
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រោយពីប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៍ឈ្លសវៃ របស់ សម្តេចតេជា នាយករដ្ឋមន្រ្តី បានធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានលទ្ធភាពអភិវឌ្ឍ និងពង្ក្រីកសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ នាឆ្នាំ២០០២ ដល់ ឆ្នាំ ២០០៥ បានសាងសង់ផែកុងតេន័រ ប្រវែង ២៤០ ម៉ែត្រ ជម្រៅទឹក ១១. ៥ ម៉ែត្រ ចំណាយថវិកាអស់ចំនួន ៣៣.៧លានដុល្លារអាមេរិក។ នៅឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៩ បានសាងសង់ផែកុងតេន័របន្ថែមប្រវែង១៦០ ម៉ែត្រ (បង្រ្គប់ ៤០០ម៉ែត្រ) ជម្រៅទឹក ១១.៥ម៉ែត្រ និងបំពាក់មធ្យោបាយលើក-ដាក់កុងតេន័រ ចំណាយថវិកាអស់ចំនួន៣៤.៨លានដុល្លារ។ ឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២ បានសាងសង់តំបន់សេដ្ឋកិច្ចពិសេសចំណាយថវិកាអស់ ចំនួន៣៥.៩លានដុល្លារអាមេរិក ។ ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៨ កំពុងសាងសង់ផែពហុបំណងប្រវែង៣៣០ម៉ែត្រ ជម្រៅទឹក១៣.៥ម៉ែត្រ និងចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារ សម្រាប់ការរុករកប្រេង ដែលមានបណ្តោយ ២០០ ម៉ែត្រ ជម្រៅទឹក៧.៥ម៉ែត្រ ដោយគ្រោងចំណាយថវិកាចំនួន៧៤.២លានដុល្លារអាមេរិក។ នៅចុងឆ្នាំ ២០១៦ និងខែមករា ឆ្នាំ ២០១៧ បានបំពាក់មធ្យោបាយលើកដាក់កុងតេន័រទំនើប ចំនួន០២ សម្រាប់ប្រភេទ QC (០២ គ្រឿង) និងRTG (០៩គ្រឿង) សម្រាប់ការបង្កើនសមត្ថភាព និងគុណភាពសេវាកម្ម លើក-ដាក់កុងតេន័រ ដោយប្រើប្រាស់ថវិកាកំពង់ផែ ចំនួន ២២លានដុល្លារអាមេរិក។ សរុបមកដល់បច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់កម្ចីពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារ JICA របស់ជប៉ុន ប្រមាណ១៧៨.៦លានដុល្លារអាមេរិក និងវិនិយោគថវិកាកំពង់ផែផ្ទាល់ចំនួន២២លានដុល្លារអាមេរិក។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ផ្អែកលើអត្រាកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ប្រកបដោយស្ថេរភាព និងរឹងមាំក្នុងរង្វង់ជាមធ្យម ៧% ប្រចាំឆ្នាំ បានធ្វើឱ្យបរិមាណកុងតេន័រឆ្លងកាត់កំពង់ផែកើនឡើង ជារៀងរាល់ឆ្នាំ ជាក់ស្តែង ឆ្នាំ២០១៤ មានកំណើន១៦% ឆ្នាំ២០១៥ មានកំណើនជាង១៧% និងឆ្នាំ២០១៦ មានកំណើនជាង៣% ។រួមជាមួយគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ តាមនិទស្សន៍បរិមាណកុងតេន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២៣ ខាងមុខ នឹងកើនលើស ៧០០,០០០ TEUs (TEUs=Twenty Equivalent Units) ដែលលើសពីសមត្ថភាពកំពង់ផែនាពេលបច្ចុប្បន្ន។ ដូច្នេះដើម្បីឆ្លើយតបនឹងកំណើននេះនៅឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រៀមសាងសង់ចំណតផែកុងតេន័រប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក១៤.៥ម៉ែត្រ និងបំពាក់ដោយមធ្យោបាយគ្រឿងចក្រទំនើបៗដែលគ្រោងចំណាយថវិការប្រមាណ ២០០លានដុល្លារអាមេរិក។
មានប្រសាសន៍ទៅកាន់ កម្មករ កម្មការិនី និងនិយោជិតកំពុងផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម ប៊ិន ឈិន បានឱ្យដឹងថា កំពង់ផែស្វយ័តក្រុង ព្រះសីហនុ គឺជាច្រកសេដ្ឋកិច្ចជាតិដែលមានចរិតជាអង្គភាពយុទ្ធសាស្រ្ត ក្នុងការ ទ្រទ្រង់សកម្មភាពពាណិជ្ជកម្ម អន្តរជាតិរបស់កម្ពុជាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក និងនាពេលបច្ចុប្បន្ន ហើយនិងបន្តទៅអនាគត។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ សូមសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ ក្រសួងសាធារណការនិងដឹកជញ្ជូន ជាពិសេសថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក កម្មករ កម្មការិនី កំពង់ផែស្វយ័តក្រុង ព្រះសីហនុទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំបំផុត ប្រឹងអស់កម្លាំងកាយចិត្តរហូតទទួល បាននូវលទ្ធផលអាជីវកម្មកើនឡើងជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ ថ្វីត្បិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំហំតូច ធៀបនឹងកំពង់ផែផ្សេងៗក្នុងតំបន់ ប៉ុន្តែគុណភាព និងល្បឿនសេវាកម្មលើកដាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកកំពស់ជាបន្តបន្ទាប់ដែលធ្វើអោយគុណភាពសេវាកម្មបច្ចុប្បន្ននេះ អនុវត្តបានដូចកំពង់ផែផ្សេងៗក្នុងតំបន់ ផងដែរ។ ទាំងនេះគឺជាចំណែកនៃការចូលរួមលើកកំពស់កំណើនសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ថ្ងៃទី ១ ឧសភា គឺជាទិវាប្រវត្តិសាស្ត្ររបស់ពិភពលោកទាំងមូលដែលត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកឡើងវិញអំពីភាពជោគជ័យរបស់ពលករកាលពី ១៣១ ឆ្នាំ ដែលបានទាមទារឱ្យមានការទទួលស្គាល់តម្លៃនៃពលកម្ម និងគោរពតាមលក្ខខណ្ឌស្មើភាព ក្នុងការប្រកបការងារគ្រប់ប្រភេទដោយគ្មានការរើសអើង។ ចំពោះប្រទេសកម្ពុជាយើងវិញ ចាប់តាំងពីថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍មក រាជរដ្ឋាភិបាលបានប្រារព្ធពិធីទិវាពលកម្មអន្តរជាតិ ជារៀងរាល់ថ្ងៃទី ១ ខែឧសភា ដែលជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ និងកម្មករ និយោជិតទាំងអស់ ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកម្មករ និយោជិត និងអង្គការសហជីពទាំងអស់នៅកម្ពុជា។
ឯកឧត្តមក៍បានសង្កត់ធ្ងន់ផងដែរថា ក្នុងនីតិកាលទី ៥ នេះ រាជរដ្ឋាភិបាលបានបន្តការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និង ការកែលម្អថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីកសាងប្រព័ន្ធទ្បូជិស្ទីកដ៏រស់រវើក តាមរយៈការសាងសង់បណ្តាញដឹកជញ្ជូនពហុសណ្ឋាន ក្នុងគោលដៅធានាឱ្យបាននូវការតភ្ជាប់ផ្ទៃក្នុងប្រទេស និង ការតភ្ជាប់ជាមួយប្រទេសក្នុងតំបន់ និង ពិភពលោក ដើម្បីលើកកម្ពស់ការវិនិយោគ និង ពាណិជ្ជកម្ម ពិសេសការយកចិត្តទុកដាក់នឹងត្រូវផ្តោតទៅលើការបញ្ចប់ទាំងស្រុងនូវការស្តារ និង ការអភិវឌ្ឍផ្លូវដែក ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឤកាសយានដ្ឋាន និង កំពង់ផែ ការសិក្សាអំពីសក្តានុពល និងការវិនិយោគលើការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំង ការកែសម្រួលសេវាពាក់ព័ន្ធនឹងការដឹកជញ្ជូនមួយចំនួនដែលនឹងនាំមកនូវៈ (១)ការកាត់បន្ថយថ្លៃដឹកជញ្ជូន (២)ការ បង្កើនភាពឤចទុកចិត្តបាន និងភាពស័ក្តិសិទ្ធិ (៣)ការពង្រឹងភាពប្រកួតប្រជែង និង (៤)ការបង្កើនការវិនិយោគ និង ពាណិជ្ជកម្ម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បន្តជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ តាមរយៈការពង្រឹង និងការកែលម្អយន្តការភាពជាដៃគូ រវាងវិស័យសាធារណៈ និង វិស័យឯកជន ដើម្បីបង្កើនភាពទាក់ទាញ និងសម្រួលដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលហិរញ្ញប្បទាន ដោយវិស័យឯកជន ។ សមិទ្ធផលទាំងឡាយ ដែលយើងរួមគ្នាសម្រេចបានកន្លងមក និងនៅក្នុងស្មារតីសុទិដ្ឋិនិយមដ៏ជ្រាលជ្រៅចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមផ្តាំផ្ញើអោយថ្នាក់ដឹកនាំ មន្រ្តី កម្មករ បុគ្គលិកកំពង់ផែទាំងអស់អោយបន្តខិតខំបំពេញការងារកាន់តែខ្លាំងក្លាឡើងថែមទៀត ដើម្បី បង្ហាញនូវសុឆន្ទ: សមត្ថភាព និងប្រសិទ្ធភាពការងាររបស់យើងចំពោះមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងនាមជាកំពង់ផែ បម្រើអោយវិស័យពាណិជ្ជកម្មអន្តរជាតិយ៉ាងពិតប្រាកដ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមណែនាំចំពោះគ្រប់សមត្ថកិច្ច្ ស្ថាប័ន និង អង្គភាពដែលមានការពាក់ព័ន្ធទាំងអស់នៅទីនេះ សូមបន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាអោយ បានជិតស្និទ្ធ មានតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ដើម្បីកែលំអប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែកនៅក្នុងកំពង់ផែនេះ អោយបានកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះ គឺជាប្រការដ៏សំខាន់បំផុតសម្រាប់លើកកំពស់ការជឿទុកចិត្ត ពីសំណាក់អតិថិជន វិនិយោគិនជាតិ អន្តរជាតិ និងអ្នកផ្តល់ជំនួយទាំងឡាយមកលើការប្តេជ្ញារបស់យើងក្នុងការ កសាង និង អភិវឌ្ឍប្រទេសជាតិ ។










