សុន្ទរកថា ឯកឧត្តម ប៊ិន ឈិន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-កម្មការិនី បុគ្គលិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបលើកទី ១៣១ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៧

សុន្ទរកថា

របស់

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-កម្មការិនី បុគ្គលិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបលើកទី ១៣១ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៧

  • សូមក្រាបថ្វាយបង្គំ ព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគណខេត្តព្រះសីហនុ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ

–      ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល

–      ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ បងប្អូន កម្មករ កម្មការិនី និងបុគ្គលិក នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាទីស្នេហា

  • ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរូមអបអរសាទរ​ដោយក្តី​សោមនស្ស​រីករាយ​ជាអនេកប្បការ ជាមួយបងប្អូន កម្មករ និយោជិត និយោជក នៅទូទាំងប្រទេស ជាពិសេស​ជាមួយ​នឹងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក កម្មករ និងកម្មការិនីទាំងអស់ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ​របស់យើង ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០១៧ នេះ។ ខ្ញុំព្រះករុណា​ខ្ញុំ សូមឧទ្ទិស​ទិវា​ដ៏មាន​​អត្ថន័យនេះ អោយក្លាយទៅជាទិវានៃសាមគ្គីភាព ភាតរភាព សមភាព សម្រាប់ពលករកម្ពុជា ក៏ដូចជា​សម្រាប់​មហាគ្រួសារ នៃសង្គមជាតិកម្ពុជាទាំងមូល។ ជាមួយនេះ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់សូមមេត្តា ខិតខំពង្រឹងនូវភាពសុខដុមរមនា រវាងគ្នា និងគ្នា អោយបានជាអតិបរមា ដើម្បីភាព​សុខដុម​រមនា នៃមហាគ្រួសារ សង្គមជាតិខ្មែរយើងទាំងមូល។
  • ដូចដែលបងប្អូនកម្មករ និយោជិត ជ្រាបស្រាប់នៅទីកន្លែងនេះ បងប្អូនកម្មករ និងនិយោជិត នៃកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុរបស់យើង តែងតែបានរីករាយជួបជុំគ្នាអបអរសាទរ ទិវាពលកម្មអន្តរជាតិនេះ ជារៀងរាល់ឆ្នាំ។ ការប្រារព្ធពិធីអបអរទិវាពលកម្មអន្តរជាតិនៅថ្ងៃនេះ នៅទីនេះ គឺនៅតែមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតសម្រាប់ រាជរដ្ឋាភិបាល និងពិសេសសម្រាប់រូបខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ហើយក៏ជា​ឱកាស​ដ៏ល្អមួយដែលខ្ញុំព្រះករុណាខ្ញុំបានមក ចូលរួមជួបជុំសប្បាយរីករាយ និងចូលរួម​លើកទឹកចិត្ត បងប្អូនជា កម្មករ កម្មការិនី បុគ្គលិក នៃកំពង់ផែស្វយ័ត​ក្រុង ព្រះសីហនុ ដែលជាអង្គភាពសហគ្រាសសាធារណៈមួយ ក្នុងចំណោមអង្គភាពទំាងឡាយ ​ដែលមានស្នាដៃខ្ពស់គួរ អោយកោតសរសើរ ដោយបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាព​ជោគជ័យ។
  • កំពង់ផែស្វយ័តក្រុង ព្រះសីហនុ គឺជាច្រកសេដ្ឋកិច្ចជាតិដែលមានចរិតជា​អង្គភាព​យុទ្ធសាស្រ្ត​ ក្នុងការ ទ្រទ្រង់សកម្មភាពពាណិជ្ជកម្ម អន្តរជាតិ​របស់​កម្ពុជាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក និងនាពេលបច្ចុប្បន្ន ហើយនិងបន្តទៅអនាគត។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ សូមសំដែងនូវការ​កោត​សរសើរចំពោះថ្នាក់ដឹកនាំ ក្រសួងសាធារណការនិងដឹកជញ្ជូន ជាពិសេស​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក កម្មករ កម្មការិនី កំពង់ផែស្វយ័តក្រុង ព្រះសីហនុ​ទាំងអស់ ដែលបានខិតខំបំពេញ​ការងារយ៉ាងសស្រាក់សស្រាំបំផុត ប្រឹងអស់កម្លាំងកាយចិត្តរហូតទទួល បាននូវលទ្ធផល​អាជីវកម្មកើនឡើងជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ ថ្វីត្បិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំហំតូច ធៀបនឹងកំពង់ផែផ្សេងៗក្នុងតំបន់ ប៉ុន្តែគុណភាព និងល្បឿនសេវាកម្មលើកដាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកកំពស់ជាបន្តបន្ទាប់ដែលធ្វើអោយគុណភាពសេវាកម្មបច្ចុប្បន្ននេះ អនុវត្តបានដូចកំពង់ផែផ្សេងៗក្នុងតំបន់ ផងដែរ។ ទាំងនេះគឺជាចំណែកនៃការចូលរួមលើកកំពស់កំណើន​សេដ្ឋកិច្ច​ជាតិយ៉ាងពិតប្រាកដ។
  • ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនកម្មករ កម្មការិនី និងនិយោជិតទាំងអស់ !
  • ថ្ងៃទី ១ ឧសភា គឺជាទិវាប្រវត្តិសាស្ត្ររបស់ពិភពលោកទាំងមូលដែលត្រូវបានប្រារព្ធឡើង ដើម្បីរំលឹក​ឡើងវិញ​​អំពីភាពជោគជ័យរបស់ពលករកាលពី ១៣១ ឆ្នាំ ដែលបានទាមទារឱ្យមានការទទួលស្គាល់តម្លៃនៃពលកម្ម និងគោរពតាមលក្ខខណ្ឌស្មើភាព ក្នុងការប្រកបការងារគ្រប់ប្រភេទដោយគ្មានការរើសអើង។ ចំពោះប្រទេសកម្ពុជា​យើងវិញ ចាប់តាំងពីថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍មក រាជរដ្ឋាភិបាលបានប្រារព្ធពិធីទិវាពលកម្មអន្តរជាតិ ជារៀងរាល់ថ្ងៃទី ១ ខែឧសភា ដែលជាថ្ងៃបុណ្យការងារ​របស់​ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ និងកម្មករ និយោជិតទាំងអស់ ដែលនេះ​ជាការបញ្ជាក់យ៉ាង​ច្បាស់ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកម្មករ និយោជិត និងអង្គការសហជីព​ទាំងអស់​នៅកម្ពុជា។ ឆ្នាំនេះ យើងបានបន្តចូលរួមជាមួយគ្នា អបអរសាទរខួបលើកទី ១៣១ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ទាំងអស់ គ្នាក្នុងបរិការណ៏មួយ ដែលព្រះរាជាណាចក្រកម្ពុជាយើងកំពុងបន្តក្រេបជញ្ជក់នូវសន្តិភាព ឯកភាពទឹកដី ស្ថិរភាព នយោបាយ លទ្ធិប្រជាធិបតេយ្យ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយការរក្សា​បាន​ទាំងស្រុងនូវអធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍឥតឈប់ឈររបស់ជាតិមាតុភូមិ និងសុភមង្គលនៃ ប្រជាជនកម្ពុជាគ្រប់រូប។
  • ជាការពិត រាជរដ្ឋាភិបាលកម្ពុជាបានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង សម្រេចកំណើនសេដ្ឋកិច្ចខ្ពស់​ប្រកប​ដោយភាពធន់។ ជាពិសេស ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ផលិតផលក្នុងស្រុកសរុប (ផផស) កម្ពុជា មានកំណើនជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ជាមួយនឹងការរក្សាបាននូវស្ថិរភាព​អាត្រាប្ដូរប្រាក់​ជាមធ្យមប្រមាណ ៤០០០ រៀល ក្នុង ១ដុល្លារ និង អតិផរណាជាមធ្យម គឺមានកម្រិតទាបក្នុងរង្វង់ ៥% ហើយជាងនេះទៅទៀត ទោះបីជាមានវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកលឆ្នាំ ២០០៨-២០០៩ យ៉ាងណាក្តី ក៏កម្ពុជានៅតែឤចជម្នះបាននូវ បញ្ហាប្រឈម និងសម្រេចបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់បើប្រៀបធៀប​ជាមួយប្រទេសដទៃក្នុងតំបន់ និង ពិភពលោក ។
  • ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាលក៏បានអនុវត្តនូវគោលនយោបាយបែងចែកផ្លែផ្កា និង ផលនៃកំណើនសេដ្ឋកិច្ច ឱ្យដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ តាមរយៈការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលអគ្គិសនី ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត សាលារៀន មន្ទីរពេទ្យ ៘ ជាលទ្ធផល សូចនាករសំខាន់ៗជាច្រើនបានបង្ហាញលទ្ធផលល្អប្រសើរជាងមុន ជាពិសេស អត្រាភាពក្រីក្រ​នៅកម្ពុជា​បានធ្លាក់ ចុះពី ៥៣% នៅឆ្នាំ ២០០៤ មកត្រឹមតែប្រមាណ ១៣,៥% នៅឆ្នាំ២០១៤ ។ សូចនាករ​វិស័យអប់រំ​ក៏បានឆ្លុះ បញ្ចាំងនូវលទ្ធផលល្អប្រសើរខ្លាំង ប្រៀបធៀបពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៦ អត្រាអក្ខរកម្ម​នៃយុវជន-យុវនារី ឤយុពី ១៥ ឆ្នាំឡើង មានកម្រិតខ្ពស់ជាងមុន ចំនួនសិស្សចុះឈ្មោះ និងចូលរៀន​នៅបឋមសិក្សាកើនឡើង ព្រមទាំង អត្រាចុះឈ្មោះចូលរៀននៅអនុវិទ្យាល័យ ក៏បានកើនឡើងផងដែរ ខណៈពេលវិស័យសុខាភិបាលក៏បានបង្ហាញនូវ លទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ពីឆ្នាំ ២០០៥ ដល់ ២០១៦ រួមមានការធ្លាក់ចុះ​នៃអត្រាមរណភាពរបស់មាតា ទារក និង កុមារ ជាដើម ។
  • ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏តែងតែបានយកចិត្តទុកដាក់ និង ប្តេជ្ញាចិត្តខ្ពស់ ក្នុងការ​លើកកម្ពស់​សិទ្ធិស្របច្បាប់របស់ពលករគ្រប់ៗរូប ជាក់ស្តែង សិទ្ធិកម្មករ និងសេរីភាពសហជីពត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់ ។ រាជរដ្ឋាភិបាលបាននឹងកំពុង ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិ ខាងការងារ​យ៉ាងខ្ជាប់ខ្ជួន​ព្រមទាំងបានបង្កើតនូវយន្តការជាច្រើនដើម្បីលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ អោយមានភាពកាន់តែប្រសើរឡើង ។ ជាពិសេសរាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់បងប្អូនពលករយើង ដូចជាបាន​ដំឡើង​​ប្រាក់ឈ្នួល​អប្បបរិមា ជាបន្តបន្ទាប់នាពេលកន្លងមក ព្រមទាំងបានផ្តល់នូវសំណាញ់សុវត្ថិភាពសង្គមជូនដល់​កម្មករ កម្មការិនី និង យុវជន យុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសជាដើម ។
  • ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនកម្មករ កម្មការិនី និងនិយោជិតទាំងអស់ !
  • កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ តាមរបាយការណ៏​បានឱ្យដឹងថាទំនិញឆ្លងកាត់ផែនេះបានកើនឡើងជាប្រចាំ ក្នុងឆ្នាំ ២០១៤ មានកំណើន ១៦%, ឆ្នាំ២០១៥ មាន កំណើនជាង ១៧%, និង ឆ្នាំ២០១៦ មានកំណើនជាង ៣% ។ តាមនិទស្សន៍បរិមាណកុងតេន័រឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុនៅឆ្នាំ ២០២៣ នឹងកើនលើស ៧០០,០០០TEUs ។
  • ម្យ៉ាងវិញទៀត ពិនិត្យតាមដំណើរវិវត្តនៃស្ថានការណ៍ យើងឤចវាយតម្លៃបានថា ក្នុងពេលដ៏ខ្លីខាងមុខ​កំពង់ផែ​នេះ​នឹងដើរតួនាទីកាន់តែមានសារៈសំខាន់ទ្វេឡើង សម្រាប់បម្រើឱ្យចរន្តសេដ្ឋកិច្ច និង ពង្រឹងឧត្តមភាពនៃ​ការប្រកួត​​ប្រជែង​របស់កម្ពុជាផងដែរ នៅពេលឤស៊ានអនុវត្តកម្មវិធីតំបន់ពាណិជ្ជកម្មសេរីឤស៊ាន ដែលនឹងធ្វើ​ឱ្យ​ចលនានៃចរាចរទំនិញនាំចេញ-នាំចូល កាន់តែមានសកម្មភាពមមាញឹក ។ ​លើសពីនេះទៅទៀត រាជរដ្ឋាភិបាល​កំពុង អនុវត្តនូវគោលនយោបោយអភិវឌ្ឍវិស័យឧស្សាហកម្ម សំដៅជំរុញឧស្សាហកម្ម​កម្ពុជាឡើងមួយកម្រិត​ទៀត ក្នុង ខ្សែចង្វាក់តម្លៃនៃសេដ្ឋកិច្ចតំបន់ និង ពិភពលោក ពិសេសក្នុងទីផ្សារឤស៊ី ដែលកំពុង​មាន​កំណើន​ខ្ពស់ ដើម្បីរួម ចំណែកជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាបង្កើតការងារ និង បង្កើនចំណូលជូនប្រជាជន ដែលកត្តានេះនឹងធ្វើឱ្យ សន្ទុះនៃកំណើនការនាំចេញ និងកំណើនសកម្មភាពឆ្លងកាត់ផែ ពិតជានឹងមានតម្រូវការ​ច្រើន​លើសេវាកម្មរបស់ កំពង់ផែ។ ក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមបន្ត​ការឯកភាព និង ការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់ ចំណតផែកុងតេន័រថ្មី ប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ និងការបំពាក់គ្រឿងចក្រធុនធ្ងន់បន្ថែម ។ នៅពេល​គម្រោងនេះ​សាងសង់រួចរាល់ នៅចុងឆ្នាំ ២០២២ ឬចុងឆ្នាំ ២០២៣ នឹងអនុញ្ញាតអោយនាវាខ្នាតធំប្រមាណ ៩៣% ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន ធ្វើអោយ ឧបសគ្គជម្រៅទឹកសម្រាប់កំពង់ផែត្រូវបានដោះស្រាយ ព្រមទាំងតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean Freight Fee) នឹងមានតម្លៃប្រហាក់ប្រហែលជាមួយប្រទេសផ្សេងៗក្នុងតំបន់ ព្រមទាំងផ្តល់លទ្ធភាពសម្រាប់ការនាំទំនិញ ចេញ-ចូល ដោយផ្ទាល់ពីកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុប។
  • ក្នុងស្មារតីនេះ ក្នុងនីតិកាលទី ៥ នេះ រាជរដ្ឋាភិបាលបានបន្តការវិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ និង ការកែលម្អថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីកសាងប្រព័ន្ធទ្បូជិស្ទីកដ៏រស់រវើក តាមរយៈ​ការសាងសង់​បណ្តាញ​ដឹកជញ្ជូនពហុសណ្ឋាន ក្នុងគោលដៅធានាឱ្យបាននូវការតភ្ជាប់ផ្ទៃក្នុងប្រទេស និង ការតភ្ជាប់​ជាមួយប្រទេសក្នុងតំបន់ និង ពិភពលោក ដើម្បីលើកកម្ពស់ការវិនិយោគ និង ពាណិជ្ជកម្ម ពិសេស​ការយក​ចិត្ត​ទុកដាក់​នឹងត្រូវផ្តោតទៅលើការបញ្ចប់ទាំងស្រុងនូវការស្តារ និង ការអភិវឌ្ឍផ្លូវដែក ការបន្តអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឤកាសយានដ្ឋាន និង កំពង់ផែ ការសិក្សាអំពីសក្តានុពល និងការវិនិយោគលើការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំង ការកែសម្រួលសេវាពាក់ព័ន្ធនឹងការដឹកជញ្ជូនមួយចំនួនដែលនឹងនាំមកនូវៈ (១)ការកាត់បន្ថយថ្លៃដឹកជញ្ជូន (២)ការ បង្កើនភាពឤចទុកចិត្តបាន និងភាពស័ក្តិសិទ្ធិ (៣)ការពង្រឹងភាពប្រកួតប្រជែង និង (៤)ការបង្កើនការវិនិយោគ និង ពាណិជ្ជកម្ម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បន្តជំរុញការ​ចូលរួម​របស់​វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ តាមរយៈការពង្រឹង និងការកែលម្អយន្តការ​ភាពជាដៃគូ រវាងវិស័យសាធារណៈ និង វិស័យឯកជន ដើម្បីបង្កើនភាពទាក់ទាញ និងសម្រួលដល់ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធដែលហិរញ្ញប្បទាន ដោយវិស័យឯកជន ។

 

  • ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនកម្មករ កម្មការិនី និងនិយោជិតទាំងអស់ !
  • នៅក្នុងស្មារតីមោទនភាពដ៏ខ្ពង់ខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលយើងរួមគ្នាសម្រេចបានកន្លងមក និងនៅក្នុងស្មារតីសុទិដ្ឋិនិយមដ៏ជ្រាលជ្រៅចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមផ្តាំផ្ញើអោយ​ថ្នាក់ដឹកនាំ មន្រ្តី កម្មករ បុគ្គលិកកំពង់ផែទាំងអស់អោយបន្តខិតខំបំពេញការងារកាន់តែខ្លាំងក្លា​ឡើងថែមទៀត ដើម្បី បង្ហាញនូវសុឆន្ទ: សមត្ថភាព និងប្រសិទ្ធភាពការងាររបស់យើងចំពោះមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងនាមជាកំពង់ផែ បម្រើអោយវិស័យពាណិជ្ជកម្មអន្តរជាតិយ៉ាងពិតប្រាកដ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមណែនាំចំពោះគ្រប់សមត្ថកិច្ច្ ស្ថាប័ន និង អង្គភាពដែលមានការពាក់ព័ន្ធទាំងអស់នៅទីនេះ សូមបន្តបង្កើន​កិច្ចសហការ និងសម្របសម្រួលជាមួយគ្នាអោយ បានជិតស្និទ្ធ មានតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ដើម្បីកែលំអ​ប្រព័ន្ធ​គ្រប់គ្រង​សេវាកម្មគ្រប់ផ្នែកនៅក្នុងកំពង់ផែនេះ អោយបានកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះ គឺជាប្រការ​ដ៏សំខាន់បំផុតសម្រាប់លើកកំពស់ការជឿទុកចិត្ត ពីសំណាក់អតិថិជន វិនិយោគិនជាតិ អន្តរជាតិ និងអ្នកផ្តល់ជំនួយទាំងឡាយមកលើការប្តេជ្ញារបស់យើងក្នុងការ កសាង និង អភិវឌ្ឍប្រទេសជាតិ ។
  • ខ្ញុំព្រះករុណាខ្ញុំ ក៏សូមថ្លែងនូវការកោតសរសើរ និងបន្តជួយជំរុញលើកទឹកចិត្តចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាភិបាលកំពង់ផែ និងមន្រ្តីបុគ្គលិក កម្មករ កំពង់ផែ ក្រុងព្រះសីហនុផ្ទាល់ អាជ្ញាធរដែនដី ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែង​អស់ពីកម្លាំងកាយ​ចិត្តចូលរួមសហការបង្កលក្ខណៈ ដើម្បីធានាសម្រេចបានជោគជ័យនូវ យុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី ៣ និងយុទ្ធសាស្រ្តផ្សេងទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក ។

 

  • ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនកម្មករ កម្មការិនី និងនិយោជិតទាំងអស់ !
  • ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរជ័យ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ សូមជួបប្រទះតែនឹងជោគជ័យ សេចក្តីចម្រុងចម្រើន សិរីមង្គល និងវិបុលសុខគ្រប់ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយនេះ ខ្ញុំសូមឆ្លៀត​ឱកាសដ៏ថ្លៃថ្លានេះ ប្រសិទ្ធពរជូន បងប្អូនកម្មករ កម្មការិនី និយោជិតខ្មែរ ដែលកំពុងធ្វើការក្នុង និងក្រៅប្រទេស ជាពិសេស​បងប្អូនមន្ត្រី បុគ្គលិក និងកម្មករ កម្មការិនី នៃកំពង់ផែស្វយ័តក្រុង ព្រះសីហនុទាំងអស់ សូមទទួលបានជោគជ័យ និងវិបុលសុខគ្រប់ប្រការ ។

សូមអរព្រះគុណ និងអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...