ព្រះករុណាព្រះមហាក្សត្រ៖ កិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌ ជាការងារគ្មានទីបញ្ចប់

AKP សៀមរាប​​ ថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០១៨ -ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះម​ហា​​ក្សត្រ នៃព្រះ​រាជា​ណា​ច​ក្រ​កម្ពុជាមានព្រះរាជឱង្ការថា កិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌជាការងារ​គ្មានទីប​ញ្ច​​ប់ និងទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេស​គឺស្រទាប់យុ​វជ​​ន​ ជាអ្នកបន្តវេន។

ព្រះ​ករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជឱង្ការដូច្នេះ ក្នុងខណៈព្រះអង្គស្ដេចយាង​ជា​ព្រះ​រាជាធិតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបិទការប្រារព្ធខួប២៥ ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ​អន្តរ​ជាតិ​សម្របសម្រួលកិច្ចគាំ​ពា​រ និងអភិវឌ្ឍន៍តំបន់អង្គរ ICC-Angkor នារសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៨ នៅទីលានជល់ដំរី ក្នុងតំបន់ប្រាសទអង្គរធំ ខេត្តសៀមរាប។ ព្រះអង្គរ​បាន​មា​នរាជឱង្ការរំម្លឹកថា រមណីយដ្ឋានអង្គរ បានចុះបញ្ជីក្នុងបេតិកភណ្ឌរបស់អង្គការ UNESCO នៅ​ថ្ងៃទី១៤ ខែធ្នូឆ្នាំ ១៩៩២ ក្រោមព្រះរាជតំម្រិះដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គបានអំពាវនាវទៅអង្គការ UNESCO សូមឱ្យជួយស្រោចស្រង់អង្គរ។

ឆ្លើយតប​និងការ​អំពាវនាវនេះ សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ នៅថ្ងៃទី១២ និង​១៣ ខែតុលា ឆ្នាំ ១៩៩៣ ក្រោមគំនិតផ្ដួចផ្ដើមរបស់របស់រាជរដ្ឋាភិបាលជប៉ុន ដោយ​មាន​ការ​គាំ​ទ្រពីប្រទេសបារាំងនិង អង្គការ UNESCO ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការ​សក​​ម្ម​​ភាព​នានាជាប្រយោជន៍ ដល់កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ដើម្បីស​ម្រេ​ច​​​​គោ​ល​​ដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកា់ថា ICC-Angkor ត្រូវបាន​ប​ង្កើ​ត​​ឡើង​​នៅខែធ្នូ ឆ្នាំ១៩៩៣។ ព្រះអង្គបានបន្តថា ការប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើត ICC-Angkor នៅចំកណ្ដាលបេះដូងនៃក្រុងអង្គរធំ ដែលជាស្នាព្រះហស្តជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ នៃ​ម​ហា​​ក្ស​​ត្រ​ស​ម័យអង្គរ ព្រះបាទជ័យវរ្ម័នទី៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកល​ពិត​ប្រាកដ​​ណាស់​​សម្រាប់យើងទាំងអស់គ្នា ដោយបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យ​ជាប្រ​វត្តិ​​សាស្ត្រ​នៃ​យន្តការអន្តរជាតិមួយនេះ ក្នុងកិច្ចដំណើរការ ការអភិរក្ស និងអភិវឌ្ឍន៍រមណីយ​ដ្ឋា​ន​អង្គរ ប្រ​ក​បដោយចីរភាពនាពេលកន្លងមក ដែលផ្ដើមចេញពីការចូលរួមរបស់គ្រប់​ភាគី​ពាក់​ព័ន្ធនានា​ទាំងជាតិ និងអន្តរជាតិ។

ព្រះករុណាបានបញ្ជាក់ទៀតថា ជោគជ័យកន្លងមកនេះ ក៏បាន​បង្ហា​ញអំ​ពីកាអនុវត្តន៍គោលនយោបាយវប្បធម៌ជាតិ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល​កម្ពុ​ជា ក្រោម​ការ​ដឹ​កនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នា​យ​ក​​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលតែងតែយក​ចិត្តទុក​ដាក់ខ្ព​ស់​ក្នុ​ង​កា​រ​ថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៏មរតកវប្បធម៌ជាតិ។ ព្រះអង្គក៏បានថ្លែងអំណរ​គុ​ណ​ និង​កោ​តសរសើរដោយស្មោះចំពោះ ICC-Angkor ដែលបានផ្ដល់នូវអនុសាសន៍​ដ៏មាន​សា​រ​​សំខាន់ ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍រមណីយដ្ឋាន​អង្គរ​​ប្រកប​​ដោ​យ​ចីរភាព។ តាមរយៈយន្តការដែលបានក្លាយជាគំរូអន្តរជាតិរបស់អង្គការ UNESCOនេះ ICC-Angkor បានកៀងគរការចូលរួមកាន់តែច្រើនឡើងៗ ពីក្រុមអ្នកជំនាញការ​អន្ត​រ​ជាតិ​ជា​ច្រើ​នមកពីជុំវិញពិភពលោក ដែលបច្ចប្បន្នបាននឹងកំពុងធ្វើប្រតិបត្តិការ និងស្នើ​សុំ​កិច្ច​សហ​ការ​​ជាមួយអាជ្ញាធរជាតិអប្សរាជាបន្តបន្ទាប់ ក្នុងការអភិរក្ស ស្រាវជ្រាវ បណ្ដុះបណ្ដា​ល និង​អភិ​វឌ្ឍ​ន៍។

ជាងនេះទៀតព្រះករុណាក៏បាន ថ្លែងអំណរគុណជាពិសេស ចំពោះប្រទេ​ស​​បារាំង និ​ង​ជប៉ុន ដែលក្នុងរយៈពេល២៥ឆ្នាំកន្លមកនេះ ក្នុងនាមជាសហប្រធាន បានដឹក​នាំ​កិច្ច​​ប្រជុំ​ពេ​ញអង្គ និងកិច្ចប្រជុំបច្ចេកទេស ដោយស្មារតីទទួលខុសត្រូវ រួមចំណែកយ៉ាងធំធេង​ដល់​​ភាព​ជោ​គ​ជ័យនៃ ICC-Angkor។ ព្រះអង្គក៏បានសម្ដែងនូវក្ដីសង្ឃឹមថាICC-Angkor នឹង​បន្ត​​មាន​ដំ​ណើរ​ការល្អ បំពេញភារកិច្ចរបស់ខ្លួនបានទទួលជោគជ័យដ៏ធំធេង ក្នុងការងារអភិ​រក្ស​ និងអ​​ភិ​វឌ្ឍ​ន៍រ​មណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពា​ក់​​ព័ន្ធ​ផ្សេង​ៗ​​ទៀ​ត សម្រាប់ជាឧត្ដមប្រយោជន៍ជូនជនរួមជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា៕

ដោយ​ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ