សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​​ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៨ នៅប្រទេសនេប៉ាល់ (វាយជាអក្សរ ចម្លងតាមសម្លេងទាំងស្រុង)

CNV: 

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននេប៉ាល់ ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា និងរូបខ្ញុំផ្ទាល់ ក្នុងឱកាសទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់យើងខ្ញុំ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៨ នេះ។

ប្រធានបទនៃកិច្ចប្រជុំកំពូលនាពេលនេះ ពោលគឺការដោះស្រាយបញ្ហាប្រឈមសំខាន់ នៃយុគ្គសម័យរបស់យើង ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល ពិតជាមានសារសំខាន់ខ្លាំងណាស់​សម្រាប់យើងទាំង​​អស់គ្នានៅក្នុងយុគ្គសម័យថ្មីនេះ។ បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ និងជាលទ្ធផលនៃការផ្លាស់ប្តូររចនាសម្ព័ន្ធពិភពលោក ដូចជា សង្គ្រាមពាណិជ្ជកម្ម ភាពក្រីក្រ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ចុះ និងការ​បាត់បង់សីលធម៌រស់នៅ ការផ្លាស់ប្តូរលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ ការរត់ប្រណាំងសព្វាវុធជាដើម ដែល​កំពុងគំរាមកំហែងដល់ការអភិវឌ្ឍសន្តិសុខ និងភាពសុខដុមរមនារបស់ពិភពលោក។ ប្រការនេះតម្រូវឲ្យយើងប្រកាន់យកនូវអភិក្រមបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងការសន្ទនាពិគ្រោះយោបល់ និងចំណាត់ការជាក់ស្តែង​ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះឲ្យមានប្រសិទ្ធភាព។

ក្នុងន័យនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហព័ន្ធ​សន្តិភាពសកល និងរដ្ឋាភិបាលនេប៉ាល់ ក៏ដូចជាការគាំទ្រអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះឡើង ព្រមទាំងសូមស្វាគមន៍ការចូលរួមលើកដំបូងពីសំណាក់សហគមន៍អន្តរជាតិ សមាជិកសភាដើម្បីសន្តិភាព និងសមាគមសាសនាដើម្បីសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

យើងទាំងអស់គ្នានៅទីនេះ ពិតជាមានការបារម្ភយ៉ាងខ្លាំងអំពី សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក ចំពោះមុខការវិវឌ្ឍទៅរកក្របខណ្ឌពហុប៉ូលថ្មី ដោយសារការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាព នៃអំណាចសកល។ ការវិវឌ្ឍបែបនេះនឹងនាំទៅដល់ការកែទម្រង់និម្មាបនកម្ម​នយោបាយ សង្គម និងសេដ្ឋកិច្ច នៃពិភពលោក ដែលនឹងមានបច្ច័យប៉ះពាល់ដល់ដំណើរការរៀបចំស្ថាប័ន និងវិធានគ្រប់គ្រងសកល ក៏ដូចជាអភិក្រមនៃការអភិវឌ្ឍជាទូទៅផងដែរ។ ពិភពលោក និងតំបន់របស់យើង កំពុងបន្តស្ថិតក្នុងភាពមិនប្រាដកប្រជា ដោយសារសង្គ្រាមពាណិជ្ជកម្ម និងការប្រកួតប្រជែងសេដ្ឋកិច្ច ផ្អែកលើការគាំពារនិយម និងភាពអាត្មានិយម ដែលប្រកាន់យកដោយប្រទេសមហាអំណាចខ្លះ ចំពោះជំហរគោលនយោបាយសកលសំខាន់ៗ ដូចជា គោលនយោបាយរូបិយវត្ថុ ការប្រែប្រួលអាកាសធាតុ និងបញ្ហានានាពាក់ព័ន្ធទៅនឹងភូមិសាស្រ្តនយោបាយ ភេរវកម្ម និងសន្តិសុខសកល។ ក្រៅពីនេះ ភាពជ្រុលនិយម អំពើភេរវកម្ម និងវិសមភាពក្នុងសង្គម ដែលភាគច្រើនមានឫសគល់ចេញពីការផ្លាស់ប្តូរអំណាច គំរូអភិវឌ្ឍខុសគ្នា និងការមិនអត់ឱនឲ្យគ្នារវាងសាសនា និងជាតិសាសន៍ផ្សេងគ្នា កំពុងបង្កើតឲ្យមានទំនាស់ និងភាពមិនប្រាកដប្រជានៅទូទាំងពិភពលោក។

ក្នុងនាមជាប្រទេស​កំពុងអភិវឌ្ឍន៍ កម្ពុជាមានការបារម្ភជាខ្លាំងចំពោះការសម្រេចចិត្តរបស់មហាអំណាចខ្លះ ដែលបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗមួយចំនួន។ ប្រការនេះ អាចជាការឆ្លុះបញ្ចាំងឲ្យឃើញពីការគម្រាមដល់ស្នូល នៃភាពស្របច្បាប់ នៅក្នុងសណ្តាប់ធ្នាប់គតិយុត្តិអន្តរជាតិ។ សកម្ម​ភាពជាឯកតោភាគីទាំងនេះ បាន និងកំពុងធ្វើឲ្យចុះខ្សោយនូវទំនាក់ទំនង រវាងបណ្តារដ្ឋ និងបង្កភាពតានតឹងក្នុងសហគមន៍អន្តរជាតិ។ ប្រាកដណាស់ថា នៅក្នុងពិភពលោកភាវូបនីយកម្ម អ្វីៗគ្រប់យ៉ាងសុទ្ធតែត្រូវផ្សាភ្ជាប់គ្នា​។ ប្រសិនបើយើងចាប់ផ្តើមប្រកាន់គោលនយោបាយគាំពារនិយម  ឯកតោភាគីនិយម និងធ្វើសង្គ្រាមពាណិជ្ជកម្ម នោះយើងនឹងបិទទ្វារលែងឲ្យមានកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគ ដែលបាននាំមកនូវវិបុលភាពដល់គ្រប់ប្រទេស ទាំងតូចទាំងធំជាច្រើនទសវត្សរ៍មកនេះ។ នេះគឺពិតជាការគម្រាមកំហែងពិតប្រាកដ ចំពោះការឈានទៅសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។

ដូចនេះ យើងត្រូវធានាថា យន្តការនៃកិច្ចសហប្រតិបត្តិការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហ និងគាំទ្រ​ប្រព័ន្ធពាណិជ្ជកម្មពហុនិយម ជាពិសេស ការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើង សម្រាប់ជម្រុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ដើម្បីលុបបំបាត់ភាពក្រីក្រ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ កម្ពុជា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច ជឿលើអត្ថប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលឈរលើវិធានគតិយុត្តិ។ យើងជឿជាក់ថា ពាណិជ្ជកម្មពិភពលោក មិនត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធដារជាឯកតោភាគីនោះទេ។ ប៉ុន្តែ គួរត្រូវបានលើកតម្កើង និងគាំទ្រតាមរយៈប្រកាន់គោលនយោបាយអនុគ្រោះសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

តាមរយៈបទពិសោធន៍របស់កម្ពុជា ការជម្រុញកំណើនប្រកបដោយបរិយាប័ន្ន​ គឺសំខាន់បំផុតទាមទារឲ្យមានសន្តិភាព និងសន្តិសុខជាមុនសិន។ ជាក់ស្តែង សន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈកាន់តែប្រសើរឡើង បាននាំមកនូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ក៏ដូចជាការវិវឌ្ឍជាវិជ្ជមាន នៃប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។ កម្ពុជាបានចាកចេញពីឋានៈជាប្រទេសអន់ថយ ដែលធ្លាប់តែញាំញីដោយសង្គ្រាមស៊ីវិល ជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ និងភាពក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងត្រូវបានចាត់ទុកថា ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី ជាមួយនឹងកំណើនប្រចាំឆ្នាំនៅរឹងមាំ ក្នុងអត្រាប្រមាណ ៧,៧% ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមក។

ជាការពិត ការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា គឺជាករណីជោគជ័យមួយសម្រាប់ពិភពលោក។ ជោគជ័យនេះ ទោះបីសម្រេចបានមកដោយការខិតខំប្រឹងប្រែង និងការតស៊ូយ៉ាងលំបាករបស់ប្រជាជាតិយើងក៏ពិតមែន តែមិនអាចកាត់ផ្ដាច់ចេញ ឬមើលរំលងពីតួនាទីរបស់សហគមន៍ពិភពលោក និងនិម្មាបនកម្មអន្តរជាតិ ដែលបានផ្តល់នូវប្រព័ន្ធបរិស្ថានមួយអំណោយផល សម្រាប់ការអភិវឌ្ឍរបស់យើង ពោលគឺសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សកល និងកិច្ចសហប្រតិបតិ្តការ លើគ្រប់វិស័យនៅក្នុងក្របខណ្ឌសកលភាវូបនីយកម្ម។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

យើងធ្លាប់បានដឹងហើយថា មនោគមវិជ្ជាមួយចំនួនបានកើតឡើង ជាការប្រតិកម្មតបទៅនឹងមនោគមវិជ្ជាធំៗ ដែលកំពុងមានអំណាចគ្រប់គ្រងលើសណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងណាយើងត្រូវទទួលស្គាល់ថា ពុំមានមនោគមវិជ្ជាណាមួយ ដែលល្អឥតខ្ចោះនោះទេ​ ហើយមនោគមវិជ្ជានីមួយៗបានបង្ហាញអោយឃើញអំពីគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន នៅក្នុងពេលដែលគេផ្តើមយកមកអនុវត្ត។ ប្រសិនបើប្រទេសមួយ ជ្រើសរើសយកមាគ៌ាដ៏ល្អមួយសម្រាប់ប្រជាជនរបស់ខ្លួន យើងគួរតែគោរពតាមការសម្រេចចិត្តបែបនោះ ​ព្រោះនេះជាជម្រើសប្រកបដោយអធិបតេយ្យភាព និងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសនោះ។ ដរាបណាការសម្រេចចិត្តនោះ រួមចំណែកលើកកម្ពស់គុណភាពជីវិត និងបំពេញនូវសក្តានុពលរបស់មនុស្សជាតិ។ ការរំលោភលើសិទ្ធិជ្រើសរើសរបស់ប្រទេសមួយ គឺជាការរំលោភលើអធិបតេយ្យភាព និងការបណ្ដុះគំនិត លូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ការខ្វែងគំនិតគ្នាលើមនោគមវិជ្ជា បានរួមចំណែកដល់ឱនភាព នៃទំនុកចិត្តក្នុងសហគមន៍អន្តរជាតិ និងភាពមិនប្រាកដប្រជានៃពិភពលោកបច្ចុប្បន្ន។

ក្នុងន័យនេះខ្ញុំសូមអនុញ្ញាតចែករំលែកគំនិតមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះតាមរយៈគោលការណ៍ និងវិធានការចម្បងៗដូចខាងក្រោម៖

១. ការបង្កើនមិត្តភាពជាមួយបណ្តាប្រទេសទាំងអស់ និងមិនធ្វើជាសត្រូវនៃប្រទេសណាមួយ ដោយគិតគូរដល់ការធានាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបចីរភាព។

២. ការលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាប្រចាំ ប្រកបដោយជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក​ ដើម្បីកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីការយល់ច្រឡំគ្នា ការប្រមើលមើលខុស និងការទទួលព័ត៌មានខុស ដែលអាចនាំទៅរកទំនាស់ស្រួចស្រាល់ ឬសង្គ្រាម។ យើងត្រូវគោរពឯករាជ្យភាព អធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ក្នុងក្របខណ្ឌនៃប្រព័ន្ធអន្តរជាតិមួយ ដែលផ្អែកលើវិធាននៃច្បាប់​ការបើកចំហ និងបរិយាប័ន្ន ព្រមទាំងការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

៣. ការបន្តពង្រឹងការសម្របសម្រួលគោលនយោបាយ ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម និងអំពើភេរវកម្មទាំងឡាយ ជាពិសេស តាមរយៈការលើកកម្ពស់ការជឿទុកចិត្តរវាងស្ថាប័នរដ្ឋ និងសង្គម ដើម្បីធានាថា បញ្ហានៃការរើសអើងនឹងត្រូវបានដោះស្រាយត្រឹមត្រូវ។

៤. ការផ្តោតសំខាន់លើការអភិវឌ្ឍណា ដែលឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន ដោយមិនប៉ះពាល់ដល់លទ្ធភាពរបស់មនុស្សជំនាន់ក្រោយ ក្នុងការបំពេញតម្រូវការរបស់ពួកគេ។ ក្នុងន័យនេះយើងត្រូវប្រាកដថា បរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធានានៅលើគន្លងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងគោលដៅនេះ កម្ពុជាមានកិត្តិយស ដោយបានយកចិត្តទុកដាក់ ដឹកនាំនូវគំនិតផ្តួចផ្តើមបង្កើតក្រុមប្រឹក្សាអាស៊ី ដោយមានរូបខ្ញុំផ្ទាល់ជាប្រធានស្ថាបនិកកិត្តិយស ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើផ្នែកវប្បធម៌ ការអភិវឌ្ឍ ការអភិរក្ស ការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាការពារបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ក៏ដូចជាការពង្រឹងអត្តសញ្ញាណវប្បធម៌អាស៊ី ដើម្បីសន្តិភាព និងវិបុលភាព នៅទូទាំងទ្វីបអាស៊ី។

៥. ការបញ្ចូលចំណេះដឹង នៃការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងកម្មវិធីសិក្សា និងការបណ្តុះបណ្តាលធនធានមនុស្ស ទាំងក្នុងប្រព័ន្ធអប់រំក្រៅផ្លូវការ និងផ្លូវការ ជាពិសេសការបង្កើតភាពជាដៃគូ និងការសម្របសម្រួលគោលនយោបាយ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

បញ្ហាប្រឈមចំពោះមុខទាំងអស់នេះ ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ និងការចូលរួមពីដៃគូពាក់ព័ន្ធទាំងអស់ ប្រកបដោយការជឿទុកចិត្តគ្នា និងផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក ដោយឈរលើផលប្រយោជន៍រួមជាធំ។ កាលៈទេសៈនេះមិនមែនជាពេលវេលាសម្រាប់យើងត្រូវបន្តបែកបាក់សាមគ្គី នៅស្ងៀម ឬគេចវេះពីបញ្ហានោះទេ។ វាគឺជាពេលវេលាសម្រាប់ការឆ្លើយតបជាបន្ទាន់ និងប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ការភ័យខ្លាច និងកំហឹង ដែលកំពុងបំបែកបំបាក់បណ្តាប្រទេសនានា។ តាមរយៈការកៀរគរធនធាន ក៏ដូចជាការដាក់ចេញនូវយុទ្ធសាស្រ្ត និងសកម្មភាពជាក់ស្តែង ដើម្បីលើកតម្លៃនៃសន្តិភាព​ សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព រួមទាំងកិច្ចសហការគ្នាដោយស្មើភាព និងការគោរពគ្នាទៅវិញទៅមកសម្រាប់វិបុលភាពរួមនៃតំបន់ និងសកលលោក។

ក្នុងនេះ ទំនាក់ទំនងប្រកបដោយជំហរវិជ្ជមាន និងស្ថិរភាពក្នុងចំណោមបណ្តាប្រទេសទាំងអស់ ជាពិសេស បណ្តាប្រទេសធំៗ ​គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងលើសកលលោក។ កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍ និងអនាគតរបស់យើង។ យើងសូមស្វាគមន៍ជានិច្ចនូវកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើការយោគយល់ និងការគោរពគ្នាទៅវិញទៅមកប្រកបដោយស្មារតីជឿទុកចិត្ត ដើម្បីកសាងពិភពលោកមួយប្រកបដោយវិបុលភាព និងគុណតម្លៃជាសកល ជាអតិបរមា៕

សូមអរគុណចំពោះការយកទុកដាក់ស្តាប់!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា