សុន្ទរកថា ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ថ្លែងក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់ ស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព”

សុន្ទរកថា ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាល​ខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ ស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព”
ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា
*********

  • ខ្ញុំបាទ សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណា​ចក្រ​កម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
  • សូមគោរព សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល
  • សូមគោរព លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតវិសាម្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា
  • សូមគោរព ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត ប្រចាំនៅកម្ពុជា
  • សូមគោរព ឯកឧត្តម លោកជំទាវ លោក​ លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ!

ថ្ងៃនេះ ជាថ្ងៃប្រកបដោយមោទនភាពវិសេសវិសាល ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាអ្នករៀបចំអង្គសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភា​ព” ដោយមានកិច្ចសហការជាមួយសាធារណៈរដ្ឋបារាំង និងមានការគាំទ្របច្ចេកទេសពីអង្គការសុខភាពពិភពលោក។ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង     គណៈកម្មការអន្តរក្រសួង ខ្ញុំបាទសូមធ្វើគាវរកិច្ចគោរពស្វាគមន៍ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុ​តជូ​នចំពោះ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច បានឆ្លៀតឱកាសដ៏មានតម្លៃជាទី​បំផុតអញ្ជើញជាអធិបតីដ៏ឧត្តុង្គឧត្តមក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព” នាពេលនេះ។

-សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
-សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា!

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេ​ជោ ព្រះរាជាណាចក្រកម្ពុជាបានកសាងឡើងវិញចាប់ពីចំនុចសូន្យ ដែលខ្ទិចខ្ទាំដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត រហូតក្លាយជាប្រទេសមានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងអភិវឌ្ឈន៍រីកចម្រើនគ្រប់វិស័យ។     សម្តេចតេជោ ជានិច្ចកាល​តែងតែ​ផ្តល់អាទិភាពដល់វិស័យសុខាភិបាល​​ធ្វើឲ្យវិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើន និងមានវឌ្ឈនៈភាពគួរជាទីមោទនៈ ដូចជាការសម្រេចបានគោលដៅអភិវឌ្ឈន៍សហស្សវត្សលើវិស័យសុខាភិបាលមុនកាលកំណត់ មានជាអាទិ៍ ការកាត់បន្ថយអត្រាមរណៈភាពមាតា ទារក កុមារ និងជំងឺឆ្លងនានាដូចជា ជំងឺគ្រុនចាញ់ អេដស៍ របេង និងជំងឺឆ្លងផ្សេងៗទៀតដែលអាចការពារបានតាម     រយៈការចាក់ថ្នាំបង្ការ និងទប់ស្កាត់ការចម្លងជាលក្ខណៈ​អន្តរជាតិ។

វឌ្ឈនៈភាពទាំងនេះ បានជំរុញឲ្យអាយុរស់នៅជាមធ្យមរបស់ប្រជាជនកម្ពុជាមានការកើនឡើងរហូតដល់ ៧០ឆ្នាំ នៅឆ្នាំ២០១៦។ ក្រសួងសុខាភិបាល បាននិងកំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុតនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងអនុវត្តនូវផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០១៦-២០២​០ រួមទាំង ផែនការអនុវត្តរួមគ្នា រវាងក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែង​លុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

-សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
-សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា!

ឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កើតជាបញ្ហាសុខភាពសាធារណៈសម្រាប់បណ្តាប្រទេសនានាលើសកលលោក និងនៅក្នុងតំបន់ ដែលទាមទារនូវការដោះស្រាយរួមគ្នា ដើម្បីទប់ស្កាត់នូវហានិភ័យសុខភាពដល់ប្រជាពលរដ្ឋ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការគ្រប់គ្រង ត្រួតពិនិត្យ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនៅក្នុងប្រទេស ដែលមានដូចតទៅ៖

1- បង្កើតច្បាប់ស្តីពីការគ្រប់គ្រងឱសថ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ និងវិសោធនកម្មច្បាប់នេះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៧។

2- ការត្រួតពិនិត្យលើការផលិតក្នុងស្រុក ការនាំចូល និងចែកចាយឱសថ ដោយតម្រូវឲ្យមានការចុះបញ្ជិកាឱសថគ្រប់ប្រភេទទាំងឱសថសម័យនិងបុរាណរួមទាំងឱសថបំប៉នសុខភាពផង ទៅតាមច្បាប់គ្រប់គ្រងឱសថ និងគោលការណ៍អនុវត្តរបស់អាស៊ាន។

3- ការចុះត្រួតពិនិត្យជាប្រចាំនៅតាមឃ្លាំងឱសថ រោងចក្រផលិតឱសថ ឱសថស្ថាន ឬទីតាំងលក់ផលិតផលឱសថនានា ព្រមទាំងចាត់វិធានការតាមច្បាប់ជាធរមាន។

4- ការចុះធ្វើការស្រាវជ្រាវ និងវិភាគគុណភាពផលិតផលឱសថលើទីផ្សារជាប្រចាំ​ ដោយមានកិច្ចសហការជិតស្និទ្ធជាមួយអង្គការអន្តរជាតិដៃគូ។

5- ការបង្កើត​ម​ណ្ឌ​ល​ព័ត៌​មាន​ឱសថកម្ពុជា ដែលជាសមាជិកពេញសិទ្ធិរបស់មជ្ឈមណ្ឌលសហប្រតិ​បត្តិការអង្គការសុខភាពពិភពលោក ក្នុងការតាមដានសុវត្ថិភាពឱសថ (ADR Monitoring) ដែល​មានទីតាំងនៅទីក្រុង UPPSALA នៃ​ប្រទេស​ស៊ុយអែត ដើម្បីទទួល និងបញ្ជូនព័ត៌​មាន​ឱសថដែលត្រូវបានរកឃើញថា មានផល​ប៉ះ​ពាល់សុខភាព ឬបង្កគ្រោះថ្នាក់ដល់អាយុ​ជីវិត​មនុស្ស។

6- ការ​បង្រ្កាប​កន្លែង​ផលិត និងស្តុកទុកគ្រឿងសម្អាងគ្មាន​ច្បាប់​អនុញ្ញាតពីក្រសួងសុខាភិបាល។

7- ទន្ទឹមនឹងការ​រីកចម្រើនយ៉ាងឆាប់រហ័ស ផ្នែកបច្ចេក​វិទ្យា​ព័ត៌មាននៅកម្ពុជា យើងបានជួបប្រទះនូវការលក់​ផលិត​ផលតាម online ដែលមួយចំនួនជាផលិតផលគ្មានប្រភពច្បាស់លាស់ និងគ្មានការទទួលស្គាល់ពី​ក្រសួង​សុខា​ភិ​បាល ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ ដែលក្រសួងកំពុងតែខិតខំលុបបំបាត់។

8- ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាកិច្ចការចាំបាច់ដែលបានអនុវត្ត និងត្រូវធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់នូវការប្រើប្រាស់ផលិតផលឱសថក្លែងក្លាយ និងអន់គុណភាព។

9- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីលុបបំបាត់ឱសថក្លែង​ក្លាយ​ និងអន់គុណភាព។

ថ្ងៃនេះ ក្រសួងសុខាភិបាលបានសហការជាមួយគណៈកម្មការ​ប្រយុទ្ធ​​ប្រឆាំងផលិតផលក្លែងក្លាយ​ រៀ​បចំសន្និសីទអន្តរជាតិថ្នាក់តំបន់​ស្តីពី “ការ​ប្រយុទ្ធប្រឆាំងឱសថ​ក្លែងក្លាយ និងអន់គុណភាព” នេះឡើង ​ដែលជាការបង្ហាញនូវការយក​ចិត្ត​ទុកដាក់ខ្ពស់បន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងឱសថ​ក្លែងក្លាយ និងឱសថ​អន់​គុណភាពនៅក្នុងតំបន់ និងនៅក្នុងប្រទេស សំដៅរក្សាសុវត្ថិភាពនៃការប្រើប្រាស់ផលិតផលឱសថ ជូនប្រជាជន។

-សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
-សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា!

ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង ខ្ញុំ​បាទសូម​សំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែ​ន ដែល​តែងតែគាំទ្រ ផ្តល់អនុសាសន៍ដ៏មានតម្លៃបំផុត ចង្អុលបង្ហាញ​មាគ៌ាតម្រង់ទិសដ៏ឈ្លាសវៃ ដល់ក្រសួងសុខាភិបាលនិងគណៈកម្មការអន្តរក្រសួង។ ខ្ញុំសូមថ្លែងអំណរគុណជូនដល់ភាគីបារាំង ដែលបានសហការរៀបចំ និងការគាំទ្របច្ចេកទេសរបស់អង្គការសុខភាពពិភពលោកសម្រាប់អង្គសន្និសីទថ្នាក់តំបន់នេះឡើង។ ខ្ញុំសូ​ម​​ថ្លែ​ង​អំណរ​គុណចំពោះសហការី និង​​មន្ត្រី​ក្រោមឱវាទក្រសួង​សុខាភិបាល និងអាជ្ញា​ធរ​ពាក់ព័ន្ធទាំងអស់ ដែលបាន​យក​ចិត្ត​ទុក​ដាក់បំពេញភារកិច្ច អស់ពីកំលាំងកាយ-ចិត្ត មិនថាយប់ ឬថ្ងៃ ដើម្បីអនុវត្តច្បាប់ ប្រកប​ដោយការទទួលខុសត្រូវខ្ពស់។ ខ្ញុំសូមថ្លែងអំណរគុណដល់សមេ្តច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមអង្គសន្និសីទនាពេលនេះ។

ជាទីបញ្ចប់ ខ្ញុំ​បាទសូម​គោរព​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅសារជាថ្មីម្តងទៀត ជូនចំពោះ     សម្តេចតេជានាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាអធិបតីក្នុងពិធី​បើកអង្គសន្និសីទអន្តរជាតិថ្នាក់តំបន់ នាពេលនេះ និងសូមបួង​សួង​ដល់វត្ថុស័ក្តិសិទ្ធ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា​ តាមបីបាច់ថែរក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមប្រកប​ដោយសុខភាពល្អ កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បី សម្តេច បន្តដឹកនាំជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្ថាបនាប្រទេសកម្ពុជាឆ្ពោះទៅរកភាពរុងរឿង និងសុខដុមរម្យនាជានិរន្តរ៍។

ខ្ញុំបាទសូមជូនពរចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំបាទសូមគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រី្ត មេត្តាផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត និងប្រកាសបើកអង្គសនិ្នសីទ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ