សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមនិងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៨ ខែមេសានេះ បានធ្វើដំណើរចាកចេញពីមាតុប្រទេស ទៅកាន់សាធារណៈរដ្ឋហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
គណៈប្រតិភូអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់់ប្រទេសហ្វីលីពីននេះ រួមមាន៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនិងសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ ការធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីននេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម រ៉ូឌ្រីហ្គោ រ៉ូ ឌូតឺតេ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។
តាមការបញ្ជាក់របស់ ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺ កិច្ចកំពូលអាស៊ានលើកទី៣០នេះ ក្រោមប្រធានបទ«រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» ដែលមេដឹកនាំអាស៊ាននឹង ធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈលើបញ្ហាជាសារវ័ន្តនានា ដែលអាស៊ាន និងពិភពលោកកំពុងប្រឈមមុខ ដើម្បីលើកតម្កើង សន្តិភាព សន្តិសុខ និងវិបុលភាពថែមទៀត សំរាប់តំបន់ និងពិភពលោក។ ក្នុងក្របខណ្ឌ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹង ចូលរួមក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន និងជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ានផងដែរ។
គួរកត់សំគាល់ថា ក្នុងឋានៈអាស៊ានជាអង្គការតំបន់ដ៏មានជោគជ័យ អាស៊ានក៏មានតួនាទី និងការទទួលខុសត្រូវកាន់តែធំឡើង ទៅលើបញ្ហាផ្សេងទៀតដូចជាសេដ្ឋកិច្ច និងនយោបាយ ជាដើមដែលស្ថិតនៅក្រៅតំបន់ផងដែរ។ ជាក់ស្តែង សភាពការណ៍នៅមជ្ឈឹមបូព៌ា និងឧបទ្វីបកូរ៉េ ក៏ដូចជានៅលើពិភពលោក រួមទាំងសុខភាពសេដ្ឋកិច្ចពិភពលោក គឺជាការព្រួយបារម្ភខ្លាំងបំផុតរបស់អាស៊ាន៕