សុន្ទរកថា​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

259

CNV: 

 សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
 សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាទីគោរព
 សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាទីគោរព
 សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ អន្តរជាតិ
 បងប្អូនជនរួមជាតិទាំងអស់ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ!

ថ្ងៃនេះ ក្នុងនាម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា, ទូលព្រះបង្គំខ្ញុំមានមោទភាព និងសេចក្តីរីករាយ ដោយបានចូលរួមប្រារឰមីទ្ទីញមហាជន ដើម្បីរំលឹកខួបលើកទី ៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំកម្លាំងប្រដាប់ឤវុធ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងការទាមទារឯករាជ្យពីឤណានិគម និយមបារាំងនាឆ្នាំ ១៩៥៣។

ទូលព្រះបង្គំខ្ញុំ ក៏ដូចជាប្រជារាស្ត្រខ្មែរគ្រប់រូប តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ។ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នា ឱ្យរួបរួមគ្នាវិញ បានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏មានតម្លៃ ពុំឤចកាត់ថ្លៃបាន ពិសេស ព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍសម្រាប់សង្គមជាតិខ្មែរទាំងមូល ដែលទូលព្រះបង្គំខ្ញុំ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ តែងតែដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះ រៀងរហូតមក។

ទូលព្រះបង្គំខ្ញុំ ក៏សូមសំដែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែគង់ប្រថាប់នៅក្បែរ និងបានដង្ហែថ្វាយការគាំពារ និងគាំទ្រដល់ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» កាលព្រះអង្គគង់ព្រះជន្ម ក្នុងព្រះរាជបេសកកម្មដ៏ឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។

ទូលព្រះបង្គំខ្ញុំ សូមសដែំងនូវមនោសញ្ចោតនាដ៏ជ្រាលជ្រៅ និងគារវកិច្ចដ៏ស្មោះត្រង់បំផុតថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែបន្តព្រះរាជកិច្ច ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាពិសេស ព្រះអង្គតែងបានប្រោសព្រះរាជទាននូវការគាំទ្រព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុសុខសន្តិភាព ស្ថិរភាពជាតិ សាមគ្គីជាតិ ការអភិវឌ្ឍជាតិ ការលើកស្ទួយជីវភាព សុខុមាលភាព និងភាពសុខដុមរមនារបស់ប្រជារាស្ត្រ។

– ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

– សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី

– បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!

ពេលនេះយើងទាំងអស់គ្នា កំពុងនៅមុខវេទិកាព្រះបរមរាជវាំង ដើម្បីចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍ទី ៦៥នៃទិវាបុណ្យឯករាជ្យជាតិ និង ខួបលើកទី ៦៥ នៃកំណើតកងយោធពលខេមរភូមិន្ទ ដែលព្រះវររាជបិតាឯករាជ្យជាតិព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបង្កើតឡើង ហើយដែលកន្លងមក និង បច្ចុប្បន្ននេះ កំពុងបំពេញបេសកកម្មថែរក្សាការពារសុខសន្តិភាព បូរណភាពទឹកដី និងភាពសុខសាន្តរបស់ប្រជាជន និងរួមចំណែកការពារ ថែរក្សាបេតិកភណ្ឌជាតិ ដែលជាមរតកមិនឤចកាត់ថ្លៃបានពីបុព្វបុរសខ្មែរ ឱ្យបានស្ថិតស្ថេរគង់វង្ស។

ទូលព្រះបង្គំខ្ញុំ សូមគោរពដឹងគុណ និងចងចាំជានិច្ចនូវពលិកម្មដ៏ឧត្តុង្គឧត្តមរបស់យុទ្ធជន យុទ្ធនារីដ៏អង់ឤច ក្លាហានរបស់ជាតិ ដែលបានពលីជីវិតដើម្បី ជាតិ សាសនា និងព្រះមហាក្សត្រ។

ទូលព្រះបង្គំខ្ញុំ ក៏សូមសំដែងនូវការគោរពដឹងគុណ ជូនចំពោះនាយទាហាន ពលទាហាន នាយឤវុធហត្ថ និងពលឤវុធហត្ថគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ដែលបានគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពដោយម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ និងបទបញ្ជាទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយបានអប់រំខ្លួនប្រកបដោយការតស៊ូអត់ធ្មត់ ព្យាយាម ដើម្បីក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយសសេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅដ៏ពិតប្រាកដរបស់ប្រជាជន ហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។

ជាមួយគ្នានេះ, ទូលព្រះបង្គំខ្ញុំ សូមកោតសរសើរចំពោះនាយនគរបាល និងពលនគរបាលនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញបេសកកម្ម ដើម្បីការពារជាតិ មាតុភូមិ សន្តិសុខផ្ទៃក្នុងប្រទេស និងរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ដោយបានឆ្លងកាត់ការលំបាក ឧបសគ្គតូច-ធំគ្រប់ជំពូក ជាមួយនឹងពលិកម្មដ៏ធំធេង ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជន។ ហើយក៏សូមគោរពដឹងគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានលះបង់កូនចៅ ប្តី ឬប្រពន្ធ និងសាច់ញាតិ ឱ្យចូលបម្រើក្នុងជួរកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ ដើម្បីការពារជាតិមាតុភូមិយើងនៅគ្រប់ជំនាន់។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា បានដាក់ចេញអនុវត្តនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ ដោយប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចម្បងជាយុទ្ធសាស្ត្រ រួមមាន៖

ទី ១ បន្តកសាងប្រទេសជាតិឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីជាតិរឹងមាំ សីលធម៌សង្គម សមធម៌ សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន និងភាពសុខដុមរមនា ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ទី ២ ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងជាដាច់ខាតរាល់សកម្ម​ភាព ដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឱ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិ កម្ពុជា។

ទី ៣ បន្តដោះស្រាយបញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាង ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍតំបន់ព្រំដែន ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ និង មិនអនុញ្ញាតឱ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសជិតខាង។

ទី ៤ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមមាន ហិរញ្ញប្បទានភេរវកម្ម ការសម្អាតប្រាក់ ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបន្តជំរុញអនុវត្ត «គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់ ក្នុងឱកាស ខួបលើកទី ៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ទូលព្រះបង្គំខ្ញុំ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ និងបារមីទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាឤទិ៍ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត សូមព្រះអង្គទាំងទ្វេមាន ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណ​ភ្លឺថ្លា​ ដើម្បីគង់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំ នៃជនរួមជាតិតរៀងទៅ និងសូមថ្វាយព្រះពរ និងជូនពរ សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គ ម្ចាស់ក្សត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិ សូមមានសុខភាពល្អ ជូបប្រទះតែសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗរូប។

សូមអរព្រះរាជគុណ និង សូមអរគុណ!