សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ

CNV: 

អរគុណ! ក្មួយៗ សុខសប្បាយទេហ្នឹង? ដល់ខែរងាហើយ។ ​សុំសួរបន្តិច អ្នកដែលត្រៀមចូលរោងការប៉ុន្មានទៅទាំងស្រី/ប្រុស លើកដៃទៅមើល? ប្រហែលប៉ុន្មានភាគរយ? ថ្ងៃនេះ ដាច់ខែ អស្សុជ ស្អែកនេះ គឺ ១ កើត ខែ កត្តិក​ ហើយ។ អាចារ្យដែលឆ្លាត គឺរើសថ្ងៃខែរៀបការឱ្យចំខែរងា។ អាចារ្យឆ្លាតមែនទែន ដេញថ្ងៃខែចំតែ ថ្ងៃសៅរ៍/អាទិត្យ។ ថ្ងៃសៅរ៍/អាទិត្យ វាមានភ្ញៀវចូលរួម(ច្រើន)។ បន្តិចទៀត គឺថា ភ្លេងការប្រគុំលាន់លឺគ្រប់ទីកន្លែងទាំងអស់។ វាត្រូវដល់ពេលវាអញ្ចឹង។

ជំនួបថ្ងៃនេះ បើប្រៀបធៀបនឹងជំនួបកន្លងទៅ អាចចាត់ទុកជាជំនួបធំមួយ

ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានមកកាន់ខេត្តតាកែវសាជាថ្មីម្តងទៀត។ កាលពីប៉ុន្មានខែមុនបានចុះខាងទៅស្រុកដូនកែវ ឯថ្ងៃនេះ យើងមកកាន់ស្រុកបាទី ដើម្បីជួបជាមួយកម្មករ/ការិនី រហូតទៅដល់ ២៤.៣៦៦ នាក់ ដែលមកពី ២០ រោងចក្រ នៅក្នុងស្រុកបាទីរបស់យើងនេះ។ អាចចាត់ទុកថា ជាជំនួបធំមួយ ក្នុងចំណោមជំនួបដែលពូបានជួបជាមួយកម្មករ/ការិនីនៅទីកន្លែងនានា។ ក្នុងនោះ ក៏មានក្មួយៗដែលមានផ្ទៃពោះ ចំនួន ១.០៤១ នាក់ ផងដែរ។ បូករួមនឹងអម្បាញ់មិញ បានសួរថា អ្នកណាខ្លះប្រុងចូលរោងការ? ហ្នឹងមិនទាន់គិតថា អ្នកណាខ្លះមានគ្រួសារទេ …។

ជាង ៣ ខែ ក្រោយបោះឆ្នោត បានបន្តជួបជាមួយកម្មករ/ការិនីជាច្រើនម៉ឺននាក់

ដូចអ្វីដែលខ្ញុំបានលើកឡើងនៅមុនបោះឆ្នោត ពេលនោះ ប្រហែលជាក្មួយៗកម្មករ/ការិនី ទោះបីជាមិនទាន់ បានជួបពូនៅពេលនោះក៏ដោយចុះ ក៏ប្រហែលជាអាចដឹងបានថា ពូបានប្រកាសហើយថា ការជួបជាមួយនឹងកម្មករត្រូវផ្អាកនៅក្នុងរយៈពេលនៃការបោះឆ្នោត រហូតដល់ការបោះឆ្នោតហើយស្រេច។ ហើយការបោះឆ្នោតហើយទៀត ក៏មានលទ្ធភាពពីរបែប។ លទ្ធភាពមួយបែប គឺគណបក្សប្រជាជនឈ្នះ(ការបោះឆ្នោត) ហើយពូបន្តធ្វើនាយករដ្ឋមន្ត្រី ពូនឹងបន្តដើរជួបជាមួយកម្មករ/ការិនីបន្តទៀត។ ប៉ុន្តែ ក្នុងករណីដែលគណបក្សប្រជាជន និយាយថាចាញ់ឆ្នោតអញ្ចឹងទៅចុះ គឺពូមិនជ្រៀតជ្រែកកិច្ចការអនាគតនាយករដ្ឋមន្ត្រីថ្មីនោះទេ។

ថ្ងៃនេះ គឺថ្ងៃទី ៧ វិច្ឆិកា អាចនិយាយបានថា រាជរដ្ឋាភិបាលថ្មីមានអាយុ ២ ខែ ១ ថ្ងៃ ព្រោះថ្ងៃទី ៧ កញ្ញា ជាថ្ងៃប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង។ ប៉ុន្តែ គណៈរដ្ឋមន្ត្រីបានកើតនៅថ្ងៃទី ៦ កញ្ញា ដែលមកដល់ពេលនេះ គឺមានអាយុ ៦០ ថ្ងៃ។ រហូតមកដល់ពេលនេះ បើគិតពីថ្ងៃទី ២៩ កក្កដា រហូតមក គឺមានរយៈពេលជាង ៣ ខែ។ ជាង ៣ ខែនេះ ពូក៏បានបន្តដើរជួបជាមួយកម្មករ/ការិនីរបស់យើងបានប៉ុន្មានម៉ឺននាក់ថែមទៀត។ បើទោះបីមានកិច្ចការច្រើននៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស ក៏ប៉ុន្តែ នៅពេលដែលឆ្លៀតបាន គឺត្រូវធ្វើដំណើរជួបជាមួយកម្មករ/ការិនីរបស់យើង។ អាទិត្យមុនជួបនៅស្រុកមុខកំពូល ថ្ងៃនេះ មកជួបនៅក្នុងស្រុកបាទី នៃខេត្តតាកែវ។

ជម្រុញក្រសួងពីរពន្លឿនការចរចាជាមួយសាធារណរដ្ឋកូរ៉េ លើគម្រោងពង្រីកផ្លូវជាតិលេខ ២

មកដល់ទីនេះ អនុញ្ញាតឱ្យពូបាននិយាយបន្តិច សូម្បីតែអ្នកនៅក្នុងស្រុកបាទីនេះ និងក្មួយៗមួយចំនួនអាចយល់បាន ឬក៏យល់មិនបាន គឺជារឿងមួយ។ ក៏ប៉ុន្តែ វាមានប្រវត្តិរបស់វាទាក់ទងនឹងទីកន្លែងប្រវត្តិសាស្ត្រមួយនេះ។ មុននឹងនិយាយទៅដល់កន្លែងពាក់ព័ន្ធនឹងការកែទម្រង់មួយ ក្នុងចំណោមការកែទម្រង់លើបញ្ហាការអភិ​វឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើង ដំបូង ខ្ញុំចង់និយាយទៅកាន់រដ្ឋមន្ត្រីក្រសួងសាធារណការ (និងដឹកជញ្ជូន) ដែលតំណាងដោយរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមកទីនេះ ជាមួយនឹងរដ្ឋមន្ត្រីក្រ​សួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យពន្លឿនការចរចាជាមួយភាគីសាធារណរដ្ឋកូរ៉េ រឿងធ្វើផ្លូវជាតិលេខ ២។ (ការចរចានេះ)គឺថា វាយឺតជាងគេមួយជីវិតតែម្តង។ មិនដឹងថាយ៉ាងម៉េច? អាលេខ ១, អាលេខស្អីហ្នឹង រហូតដល់គេធ្វើអាលេខ ៨, លេខ ៩ ធ្វើហើយទាំងអស់ អាលេខ ២ នៅតែលេខ ២ ដដែល? នៅត្រឹមប៉ុណ្ណឹង។ ខ្ញុំជិះពីមុនមកយ៉ាងម៉េច គឺវានៅតែប៉ុណ្ណឹងដដែល។ តាំងពីជំនាន់ទៅសួរសុខទុក្ខ (ហើយដែល) ប៉ុល សារឿន ធ្វើចៅ​ហ្វាយខេត្ត (ដល់ឥឡូវ)នៅតែប៉ុណ្ណឹងដដែល។ អញ្ចឹងទេ លេខ ២ វានៅតែលេខ ២។

យើងបានចរចាប្រហែលជា ៥-៦ ឆ្នាំ ទៅហើយ។ ឥឡូវលឺថា កំពុងតែរៀបដាក់ដេញថ្លៃ។ ឥឡូវ សូមជម្រុញបន្តិចទៅមើល។ វាអត់ច្រើនប៉ុន្មានទេ។ ហេតុអីបានជាដំណើរការយឺតយ៉ាវមាំម្ល៉េះ? យើងត្រូវការអភិវឌ្ឍ​។ បើផ្លូវជាតិលេខ ៣ វិញ ពង្រីកពីរដងទៅហើយ។ ម្តងពី ៧ ទៅ ១២ ម៉ែត្រ ឥឡូវ ពង្រីកទៅ ២០ ម៉ែត្រជាង ពីចោមចៅទៅកំពត។ ប៉ុន្តែ អាលេខ ២ ហ្នឹង វានៅតែ ២ រហូតអញ្ចឹង។ ហ្នឹង គឺជារឿងមួយដែលខ្ញុំហាក់ដូចជាបង្ហាញការមិនសប្បាយចិត្ត ជាមួយនឹងការយឺតយ៉ាវទៅលើការសាងសង់ផ្លូវមួយនេះ ដែលតភ្ជាប់ពីព្រែកហូរ-តាខ្មៅ ដល់ទៅទល់នឹងផ្លូវជាតិលេខ ២២ បានកាត់ទៅភ្ជាប់ផ្លូវជាតិលេខ ៣ … ផែនការហ្នឹងវាយូរហើយ។ ផ្លូវនេះតូចជាងផ្លូវតភ្ជាប់ពីស្ទឹងត្រែងទៅព្រះវិហារទៀត។ វាស្ទើរតែតូចជាងអាផ្លូវចាក់ពីកែងព្រះវិហារ ទៅស្រុក​​គូ​លែន កាត់មកកំពង់ធំ … ហើយហៅថា ផ្លូវជាតិលេខ ២ ដែរ ក្នុងសម័យនេះហើយ។ បើមិនធ្វើទេ ខ្ញុំសាកល្បងដូចអគារសន្តិភាពអញ្ចឹង។ ដល់ធ្វើអីមិនចេញ ដាក់ទៅមើល(អោយ)ប្រមូលលុយ ធ្វើអគារសន្តិភាពជិត ៨០ លាន(ដុល្លារអាមេរិក)។ អានេះដូចអត់អស់ប៉ុន្មានទេ។ ប្រហែលជា ២០ ឬ ៣០ លាន(ដុល្លារ អាមេរិក) វាចប់ទៅហើយ … យើងបានដាក់គម្រោងហ្នឹងទៅសាធារណរដ្ឋកូរ៉េរួចស្រេចទៅហើយ …។

ជំទាវ ភាព ហៀក/ឧកញ៉ា លាង ឃុន កសាងផ្លូវ ១២៩B – ១៨ គីឡូម៉ែត្រ ទ្រាំង/កំពង់អំពិល បុរីជលសា

បាននិយាយដល់រឿងផ្លូវទៅហើយ ថ្ងៃនេះ ដោយលោកជំទាវ ភាព ហៀក ក៏ដូចជា លោកឧកញ៉ា លាង ឃុន ដែលជាម្ចាស់នៅក្នុងការចូលរួមចំណែកកសាងផ្លូវមួយខ្សែ ហៅថា ផ្លូវលេខ ១២៩B ហៅផ្លូវ ០១ ដែលមានប្រវែង ១៨ គីឡូម៉ែត្រ តភ្ជាប់រវាងផ្លូវជាតិលេខ ២ ត្រង់ស្រុកទ្រាំង ទៅដល់កំពង់ផែកំពង់អំពិល ស្រុកបុរីជលសា ដែលមានចម្ងាយ ១៨ គីឡូម៉ែត្រ។ ដូច្នេះ ផ្លូវនេះនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៦ វិច្ឆិកា ២០១៨ នេះ ដែលឯកឧត្តម ប៊ិន ឈិន នឹងមកធ្វើជាអធិបតីដើម្បីបើក(ការដ្ឋាន) ចាក់បេតុងកម្រាស់ ២ តឹក បូកជាមួយនឹងពង្រីកតួផ្លូវ ៨ ម៉ែត្រ … វាយទៅឱ្យខ្ញុំមុនថា ៧ ម៉ែត្រ ប៉ុន្តែ វាយទៅលើកក្រោយថា ៨ ម៉ែត្រ ហើយនិងគ្រួសក្រហមសងខាង គឺ ១,៥ ម៉ែត្រ។ ដូច្នេះ ផ្លូវនេះ វាឡើងជាង ១០ ម៉ែត្រ ទៅហើយ ព្រោះអាតួផ្លូវដែលចាក់បេតុង ២ តឹកហ្នឹង អាហ្នឹង ៨ ម៉ែត្រ ហើយនៅអាគ្រួសក្រហមសងខាង ១,៥ ម៉ែត្រទៀត។ ដូច្នេះវា ៣ ម៉ែត្រ ទៀត។ វាឡើង ១១ ម៉ែត្រ ឯណោះ។ អញ្ចឹង វាធំជាងផ្លូវលេខ ២ យើងនេះទៅទៀត …។

ចូលសេដ្ឋកិច្ចទីផ្សារ រដ្ឋបោះបង់ចោលអន្តរាគមន៍លើប្រឡាយទឹក ពិសេសប្រឡាយមេ

ឥឡូវ បកមកនិយាយអំពីបញ្ហាទាក់ទិននឹងប្រវត្តិនៅកន្លែងនេះ ហើយក៏សុំប្រាប់ទៅអ្នកចម្រៀងថា ឱ្យត្រៀមច្រៀង។ ប៉ុន្តែ ធ្លាប់ដឹងថា ក្រុមហ្នឹងចេះច្រៀងបទ “សំណាងព្រៃស្វា វាសនាពត់សរ” … លឺពីមុនចេះច្រៀងហើយ … រឿងនេះ ប្រហែលជា ឯកឧត្តម ចាន់ សារុន ក៏នៅចាំ។ កាលពេលនោះនៅកសិកម្មដែរតើ? រឿងចាប់ផ្តើមបង្កើតក្រសួងធនធានទឹក គឺគំនិតចេញពីកន្លែងហ្នឹង​។ វាបានក្លាយទៅជាកំហុសមួយក្នុងចំ​ណោមកំហុសរបស់យើងពីអតីតកាល។ កាលពីជំនាន់រដ្ឋកម្ពុជា គឺបានប្រឹងប្រែងខ្លាំងណាស់នៅក្នុងការកសាងប្រឡាយមេ និងម៉ាស៊ីនបូនទឹក រាប់ទាំងប្រឡាយហនុមាននៅទីនេះ … ប៉ុន្តែ ដល់ពេលយើងអនុវត្តកិច្ចព្រមព្រៀងប៉ារីស ចាប់​ផ្តើមគេថា ចូលដំណាក់កាលសេដ្ឋកិច្ចទីផ្សារ រដ្ឋបោះបង់ចោលអន្តរាគមន៍ទាំងអស់ទៅលើប្រឡាយទឹក ជាពិសេសប្រឡាយមេហ្នឹងតែម្តង។

សម័យថ្ងៃមួយ គឺបុណ្យអុំទូក។ ថ្ងៃបុណ្យអុំទូកទី ១ គឺបានដង្ហែព្រះករុណា ដើម្បី(ទត)អុំទូកនៅមុខព្រះបរមរាជវាំង ប៉ុន្តែ ថ្ងៃទី ២ ប្រជាពលរដ្ឋនៅបាទីរបស់យើង ជាពិសេស អ្នកពត់សរ បានធ្វើដំណើរទៅមុខផ្ទះនៅឯវិមានឯករាជ្យ ថាបើមិនបានជួបសម្ដេច ហ៊ុន សែន ទេ គឺមិនត្រឡប់ទៅផ្ទះទេ។ ខ្ញុំក៏បានស្នើឲ្យពួកគាត់ត្រឡប់វិលមកផ្ទះ។ ពួកគាត់មិនទាន់ជឿជាក់ទេ។ ដំបូងខ្ញុំថា ដើម្បីកុំអោយក្ដៅពេក (សូមពួកគាត់)ទៅមុខក្រសួងកសិកម្មសិនទៅ។ អញ្ចឹង​ថ្ងៃនោះ ខ្ញុំត្រូវបោះបង់កម្មវិធីដង្ហែព្រះករុណា ថ្ងៃបិទអុំទូក កាត់ព្រ័ត្រ ព្រោះថ្ងៃសំពះលោកខែ ឆ្នាំ ១៩៩៤ មកសំពះលោកខែនៅវត្តពត់សរ។ អាហ្នឹង ស៊ូ ភិរិន្ទ ដឹងរឿងហ្នឹង … ហើយកាលហ្នឹង ឆ្នាំ ១៩៩៤ គឺជាឆ្នាំដែលរាំងស្ងួតខ្លាំងណាស់។

ពេលនោះចុះមកដេកនៅនឹងស្រុកបាទី កន្លែងកសិកម្ម កន្លែងណា​មួយនោះ។ កន្លែងហ្នឹងកន្លែងពិសោធន៍កសិកម្ម មុខវាំងឃ្លាំងមឿង។ ប៉ុន្តែយើងចេញចូលៗ ហើយពេលហ្នឹងទាំងបង សូរ ឃុន ទាំងស្អីៗ ម៉ាស៊ីនរាប់រយ វាចេះសំណាងនៅសល់ម៉ាស៊ីនរបស់សូវៀត នៅរាប់សិបគ្រឿង មានទុយោប៉ុន្មានតឹក នៅកំពង់សោម។ (យើងក៏)ដឹកមកអន្តរាគមន៍ពេញទឹកពេញដី។ ស្រាប់តែដល់ទៅប្រឡាយទឹកហនុមាន ម៉ែអើយ! ទុយោបូមទឹកសុទ្ធតែ ៧ តឹក ដោះយកខ្ចៅខ្ទេច ទម្រាំតែជួសជុលបាន។ ដល់ជួសជុលបានហើយ ត្រូវធ្វើយ៉ាងម៉េច? ប្រឡាយហនុមាណទាំងអស់សុទ្ធតែស្ទូងស្រូវទាំងអស់។ ហ្នឹងគេហៅថា ចូលទៅដល់​ការបោះបង់ចោលការអន្តរាគមន៍របស់រដ្ឋចំពោះកសិករតែម្ដង ហ្នឹងហើយជាភាពជ្រុលនិយមនៃសេដ្ឋកិច្ចផ្សារ ដែលនៅដំណាក់កាលនោះ គឺគេហៅថា រដ្ឋាភិបាលក្បាលពីរ។

ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត

ដូច្នេះហើយ បានជាអាចយកឯកសារឡើងវិញ។ នៅនឹងកែងស្រែ កន្លែងដែលបង សូរ ឃុន ដាក់ម៉ាស៊ីនបូមទឹកមួយគ្រឿង ហើយខ្ញុំបន្ថែមមួយគ្រឿងទៀត។ ខ្ញុំប្រកាសនៅកន្លែងហ្នឹងតែម្ដងថា រដ្ឋត្រូវអន្តរាគមន៍លើប្រ​ឡាយមេ។ សេដ្ឋកិច្ចផ្សារមិនអាចបោះបង់ចោលការជួយចំពោះកសិករនោះទេ។ ពេលនោះហើយដែលចាប់ផ្ដើមមានពាក្យស្លោកថា »ច្រូតស្រូវក្នុងទឹក ប្រសើរជាងគ្មានស្រូវច្រូត»។ ហ្នឹងសុទ្ធតែជាទ្រឹស្ដី ហ៊ុន សែន។ គ្មានទ្រឹស្ដីចេញពីត្រង់ណា(ផ្សេង)ទេ។ កសិករយើងពីជំនាន់នោះ មិនចូលចិត្តធ្វើស្រូវស្រាលទេ ធ្វើតែស្រូវធ្ងន់ (ហើយក៏)ចំ​កន្លែងដែលអត់ទឹក។ ដល់គាត់ធ្វើស្រូវស្រាល គឺវាត្រូវប្រឈមនឹងការច្រូតស្រូវក្នុងទឹក។ បានខ្ញុំឆ្លើយជាមួយគាត់ថា ច្រូតស្រូវក្នុងទឹក ប្រសើរជាងអត់ស្រូវច្រូត។ អញ្ចឹងបានជាមានខ្លឹមសារចម្រៀងមួយចំនួន ច្រូតស្រូវក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត។ រឿងចំរៀងទាក់ទងជាមួយនឹង សំណាងព្រៃស្វា វាសនាពត់សរ គឺទាក់ទងហ្នឹង(ហេតុការណ៍នេះ)។ សង្ឃឹមថា បន្តិចទៀត គេច្រៀងបទហ្នឹង សាកអោយស្ដាប់មើល នៅចាំបាន។

ខួបទី ២០​ នៃការបង្កើតក្រសួងធនធានទឹក និងក្រសួងដែនដី

(ហេតុការណ៍នេះមាន)ទំនាក់ទំនងជាមួយបឹងជើងលោង។ បូមទាល់តែរីង បឹងជើងលោង។ កាលហ្នឹង ស៊ូ ភិរិន្ទ និង (គន់) គីម ប្រុងទាស់គ្នាទៀត ព្រោះតាមផ្លូវលេខ ២ កន្លែងដែលមានទ្វារទឹកមួយហ្នឹង ជាព្រំប្រទល់រវាងខេត្តកណ្ដាល និងខេត្តតាកែវ។ ខេត្តកណ្ដាលគឺត្រូវការបើកទឹកទម្លាក់ទៅ ដើម្បីសង្គ្រោះនៅខាងព្រែកអំបិល នៅ​ខាងស្អីៗឯណោះ ពួកក្រាំងយ៉ូវ។ ប៉ុន្តែ ខេត្តតាកែវបើបើកច្រើនពេក អ្នកបាទីអស់ទឹក។ អញ្ចឹងបានជាពេលហ្នឹងមិនអោយខាងណាកាន់ទេ អោយខាងធារាសាស្រ្ត។ ពេលហ្នឹងអត់ទាន់មានក្រសួងធនធានទឹកទេ ហើយធារាសាស្ត្រពេលហ្នឹង នៅជានាយកដ្ឋានធារាសាស្ត្រទៅទៀត មិនមែនអគ្គនាយកដ្ឋានធារាសាស្ត្រ។ នៅតូចណាស់។ គំនិតនេះ វាដិតដាមជាប់នៅក្នុងអារម្មណ៍របស់ ហ៊ុន សែន ទៅលើបញ្ហាកសិកម្ម ហើយក៏នាំទៅដល់ការ​ពិភាក្សាជាមួយសម្ដេចក្រុមព្រះ នរោត្តមរណឫទ្ធិ បង្កើតឡើងនូវក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ។ ពេលនោះ ឲ្យសម្ដេចក្រុមព្រះ ធ្វើប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកវិនិយោគទៅ ឯខ្ញុំទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ ទទួលអភិវឌ្ឍន៍ខាងជនបទ ខាងកសិកម្មហ្នឹងទៅ។ បានទៅដល់ឆ្នាំ ១៩៩៨ ពេលដែលគណបក្សប្រជាជនឈ្នះឆ្នោត ខ្ញុំបង្កើតឡើងនូវក្រសួងធនធានទឹក និងឧតុនិយម ឥឡូវហ្នឹងខួបលើកទី ២០ នៃការបង្កើតក្រសួង ២ គឺក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​។ និយាយរួម ការចាប់ផ្ដើមស្ថិតក្នុងបាតដៃរបស់ ហ៊ុន សែន ទាំងអស់ …។

អ្នកតាកែវមានទូកងលើកដំបូង ស៊ូសុខសែនជ័យ ដាក់ឈ្មោះមនុស្ស ៣ នាក់

… ចាប់ពីពេលនោះមក វិស័យកសិកម្មរបស់យើងបានចាប់ផ្ដើមរីកចម្រើន រាប់ទាំងតំបន់អភិវឌ្ឍន៍ក្រាំងយ៉ូវ ក៏ចាប់ផ្ដើមពីហ្នឹង។​ ដោយសារទាក់ទិនជាមួយនឹងរឿងរាំងស្ងួតកាលពីពេលនោះហើយ ដែលអ្នកតាកែវមានទូក-ងលើកដំបូង។ ស៊ូ ភិរិន្ទ ដាក់ឈ្មោះអីកាលហ្នឹង? តាស៊ូសុខសែនជ័យ។ លេងដាក់ម្ដងឈ្មោះដល់ ៣។ តាស៊ូ ហ្នឹង ស៊ូ ភិរិន្ទ។ សុខ ហ្នឹងគឺ សុខ អាន។ សែនហ្នឹង គឺ ហ៊ុន សែន។ អញ្ចឹងអោយទូកមួយគ្រឿងសម្រាប់វត្តព្រៃស្វា។ ឥឡូវ ទូកហ្នឹងទៅណាបាត់ហើយ? ឯណាចៅហ្វាយស្រុកបាទី? ប្រយ័ត្នអត់ដឹងមានទូក-ងនៅហ្នឹង។ ខ្ញុំធ្វើសាលានៅហ្នឹងទៀត។ ហ្នឹងទាក់ទងនឹងប្រវត្តិ ដែលក្មួយៗមួយចំនួន(ប្រហែលជាមិនបានដឹង)។ មើលក្មួយ នៅខាងពត់សរមានមកទេ? អ្នកពត់សរហើយហ្នឹង? មានផ្ទៃពោះ … អាយុប៉ុន្មានហើយនាងឥឡូវ? ៣៨។ បើយើងគិតពីឆ្នាំ ១៩៩៤ មកដល់ពេលនេះប៉ុន្មានឆ្នាំ? ២៤ ឆ្នាំ។ ដក ៣៨ ចេញ (១៤ឆ្នាំ)។ អូ! កាលហ្នឹងនៅរត់តាមវាលស្រែហ្នឹង …។

តាកែវពេលនេះ មិនដូច តាកែវកាលពីមុន

ឥឡូវហ្នឹង ស្ថានភាពតាកែវវាមិនដូចមុនទេ។ ដូចមុនតែផ្លូវជាតិលេខ ២ ទេ ក្រៅពីហ្នឹងដូរអស់ហើយ។ ហ្នឹងវាដូរអញ្ចឹង។ អ្នកឯងមិនចាំបាច់ស្រែកដូរមិនដូរទេ វាដូរតែរហូតទៅហើយ តាំងពីឆ្នាំ ១៩៧៩ អត់អីស៊ី ឥឡូវហ្នឹង គឺថាកំភើៗតែម្ដង។​ ឆ្នាំ ១៩៧៩ មានអីស៊ី ហើយអ្នកខ្លះកើតក្រោយឆ្នាំ ១៩៧៩ ដែរ ឆ្នាំ ១៩៧៩ប្រជាជនជាង ៥ លាននាក់ ឥឡូវឡើង ១៦ លាននាក់។ ពេញតែម្ដង។ គិតតែប៉ុណ្ណេះទៅ មួយឆ្នាំ ៤០ ម៉ឺនៗ គិតតែ ៣ ឆ្នាំ ១ លានជាងៗ និយាយពីឡើង។ មិនឡើងអី? (បើ)ឥឡូវ កម្មករសម្រុកយកកូន។ ឆ្លងទន្លេបានសម្រាក ៣ ខែហើយ ប្រាក់ខែបាន ១២០% ទៀត បូកជាមួយប្រាក់ឧបត្ថម្ភ ១០០ ដុល្លាថែមទៀត។ បើអញ្ចឹងល្មមយកកូន ហើយ ទាន់គេអោយសម្រាក ហើយមានប្រាក់ខែ។

នៅកម្ពុជា ដូរមេដឹកនាំ/របប អ្វីៗ ត្រូវបំផ្លាញដល់ឫសគល់

ចំណុចនេះចង្អុលបង្ហាញអោយក្មួយៗកម្មករ/ការិនីរបស់យើង បានឃើញអំពីការខិតខំ នៃអ្នកជំនាន់មុន។ តើយើងបានខិតខំធ្វើអ្វីខ្លះ ដើម្បីអោយប្រទេសរបស់យើងបានឈានមកដល់ដំណាក់កាលនេះ? វាមិនមែនជារឿងងាយស្រួលទេក្មួយ។ ខ្ញុំគិតថា នៅលើពិភពលោកនេះ គ្មានប្រទេសណាដូចប្រទេសកម្ពុជាទាំងអស់។ នៅត្រង់ថា ប្រទេសលើពិភពលោក គេដូរមេដឹកនាំ ឬគេឈានទៅដូររបប ក៏ប៉ុន្តែគេមិនបានបំផ្លិចបំផ្លាញដល់ឫសគល់ដូចជានៅកម្ពុជាទេ។ សូម្បីតែក្រដាសប្រាក់ ប្រទេសខ្លះគេផ្ដួលរំលំរបបចាស់ ដោយកម្លាំងយោធា ឬដោយរដ្ឋប្រហារ ប៉ុន្តែ គេរក្សាទុកនូវរូបិយប័ណ្ណ គឺប្រាក់កាសរបស់គេនៅចាយ។ គេគ្រាន់តែបោះក្រដាសប្រាក់ថ្មី ទៅដូរជំនួស។ ដូចជាជំនាន់ លន់ នល់ ផ្ដួលរំលំសម្ដេច ព្រះនរោត្តម សីហនុ ដូរពីរាជានិយមទៅសាធារណរដ្ឋ ប៉ុន្តែ លន់ នល់ បន្តចាយប្រាក់ដែលបោះជំនាន់ សម្ដេច ព្រះនរោត្តម សីហនុ ក្នុងមួយរយៈរហូតមក ទើបក្រោយមកទើបមានបោះក្រដាសប្រាក់ដើម្បីដូរ។ នៅប្រទេសវៀតណាម ប្រទេសឡាវ ក៏ដូចគ្នាដែរ។ ដូរពីរបបដែលនៅភាគខាងត្បូងប្រទេសវៀតណាម និងនៅប្រទេសឡាវ ប៉ុន្តែ គេរក្សាលុយចាស់ហ្នឹង ហើយគេដូរក្រដាសប្រាក់រូបិយប័ណ្ណថ្មី ដែលគេបោះ។

កម្ពុជា បោះពុម្ពប្រាក់ប្រើឡើងវិញ នៅ ខែ មីនា ឆ្នាំ ១៩៨០

ប៉ុន្តែ នៅកម្ពុជាយើង មិនដូច្នេះទេ។ លុបចោលទាំងអស់។ ការចាប់ផ្ដើមរបស់យើង គឺវាលំបាកណាស់ គឺចាប់ផ្ដើមពីការដូរ នៃការដូរបស់នឹងរបស់។ អ្នកមានអង្ករទៅដូរជាមួយត្រី អ្នកមានត្រីទៅដូរជាមួយក្រមា … ហើយបន្ទាប់ទៅចាប់ផ្ដើមបណ្ដើរៗ រហូតទៅដល់យើងបោះក្រដាសប្រាក់ ខែ មីនា ឆ្នាំ ១៩៨០ ទើបយើងបោះក្រដាសប្រាក់អោយចាយ។ គឺជាប្រទេសដែលចម្លែកជាងគេនៅលោកនេះតែម្ដង។ អ្វីៗត្រូវចាប់ផ្ដើមកសាងថ្មីទាំងអស់ សូម្បីតែគ្រួសារនីមួយៗ ក៏ត្រូវចាប់ផ្ដើមថ្មីទាំងអស់ក្មួយ។ ជីដូនជីតា ឪពុកម្ដាយ របស់ក្មួយៗ លំបាកណាស់ ត្រូវចាប់ផ្ដើមថ្មីទាំងអស់។ ព្រោះអ្វី? ប៉ុល ពត បានរឹបអូសយកដីស្រែចំការ ផ្ទះសម្បែង និងយកគោ ក្របី យកចានឆ្នាំង ទៅ(ដាក់ជាទ្រព្យ)សហករណ៍អស់ហើយ។ ដល់ពេលរំដោះហើយ ចាប់ផ្ដើមចែកត្រឡប់មកវិញ។ កាលពីយកទៅ វាយកចានទាំងរាវ យកឆ្នាំង ៤-៥ យកវែក យកស្លាបព្រា ដល់ចែកត្រឡប់មកវិញ បានចានមួយ បានឆ្នាំងអត់ស្លាបព្រា បានឆ្នាំងអត់គម្រប គឺគ្រប់សព្វទាំងអស់ហើយ អញ្ចឹងមិនមែនគ្រាន់តែស្ថាប័នរដ្ឋទេ សូម្បីតែក្រុមគ្រួសារនីមួយៗ ក៏ត្រូវចាប់ផ្តើមថ្មីឡើងវិញទាំងអស់។

អរគុណ ដែលបានគាំទ្រគណបក្សប្រជាជន​ តាំងពីដើម មកដល់សព្វថ្ងៃ

ប៉ុន្តែ ការចាប់ផ្តើមដោយភាពម្ចាស់ការ ដោយពឹងអាស្រ័យលើខ្លួនឯង នោះហើយគឺជាសមិទ្ធផល ដែលដូនតាបានបន្សល់ទុកអោយយើងរហូតមកដល់សព្វថ្ងៃនេះ។ ពូពិតជាមានការអរគុណជាមួយនឹងជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗ ដែលបានគាំទ្រគណបក្សប្រជាជន គាំទ្រតួនាទីរបស់ពូតាំងពីដើមរហូតមកដល់ពេលនេះ។ បើសិនជាគ្មានពួកគាត់ទេ ពិតណាស់យើងមិនអាចទទួលបាននូវសមិទ្ធផល ដែលយើងបាន និងកំពុងមានសព្វថ្ងៃនេះទេ។ យើងធ្វើលំបាកណាស់ បើពូធ្វើនៅក្រសួងការបរទេស ចាប់ផ្តើមពីមនុស្ស ៣ នាក់ រៀបចំក្រសួងការបរទេសមួយ។ ខ្លួនឯងអត់ទាំងចេះក្រសួងការបរទេស ចេះរដ្ឋមន្រ្តីការបរទេសធ្វើនឹងគេដែរ។ ចម្លែកត្រង់ប៉ុណ្ណឹងតែម្តង។ ដល់ឥឡូវទៅជាអ្នកការទូតអីនឹងគេនឹងឯង។ វាមិនជាខ្លាំងអីប៉ុន្មានទេ ប៉ុន្តែ គ្រាន់តែថា ប្រធានាធិបតីក៏ដោយ នាយករដ្ឋមន្ត្រីក៏ដោយ ស្អីក៏ដោយ យើងចរចាជាមួយគេបាន។ វាអត់មានបញ្ហាអីទេ។ មិនមែនជាគ្រូ មិនមែនជាសាស្រ្តាចារ្យ ប៉ុន្តែគ្រាន់ជាអ្នកដែលមានពិសោធន៍ទៅលើបញ្ហាការចរចា ឬក៏រៀបចំកិច្ចព្រមព្រៀង ឬក៏ផ្តួចផ្តើមគំនិតពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សេងៗ ដែលទាក់ទងជាមួយនឹងផលប្រ​យោជន៍ជាតិ ផលប្រយោជន៍នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកផងដែរ។

ចងភ្ជាប់ជោគវាសនា​ និងជីវិត ជាមួយប្រជាជន ក្នុងក្របខណ្ឌឯករាជ្យ អធិបតេយ្យភាព និងការអភិវឌ្ឍជាតិ

ថ្ងៃនេះខ្ញុំពិតជាមានការអរគុណជាមួយនឹងម្ចាស់រោងចក្រទាំង ២០ ដែលបានអនុញ្ញាតអោយកម្មករ/កម្មការនីបានមកជួបសំណេះសំណាលជាមួយខ្ញុំនៅពេលនេះ ផ្តល់ឱកាសអោយក្មួយៗបានជួបជាមួយពូ ហើយនឹងផ្តល់ឱកាសអោយបានឈប់សម្រាកនៅល្ងាចនេះ មួយល្ងាចទៀត។ ទៅធ្វើការវិញក៏ធ្វើការពិបាកដែរ ដោយសារខ្លះក្រោកតាំងពីម៉ោង ១ ម៉ោង ២ ម៉ោង ៣ ឯណោះ។ ប៉ុន្តែ ព្រឹកនេះមានរឿងចម្លែកៗច្រើនណាស់។ ក្មួយម្នាក់សួរថា Free ឱបបាន ឬអត់? Free ឱប បានសេចក្តីថា សេរីភាពការឱប។ អញ្ចឹងទេ ពូអរគុណជាមួយនឹងកាយវិការរបស់ក្មួយៗ ដែលបានធ្វើចំពោះពូ។ មិនមែនគ្រាន់តែទំនាក់ទំនងរវាងមេដឹកនាំ ដែលបានហែល​ឆ្លងកាត់ជាមួយជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗប៉ុណ្ណោះទេ ក៏ប៉ុន្តែក្មួយបានបង្ហាញនូវឥរិយាបទចំពោះពូ ប្រៀបដូចជាឪពុក ប្រៀបដូចជាជីតា ប្រៀបដូចជាឪពុកធំ ឬជាឪពុកមាផងដែរ។ នេះជាការលើកទឹកចិត្តមួយ ដែលពូយល់ខ្លួនឯងច្បាស់ថា ពូបានចងភ្ជាប់ជោគវាសនា​ និងជីវិតរបស់ពូជាមួយនឹងជីវិតប្រជាជនកម្ពុជាតាំងពីដើមរៀងមក ហើយនឹងបន្តចងភ្ជាប់ជោគវាសនានេះក្នុងរយៈពេលមិនតិចជាង ១០ ឆ្នាំទៀតទេ។ ពូនឹងរួមជា​មួយ​ប្រជាជនកម្ពុជា ជាមួយកម្មករ/ការិនីរបស់យើង និយាយដោយឡែក និយាយរួមប្រជាជនទូទៅ បន្តដំណើរឆ្ពោះទៅមុខទៀត ក្នុងក្របខណ្ឌនៃឯករាជ្យ អធិបតេយ្យភាព និងការអភិវឌ្ឍជាតិរបស់ខ្លួន។

ខួប ៦៥ ទិវាឯករាជ្យជាតិ

សល់តែ ២ ថ្ងៃ ទៀតទេ ខួបលើកទី ៦៥ នៃថ្ងៃឯករាជ្យជាតិរបស់កម្ពុជាបានមកដល់ ដែលនឹងធ្វើពិធីធំបង្គួរនៅវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំង។ យើងពិតជាមានការដឹងគុណ​ អរព្រះគុណចំពោះសម្តេចព្រះបិតាជាតិរបស់យើង ដែលព្រះអង្គបានប្រឹងប្រែងតស៊ូ ដើម្បីនាំមកនូវឯករាជ្យជាតិសម្រាប់កម្ពុជារបស់យើង។ នៅថ្ងៃសុក្រខាងមុខនេះ ក៏ជាថ្ងៃដែលប្រជាជននៅកម្ពុជាទូទាំងប្រទេសនឹងទទួលការអបអរសាទរនូវ ខួបថ្ងៃឯករាជ្យជាតិរបស់កម្ពុជា ដែលដណ្តើមយកមកដោយលំបាកក្រោមព្រះរាជកិច្ចដឹកនាំរបស់ សម្តេចព្រះបិតាជាតិ ព្រះ​បាទ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ យើងបានប្រឹងប្រែង(យកឯករាជ្យមកវិញ) … ប៉ុន្តែឯករាជ្យរបស់យើងត្រូវបានជាន់ឈ្លី និងបំផ្លិចបំផ្លាញនៅឆ្នាំ ១៩៧០ បន្ទាប់ពីការកសាងមួយរយៈក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង។

យើងមានសន្តិភាពទាំងស្រុង ២០ ឆ្នាំហើយ

សង្គ្រាមបានឆាបឆេះនៅក្នុងប្រទេសរបស់យើង បន្តមករបបប្រល័យពូជសាសន៍ ប៉ុលពត បន្តមកទៀតនៅមានសង្គ្រាមហែកហួរនៅក្នុងប្រទេស។ ប៉ុន្តែ ឆ្នាំនេះ ក៏ជាខួបលើកទី ២០ នៃនយោបាយឈ្នះឈ្នះ របស់យើងផងដែរ។ យើងនឹងធ្វើបុណ្យមួយដ៏ធំនៅចុងឆ្នាំនេះ ដើម្បីប្រារព្ធជាពិធី(រំលឹក)នូវការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។ មិនមែនគ្រាន់តែជាការបញ្ចប់សង្គ្រាមទេ។​ ពេលខ្លះសង្គ្រាមត្រូវបានបញ្ចប់ ដូចឆ្នាំ ១៩៧៥ សង្គ្រាមបញ្ចប់ ប៉ុន្តែវាហូរចូលទៅ ចប់សង្គ្រាមជាមួយនឹងពួក លន់ នល់ ដែលមានការគាំទ្ររបស់អាមេរិក។ ប៉ុន្តែរបបនោះបានរអិលចូលទៅរបបប្រល័យពូជសាសន៍។ យើងបញ្ចប់ របប ប៉ុល ពត ប៉ុន្តែ សង្គ្រាមវាមិនទាន់ចប់ទេ វាបន្តសង្គ្រាម ដែលយើងត្រូវធ្វើការចរចា ដើម្បីនាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលផ្តល់ឱកាសបើកឱកាសអោយកម្ពុជា មានការជួយជ្រោមជ្រែងពីសំណាក់អន្តរជាតិ។ ប៉ុន្តែ នៅពេលដែលអង្គការសហប្រជាជាតិដកចេញ កម្ពុជាក៏នៅបន្តសង្គ្រាមតទៅទៀតចាប់ពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ១៩៩៨ បានសេចក្តីថា ៥ ឆ្នាំក្រោយទៀត នៅបន្តវាយគ្នា។ យើងបានរំលត់ភ្លើងសង្គ្រាមនេះ។ ឥឡូវមានរយៈពេល ២០ ឆ្នាំ ហើយ ដែលយើងបានសន្តិភាព។

សន្តិភាព ជាឱកាសមាស ឱកាសពេជ្រ ដើម្បីកសាងប្រទេស

តាមរយៈសន្តិភាពនោះហើយ ដែលនាំមកអោយកម្ពុជាទទួលបានផលនៃការអភិវឌ្ឍ ដែលពូបានប្រើពាក្យថា វាជាឱកាសមាស ឱកាសពេជ្រ របស់កម្ពុជា ដើម្បីកសាងប្រទេស ព្រោះកម្ពុជាមិនធ្លាប់មានការឯកភាពទឹកដីទេ។ ប្រទេសមួយតែងមានតំបន់ត្រួតត្រាច្រើនជានិច្ច មានកងកម្លាំងប្រដាប់អាវុធឈរជើងនៅកន្លែងខុសគ្នា។ ប៉ុន្តែ ចាប់តាំងពីចុងឆ្នាំ ១៩៩៨ មក កម្ពុជាមានតំបន់ត្រួតត្រាតែមួយ ប្រទេសមួយ តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ។ ឯមុននេះ រហូតដល់មានរដ្ឋាភិបាលពីរ មានកងកម្លាំងប្រដាប់អាវុធរហូតដល់ពីរ ដល់បីដល់បួនក្នុងប្រទេសរបស់យើង។ អញ្ចឹងលំបាកណាស់ ដើម្បីនឹងរកបាននូវសន្តិភាពសម្រាប់ការអភិវឌ្ឍរបស់យើង ដែលយើងត្រូវការពារដោយតម្លៃណាក៏ដោយ ត្រូវការពារនូវសន្តិភាពនេះអោយបាន។

ថ្ងៃ ២៩ ធ្នូ ២០១៨ គ្មានការលើកលែងទោសអ្នកណាឡើយ

ខ្ញុំក៏សូមយកបញ្ជាក់បន្តិច … លោកម្នាក់នោះ ដែលរត់ចោលគុក គាត់បង្ហោះហ្វេសប៊ុក ប្រហែលជាពីយប់មិញ បើតាមមើលទៅ។ ពេលដែលគេបាញ់អោយខ្ញុំនេះ គឺម៉ោង ១១:៣៨ នាទីយប់។ គេថាថ្ងៃ ២៩ ខែ ធ្នូ នេះ នឹងមានការដោះលែងអ្នកទោស។ អានេះពិតជាចេះបោក។ គេហៅថា បោកចិញ្ចឹមឆ្នាំង។ ចាំមើលទៅ អ្នកជឿចាំមើលទៅ។ ហ្នឹងហៅគាត់ថាម៉េច? ហៅគាត់បង ក៏វាពិបាក។ ហៅអា ក៏មិនត្រូវ។ ហៅអន្ទិត ក៏វាមិនកើត។ ហៅ សម រង្ស៊ី តែម្តងទៅ។​ គាត់បង្ហោះក្នុងហ្វេសប៊ុក ថា ថ្ងៃ ២៩ នេះ លោក ហ៊ុន សែន នឹងដោះលែង កឹម សុខា ដែលគាត់ថា ធ្វើខួបលើកទី ២០ នៃនយោបាយឈ្នះឈ្នះ ហើយនិងក្រោមសម្ពាធអន្តរជាតិ។ ចាំមើលទៅ។ អ្នកគាំទ្រអ្នកឯងចាំមើលទៅ។ ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងទេ។ ចាំមើលទៅ អាមេខ្លួនឯងបោកកូនខ្លួនឯងប៉ុណ្ណា​ ដើម្បីអោយវាដឹង។ អត់ទាន់កាត់ទោស អត់ទាន់មានទោសសម្រាប់លើកអោយលោកឯងទេ។ អាហ្នឹងនិយាយអោយច្បាស់។ គ្រាន់តែច្បាប់ប៉ុណ្ណឹងលោកឯងមិនយល់ផង។ មានទោសឯណាសម្រាប់លើក បើវាអត់មានទាន់​​កាត់ទោសផងហ្នឹង។ អញ្ចឹងទេ ហ៊ុន សែន គ្មានសិទ្ធិនឹងចុះហត្ថលេខាថ្វាយព្រះមហាក្សត្រ លើកលែងទោសអោយអ្នកណាទាំងអស់ នៅពេលអ្នកណាក៏ដោយ នៅស្ថិតនៅក្នុងក្របខណ្ឌនៃពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ។ ឥឡូវ អ្នក​ឯងចាំមើលទៅ ជាពិសេស បងប្អូនអ្នកគាំទ្រអាម្សៀរហ្នឹងចាំមើលទៅ។ ខ្ញុំផ្ញើសារដ៏ខ្លីមួយថា “ចាំសេះដុះស្នែង” បានវាកើត។ អានេះជួនកាលវានឹកឃើញស្អីមួយ វាស្រ្តេសវា។ មួយថ្ងៃ​ៗ វាដេកគិតតែពីអាក្បួនខូចហ្នឹង។ ជួនកាលបង្ហោះលេងបន្តិចមក ប្រហែលជាបង្ហោះយក like … គេថា ហ៊ុន សែន ទទួលសម្ពាធអន្តរជាតិបានដោះលែង។ ឥឡូវ អញមិនដោះ ហ្អែងធ្វើអីអញ? និយាយអញ្ចឹងតែម្តង។ នេះកម្ពុជាឯករាជ្យ។

ភូតនោះភូតបណ្តាក់ខ្យង

ភូតគ្រប់កន្លែង។ ខ្ញុំទៅដល់គ្រប់កន្លែងហ្នឹង។ ភូតនៅអាមេរិក គេថា អាមេរិកមិនអោយជាន់ដី។ គេថា អង្គការសហប្រជាជាតិត្រូវដកហូតអាសនៈហើយ។ ក្រោយមកគេថា អង្គការសហប្រជាជាតិគេមិនដកអាសនៈ តែគេមិនអោយ ហ៊ុន សែន ចូល។ ដល់ ហ៊ុន សែន ទៅ គេប្រកាសថា ធ្វើបាតុកម្ម​។ ស្រាប់តែមួយថ្ងៃក្រោយថា ឈប់​ហើយ។ អាហ្នឹងភូតនៅឯហ្នឹង។ ក្រោយមកភូតនៅអឺរ៉ុប។ អញទៅដល់អឺរ៉ុបទៀត។ រួចហើយគេថា តុលា​ការឧក្រិដ្ឋកម្មអន្តរជាតិ នឹងចាប់ ហ៊ុន សែន។ អញទៅក្បែរទីស្នាក់ការហ្នឹង អត់ចាប់ផង។ អញ្ចឹងភូតអញ្ចឹងៗ វា​ភូតថ្លុកភូតត្រពាំង។ ឱ! អ្នកភូតអើយ! គួរតែភូតម៉េច អោយវាសមបន្តិចមើល។ តែខ្ញុំដូចជាខ្ជិលវាចា ប៉ុន្តែ បើខ្ជិលវាចា មនុស្សវាចាញ់បោក វានៅតែចាញ់បោក។ គេហៅ (ភូត)បណ្តាក់ខ្យង។ ឯងទៅក្រៅប្រទេស អាអ្នកនៅក្នុងប្រទេសថា ឲ្យតែលោក ហ៊ុន សែន ត្រឡប់ចូលប្រទេសវិញ នឹងប្រកាស​ឲ្យគណ​បក្សគេ​រស់ឡើងវិញ។ វាចេះអញ្ចឹងទៅរួច វាចេះបណ្ដាក់ខ្យង វាចេះអញ្ចឹងទៅរួច ប៉ុន្ដែអត់ផ្លូវទេ។

តើកម្មករ/ការិនី បាត់បង់ការងារ និង/ឬ ប្រាក់ចំណូល ឬនៅ?

… អ្នកដែលបំផ្លាញយើង​ បំផ្លាញតាំងពីដើមមកដល់ថ្ងៃនេះ សូម្បីការជួយបន្ដិចក៏គ្មានដែរ។ គេ​បានរួម​ជាមួយ ប៉ុល ពត វាយយើង …​ គ្មានអ្វីចម្លែកទេ ដែលគេដើរទៅសុំឲ្យផ្ដាច់ជំនួយ​ កុំឲ្យគេជួយ កុំគេមកវិនិ​យោគ កុំអោយគេទិញទំនិញពីកម្ពុជា គឺគ្មានអីចម្លែកទាល់តែសោះ​។ ប៉ុន្ដែ រឿងដែលអ្នកឯងនិយាយ គឺអ្នកឯងនិយា​យ​។ សូមឲ្យក្មួយៗកម្មករ/ការិនីរបស់យើង គិតថា តើ​ពេលនេះ ការងារបាត់ហើយឬនៅ? ប្រាក់ចំណូលបាត់​ហើយ ​ឬនៅ? ឥឡូវនេះ​ កំពុងតែអនុវត្ដប្រាក់ខែ ១៧០ ដុល្លារ ឆ្នាំទៅ ​១៥៣ ដុល្លារ​ ឆ្នាំ​ក្រោយ ១៨២ ​ដុល្លារ។ អញ្ចឹង​ទេ គេបំភិតបំភ័យរហូតទៅដល់​ ថ្ងៃមុននេះ ឯកឧត្តម គង់ គាំ គាត់ក៏​ប្រកាសថា អាហ្នឹង​ជា​ការបំភិតបំភ័យកម្មករ​។ ការរកស៊ីពាណិជ្ជកម្មនេះ វាមិនងាយចេះតែធ្វើៗទៅទេ​។ ប៉ុន្ដែ គេ​ភូតភរកុហកគ្រប់ពេលវេលាទាំងអស់។ ឥឡូវ​ ជាង ១ ឆ្នាំហើយ គេថា លោក ហ៊ុន សែន នឹង​អញ្ចេះនឹងអញ្ចុះ​ ប៉ុន្ដែ ហ៊ុន សែន​​នៅតែឈរនៅទីនេះ។ ថ្ងៃមុនវាហួសចិត្តដែរ​ ខ្ញុំអត់នឹកស្មានថា គេហ៊ានធ្វើ​ដល់ប៉ុណ្ណឹង តែមិនមែនអា​មនុស្ស​ហ្នឹង​ទេ។ ខ្ញុំបើកមើលយូធូបមួយ គេដាក់ថាលោក ហ៊ុន សែន កំពុងឈឺធ្ងន់។​​ អាហ្នឹងអាស៊ីសេរីផ្សាយ។ ដល់តែ​ផ្សាយ​ចប់ វាមានអាម្នាក់ធ្វើអត្ថាធិប្បាយ​ពីក្រោយ វាថាតាមទទួល​ដំណឹងមក​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់​ណាស់ ម្ដងនេះមិនអាចរស់បានទេ​ ព្រោះមហារីកខួរក្បាល។ យ៉ាងយូរ​បំផុត បាន ៦ ខែ។​ ​គេនិយាយតាំងពីពាក់កណ្ដាលឆ្នាំទៅ ឥឡូវជិតដាច់ឆ្នាំ​នេះទៀតហើយ ហ៊ុន សែន នៅម៉ឺង។ គ្រាន់តែឥឡូវ​ព្រួយ​បន្ដិច ព្រួយអារឿងឡើងគីឡូ​។

ពីមុនស្គមពេក ឥឡូវធាត់ពេក, ពីមុនខោអាវតែមួយកំផ្លេ

ឥឡូវនេះ ចង់ខ្លាចហើយ។ បើមិនស៊ី វាអត់កម្លាំង។ បើស៊ី គីឡូវាត្រូវឡើង។ ពេទ្យគេថា កម្ពស់ ​១៧០ (សង់​ទីម៉ែត្រ) គីឡូអោយត្រឹម ៦៨ គីឡូក្រាម។ ឲ្យ ៦៨ យ៉ាងម៉េច? ចេញទៅញូវយ៉ក ត្រឡប់មកវិញ ឡើង ៧៨,៥ គីឡូ​ក្រាម។ ដល់ចេញទៅ​ជប៉ុន និង​ឥណ្ឌូនេស៊ី ត្រឡប់មកវិញ ៧៨ គីឡូជាងបន្ដិ​ច។ ចេញទៅអឺរ៉ុប មកវិញនៅ ៧៧ គីឡូជាង។ ប៉ុន្ដែមកដល់ផ្ទះ​ ម្សិលមិញប្រឹងអស់ហើយ ហែលទឹក ៣៧ នាទី​ ហែលបាន ១ គីឡូ កន្លះ រួចហើយ​ទៅ​ត្រាំទឹកក្ដៅ ៣០ នាទី ទៀត ​ទម្លាក់បាន ២ គីឡូ។ ព្រឹកមិញថ្លឹងឡើងលើសដើម។ ទម្លាក់ពី ៧៦ គីឡូ មកនៅ ៧៤ គីឡូ ប៉ុន្ដែ ព្រឹកមិញ​ថ្លឹងមើល ៧៦ គីឡូវិញ។ ប៉ុន្ដែ វាដល់អាយុប៉ុណ្ណឹងហើយ ទម្លាក់ទៅ​ណា​ទៀតក៏វាមិនរួចដែរ​។ កាលពីមុននោះ ៨៦ គីឡូ ទម្លាក់មកនៅត្រឹមហ្នឹង។ ប៉ុន្ដែវានៅត្រង់ថា យើងវាមាន​ឱកាស​ហាត់ប្រាណ ចុះបើមិនមាន តើវាឡើងដល់ប៉ុណ្ណាទៀត? សម័យមុន វាស្គមពេក ដល់ឥឡូវ វាទៅជាធាត់​ពេក។​ មិញហ្នឹង​ ក្មួយៗអោបពូហ្នឹង ត្រូវចំពោះ ឬចំស្អីមិញ? បើសិនជាអ្នកណា​អោបទៅឲ្យវាស្រកក្បាលពោះបន្ដិច​(ល្អ)។ ប៉ុន្ដែ ល្អត្រង់ខោនេះ​ កាលពីវាស់កាត់ខោហ្នឹងតែ ៧២ គីឡូទេ ដល់តែឡើង ៧៨ គីឡូកន្លះ​ ក៏វានៅតែស្លៀកបាន។ អញ្ចឹងអត់អីទេ អោយ​វាឡើងទៅ។​ បើសិនជាទៅប្រជុំតឹងពោះពេក ប្រឡេះឡេវខោ ទុកតែខ្សែក្រវាត់ អត់មានអ្នកណាមើលឃើញទេ។​

ប្រុសៗ​ស្រួលអស់ទាស់ហើយក្មួយ អញ្ចឹងបានជាបុរសៗត្រូវយោគយល់។ បើមានប្រពន្ធ យើងត្រូវយោគយល់​ប្រពន្ធ ហើយបើមានសហការីជានារី​ធ្វើការជាមួយ យើងត្រូវយោគយល់គ្នា។ គាត់មុនទៅណា បើបង មាស សាអែមដានី នេះ​ ពីដើមដើរជាមួយខ្ញុំមុនគេបង្អស់ ទៅ Colombo ចូលរួមចលនាមិនចូលបក្សសម្ព័ន្ធ ហើយយើងទៅ La Havane ចេញពីហ្នឹង ​ទៅ Addis Ababa, Ethiopia ហើយបន្ដដំណើរតទៅទៀត និយាយពីថា​ យើងជារដ្ឋមន្ដ្រីការបរទេស ត្រូវ​ចេញមកមុន ប៉ុន្ដែយើងត្រូវតែយល់គាត់ ព្រោះថាគាត់ត្រូវ​លាប​ក្រែម នៅគូសចិញ្ចើមគូសអី។ កាលហ្នឹង គាត់នៅក្រមុំ។ ប្រពន្ធយើងក៏យើងត្រូវយល់ដែរ។ ប៉ុន្ដែជាធម្មតាភរិយា​របស់ខ្ញុំ មិនដែលអោយខ្ញុំចាំ​ទេ ព្រោះគាត់តែងតែភ្ញាក់​មុន។ គាត់ទៅតែងខ្លួនគាត់ទៅ។ ប៉ុន្ដែបើមានការយឺត​យ៉ាវតិចតួច ក៏សូមយោគយល់ឲ្យគាត់។ ប្រុសៗយើងស្រួលទេ។ ខ្ញុំទៅ Colombo​ ពេលហ្នឹង អាវខ្ញុំមួយកំប្លេ ទើបនឹងរកឃើញរូបថត។ យើងចុះចាក់សាំងនៅ​ Karachi​ កាលហ្នឹង មានខោអាវតែមួយកំប្លេគត់។ ដូរគ្នាលើយន្ដហោះ​ទៀត។ ខ្ញុំអាវដៃខ្លី បង តាំង សារ៉ឹម អាវដៃវែង។​ ដូរគ្នានៅហូ​ជីមិញ។ ដូរគ្នាលើយន្ដហោះ​។ ព្រោះ​អាវវាដូចៗគ្នា គ្រាន់តែមួយដៃខ្លី មួយដៃវែង … ឥឡូវ ទោះបីមានច្រើនកំប្លេ ខ្ញុំទៅណាដូរតែអាវ​ក្នុង ឬដូរតែក្រវាត់ក …។

អភិវឌ្ឍសេដ្ឋកិច្ច ដំបូងចាប់ផ្តើមជម្រុញកសិកម្ម

យើងបានដើរមកដល់ដំណាក់កាលនេះ​ ជាដំណាក់កាលមួយលំបាក។ សូម្បីតែក្នុងវិស័យឧស្សាហកម្ម ដែលយើងគ្រាន់តែរំលឹក ដើម្បីឲ្យក្មួយអាចបានដឹងនូវបញ្ហា។​ យើងចាប់ផ្ដើមអភិវឌ្ឍសេដ្ឋកិច្ច ​ដោយ​ជម្រុញខ្លាំងលើវិស័យកសិកម្ម។ ពេលនោះ យើងត្រូវធ្វើនៅក្នុងក្របខណ្ឌនៃ​សេដ្ឋកិច្ចផែន​ការទៅទៀត ដែលមិនមែនជាសេដ្ឋកិច្ចទីផ្សារទេ ព្រោះគ្មានអ្នកមកវិនិយោគនៅស្រុករបស់យើងទេ។ ប៉ុន្ដែ​ អ្នក​តាកែវនេះ​ ជាអ្នកដែលមានសំណាងជាងគេ ដោយសារអភិបាលខេត្ដ ប៉ុល សារឿន នេះ គាត់អត់ព្រមធ្វើក្រុមសាមគ្គី ឬក៏ស្អីៗនេះ។​ គាត់មិនធ្វើទេ។ គាត់ចែកដីឲ្យប្រជាជនធ្វើទាំងអស់​។ អញ្ចឹងបានជា(ពេលនោះ)អ្នក​តាកែវជាអ្នកផ្គត់ផ្គង់ស្រូវទៅជួយខេត្ដដទៃទៀត​។ ជង្រុកស្រូវច្រើនណាស់។ សារឿន លាក់ស្រូវមិនតិចទេ​។ ពេល​ខ្ញុំ​ក្លាយជានាយករដ្ឋមន្ដ្រី ខ្ញុំមកតាកែវ ដើរមើលតែឃ្លាំងស្រូវ​។ សារឿន ថា ខ្ញុំអត់ត្រូវការមេដាយមេជើងអីទេ ខ្ញុំត្រូវ​ការ​តែកុំឲ្យប្រជាជនអត់បាយតែប៉ុណ្ណឹង។ ធ្វើត្រូវនៅកន្លែងហ្នឹង​។

ការចាប់ផ្ដើមលើវិស័យឧស្សាហកម្ម

បន្ដមក យើងខិតខំឈានបណ្ដើរៗមក អ្នកមាន​ស្រុក​ខ្មែរបច្ចុប្បន្ននេះ​ សុទ្ធតែចាប់ផ្ដើមពីភាពក្រីក្រដូចគ្នាហ្នឹង ប៉ុន្ដែការសន្សំទុនបន្ដិចម្ដងៗ យកលុយ​បង្កើត​លុយៗ​។ ឥឡូវ ថ្ងៃនេះ មានក្រុមហ៊ុន​ ជីបម៉ុង​ មក ដែលមានរោងចក្រ ទាំងស៊ីម៉ង់ត៍ ស្រាបៀរ និង​មាន​អគារស្អីៗ។ អាហ្នឹង​គេយកលុយបង្កើតលុយ ហើយបង្កើតការងារឲ្យធ្វើមិនតិចទេ។ អ្នកមានស្រុកយើង​។ ប៉ុន្ដែ អ្នកមានស្រុកយើង កំពុងរងហានិភ័យនៃសង្គ្រាមវណ្ណៈ ដែលក្រុមអន្ដ​រាយបង្កើតមហន្ដរាយ កំពុង​បង្ក​ឡើង​ អំពីសង្គ្រាមតស៊ូវណ្ណៈ សាជាថ្មីម្ដងទៀត មិនខុសអីពីរបប ប៉ុល ពត ទេ។ ប៉ុន្ដែ យើងមើលការចាប់ផ្ដើម​របស់យើងលើ​វិស័យឧស្សាហកម្ម គ្រាន់តែវិស័យកាត់ដេរ មិនទាន់និយាយដល់វិស័យដទៃទៀត​ ដែលជា​ឧស្សា​កម្មធុនធ្ងន់ ឬក៏ឧស្សាហកម្មធុនស្រាល​ ដែលហៅថាសិប្បកម្ម​។ ឧស្សាហកម្មធុនធ្ងន់អាចនិយាយបាន​ថា ​បណ្ដារោងចក្រស៊ីម៉ង់ត៍ ដែលមុននេះត្រូវនាំចូលទាំងស្រុង ឥឡូវយើងអាចផ្គត់ផ្គង់​ក្នុងស្រុករបស់យើង​ប្រមាណជា​ ៧ លាន​តោន ខ្លួនឯង  ដែលកាត់បន្ថយការនាំចេញរូបិយបណ្ណទៅក្រៅប្រ​ទេស។ រោងចក្រ​អគ្គិសនី និងវារីអគ្គិសនីជាច្រើន ដែលចាត់ទុកជាប្រភេទឧស្សាហកម្មធុនធ្ងន់​ និងមានរោងចក្រដទៃទៀត។

រោងចក្រ កម្មករ និងបៀវត្ស កើនជាលំដាប់ដូចកាំជណ្តើរ

ឥឡូវ ក្រឡេកមើលទាក់ទងនឹង​រោងចក្រកាត់ដេរ និងដេរស្បែកជើង ដែលចាប់ផ្ដើមឆ្នាំ ១៩៩៧ ដែលពេលនោះ យើងមានរោងចក្រត្រឹម​ ៦៤ រោងចក្រ​ កម្មករត្រឹម ៨២.០០០ នាក់ ហើយបៀវត្សត្រឹមតែ​ ៤០ ដុល្លារ អាមេរិក ទេ។ អ្នកធ្វើការមុនហ្នឹង ​ប្រាក់ខែទាបជាងហ្នឹង។ មកដល់ឆ្នាំ ២០០៣ យើង​ចាប់ផ្តើមមាន ១៩៩ រោងចក្រ កម្មករ ២៣ ម៉ឺន ៤ ពាន់ នាក់ ប្រាក់បៀវត្សពេលនោះបានត្រឹមតែ ៥០ ដុល្លារ ទេ​។ ឆ្នាំ ២០០៨ រោងចក្របានកើនឡើង ៤៣២ រោងចក្រ​ ជាមួយកម្មករ ជាង ២៨ ម៉ឺន នាក់ ប្រាក់បៀវត្សអប្ប​បរមាកម្មករ បានតែ ៦១ ដុល្លារ អាមេរិកទេ។ ឆ្នាំ ២០១៣ រោងចក្ររបស់យើង​កើន ៧៣៣ រោងចក្រ កម្មករជាង ៥១ ម៉ឺននាក់ បា្រក់​បៀវត្សកម្មករឡើងមកដល់ ៨០ ដុល្លារ។ ដល់ឆ្នាំ ២០១៧ រោងចក្ររបស់យើងឡើងដល់ ១.១០០ រោងចក្រ កម្មករជាង ៧៤ ម៉ឺន នាក់ ប្រាក់​បៀវត្ស ១៥៣ ដុល្លារ។ មកដល់ពេលនេះ យើងមានរោងចក្រ ១.១៥៣ កម្មករជាង ៨៤ ម៉ឺន នាក់ ជាមួយប្រាក់បៀវត្ស ១៧០ ដុល្លារ។ នេះគឺជាការកើនឡើង​​របៀបកាំជណ្តើរ មិនមែនជាការហោះឡើងតាមបែបឧត្ថម្ភាគចក្រនោះទេ។

ផលនៃគោលនយោបាយទាក់ទាញវិនិយោគ និងពង្រាយរោងចក្រមកតាមខេត្ត

អញ្ចឹងបានមកពីអី? បានមកពីការខិតខំរបស់យើង។ ដំបូងខិតខំរកនូវសន្តិភាព ដើម្បីផ្តល់ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍ។ អម្បាញ់មិញ ខ្ញុំអត់ទាន់បានដើរទៅជួបជាមួយនឹងក្មួយកម្មករហ្នឹងទេ ត្រូវត្រៀមរៀបចំប្រាក់សម្រាប់កម្មករ ដែលពិការ។ យើងបានធ្វើដំណើរមួយជំហានម្តងៗ។ យើងប្រៀបធៀប ៤០ ដុល្លារ នៅពេលចាប់ផ្តើម ហើយនៅពេលខាងមុខនឹងកើនទៅដល់ ១៨២ ដុល្លារ។ ដូច្នេះ វាកើនប៉ុន្មានដង? កើន ៤ ដងកន្លះ។ ដូច្នេះ ធ្វើឲ្យចំណូលក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ដែលជាកម្មករជាង ៨៤ ម៉ឺននាក់នេះ បានទទួលផលពីការវិនិយោគ។ នេះហើយគឺជាគោលនយោបាយទាក់ទាញវិនិយោគ និងពង្រាយរោងចក្រមកតាមខេត្ត។ ថ្ងៃនេះ ខេត្តតាកែវចប់ត្រឹមហ្នឹង ឬក៏នៅបន្តសល់ទៀត? នៅសល់មួយវគ្គទៀត។ នៅត្រាំកក់ ១៧០០ នាក់។ អញ្ចឹងគ្រាន់តែតាកែវមួយ ថ្ងៃនេះ មានទៅដល់ ២៣.០០០ ហើយកាលដែលយើងជួបនៅដូនកែវប៉ុន្មាន? ១៧.០០០ ឥឡូវនៅសល់ ១៧.០០០ ទៀត។ ហ្នឹងគ្រាន់តែតាកែវមួយ។ វាឡើងដល់ប៉ុន្មានម៉ឺនហើយ? ជិត ៦ ម៉ឺនកម្មករ។ បើជិត ៦ ម៉ឺនកម្មករ គឺដែលធ្វើការផ្ទាល់ អ្នកដែលទទួលផលប្រយោល ​នៃការលក់ដូរស្អីៗសព្វបែបយ៉ាងនេះ វាត្រូវទទួលតាមហ្នឹង(ដែរ)។ ក្រុមគ្រួសារប្រមាណ ៦ ម៉ឺនគ្រួសារ នឹងត្រូវបានទទួលផល ដែលនោះហើយជាការគួបផ្សំរវាងវិស័យ ដែលក្មួយៗធ្វើការរោងចក្រ ជាមួយនឹងការទទួលផលរបស់ខាងកសិកម្ម ពីសំណាក់ក្រុមគ្រួសារ។

បើគ្មានរោងចក្រមកតាមខេត្ត ចម្លើយមានតែ ២ ទេ

ពូនៅតែបន្តនិយាយ ពេលដែលពូចុះមកតាមខេត្តថា ប្រសិនបើគ្មានរោងចក្រមកនៅក្នុងខេត្តតាកែវ ដែលផ្តល់​ការងារឲ្យកម្មករ យើងថា ប្រមាណ ៦ ម៉ឺននាក់ទៅចុះ … វាអាចជុំវិញ ៦ ម៉ឺននាក់ វាអាចក្រោម ៦ ម៉ឺន ឬលើ ៦ ម៉ឺន? … ហ្នឹងគិតតែកម្មករ ក្នុងនេះ មិនទាន់គិតក្នុងវិស័យសិប្បកម្ម និងវិស័យសេវាផងទេ។ អញ្ចឹងទេ ការទទួល​ផលនេះ វាធំធេងសម្រាប់ការអភិវឌ្ឍ។ ហើយការអភិវឌ្ឍដំបូង ត្រូវចាប់ផ្តើមឡើង ពីក្រុមគ្រួសារ ពីមនុស្សម្នាក់ៗ ពីក្រុមគ្រួសារនីមួយៗ និងពីសហគមន៍។ បើគ្មានការវិនិយោគមកទីនេះទេ តើពេលនេះក្មួយៗកំពុងធ្វើអ្វី? នេះជាចំណោទ ដែលត្រូវសួរ ទាក់ទិនជាមួយនឹងគោលនយោបាយសេដ្ឋ​កិច្ចរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន។ សួរថា ក្មួយៗកំពុងធ្វើអ្វីនៅពេលនេះ? ចម្លើយចេញមកតែ ២ ទេ។ ទី ១ ក្មួយៗអាចទៅរកការងារធ្វើនៅទីក្រុងភ្នំពេញ ឬធ្វើកន្លែងផ្សេង មិនមែនកន្លែងនេះទេ នេះជាចម្លើយទី ១។ ចម្លើយទី ២ ក្មួយៗកំពុងបន្តការដាំដុះ ដកស្ទូង ច្រូតកាត់ ជាមួយនឹងឪពុកម្តាយ ក្រុមគ្រួសារ ក្នុងឋានៈជាកសិករ ឬក្នុងផ្នែកវិស័យសេវាដទៃទៀត តាមលទ្ធភាពនៃក្រុមគ្រួសារទាំងនោះ។

សុខចិត្តខាតបញ្ចុះថ្លៃអគ្គិសនី ដើម្បីបានបៀវត្សកម្មករ ១៨២ ដុល្លារ

ដូច្នេះហើយបានជាគោលនយោបាយពង្រាយរោងចក្រទៅតាមបណ្តាខេត្ត តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល ស្វែងរកសន្តិភាព ការខិតខំកសាងហេដ្ឋរចនាសម្ព័ន្ធចាំបាច់ជាផ្លូវថ្នល់ ជាផ្លូវដែក ជាផ្លូវទឹក ជាផ្លូវគោក ជាកំពង់ផែ ជាអគ្គិសនី (ដែល)ឆ្នាំនេះ យកអគ្គិសនីទៅតថ្លៃជាមួយនឹងម្ចាស់រោងចក្រ ដើម្បីបានបង្កើនបៀវត្សឲ្យក្មួយៗបាន ៥ ដុល្លារបន្ថែម។ ម្ចាស់រោងចក្រហ៊ានអស់ត្រឹមតែ ១៧៧ ទេ។ ប៉ុន្តែ រាជរដ្ឋាភិបាលត្រូវការឲ្យបាន ១៨២ ដុល្លារ។ អញ្ចឹងទេ ម្ចាស់រោងចក្រថា បើហ៊ានចុះភ្លើងមកត្រឹមប៉ុណ្ណឹង ខ្ញុំហ៊ានឡើងដល់ប៉ុណ្ណឹង។ ខ្ញុំថា អូខេ។ អញ្ចឹង យើងត្រូវបាត់បង់ចំណូលទាក់ទងនឹងខាងវិស័យអគ្គិសនីបន្ថែមទៀត។

ប្រ​ជាជនកម្ពុជាជាង ៨៣ ភាគរយនៃភូមិទាំងអស់ ប្រើអគ្គិសនីដោយតម្លៃទាប

ប៉ុន្តែ យើងបានផ្តល់មកឲ្យប្រ​ជាជនកម្ពុជាទូទាំងប្រទេសដែលប្រើអគ្គិសនីជាង ៨៣ ភាគរយនៃភូមិទាំងអស់ ដោយតម្លៃថោកជាង ជា​មួយនឹងការជំរុញឲ្យមានការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាដែលប្រើប្រាស់អគ្គិសនី។ ពីមុននេះ ដំណាក់កាលដុតចន្លុះ ដំណាក់កាលដុតប្រេងកាត ដំណាក់កាលដុតជ័រ វាបានឆ្លងផុតហើយ យើងចូលដល់ដំណាក់កាលប្រើប្រាស់អគ្គិសនី។ ឥឡូវនេះ ប្រើនោះប្រើ។ អគ្គិសនីកុំថាគ្រប់(ឲ្យ​សោះ) គ្រប់(តែនៅក្នុង)ដំណាក់កាលណាមួយ ប៉ុន្តែរួចទៅ វាមិនគ្រប់ទៀតទេ។ ត្រូវតែមានផែនការសាងសង់(បន្ថែម)។

តាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក

… ឯណាលោក យ៉ាត?  លោក យ៉ាត ប្រហែលជាគ្មានអ៊ីនធើណេតទេ … ប៉ុន្មានថ្ងៃហ្នឹង គឺដូចជាមានក្រុមវាយលុកបំផ្លាញចូលប្រព័ន្ធអ៊ីនធើណេត។ ប៉ុន្តែ អត់ទេ ខ្ញុំមានរបស់ខ្ញុំមួយដាច់ដោយឡែក។ អារបស់ខ្ញុំអ្នកឯងចង់ដាច់ប្រព័ន្ធសេវាអីទាំងអស់ ខ្ញុំនៅអ៊ីនធើណេតរបស់ខ្ញុំប្រើ។ អ៊ីនធើណេតរបស់ខ្ញុំ គឺអាចប្រើទូទាំងពិភពលោក ដោយមិនចាំបាច់មានសេវាទូរស័ព្ទ។ នេះខ្ញុំដាក់មក។ ព្រោះអ្នកឯងវាប្រហារអាហ្នឹង ខ្ញុំវាយប្រហារអានេះ។ ខ្ញុំដាក់មក ២ គ្រឿងឯណោះ ក្រែងមួយអស់ មួយបន្ត។ អ៊ីនធើណេតរបស់ខ្ញុំ ប្រើទៅប្រទេសណាក៏បាន ហើយយើងចូលព្រៃដាច់ប្រព័ន្ធសេវាទូរស័ព្ទហើយ(ក៏នៅតែប្រើបាន) ព្រោះអានេះវាអត់ពាក់ព័ន្ធ ជាមួយនឹងប្រ​ព័ន្ធសេវាទូរស័ព្ទណាមួយទេ អានេះទាក់ទងជាមួយនឹងផ្កាយរណបនៅលើអាកាស។ ខ្ញុំដាក់មកជាមួយ។ កំ​ពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅឯអាមេរិក។ តាមដានមើល ដល់ណាហើយ? … ខ្ញុំសង្ស័យតែសាធារណរដ្ឋយកទៀតទេ។ ព្រោះអញ្ចេះ ស្ទង់មតិកាលពីមុនហ្នឹងថា Hilary ឈ្នះ Trump ចាញ់ នៅស្រុកខ្មែរ ៩៩ ភាគរយ ថា Hilary ឈ្នះ​ Trump ចាញ់ ហើយមួយភាគរយមានខ្ញុំដែរ។ បានខ្ញុំនិយាយប្រាប់ Trump រហូតដល់គេហ៊ានចោទខ្ញុំថាសត្វដែលមានរោមដូចគ្នា វានៅក្នុងសំបុកជាមួយគ្នាបាន។ Trump ផ្តាច់ការដោយសារលុយ ហ៊ុន សែន ផ្តាច់ការដោយសារអាវុធ និងលុយ។ វាទៅអញ្ចេះ។

មួយនោះនៅអាមេរិក គេថា បើសិនជា Donald Trump ឈ្នះ គឺជាយុគសម័យ នៃការរះឡើងរបស់ពួកអវិជ្ជា គេថា Trump ហ្នឹងអវិជ្ជា។ ប៉ុន្តែ ដល់ Trump ឈ្នះ ដឹកនាំក្បាលនៅនោះ ហើយចេះតែជ្រកជាមួយគេកើត។ ខ្ញុំចេះតែសង្ស័យ ព្រោះអញ្ចេះ ម្សិលមិញ គេប្រើពាក្យ verdict ហ្នឹងសាលដីកា គេថា ជាសាលដីកាសម្រាប់ប្រ​ធា​នាធិបតី Trump។ អញ្ចឹងទេចាំមើល។ ព្រោះអញ្ចេះ ក្រែងលោគ្មានអ៊ីនធើណេត ខ្ញុំឲ្យភ្ជាប់ WIFI របស់ខ្ញុំ តាមដានមើលការបោះឆ្នោត … ទាក់ទងអីដល់យើង? យើងចង់ដឹង ព្រោះប្រទេសធំនីមួយៗការផ្លាស់ប្តូរមេដឹកនាំ ទាមទារឲ្យប្រទេសនានាតាមដានពិនិត្យមើល ព្រោះវាមានឥទ្ធិពលទាក់ទងនឹងសភាពការណ៍ពិភពលោកផងដែរ។ យើងអត់ទៅធ្វើអន្តរាគមន៍ជំនួសគេបានទេ តែយើងគ្រាន់តែចង់ដឹងថា តើវាមានបញ្ហាអ្វី? កើតឡើងនៅតាមប្រទេសនានាតែប៉ុណ្ណោះ។

បោះឆ្នោត ជាការគាំទ្រប្រជាធិបតេយ្យ និងដើម្បីរក្សាសន្តិភាព ដែលជាមូលដ្ឋាន នៃការអភិវឌ្ឍ

ឥឡូវ បកមករឿងយើង។ អ្វីដែលពូចង់សុំក្មួយនៅទីនេះ? ក្មួយៗ បន្តការចូលរួមជាមួយពូ ជាមួយគណបក្សប្រជាជន ជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តរក្សាសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសតទៅទៀត។ នេះជាការស្នើសុំ។ កន្លងទៅ ប្រជាពលរដ្ឋកម្ពុជា និយាយជារួម និងនិយាយដោយឡែក បានធ្វើកិច្ចការងារនេះហើយ តាមរយៈការទៅចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ពូសុំយកឱកាសនេះថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះប្រជាជនកម្ពុជា និយាយជារួម និងនិយាយដោយឡែក ចំពោះកម្មករ កម្មការិនី ដែលបានទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។ ការទៅបោះឆ្នោត គឺជាការគាំទ្រនៃដំណើរការប្រជាធិបតេយ្យ។ អ្នកប្រឆាំងនឹងការបោះឆ្នោត គឺអ្នកប្រឆាំងនឹងប្រជាធិបតេយ្យ។ ក្មួយៗបានធ្វើកិច្ចការងារនេះដ៏ល្អ ដើម្បីចូលរួមឲ្យកម្ពុជាយើងអនុវត្តឲ្យទៀងទាត់នូវការបោះឆ្នោតតាមការកំណត់។ របស់ដែលហៅថា ដេកផ្ទះ ឈ្នះឯង គឺហាក់ដូចជាជូរចត់ មិនដឹងគេយកទៅកប់បាត់ស្រមោលទៅណា។ ជាង ៨៣% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោត គឺវាជារឿងល្អណាស់។ ឯទី ២ ប្រជាជនកម្ពុជា ក៏ដូចជាកម្មករ/ការិនីនៅទីនេះ បានបោះឆ្នោតរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍរួចស្រេចទៅហើយ។ ពេលនេះ ពូគ្រាន់តែសំណូមពរសុំឲ្យក្មួយៗទាំងអស់បន្តការខិតខំរក្សាសន្តិភាពតទៅទៀត ដើម្បីធានាការអភិវឌ្ឍរបស់យើង ធ្វើយ៉ាងម៉េច ដើម្បីជម្រុញប្រទេសយើង ពីឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ហើយបន្តអនុវត្តនូវនយោបាយឧស្សាហកម្ម ២០១៥-២៥ ដើម្បីជោគជ័យនៃសេដ្ឋកិច្ចប្រទេស ក៏ដូចជាសេដ្ឋកិច្ចតាមក្រុមគ្រួសារនីមួយៗ។ កុំខ្វល់អំពីសង្គ្រាមចិត្តសាស្ត្រ អ្នកណានិយាយអីនិយាយទៅ …។

ត្រូវមានគិលានដ្ឋាន កន្លែងហូបអាហារ និងកន្លែងបំបៅកូន នៅតាមរោងចក្រ

ឯការស្នើសុំទី ២ គឺស្នើសុំទាំងម្ចាស់រោងចក្រ ទាំងកម្មករ/ការិនី បង្កើនការយកចិត្តទុកដាក់ចំពោះគ្នា។ ថៅកែរោងចក្រត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ ចំពោះសុខមាលភាព សុខភាពរបស់កម្មករ តាមរយៈដែលយើងបានដាក់ចេញរួចមកហើយ នូវគម្រោងនៃការជម្រុញអភិវឌ្ឍ ដូចជាតាមបណ្តារោងចក្រនានាត្រូវមាន គិលានដ្ឋានដែលមានក្រុមគ្រូពេទ្យ សម្រាប់ដោះស្រាយបញ្ហាបន្ទាន់នៅតាមរោងចក្រ មានកន្លែងទទួលទានអាហារសម្រាប់កម្មករ/ការិនីរបស់យើង រហូតដល់មានកន្លែងសម្រាប់បំបៅកូន។ ចំណុចអស់ទាំងនេះ គឺជាចំណុចដែលម្ចាស់រោងចក្រត្រូវគិត។ តាមរយៈការគិតគូរនេះហើយ ដែលកម្មករមានសុខភាពល្អ ហើយកុំភ្លេចជាមួយនឹងការលើកកម្ពស់កម្រិត នៃសមត្ថភាពរបស់កម្មករ ដែលផ្តល់ឱកាសឲ្យកម្មករអាចហ្វឹកហ្វឺនបន្ថែម និងរៀនសូត្របន្ថែមផងដែរ។

ត្រូវមានសាមគ្គីភាពក្នុងរោងចក្ររវាងថៅកែ កម្មករ និងប្រធានក្រុម/ផ្នែក/រដ្ឋបាល

ថៅកែរោងចក្រត្រូវតែច្បាស់ថា បើគ្រាន់តែមានរោងចក្រអត់កម្មករ ខ្លួនមិនមែនជាថៅកែរោងចក្រទេ គឺគ្រាន់តែជាថៅកែឃ្លាំងតែប៉ុណ្ណោះ។ ឯចំពោះក្មួយៗជាកម្មករក៏ត្រូវយល់ដឹងថា បើពុំមានថៅកែរោងចក្រគេវិនិយោគ យើងក៏គ្មានឱកាស ដើម្បីមកធ្វើកម្មករ ទទួលបាននូវប្រាក់បៀវត្សដូចសព្វថ្ងៃនេះដែរ ច្បាស់ជាក្មួយៗកំពុងកាន់ដងចប កាន់កណ្តៀវ ឬកាន់ឧបករណ៍កសិកម្មដទៃទៀត ដែលកំពុងធ្វើការជាកសិករជាមួយឪពុកម្តាយ ឬធ្វើជាអ្នកផ្តល់សេវាផ្សេងៗថែមទៀត។ អញ្ចឹងទេ មានតែវិធីសាមគ្គីគ្នារវាងម្ចាស់រោងចក្រជាមួយនឹងកម្មករ ត្រូវយោគយល់អធ្យាស្រ័យឲ្យគ្នា។ អ្នកគ្រប់គ្រងគ្រប់កម្រិត ទាំងប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ត្រូវយោគយល់គ្នា ហើយត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក។ មិនត្រូវមានជើងកាងនៅតាមរោងចក្រនោះទេ ឧទា​ហរណ៍ កម្មករមាន ១ ពាន់ នាក់ ៣០ នាក់ ធ្វើកូដកម្ម ត្រូវគោរពសិទ្ធិ ៣០ នាក់ធ្វើកូដកម្មនោះ ឯ ៣០ នាក់ ក៏ត្រូវគោរពទៅដល់ ៩៧០ នាក់ផ្សេងទៀត ដែលគេចង់ធ្វើការ មិនចង់ចូលរួមធ្វើកូដកម្ម។ ដែលកន្លងទៅមានបងធំ មានជើងកាង អ្នកដែលធ្វើកូដកម្ម ទៅរារាំងអ្នកដែលចង់ធ្វើការ។ ចំណុចនេះមិនត្រូវមានតទៅទៀតទេ។

ស្នើឲ្យកាត់ទោស សម្រាល ឬតំកល់មិនចាត់ការលើប្រធានសហជីព លើកលែងតែទោសព្រហ្មទណ្ឌ

ខ្ញុំអំពាវនាវសុំឲ្យគ្រប់រោងចក្រទាំងអស់យកការសន្ទនាគ្នាជាធំ មិនមែនបញ្ហាការប្តឹងផ្តល់គ្នាជាសំខាន់ទេ ត្រូវប្រើប្រាស់វិធីដោះស្រាយតាមរយៈការសន្ទនា ចរចាដោះស្រាយបញ្ហា។ ខ្ញុំក៏សុំស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើល ដោយខ្ញុំបានទទួលព័ត៌មានថា ប្រធានសហជីពមួយចំនួនត្រូវជាប់ពាក្យបណ្តឹងនៅតុលាការ ដែលពួកគេគិតថា រឿងជាប់បណ្តឹងនៅតុលាការនោះ គេធ្វើការនៅក្រោមគំនាបមួយនៃផ្លូវច្បាប់ បើសិនជាដូច្នោះមែន គួរតែត្រូវសម្របសម្រួល។ បើថាកាត់ កាត់ឲ្យស្រូត។ បើថាមិនកាត់ទេ បានសេចក្តីថា តំកល់​មិនចាត់ការទៅ។ ឲ្យវារួច។ កុំឲ្យមេសហជីពនានាយល់ឃើញថា ខ្លួនស្ថិតនៅជាចំណាប់ខ្មាំងនៃបញ្ហាពាក់ព័ន្ធទៅនឹងតុលាការ។ អញ្ចឹងសុំឯកឧត្តម អ៊ិត សំហេង ឯកឧត្តម អង្គ វង្សវឌ្ឍនា ជម្រាបទៅតុលាការ ថាឲ្យពិនិត្យមើលរឿងបណ្តាប្រធានសហជីពមានរឿងស្អីៗ រឿងណាដែលគួរចាត់ការ ក៏ចាត់ការឲ្យវាស្រូតទៅ។ រឿងណាដែលវាមិនចាត់ការ គេហៅថា លើកលែងការចោទប្រកាន់ ឬគេហៅថា តំកល់ទុកមិនចាត់ការ … ដើម្បីឲ្យសហជីពទាំងនោះ កុំឲ្យមានអារម្មណ៍ថា ទេ! អញធ្វើការរាល់ថ្ងៃ ដូចជាចំណាប់ខ្មាំង តែអញធ្វើមិនស្រួល គេយកអញ​កាត់ទោស។ អាហ្នឹងក៏ដូចជាអត់ស្រួលដែរ។ អារម្មណ៍គេ អារម្មណ៍យើង។

អញ្ចឹងសង្ឃឹមថា នេះក៏ជាការបើកលំហសេរីភាពរបស់សហជីពមួយដែរ ក្នុងចំណោមបញ្ហាដែលវាកើតមាន។ … ឥឡូវនេះ សហជីពនីមួយៗចេះគ្រប់គ្រងខ្លួនឯង។ សហជីពនីមួយៗចេះសាមគ្គីជាមួយកម្មករ សហជីពនីមួយៗចេះចរចាជាមួយថៅកែរោងចក្រ ថៅកែរោងចក្រក៏ចេះធ្វើការជាមួយសហជីព។ ដូច្នេះ យកការស្រុះស្រួល យកការយោគយល់គ្នា ជាសំខាន់ ប៉ុន្តែបទល្មើសព្រហ្មទណ្ឌមិនត្រូវឲ្យមានទេ។ ករណីខ្លះកុំចេះតែថា ព្រោះអាងតែខ្លួនជាមេសហជីព អាងតែខ្លួនជាអង្គការក្រៅរដ្ឋាភិបាល ទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយដល់ពេលគេចាប់ បែរជាថា អាហ្នឹងជាការគាបសង្កត់សេរីភាពរបស់សហជីព ឬក៏ជាការគាបសង្កត់ចំពោះអង្គការក្រៅរដ្ឋាភិបាល។ យើងត្រូវយកច្បាប់ធ្វើជាគោល។ អញ្ចឹងទេ កាលពេលមុន … គ្រាន់តែលើកលែងការចោទ​ប្រកាន់ចំពោះលោក មឿង តុលា មួយ ឃើញគេនាំគ្នាស្វាគមន៍។ បើអញ្ចឹង ខ្ញុំក៏នឹកឃើញថា ដូចជាមាន អាត់ ធន់ … ឥឡូវហ្នឹងពិនិត្យមើល រឿងណាត្រូវកាត់ កាត់ឲ្យវាស្រូតទៅ រឿងណាដែលមិនត្រូវកាត់ លើកលែងការចោទប្រកាន់ ឬក៏តុលាការគេតំកល់មិនចាត់ការ។ អញ្ចឹងទេ ក្រសួងទាំងពីរហ្នឹងធ្វើការជាមួយគ្នាតែម្តងទៅ។ នេះជាលំហ នៃសេរីភាពរបស់កម្មករ សេរីភាពរបស់សហជីព។ សហជីពខ្លះគេដឹកនាំកម្មករសប្បាយរីករាយនៅតាមរោងចក្រក្នុងរយៈពេល ថ្ងៃទី ១ ខែឧសភា រហូតទៅដល់គេនាំកម្មករទៅកំសាន្តនៅកន្លែងនេះ កន្លែងនោះ។ ប៉ុន្តែ សហជីពខ្លះគេប្រមូលផ្តុំមនុស្សតិចតួច ទៅហែដាក់ញត្តិនៅកន្លែងនេះ កន្លែងនោះ។ ហ្នឹងជាសេរីភាពមួយបែបរបស់ប្រទេសយើង។

កុំភ្លេចថា មានប្រទេសច្រើនណាស់ប្រកួតប្រជែងជាមួយយើង

ក៏ប៉ុន្តែ ក្មួយៗត្រូវចាំថា បើរវល់ទ្រុលចុះ ទ្រុលឡើង កុំភ្លេចថាមានអ្នកប្រកួតប្រជែងជាមួយយើង នៅបង់ក្លាដេស នៅឡាវ នៅវៀតណាម នៅមីយ៉ាន់ម៉ា នៅស្រីលង្ការ នៅឥណ្ឌា នៅប៉ាគីស្ថាន សុទ្ធតែជាអ្នកប្រកួតប្រជែងយើង ហើយប្រាក់ខែរបស់គេទាបជាងយើងទៀត។ នៅមីយ៉ាន់ម៉ាបានជាង ១០០ នៅឡាវបានជាង ១០០ បន្តិច ឡាវដូចខ្ពស់ជាងមីយ៉ាន់ម៉ា, មីយ៉ាន់ម៉ាដូចបាន ១០៨ ដុល្លារ។ នៅបង់ក្លាដេស ឆ្នាំក្រោយឮថាឡើងដល់ ៩៥ កន្លងទៅនេះ តែ ៦៧។ ស្រីលង្ការ នៅ ៦៧ ដដែលទេ ឥណ្ឌាឡើងពី ៨១-១៥០ ដុល្លារ។ អញ្ចឹងបានសេចក្តីថា ទោះបីជាប្រទេសឥណ្ឌាក៏នៅប្រាក់ខែទាបជាងកម្មកររបស់កម្ពុជាដែរ ហើយនៅប្រទេសរបស់គេមានបច្ចេក​ទេសអាចថាលើសយើងទៅទៀត។ អញ្ចឹងបើទ្រុលចុះ ទ្រុលឡើង គេដករោងចក្រចេញទៅវិនិយោគនៅប្រទេសដទៃដែលមានស្ថេរភាពជាង។

ធ្វើឲ្យរោងចក្រក្លាយជាសហគមន៍សុខសាន្តមួយ

ខិតខំធ្វើយ៉ាងម៉េចដែលពូស្នើសុំជាបន្ថែម កុំឲ្យតាមរោងចក្រមានបងតូច បងធំ ជាក្រុម ដែលមានការកាប់ចាក់គ្នាដោយដាវ កាំបិត ក្រុមបងតូច បងធំ ជើងកាងខាងគ្រឿងញៀន ហើយសុំក្មួយៗបន្តការខិតខំជួយអប់រំគ្នាទៅលើពាក់ព័ន្ធនឹងបញ្ហាកុំឲ្យមានការប្រើប្រាស់គ្រឿងញៀន(ក្នុងរោងចក្រ) កុំឲ្យមានការរីករាលដាលឆ្លងជំងឺអេដស៍ ប្រសិនបើអ្នកមានជំងឺអេដស៍រួចហើយនោះ កុំចម្លង។ យើងត្រូវខិតខំធ្វើយ៉ាងម៉េចឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ ដែលជាផ្នែកមួយ នៃការអនុវត្តនូវនយោបាយភូមិឃុំមានសុវត្ថិភាព។ នេះគឺជាចំ​ណុច ដែលពូគួរតែត្រូវនិយាយចំពោះក្មួយៗ។

ទស្សនកិច្ចនៅនេប៉ាល់ ឡាវ វៀតណាម ចិន បន្ទាប់ពីប្រជុំអាស៊ាន នៅសិង្ហបុរី

នៅពេលខាងមុខ យើងនៅមានពិធីបុណ្យ។ ក្មួយៗនឹងបានឈប់សម្រាក បន្ទាប់ពីការឈប់សម្រាកបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ទៅដល់ បុណ្យអុំទូក នឹងបានឈប់សម្រាកទៀត រហូតដាច់ឆ្នាំ។ អញ្ចឹងទេ ឆ្នាំនេះ យើងក៏មានបុណ្យទានច្រើន ហើយពូក៏ត្រូវធ្វើដំណើរច្រើនទៀតនៅក្រៅប្រទេស។ ឥឡូវការចេញទស្សនកិច្ចនៅ ២ ប្រ​ទេស បន្ថែមទៀត ក្រៅពីការរៀបរាប់ហើយ។ អាទិត្យក្រោយនេះ ត្រូវឡើងទៅសាំងហ្គាពួរ ដើម្បីប្រជុំអាស៊ាន។ បន្ទាប់ពីអាស៊ាន ត្រូវទៅនេប៉ាល់។ ចេញពីនេប៉ាល់ ត្រូវទៅទស្សនកិច្ចផ្លូវការនៅឡាវ។ ចេញពីឡាវ ទស្សនកិច្ចផ្លូវការនៅវៀតណាម។ ដល់បន្ទាប់ទៅ ចុងខែធ្នូ ថ្ងៃ ២៣-២៤ ទស្សនកិច្ចផ្លូវការនៅចិន។ ដូច្នេះ ចេញក្រៅក៏ច្រើន ប៉ុន្តែ នោះជាតម្រូវការចាំបាច់នៃការងាររបស់នាយករដ្ឋមន្រ្តី។

១០ វិច្ឆិកា ខួប ៤២ ឆ្នាំ ដែលបាត់បង់កូន

ថ្ងៃនេះ សង្ឃឹមថា អ្នកចម្រៀងរបស់យើង សូមមេត្តាច្រៀងចម្រៀងមួយបទ ក្រៅពីបទប្រចាំត្រកូលរបស់ខ្ញុំ … គឺ ”អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម” ដែលថ្ងៃទី ១០ ខែ វិច្ឆិកា ខាងមុខនេះ វានឹងត្រូវជាខួបលើកទី ៤២ នៃការស្លាប់កូនរបស់ខ្ញុំ។ ជាទម្លាប់ ថ្ងៃ ១០ វិច្ឆិកា ពូអត់ធ្វើអីទេ មិនដែលបានកម្សាន្តនឹងគេទេ ដោយសាររឿងឈឺចាប់ ដែលបានកើតកាលពី ៤២ ឆ្នាំមុន នៅពេលដែលកូនស្លាប់ ហើយយើងគ្មានសិទ្ធិយកកូនទៅកប់ខ្លួនឯង។ រឿងនេះវាជារឿងសោកសៅ ដែលសង្ឃឹមថា ថ្ងៃនេះ អាចនឹងមានអ្នកចម្រៀងចេះច្រៀងបទហ្នឹង។ រឿង ទុក្ខស្រីប្តីព្រាត់ កូនកម្សត់ ប្រវត្តិម្តាយកម្ម បទប្រចាំត្រកូលនោះក៏មានរួចហើយ តែមិនដឹងអ្នកចម្រៀងណាខ្លះបានមកថ្ងៃនេះ។ រឿងនេះមិនមែនគ្រាន់តែរូបពូម្នាក់ទេ ក៏ប៉ុន្តែ ប្រជាជនទូទាំងប្រទេស ដែលជួបប្រទះនឹងរឿងនេះ។ កូនស្លាប់នៅនឹងមុខ សុំគេយកទៅកប់ ក៏មិនបានផង។ សិទ្ធិរបស់យើងអន់ជាងឆ្កែឆ្មាទៅទៀត។ ឆ្កែ ឆ្មា វាមានសិទ្ធិការពារកូនរបស់វា។

៩ វិច្ឆិកា ជាថ្ងៃសប្បាយរីករាយ ៩-១០-១១ បីថ្ងៃនេះ តែថ្ងៃ ១០ គឺជាថ្ងៃកើតទុក្ខ។ ​កាលពីមុន មុនម្តាយស្លាប់ ថ្ងៃ ១០ វិច្ឆិកា ពូអត់ធ្វើអីទេ អត់មានចេញទៅហាត់កីឡា អត់ស្អីទេ។ ក្រោយមកម្តាយស្លាប់ ១០ មីនា ក៏អត់ធ្វើអីដែរ បន្ទាប់ទៅ ព្រះករុណាបិតា សោយទិវង្គត ១៥ តុលា ក៏អត់ធ្វើអីដែរ ព្រោះពេលនោះត្រូវតែចូលព្រះបរមរាជ​វាំង ដើម្បីព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ ហ្នឹង ឆ្នាំ ២០១២, កាលពី ១៩៩៨ ថ្ងៃ ១០ មីនា ចាប់ពី ២០១២ មក គឺ ១៥ តុលា ដល់ចាប់ពី ២០១៣ មក គឺ ១២ កក្កដា ថ្ងៃឪពុកមរណភាព។ ដូច្នេះ ៤ ថ្ងៃនេះ គឺថា អត់ប៉ះពាល់ទៅណាទេ ហើយថ្ងៃ ១០ វិច្ឆិកានេះ ក៏សង្ឃទានឲ្យកូនបន្តិច ព្រោះប្រហែលជាគេមិនទៅចាប់ជាតិឯណាទេ គេនៅតាមការពារឪពុកម្តាយរបស់គេ តាមការពារប្អូនៗរបស់ពួកគេ។ តាមផ្លូវងងឹត យើងក៏ត្រូវជឿខ្លះផង។

២០១៩ សេវាគាំពារសង្គមសម្រាប់ស្ត្រីមានផ្ទៃពោះជាជនក្រីក្រចាប់ផ្តើម

ឥឡូវ ពូគិតថា ពូបាននិយាយច្រើនហើយ លើសពីការចាំបាច់ថែមទៀតផង។ ហើយ ១០៤១ នាក់នេះ ពូត្រូវដើរជួបទាំងអស់ ប៉ុន្តែ អ្នកដែលធ្វើដំណើរទៅមុន ក៏ចេះតែទៅមុនទៅ។ ធ្លាក់ខ្យល់ពីជើងគួរសមបន្តិច តែបើបើកថ្ងៃឡើងគឺក្តៅ។ ឥឡូវគេថា នៅកន្លែងខ្លះក៏ចាប់ផ្តើមរងាហើយ ប៉ុន្តែ រងាត្រូវប៉ាន់ អ្នកដែលលើកដៃអម្បាញ់មិញនោះ។ សូមលើកដៃម្តងទៀត នរណាខ្លះជិតចូលរោងការ? ការទាន់ខែរងា។ រួចកើតនោះកើត។ ឥឡូវគ្រាន់តែក្នុងចំណោមកម្មករ កើត(កូន)ជាង ៥ ម៉ឺននាក់។ (ដូចក្មយទាំង)នេះ បន្តិចទៀតទៅ(ត្រូវបង្កើតកូន)ដែរហើយ គ្រាន់តែមុនក្រោយប៉ុណ្ណឹងទេ។ ហ្នឹងជាធម្មជាតិ មិនដឹងធ្វើម៉េចទេ។ ប៉ុន្តែ ចាប់ពីឆ្នាំក្រោយទៅនេះ ប្រជាជនក្រីក្រ នឹងទទួលបានពីសេវាគាំពារសង្គមពីរាជរដ្ឋាភិបាលជាបន្តទៀត សម្រាប់ស្រ្តីមានផ្ទៃពោះ ចាប់ផ្តើមពីមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ ឆ្នាំ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយ ១៩០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ស្ត្រីមានផ្ទៃពោះម្នាក់។ អញ្ចឹង មានខ្លះបើកូនញឹក អាកូនទី ១ យើងកំពុងឧបត្ថម្ភអាកូនទី ១ គាត់មានផ្ទៃពោះអាកូនទី ២ ទៀត ត្រូវចាប់ផ្តើមឧបត្ថម្ភអាទី ២ ទៀត។ អញ្ចឹងទេ វាតរហូត។ អ្នកខ្លះកូនញឹក ឧទាហរណ៍ ពូជាដើម។ មិនមែនពូអ្នកមានកូនទេ ប្រពន្ធពូអ្នកមានកូន ១៣ ខែ កើតមួយ។ ឥឡូវធ្វើម៉េច? កាល​នោះធ្វើរដ្ឋមន្រ្តីការបរទេស មកពីក្រៅប្រទេស ដោះតែក្រវាត់ក ប្រពន្ធមានផ្ទៃពោះបាត់។ ឥឡូវ ចៅឡើង ២០ នាក់ហើយ។ សង្ឃឹមថា បាន ២ នាក់ទៀត។ មើលទៅប្រហែលជាមិនបានទេ។ សង្ឃឹមត្រឹម ២០ ហ្នឹងបានហើយ។ ប៉ុន្តែ ចៅ ២០ នាក់ ចាត់ទុកថាច្រើនហើយ។

អំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ ជាមួយនឹងការជួបក្មួយៗ ទន្ទឹមនឹងការអរគុណដែលក្មួយៗបានគាំទ្រពូ បានគាំទ្រគណបក្សប្រជាជន ហើយដែលការគាំទ្រនោះ ជាការគាំទ្រការបោះឆ្នោតកន្លងទៅ គឺការបោះឆ្នោតឲ្យចំពោះជីដូនជីតា ឪពុកម្តាយ ដែលពួកគាត់នោះហើយជាអ្នកប្រឹងប្រែងបង្កើតសមិទ្ធផលដល់សព្វថ្ងៃនេះ ពូសូមអរគុណ និងផ្តាំផ្ញើសួរសុខទុក្ខជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ បើសិនជាពួកគាត់នៅរស់។ ថ្ងៃនេះ ក្មួយៗមកចំនួន ២៣៤៦៦ នាក់ គឺជាថវិកាចំណងដៃ អត់ច្រើនទេក្មួយអើយ! ហើយក្មួយក៏មិនមែនមករកលុយពូដែរ គឺបានត្រឹមម្នាក់ ២ ម៉ឺនរៀល តែប៉ុណ្ណឹង។ ឯក្មួយៗ ១០៤១ នាក់ ពូនឹងដើរចែកស្រោមសំបុត្រម្នាក់មួយស្រោម ប៉ុន្តែ អ្នកដែលមានកូនភ្លោះ ចែកបាន ២ ស្រោម ព្រោះអាហ្នឹងវា ២ ដល់ទៅឆ្លងទន្លេ គេក៏ឲ្យ ២ ដែរ។ អ្នកណាបាន ១ គឺគេយក ១ ហើយ បើបាន ២ ត្រូវយក ២ បាន ៣ យក ៣ ហើយ។ អា ៣ ហ្នឹងគឺត្រូវប៉ាន់តែម្តង។ បាន(ភ្លោះ) ៣ ក្រៅពីរាជរដ្ឋាភិបាលចេញជូន ៣០០ ដុល្លារ ពូ​ចេញជាង ១០០០ ដុល្លារទៀត គឺ ៥ លានរៀល ស្មើ ១២៥០ ដុល្លារ​។ ឥឡូវមិនសូវកើតទេ។ កើតថ្ងៃមុនតែមួយទេ ថាមកពីមុខកំពូលចូលមើល តែមិនបានចូល។ ៣៣៩ គ្រួសារ វាជាង ១០០០ នាក់ហើយ ​គ្រាន់តែភ្លោះ ៣។ សម្រាប់ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៥ លានរៀល ក្រុមតន្រ្តីសម័យ ថវិកា ៥ លានរៀលផងដែរ។

ហើយបន្តិចទៀត ភ្លេង សម្លេងចម្រៀងនឹងផ្ទុះឡើង ហើយប្រហែលសុទ្ធតែអ្នកតាកែវហើយមកច្រៀងនៅហ្នឹង។ អ្នកណាខ្លះ? ភ្លេងហ្នឹង គឺក្រុមភ្លេងខាងប្រឆាំងភេរវកម្ម។ ប៉ុន្តែ ចេះលេង អនិច្ចាកូនកម្សត់ ប្រវត្តិស្រីកម្ម ឬអត់? ថ្ងៃមុន ដូចជា ផន ស្រីខួច ច្រៀង។ ថ្ងៃនេះ ស៊ីវន មក។ ម្ចាស់បទហើយ អញ្ចឹងចេះច្រៀងហើយ។ ម្ចាស់បទ ពាមកោះស្នា វាចាប្រុសស្នេហ៍ ពេជ្ជតា មិនបានមកទេ។ ចុះ ធាវី ចេះឬអត់? ចេះ។ ដូច្នេះច្រៀងអាបទហ្នឹង។ ទុក្ខស្រីប្តីព្រាត់។ កុំភ្លេច អ្នកណាច្រៀងក៏បានដែរ ព្រោះម្ចាស់បទ ទុក្ខស្រីប្តីព្រាត់ និង ពាមកោះស្នា វាចាប្រុសស្នេហ៍ អត់បានមកទេ ម៉េង កែវពេជ្ជតា។ បទ អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម គឺម្ចាស់បទ ហ៊ឹម ស៊ីវន តែម្តង។ អញ្ចឹងទេ ចែកគ្នាទៅ អ្នកណាច្រៀងបទអីក៏ច្រៀងទៅ តែកុំភ្លេច អ្នកណាចេះច្រៀងបទ សំណាងព្រៃស្វា វាសនាពត់សរ? … ភ្លេចបទហ្នឹង ដូចភ្លេច ហ៊ុន ហេង អញ្ចឹង។ ត្រង់ថា ព្រះរាម ពត់សរ ករទ័ពនាគរាជ ស្រោចទឹកបូមបាច សង្គ្រោះព្រៃស្វា ខ្លាំងលើសព្រះរាមរំដោះសិតា ចាំត្រង់ហ្នឹង ប៉ារូលហ្នឹង … ហ្នឹងគេអ្នកសរសេរ។ រួចបើបទមួយទៀតនោះ អាហ្នឹងឧស្សាហ៍និយាយណាស់ “ចម្ការដីដុះកាលប្រុសពីក្មេង អូនធ្លាប់ចូលលេងជួយកាច់ពោតបង” អាដីនោះបាក់ខ្ទេច អ្នកមាត់ទន្លេវាអញ្ចឹង។

ចុងបញ្ចប់ហើយ អរគុណក្មួយៗអ្នកចម្រៀង អ្នកភ្លេង។ ហើយជូនពរទាំងអស់គ្នា ជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា