សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

សុខសប្បាយទេក្មួយៗ? សុខសប្បាយ។ សុំសួរមួយបានទេ? រឿងមួយចង់សួរមុនគេ។ បានឬមិនបាន? បាន​។ ឥឡូវ អ្នកដែលជិតចូលរោងការ មានប៉ុន្មាន? សូមលើកដៃបន្តិច? អរគុណណាស់។ ថ្ងៃនេះ យើងជួបជុំគ្នាសាជាថ្មីម្ដងទៀត។ យើងក៏មិននឹកស្មានថា បន្ទាប់ពីបុណ្យអុំទូកហើយ ថ្ងៃនេះដូចជា ៦ រោច ខែកត្តិក ទៅហើយ បែរជាមានភ្លៀងធ្លាក់ជោគជាំបន្ថែមទៀតយប់មិញនេះ។ ប៉ុន្តែ ការដែលមានភ្លៀងធ្លាក់នោះ វាអាចធ្វើអោយយើងមានការលំបាកបន្តិច នៅក្នុងការជួបជុំដោយមានទឹកមានភក់ ប៉ុន្តែវាក៏មិនធ្វើអោយមានការអាក់ខានណាមួយសម្រាប់ជំនួបរបស់យើងថ្ងៃនេះនោះទេ។

អរគុណម្ចាស់រោងចក្រ ដែលអនុញ្ញាតអោយកម្មករ/ការិនីបានឈប់សម្រាក ដើម្បីធ្វើការសំណេះសំណាល

ថ្ងៃនេះ ខ្ញុំសូមយកឱកាសនេះដើម្បីសម្ដែងនូវការស្វាគមន៍ ចំពោះក្មួយៗជាកម្មករ/ការិនី និងថ្នាក់ដឹកនាំទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏សូមអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបសំណេះសំណាលជាមួយខ្ញុំនៅពេលនេះ ហើយក៏បានទទួលការឈប់សម្រាកនៅពេលល្ងាចនេះ ព្រោះថាក្មួយៗក៏បានធ្វើដំណើរតាំងពីយប់ ដើម្បីមករង់ចាំការជួបជុំនៅទីនេះ។ នេះគឺជាការជួបជុំបន្តទៀត បន្ទាប់ពីអាក់ខានមួយរយៈ ដោយសារតែមានភារកិច្ចជាប់ទៅក្រៅប្រទេសផង និងនៅក្នុងប្រទេសផង។ ក៏ប៉ុន្តែក៏សូមបញ្ជាក់ជូនក្មួយៗជាកម្មករ/ការិនីទាំងអស់នៅទីនេះអោយបានជ្រាប ក៏ដូចជាសុំអធ្យាស្រ័យកម្មករ/ការិនី ដែលខ្ញុំមិនទាន់បានជួប។ គ្រាន់តែនៅខេត្តកណ្ដាលនេះ គឺនៅជំពាក់ដល់ទៅ ២ ទៀត តាកែវជំពាក់ ១ កំពង់ស្ពឺនៅច្រើនជាងគេ ហើយនៅទីកន្លែងដទៃទៀត។

បន្ទាប់ពីគោលនយោបាយពង្រាយសាលារៀន យើងដើរដល់ដំណាក់កាលពង្រាយរោងចក្រ

ពូជួបក្មួយៗនៅថ្ងៃនេះ ម៉ោងនេះ ប៉ុន្តែ ២៤ ម៉ោង ក្រោយនេះ ពូចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសនេប៉ាល់ ពីថ្ងៃទី ២៩ ស្អែកនេះ រហូតទៅដល់ថ្ងៃទី ២ ធ្នូ បានវិលត្រឡប់មកកាន់កម្ពុជាវិញ។ នោះហើយដែលហៅថាភារកិច្ចរបស់នាយករដ្ឋមន្ត្រី ដែលជារដ្ឋអធិបតេយ្យមួយ ត្រូវធ្វើការនៅក្នុងប្រទេសផង ត្រូវធ្វើការនៅក្រៅប្រ​ទេសផង។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអធ្យាស្រ័យ ពីសំណាក់ក្មួយៗទាំងឡាយ ដែលទន្ទឹងរង់ចាំអស់រយៈពេលជាងមួយឆ្នាំ ទម្រាំនឹងបានជួប ព្រោះថាការចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ ចូលមកដល់ខែវិច្ឆិកា ឆ្នាំ ២០១៨ យើងមិនទាន់បានជួបគ្នាអស់នៅឡើយទេ។ ថ្ងៃនេះក្មួយៗមួយចំនួនដែលជាប្រធានក្រុម ប្រធានផ្នែក និងប្រធានរដ្ឋបាលក៏បានធ្លាប់ទៅជួបពូនៅទីក្រុងភ្នំពេញ ក៏ប៉ុន្តែកម្មករ/ការិនីរបស់យើង ទើបនឹងបានជួបនៅថ្ងៃនេះ នៅស្រុកកណ្ដាលស្ទឹង ដែលយើងបានពង្រាយរោងចក្រមកដល់ទីនេះ បង្កលក្ខណៈងាយស្រួលសម្រាប់ការរកការងារធ្វើរបស់កម្មករ/ការិនីរបស់យើង​ ដែលនេះជាគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយមុននេះគឺពង្រាយសាលារៀន តែក្រោយមកយើងដើរដល់ដំណាក់កាលនៃការពង្រាយរោងចក្រ ទៅកាន់ទីកន្លែង ដែលមានលទ្ធភាពដែលអាចដោះស្រាយបាន អាចទទួលការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស។

ជំនួបជាមួយកម្មករ/ការិនីធ្វើរហូតដល់ឈប់ធ្វើជានាយករដ្ឋមន្ត្រី

ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្ដែងជូននូវការអបអរសាទរ ហើយកោតសសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់ទីកន្លែង ដែលបានរួមសហការគ្នា រៀបចំកម្មវិធីសំណេះសំណាល ហើយដែលរហូតមកដល់ពេលនេះតាមរបាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អម្បាញ់មិញនេះ គឺបានបង្ហាញថា ជំនួបទាំងឡាយដែលបានធ្វើរួចមកហើយនោះ ត្រូវបានជួបជាមួយកម្មករជាង ៨៤ ម៉ឺននាក់។ ប៉ុន្តែ ៨៤ ម៉ឺននាក់នេះ វាមិនទាន់អស់ទេ យើងនៅមានជំនួបច្រើនទៀត … ពូបានសន្យាហើយ​។ នេះគឺជាការអនុវត្តនៅអ្វីដែលពូបាននិយាយនៅមុនការបោះឆ្នោត។ រំលឹកអំពីបញ្ហានេះបន្តិចថា នៅមុនការបោះឆ្នោតពូបាននិយាយទៅកាន់កម្មករ/ការិនីថា ​ប្រសិនបើគណបក្សប្រជាជនឈ្នះឆ្នោត ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី នោះយើងនឹងបន្តការជួបជាមួយនឹងកម្មករ/ការិនីជាបន្តទៀត។ ប៉ុន្តែ ក្នុងករណីដែលគណបក្សប្រជាជនមិនឈ្នះឆ្នោត ហើយ​ ហ៊ុន សែន មិនធ្វើជានាយករដ្ឋមន្ត្រីទេនោះ គឺខ្ញុំនឹងមិនបំពានទៅលើកិច្ចការនៃអនាគតនាយករដ្ឋមន្ត្រីថ្មីនោះទេ។ ប៉ុន្តែ ឥឡូវនេះអ្វីៗវាបានច្បាស់ហើយ គណបក្សប្រជាជនក៏បានឈ្នះឆ្នោត ហ៊ុន សែន ក៏នៅបន្តជានាយករដ្ឋមន្ត្រី ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង ៣ ខែហើយ ដែលហៅថារាជរដ្ឋាភិបាលអាណត្តិទី ៦ ហើយក៏បានជួបបន្តកម្មករ/ការិនីរបស់យើងជាបន្តទៀតតាមការគ្រោងទុក។ សូមបញ្ជាក់ថា ជំនួបនេះវាមិនបញ្ចប់ត្រឹមឆ្នាំ២០១៨-២០១៩-២០២០ នោះទេ។ ជំនួបនេះធ្វើរហូតដល់ពូឈប់ធ្វើជានាយករដ្ឋមន្ត្រី យ៉ាងតិច ១០ ឆ្នាំទៀត​។ បានសេចក្ដីថា ពូត្រូវបន្តដំ​ណើរជួបជាមួយកម្មករ/ការិនីរបស់យើង ដើម្បីពិនិត្យមើលនៅលក្ខណៈស្ថានភាពទាំងឡាយ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ។

ជម្រុញវិស័យឧស្សាហកម្ម មិនមែនភ្លេចកសិកម្មនោះទេ

មិនមែនបញ្ហានិយាយយ៉ាងដូច្នេះ ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥-២០២៥ ហើយជាបន្តទៀតនឹងមិនមែនបញ្ចប់ត្រឹមឆ្នាំ ២០២៥ ក្នុងវិស័យឧស្សាហកម្មនោះទេ។ និយាយយ៉ាងដូច្នេះមិនមែនបានន័យថា យើងភ្លេចចំពោះកសិករនោះទេ។ ក៏ប៉ុន្តែ ប្រហែលជាក្មួយៗធ្លាប់បានដឹងហើយ សូម្បីតែនៅតំបន់សៀមរាប (កន្ទួត)នេះ ពូធ្លាប់ចុះមកស្ទូងនៅកន្លែងហ្នឹង។ នៅកណ្ដាលស្ទឹងហ្នឹងគឺជាកន្លែង ដែលខ្ញុំធ្លាប់នាំកម្លាំងក្រ​សួង​ការបរ​ទេសចុះមកស្ទូងនៅតំបន់អស់ទាំងហ្នឹង។ តំបន់វាលស្រែ វាលស្រូវនៅកន្លែងហ្នឹង។ ប្រហែលជាអ្នកកណ្ដាលស្ទឹងរបស់យើងនៅចាំបាន គ្រោះទឹកជំនន់ គេហៅថាជំនន់ទឹកភ្លៀង​ ជំនន់ព្រែកត្នោត ឆ្នាំ ១៩៩១ ពូធ្វើដំណើរតាមម៉ូតូធ្វើដំណើរកាត់តាមម្ដុំអស់ទាំងហ្នឹង សុទ្ធតែជាទីកន្លែងដែលយើងធ្លាប់ធ្វើសកម្មភាពក្នុងពេលវេលាដែលយើងជម្រុញការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ប៉ុន្តែឱកាសបានមកដល់សម្រាប់ការជម្រុញក្នុងវិស័យឧស្សាហកម្ម។ ពិតហើយ មិនមែនជារឿងថ្មីដែលទើបនឹងកើត នៅក្នុងរយៈកាលឆ្នាំ ២០១៧-២០១៨ ក្នុងការជួបជាមួយកម្មករនោះទេ។ ពូបានជួបជាមួយហ្នឹងកម្មកររាល់ឆ្នាំ ក៏ប៉ុន្តែជំនួបនោះវាមិនគ្រប់គ្រាន់ទេ ឥឡូវពូក៏ចាប់ផ្ដើមយកបញ្ហានេះធ្វើជាគោលដៅ នៃសកម្មភាពរបស់នាយករដ្ឋមន្ត្រី។ ពិតហើយមានសេនាធិការ ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរការងារ និងផ្នែកពាក់ព័ន្ធដទៃទៀត បានយកចិត្តទុកដាក់ ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីបានចាប់យកនូវសកម្មភាពចំពោះកម្មករនេះ ធ្វើជាគោលដៅ នៃសកម្មភាពរបស់ខ្លួនជាប្រចាំ ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាដែលបានកើតឡើង និងបញ្ហាដែលយើងត្រូវជម្រុញបន្តទៀត។

នៅមួយខែទៀត អនុវត្តបៀវត្សរ៍អប្បបរមា ១៨២ ដុល្លារ និងបើក ២ សប្ដាហ៍ម្ដង

អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានលើកឡើងនូវចំណុចទាំង ១០ ដែលត្រូវបន្តការយកចិត្តទុកដាក់ តើនោះវាកើតចេញពីអ្វី ទើបមានបញ្ហាទាំង ១០ នេះឡើង? នោះវាច្បាស់ណាស់ថា នាយករដ្ឋមន្ត្រីបានចុះស្វែងយល់បញ្ហានេះ។ តាមរយៈការស្វែងយល់នោះ យើងក៏បានដាក់ចេញនូវបញ្ហាជាក់លាក់ដើម្បីធ្វើការដោះស្រាយ​ ឧទាហរណ៍ កាលពីពូចាប់ផ្ដើមចុះជួបជាមួយកម្មកររបស់យើង ពេលនោះកម្មកររបស់យើងទទួលបានបៀវត្សរ៍ត្រឹមតែ ១៥០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ បន្ទាប់ទៅ យើងបានប្រឹងប្រែងរកគ្រប់វិធីទាំងអស់ ដើម្បីបង្កើនបៀវត្សរ៍អោយកម្មកររបស់យើង ពេលនេះកំពុងអនុវត្តនូវបៀវត្សរ៍ចំនួន ១៧០ ដុល្លារ សហរដ្ឋអាមេរិក។ នៅសល់តែមួយខែទៀត បាំងតែមួយខែទៀតតែប៉ុណ្ណោះ ក្មួយៗកម្មករ/ការិនីរបស់យើង នឹងទទួលបានប្រាក់បៀវត្សអប្បបរមាចំនួន ១៨២ ដុល្លារសហរដ្ឋអាមេរិក និងត្រូវបើក ២ សប្ដាហ៍ម្ដង សូមអបអរសាទរ។

ប្រៀបធៀបបៀវត្សរ៍អប្បបរមាជាមួយប្រទេសក្នុងតំបន់ យើងមានលើសគេច្រើន

នេះជាការកើនឡើងដោយមានការយកចិត្តទុកដាក់ តាមរយៈយន្តការត្រីភាគី រវាងម្ខាងតំណាងរាជរដ្ឋាភិបាល ម្ខាងទៀតតំណាងម្ចាស់រោងចក្រ ហើយជ្រុងម្ខាងទៀត គឺតំណាងអោយផលប្រយោជន៍អោយកម្មករ/ការិនី របស់យើង។ យើងសិក្សារួមគ្នា ដើម្បីបង្កើតអោយមានប្រាក់ចំណូលកាន់តែខ្ពស់ទៅៗ សម្រាប់កម្មករ/ការិនីរបស់យើងនៅក្នុងវិស័យឧស្សាហកម្ម។ បើប្រៀបធៀបទៅក្នុងរយៈពេលនៃការចេញដំណើររបស់យើងកាលពីពេលមុន នៅក្នុងឆ្នាំ ១៩៩៧ បៀវត្សរ៍របស់យើងមានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិកទេ​ នេះគិតត្រឹមឆ្នាំ ១៩៩៧។ ហើយមុនឆ្នាំ ១៩៩៧ បៀវត្សរ៍កម្មករនៅក្រោម ៤០ ដុល្លារសហរដ្ឋអាមេរិកទេ។ ប៉ុន្តែ ឥឡូវនេះ កម្មករ/ការិនីរបស់យើងមានលទ្ធភាពបង្កើន បន្តិចទៀតរហូតទៅដល់ ១៨២ ដុល្លារ។ អម្បាញ់មិញមានប្អូនស្រីម្នាក់ ខ្ញុំបានសួរថាបានប្រាក់ខែប៉ុន្មាន? ថាបាន ១៧០ ដុល្លារ ហើយជាមួយនឹងការធ្វើការងារបន្ថែមទៀត​ គឺបានរហូតទៅដល់ ២៥០ ដុល្លារសហរដ្ឋអាមេរិក។ នេះគឺជាប្រាក់ចំណូលមួយបង្គួរ … សូមយកឱកាសនេះបញ្ជាក់ជូនបន្តិច ដើម្បីយើងអាចធ្វើការប្រៀបធៀប ហើយប្រទេសគេក៏មានការកើនឡើងដែរ។ ប៉ុន្តែ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះគឺយើងពិនិត្យមើល សម្រាប់យើង ១៧០ ដុល្លារ នៅប្រទេសបង់ក្លាដេស ៦៧ ដុល្លារ នៅស្រីលង្ការ ៦៧ ដុល្លារ នៅឥណ្ឌាមានចំនួន ៧៧-១៤៣ ដុល្លារ ទាបក៏ទាប ខ្ពស់ក៏នៅមិនទាន់ដល់យើង,  នៅភូមា ឬហៅថាមីយ៉ាន់ម៉ា មាន ១០៨ ដុល្លារ ឯនៅឥណ្ឌូនេស៊ីពី ១០៦-២៦៧ ដុល្លារ គេមានតំបន់។ នៅវៀតណាម ១២២ ដុល្លារ នឹងទៅដល់ ១៧៥ ដុល្លារ។ នៅឡាវ ១៣៣ ដុល្លារ និងនៅប៉ាគីស្ថាន ១៣៤ ដុល្លារ។ តាមការគ្រោងទុកកំណើនសម្រាប់ឆ្នាំ ២០១៩ នៅកម្ពុជាកើនដល់ ១៨២ ដុល្លារ នៅបង់ក្លាដេស កើនទៅដល់ ៩៥ ដុល្លារ នៅស្រីលង្ការនៅដដែលគឺចំនួន ៦៧ ដុល្លារ ក្នុងមួយខែ។ នៅឥណ្ឌាកើនដល់ ៨១ ដុល្លារ ទៅដល់ ១៥០ ដុល្លារ នៅមីយ៉ាន់ម៉ាគឺរក្សាដដែល ១០៨ ដុល្លារ។ នៅឥណ្ឌូនេស៊ី ស្ថិតនៅក្នុងស្ថានភាពដដែលទេ មានតំបន់ដែល ១០៦ ដុល្លារ និង ២៦៧ ដុល្លារ។ ឯនៅវៀតណាមគឺនឹងមានកំណើនមានតំបន់ ១២៨ ដុល្លារ និងមានតំបន់ ១៨៤ ដុល្លារ។ នៅឡាវ ១៣៣ ដុល្លារ ដដែល និងនៅប៉ាគីស្ថាន ១៣៤ ដុល្លារ​ គឺកើន ២ ដុល្លារ។

ទាមទារប្រាក់ខែ ក៏ត្រូវគិតពីអ្នកវិនិយោគថាគេទ្រាំទ្របានឬអត់?

អញ្ចឹងយើងធ្វើការប្រៀបធៀបទៅលើចំណុចនេះ ដើម្បីយើងអាចយល់ដឹងទាំងអស់គ្នាថា តើយើងត្រូវដោះស្រាយបញ្ហានេះរបៀបណា ដើម្បីរក្សាទុក និងភាពទាក់ទាញសម្រាប់ការវិនិយោគនៅក្នុងប្រទេសរបស់យើង។ ប្រសិនបើយើងទាមទារតែប្រាក់ខែខ្ពស់ ដោយមិនគិតទៅដល់ស្ថានភាពរួមនៃការប្រកួតប្រជែង យើងពិតជាបាត់បង់ទាំងស្រុងតែម្តង។ ដូច្នេះ វាមានការចាំបាច់ដើម្បីនឹងធ្វើការសម្របសម្រួលគ្នា រវាងផលប្រយោជន៍សម្រាប់អ្នកវាទាក់ទងជាមួយនឹងទីផ្សារដែលទទួលទិញពីយើងនោះ តម្លៃរបស់គេជួនកាលបើគេមិនអាចនាំ ផលិតផលចេញពីប្រទេសយើង ហើយទៅលក់ខាតសម្រាប់ប្រទេសគេទេ។ អ្នកដែលបញ្ជាទិញ គេត្រូវបញ្ជាទិញយ៉ាងម៉េចអោយថោកល្មមនៅពីទីនេះ ហើយទៅលក់ក្នុងតម្លៃថោកល្មមនៅប្រទេសគេ​ ទទួលផលចំ​ណេញក្នុងកម្រិតណាមួយ។  ប្រសិនបើថ្លៃរបស់យើងខ្ពស់ជាងតម្លៃ ដែលគេលក់ចេញនៅក្នុងប្រទេសរបស់គេ​ គេមិនទិញរបស់យើងទេ គេរត់ទៅទិញនៅប្រទេសដែលមានតម្លៃថោកជាង។ ហើយតម្លៃថោកជាងយើងនោះ​ គេបានមកពីអី? គេបានមកពីការគួបផ្សំគ្នា ក្នុងនោះមួយផ្នែកគឺទាក់ទងទៅនឹងតម្លៃ(ឈ្នួល)កម្មករនេះឯង។ សូមបញ្ជាក់បន្តិចថា បើនិយាយពីវិយោគិនរបស់ជប៉ុន វិនិយោគិនរបស់ជប៉ុនចាប់អារម្មណ៍មុននឹងមកវិនិយោគ ហើយមកស្វែងរកគេហៅថាឱកាសវិនិយោគនៅកម្ពុជា ចំណុចដែលគេព្រួយបារម្ភគឺមានទី ១៖ តម្លៃពលកម្ម ទី២៖ គឺការផ្គត់ផ្គង់អគ្គិសនី។ តែពីរហ្នឹងទេ ប៉ុន្តែក៏នៅមានចំណុចទី ៣ ដែលទាក់ទងនឹងធនធានមនុស្ស និងធនធានបច្ចេកទេស ដែលយើងត្រូវផ្គត់ផ្គង់អោយពួកគេ។ ទាំងអស់នេះគឺជាចំណុចដែលពូចាប់ផ្តើម​គ្រាន់តែបញ្ជាក់ជូនចំពោះកម្មករ/ការិនីរបស់យើង​ អំពីការកើនឡើងការយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហា។

ដើម្បីកម្មករបានឡើងប្រាក់ខែ រាជរដ្ឋាភិបាលទទួលខាត ៤០ លានដុល្លារ សម្រួលការលំបាកម្ចាស់រោងចក្រ

ដើម្បីអោយក្មួយៗទទួលបានប្រាក់បៀវត្ស និយាយដំបូង និយាយអោយចំនៅកន្លែងនេះសិន ទាក់ទងនឹងប្រាក់បៀវត្ស រាជរដ្ឋាភិបាលត្រូវគិតគូរគ្រប់កត្តាទាំងអស់ ដើម្បីយកគុណជាមួយគ្នា​ ជាមួយតួអង្គដែលពាក់ព័ន្ធ តើមានកម្រិតប៉ុណ្ណា? ដែលយើងអាចទទួលយកបាន។ ទាំងកម្មករក៏ត្រូវមានការងារធ្វើ និងមានប្រាក់ចំណូល ទាំងម្ចាស់រោងចក្រក៏មានប្រាក់ចំណេញ។ ​២ ឆ្នាំរួចមកនេះ រាជរដ្ឋាភិបាលត្រូវធ្វើសម្បទាន ដើម្បីឆ្លើយតបទៅ អោយកម្មករ/ការិនីរបស់យើង។ ដូចជាឆ្នាំកន្លងទៅនេះ ដើម្បីអោយក្មួយៗបានទទួលដល់ ១៧០ ដុល្លារ តើរាជរដ្ឋាភិបាលត្រូវធ្វើអី? នោះយើងត្រូវខាតបង់ប្រមាណជា ៤០ លានដុល្លារ ដែលបានមកពីពន្ធកាត់ទុកម្ខាង ម្ខាងទៀតគឺកម្រៃជើងសារសម្រាប់ការនាំចេញ។ អញ្ចឹងគឺរដ្ឋាភិបាលត្រូវបាត់បង់ថវិកាចំនួនជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអោយម្ចាស់រោងចក្រ ដើម្បីកុំអោយម្ចាស់រោងចក្រធ្ងន់ធ្ងរពេក ព្រោះម្ចាស់រោងចក្រត្រូវរែកពុនម្ខាងគឺត្រូវដំឡើងបៀវត្សរ៍អោយកម្មករ​ ឯម្ខាងទៀតក៏ត្រូវបង់ដែលគេហៅថា តម្លៃថែទាំសុខភាព ដែលមុននេះកម្មករ/ការិនី របស់យើងត្រូវបង់ ៥០% ​ម្ចាស់រោងចក្របង់ ៥០% ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ មក ម្ចាស់រោងចក្រត្រូវបង់ជំនួសកម្មករទាំងអស់ ដែលធ្វើអោយកម្មកររបស់យើងបានប្រាក់ចំណេញក្នុងរង្វង់ ៨០០០ រៀល ទៅ ១៣០០០ រៀល ក្នុងមួយខែ។

ត្រូវលះបង់ប្រមាណ ៨០ លានដុល្លារ បន្ថែមទៀតទៅលើការទម្លាក់ថ្លៃអគ្គិសនី

ដល់ប្រាក់បៀវត្សសម្រាប់ឆ្នាំ ២០១៩ នេះ ម្ចាស់រោងចក្របានប្រឹងប្រែងអស់លទ្ធភាពរបស់ខ្លួនត្រឹមតែ ១៧៧ ដុល្លារសហរដ្ឋអាមេរិក​ទេ។ វាមិនគ្រប់គ្រាន់តាមសំណូមពររបស់នាយករដ្ឋមន្ត្រី ដែលចង់បាននោះទេ​។ រាជរដ្ឋាភិបាលចង់បាននោះ គឺចង់បានអោយប្រាក់បៀវត្សរបស់កម្មករ/ការិនីរបស់យើងកើនលើសពី ១៨០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីឈានឆ្ពោះជាបណ្តើរៗទៅកាន់ ២៤០ ដុល្លារ នៅក្នុងរយៈពេលមួយ ២៤០ ដុល្លារ ឬ ២៥០ដុល្លារ។ អញ្ចឹង នៅទីនេះរាជរដ្ឋាភិបាលត្រូវលះបង់ប្រមាណ ៨០ លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀតទៅលើការប៉ះប៉ូវថ្លៃអគ្គិសនី។ គឺម្ចាស់រោងចក្រដាក់ការទាមទារថា បើចង់អោយខ្ញុំដំឡើងដល់ ១៨២ ដុល្លារ ត្រូវតែទម្លាក់ថ្លៃអគ្គិសនីអោយដល់ត្រឹមប៉ុណ្ណេះ​។ អញ្ចឹងយើងយកមកគុណជាមួយគ្នា។​ អគ្គិសនីរបស់យើង ដែលមុននេះ ត្រូវយកប្រាក់ហ្នឹងដើម្បីតបណ្តាញនៅតាមភូមិ/ឃុំ ឥឡូវនេះយើងត្រូវកាត់បន្ថយចំនួនប្រាក់នេះ ដើម្បីរុញយកមកអោយកម្មករ/ការិនីរបស់យើង តាមរយៈនូវការទម្លាក់ថ្លៃអគ្គិសនី ទៅដល់រោងចក្រសហគ្រាស ដើម្បីអោយរោងចក្រសហគ្រាសទទួលបានផលចំណេញពីការទម្លាក់ថ្លៃអគ្គិសនី ដែលជាការប្រកួតប្រជែងសម្រាប់ការទាក់ទាញវិនិយោគទុនផង ប៉ុន្តែគោលដៅចុងក្រោយគឺបង្កើនបៀវត្សរ៍អោយកម្មករនោះឯង។ នេះហើយគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ចំណងទាក់ទងរវាងសន្តិភាព និងការអភិវឌ្ឍ មិនអាចកាត់ផ្តាច់បាន

មុននឹងឈានមកដល់នេះ ក្មួយៗមិនត្រូវភ្លេច អំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជារបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីជម្នះឧបសគ្គទាំងឡាយ ដែលបានបន្សល់ទុកពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នោះគឺការខិតខំបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍប្រទេសរបស់យើង។ ឆ្នាំនេះគឺជាខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាតាមរយៈនយោ​បាយឈ្នះឈ្នះ ដែលយើងនឹងធ្វើបុណ្យរហូតទៅដល់ ៣ យប់ ៣ ថ្ងៃ។ ប៉ុន្តែ​ សន្តិភាពតែមួយវាមិនគ្រប់គ្រាន់ទេ។ ដើម្បីរក្សានូវសន្តិភាព គឺត្រូវធានាដល់ការអភិវឌ្ឍ។ ចំណងទាក់ទងរវាងសន្តិភាព និងការអភិវឌ្ឍ វាមិនអាចបេះដាច់ចេញពីគ្នាបានទេ ​គ្មានសន្តិភាពមិនអាចអភិវឌ្ឍប្រទេសជាតិបានទេ។ ហើយប្រសិនបើគ្មានការអភិវឌ្ឍ ប្រាកដណាស់ថា យើងមិនអាចរក្សាទុកនូវសន្តិភាពបាននោះដែរ។ ដូច្នេះរាជរដ្ឋាភិបាលបានប្រឹងប្រែងធ្វើសព្វគ្រប់ ​ធ្វើការងារគ្រប់បែបយ៉ាងទាំងអស់ ដើម្បីជម្រុញកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងឡាយ ដើម្បីទាក់ទាញវិនិយោគិនមកកាន់កម្ពុជារបស់យើង។

កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាក់ទាញវិនិយោគ និងរកទីផ្សារ

ការកសាងផ្លូវថ្នល់ ការកសាងកំពង់ផែ កសាងអាកាសយានដ្ឋាន កសាងអគ្គិសនី ជម្រុញការអភិវឌ្ឍអគ្គិសនី និងហេដ្ឋារចនាសម័្ពន្ធចាំបាច់ដទៃទៀត រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីទាក់ទាញវិនិយោគិនមកកាន់ប្រទេសរបស់យើង។ យើងបានប្រឹងប្រែងធ្វើកិច្ចការទាំងអស់នេះ បើទោះបីថាដោយអន្លើ។ ហេដ្ឋារចនាសម័្ពន្ធរបស់យើងវាមិនទាន់គ្រប់គ្រាន់ ប៉ុន្តែ បើយើងប្រៀបធៀបទៅនឹងចំណុចចេញដំណើររបស់យើងពីលេខ ០ ហេដ្ឋារចនាសម័្ពន្ធរបស់យើង វាក៏គ្រាន់បើដែរ។ សូម្បីតែផ្លូវក្នុងស្រុកកណ្តាលស្ទឹងរបស់យើង មិនដែលមានផ្លូវចាក់កៅស៊ូពីពេលណា? វាអត់ដែលមានទេ … យើងបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីទាក់ទាញវិនិយោគមក វិនិយោគ។ គេមិនអាចមកវិនិយោគនៅលើគ្រាប់មីន គ្រាប់បែក ហើយវិនិយោគគេមិនអាចគ្មានផ្លូវអោយគេមកវិនិយោគនោះទេ។ យើងប្រឹងប្រែងទាក់ទាញវិនិយោគិន ជាមួយនឹងការខិតខំស្វែងរកទីផ្សារនៅខាងក្រៅ ដើម្បីសម្រាប់ការនាំចេញនូវផលិតផលរបស់យើង។

ទំហំនាំចេញសរុប មានប្រមាណជាង ១២.០០០ លានដុល្លារសហរដ្ឋអាមេរិក

ទំហំនៃការនាំចេញរបស់យើងកាន់តែធំទៅៗ ដែលមិនធ្លាប់មានកាលពីពេលមុននោះទេ។ មកដល់ពេលនេះ ទំហំនៃការនាំចេញសរុបរបស់យើងមានប្រមាណជាង ១២.០០០ លានដុល្លារសហរដ្ឋអាមេរិក  ដែលនេះអាចចាត់ទុកថាជាជោគជ័យមួយ ក្នុងចំណោមជោគជ័យនៃការកសាងប្រទេសឡើងវិញពីភាពខ្ទេចខ្ទាំ។ យើងបានប្រឹងប្រែងធ្វើកិច្ចការច្រើនណាស់ ហើយកិច្ចការទាំងអស់នេះ ពូក៏សូមយកឱកាសនេះដើម្បីថ្លែងនូវអំណរគុណចំពោះជីដូនជីតា ឪពុកម្តយ របស់ក្មួយៗ និងរហូតមកដល់ក្មួយៗ តែងតែបានគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជន ការគាំទ្រចំពោះពូ ដែលជាប្រមុខរដ្ឋាភិបាលរយៈពេលជាង ៣០ ឆ្នាំ កន្លងមកនេះ អោយសម្រេចបាននូវជោគជ័យតាមដំណាក់ៗ ទាំងក្នុងវិស័យកសិកម្ម និងឥឡូវនេះឈានចូលមកដល់ការជម្រុញអភិវឌ្ឍនៅក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យដទៃទៀត។

បោះឆ្នោតឲ្យគណបក្សប្រជាជន គឺធានាការងារធ្វើ សន្តិភាព និងប្រាក់ចំណូល

ខ្ញុំក៏សុំយកឱកាសនេះថ្លែងអំណរគុណចំពោះក្មួយៗជាកម្មករ/ការិនីនៅទីនេះ និយាយដោយឡែក និងនិយាយរួម ចំពោះប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យឈ្នះឆ្នោត ហើយបន្តដឹកនាំប្រទេសជាបន្តទៀត។ ខ្ញុំមានអារម្មណ៍ថា អ្វីដែលក្មួយៗបានធ្វើក្នុងរយៈពេលកន្លងទៅ ការបោះឆ្នោតរបស់ក្មួយៗ មិនមែនជាការបោះឆ្នោតសម្រាប់តែគណបក្សប្រជាជនទេ ក៏ប៉ុន្តែក្មួយៗបានបោះឆ្នោតរក្សាទុកស្នា​ដៃរបស់ជីដូនជីតា និងឪពុកម្តាយរបស់ក្មួយៗ ដែលបានរួមដំណើរចេញពីស្ថានភាពដ៏លំបាកលំបិន។ ពួកគាត់បានរួមជាមួយពូ បានរួមជាមួយមេដឹកនាំរប​ស់គណបក្សប្រជាជន តាំងពីការផ្តួលរំលំរបប ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដំណើរការជាបន្តបន្ទាប់។ ដូច្នេះបោះឆ្នោតជូនគណបក្សប្រជាជន គឺជាការបោះឆ្នោតឲ្យជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ហើយក៏ជាការបោះឆ្នោតសម្រាប់ខ្លួនឯងដែរ ព្រោះនេះការធានាល្អបំផុតសម្រាប់ការងារធ្វើ សម្រាប់សន្តិភាព សម្រាប់ចំណូល គឺការបោះឆ្នោតឲ្យគណបក្សប្រជាជននោះហើយ។

បោះឆ្នោត ដើម្បី(១) ចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ (២) រក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ

ក្មួយៗជាកម្មករ/ការិនី ក៏ដូចជាប្រជាពលរដ្ឋរប​ស់យើងបានធ្វើនូវកិច្ចការ ២ ដែលសំខាន់ក្នុងរយៈពេលកន្លងទៅ។ ទី ១ គឺបានចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ តាមរយៈនៃការទៅចូលរួមបោះឆ្នោត រហូតទៅដល់ជាង ៨៣% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ នេះវាជាជោគជ័យ នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មានតែអ្នកគាំទ្រការបោះឆ្នោតតែប៉ុណ្ណោះ ដែលហៅថាអ្នកប្រជាធិបតេយ្យ អ្នកប្រឆាំងនឹងការបោះឆ្នោត តាមទ្រឹស្តី ដេកផ្ទះឈ្នះឯង គឺជាអ្នកប្រឆាំងទៅនឹងដំណើរការប្រជាធិបតេយ្យ ដែលប្រជាជនត្រូវបញ្ចេញ ៥ ឆ្នាំម្តង តាមការកំណត់នៃរដ្ឋធម្មនុញ្ញ។ នេះជាចំណុចទី ១ ដែលក្មួយៗបានចូ រួមនៅក្នុងដំណើរប្រជាធិបតេយ្យរបស់ប្រទេស។

ឯកិច្ចការទី ២ ក្មួយៗបានបោះឆ្នោត ប្រជាជនកម្ពុជារបស់យើងបានបោះឆ្នោតរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ​។ ហេតុអ្វីបានមានន័យយ៉ាងដូច្នេះ? ការបោះឆ្នោតឲ្យគណបក្សប្រជាជន មានតម្លៃស្មើនឹងការបោះឆ្នោតរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍនោះឯង។យរឿងនេះមិនមែនជារឿងឆបោកទេ។ ក្រោយការបោះឆ្នោត តើមានអ្វីកើតឡើង។ បើប្រៀបធៀបជាមួយឆ្នាំ ២០១៣ ពេលនេះកំពុងតែទ្រុលចុះទ្រុលឡើង ចង់ផ្តួលរំលំ រហូតទៅដល់ ហ៊ុន សែន អើយ! ចុះចេញទៅ។ អាបោះឆ្នោតចាញ់គេសោះ ឲ្យគេចុះចេញ … ពេលហ្នុង … បើឯងឈានមួយជំហានទៀត ហួសបន្ទាត់ក្រហម ពួកឯងក៏នឹងត្រូវរងនូវការឆ្លើយតបដែរ ព្រោះរដ្ឋាភិបាលមួយមិនអាចឲ្យអ្នកណាមកផ្តួលរំលំតាមរយៈចិញ្ចើមផ្លូវនោះទេ។

ដោះស្រាយការងារធ្វើ តម្លើងប្រាក់ខែ ដោយសារគណបក្សប្រជាជន ឬ ហ៊ុន សែន

… អញ្ចឹងបោះឆ្នោតរួចហើយ កម្មករឡើងប្រាក់ខែ។ មានរឿងអី? នេះកាន់តែច្បាស់ទៀត ពីដើមគេថា កម្មករឡើងប្រាក់ខែដោយសារគេទាមទារ។ ឥឡូវអស់ពួកហ្នឹងទៅ ប្រាក់ខែនៅតែឡើង។ វាមកពីអី? អាហ្នឹងកាន់តែបញ្ជាក់ច្បាស់ក្មួយៗ។ ដោះស្រាយការងារធ្វើឲ្យក្មួយៗ ក៏ដោយសាររដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រ​ជា​ជន តម្លើងប្រាក់ខែក៏ដោយសារគណបក្សប្រជាជន ដោយសាររដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ហើយបើនិយាយឲ្យចំឈ្មោះ គឺដោយសារ ហ៊ុន សែន ហ្នឹងតែម្តង។ តែពេលមុនពួកគេថា ប្រាក់ខែឡើងដោយ​សារគេទាមទារ។ ឥឡូវវាងាប់បាត់ទៅហើយ។ ចុះប្រាក់ខែនៅតែឡើង មកពីអី? ហ្នឹងមិនបញ្ជាក់ច្បាស់ថា វាមក​ពីយើងប្រឹងចង់ងាប់។ បូក ២ ឆ្នាំ នេះ រាជរដ្ឋាភិបាលត្រូវកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋ ១២០ លានដុល្លារ ដើម្បីយកមកបំពេញឲ្យការតម្លើងបៀវត្សរ៍សម្រាប់កម្មករ/ការិនីរបស់យើងនេះ។

រឿងនេះគឺជារឿងដែលយើងបានធ្វើ ហើយអរគុណណាស់ សូមអរគុណសាជាថ្មីម្តងទៀត នូវការបោះឆ្នោតផ្តល់ការជឿទុកចិត្តសម្រាប់គណបក្សប្រជាជន និងសម្រាប់ពូផ្ទាល់។ ហើយយើងនឹងបន្តនៅជាមួយគ្នា។ក្មួយណា? មិញក្មួយៗតែងតែថាសុំឲ្យពូអាយុវែង សុំឲ្យអ៊ំអាយុវែង អរគុណណាស់ ប៉ុន្តែវាទាល់តែវែងទាំងអស់គ្នា អាហ្នឹងបានវែងទៅតែឯងអត់មានក្មួយៗ តើទៅណា? អរគុណណាស់ចំពោះការស្រឡាញ់រាប់អានរបស់ក្មួយ​ៗដែលបានធ្វើមកលើពូ ក្នុងឋានៈមិនមែនគ្រាន់តែជាទំនាក់ទំនង រវាងមេដឹកនាំជាមួយនឹងប្រជាពលរដ្ឋទេ ក៏ប៉ុន្តែក្មួយៗបានបង្ហាញនូវកាយវិការនៃការស្រឡាញ់រាប់អានចំពោះពូ ចាត់ទុកដូចជាឪពុក ជាឪពុកធំ ជាឪពុកមា ឬរហូតដល់ជាជីតាផងដែរ។

បទ ៣ ឆ្នាំ ចាំយកប្តី

ថ្ងៃនេះ ធ្លាក់ខ្យល់ពីជើង ភ្លៀងហើយធ្លាក់ខ្យល់ពីជើង ប៉ុន្តែតាមឧតុនិយមគេថា ល្ងាចហ្នឹងឈប់ភ្លៀងហើយ។ … ឧតុនិយមរបស់យើង កាន់តែត្រឹមត្រូវហើយ។ ថាភ្លៀង គឺភ្លៀង ថាអត់ភ្លៀង គឺអត់ភ្លៀង។ យប់ថ្ងៃច័ន្ទ គឺមានការ live ផ្ទាល់ page Facebook របស់ អ៊ុក ណារីម និង ឆោម ឆពុំ គេហៅថា តន្ត្រីគ្រួសារខ្មែរ។ យើងបើក ព្រោះនៅក្នុងផ្ទះរប​ស់ពូ គឺមានកាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ដេករបស់ពូតែម្តង។ យើងមើលទៅខាងក្រៅគឺឃើញភ្លៀងធ្លាក់។ ដល់នៅនោះ គេថា ធ្លាក់ខ្យល់ពីជើង​ ប្រហែលនៅក្នុង studio អត់ដឹងថា នៅខាងក្រៅភ្លៀងទេ។ ប៉ុន្តែកុំភ្លេចខ្ញុំបានដឹងថា ក្រុមតន្រ្តីចេះ បទ ៣ ឆ្នាំ ចាំយកប្តី។ កងពលតូចលេខ ៧០ នេះ កងទ័ពជានារី គេហាម ៣ ឆ្នាំ។ សង្សារអាចយកបាន។ ស្នេហាមានបាន។ ប៉ុន្តែហាមរៀបការ​ … អញ្ចឹងទេ បានមានការនិពន្ធដោយអ្នកនិពន្ធចម្រៀង យ៉ុង ខេមរា, កែវពេជ្ជតា ចេះ​ច្រៀង «៣ ឆ្នាំចាំយកប្តី»។ អាហ្នឹងរាំវង់។ ឆ្នាំហ្នឹងគឺបទរបស់កងពល ៧០ គេលេងល្អរបស់គេ។ គេថា អាហ្នឹងយកតាមបទ ចង់តែនៅក្រមុំ។ អញ្ចឹងទេ នៅពេលដែលគេកំពុង live កំពុងច្រៀងបទហ្នឹង ខ្ញុំក៏ចូលទៅ comment នៅក្នុងហ្នឹង កុំថាឡើយ ៣ ឆ្នាំ ៥ ឆ្នាំក៏បានដែរ ឲ្យតែស្រឡាញ់។ ស្រាប់តែគេថា សម្តេចតេជោ ចូល comment។

ក្មួយៗវាយយប់ថ្ងៃសុក្រ និងយប់ថ្ងៃច័ន្ទ មានlive ផ្ទាល់ ដោយអញ្ជើញអ្នកចម្រៀង អាទិត្យមុន មានលោក ថា រ៉ែន, ម៉ៅ ហាជី ទៅច្រៀងនៅហ្នឹង។ គ្រាន់តែវាយដាក់ចម្រៀងគ្រួសារខ្មែរ វាចេញមកតែម្តង ហើយយើងអាចចូលទៅ comment ចូលទៅសុំចម្រៀង។ អញ្ចុះមានស្អីពិបាក ចាំទៅ។ វាមានស្អីពិបាក គេហាមតែកុំឲ្យការប្តីតើ។ តែស្នេហាគេឲ្យមានទេតើ ហាមដូចអត់ហាម។ អត់ទេ! ហាមប៉ុណ្ណឹងល្មម បើហាមថាមិនឲ្យទាក់ទងស្នេហាតែម្តង អាហ្នឹងធ្វើទៅមិនរួចទេ ងាប់បាត់ហើយ។ កញ្ញា យ៉ុង ខេមរា ជាអ្នកនិពន្ធ ឆោម ឆពុំ ជាអ្នកច្រៀង គេបង្ហោះតាម YouTube រួចមកហើយ។ ឥឡូវដល់ពេលរាំពេលអី រាំអាហ្នឹងលេងទៅ ច្រៀងទៅ ៣ ឆ្នាំចាំយកប្តី ប៉ុន្តែសេ្នហាបើកឲ្យមាន។ និយាយអញ្ចឹងថាចាស់ហើយ ទៅបង្រៀនក្មេងឲ្យខូច។ ក្មេងឥឡូវមិនចាំបាច់ទៅបង្រៀនវាទេ វាចេះលើសយើងទៀត អាក្បួនអស់ហ្នឹងនោះ យើងទេតើដែលល្ងង់កាលពីដើម។

បៀវត្សរ៍ ១៨២ ដុល្លារ និងបើក ២ សប្តាហ៍ម្តង ចាប់ផ្តើមនៅខែមករា ២០១៩ នេះ

ឥឡូវពូគ្រាន់តែសុំរំលឹកអ្វីដែលឯកឧត្តម អ៊ិត សំហេង បានរំលឹកអម្បាញ់មិញ ព្រោះនេះជានិច្ចជាកាល យើងត្រូវចាប់ផ្តើមរំលឹក ទី ១ គ្រប់រោងចក្រទាំងអស់ដែលកំពុងអនុវត្តនូវប្រាប់បៀវត្សរ៍អប្បបរមា ១៧០ ដុល្លារ​ ត្រូវត្រៀមលក្ខណសម្បត្តិ ដើម្បីអនុវត្តនូវប្រាក់បៀវត្ស ១៨២ ដុល្លារ ហើយត្រូវបើក ២ សប្តាហ៍ម្តង បានសេចក្តីថា ចាប់ពីខែមករា នេះទៅ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ/ការិនីទាំងអស់ មិនមែនបើកប្រាក់ខែទេ បើកប្រាក់ប្រចាំអាទិត្យ ប្រចាំសប្តាហ៍ទៅវិញ អាហ្នឹងមិនមែនប្រាក់ខែទេ ប្រាក់ប្រចាំសប្តាហ៍ ព្រោះ ២ អាទិត្យបើកម្តង។ អញ្ចឹងទេ យើងបានរុញបញ្ហានេះចេញតាំងពីសម័យធ្វើយុទ្ធនាការនៃការបោះឆ្នោតនោះ។ ដូច្នេះ មិនត្រូវឲ្យមានការរអាក់រអួលណាមួយនូវការចាប់ផ្តើមក្នុងខែមករានេះទេ ត្រូវខិតខំធ្វើកិច្ចការងារនេះ ឲ្យបានល្អទាំងខាងរដ្ឋ ទាំងខាងវិស័យឯកជន។

ទទួលខុសត្រូវលើរបបសន្តិសុខសង្គម

ទី ២ កម្មករ និយោជិត ទទួលបាននូវការពិនិត្យព្យាបាល ដោយមិនចាំបាច់បង់ប្រាក់ ចំណុចនេះ ត្រូវធ្វើឲ្យបានដិតដល់ ពិនិត្យឲ្យបានដិតដល់ មន្ទីរពេទ្យនីមួយៗតាមរយៈក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល និងគ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវទទួលខុសត្រូវទៅលើបញ្ហានេះ ដែលចំនួនមនុស្សទទួលបានសេវាក្នុងការពិនិត្យព្យា​បាលជំងឺដោយឥតគិតថ្លៃកាន់តែច្រើនទៅៗ។

ផ្តោតការយកចិត្តទុកដាក់ ទៅលើស្រ្តីមានផ្ទៃពោះ ឈប់ ៣ ខែ ប្រាក់ខែ ១២០%

ទី ៣ កម្មករ/ការិនី ដែលថ្ងៃនេះ ក្មួយៗមានផ្ទៃពោះ មានរហូតទៅដល់ ៧០២ នាក់ បានមកជាមួយដែរ ត្រូវតែតាមដានឲ្យបានម៉ត់ចត់ ជាមួយនឹងការទទួលបានការឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០%។ ចំណុចនេះ ជាចំណុចដែលប្រទេសមួយចំនួនមិនបានធ្វើរឿងនេះទេ ឬគេអាចឲ្យឈប់ និងមានប្រាក់ត្រឹមតែ ៥០% តែប៉ុណ្ណោះ។ ប៉ុន្តែ ក៏មានប្រទេសខ្លះគេធ្វើ តែយើងហ៊ានលេងរហូតឲ្យក្មួយៗសម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០%។ ដូចជាក្មួយៗដែលនឹងឆ្លងទន្លេខែមករា ប្រាក់ខែនឹងឡើងរហូតទៅដល់ ១៨២ ដុល្លារ ពេលធ្វើការ និងពេលឆ្លងទន្លេឡើងដល់ ២០០ ដុល្លារ បណ្តោយ។ យើងបូក ១៨២ បូកនឹង ២០% ទៅ ឡើងជាង ២០០។ នេះជាចំណុចដែលយើងផ្តោតការយកចិត្តទុកដាក់ ទៅលើស្រ្តីមានផ្ទៃពោះ។

សុំឲ្យបន្តតាមដានទៅលើការបើកផ្តល់ប្រាក់សម្រាប់កម្មការិនីដែលឆ្លងទន្លេ

ទី ៤ បន្តតាមដាន ហើយខ្ញុំថ្លែងនូវការកោតសរសើរ និងសុំឲ្យបន្តតាមដាន ដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការបើកផ្តល់ប្រាក់សម្រាប់កម្មការិនីដែលឆ្លងទន្លេ ដែលបានកើតកូនម្នាក់ត្រូវបាន ៤០ ម៉ឺនរៀល ភ្លោះ ២ បាន ៨០ ម៉ឺនរៀល ភ្លោះបី បាន ១២០ ម៉ឺនរៀល បូកជាមួយ ៥ លានរៀលជាថវិកាផ្ទាល់របស់ពូថែមទៀត ហើយក្លាយជាគ្រួសារត្រកូល ហ៊ុន។ ព្រោះអាហ្នឹង យើងត្រូវទទួលបន្ទុក។ អញ្ចឹងទេ មកដល់ពេលនេះ យើងបានគ្រោងទុកថវិកា ១០ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ឥឡូវនេះចំនួនកុមារ ចំនួនទារកដែលកើតទើបនឹងបាន ៥ ម៉ឺន ៨ ពាន់នាក់។ អញ្ចឹងប្រហែលជាដល់ចុងឆ្នាំនេះ ប្រហែលជាត្រឹម ៦ ម៉ឺនប៉ុណ្ណឹង។ អញ្ចឹង យើងចំណាយប្រហែលជា ៦ លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប៉ុន្តែ ដោយសារប្រាក់ខែឡើង ធ្លាក់ខ្យល់ពីជើងសម្រុកយកកូនតែម្តង។ ឲ្យតែមានកូន ប្រាក់ខែឡើង ១២០% រឿងអីមិនចង់បានកូន។ ទេ! អត់មានយល់ទាស់អីទេ។ តាមដានឲ្យម៉ត់ចត់អំពីបញ្ហានេះ។ មកដល់ពេលនេះមិនទាន់ឃើញមានបាតុភាពអ្វីកើតឡើងទេ ប្រសិនបើមានបាតុភាពសម័យបច្ចប្បន្ននេះគឺសម័យ Facebook គឺគេរុញតាម Facebook ភ្លាម គឺបានមកដល់យើងភ្លាមហើយ។ ប៉ុន្តែ មិនមានអ្វីកើតឡើងទេ។

ត្រូវបន្តមើលឲ្យបានម៉ត់ចត់ អំពីវិភាគទានរបបសន្តិសុខផ្នែកថែទាំសុខភាព, ថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងភ្លើង

ទី ៥ គឺត្រូវបន្តមើលឲ្យបានម៉ត់ចត់ អំពីវិភាគទានរបបសន្តិសុខ ផ្នែកថែទាំសុខភាព ដែលនិយោជកត្រូវបង់ ១០០% ត្រូវបន្តបង់នៅឆ្នាំថ្មី មិនមែនបង់តែឆ្នាំ ២០១៨ ទេណា​ បង់រហូត។ អញ្ចឹងក្មួយៗនៅកន្លែងនេះទទួលផលកាន់តែខ្ពស់។ មុននេះ កម្មករ/ការិនីរបស់យើងត្រូវបង់ ៥០%។ ឥឡូវ ម្ចាស់រោងចក្រត្រូវបង់ជំនួស ១០០% ដែលនឹងបង់បន្តរហូត ដែលធ្វើឲ្យកម្មករ/ការិនីរបស់យើង បានចំណេញប្រាក់ក្នុងរង្វង់ ៨០០០ រៀល ទៅ ១៣០០០ រៀល ក្នុងមួយខែ។ យើងត្រូវបន្តពិនិត្យមើល អំពីថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ដែលសុំអំពាវនាវចំពោះឆ្នាំទៅម្ចាស់ផ្ទះមិនបានតម្លើងថ្លៃឈ្នួលផ្ទះទេ ឆ្នាំ នេះខ្ញុំបន្តអំពាវនាវសុំមេត្តាធ្វើយ៉ាងណាប្រសិនបើឡើង ក៏កុំឲ្យឡើងគំហុកហួសទៅតាមប្រាក់បៀវត្សដែលកម្មករ/ការិនីទទួលបានដែរ។ អាជ្ញាធរគ្រប់ទីកន្លែង ដែលមានផ្ទះឈ្នួល ហើយកម្មករជួលនៅ ត្រូវតាមដានពិនិត្យមើលអំពីបញ្ហានេះ ទាក់ទងនឹងថ្លៃឈ្នួលផ្ទះ ទាក់ទងនឹងថ្លៃអគ្គិសនី ទាក់ទងនឹងថ្លៃទឹក ដែលរដ្ឋផ្គត់ផ្គង់ មិនអាចឲ្យយកតាមទំនើងចិត្តនោះទេ ត្រូវមានការសន្ទនាតាមដានអំពីបញ្ហានេះ យើងចង់ឲ្យប្រាក់បៀវត្ស ដែលយើងតម្លើងឲ្យកម្មករនេះបានទៅដល់បម្រើផលប្រ​យោជន៍កម្មករ/ការិនីផ្ទាល់។

សោធនិវត្តន៍វិស័យឯកជនចាប់ផ្តើមឆ្នាំ ២០១៩

ច្បាប់ទាក់ទងជាមួយនឹងការឲ្យអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមដើម្បីអនុវត្តផ្នែកសោធនិវត្តន៍សម្រាប់កម្មករ និយោជិត គឺត្រូវអនុវត្តចាប់ពីឆ្នាំ ២០១៩ នេះទៅ។ បន្តិចទៀត ក្មួយៗជាកម្មករ/ការិនី ត្រូវទទួលបាននូវប្រាក់ចូលនិវត្តន៍ដូចជាមន្ត្រីរាជការដូចគ្នាដែរ។ ពេលខាងមុខនេះ គ្មានអ្វីខុសគ្នារវាងមន្រ្តីរាជការជាមួយនឹងកម្មករ/ការិនីនោះទេ។ មន្រ្តីរាជការនៅពេលដែលគេចូលនិវត្តន៍ គេមានប្រាក់បៀវត្សរបស់គេ នៅពេលខាងមុខ កម្មករ/ការិនីរបស់យើង ដែលធ្វើការគ្រប់លក្ខខណ្ឌហើយ គេក៏នឹងទទួលបាននូវប្រាក់សោធនិវត្តន៍ ដែលហៅថាប្រាក់រឺត្រែត។ អញ្ចឹងទេ វាជាក៏ជាការធានាអះអាងមួយ សម្រាប់អនាគតរបស់កម្មករ/ការិនីរបស់យើងផងដែរ។

រក្សាទុកសៀវភៅការងាររបស់ខ្លួនឲ្យជាប់នៅក្នុងដៃ

ប៉ុន្តែ សុំផ្តាំក្មួយៗត្រូវរក្សាទុកសៀវភៅការងាររបស់ខ្លួនឲ្យជាប់នៅក្នុងដៃ។ ព្រោះអញ្ចេះក្មួយៗធ្វើការនៅរោងចក្រខ្លះបាន ៥ ឆ្នាំ រោងចក្រនេះត្រូវបិទ ពេលនោះក្មួយៗទៅរកការងារធ្វើនៅរោងចក្រមួយទៀត រោងចក្រមួយទៀតគេមិនកត់ត្រាក្មួយៗចាប់ពីថ្ងៃទី ១ ទៀតទេ គេចាប់ពី ៥ ឆ្នាំ ១ ថ្ងៃឡើងទៅ។ បន្ទាប់ទៅ ធ្វើការនៅកន្លែងនោះបាន ៥ ឆ្នាំ រោងចក្រនោះត្រូវបិទទៀត ក្មួយៗកាន់សៀវភៅការងារនេះទៅធ្វើនៅកន្លែងថ្មី គេនឹងបូកចំនួនឆ្នាំ មិនមែនពី ១ ថ្ងៃ ឡើងទៅទេ ១០ ឆ្នាំឡើងទៅ។ គ្រប់លក្ខខណ្ឌតម្រូវហើយ ទើបបានទទួលនូវប្រាក់សោធនិវត្តន៍ មិនមែនចូលធ្វើការបង្រ្គប់កិច្ច ១ ខែ, ២ ខែ, ១ ឆ្នាំ, ២ ឆ្នាំ ហើយទទួលបានប្រាក់សោធនិវត្តន៍នោះទេ អញ្ចឹងចំណុចនេះគឺជាចំណុច ដែលក្មួយៗត្រូវថែទាំយកចិត្តទុកដាក់ទៅលើការថែទាំសៀវភៅការងាររបស់ខ្លួន។

ដើម្បីបញ្ឈប់បញ្ហាថៅកែរត់ចោលរោងចក្រ វិសោធនកម្មច្បាប់ឲ្យបើកប្រាក់អត្ថប្រយោជន៍ ៦ ខែម្តង

ទាក់ទងនឹងការដែលចេះតែមានថៅកែរត់ចោលកម្មករ ដែលរហូតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបុរេប្រទានថវិកាពីរដ្ឋជាង ២២ លានដុល្លារ សហរដ្ឋអាមេរិក យកទៅហើយ តែមិនដឹងថាសងមកវិញបានប៉ុន្មាន ព្រោះបើវារត់ចោលបាត់ទៅ ហើយកម្មករគ្នាបានអី? អញ្ចឹងចំណុចនេះ ក្មួយៗត្រូវចាំទាំងអស់គ្នា ច្បាស់ជាមាននៅក្នុងចំណោមកម្មករយើងនេះ ច្បាស់ជាមានហើយដែលថៅកែរោងចក្ររត់ចោលកម្មករ ហើយទីចុងបំផុតរាជរដ្ឋាភិបាលត្រូវបានបញ្ចេញប្រាក់ទាំងនោះ(ទៅដោះស្រាយ)។  គេហៅថា បុរេប្រ​ទាន​ឲ្យទៅក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ យកទៅបើកឲ្យកម្មករសិន រួចហើយចាំលក់ឡាយឡុងរោងចក្រនោះ យកមកសងរដ្ឋវិញ។ ក៏ប៉ុន្តែខ្លះជំពាក់គេដល់ជិត ១០ លានអីឯណោះ ហើយតម្លៃរោងចក្រត្រឹម ២ លានអី យកមកសងម៉េចនឹងរួច។ សងវាមិនរួចទេ។ ដោយសារស្ថានភាពបែបនេះបានជាឥឡូវនេះ​ យើងធ្វើវិសោធនកម្មច្បាប់ ដែលនឹងត្រូវអនុវត្តនៅពេលខាងមុខនេះ គឺប្រាក់អត្ថប្រយោជន៍ដទៃទៀតគឺត្រូវបើក ក្នុងរយៈពេល ៦ ខែម្តង អញ្ចឹងត្រូវតាមដានឲ្យម៉ត់ចត់អំពីបញ្ហានេះ។

សូមឲ្យទទួលខុសត្រូវទៅលើការដឹកជញ្ជូនកម្មករឲ្យមានសុវត្ថិភាព

ហើយក៏ត្រូវតាមដាន អំពាវនាវ ចំពោះរថយន្តដឹកជញ្ជូនកម្មករនៅកណ្តាលស្ទឹងរបស់យើងឧស្សាហ៍ណាស់ នៅក្នុងពេលដែលគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ ៣ ជាពិសេស។ សូមឲ្យអ្នកទទួលខុសត្រូវទៅលើការដឹកជញ្ជូនកម្មករ។ ធានាយ៉ាងម៉េចទី ១ ការបើកបរឲ្យមានសុវត្ថិភាពសម្រាប់កម្មករ … ដើម្បីសុវត្ថិភាពនោះ ក៏ត្រូវពិនិត្យមើលឲ្យបានដិតដល់ទៅលើមធ្យាបាយដែលខ្លួនមាន។ ខ្លួនទទួលយកប្រាក់ពីកម្មករសម្រាប់ថ្លៃដឹកជញ្ជូន ដូច្នេះខ្លួនត្រូវមានការទទួលខុសត្រូវទៅលើបញ្ហាសុវត្តិភាពរបស់កម្មករផងដែរ។

ជោគជ័យនៃការពង្រាយរោងចក្រទៅតាមមូលដ្ឋាន

ចំណុចគ្រាន់តែជាការរំលឹក ហើយចំណុចមួយ ដែលពូសុំរំលឹកហើយក៏ត្រូវតែនិយាយចៀសវាងមិនបានទេ។ ឥឡូវនេះ យើងកំពុងជួបគ្នានៅស្រុកកណ្តាលស្ទឹង ដែលមុននេះ ស្រុកកណ្តាលស្ទឹងរបស់យើង គឺមិនដែលមានរោងចក្រទេ យើងមានអស់ហើយត្រឹមសិប្បកម្ម។ កណ្តាលស្ទឹងរបស់យើងមានសាលារៀន សាលាគ្រូកំ​ពង់កន្ទួត អស់ហើយត្រឹមប៉ុណ្ណឹង រោងចក្រអីអត់មានទេ។ ប៉ុន្តែ ឥឡូវនេះ រោងចក្រនៅកណ្តាលស្ទឹងនេះច្រើន រោងចក្រនៅក្នុងខេត្តកណ្តាល បើនិយាយរួមរោងចក្រនៅតាមបណ្តាខេត្តច្រើន។ នោះហើយគឺជាជោគជ័យ នៃនយោបាយពង្រាយរោងចក្រទៅតាមមូលដ្ឋាន។ យើងមានរោងចក្រជាច្រើននៅឯបាវិត ជាប់ព្រំដែនវៀតណាម។ យើងមានរោងចក្រជាច្រើន ដែលបានបង្កើតនៅឯក្រុងព្រះសីហនុ។ យើងមានរោងចក្រនៅខេត្តបន្ទាយមានជ័យ។ យើងមានរោងចក្រនៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តនេះ/នោះ។ ចំណុចនេះ ​វាបង្កើតនូវការងាយស្រួល សម្រាប់កម្មករ/ការិនីរបស់យើង ដោះស្រាយការងារធ្វើ ហើយវាកាត់បន្ថយនូវសម្ពាធនគរូបនីយកម្ម ឬសម្ពាធមនុស្សដ៏ច្រើនកុះករនៅទីក្រុងភ្នំពេញ។

បើមិនពង្រាយរោងចក្រតាមបណ្តាខេត្ត កម្មករ/ការិនីមួយចំនួនត្រូវចំណាកស្រុក អ្នកខ្លះត្រូវធ្វើកសិកម្ម

ឆ្នាំក្រោយនេះ គឺជាខួបលើកទី ២០ នៃការដាក់ចេញនូវគោលនយោបាយពង្រាយរោងចក្រ។ ពូតែងដាក់ជាសំ​ណួរនៅពេលដែលជួបជាមួយនឹងកម្មករ/ការិនីនៅតាមបណ្តាខេត្ត ក្រៅពីទីក្រុងភ្នំពេញថា ប្រសិនបើមិនមានរោងចក្រនៅទីកន្លែងនេះទេ តើពេលនេះក្មួយៗកំពុងធ្វើអ្វី? ចម្លើយមានតែពីរទេ។ ទី ១ ក្មួយៗបើសិនជាចង់ធ្វើការ គឺត្រូវចំណាកស្រុកពីស្រុកកំណើតទៅកាន់ទីក្រុងភ្នំពេញ ឬទៅកន្លែងផ្សេងដែលមានការងារធ្វើ។ ទី ២ គឺក្មួយៗកំពុងតែធ្វើការរួមជាមួយគ្រួសារតាមមុខរបររបស់ខ្លួន ជាកសិកម្ម ឬក៏ជាអាជីវករ ជាពិសេស បើនៅក្នុងតំ​បន់យើងនេះ ភាគច្រើនជាកសិកម្មនោះឯង។ អញ្ចឹង ត្រូវបន្តការខិតខំតទៅទៀតនូវការកសាងហេដ្ឋារចនាសម្ព័​ន្ធចាំបាច់ ទាំងផ្លូវថ្នល់ ទាំងអគ្គិសនី ដើម្បីរុញទៅកាន់កន្លែងនានា ដែលអាចទទួលបាននូវការវិនិយោគ សម្រាប់ការបង្កើតការងារថ្មីៗបន្ថែមទៀត។ យើងត្រូវបន្តការខិតខំទាំងអស់គ្នា។

រួមគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម

នៅក្នុងឱកាស នៃការជួបជុំរបស់យើងនេះ ដោយមានវត្តមានទាំងថៅកែរោងចក្រ ទាំងអ្នកគ្រប់គ្រង ទាំងកម្មករ/ការិនី អ្វីដែលខ្ញុំសំណូមពរចង់បានបំផុត ត្រូវរួមគ្នាដើម្បីរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ គ្មានសន្តិភាព គ្មានស្ថិរភាពនយោបាយ រោងចក្រមិនអាចស្ថិតនៅទីនេះបានទេ។ មិនថារោងចក្រនៅកណ្តាលស្ទឹងទេ នៅកន្លែង(ណាក៏ដោយ) មិនដែលអ្នកណាទៅវិនិយោគក្រោមគ្រាប់ប្លោងទេ កុំឆ្ងល់ពេក។ គ្មានអ្នកណាមកធ្វើទេសចរក្នុងប្រទេស នៅពេលដែលមានការបាញ់គ្នានោះទេ។

ឆ្នាំនេះ រំពឹងថាទេសចរឡើងដល់ ៦ លាននាក់

ឆ្នាំនេះ សង្ឃឹមថា ទេសចររបស់យើងអាចឡើងដល់ ៦ លាននាក់។ កំណើនខ្ពស់ណាស់។ ថ្ងៃមុនពិភាក្សា ជា​មួយក្រុមហ៊ុន VINCI  របស់បារាំង។ សូម្បីតែក្រុមហ៊ុន VINCI គាត់មិននឹកដល់ អំពីកំណើនដ៏ខ្ពស់ នៃការកើនឡើងសម្រាប់ការដឹកជញ្ជូនផ្លូវអាកាស ដែលឥឡូវនេះ ក្រុមហ៊ុន VINCI គាំទ្រទាំងស្រុងនូវការធ្វើអាកាសយានដ្ឋានថ្មី សម្រាប់ភ្នំពេញផង សម្រាប់សៀមរាបផង (ដោយសារ)វាមិនអាចឆ្លើយតបបាននូវកំណើនដ៏ខ្ពស់​។ បន្ទាប់ពីក្រោយឆ្នាំ ២០២៥ អស់សមត្ថភាពក្នុងការទទួលហើយ ដែលយើងអាចឈានទៅដល់លើស ១២ លាននាក់។ អញ្ចឹង ព្រលានយន្តហោះពោធិ៍ចិនតុង គឺមិនអាចទទួលតទៅទៀត។ ព្រលានយន្តហោះសៀមរាបក៏មិនអាចទទួលបានតទៅទៀត។ ឯព្រលានយន្តហោះកងកេងត្រូវតែពង្រីក ទាំងផ្លូវចុះចត ក៏ដូចជាផ្នែកដទៃទៀត ដែលក្នុងមួយឆ្នាំអាចឈានទៅទទួល ៣ លាននាក់ នៅឯក្រុងព្រះសីហនុ សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។

ធ្វើឲ្យរោងចក្រក្លាយជាសហគមន៍សុខសាន្តមួយ

កត្តានោះវាបានមកពីអី? វាបានមកពីសន្តិភាព។ ដូច្នេះ ទាំងអស់គ្នា ត្រូវរួមគ្នារក្សាសន្តិភាព មានន័យថា «ទាំងអស់គ្នា ដើម្បីសន្តិភាព ហើយសន្តិភាពដើម្បីទាំងអស់គ្នា»។ ចំណុចមួយទៀតដែលខ្ញុំចង់បាន សុំឱ្យមានទំនាក់ទំនងប្រសើរ រវាងម្ចាស់រោងចក្រ ជាមួយនឹងកម្មករ ហើយត្រូវតែធ្វើឱ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។ ម្ចាស់រោងចក្រត្រូវយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់កម្មករ។ ម្ចាស់រោងចក្រក៏ត្រូវតែដឹងថា បើយើងមានតែរោងចក្រអត់មានកម្មករ យើងមិនមែនជាម្ចាស់រោងចក្រទេ គឺគ្រាន់តែជាថៅកែឃ្លាំងតែប៉ុណ្ណឹង​។ ឯកម្មករវិញក៏ត្រូវយកចិត្តទុកដាក់ធ្វើការងារដោយមានការខិតខំ។ អ្នកទាំងពីរជាដៃគូមិនអាចខ្វះគ្នាបានទេ។ ដូច្នេះ បានជាខ្ញុំស្នើសុំនៅគ្រប់ទីកន្លែង រោងចក្រមួយជាសហគមន៍សុខសាន្តមួយ ដែលវាជាការចូលរួមចំណែក ដើម្បីអនុវត្តនយោបាយភូមិ/ឃុំមានសុវត្ថិភាព។ ភូមិខ្លះប្រជាជនអត់ដល់ ១.០០០ នាក់ទេ ប៉ុន្តែ រោងចក្រខ្លះមានកម្មករដល់ទៅ ២.០០០ នាក់ ឯណោះ។ អញ្ចឹងទេ សុវត្ថិភាពនៅតាមរោងចក្រត្រូវតែធានា។

និយាយរួម គ្រប់រោងចក្រមិនត្រូវឱ្យមានបងតូច/ធំ ដែលប្រកាប់ប្រចាក់គ្នា មានក្រុមគ្រឿងញៀន អាហ្នឹងគេហៅក្រុមជើងប៉ាវនោះ។ ឥឡូវ ក្នុងមួយឆ្នាំនេះ អាជើងកាងក្នុងរោងចក្រដូចជាបាត់ស្ងាត់។ ចំណុចនេះ ពូចង់និយាយអញ្ចេះ ប៉ុន្មានឆ្នាំមុនមានស្ថានភាពកើតឡើង ក្នុងរោងចក្រមួយមានកម្មករ ១.០០០ នាក់ មាន ៥០ នាក់ ធ្វើកូដកម្ម ប៉ុន្តែ ៥០ នាក់ នោះទៅរារាំង ៩៥០ នាក់ ផ្សេងទៀត កុំឱ្យចូលធ្វើការងារ។ មិនអនុញ្ញាតឱ្យមានជើងកាងបែបនេះទេ។ យើងត្រូវគោរពសិទ្ធិចំពោះអ្នកធ្វើកូដកម្ម ៥០ នាក់ ប៉ុន្តែអ្នក ៥០ នាក់ ក៏ត្រូវគោរពសិទ្ធិចំពោះ ៩៥០ នាក់ ផ្សេងទៀត ដែលចង់ធ្វើការ មិនចង់ធ្វើកូដកម្ម។ ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក។

ការសន្ទនាដោយយោគយល់ ជាជម្រើសល្អ ដើម្បីចៀសវាងកូដកម្ម ឬបាតុកម្ម

ខ្ញុំក៏គួរតែត្រូវបាននិយាយថា ដើម្បីចៀសវាងនូវកូដកម្ម (ឬ)បាតុកម្មដោយវាមិនចាំបាច់ គ្មានជម្រើសអ្វីល្អជាងការសន្ទនាគ្នាដោយការយោគយល់។ ជម្រើសបណ្តេញកម្មករចេញ ឬមេសហជីពចេញ មិនមែនជាជម្រើសល្អទេ។ នោះវាគ្រាន់តែជាបង្កើតនូវភាពតានតឹង ដែលបង្កើតឱ្យមានការមិនសប្បាយចិត្ត ព្រោះធម្មតាមនុស្សម្នាក់តែងមានគ្នីគ្នា ដូច្នេះ បានជាមានបញ្ហានេះកើតឡើង។ មានរឿងតូចក្តី/ធំក្តី ប្រញាប់ប្រញាល់ដោះស្រាយជា​មួយគ្នា ដើម្បីរកវិធីសម្រុះសម្រួលគ្នា រកវិធីធានាផលប្រយោជន៍ទាំងសងខាង។

សហជីពជាប់ពាក្យបណ្តឹង បញ្ជូនសំណើទៅក្រសួងការងារ/យុត្តិធម៌ ដោះស្រាយបណ្តឹងលើមេសហជីព

ខ្ញុំទើបនឹងបើកមើលនៅក្នុង WhatsApp របស់ខ្ញុំ ដែល អាត់ ធន់ បានបញ្ជូនមកឱ្យខ្ញុំ អំពីសេចក្តីថ្លែងការណ៍របស់ខ្ញុំលើកមុន។ ខ្ញុំបានធ្វើរឿងហ្នឹង (ហើយក៏បាន)ប្រគល់ឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​។ តាមរយៈនេះ អំពាវនាវគ្រប់សហជីពទាំងអស់ ដែលជាប់ពាក្យបណ្តឹងទាំងឡាយ សុំបញ្ជូននូវសំណើនោះទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការងារជាមួយនឹងក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយឱ្យបានឆាប់រហ័សនូវបញ្ហាទាំងឡាយពាក់ព័ន្ធជាមួយនឹងពាក្យបណ្តឹងទៅលើមេសហជីព ឬក៏អង្គការក្រៅរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធ។ (ខ្ញុំ)មើលនៅក្នុងសំ​ណុំបញ្ហា រឿងខ្លះអត់ទាន់មានការស៊ើបអង្កេតចប់ទេ។ ឥឡូវ តាមដឹង តុលាការបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានធ្វើការទៅតុលាការកំពុងពន្លឿននូវការស៊ើបអង្កេត ដើម្បីបិទបញ្ចប់ការស៊ើបអង្កេត។ នៅពេលគេបិទបញ្ចប់ការស៊ើបអង្កេត តុលាការគេនឹងធ្វើការសន្និដ្ឋាន ឬមួយគេចាត់ការយកទៅជម្រះ បើយកទៅជម្រះ ក៏ជម្រះឱ្យ​រហ័ស ឬមួយគេតម្កល់ទុកមិនចាត់ការ។ ដូច្នេះ បើតម្កល់ ទុកមិនចាត់ការ វាចប់ហើយ។ កុំឱ្យវា(មាន)ស្ថានភាពដូចសព្វថ្ងៃនេះ។ មេសហជីពខ្លះកំពុងតែធ្វើការនៅក្រោមឥទ្ធិពលនៃពាក្យបណ្តឹង។ នេះវាជារឿងមិនល្អទេ។ លំហរសេរីភាព នៃការធ្វើការរបស់សហជីព គឺមិនទាន់ទទួលបានពេញលេញទេ។ សុំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយនឹងក្រសួងយុត្តិធម៌ ហើយតាមរយៈក្រសួងយុត្តិធម៌ ធ្វើការជាមួយនឹងតុលាការ ដើម្បីបិទបញ្ចប់សំណុំរឿងទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់សហជីព ដែលតំណាងឱ្យកម្មករ ទោះតិច/ច្រើន។ នេះក៏ជាផ្នែកមួយ នៃការធានាសិទ្ធិនយោបាយ និងសិទ្ធិការងាររបស់សហជីព និងរបស់កម្មកររបស់យើងផងដែរ។

បញ្ចប់សំណុំរឿងក្នុងឆ្នាំ ២០១៨ កុំឱ្យមានសំណុំរឿងទៅក្នុងឆ្នាំ ២០១៩

ប៉ុន្តែ អ្វីដែលខ្ញុំសំណូមពរ សុំឱ្យទាំងអស់គ្នាគោរពច្បាប់។ ម្ចាស់រោងចក្រក៏គោរពច្បាប់ កម្មករ/ការិនីក៏គោរពច្បាប់ អ្នកណាក៏គោរពច្បាប់។ តែបើយើងដឹង នៅក្នុងពាក្យបណ្តឹងតុលាការ ជួនកាលមិនមែនជាបណ្តឹងរបស់រោងចក្រឯណា? បណ្តឹងសហជីព និងសហជីពគ្នាឯងក៏មាន។ សហជីព និងសហជីព ទាស់គ្នា ទៅប្តឹងនៅតុលាការ។ ជួនកាលក្នុងសហជីពមួយទាស់គ្នាឯង ប្តឹងទៅតុលាការ។ រឿងវាអញ្ចេះ។ អញ្ចឹងទេ បិទបញ្ចប់សំណុំរឿងនៅក្នុងឆ្នាំ ២០១៨ ទៅ កុំឱ្យមានអាសំណុំរឿងហ្នឹងនៅក្នុងឆ្នាំ ២០១៩ បន្តទៀត។ អាត់ ធន់ បានដាក់មកហើយ ប៉ុន្តែ អាត់ ធន់ មិនមែនជាម្ចាស់សំណុំរឿង នៃសហជីពដទៃទេ។ សុំឱ្យសហជីពទាំងឡាយដែលមានពាក្យបណ្តឹង ដែលគេប្តឹងនៅតុលាការ សុំដាក់សំណូមពរនេះមកកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះជាការប្រគល់ដោយចំហសម្រាប់ការដោះស្រាយបញ្ហានេះ។ ពិតមែនហើយ នៅក្នុងលិខិតរបស់ អាត់ ធន់ ផ្ញើមក គឺជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈរដ្ឋមន្រ្តីក្រសួងការងារ។ ប៉ុន្តែ ដាក់មកដល់ខ្ញុំ ​ដាក់មកក៏ដាក់មក ក៏ប៉ុន្តែដាក់មកដល់ខ្ញុំ ប៉ុន្តែ កុំភ្លេចបញ្ជូនទៅឲ្យរដ្ឋមន្រ្តីក្រសួងការងារ ហើយរដ្ឋមន្រ្តីក្រសួងការងារម្ចាស់ការដោះស្រាយតាមបទបញ្ជានេះតែម្តងទៅ ដើម្បីឆាប់ចប់រឿងនេះ។ យើងម្ខាងគឺមានការងារធ្វើ ម្ខាងធានាសិទ្ធិរបស់កម្មកររបស់យើង។

បន្តសំណេះសំណាលជាមួយកម្មករទាល់តែអស់ ហើយនឹងបន្តចុះផ្ទាល់តាមរោងចក្រ

អញ្ចឹងទេ បានជាពូត្រូវបន្តធ្វើដំណើរ​តទៅទៀត។ ចប់រួមហើយ នឹងបន្តចុះតាមរោងចក្រដោយផ្ទាល់ ដើម្បីធានាថាសិទ្ធិកម្មករត្រូវបានគោរព ការងារ និងប្រាក់ចំណូលរបស់កម្មករ ត្រូវបានធានាជារៀងរហូតទៅ។ យើងមិនមែនកសាងប្រទេសមួយឆ្នាំ ពីរឆ្នាំ ឬមួយខែ ពីរខែទេ។ ខ្ញុំបាននិយាយពីម្សិលមិញថា ខ្ញុំមិនឆ្លើយតបជាមួយនឹងនរណាទាំងអស់ អាជើងរពិសដៃរពិសជើង រពិសមាត់ ដើម្បីឲ្យខ្ញុំត មិនបានសង្ឃឹមទេ។ ខ្ញុំត្រូវនិយាយអំពីបញ្ហាកម្មករនៅកន្លែងនេះ វាមានពេលល្អជាង។ កម្មកររបស់យើងនៅតែជាកម្មករ ដែលមានការងារធ្វើ និងទទូលបានប្រាក់ចំណូល។

មានកាតកម្មករ ជិះឡានក្រុងអត់បង់លុយ, រក្សាម៉ាក្រូសេដ្ឋកិច្ច ទប់អតិផរណា ធានាកម្លាំងទិញប្រាក់រៀល

សុំសួរបន្តិច? ប៉ុន្មាននាក់ទៅដែលធ្លាប់បានជិះឡានក្រុងដោយមិនបាច់បង់ប្រាក់? ធ្លាប់ចូលទៅភ្នំពេញទេ សូមលើកដៃទៅមើល? ក្រែលដែរ។ ក្មួយឯងជិះទៅ ជិះទៀត។ យើងមិនបាច់តែជិះទៅធ្វើការទេ ចូលទៅដល់ភ្នំពេញ(ក៏មិនគិតលុយដែរ) តែកុំភ្លេចអាផ្លាកកម្មករនេះណា។ ឥឡូវនេះ គេមានប្រដាប់ស្អីគេពូកែរបស់គេ ឡើងទៅដល់ គេមិនបានបង់លុយទេ គេដាក់(ស្កេន)ប្រដាប់ហ្នឹង បង់លុយតាមទូរស័ព្ទ។ ប៉ុន្តែ ក្មួយៗអត់ត្រូវយកអាទូរស័ព្ទហ្នឹងទៅបង់លុយទេ យក(តែ)កាតកម្មករហ្នឹងទៅបង្ហាញគេ ទើបគេឲ្យជិះ(ដោយមិនអស់លុយ)។ អញ្ចឹងជិះឡានក្រុងដោយមិនមានអស់លុយផង ហើយចាប់ពីពេលនេះទៅ ឲ្យតែពេលចូលឆ្នាំខ្មែរ និងពេលភ្ជុំ ដាក់ឡានគ្រប់ផ្លូវ ដើម្បីកុំឲ្យតម្លើងថ្លៃ … អាហ្នឹងគឺជាចំណុចដែលយើងត្រូវឃើញ ប្រាក់ចំណូលកាន់តែខ្ពស់ ចំ​ណាយកាន់តែទាបតាមរយៈនៃការកាត់បន្ថយតម្លៃ ដែលកម្មករ/ការិនីរបស់យើងបានទទួល។ តែមិនមែនគ្រាន់តែប៉ុណ្ណឹងទេ យើងត្រូវធានានូវទូទាំងប្រទេស ដោយខិតខំរក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ធានាកម្លាំងទិញនៃប្រាក់រៀល និងប្រាក់ចំណូលរបស់យើង។

វល់ច្រើន មិនបានវាយកូនហ្គោល ឡើងគីឡូ

នោះគឺជាការខិតខំរួមរបស់រាជរដ្ឋាភិបាល។ អញ្ចឹងទេ ការជួបជុំថ្ងៃនេះ គឺជាការជួបជុំមួយក្នុងចំណោម នៃការជួបជុំ ដែលធ្វើអស់រយៈកាលជាងមួយឆ្នាំកន្លងផុតទៅ ដោយមានវត្តមានរបស់កម្មករ/ការិនីរបស់យើងជាង ៨៤ ម៉ឺននាក់ នៅជំពាក់ប៉ុន្មានទៀត? កណ្តាល ២, កំពង់ស្ពឺ ១, តាកែវ ១, កំពត ១, កោះកុង ១, ពោធិសាត់ ១, បន្ទាយមានជ័យ, កំពង់ចាម ១ ទៀត។ ដើរៗទៅជួបកម្មករមានអីទៅពិបាក។ ពិបាកវាពិបាកហើយ តែវាមិនពិបាកជាងក្មួយៗដែលធ្វើកម្មករនោះទេ។ ប៉ុន្តែ ក្មួយៗមើលឃើញពូខ្មៅបន្តិចទេ? ក្មួយៗរាល់ថ្ងៃហ្នឹងសុទ្ធតែស្អាតៗដោយសារអី? ធ្វើការម៉ាស៊ីនត្រជាក់ កង្ហារ ត្រជាក់ហ្នឹង។ ស្អាតៗសឹងអីហ្នឹង ឥឡូវគេលែងហៅ ស្រីម៉ៅ ហើយ។ ឯពូមិនមែនទៅច្រូត​ឯណា ខ្មៅមកពីទៅវាយកូនហ្គោលហ្នឹង។ បានទៅវាយកូនហ្គោល ក្បាលពោះវាមិនសូវដុះប៉ុន្មាន។ ឥឡូវ វាទៅជាពិបាកជាងគេ ពិបាកក្បាលពោះវាដុះ ប៉ុន្តែ សំណាងដែរ កាលពីវាស់ចង្កេះខោតែ ៧២ កន្លះទេ ឥឡូវ ៧៦-៧៧ (គីឡូ) នៅតែស្លៀកបាន គ្រាន់តែតឹងបន្តិច។ ឥឡូវ ប៉ុន្មានអាទិត្យខាងមុខនេះមិនបានវាយទេ ថ្ងៃសៅរ៍នេះនៅនេប៉ាល់នោះទេ ថ្ងៃអាទិត្យបានហោះមក អត់បានវាយ ថ្ងៃច័ន្ទប្រជុំគណៈអចិន្រ្តៃយ៍ ថ្ងៃ ៣ ប្រជុំនៅភ្នំពេញ ថ្ងៃ ៤ ទៅសៀមរាប ថ្ងៃ ៥ ទៅវៀងចន្ទន៍ ថ្ងៃ ៦ នៅវៀងចន្ទន៍ ល្ងាចថ្ងៃ ៦ ហោះទៅហាណូយ ថ្ងៃ ៧ នៅហាណូយ ថ្ងៃ ៨ ចេញពីហាណូយមកដល់ភ្នំពេញ ថ្ងៃ ៩ ការចៅ។ បើមិនទៅវាមិនកើត។ មិនមែនចៅបង្កើតទេ ចៅរបស់ប្អូន។ ប្អូនពៅរបស់ខ្ញុំបន្តិចទៀតវាបានចៅទួតហើយ។ វាលឿនជាងឯងទៅទៀត។ វាពៅមែន ប៉ុន្តែបើបន្តិចៗ កូនវាៗឲ្យមានប្តី ហើយតែមានប្តីវាមានកូន ដល់មានកូន ឥឡូវចៅវាៗឲ្យមានប្តីតាំងពីក្មេងទៀត។ បន្តិចទៀត វាបានចៅទួតមុនយើង ឯយើងត្រូវរង់ចាំ។ បើមិនទៅការ … ថ្ងៃ ៩ ចំថ្ងៃសៅរ៍ អញ្ចឹងយើងវាយថ្ងៃអាទិត្យបាន សុទ្ធតែរៀបចំប្រក្រតិទិន … ថ្ងៃ ៩ ចំអាទិត្យទេ។ អញ្ចឹងនៅតែអត់បានវាយដដែលហ្នឹង ទ្រាំទៅ ធ្វើម៉េចអាហ្នឹងការងារយើងវាអញ្ចឹង។ មិនដឹងថា បំណុលនោះប៉ុន្មាន? ពេលដែលចេញទៅក្រៅប្រទេស ឯកសារសម្រាប់ពិនិត្យ និងចុះហត្ថលេខា នៅកកកុញពេញហ្នឹង មិនដឹងថា ល្ងាចនេះ គេទុកឲ្យយើងស៊ីញ៉េប៉ុន្មានទេ? មុខតែសម្រុកឯកសារឲ្យស៊ីញ៉េមុនពេលដែលយើងចេញទៅក្រៅប្រទេសហើយ។ ប៉ុន្តែ​ វាត្រូវតែធ្វើ។

ដូចជាល្មមសមរម្យហើយ ១ ម៉ោង កន្លះ ហើយ ម្សិលមិញ ១ ម៉ោង ៥១ នាទី អាហ្នឹងប្រធានបទនិយាយវាចេញមុនឈានទៅខួប ៤០ ឆ្នាំ នៃថ្ងៃ ២ ធ្នូ រណសិរ្សបានមកដល់ និងខួប ៤០ ឆ្នាំ នៃ ៧ មករា មកដល់ ខួប ២០ ឆ្នាំ នៃថ្ងៃបញ្ចប់សង្គ្រាមបានមកដល់ រំលឹកវាបន្តិច និងចែករំលែកបទពិសោធន៍។ ហើយពេលនោះក៏មានការផ្សាយបន្តផ្ទាល់ ឥឡូវក៏មានការផ្សាយបន្តផ្ទាល់ដែរ ក៏ប៉ុន្តែ ផ្សាយទៅតាមរយៈហ្វេសប៊ុកpageទៅវិញ។ ហើយដូចជាមាន Fresh News និងហ្វេសប៊ុកនាយករដ្ឋមន្រ្តី(ផ្សាយផ្ទាល់) ទូរទស្សន៍ Fresh News ដែលឥឡូវក្រៅពីហ្វេសប៊ុករបស់គេៗមានទូរទស្សន៍របស់គេ ភ្ជាប់ជាមួយខ្សែកាប្លិ៍។ អាទូរទស្សន៍របស់គេម្ខាង គឺយើងមើលតាមទូរស័ព្ទ ប៉ុន្តែ បើនៅផ្ទះ គេមានបញ្ចូលក្នុងខ្សែកាប្លិ៍ មើលទៅតែម្តង ដូច្នេះអានោះព័ត៌មានវា​ច្រើនណាស់។

អំណោយជូនអ្នកចូលរួម

ថ្ងៃនេះ ក៏បាននាំមកសម្រាប់ក្មួយៗជាកម្មករ/ការិនីទាំងអស់ ១៧៩១២ នាក់ មកពី ១២ រោងចក្រ/សហគ្រាស នៅក្នុងស្រុកកណ្តាលស្ទឹង អត់អីច្រើនទេ ក្មួយអើយ ហើយក្មួយៗមកក៏មិនមែនសំដៅមកយកលុយពីពូដែរ គឺមកជួបជុំគ្នាដើម្បីសំណេះសំណាលគ្នា រវាងនាយករដ្ឋមន្រ្តីជាមួយនឹងកម្មករ/ការិនី។ អញ្ចឹងជូនក្មួយៗបាន ២ ម៉ឺនរៀលក្នុងម្នាក់។ សម្រាប់ក្មួយៗមានផ្ទៃពោះ ក្រៅពី ២ ម៉ឺនរៀលនេះ មានមួយស្រោមសំបុត្រ តែពូមិនប្រាប់ថាប៉ុន្មានទេ ពូនឹងដើរចែកផ្ទាល់ជាង ៧០០ នាក់នេះ តែសូមកុំភ្លេចណា អ្នកណាកូនភ្លោះ ប្រាប់ថាភ្លោះបានពូឲ្យ ២ កញ្ចប់។ មានភ្លោះពីរ ៣ នាក់ មិនមែនភ្លោះ ៣ ទេ។ ភ្លោះ ៣ ឥឡូវមិនសូវសំបូរទេ។ ក្មួយៗដែលមិនទាន់មានកូន កុំច្រណែន​ ថ្ងៃក្រោយគង់តែប៉ះលើយើងទេ។ ជូនក្រុមគ្រូពេទ្យប្រចាំនៅក្នុងពិធីនេះចំនួន ៥ លានរៀល និងជូនក្រុមតន្រ្តីសម័យ ៥ លានរៀលផងដែរ។

កូនមួយកំពុងបួសសងគុណ

ក្មួយៗទើបនឹងចាប់ផ្តើមធ្វើការបានពីរថ្ងៃ ថ្ងៃនេះបានសម្រាក(ទៀត)។ កាលពីមុននោះ បុណ្យអុំទូក ៣ ថ្ងៃ ​រួចហើយ(បន្ត)ចំថ្ងៃសៅរ៍ និងអាទិត្យទៀត ទើបនឹងចូលធ្វើការពីម្សិលម្ងៃ ម្សិលមិញ ថ្ងៃនេះមកជួបជុំគ្នាសម្រាកបានមួយថ្ងៃទៀត។ បុណ្យស្រុកយើងវាច្រើនដែរ ការសម្រាករបស់កម្មករ ហើយនៅពេលដែលថ្ងៃឈប់សម្រាកនោះ នៅពេលដែលយើងធ្វើការ ប្រាក់បន្ថែមសម្រាប់ធ្វើការថ្ងៃឈប់សម្រាក ក៏មានច្រើនដែរ។ ពូក៏សូមផ្ដាំទុក និងជូនពរឲ្យក្មួយៗដែលមានផ្ទៃពោះនេះ ទទួលបាននូវកូនដែលគួរឲ្យស្រឡាញ់ និងវៃឆ្លាត ហើយក្មួយៗមានសុខភាពល្អ ហើយឆ្នាំក្រោយយកមួយទៀត។ សម្រុកយកទៅ ទាន់ខ្លួននៅក្មេង ធ្វើតាមពូ ១៣ ខែកើតមួយៗ។ ម្សិលមិញ ថ្ងៃខួបកំណើតកូនទី ៤ និងចៅទី ១០ ប៉ុន្មាននោះ ចៅច្រើនពេក។ តែ(កូន)មួយកំពុងបួស គេបួសសងគុណឪពុកម្តាយ បួសនៅវត្តតា មួង រ៉ា។ ឥឡូវគេទៅពុទ្ធគយា កន្លែងដែលព្រះពុទ្ធបានត្រាស់នោះ។ ខ្ជិលទៅថ្វាយបង្គំកូន ទុកឲ្យបងប្អូនគេទៅៗ អញ្ចឹងវាត្រូវ។ ក្នុងចំណោម ៣ បានបួស ២ ហើយ។ មួយបួសមុខភ្លើងឲ្យជីតា មួយទៀតគេបួសរយៈពេល ១ ខែ ដើម្បីសងគុណឪពុកម្តាយ។ ឯមួយទៀតត្រៀមបម្រុងបួសនៅពេលចាំបាច់មកដល់ ដែលខ្ញុំនិយាយប៉ុណ្ណឹងអាចយល់។

នៅក្នុងឱកាសនេះដែរ សូមអនុញ្ញាតឲ្យពូផ្តាំផ្ញើសួរសុខទុក្ខ ជីដូនជីតា ឪពុកម្តាយក្មួយៗ បើសិនជាពួកគាត់នៅរស់ ហើយសូមអរគុណគាត់ផងដែរ ដែលពួកគាត់បានគាំទ្រចំពោះពូ ចំពោះគណបក្សប្រជាជនតាំងពីដើមរៀងរហូតមក រហូតមកតជំនាន់ដល់ក្មួយៗនេះ បន្តការគាំទ្រតទៅទៀត។ បើគ្មានពួកគាត់ទេ ក៏គ្មានពួកក្មួយនេះដែរ ហើយក៏គ្មានពូនៅកន្លែងនេះដែរ។ ពូកគាត់បានរួមចំណែកធំណាស់។ ចុងបញ្ចប់ សូមក្មួយៗទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...