សម្តេច​តេជោ ហ៊ុន សែន ផ្តល់ទស្សន​ទាន៦ចំ​ណុច ដើម្បីពន្លឿន​ទិស​ដៅចក្ខុវិស័យ​សហគមន៍​អាស៊ានឆ្នាំ២០២៥

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​ទស្សន​ទានចំ​នួន ៦ចំណុច ក្នុងទិសដៅ​ពន្លឿន​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ២០២៥ ក៏ដូចជាទិ​សដៅ​ទំនាក់​ទំនងអន្តរជាតិ និងធ្វើឲ្យប្រសើរ​ឡើងនូវ​ស្នូល​របស់​អាស៊ាន។

ការថ្លែងផ្តល់​នូវទ​ស្សនទាន បានធ្វើឡើងក្នុង​សុន្ទរកថា​បើកកិច្ច​ប្រជុំកំពូល​អាស៊ាននា​ព្រឹកថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតសហគមន៍អាស៊ាន ក្នុងរយៈ​៥០ឆ្នាំមកនេះ អាស៊ានបានក្លាយ​ទៅជា​សហគមន៍សេដ្ឋកិច្ច នយោបាយ និងសង្គម វប្បធម៌ មួយដ៏រឹងមាំ មានភាពចាស់ទុំ មានសាមគ្គីភាពខ្ពស់ មានការអភិវឌ្ឍ រក្សាបាននូវសុខសន្តិភាព ស្ថេរភាព ជាពិសេសភាពអត់ធន់ ហើយជម្នះបាននូវវិបត្តិធំៗជាច្រើន។

សម្តេចប្រមុខ​រាជរដ្ឋាភិ​បាលកម្ពុជា បានគូសបញ្ជាក់ថា ភាពជោគជ័យរួមគ្នារ​បស់អាស៊ាន បាននឹងកំពុងបង្កើតបរិយាកាសអំណោយផលមួយសម្រាប់ធានាសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ ដើម្បីសម្រេច​គោលដៅចក្ខុវិស័យសហគមន៍​ឆ្នាំ២០២៥នេះ សម្តេចតេជោ បានផ្តល់នូវទស្សនទាន​ចំនួន ៦ចំណុចរួមមាន៖

១៖ ការបន្តរក្សាបាននូវសន្តិភាព និងសន្តិសុខតំបន់​គឺជារឿងសំខាន់ សម្រាប់វិបុលភាព និងកំណើន​ក្នុងតំបន់អា​ស៊ានទាំងមូល។ ក្នុងន័យនេះ អាស៊ានត្រូវពង្រឹង​តួនាទី និងសមត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីលើក​កំពស់ការសិ​ក្សា និងជម្រុញកិច្ចស​ហប្រតិបត្តិការជាមួ​យដៃគូរសន្ទនាអាស៊ាន សំដៅដោះស្រាយបញ្ហាពាក់ព័ន្ធសន្តិសុខ និងសន្តិភាពតំបន់។

២៖ បន្តធ្វើការបន្ថែមទៀតដើម្បីលើកកម្ពស់ភាពស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដែគូររបស់យើងក្នុងកម្រិតពិសេសតាមរយៈក្របខ័ណ្ឌអាស៊ាន១ និងអាស៊ានបូក៣ ដោយផ្នែកលើយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់ស្តែង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

៣៖ ត្រូវបន្តខិតខំធានាកំណើនសដ្ឋកិច្ចអាស៊ានប្រកបដោយភាពរឹងមាំ ចីរភាព និងបរិយាប័ន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍ ដោយបន្តការអនុវត្តន៍អោយបានខ្ចប់ខ្ចួននូវផែនការសមាហរណកម្មអាស៊ានដំណាក់កាលទី៣ (ASEAN Integration Work plan III) ដែលជាផ្នែកមួយនៃចក្ខុវិស័យអាស៊ាន២០២៥ ឆ្ពោះទៅមុខទាំងអស់គ្នា។

៤៖ ការតភ្ជាប់គឺជាស្នូល និងជាក្បាលម៉ាស៊ីនដ៏មានថាមពល ក្នុងការសម្រេចបានសមាហរណកម្មស៊ីជម្រៅ និងចក្ខុវិស័យរបស់អាស៊ាន។ ដូច្នេះអាស៊ានត្រូវពន្លឿនការអនុវត្តន៍ផែនការមេស្តីពីការតភ្ជាប់អាស៊ាននៅឆ្នាំ២០២៥ (Master plan on ASEAN Connectivity 2025) ដើម្បីផ្តល់ប្រយោជន៍ដល់សមាជិកអាស៊ានទាំងអស់តាមរយៈការពង្រឹង និងធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងការផ្សាភ្ជាប់រវាង​មនុស្សតាមគ្រប់រូបភាពក្នុងទិសដៅបង្កើនសមត្ថភាពប្រកួតប្រជែង ភាពរីកចម្រើន ភាពធននៃសេដ្ឋកិច្ច និងភាពសហគមន៍តែមួយ។

៥៖ ការជំរុញសម្រេចឲ្យបានឆាប់រហ័សនៃកិច្ចព្រមព្រៀងនៃភាពជាដៃគូរសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ ដៅកសាងតំបន់ពាណិជ្ជកម្មសេរីដ៏ធំសម្បើមមួយនៅក្នុងតំបន់អាស៊ីបូព៌ា។ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ អាចនឹងក្លាយទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយមានអាស៊ានជាឆ្អឹងខ្នង។

៦៖ ភាពរឹងមាំនៃអាស៊ានក្នុងពេលកន្លងមក និងតទៅមុខទៀតពឹងផ្អែកចម្បងទៅលើការប្រកាន់ខ្ជាប់លើគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធមនុញ្ញអាស៊ាន ជាពិសេសគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោលការកុងសង់ស៊ីស។ ហេតុនេះគ្រប់រដ្ឋជាសមាជិកត្រូវតែពង្រឹងការគោរព និងការអនុវត្តន៍វិធានការ និងកតាព្វកិច្ចនានាដែលមានចែងក្នុងរដ្ឋធមនុញ្ញអាស៊ាន ដើម្បីធានាសមភាពនៃការសម្រេចចិត្តព្រមទាំងការរួមចំណែករបស់ប្រទេសជាសមាជិកអាស៊ាននីមួយៗប្រកបដោយការទទួលខុសត្រូវក្នុងការជំរុញកសាងសហគមន៍អាស៊ានទៅមុខទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានបើកជា​ផ្លូវការនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។ ក្នុងពិធីបើកកិច្ចប្រជុំនោះ ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Rodrigo Duterte បានស្វាគមន៍ប្រមុខដឹកនាំអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដែលផ្តោតលើប្រធានបទរួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក។

ឯកឧត្តម​ប្រធានាធិបតីបានបន្តថា «យើងជួបជុំគ្នាថ្ងៃនេះ គឺមានទស្សនៈ និងគោលដៅរួមឆ្ពោះទៅមុខដើម្បីផលប្រយោជន៌រួម។ ទោះបីកិច្ចការយើងមិនទាន់បានជោគជ័យទាំងស្រុង ហើយកំពុងមានបញ្ហាប្រឈមមួយចំនួន ក៏ប៉ុន្តែយើងពោរពេញដោយ ក្តីសង្ឃឹមថាអាស៊ាននឹងកាន់តែរីកលូតលាស់ដែលនាំមកនូវផលប្រយោជន៌ទាំងស្ថេរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច»។

ក្រោយពីបញ្ចប់កិច្ចប្រជុំមក ប្រមុខដឹកនាំប្រទេសទាំង១០ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ ហើយបន្តការពិភាក្សាចង្អៀតបន្ថែមទៀត។ នៅរសៀលថ្ងៃដដែលនេះ ប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ឋផលនៃកិច្ចព្រមព្រៀងមួយចំនួនដែលបានពិភាក្សា និងបានសម្រេច។

កិច្ចប្រជុំកំពូលអាស៊ាន ក៏ត្រូវបាន​បិទបញ្ចប់នៅថ្ងៃនេះផ​ងដែរ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ​អញ្ជើញ​ត្រឡប់មកដល់ប្រទេស​កម្ពុជានៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...