កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ក្រោមប្រធានបទ ភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរ ការចូលរួមជាមួយពិភពលោក បានប្រារព្វពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៩មេសា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីន ចំកណ្តាលទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ មេដឹកនាំនៃប្រទេសអាស៊ានទាំង១០ប្រទេស បានយាងនិងអញ្ជើញចូលលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលហ្វីលីពីនធ្វើជាប្រធានប្តូរវេនរបស់អាស៊ានក្នុងឆ្នាំ២០១៧ ពោលនេះគឺជាលើកទី៤ហើយ ដែលប្រទេសហ្វីលីពីនបានដើរតួនាទីជាប្រធានប្តូរវេនអាស៊ាន ដែលលើកទី១នៅឆ្នាំ១៩៨៧ លើកទី២ឆ្នាំ១៩៩៩ និងលោកទី៣នៅឆ្នាំ២០០៦។
កិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១៧ គឺស្របពេលទៅនឹងការប្រារព្វខួបលើកទី៥០ នៃការបង្កើតសមាគន៍អាស៊ាន។ នៅមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ពីសំណាក់ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ។
សូមបញ្ជាក់ដែរថា មេដឹកនាំអាស៊ាន ទាំង១០ប្រទេស ដែលបានយាងនិងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១០ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅពេលនេះរួមមាន ព្រះករុណាស៊ុលតង់ នៃព្រះរាជាណាចក្រប្រ៊ុយណៃដារ៉ុយសាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យូកូ យូដូយូណូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោកជំទាវ ឯកឧត្តម ថង់លួន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ ឯកឧត្តមដាតុប៊ីន ណាជីបរ៉ាហ្សាក់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងលោកជំទាវ លោកជំទាវ អ៊ុង ស៊ានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាំពមីយ៉ាន់ម៉ារ ឯកឧត្តម លី សៀនឡុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបុរី ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងលោកជំទាវ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោកជំទាវ រួមទាំងអគ្គលេខាធិការអាស៊ាន និងលោកជំទាវ។
នៅក្នុងពិធីបើកនោះដែរ បណ្តាមេដឹកនាំអាស៊ានទាំង១០ប្រទេស រួមទាំងឥស្សរជនឆ្នើមអាស៊ាន និងបណ្តាមេដឹកនាំទាំងអស់ ដែលមានវត្តមានក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ បានអញ្ជើញគោរពភ្លេងជាតិអាស៊ាន និងបានទស្សនានូវរបាំប្រជាប្រិយរបស់សាធារណរដ្ឋហ្វីលីពីន ដែលបានសំដែងក្នុងព្រឹត្តិការណ៍ នៃពិធីបើក កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកមពូលអាស៊ានលើកទី៣០ ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ បានធ្វើការអំពាវនាវដល់បណ្តារដ្ឋជាសមាជិកអាស៊ានទាំអស់ សូមធ្វើការឧទ្ទិសនិងប្តេជ្ញាចិត្តជាថ្មីចំពោះគិលការណ៍ និងគោលបំណងស្ថិតនៅពីក្រោយការបង្កើត អាស៊ាន ដោយប្រកាន់ខ្ជាប់នូវនីតិរដ្ឋ។ ឯកឧត្តមប្រធានមានប្រសាសន៍បន្តថា ស្មារតីជាសហគមន៍អាស៊ាន នឹងបង្កលទ្ធភាពឲ្យអាស៊ានជម្នះបាននូវរាល់បញ្ហាប្រឈមនានា។ ជាមួយគ្នានេះឯកឧត្តមប្រធានក៏បានអំពាវនាវដល់ដៃគូសន្ទនាទាំងអស់របស់អាស៊ាន បន្តគាំទ្រដោយឥតងាករេសម្រាប់ការអភិវឌ្ឍរបស់អាស៊ាន និងសម្រាប់តួនាទីរបស់ខ្លួន នៅក្នុងកិច្ចការសន្តិសុខ ស្ថិរភាព និងការរីកចម្រើនក្នុងតំបន។ ទន្ទឹមនឹងនេះឯកឧត្តមប្រធានក៏បានអំពាវនាវដល់ បណ្តាដៃគូសន្ទនាទាំងអស់របស់អាស៊ាន ឧទ្ទិសជាថ្មីចំពោះគោលបំណង និងគោលការណ៍ដែលមានចែងក្នុងសន្ធិ សញ្ញាមិត្តភាព និងសហប្រតិបត្តិការ រួមទាំងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង សំដៅលើកកម្ពស់សន្តិភាព និងស្ថេរភាពក្នុងតំបន់ តាមរយេះការគោរពនីតិរដ្ឋ។ ជាមួយនិងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំនោះដែរ ឯកឧត្តមប្រធានកិច្ចប្រជុំក៏បានលើកឡើងពី ស្ថានភាពសេដ្ឋកិច្ចរបស់អាស៊ានក្នុងឆ្នាំ២០១៦ ក្នុងនោះផលិតផលក្នុង ស្រុកសរុប មានចំនួន ២,៥៥ ទ្រីលានដុល្លាអាមេរិក មានការកើនឡើងចំនួន ៤,៥% ធៀបនឹងឆ្នាំ២០១៥ បើទោះបី បរិយាកាសសកលលោកមានបញ្ហាប្រឈមក៏ដោយ។ ឯកឧត្តមប្រធានកិច្ចប្រជុំក៏បានរំពឹងដែរថា ក្នុងឆ្នាំ២០១៧នេះ កំណើនសេដ្ឋកិច្ចនឹងកើនឡើងដល់ ៤,៦% ដោយសារកំណើនរឹងមាំនៃការប្រើប្រាស់ និងវិនិយោគឯកជន ព្រមទាំងគោលនយោបាយសារពើពន្ធត្រូវបានពង្រីក។ នៅពាក់កណ្តាលឆ្នាំ២០១៦ ពាណិជ្ជកម្មរបស់អាស៊ាននៅតែខ្លាំង ពោលគឺមានទំហំ ១,០៦ទ្រីលានដុល្លា ក្នុងនោះ២៤,១៩% គឺជាការវិនិយោគក្នុងអាស៊ាន។ ទន្ទឹមនឹងនេះនៅពាក់ កណ្តាលឆ្នាំ២០១៦ អាស៊ានបានទាក់ទាញវិនិយោគផ្ទាល់ពីបរទេស សរុបចំនួន ៥៤,០៧ពាន់លានដុល្លា ក្នុង២១, ២៦% គឺជាការវិនិយោគក្នុងអាស៊ាន។ ជាមួយគ្នានេះអាស៊ានផ្តោតសារសំខាន់ ទៅលើការជំរុញកម្មវិធីផ្តួចផ្តើមនានា ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនអាស៊ាន និងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីបង្កើន ពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់។
បន្ទាប់មកបណ្តាមេដឹកនាំអាស៊ាន បានយាងនិងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូល ពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ស្តីពីការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងមាគ៌ាឆ្ពោះទៅមុខ។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ មេដឹកនាំអាស៊ានបានសំដែងនូវអំណរសាទរ ចំពោះតួនាទីជាប្រធានអាស៊ាន របស់សាធារណរដ្ឋហ្វីលីពីន ដែលបានដាក់ចេញនូវមូលបទដ៏មានសារសំខាន់ សម្រាប់ជាត្រីវិស័យ ក្នុងការសំរេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ ស្របនិងខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលហ្វីលីពីនក្នុងឋានះជាប្រធានអាស៊ានឆ្នាំ២០១៧ បានដាក់ចេញនូវចំណុចជាអាទិភាពចំនួន៦ ក្នុងនោះរួមមាន ១ការយកចិត្តទុកដាក់លើប្រជាជន និងការយកប្រជាជនជាស្នូល ២សន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់ ៣កិច្ចសហប្រតិបត្តិការ និងសន្តិសុខក្នុងលំហរសមុទ្រ ៤ការរីកចម្រើនដោយគំនិតច្នៃប្រឌិតថ្មីសម្រាប់ទាំងអស់គ្នា ៥ភាពរឹងមាំរបស់អាស៊ាន និង៦អាស៊ានជាគំរូនៃសមាហរណកម្មតំបន់ តួអង្គមួយក្នុងសកលលោក ដើម្បីគាំទ្រដល់ដំណើរការពង្រឹងការអនុវត្តសសរស្តម្ភ នៃសហគមន៍នយោបាយ សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន។ ជាមួយគ្នានេះកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ក៏បានផ្តោតការយកចិត្តទុក ដាក់លើការផ្លាស់ប្តូរទស្សនះលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់និងផលប្រយោជន៍រួមរបស់អាស៊ាន ក្នុងន័យ សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងការពង្រឹងទំនាក់ទំនងដៃគូក្រៅតំបន់ អាស៊ាន។ ពាក់ព័ន្ធនឹងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងមាគ៌ាឆ្ពោះទៅមុខ មេដឹកនាំអាស៊ាន បានធ្វើការកោតសរសើរដល់ការងាររបស់ស្ថាប័នជំនាញ និងអង្គការផ្សេងៗរបស់អាស៊ាន ចមពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការលំអិតសហគមន៍អាស៊ានឆ្នាំ២០២៥ និងបានកត់សំគាល់ដល់កិច្ចខិតខំប្រឹងប្រែង និងកិច្ចការជាបឋមរបស់គណះកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន និងក្រុមការងារគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន(២០១៦-២០២០)។
ជាមួយគ្នានេះមេដឹកនាំអាស៊ានបានអនុម័តលើទិសដៅ ដែលរដ្ឋមន្រ្តីការបរទេសអាស៊ាន បានដាក់ចេញសម្រាប់ជាមធ្យោបាយជាក់លាក់ និងប្រកបដោយការ ប្រុងប្រយ័ត្ន ក្នុងការធ្វើបច្ចុប្បន្នភាពនៃធម្មនុញ្ញអាស៊ាន ដោយពិចារណាលើជំហរនិងទស្សនះរបស់ប្រជាសមាជិកទាំងអស់។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានសំដែងនូវការរីករាយជាមួយនិងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយអំពីសិទ្ធិមនុស្សទៅក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងបានកត់សំគាល់លើកិច្ចសហប្រតិ បត្តិការ និងកិច្ចពិគ្រោះយោបល់អន្តរសសរស្តម្ភ និងអន្តរវិស័យរបស់គណះកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស។
នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះការចូលជាធរមាន នៃអនុសញ្ញាអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្រ្តីនិងកុមារ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ និង បានស្វាគមន៍ចំពោះការអនុម័តផែនការការងារអាស៊ាន ស្តីពីការធានាចំពោះសហគមន៍ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់(២០១៦-២០២៥) ដើម្បីដោះស្រាយបញ្ហាសកម្មភាពគ្រឿងញៀនខុសច្បាប់ និងជួយកាត់ បន្ថយផលវិបាកចំពោះសង្គម។ ទាក់ទិនទៅនិងបញ្ហាក្រៅតំបន់អាស៊ាន មេដឹកនាំអាស៊ានបានគូសបញ្ជាក់ជាថ្មី អំពី សារសំខាន់នៃការរក្សាតួនាទីស្នូលរបស់អាស៊ាន ក្នុងនិម្មាបនកម្មតំបន់។ ជាមួយគ្នានេះលើបញ្ហាតំបន់និងអន្តរជាតិ មេដឹកនាំអាស៊ានបានកត់សំគាល់អំពីសភាពការណ៍ វិវត្តន៍ប្រកបដោយភាពវិជ្ជមានក្នុងសមុទ្រចិនខាងត្បូង ជាពិសេសបន្ទាប់ពីការអនុម័តសេចក្តីប្រកាសរួម ស្តីពីការអនុវត្តក្រមសម្រាប់ការពើបប្រទះ ដោយមិនបានគ្រោងទុកក្នុង លំហរសមុទ្រ នៅសមុទ្រចិនខាងត្បូង។ ចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េ មេដឹកនាំអាស៊ានបានសំដែងនូវការព្រួយ បារម្ភជាខ្លាំងទៅលើការវិវត្តន៍នាពេលបច្ចុប្បន្ននៅក្នុងឧបទ្វីបកូរ៉េ ដែលអាចក្លាយជាការគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន។ លើបញ្ហាកង្វល់នោះ មេដឹកនាំអាស៊ានបានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្តើមឡើងវិញ នូវការចរចាប្រាំមួយភាគី ដើម្បីឈានទៅសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរដោយសន្តិវិធី នៅឧបទ្វីបកូរ៉េ។
បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣០ កិច្ចប្រជុំកំពូលពេញអង្គចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០រួចមក មេដឹកនាំអាស៊ានទាំងអស់ បានយាងនិងអញ្ជើញឡាយព្រហត្ថ និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីតួនាទីរបស់មុខងារសាធារណះ ជាកាតាលីករសម្រាប់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ដែលជាឯកសារគោលផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមឧត្តមមន្រ្តីអាស៊ាន ក៏ដូចជាក្រុមការងារបច្ចេកទេសរបស់អាស៊ាន សំរេចបានក្នុងរយៈពេលកន្លងមក ដើម្បីយកទៅអនុវត្តក្នុងចំណោមប្រទេសអាស៊ានទាំងអស់។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ មេដឹកនាំអាស៊ាន បានជួបសន្ទនាដោយផ្ទាល់ជាមួយគណៈប្រតិភូ តំណាងអន្តរសភាអាស៊ាន និងតំណាងយុវជនអាស៊ាន ដែលក្នុងជំនួបទាំងពីរនោះ មេដឹកនាំអាស៊ានបានស្តាប់នូវ របាការណ៍និងអនុសាសន៍នានា ស្តីពីការងារពាក់ព័ន្ធរៀងៗខ្លួន សំដៅរួមចំណែកសំរេចឲ្យបាននូវដំណើរការ សហគមន៍អាស៊ាន ដ៏ពេញលេញមួយ ដែលយកចិត្តទុកដាក់ចំពោះប្រជាជន និងយកប្រជាជនជាស្នូល។ នៅក្នុងកិច្ច សន្ទនាដោយផ្ទាល់នោះដែរ មេដឹកនាំអាស៊ានបានលើកទឹកចិត្តដល់ស្ថាប័នអន្តរសភាអាស៊ាន និងយុវជនអាស៊ាន ទាំងអស់ ត្រូវតែជំរុញឲ្យកាន់តែខ្លាំងឡើង ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងឯកជន ពិសេសទៅទៀតនោះពាក់ ព័ន្ធទៅនិងសហគមន៍ សង្គមវប្បធម៌អាស៊ាន មេដឹកនាំអាស៊ានបានគូសបញ្ជាក់ជាថ្មី អំពីសារសំខាន់ក្នុងការលើក កំពស់ការបំពេញឲ្យគ្នាទៅវិញទៅមក រវាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងរបៀបវារៈសហប្រជាជាតិឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះមេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម របស់ក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ាន ដើម្បីលើកកម្ពស់ វប្បធម៌របៀបវារៈបង្ការ ក្នុងគោលបំណងសម្រេចឲ្យបានពេញលេញ នូវការចូលរួមចំណែកប្រកបដោយសក្តានុពលនៃក្របខណ្ឌការងារ តាមវិស័យពាក់ព័ន្ធ ដែលស្ថិតក្រោមក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ាន។
សូមបញ្ជាក់ផងដែរថា កិច្ចសន្ទនារវាងមេដឹកនាំអាស៊ាន ជាមួយនិងតំណាងប្រតិភូអន្តរសភាអាស៊ាន និងគណៈប្រតិភូយុវជនអាស៊ាន ត្រូវបានប្រារព្វធ្វើជារៀងរាល់ ឆ្នាំ ដើម្បីពិនិត្យមើលពីកាលនុវត្តភាពដែលក្រុមការងារសម្រេចបាន និងការងារពាក់ព័ន្ធមួយចំនួនដែលមិនត្រូវបាន ពិនិត្យដោះស្រាយ ដើម្បីផ្តល់ជាយោបល់និងអនុសាសន៍មួយចំនួន ដល់មេដឹកនាំអាស៊ានយកទៅធ្វើការពិចារណា និងស្នើដល់បណ្តាប្រជាជាដៃគូសន្ទនា ដែលទាក់ទិនទៅនិងបញ្ហាមួយចំនួនដែលជាកង្វល់ពិតប្រាកដ របស់ស្ថាប័ន នីមួយៗ។ នៅក្នុងកិច្ចសន្ទនាដោយផ្ទាល់នេះ មេដឹកនាំអាស៊ាន និងតំណាងគណះប្រតិភូអន្តរសភាអាស៊ាន និងគណៈប្រតិភូយុវជនអាស៊ាន ក៏បានវាយតម្លៃរួមគ្នាចំពោះកាលានុវត្តភាពដែលសំរេចបាន ពីចន្លោះកិច្ចប្រជុំកំពូល អាស៊ានលើកទី២៨-២៩ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
បន្ទាប់មកនៅរសៀលថ្ងដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំកំពូកអាស៊ានលើកទី៣០។
ឯកឧត្តមប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌូទើតេ មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា និងបានចាត់ទុកថា កម្ពុជាគឺជាមិត្តដ៏ស្ម័គ្រ ស្មោះគួរឲ្យទុកចិត្ត និងជាមិត្តដ៏ល្អបំផុត។ នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសនៃប្រទេសហ្វីលីពីន បានថ្លែងជំរាបជូនសម្តេចតេជោដែរថា ហ្វីលីពីននឹងបើកចំហរទូរស័ព្ទសម្រាប់ការពិភាក្សាគ្នាភ្លាមៗ ជាមួយនិងសម្តេចតេជោនាយករដ្ឋមន្រ្តី នៅពេលមានការចាំបាច់អ្វីមួយដែលត្រូវពិភាក្សា។
ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីបាន បញ្ជាក់ដែរថា ឯកឧត្តមនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅថ្ងៃទី១០ដល់ថ្ងៃទី១២ឧសភា តបតាមការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ហ្វីលីពីន ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើ ការពង្រឹងនិងពង្រីក នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការជំរុញនូវការវិនិយោគ និងពាណិជ្ជកម្ម ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ និងលោកជំទាវ បានប្រារព្វពិធីលាងសាយភោជន៍ជាមហាកិត្តិយសខ្ពស់ បំផុត ជូនដល់បណ្តាមេដឹកនាំអាស៊ាន ឧត្តមមន្រ្តីអាស៊ាន និងគណេះប្រតិភូផ្នែកធុរកិច្ច នៃបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទើតេ មានប្រសាសន៍ក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសនោះថា ក្នុងនាមប្រជាជនហ្វីលីពីន និងក្នុងនាមឯកឧត្តមផ្ទាល់និងភរិយា ឯកឧត្តមសូមសំដែងនូវការគោរពដោយស្មោះថ្វាយនិង ជូនចំពោះ ព្រះករុណាស៊ុលតង សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានទាំងអស់ ដែលបានចំណាយ នូវព្រះរាជពល ព្រះបញ្ញាញាណ និងកម្លាងកាយចិត្ត ក្នុងការយាងនិងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក ទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលនោះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ពីករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ចំពោះអាស៊ាន ដែលបានយកប្រជាជនជាស្នូល។
ឯកឧត្តមប្រធានាធិបតីក៏បានសំដែង នូវការវាយតម្លៃខ្ពស់ ចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលបានខិតខំអស់ពីសមត្ថភាព ក្នុងការសំរេចបាននូវ មហាសមិទ្ធផលដ៏ធំធេង ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ពិសេសការចេញនូវសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី តួនាទីមុខងារសាធារណះ ជាកាតាលីករសម្រាប់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។