង្គនៅពេលនោះ បានបិណ្ឌបាត្រ ខៀវ សំផន អោយមានការឈប់បាញ់ យើងបានស្នើសុំអោយមានការឈប់បាញ់នៅនឹងកន្លែង ក៏ប៉ុន្តែ ខៀវ សំផន មិនព្រមធ្វើការឈប់បាញ់នោះ ត្រឡប់ពីប្រទេសកូរ៉េខាងជើងវិញ ខ្ញុំបានផ្ដួចផ្ដើមគំនិត ដើម្បីធ្វើច្បាប់ដាក់ខ្មែរក្រហម អោយនៅក្រៅច្បាប់ នោះគឺជាការចាប់ផ្ដើមមួយមិនមែនដាក់ចេញនៅក្រៅច្បាប់ ហើយមិនធ្វើការបង្រួបបង្រួមជាតិនោះទេ។ យុទ្ធសាស្ត្រ DIFID ក៏បានចាប់ផ្ដើម ខ្ញុំគ្រាន់តែបញ្ជាក់ថា DIFID មិនមែនជានយោបាយទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រដទៃទៀត ដើម្បីឈានទៅរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។
ខ្លឹមសារស្នូល ៣ នៃនយោបាយឈ្នះឈ្នះ
ខ្ញុំបានសិក្សាស្វែងយល់ អំពីគោលបំណងជាក់លាក់របស់នាយទាហាន ពលទាហានរបស់ខ្មែរក្រហមតើគេចង់បានអ្វី? នៅពេលដែលមានការចុះចូលរបស់កងទ័ពខ្មែរក្រហមនៅទីនេះ នៅទីនោះ ខ្ញុំតែងតែខិតខំស្រវាស្រទេញ ដើម្បីសិក្សាថា អ្វីទៅដែលជាគោលបំណងពិតប្រាកដរបស់បងប្អូននៅទីនោះ។ ដូច្នេះ (ផ្អែកលើ)ចំណុចដែលបានរកឃើញ ហើយយើងបានដាក់ចេញនយោបាយឈ្នះឈ្នះ ខ្លឹមសារស្នូលពិតប្រាកដគឺមាន ៣ ហើយមិនជាជ្រៅជ្រះទេ តែអាចរំលាយចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវការឯកភាពទឹកដីបាន។
ចំណុចទី ១ ការធានាអាយុជីវិត និងរូបកាយ។ នេះជាបញ្ហាដ៏មានសារសំខាន់បំផុត អ្នកដែលបានផ្ដាច់ខ្លួនចេញពីខ្មែរក្រហមមិនត្រូវទទួលបាននូវការចាប់ចង ឬក៏ការធ្វើទុក្ខបុកម្នេញរហូតទៅដល់ការសម្លាប់នោះទេ។ ដាច់ខាតរឿងនេះ គឺជារឿងដែលត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុត ធានាថា អាយុជីវិតរបស់គេ និងរូបកាយរបស់គេមិនត្រូវបានទទួលការប៉ះពាល់។ គ្មានអ្នកណាចូលជាមួយយើង យល់ព្រមមកនៅជាមួយយើង នៅពេលដែលគេចាកចេញពីជួរម្ខាងទៀត ហើយត្រូវបានសម្លាប់ ឬត្រូវបានចាប់ដាក់គុកនោះទេ។ ចំណុចនេះជាបទពិសោធន៍ធំណាស់ ដែលអស់លោកជំនាន់ក្រោយត្រូវបន្តចងចាំ។
ចំណុចទី ២ គឺធានាអាជីព និងមុខរបរ ក៏ជាចំណុចដ៏មានសារសំខាន់ខ្លាំងណាស់។ ប៉ុន្តែការធានាអាជីព និងមុខរបរ ប្រសិនគ្រាន់តែនិយាយថា ធានាអាជីព និងមុខរបរ ហើយមិនបានបញ្ជាក់អំពីអត្ថន័យរបស់វា ក៏ពិបាកដែរ។ យើងខ្ញុំនៅទីនេះ បទពិសោធន៍សម្រាប់កម្ពុជាពិតជាមិនអាចយកទៅអនុវត្តប្រទេសផ្សេងបានទេ ក៏ប៉ុន្តែ វាក៏មានផ្នែកខ្លះអាចមានការស្វែងយល់ សម្រាប់ប្រទេសខ្លះនោះដែរ យើងខ្ញុំហ៊ានទុកអោយអង្គភាពមួយៗគ្រប់គ្រងដោយខ្លួនឯង អង្គភាពកងទ័ពបើចុះចូលមួយកងពល កងពលនោះត្រូវគ្រប់គ្រងដោយមេ ទាំងមេ ទាំងកូន កាំភ្លើងរក្សាទុកដដែល។ គ្រាន់តែមានការផ្លាស់ប្តូរឯកសណ្ឋាន ពីឯកសណ្ឋានរបស់ខ្មែរក្រហម ទៅជាឯកសណ្ឋានរបស់រាជរដ្ឋាភិបាល ពីការអនុវត្តកាតព្វកិច្ចរបស់ខ្មែរក្រហម វាយរាជរដ្ឋាភិបាល ទៅជាការអនុវត្តនូវកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីការពារទឹកដី។
ចំណុចនេះ កន្លែងដទៃអាចនឹងមិនហ៊ានធ្វើ ក៏ប៉ុន្តែ កម្ពុជាបានមានពិសោធន៍ បានធ្វើជោគជ័យរួចស្រេចមកហើយ។ យើងហ៊ានទុកទាំងអស់ ដោយគ្មានការរុះរើ គ្មានការដកហូតអាវុធ រាប់ទាំងរថក្រោះ ដែលនៅតំបន់នោះគ្រប់គ្រង យើងទុករថក្រោះ កាំភ្លើងតូច/ធំ ទាំងអស់ គ្មានការរុះរើ។ អ្នកធ្វើចៅហ្វាយស្រុក ចៅហ្វាយខេត្ត ក៏នៅបន្តធ្វើចៅហ្វាយស្រុក/ខេត្តតទៅទៀត ក៏ប៉ុន្តែ ត្រូវអនុវត្តនូវច្បាប់របស់រាជរដ្ឋាភិបាល។ អ្នកធ្លាប់ធ្វើគ្រូបង្រៀន ត្រូវបន្តធ្វើគ្រូបង្រៀនតទៅទៀត ក៏ប៉ុន្តែ ត្រូវដកកម្មវិធីសិក្សារបស់ខ្មែរក្រហមចេញ ដាក់កម្មវិធីសិក្សារបស់រាជរដ្ឋាភិបាលចូល។ គ្រូពេទ្យ អ្នកណាធ្វើអ្វី គឺធ្វើនោះវិញ។
ចំណុចនេះហើយ ដែលផ្តល់នូវជំនឿទុកចិត្តសម្រាប់បងប្អូនទាំងនោះ។ ប្រសិនបើយើងឲ្យបងប្អូនទាំងនោះដកអាវុធ បងប្អូនទាំងនោះច្បាស់ណាស់ថា នឹងបាត់បង់ជំនឿទុកចិត្ត ហើយពេលនោះហើយដែលនយោបាយឈ្នះឈ្នះមិនអាចមានអាយុរហូតទៅដល់ ២០ ឆ្នាំ នោះទេ។ កុំថាឡើយដល់ ២០ ឆ្នាំ សូម្បីតែ ២ ឆ្នាំ ក៏មិនអាចបានផង ព្រោះវាខ្វះជំនឿទុកចិត្តសម្រាប់គ្នា។ ក៏ប៉ុន្តែ យើងខ្ញុំមកដល់ពេលនេះ ពីកងទ័ព ៤ ភាគី ទៅជាកងទ័ពតែមួយតែម្តង ដែលជាចំណុចពិសេសនៃស្ថានភាពប្រទេសរបស់យើង។
ឯចំណុចទី ៣ នៃនយោបាយឈ្នះឈ្នះ គឺការធានាកម្មសិទ្ធិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។ បងប្អូនមានអ្វី គឺរក្សានោះ។ មានដីធ្លីប៉ុន្មាន គឺរក្សាដីធ្លីនោះ។ មានម៉ូតូ មានឡាន មានផ្ទះ គឺរក្សាជាកម្មសិទ្ធិរបស់បងប្អូន។
នយោបាយឈ្នះឈ្នះ ចាប់ផ្តើមនៅ ខែ កុម្ភៈ ១៩៩៦
ការដាក់ចេញនេះ អនុវត្តចាប់ផ្តើមរបស់យើងដំបូង គឺធ្វើនៅតំបន់ឱរ៉ាល់ នៅក្នុងខែ កុម្ភៈ ឆ្នាំ ១៩៩៦។ សូមកុំយល់ច្រឡំថា នយោបាយឈ្នះឈ្នះកើតឡើងនៅត្រឹមថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨។ យើងដំណើរការអនុវត្តនូវនយោបាយឈ្នះឈ្នះ រយៈពេលជាង ២ ឆ្នាំ គឺចាប់ផ្តើមពីដើមឆ្នាំ ១៩៩៦ រហូតមកបញ្ចប់នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ដោយចាប់ផ្តើមសាកល្បងពីតំបន់ឱរ៉ាល់ ដែលដឹកនាំដោយលោក កែវ ពង្ស នៅពេលនោះ។
“មិនលើស ហើយក៏មិនខ្វះ” ទាំងខាងយើង ទាំងខាងខ្មែរក្រហម
ខ្ញុំសូមបញ្ជាក់ជូននូវចំណុចនេះបន្តិច ដែលខ្ញុំធ្លាប់បានបញ្ជាក់ហើយថា ពេលនោះ យើងបានយក កែវ ពង្ស ចូលមកដល់ទីក្រុងភ្នំពេញ ហើយក៏បានបញ្ជូន កែវ ពង្ស ត្រឡប់ទៅវិញ។ បងប្អូនមួយចំនួនបានចោទចេញជាសំណួរចំពោះខ្ញុំថា បើសិនជា កែវ ពង្ស មិនស្មោះត្រង់ តើត្រូវធ្វើយ៉ាងម៉េច? ខ្ញុំបានឆ្លើយតបទៅវិញថា មិនលើស មិនខ្វះ។ ប្រសិនជាយើងទុក កែវ ពង្ស គឺខ្មែរក្រហមបាត់ កែវ ពង្ស ត្រឹមតែម្នាក់តែប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើបញ្ជូន កែវ ពង្ស ត្រឡប់ទៅវិញ កែវ ពង្ស មិនអនុវត្ត ខ្មែរក្រហមក៏នៅមានកម្លាំងមិនលើសមិនខ្វះ។ ប៉ុន្តែ ប្រសិនបើ កែវ ពង្ស ដឹកនាំអនុវត្តពិត គឺយើងបានតំបន់ឱរ៉ាល់ទាំងមូល។ ដូចថាមែន គឺយើងបានតំបន់ឱរ៉ាល់ទាំងមូលតែម្តង ហើយដែលតភ្ជាប់ទាំងកំពង់ស្ពឺ ពោធិសាត់ រហូតទៅដល់ភាគខ្លះរបស់ខេត្តព្រះសីហនុ និងភាគខ្លះរបស់ខេត្តតាកែវ និងកំពតផងដែរ។
ប៉ៃលិន និងម៉ាឡៃ ចង់បះបោរតាំងពី ខែ មិថុនា ១៩៩៦ តែត្រូវពន្យារពេលសិន
ផ្តើមចេញពីបទពិសោធន៍ដ៏ជោគជ័យនេះ យើងក៏ចាប់ផ្តើមពង្រាយនូវនយោបាយឈ្នះឈ្នះនេះ ទៅកាន់តំបន់ដទៃទៀត ហើយជាការគាប់ជួន និងជាភ័ព្វសំណាងរបស់យើង ដែលមានពេលនេះនាយឧត្តមសេនីយ៍ អ៊ី ឈាន និងនាយឧត្តមសេនីយ៍ សុខ ភាព ដែលដឹកនាំកងពល ៤១៥ នៅប៉ៃលិនរបស់ អ៊ី ឈាន និង សុខ ភាព ដឹកនាំកងពល ៤៥០ នៅម៉ាឡៃ ធ្វើការបះបោរឡើង។ ការបះបោរឡើងនេះ ខ្ញុំសូមបញ្ជាក់បន្តិចថា តាមពិតទៅ បងប្អូននៅទីនោះ មានបំណងបះបោរឡើងប្រហាក់ប្រហែលនៅក្នុងខែ មិថុនា ឆ្នាំ ១៩៩៦ ក៏ប៉ុន្តែ ខ្ញុំបានស្នើសុំឲ្យបងប្អូនពន្យារពេលសិន ទុកឱកាសឲ្យខ្ញុំធ្វើកិច្ចការងារមួយចំនួន ដើម្បីបញ្ជាក់ប្រាប់ជាសារនយោបាយជូនទៅកាន់បងប្អូនអតីតខ្មែរក្រហមពេលនោះថា អ្នកគ្មានបង្អែកគាំទ្រទៀតទេ តាមរយៈនូវសកម្មភាពការទូតរបស់ខ្ញុំនៅប្រទេសមួយចំនួននៅខាងក្រៅ។ នោះចាត់ទុកថា ជាសារនយោបាយដោយមានការគួបផ្សំទាំងនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស ដើម្បីឲ្យ បងប្អូនខ្មែរក្រហមបានដឹងថា ពួកគេបាត់បង់បង្អែកគាំទ្រអស់ហើយ ត្រូវបោះបង់ចោលការតស៊ូ។
ការផ្ទុះអាវុធនៅភ្នំពេញ ៥/៦ កក្កដា ១៩៩៧ រារាំងសមាហរណកម្មទីតាំងចុងក្រោយអន្លង់វែង
ដូច្នេះ នៅក្នុងឆ្នាំ ១៩៩៦ និងដើមឆ្នាំ ១៩៩៧ យើងក៏បានធ្វើសមាហរណកម្មទាំងស្រុងនៅភាគខាងត្បូងផ្លូវជាតិលេខ ៥ ទាំងអស់ និងក្នុងតំបន់ទន្លេសាប។ យើងចង់ពន្លឿននូវល្បឿន នៃការដោះស្រាយបញ្ហាបញ្ចប់នូវទីតាំងចុងក្រោយនៅអន្លង់វែង ប៉ុន្តែ ជាអកុសល នៅក្នុងផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលនៅពេលនោះ បែរជាផ្ទុះអាវុធនៅទីក្រុងភ្នំពេញ។ យើងបានចូលជ្រៅទៅក្នុងតំបន់ខ្មែរក្រហម បែរជាខ្មែរក្រហមត្រូវបានគេនាំចូលមកក្នុងទីក្រុងភ្នំពេញ បង្កើតឲ្យមានការវាយប្រយុទ្ធគ្នានៅឯទីក្រុងភ្នំពេញឯណេះវិញ។ គឺជារឿងមិនតូចតាចទេ។ មិនមែនជាការងាយស្រួលនឹងដោះស្រាយបញ្ហានេះ។ កាលៈទេសៈនោះជាកាលៈទេសៈដ៏លំបាកសម្រាប់ខ្ញុំ ក្នុងឋានៈជាអ្នកដោះស្រាយបញ្ហាទាំង ២ ទិស។ ម្ខាងត្រូវបន្តដោះស្រាយដើម្បីអោយមានស្ថេរភាពរបស់រាជរដ្ឋាភិបាលនៅខាងក្នុង ដើម្បីរៀបចំឲ្យមានការបោះឆ្នោតលើកទី ២ នៅក្នុងឆ្នាំ ១៩៩៨។ ខែ កក្កដា ឆ្នាំ ១៩៩៧ មានការប្រយុទ្ធគ្នានៅទីក្រុងភ្នំពេញ ខែ កក្កដា ឆ្នាំ ១៩៩៨ ត្រូវធ្វើការបោះឆ្នោត មួយឆ្នាំក្រោយនៃការប្រយុទ្ធគ្នានៅទីក្រុងភ្នំពេញ។
បញ្ជូនសម្តេចពិជ័យសេនា ចូលរួមសមាហរណកម្មអន្លង់វែង ដោយជាប់កាន់ទុក្ខម្តាយ
ទោះបីមានការលំបាកយ៉ាងណាក៏ដោយ យើងក៏បានប្រឹងប្រែងដើម្បីជម្រុញឲ្យមានការធ្វើសមាហរណកម្មផ្តាច់ខ្លួននូវទីតាំងចុងក្រោយនៅឯអន្លង់វែង ដែលយោងទៅលើកាលបរិច្ឆេទ ថ្ងៃ ២៣ ខែ មេសា ឆ្នាំ ១៩៩៨ សម្តេចពិជ័យសេនា ទៀ បាញ់ ជំនួសមុខឲ្យខ្ញុំ បានធ្វើការទៅធ្វើជាអធិបតី នៃការធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមនៅទីតាំងចុងក្រោយ នៅអន្លង់វែង។ មូលហេតុដែលខ្ញុំមិនបានទៅធ្វើសមាហរណកម្មនៅទីនោះ ដូចជានៅតំបន់ដទៃទៀត តាកែនកោះស្លា សំឡូត ប៉ៃលិន ភ្នំព្រឹក្ស ម៉ាឡៃ និងតំបន់ខ្លះទៀត គឺបណ្តាលមកពីខ្ញុំត្រូវកាន់ទុកនូវមរណភាពរបស់ម្តាយខ្ញុំ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទីតាំងចុងក្រោយនោះ គឺត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ តំណាងឲ្យខ្ញុំ ទៅធ្វើសមាហរណកម្មជាមួយនឹងថ្នាក់ដឹកនាំកងទ័ពដទៃទៀត ហើយក៏បាននាំឲ្យប្រជាជននៅអន្លង់វែង ដែលជាទីតាំងចុងក្រោយ បានចូលរួមបោះឆ្នោតតាំងពីឆ្នាំ ១៩៩៨ រហូតមក។
មូលហេតុ ៣ ដែលយកផ្ទះនាយករដ្ឋមន្រ្តីធ្វើជាកន្លែងជួប និងជានិមិត្តរូបនៃការចុះចូល
ប៉ុន្តែ ទោះបីជាការធ្វើសមាហរណកម្មចុងក្រោយ ធ្វើឡើងនៅក្នុងខែ មេសា ឆ្នាំ ១៩៩៨ ក៏ដោយ តែសង្រ្គាមមិនទាន់បានបញ្ចប់នៅឡើយទេ។ មូលហេតុនៅត្រង់ថា មេដឹកនាំរបស់ខ្មែរក្រហម មិនទាន់ចុះចូល ឬក៏មិនទាន់ចាប់ខ្លួនទាំងអស់នៅឡើយ។ រហូតមកដល់ថ្ងៃ ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ទើបមានការជួបជុំ និងធ្វើការចុះចូលជាផ្លូវការរបស់ប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តី ខៀវ សំផន ក៏ដូចជា ថ្នាក់ដឹកនាំដទៃទៀត នៃកម្ពុជាប្រជាធិបតេយ្យ។ សំណួរចោទសួរថា ហេតុអ្វីបានជាត្រូវយកផ្ទះនាយករដ្ឋមន្រ្តីធ្វើជាកន្លែងជួបជុំ និងជានិមិត្តរូប នៃការចុះចូល? ខ្ញុំសូមបញ្ជាក់ជូនចំពោះជនរួមជាតិថា (មូលហេតុនោះគឺ)ខ្ញុំមានបំណងផ្ញើសារបីយ៉ាងជូនចេញទៅខាងក្រៅ។
ទី ១ ផ្ញើសារជូនទៅកម្លាំងខ្មែរក្រហម ដែលនៅសេសសល់ ឲ្យបញ្ឈប់ការប្រយុទ្ធតទៅទៀត ព្រោះមេដឹកនាំរបស់អ្នកទាំងនោះ ត្រូវចុះចូលដល់ផ្ទះនាយករដ្ឋមន្រ្តីរួចស្រេចទៅហើយ។ សារទី ២ គឺចង់ជម្រាបជូនចំពោះប្រជាជនកម្ពុជាបានជ្រាបថា សង្គ្រាមបានចប់ទាំងស្រុងហើយ ប្រជាជនទន្ទឹងរង់ចាំនូវការចប់សង្គ្រាមនេះ។ ដូច្នេះ យើងត្រូវតែជូនសារជាក់លាក់ តាមរយៈនៃការយកផ្ទះរបស់នាយករដ្ឋមន្រ្តី ធ្វើជាទីកន្លែងនៃការជួបជុំ និងជានិមិត្តរូបនៃការចុះចូល ឬការស្រុះស្រួលគ្នាតែម្តង។ ឯទី ៣ គឺជាសារជូនទៅសហគមន៍អន្តរជាតិ សូមអញ្ជើញមកធ្វើវិនិយោគ ឬធ្វើទេសចរណ៍នៅកម្ពុជា ព្រោះកម្ពុជាគ្មានសង្គ្រាមទៀតទេ។ នេះជាចំណុច ដែលអាចនឹងមានការចោទឡើងជាសំណួរ នៅពេលដែលឃើញរូបថតទាំងឡាយ ដែលមានរូប ខៀវ សំផន, នួន ជា, អៀង សារី និងអ្នកដទៃទៀត ដែលជួបជុំគ្នានៅផ្ទះខ្ញុំ ដែលខ្ញុំសូមបកស្រាយ ដែលរឿងនេះមិនធ្លាប់មានការបកស្រាយកាលពីមុននោះទេ។
អត្ថន័យ និងផលប្រយោជន៍ពិតប្រាកដ នៃនយោបាយឈ្នះឈ្នះ
ឥឡូវ ខ្ញុំសូមនិយាយដោយសង្ខេបអំពីអត្ថន័យ និងផលប្រយោជន៍ពិតប្រាកដ នៃនយោបាយឈ្នះឈ្នះ តើមានអ្វីខ្លះ?
ទី ១ សង្គ្រាម និងជម្លោះប្រដាប់អាវុធ គឺត្រូវបានបញ្ចប់ទាំងស្រុង ការស្លាប់ ឬរបួស ឬការព្រាត់ប្រាសដោយសារសង្គ្រាម គឺមិនមានទៀតទេ រយៈពេល ២០ ឆ្នាំ ចុងក្រោយនេះ។ បងប្អូនត្រូវដាក់តាំងជាសំណួរថា ប្រសិនបើរយៈពេល ២០ ឆ្នាំ នេះ សង្គ្រាមនៅតែបន្ត តើជីវិតមនុស្សស្លាប់អស់ប៉ុន្មាន? ពិការប៉ុន្មាន? ត្រូវប្រើថវិកាប៉ុន្មានដើម្បីទ្រទ្រង់ជាមួយសង្គ្រាមនេះ ហើយតើយើងមានលទ្ធភាពដើម្បីនឹងកសាងប្រទេសដូចសព្វថ្ងៃនេះ ឬទេ? នោះហើយជាសំណួរដែលមនុស្សគ្រប់រូប សូម្បីតែអ្នកដែលប្រឆាំងផ្កាប់មុខដល់ណាក៏ដោយ ក៏សូមទទួលស្គាល់នូវការពិតនេះ។ អ្នកបានចូលមហាវិទ្យាល័យ អ្នកបានចូលសាលា អ្នកបានធ្វើដំណើរទៅគ្រប់ទីកន្លែងនៅក្នុងផ្ទៃប្រទេស គឺវាបានចាប់ផ្តើមចេញពីការបញ្ចប់សង្គ្រាមទាំងស្រុង ហើយយុទ្ធជន យុទ្ធនារីរបស់យើង គឺមិនមានការស្លាប់ ឬរបួស ឬការព្រាត់ប្រាសគ្នាណាទៀត ក្នុងរយៈពេល ២០ ឆ្នាំកន្លងផុតទៅហើយ។
ទី ២ ដំណើរការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ពីដើមឆ្នាំ ១៩៩៦ ដល់ ចុងឆ្នាំ ១៩៩៨ ជាងពីរឆ្នាំនេះ យើងមិនបានប្រើប្រាស់គ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ ដើម្បីដោះស្រាយនោះទេ។ យើងដោះស្រាយដោយការយោគយល់ជឿជាក់ រវាងខ្មែរ និងខ្មែរ ដោយគ្មានការបង្គាប់បញ្ជាពីបរទេស។ ការជឿទុកចិត្តគ្នានេះហើយ ដែលធ្វើឲ្យយើងមានសន្តិភាពរឹងមាំ រយៈពេល ២០ ឆ្នាំ កន្លងមក។ នេះជាចំណុចពិសេសខ្លាំងណាស់។
ប្រទេសខ្លះមានកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែ កិច្ចព្រមព្រៀងឈប់បាញ់មិនបានអនុវត្តទេ។ ទាំងប្រទេសនៅក្នុងតំបន់យើងនេះ និងមានប្រទេសនៅក្រៅតំបន់យើង សុទ្ធតែមានកិច្ចព្រមព្រៀងឈប់បាញ់ ក៏ប៉ុន្តែ នយោបាយឈ្នះឈ្នះរបស់យើងខ្ញុំ ពុំមានកិច្ចព្រមព្រៀងណាមួយនោះទេ សូម្បីមួយតួអក្សរ គ្រាន់តែមានគោលនយោបាយ ៣ ចំណុច ដូចដែលខ្ញុំបានបញ្ជាក់តែប៉ុណ្ណោះ សូមបញ្ជាក់មើល គ្មានឯកសារណាដែលត្រូវចុះហត្ថលេខាទាំងសងខាងនោះទេ។ ប៉ុន្តែ យើងខ្ញុំជឿទុកចិត្តគ្នា ហើយខ្ញុំចូលទៅកាន់តំបន់អតីតខ្មែរក្រហម ខ្ញុំតែងតែនិយាយថា នេះមិនមែនជាការចុះចាញ់ ឬការសារភាពនោះទេ ក៏ប៉ុន្តែ នេះជាកាតព្វកិច្ចកូនខ្មែរ ដែលត្រូវខិតខំបញ្ចប់ជម្លោះ ដោយអ្នកជំនាន់មុនបានបង្កើត តែពួកយើងជាក្មេងជំនាន់ក្រោយត្រូវខិតខំរំលត់។
ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហ៊ានលះបង់ ទើបអាចបង្កើតបានសន្តិភាព/ការជឿទុកចិត្ត
ពេលនោះ ម្តាយខ្ញុំ និងម្តាយធំខ្ញុំ មានការព្រួយបារម្ភខ្លាំងណាស់បន្ទាប់ពីខ្ញុំបានចូលទៅម្តងហើយ គាត់បានឃើញក្នុងទូរទស្សន៍ទាំងម្តាយបង្កើត ទាំងម្តាយធំ បានចូលទៅក្នុងបន្ទប់របស់ខ្ញុំ ហើយប្រាប់ខ្ញុំថា «ឯងចូលទៅក្នុងតំបន់របស់គេ តើមិនខ្លាចគេបាញ់សម្លាប់ទេអី?» ពេលនោះ ខ្ញុំបានឆ្លើយជាមួយនឹងម្តាយខ្ញុំថា «ប្រសិនបើខ្ញុំស្លាប់ ក៏ស្លាប់តែខ្ញុំ និងអ្នកទៅជាមួយខ្ញុំតែប៉ុន្មាននាក់តែប៉ុណ្ណោះ ប្រសិនបើបានមកវិញ គឺបានផែនដីទាំងមូលតែម្តង»។ ដូចការគិត អ្វីក៏វាបានកើតឡើងសម្រាប់ជាតិរបស់យើងរយៈកាល ២០ ឆ្នាំ រួចមកហើយ។ ដែនដីដែលធ្លាប់តែចែកជាចំរៀកៗនេះ ត្រូវបានឯកភាពទាំងស្រុង។ ចំណុចនេះ ជាចំណុចដែលមានសារសំខាន់។ យើងត្រូវតែហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហើយត្រូវហ៊ានលះបង់ ទើបអាចបង្កើតឡើងនូវសន្តិភាព ទោះបីជាកម្លាំងមួយកងពលចូលទៅការពារ ក៏មិនអាចនឹងទទួលបានជោគជ័យដែរ។ ល្អបំផុតទៅគ្នាតិច និយាយឱ្យមានការជឿទុកចិត្តគ្នាទៅវិញទៅមក ជំនឿទុកចិត្តនោះហើយ ដែលធ្វើឱ្យយើងខ្ញុំមិនចាំបាច់មានកិច្ចព្រមព្រៀងឈប់បាញ់។
ពីកងទ័ពអតីតបួនភាគី មកនៅតែមួយភាគី ក្លាយទៅជាកងទ័ពជាតិតែមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា
រយៈកាល ២០ ឆ្នាំនេះ ក៏គ្មានការលេចឡើងណាមួយ ជម្លោះរវាងក្រុមនេះ ឬក្រុមនោះទេ។ នេះជារឿងដ៏វិសេសវិសាលបំផុត ពីកងទ័ពអតីតបួនភាគី មកនៅតែមួយភាគីតែប៉ុណ្ណោះ ហើយក្លាយទៅជាកងទ័ពជាតិ តែមួយនៅក្នុងប្រវត្តិសាស្ត្រនៅក្នុងប្រទេសរបស់យើង។ ប៉ុន្តែ ក៏មានសំណួរមួយចោទចេញមកសួរថា បើនិយាយពីនយោបាយឈ្នះឈ្នះ តើហេតុអ្វីបានជាអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវបានរំលាយចោល? ចំណុចនេះ ក៏ជាចំណុចដែលត្រូវចោទសួរ ហើយវាអាចថា អ្នកដែលនិយម អួតអាងអំពីកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស ប្រហែលជាគិតថា យើងកំពុងតែធ្វើខុសជាមួយកិច្ចព្រមព្រៀង (ទីក្រុង)ប៉ារីស ព្រោះកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស មិនតម្រូវឱ្យរំលាយចោលនូវអង្គការចាត់តាំងរបស់ខ្មែរ ក្រហមនោះទេ តែយើងបានធ្វើទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុញ្ញាតឱ្យមាន តំបន់អបគមន៍។
មូលហេតុ ៤ ធ្វើឱ្យអង្គការចាត់តាំងខ្មែរក្រហមត្រូវបានរំលាយ
ហេតុអ្វីបានជាអង្គការចាត់តាំងខ្មែរក្រហមត្រូវបានរំលាយ?
ទី ១ អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម គឺជាអង្គការចាត់តាំងដែលធ្លាប់រំលោភសិទ្ធិមនុស្ស សម្លាប់មនុស្សអស់រាប់លាននាក់ ដែលពួកគេត្រូវទទួលនូវជោគវាសនា នៃការរលំរលាយបែបនេះ។ នេះជាចំណុចទី ១។
ចំណុចទី ២ ពួកគេដើរចេញពីកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសដោយខ្លួនឯង ហើយផ្ទៃក្នុងរបស់គេបែកបាក់ មានការកាប់សម្លាប់គ្នាតាមរបៀបពាលស៊ីពាល ដូចជា៖ ប៉ុល ពត បានសម្លាប់រដ្ឋមន្ត្រីការពារជាតិ សុន សេន ទាំងភរិយា/កូន/ចៅ។ បន្តទៅទៀត តាម៉ុក បានចាប់ ប៉ុល ពត យកទៅកាត់ទោស និងធ្វើការឃុំឃាំង។ ដូច្នេះ ការបែកបាក់របស់ខ្មែរក្រហម បន្ទាប់ពីការដើរចេញពីកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស ពហិកាមិនព្រមចូលរួមបោះឆ្នោត ការបែកបាក់របស់គេ មិនមែនគ្រាន់តែជាការផ្តាច់ខ្លួននៅផ្នែកខាងក្រោមទេ ក៏ប៉ុន្តែ ក្បាលម៉ាស៊ីនរបស់គេបានរង្គោះរង្គើ។
ចំណុចទី ៣ គេជាអង្គការចាត់តាំងដឹកនាំបន្តសង្គ្រាមតទៅទៀត ដូច្នេះ ចំណុចនេះ តើមានតម្រូវការឱ្យអង្គការចាត់តាំងនេះបន្តជីវិតតទៅទៀត ដែលជាក្បាលម៉ាស៊ីនបន្តដឹកនាំធ្វើសង្គ្រាមប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិឬទេ?
ប៉ុន្តែ អ្វីដែលសំខាន់បំផុត គឺនៅ ចំណុចទី ៤ គឺនៅត្រង់ថា នយោបាយឈ្នះឈ្នះរបស់យើងបានប្រមូលកងទ័ព និងមេដឹកនាំរបស់ខ្មែរក្រហមចុះចូលរួចស្រេចទៅហើយ។ បើគេចង់បន្តទៅទៀត ក៏គ្មានអ្នកណាដើរតាមអង្គការចាត់តាំងនេះដែរ ដូច្នេះ បានជាក្បាលម៉ាស៊ីនអង្គការចាត់តាំងនេះ ត្រូវបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីតែម្តង គឺបានសេចក្តីថា អស់មនុស្សតែម្តង។
នយោបាយឈ្នះឈ្នះ ដើរស្របជាមួយនឹងការចង់បានរបស់ប្រជាជាតិ និងប្រជាជន
ត្រង់នេះហើយ ដែលខ្ញុំបាននិយាយថា នយោបាយច្រេះស៊ីដែករបស់ខ្មែរក្រហម បានប្រទះនឹងនយោបាយ ឈ្នះឈ្នះរបស់ ហ៊ុន សែន ទីបំផុតនយោបាយឈ្នះឈ្នះរបស់ ហ៊ុន សែន វាដើរស្របជាមួយនឹងការចង់ បានរបស់ប្រជាជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះ យើងបានកំទេចជាមួយនឹងនយោបាយច្រេះស៊ីដែក តាមរយៈបំផ្លាញចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។ ឥឡូវ ចំណុចសំខាន់របស់យើង ដែលលេចអំពីនយោបាយឈ្នះឈ្នះ ដែលខ្ញុំបានលើកឡើងពីខាងលើ ទី ១ សង្គ្រាម និងជម្លោះប្រដាប់អាវុធបានបញ្ចប់ គ្មានស្លាប់ គ្មានព្រាត់ប្រាស គ្មានរបួសក្នុងរយៈពេល ២០ ឆ្នាំ ចុងក្រោយ។ (ទី ២) ដំណើរការបញ្ចប់សង្គ្រាមមិនមានការប្រើគ្រាប់កាំភ្លើង ហើយដោះស្រាយដោយការយោគយល់គ្នា និងបញ្ជាក់អំពីការរំលាយអង្គការចាត់តាំងនយោបាយ និងយោធា …។
ចំណុចទី ៣ សំខាន់បំផុត នេះគឺជាការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ និងឈឺចាប់របស់កម្ពុជា។ ខ្ញុំសូមរំលឹកជូនប្រជាជាតិកម្ពុជាឱ្យបានជ្រាបថា បើយើងមើលអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា តាមរយៈមហាបុរសខ្មែរ យើងនឹងបានដឹងថា ចាប់តាំងពីសម័យក្រោយ ពញាយ៉ាត នាឆ្នាំ ១៤៧០ ប្លាយ រហូតមក គឺកម្ពុជាតែងមានតំបន់ត្រួតត្រាច្រើនក្នុងពេលតែមួយ។ នៅពេលដែល ព្រះស្រីរាជា គ្រងរាជ្យ តំបន់យើងនៅខាងនេះ កន្លែងនេះ គឺជាតំបន់ សុរិយោទ័យ គ្រប់គ្រង។ តំបន់ចតុមុខ គឺជាតំបន់ ព្រះធម្មរាជា គ្រប់គ្រង។ តំបន់រលាផ្អៀរ, ពោធិសាត់, បាត់ដំបង គឺជាតំបន់ ព្រះស្រីរាជា គ្រប់គ្រង។ មិនមែនមានតែ សាមកុក នៅក្នុងប្រទេសចិនទេ តែមាន សាមកុក នៅក្នុងប្រទេសកម្ពុជា។ យើងចាត់ទុកថា ឆ្នាំ ១៥១២-១៥២៤ ក៏មានព្រះរាជាទិសខាងកើត/លិច។
កែប្រែពីប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើន មកជាប្រទេសមួយដែលមានតំបន់ត្រួតត្រាតែមួយ
ដល់ឆ្នាំ ១៥២៤ ក៏មានព្រះរាជាទិសខាងកើត និងទិសខាងលិច។ ព្រះរាជាទិសខាងកើត គឺហ្លួង ព្រះស្តេចកន ឯព្រះរាជាទិសខាងលិច ព្រះអង្គចន្ទរាជា ដែលទាក់ទងទៅនឹងអ្នកតាឃ្លាំងមឿង ជំទាវ ខាន់ ខៀវ នោះឯង។ ឯនៅខាងកើតក៏មានព្រះរាជវាំង នៅឯព្រៃនគរក្នុង។ នេះបើសិនជាយើងមើលឲ្យឆ្ងាយជាងនេះ ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ យើងត្រូវដឹងថា មុនឆ្នាំ ១៩៧០ មានកម្លាំងប្រដាប់អាវុធ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រា ៤ តំបន់មួយគឺត្រួតត្រាដោយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុ តំបន់ត្រួតត្រាមួយទៀត គឺដឹកនាំពេលនោះ គេប្រសិទ្ធិនាមថា ជាខ្មែរខៀវ នៅជាប់ព្រំដែនកម្ពុជា-ថៃ មានការគ្រប់គ្រងទឹកដីខ្លះ។ តំបន់មួយទៀត គឺនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលគេហៅថា ខ្មែរស។ ឯតំបន់មួយទៀត គឺគ្រប់គ្រងក្នុងស្ថានភាពស្បែកខ្លា ដែលគេហៅថា ខ្មែរក្រហម នាពេលនោះ នេះមុនរដ្ឋប្រហារឆ្នាំ ១៩៧០។
ដល់ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ប្រទេសកម្ពុជារបស់យើងបានក្លាយទៅជាប្រទេសមួយ តំបន់ត្រួតត្រាពីរ មួយគឺគ្រប់គ្រងដោយ លន់ នល់ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើរដ្ឋប្រហារ មួយទៀតគឺគ្រប់គ្រងដោយរណសិរ្សរួបរួមជាតិកម្ពុជា របស់សម្តេចព្រះនរោត្តមសីហនុ។ ប្រទេសយើងបានហែកជាពីរ ហើយមានការប្រយុទ្ធប្រឆាំងគ្នា ស្លាប់ និងរបួសច្រើនណាស់។ បន្ទាប់ពីថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ប្រទេសកម្ពុជារបស់យើងក៏បានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
យើងក៏បានដឹងថា បើទោះបីជា ប៉ុល ពត មានកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយ ក៏ ប៉ុល ពត មិនអាចគ្រប់គ្រងបានទឹកដីទាំងស្រុងនោះទេ ព្រោះថានៅទិសនិរតី ទិសបស្ចឹម ខេត្តកោះកុង ក៏មានកម្លាំងតស៊ូ ដែលដឹកនាំដោយឯកឧត្តម សាយ ភូថង និងសម្តេចពិជ័យសេនា ទៀ បាញ់។ នៅទិសឦសានក៏មានការដឹកនាំតស៊ូ ដោយឯកឧត្តម ប៊ុន មី និងឯកឧត្តម ប៊ូ ថង។ ឆ្នាំ ១៩៧៧ និងដើមឆ្នាំ ១៩៧៨ ខ្លួន ខ្ញុំផ្ទាល់ក៏បានដឹកនាំកសាងកម្លាំងប្រដាប់អាវុធ និងចូលមកផ្ទៃក្នុងប្រទេស និងគ្រប់គ្រងសម្រាប់ស្រុកខ្លះ ដូចជានៅមេមត់ និងស្រុកស្នួល នៅក្នុងដំណាក់កាលនោះ។ សំខាន់ជាងទៀត នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៧៨ សម្តេច ហេង សំរិន សម្តេច ជាស៊ីម ក៏ធ្វើការបះបោរនៅភូមិភាគបូព៌ាទិស ដែលធ្វើឲ្យពេលនោះកម្លាំងតស៊ូក៏បានគ្រប់គ្រងទឹកដីមួយចំនួន មុននឹងឈានទៅបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
យើងក៏បានរួបរួមគ្នា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមានជំនួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាមបានទាន់ពេលវេលា។ ប៉ុន្តែសង្គ្រាមមិនទាន់ចប់ទេ ពេលនោះពិតជាមិនទាន់ចប់ ដោយសារមិនទាន់ចប់នោះ ប្រទេសកម្ពុជាក៏បានវិលត្រឡប់ទៅជាប្រទេសមួយដែលមានតំបន់ត្រួតត្រា ៤។ តំបន់ ១ គឺជាតំបន់ត្រួតត្រាដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ឬរដ្ឋកម្ពុជា ដែលមានប្រធានរដ្ឋ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា គឺសម្តេច ជា ស៊ីម នាយករដ្ឋមន្ត្រីគឺមានរូបខ្ញុំតែម្តង។ ពេលនោះកម្ពុជា មានរដ្ឋាភិបាល ២ និងតំបន់ត្រួតត្រា ៤។ តំបន់មួយដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញ គឺ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបន្ទាប់មកគឺរដ្ឋកម្ពុជា។ ឯតំបន់មួយទៀត គឺដឹកនាំដោយរដ្ឋាភិបាលចំរុះត្រីភាគី រដ្ឋាភិបាលនេះ គឺមានតំបន់ត្រួតត្រា ៣ និងកម្លាំងប្រដាប់អាវុធ ៣។ ដូច្នេះប្រទេសកម្ពុជាមួយ មានរដ្ឋាភិបាល ២ កម្លាំងប្រដាប់អាវុធ ៤ និងតំបន់ត្រួតត្រា ៤។ យើងមានកិច្ចព្រមព្រៀងប៉ារីស យើងអនុវត្តនូវកិច្ចព្រមព្រៀងប៉ារីស។
ពេលដែលកិច្ចព្រមព្រៀងប៉ារីសត្រូវបានអនុវត្ត បន្ទាប់ពីការបោះឆ្នោត ប្រទេសកម្ពុជាពីឆ្នាំ ១៩៧៩ ដល់ ១៩៩៣ ប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រា ៤ ប៉ុន្តែដល់ពេលពីឆ្នាំ ១៩៩៣ ដល់ចុងឆ្នាំ ១៩៩៨ ពេល ដែល អ៊ុន តាក់ ដកចេញ ប្រទេសកម្ពុជាមួយ មានតំបន់ត្រួតត្រា ២ រដ្ឋាភិបាល ២ និងកងកម្លាំងប្រដាប់អាវុធ ២ បន្តសង្គ្រាមតទៅទៀត។ ប៉ុន្តែចាប់ពីថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានក្លាយទៅជាប្រទេសដែលមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ នេះជាលើកដំបូងបង្អស់របស់ប្រវត្តិសាស្ត្ររបស់កម្ពុជា។
ជម្រុញវិស័យ ៣ ក្រោយសមាហរណកម្មនយោបាយ និងរដ្ឋបាល
ខ្ញុំក៏សុំយកឱកាសនេះ បញ្ជាក់ជូនថា ការធ្វើសមាហរណកម្មរបស់យើង មិនមែនគ្រាន់តែការធ្វើសមាហរណកម្មខាងនយោបាយ និងរដ្ឋបាលប៉ុណ្ណោះទេ។ ខ្ញុំបានប្រាប់ទៅសហការីរបស់ខ្ញុំ ដូចជាឯកឧត្តម ទៀ បាញ់ ឯកឧត្តម កែ គឹមយ៉ាន ឯកឧត្តម ប៉ុល សារឿន និងថ្នាក់ដឹកនាំដទៃទៀតថា ការធ្វើសមាហរណកម្មខាងនយោបាយ និងរដ្ឋបាលមិនគ្រប់គ្រាន់ទេ ប្រសិនបើយើងមិនយកចិត្តទុកដាក់ទៅលើការតភ្ជាប់។ ដូច្នេះហើយ បានយើងប្រញាប់ប្រញាល់ធ្វើការតភ្ជាប់ ហើយជម្រុញវិស័យ ៣ ឲ្យដើរមុខគេ ទី ១ គឺការតភ្ជាប់គមនាគមន៍ ដឹកជញ្ជូនទៅកាន់តំបន់ទាំងឡាយ តាមរយៈនៃការបំផ្លាញចោលគ្រាប់មីន ដែលពីដើមធ្លាប់តែរាំងស្កាត់ពីតំបន់មួយទៅកាន់តំបន់មួយ រួចហើយយើងរុញការតភ្ជាប់បើកផ្លូវសម្រាប់ប្រជាជនធ្វើចរាចរណ៍ទៅមក។ ទី ២ រុញវិស័យអប់រំ ទី ៣ រុញវិស័យសុខាភិបាល ដើម្បីឲ្យឃើញថាទាំងអស់គ្នាបានទទួលផលប្រយោជន៍ដូចៗគ្នា មិនមានការរើសអើង។ នេះជាចំណុចពិសេសនៃការអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់យើង គ្មានការរើសអើងណាមួយ ដែលត្រូវយកមកនោះទេ។
នេះជាចំណុចទី ៣ ដែលខ្ញុំសូមបញ្ជាក់ថា ពីប្រទេសមួយដែលធ្លាប់ពីតំបន់ត្រួតត្រាច្រើន មិនតិចជាងពីរ ជាងពីរពេលតែមួយ ទៅជាប្រទេសមួយដែលមានតំបន់ត្រួតត្រាតែមួយ ដែលសុំអោយរឿងនេះ បន្ដកើតជារៀងរហូតនៅលើទឹកដីដ៏អភ័ព្វរបស់យើង។ ខ្ញុំពិតជាមានសំណាង ដែលបានកើតឡើង ទោះបីជាមានបញ្ហាលំបាក រួមដៃជាមួយអស់លោកអ្នកទាំងឡាយ រួមដៃជាមួយប្រជាជនកម្ពុជា ដែលបានធ្វើឲ្យទឹកដីដ៏កម្សត់ ដែលធ្លាប់តែមានការកាប់សម្លាប់គ្នា ក្លាយទៅជាទឹកដីដ៏មានសុវត្ថិភាព ទោះជាមានបញ្ហាលំបាក។
បញ្ចប់ការព្រួយបារម្ភពីការបាត់បង់ជីវិតយុទ្ធជន និងប្រជាជនលែងក្លាយជាជនភៀសសឹក
ចំណុចទី ៤ ប្រជាជនដែលនៅតំបន់ប្រយុទ្ធលែងភ័យខ្លាចដូចពេលមុន ពេលដែលមានសង្គ្រាម ឪពុកម្ដាយ ប្រពន្ធ កូន និងក្រុមគ្រួសារកងទ័ព ឈប់ភ័យព្រួយពីសុវត្ថិភាពនៃកូនចៅ ប្ដីសីខ្លួន។ ប្រជាជនជួបជុំក្រុមគ្រួសារឡើងវិញបន្ទាប់ពីការព្រាត់ប្រាស។ នេះជាផលប្រយោជន៍ដែលកើតបានពីនយោបាយឈ្នះឈ្នះ។ មុននេះ ម្ដាយតែងបារម្ភពីកូននៅពេលដែលកូនចេញច្បាំង ប្រពន្ធកូនតែងមានការបារម្ភពីប្ដីនៅពេលដែលប្ដីចេញច្បាំង កូនតែងបារម្ភពីឪពុកនៅពេលដែលឪពុកចេញច្បាំង ប៉ុន្ដែរយៈពេល ២០ ឆ្នាំ កន្លងមកនេះ ពុំមានការព្រួយបារម្ភទៀតទេ។ ប្រជាជនដែលធ្លាប់រស់នៅជាជនភៀសសឹកនៅតំបន់ដែលមានការប្រយុទ្ធនៅក្នុងអតីតកាល ក៏លែងភ័យព្រួយ លែងរត់លូនទៀតដែរ។ គេពុំមានលេណដ្ឋាននៅក្រោមផ្ទះ គេមានទីកន្លែងសមរម្យរបស់ពួកគេ។ ហើយដីធ្លីរបស់ពួកគេកំពុងឡើងថ្លៃខ្លាំងណាស់នៅកន្លែងមួយចំនួន ដែលមុននេះជាទីកន្លែងដែលគេរត់ចោល ឥឡូវដីតំបន់នោះ វាឡើងថ្លៃខ្លាំងមែនទែនជាពិសេស តំបន់ប៉ោយប៉ែត ដែលគ្មានមនុស្សនៅទាល់តែសោះ ហើយឥឡូវនេះដីនោះបានក្លាយជាកន្លែងប្រណាំងប្រជែងនៃការតម្លើងថ្លៃ ឬរហូតឈានដល់ការមានជម្លោះលើបញ្ហាដីធ្លីទៀតផង។
ការបញ្ចប់សង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍជាតិ
ចំណុចទី ៥ ការបញ្ចប់សង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីទាំងស្រុង ផ្ដល់ឱកាសមាស ឱកាសពេជ្រសម្រាប់ឲ្យយើងប្រមូលផ្ដុំកម្លាំងមនុស្ស កម្លាំងប្រាជ្ញាកម្លាំងទ្រព្យសម្បត្ដិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។ រយៈពេល ២០ ឆ្នាំ កន្លងផុតមកនេះ យើងបានខិតខំបំផ្លាញអាវុធរាប់សិនម៉ឺនដើម កាត់បន្ថយកងទ័ពរាប់ម៉ឺននាក់ បន្ថយការចំណាយលើវិស័យការពារជាតិ មកបង្កើនការចំណាយលើវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ចវិញ។
ទាំងអស់នេះបានរួមចំណែកដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ ដែលធ្វើអោយយើងបានឆ្លងផុតពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ឆ្នាំ ១៩៩៨ ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជានៅពេលនោះមានប្រហែលជា ២០០ ដុល្លារ ឬក្រោម ២០០ ដុល្លារ បន្ដិច ប៉ុន្ដែ ២០ ឆ្នាំក្រោយ ប្រជាជនកម្ពុជាម្នាក់មានប្រាក់ចំណូលរហូតទៅដល់ ១៦០៧ ដុល្លារ ក្នុងម្នាក់។
នេះជាជោគជ័យធំសម្បើមរបស់ប្រជាជនកម្ពុជា ហើយយើងមានមហិច្ឆតារុញប្រទេសរបស់យើងឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ពិតមែនតែខ្ញុំពុំមានសង្ឃឹមថា នឹងអាចរស់នៅដល់ឆ្នាំ ២០៥០ ឬអាចរស់នៅដែរ ប៉ុន្ដែវាចាស់ជ្រុលពេក ក៏ប៉ុន្ដែខ្ញុំនៅតែដាក់ចេញនូវចក្ខុវិស័យនោះជាមួយសហការីរបស់ខ្ញុំ ដើម្បីធ្វើជាផែនទីចង្អុលផ្លូវសម្រាប់នាំប្រទេសឈានឡើង តែសុំផ្ដាំផ្ញើទុកអោយហើយថា ដើម្បីសម្រេចមហិច្ឆតា ដែលនាំប្រទេសទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ គឺតម្រូវអោយមានសន្ដិភាពដាច់ខាត គឺត្រូវធ្វើអោយប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាតែមួយដូចសព្វថ្ងៃ ទើបអាចទៅរួច។
អនុវត្ដយុទ្ធសាស្ដ្រ ២៖ ប្រែអតីសមរភូមិជាតំបន់អភិវឌ្ឍន៍ កសាងព្រំដែនសន្តិភាព/សហប្រតិបត្តិការ
សរុបមក យើងអនុវត្ដដោយជោគជ័យនូវយុទ្ធសាស្រ្ដ ២ គឺ យើងប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍។ សូមប្អូនទាំងឡាយមើលទៅចុះ ពីតំបន់ដែលធ្លាប់វាយប្រយុទ្ធគ្នាកាលពីពេលមុនឥឡូវបានក្លាយទៅជាតំបន់ដាំដុះ ទីផ្សារ សណ្ឋាគារ បានក្លាយទៅជារោងចក្រអស់ហើយ។ ពិតមែនហើយ នៅសេសសល់ចំណុចខ្លះដែលមិនទាន់បានដោះមីនបានអស់ ដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំដើម្បីបំផ្លាញចោលគ្រាប់មីន ប៉ុន្ដែលើស ៩០ % ហើយ ដែលយើងបានប្រែក្លាយតំបន់អតីតសមរភូមិ ដែលប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម អោយក្លាយជាតំបន់អោយអភិវឌ្ឍន៍ តំបន់ទាំងនោះដែលធ្លាប់ដាក់កាំភ្លើងធំវាយគ្នា បានក្លាយទៅជាទីផ្សារ។ ប្រជាពលរដ្ឋកំពុងសប្បាយរីករាយជាមួយនឹងការអភិវឌ្ឍ ការទទួលផល។
“សូមអ្នកទាំងឡាយកុំរំខានប្រជាជនកម្ពុជា”
សូមអ្នកទាំងឡាយកុំរំខានប្រជាជន កុំបង្កសង្គ្រាមរាំងជល់ តាមរបៀបដែលហៅថារបបប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ដែលទីចុងបំផុត សូម្បីតែប្រទេសប្រជាធិបតេយ្យក៏ធ្លាប់សាងកំហុសគឺគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់។ សូមអោយអ្នកទាំងឡាយក្ដាប់អោយជាប់មេរៀនពីអតីតកាល ប្រទេសមួយចំនួន កុំកសាងកំហុសលើកទី ៣។ កំហុសលើកទី ១ អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យតែអ្នកបានគាំទ្រ រដ្ឋប្រហារយោធា តើនោះជាលទ្ធិប្រជាធិបតេយ្យ ឬយោធានិយម? ឯកំហុសទី ២ អ្នកធ្លាប់បានគាំទ្រ ប៉ុល ពត ដែលសម្លាប់មនុស្ស ដែលមិនបានគិតគូរអំពីសិទ្ធិមនុស្សនោះទេ។ អ្នកបានគាំទ្រពួកគេអោយនៅអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល ១២ ឆ្នាំ ដូច្នោះសង្ឃឹមថា ប្រទេសទាំងនោះមិនធ្វើកំហុសលើកទី ៣ ដែលដាក់ទណ្ឌកម្មចំពោះអ្នកដែលបានខំខិតធ្វើការរក្សាសន្ដិភាព សេចក្ដីសុខ និងអាយុជីវិតរបស់ប្រជាជនដើម្បីធានាដល់ការអភិវឌ្ឍនោះទេ។ សូមបញ្ជាក់ឡើងវិញជាង ៩០% នៃតំបន់អតីតសមរភូមិ ពេលនេះសូមអញ្ជើញទៅលេងតំបន់នោះ រាប់ទាំងតំបន់នោះក្លាយទៅជាតំបន់ទេសចរណ៍ដែលមានការទាក់ទាញ។
យុទ្ធសាស្ដ្រទី ២ យើងបានប្រែក្លាយតំបន់ព្រំដែនទាំងអស់ឲ្យក្លាយជាតំបន់ព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍរួចស្រេចទៅហើយ។ យើងមានព្រំដែនជាប់ជាមួយនឹងប្រទេសវៀតណាម ព្រះរាជាណាចក្រថៃឡង់ដ៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តំបន់ព្រំដែនទាំងនោះ កាលពីពេលមុន គឺជាតំបន់ដែលមានការប្រយុទ្ធដោយខ្មែរ និងខ្មែរគ្នាឯង ឬខ្មែរជាមួយប្រទេសជិតខាង។ ប៉ុន្ដែឥឡូវតំបន់ទាំងនោះកំពុងក្លាយជាតំបន់ ដែលមានសន្ដិភាព មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍ នោះហើយជាចំណុចជាយុទ្ធសាស្ដ្រ ដែលយើងដាក់ចេញបន្ទាប់ពីការអនុវត្ដប្រកបដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ។
ការបញ្ចប់សង្គ្រាម នាំអោយកម្ពុជាបំពេញតួនាទី និងកិច្ចសហប្រតិបត្ដិការលើឆាកអន្ដរជាតិ
ចំណុចទី ៦ បញ្ចប់បានសង្គ្រាម កម្ពុជាបានចូលរួមចំណែកក្នុងការពង្រឹងសន្ដិភាពក្នុងតំបន់ និងចូលរួមដោះស្រាយកិច្ចការអន្ដរជាតិ។ ក្នុងតំបន់របស់យើង យើងបានចូលរួមក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌអនុតំបន់ មានអនុតំបន់មេគង្គ មានអ៊ិចមិច(ACMECS) មានស៊ីអិលអឹមវី (CLMV) មានស៊ីអិលវី(CLV) ហើយយើងមានយន្ដការមេគង្គ-ឡានឆាង មេគង្គ-ជប៉ុន មេគង្គ-កូរ៉េខាងត្បូង មេគង្គ-សហរដ្ឋអាមេរិក យើងធ្លាប់ធ្វើជាប្រធានអាស៊ានពីរដង ដោយរាប់ទាំងការចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកម្រិត មធ្យមអាស៊ីបូព៌ា យើងបានចូលរួមក្នុងក្របខណ្ឌនៃកិច្ចប្រតិបត្ដិការអន្ដរជាតិដោយបានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពទៅកាន់ប្រទេសជាច្រើនដូចជាបច្ចុប្បន្ន យើងមានកងទ័ពរបស់យើងនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្ដាលហើយមុននេះមាននៅឆាតផងដែរ។ យើងបានខិតខំដោយការទទួលខុសត្រូវ នៅឆ្នាំ ២០២០ យើងនឹងធ្វើម្ចាស់ផ្ទះនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅទីក្រុងភ្នំពេញ។
ការបញ្ចប់សង្គ្រាមនាំមកនូវទេសចរ និងវិនិយោគិន
ចំណុចទី ៧ អស់សង្គ្រាមនៅកម្ពុជា វិនិយោគិន និងទេសចរបរទេស ក៏ចូលមកបណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឥឡូវទំហំពាណិជ្ជកម្មរបស់កម្ពុជាកើនឡើងរហូតដល់ ២៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះកម្ពុជាបាននាំចេញប្រមាណ ១២ ពាន់លានដុល្លារអាមេរិក។ ពីចាប់ផ្ដើម ០ ទេសចរ ឥលូវនេះទេសចរមកលេងកម្ពុជាប្រមាណជិត ៦ លាន នាក់ ហើយសង្ឃឹមថា កើនឡើងច្រើនថែមទៀត។ នោះហើយជាជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលជារបស់យើងទាំងអស់គ្នា នឹងត្រូវខិតខំរក្សាឲ្យខាងតែបាន។
ភរិយាខ្ញុំ និងខ្លួនខ្ញុំ បានផ្សារភ្ជាប់នឹងទឹកដីនេះតាំងពីកម្សត់កម្រ
ខ្ញុំនិយាយច្រើនពេកហើយ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាជាពិសេសកងទ័ព ប៉ុន្ដែកងទ័ពបើមិនចេះឈរគេមិនហៅកងទ័ពទេ តែយ៉ាងណាក៏ដោយខ្ញុំសូមយកឱកាសនេះថ្លែងនូវការអរគុណសាជាថ្មីចំពោះសម្ដេច ពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំ ស្រាវជ្រាវ ក្នុងនោះមាននាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានស្រាវជា្រវយ៉ាងល្អិតល្អន់ និងបន្ដស្រាវជ្រាវទៅទៀត។ សូម្បីតែចំណុចដែលខ្ញុំបាននិយាយនៅថ្ងៃនេះក៏អាចនឹងក្លាយជាចំណុចដែលយកទៅឆ្លាក់នៅលើថ្មនៅពេលនោះ ថាជាថ្ងៃសម្ពោធនៅទីនេះដែរ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានសិក្សា។ សូម្បីនៅតាមសាកលវិទ្យាល័យ វិទ្យាល័យនានា ក៏អាចមករកកន្លែងនេះធ្វើជាទីកន្លែងនៃការសិក្សាពាក់ព័ន្ធដំណើរជាតិកម្ពុជារបស់យើង។ ខ្ញុំមិនមែនអោយចាត់ទុកខ្ញុំជាអាទិទេពអ្វីនោះទេ ប៉ុន្ដែអ្វីដែលសំខាន់តួអង្គដែលពាក់ព័ន្ធនៅក្នុងរឿងនេះគឺមានខ្លួនខ្ញុំនៅទីនោះច្រើន ខ្ញុំមិនមែនមនុស្សបុគ្គលនិយមទេ ប៉ុន្ដែខ្លួនខ្ញុំ និងភរិយា បានផ្សារភ្ជាប់ជាមួយនឹងទឹកដីនេះតាំងពីភាពកម្សត់កម្រ ចំរៀងមួយបទ ដែលទើបនឹងចេញថ្មី «សំបុត្រដែលពិបាកសរសេរបំផុត» បញ្ជាក់ពីអត្ថន័យលំបាកបំផុតនៃការសម្រេចចិត្តចាកចេញទាំងទឹកភ្នែក ដើម្បីយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រជាជាតិកម្ពុជារបស់យើង។ អរគុណចំពោះការគាំទ្រទាំងអស់របស់ប្រជាជន អរគុណសម្រាប់ការចូលរួម អរគុណចំពោះបងប្អូនជនរួមជាតិ ដែលថ្ងៃនេះមានកម្ដៅថ្ងៃ ស្អែកទើបត្រជាក់ប៉ុន្ដែថ្ងៃនេះក្ដៅបន្ដិច សូមអញ្ជើញសប្បាយរីករាយ ៣ យប់ ៣ ថ្ងៃ រាំលេងកម្សាន្ដតាមចិត្តនៅទីនេះ។
ជាទីបញ្ចប់ជូនពរអ្នកចូលរួមទាំងអស់បានសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យ ហើយជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់នូវវិមានឈ្នះឈ្នះ ក៏ដូចជាមហាវិថី និងស្ពានឈ្នះឈ្នះគឺស្ពានព្រែកព្នៅរបស់យើងនេះ ខ្ញុំសូមជូនពរអ្នកទាំងអស់ដែលបានចូលរួមនៅទីនេះសូមជួបប្រទះនូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕