ព្រះមហាក្សត្រ សេ្តចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ជារាស្រ្ត ចំនួន ៤៧៤ គ្រួសារ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង

AKP, ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧–  ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​​បំផុត ព្រះអង្គ បាន​សព្វព្រះរាជហរទ័យ ស្តេចយាងសូរ សុខទុក្ខដោយផ្ទាល់ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ចំនួន៤៧៤ គ្រួសារ ស្ថិតនៅឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧។

ក្នុងការចូលរួមដង្ហែរព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសនេះ មានវត្តមាន ដ៏ខ្ពង់ខ្ពស់ សម្តេច ចៅហ្វា វាំង វរវៀងជ័យ អធិបតី ស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង និង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងនាយម៉ឺនសព្វមុខមន្រ្តី នៃក្រសួងព្រះបរមរាជ វាំង និងអាជ្ញាធរខេត្ដព្រៃវែងជាច្រើនផងដែរ។

ក្នុងការយាងដល់ដល់ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង     ព្រះករុណាជាអម្ចាស់ជីវិត លើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានសព្វព្រះរាជហឬទ័យ ស្តេចយាង ចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយគ្រួសារប្រជាកសិករចំនួន៣គ្រួសារដល់ក្នុងលំនៅឋាន ព្រមទាំង ព្រះអង្គ បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន នូវគ្រួសារទាំង ៣ ដោយក្នុងមួយ គ្រួសារៗ ទទួល បានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ មានមុង១ ភូយ១ សារុង១ និងក្រមា១ កន្ទេល ១ មី ១កេស ត្រីខ ១០កំប៉ុង ស្បែកជើងផ្ទាត់ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និង ថវិកា ១០ម៉ឺនរៀល។

បន្ទាប់មក ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ បន្តយាងជួបសំណេះសំណាល និង ប្រោស ព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ ដល់ប្រជារាស្រ្តជាកសិករ ចំនួន ៤៧៤ គ្រួសារ បន្ថែមទៀត ដោយក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះអង្គបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ជាទី បំផុត ពីសំណាក់ ឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ និងភូមិគ្រប់លំដាប់ថ្នាក់ ព្រមទាំង បងប្អួនប្រជាពលរដ្ឋ លោកយាយលោកតា ដែលជាកួន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករលឹក និងគោរព ស្រលាញ់ជាទីបំផុត។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជ បន្ទូលសំដែងនូវព្រះរាជហរទ័យសប្បាយរីករាយ ដោយបានជូបលោកតាលោក យាយ និងប្រជា រាស្រ្តជា​កូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយ ប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាក់សូរសុខទុក្ខ ពីសំណាក់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តច យាយទូត ជូនប្រជារាស្ត្រជាកួន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គ តែងតែយក ព្រះរាជហរទ័យ ទុកដាក់ពីសុខទុក្ខ និងការលំបាក​ ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គ គ្រប់ពេលវេលា។ ព្រះអង្គបានមានព្រះបន្ទូលកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏បិនប្រសព្វ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល បាននាំមកនូវ សុខសន្តិភាព សេ្ថរភាពនយោបាយ ព្រមទាំងបាន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ លើគ្រប់វិស័យ បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែ​ប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែល ទទួលបានការកោតសរសើរពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាប្រមុខដឹកនាំ តែងតែបានវិធានការបាន ទាន់ពេលវេលា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ដែលបានធ្វើឱ្យព្រះរាជហឬទ័យរបស់ព្រះអង្គផ្ទាល់ និង ព្រះរាជហឬទ័យរបស់សម្តេច ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅ។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហរទ័យ ស្តេចយាង ប្រោសព្រះរាជ ទាននូវព្រះរាជអំណោយដោយ​ផ្ទាល់​ព្រះហស្ថ​របស់ព្រះអង្គ ដល់ប្រជារាស្រ្តទាំង ៤៧៤ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ មានមុង១ ភូយ១ សារុង១ និងក្រមា១ កន្ទេល១ មី ១កេស ត្រីខ១០កំប៉ុង ស្បែកជើងផ្ទាត់១គូរ អាវយឺត មានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ១០ម៉ឺនរៀល។ ដោយឡែក ក្រុមគ្រួពេទ្យ ចំនួន ៤នាក់ ក្នុងម្នាក់ៗទទួលបានឃីតមួយកញ្ចប់ មានមុង១ ភូយ១ សារុង១ និងក្រមា១ ថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕

ដោយ សោម ឬទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ