នាយក​រដ្ឋ​មន្រ្តី​វៀត​ណាម លើកឡើង​ពីតួនាទី​ដ៏សំខាន់​របស់​រដ្ឋសភា ក្នុងការ​ជំរុញ​ទំនាក់​ទំនង និងកិច្ចសហប្រតិ​បត្តិការ​រវាង​ប្រទេស​កម្ពុជា វៀតណាម

នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀល ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។

នៅក្នុងជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូ នៅកម្ពុជាថា ទទួលបានជោគជ័យយ៉ាងច្រើន នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានលើកឡើងថា កាលពីព្រឹកថ្ងៃទី២៥មេសានេះ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ច ឯកឧត្តម បានជួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន រវាងប្រទេសទំាងពីរ។

ដោយឡែកកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឯកឧត្តម និង សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាព កម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ដែលជាផ្នែកសំខាន់ក្នុងការជំរុញទំនាក់ទំនងប្រទេសទំាងពីរលើគ្រប់វិស័យ ពិសេសពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ឯកឧត្តម ង្វៀន សួនហ៊្វុក បានជម្រាបសម្តេចប្រធានរដ្ឋសភាផងដែរថា រហូតមកដល់ពេលនេះ កម្ពុជានិងវៀតណាម បានសម្រេច ក្នុងការបោះបង្គោលព្រំដែន បាន៨៤%ហើយ គឺនៅសល់តែជាង១០% ទៀតប៉ុណ្ណោះ។ ហើយបញ្ហាបោះបង្គោលព្រំដែននេះ ប្រទេសកម្ពុជា និងវៀតណាម បានរួមគ្នាស្នើសុំអ្នកជំនាញបច្ចេកទេស ពីប្រទេសបារំាងមកជួយ ប៉ុន្តែជារួមរដ្ឋាភិបាលកម្ពុជា និងវៀតណាម នឹងមានកិច្ចសហការរួមគ្នា ក្នុងការកសាងបន្ទាត់ព្រំដែនសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយការយោគយល់គ្នា។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកម្ពុជាពេលនេះ ស្របពេលទំនាក់ទំនងរវាងប្រទេសកម្ពុជាបាន ឈានដល់រយៈពេល៥០ឆ្នាំ។ ប្រទេសវៀតណាមនឹងរៀបចំខួបលើកទី៥០ នៃទំនាក់ទំនងកម្ពុជា វៀតណាមនេះ នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដោយបានគោរពអញ្ជើញសម្តេចចក្រី ទៅចូលរួមផងដែរ។

ឯកឧត្តម ង្វៀន សួនហ៊្វុក បានជម្រាប និងស្នើដល់សម្តេចប្រធានរដ្ឋសភាថា ស្ថាប័នរដ្ឋសភា មានតួនាទីសំខាន់ណាស់ ក្នុងការជំរុញ និងពង្រឹង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសទំនាក់ទំនងខាងសេដ្ឋកិច្ច ដែលនឹងធ្វើឲ្យពលរដ្ឋកម្ពុជាមានការរីកចម្រើន។ កម្ពុជានិងវៀតណាម មានផែនការក្នុងជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរឲ្យឈានដល់ ៥០០ពាន់លានដុល្លារ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី មកកម្ពុជានៅពេលនេះថា ជាសក្ខីភាពមួយ ក្នុងការបង្ហាញឲ្យឃើញពីការខិតខំថែរក្សា រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឲ្យរឹងមាំឡើង។ សម្តេច បានគំាទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទំាងពីរ។

ឆ្លើយតបចំពោះភាគីវៀតណាម ដែលបានអញ្ជើញ សម្តេចចក្រី ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមខួបលើកទី៥០ នៃចំណងមិត្តភាព ប្រទេសទំាងពីរ សម្តេចបានទទួលយក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ