កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ ក្រោមប្រធានបទ ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៃយុគសម័យរបស់យើង: ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល បានប្រារព្វពិធីបើកជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១ធ្នូ នៅទីក្រុងកដ្ឋមន្ធូ សាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។ កិច្ចប្រជុំកំពូលនេះមានរយៈពេល៤ថ្ងៃ ពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី៣ធ្នូ ដោយមានការអញ្ជើញចូលរួមពី រួមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល សមាជិកសភា មេដឹកនាំសាសនា ធុរជន អ្នកដឹកនាំសង្គមស៊ីវិលនិង គណៈប្រតិភូជាង១ពាន់៥០០នាក់។ កិច្ចប្រជុំកំពូលនេះ គឺជាជំនួបកំពូលលើកដំបូង ដោយមានការសហការរៀបចំដោយ សហព័ន្ធ សន្តិភាពសកល និងរដ្ឋាភិបាលនេប៉ាល់ ព្រមទាំងមានការចូលរួមគាំទ្រពីដៃគូសំខាន់ៗ ដូចជា សមាគមសភាអន្តរជាតិដើម្បីសន្តិភាព និងសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី។
នៅក្នុងសុន្ទរកថារបស់ថ្នាក់ដឹកនាំ និងស្ថាបនិក នៃបណ្តាអង្គការពាក់ព័ន្ធ បានឲ្យដឹងថា នា ពេលបច្ចុប្បន្ន បញ្ហាប្រឈមនានារួមមាន ភាពក្រីក្រ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ចុះនិងការបាត់បង់សីលធម៌រស់នៅ ការផ្លាស់ទីលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ និងការប្រកួតប្រជែងផ្នែកសញ្វវុធ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងភាពសុខដុមរមនា នៃសហគមន៍ពិភពលោក។ ឯកឧត្តមប្រធានមានប្រសាសន៍បន្តថា បញ្ហាប្រឈមទាំងអស់នោះ អាចនិងត្រូវបានដោះស្រាយ ដោយផ្អែកលើចក្ខុវិស័យនៃការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ តាមរយៈការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកគត្តិបណ្ឌិត និងការយល់ឃើញរបស់ថ្នាក់ដឹកនាំទាំងឡាយ ដែលមានការប្តេជ្ញាចិត្តក្នុងការកសាងពិភពលោកមួយ ប្រកបដោយការអធ្យាស្រ័យគ្នាទៅវិញទៅមក សន្តិភាពប្រកបនិរន្តរភាព និងវិបុលភាពសម្រាប់មនុស្សទាំងអស់។ បណ្តាមេដឹកនាំទាំងអស់ ក៏បានធ្វើការកត់សំគាល់ដែរថា កិច្ចប្រជុំកំពូលនេះ នឹងបញ្ចប់ជាមួយនិងការចេញសេចក្តីថ្លែងការណ៍ក្រុងកដ្ឋមន្ធូ និងកម្មវិធីលើកកម្ពស់តម្លៃវប្បធម៌ និងគ្រួសារ។
ដោយឡែកនៅក្នុងសុន្ទរកថារបស់តំណាងអង្គការសហព័ន្ធសន្តិភាពសកល ក្នុងនាមជាដៃគូ ជាមួយរដ្ឋាភិបាល វិស័យសង្គមស៊ីវិល និងវិស័យឯកជន បានធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំ កំពូលដ៏មានសារសំខាន់នោះ បានលើកឡើងពីកិច្ចដំណើរបើកកិច្ចប្រជុំកំពូលអន្តរជាតិជាសេរី ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗ នៅក្នុងយុគសម័យនេះ។ នៅក្នុងសុន្ទរកថា របស់បណ្តាថ្នាក់ដឹកនាំអង្គការជាដៃគូ ដូចជាអង្គការសហព័ន្ធសន្តិភាពសកល គឺជាអង្គការអន្តរជាតិមួយ ដែលមិនប្រកាន់បក្សនយោបាយ និងត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០៥ មានគោលដៅលើកកម្ពស់សេរីភាពខាងសាសនា និងមានតួនាទីជាទីប្រឹក្សាពិគ្រោះ យោបល់ទូទៅ អមក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម នៃអង្គការសហប្រជាជាតិ និងដោយមានតំណាងរបស់ខ្លួន នៅក្នុងបណ្តាប្រទេសនានាចំនួនជាង ១២០ ជុំវិញពិភពលោក។
ដោយឡែក សមាគមសភាអន្តរជាតិដើម្បីសន្តិភាព (IAPP) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៦ នា ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ IAPP ដើរតួនាទីស្នូលនៅក្នុងបណ្តារដ្ឋទាំងអស់ លើពិភពលោក តំណាងឲ្យប្រជាជនទូទៅ គោរពនីតិរដ្ឋ និងគោរពតម្លៃសិទ្ធមនុស្ស។ សមាជិកសភា IAPP បំពេញការងារដើម្បីសង្គមមួយមានសុវត្តិភាព សន្តិសុខ ស្ថិរភាព និងពោរ ពេញដោយសន្តិភាព។ ក្នុងនាមជាសមាគមសភាពិភពលោក IAPP គឺជាវេទិកាមួយសម្រាប់សមាជិកសភាទាំងអស់ ផ្តល់នូវបទពិសោធន៍ និងគតិបណ្ឌិតរបស់ពួកគាត់ ក្នុងការស្វែងរកនូវ ដំណោះស្រាយចំពោះបញ្ហារបស់ពិភពលោក តាមរយៈការថ្លែងជាបឋកថា ស្តីពីសារសំខាន់នៃការងារ និងពីតម្លៃនៃការបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសហការរបស់ពួកគាត់លើបញ្ហារសើបៗ ដែលប្រទេសនិមួយៗ តំបន់ និងពិភពលោក កំពុងជួបប្រទៈរាប់ចាប់តាំងពីការប្រែប្រួលអាកាសធាតុ ការកើនឡើងនូវមនោគមន៍វិជ្ជាជ្រុលនិយម រហូតដល់គ្រោះមហន្តរាយមនុស្សធម៌ និងគ្រប់ជម្លោះទាំងឡាយ។ ចំណែក ICAPP ដែលមាននិន្នាការនយោបាយបែបនិយមកណ្តាលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ដោយប្រមូលផ្តុំគណបក្សនយោបាយនានា នៅទូទាំងតំបន់អាស៊ី មជ្ឈឹមបូព៌ា និងអូសេអានី ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងការផ្លាស់ប្តូរទស្សន:នយោបាយ និងមនោគមន៍វិជ្ជានយោបាយរវាងគណបក្សនយោបាយ ដើម្បីបង្កើតឲ្យមានបរិយាកាសល្អសម្រាប់សន្តិភាព និងវិបុលភាពរួមគ្នា សម្រាប់បណ្តា ប្រទេសក្នុងតំបន់។
បច្ចុប្បន្ន ICAPP មានគណបក្សនយោបាយចំនួន ៣៥២ មកពី ៥២ប្រទេសចូលជាសមាជិក។ តាមការប្រកាសអ្នកចូលរួមនឹងពិភាក្សាទៅលើរបៀបវារ: ជាក់ស្តែង មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមដូចជា ការប្រែប្រួលអាកាសធាតុ សន្តិភាពនិងការអភិវឌ្ឍ អភិបាលកិច្ចល្អ ការដោះស្រាយជម្លោះ ព្រមទាំងការពង្រឹងចំណងអាពាហ៍ពិពាហ៍និងគ្រួសារ ក្នុងគោលបំណងគាំទ្ររបៀបវារ:ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ដែលប្រកានេះ តម្រូវឲ្យយើងប្រកាន់យកនូវ អភិក្រមបរិយាប័ន្ន និងគ្រប់ ជ្រុងជ្រោយ ទាំងក្នុងការសន្ទនាពិគ្រោះយោបល់ និងចំណាត់ការជាក់ស្តែង ដើម្បីដោះស្រាយទាំង អស់ឲ្យមានប្រសិទ្ធភាព។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹ:ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ ក្រោមប្រធានបទ: ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៃយុគសម័យរបស់យើង: ការពឹងអាស្រ័យគ្នា វិបុល ភាពទៅវិញទៅមកនិងតម្លៃសកល ។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ បន្ទាប់ពីបានបញ្ចប់នូវការអញ្ជើញចូលរួមក្នុង បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងកដ្ឋមន្ធូ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក្នុងដំណើរនិវត្តន៍ឆ្ពោះ មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិទ្រីប៊ូវ៉ាន់ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោ និងគណះប្រតិភូរួមមាន ឯកឧត្តម អ៊ីសវ៉ា ប៉ូក្រែល (Ishwar Pokhrel) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេប៉ាល់ ឯកឧត្តម Khaga Nath Adhikari ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជា ចក្រកម្ពុជា ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនេប៉ាល់ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។