នៅរសៀលថ្ងៃទី១៨ ខែតុលាដដែលនោះដែរ បន្ទាប់ពីជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីចីនរួចមក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ដិមិទ្រី មីតដ្វេដែវ (Dmitry Medvedev) នាយករដ្ឋមន្រ្តីរុស្ស៊ី ដែលធ្វើឡើងនៅ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។
ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម នាយករដ្ឋមន្រ្តីរុស្សី ដិមិទ្រី មីតដ្វេដែវ មានប្រសាសន៍ថា ឯកឧត្តមពិតជាមានការរីករាយដោយបានជួបសម្តេចសារជាថ្មីម្តងទៀត បន្ទាប់ពីជួបសម្តេចក្នុងឱកាស នៃការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីឆ្នាំ២០១៥។ ឯកឧត្តមមានប្រសាសន៍បន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្សី ពិតជាមានភាពល្អប្រសើរខ្លាំងណាស់ ក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តមបន្តថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល គឺជាឱកាសដ៏ល្អ និងមានសារសំខាន់បំផុត ក្នុងការដែលផ្តល់ឱកាសឲ្យរូបឯកឧត្តម បានជួបសន្ទនាដោយផ្ទាល់ជាមួយ សម្តេចតេជោសារជាថ្មីម្តងទៀត។
ក្នុងជំនួបពិភាក្សាគ្នានេះដែរ សម្តេចបានជំរាបជូនឯកឧត្តម នាយករដ្ឋមន្រ្តី ពីការដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ និងសូមគោរពអញ្ជើញឯកឧត្តម នាយករដ្ឋមន្ត្រី ចូលរួមក្នុងកិច្ចប្រជុំកំពូលនោះផងដែរ។ តាមរយៈកិច្ចសន្ទនាដោយផ្ទាល់នេះដែរ សម្តេចតេជោមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម នាយករដ្ឋមន្រ្តី ដែលបានផ្ញើសារលិខិតចូលរួមអបអរសាទរ និងជូនពរសម្តេច ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត។
ទាក់ទិនទៅនិងប្រសាសន៍លើកឡើង របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តម នាយករដ្ឋមន្រ្តីរុស្សី មានប្រសាសន៍ថា រុស្សីតែងតែគាំទ្រសម្តេចតេជោ នាយករដ្ឋមន្រ្តី និងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឯកឧត្តមបានជួបសន្ទនាដោយផ្ទាល់ជាមួយសម្តេចមុនពេល ដែលកម្ពុជារៀបចំការបោះឆ្នោត ហើយសម្តេចបានប្រាប់ដល់ឯកឧត្តមពីការបោះឆ្នោតនៅកម្ពុជា ហើយតាមរយៈនោះឯកឧត្តមបានបញ្ជូនអ្នកសង្កេតការណ៍ការបោះឆ្នោតមកកាន់កម្ពុជា។
សម្តេចតេជោមានប្រសាសន៍ថា កម្ពុជានិងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងរុស្សី ពិសេសសូមអរគុណចំពោះរុស្សី ដែលបានបញ្ជូនអ្នកសង្កេតការណ៍ និងសម្ភារៈមួយចំនួនដល់ដំណើរការបោះឆ្នោត ក្នុងប្រទេសកម្ពុជា។ សម្តេចតេជោក៏បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងរុស្សី លើការប្រយុទ្ធប្រឆាំងភេរវកម្ម តាមរយៈនេះសម្តេចស្នើឲ្យមានការពង្រឹងថែមទៀត លើកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីរុស្សីលើវិស័យព័ត៌មាន ពិសេសកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ជាមួយនិងទីភ្នាក់ងារសារព័ត៌មានតាស់របស់រុស្សី ដែលគ្រោងបើកនៅប្រទេសកម្ពុជា នាពេលខាងមុខ។ ក្នុងជំនួបទ្វេភាគីនោះដែរ សម្តេចតេជោមានប្រសាសន៍លើកឡើងពីបំណុល ដែលកម្ពុជាជំពាក់អតីតសហភាពសូវៀត ពោលគឺកម្ពុជាចង់បង្វែបំណុលនោះ ទៅជាការវិនិយោគនៅកម្ពុជា។ សម្តេចក៏បានអរគុណចំពោះរុស្សី ដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្ម នៃមន្ទីរពេទ្យមិត្តភាពខ្មែររុស្សី។ សម្តេចបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែររុស្សី គឺពិតជាមានតម្លៃបំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ។
ឯកឧត្តម នាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា រុស្សីនិងបន្តសហការជាមួយកម្ពុជា ទៅលើ វិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។ ឯកឧត្តមបន្តថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្សីនឹងផ្តល់ជំនួយមួយចំនួនដល់ប្រទេសកម្ពុជា ហើយតាមរយៈការបញ្ជូនប្រធានថ្មីរុស្សី នៃគណៈកម្មការអន្តររដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ដែលគ្រោងនិងបើកកិច្ចប្រជុំនៅក្នុងខែមករា ឆ្នាំ២០១៩។ ពាក់ព័ន្ធទៅនិងបំណុលដែលកម្ពុជាជំពាក់នោះ ឯកឧត្តម នាយករដ្ឋមន្រ្តីរុស្សីមានប្រសាសន៍ថា រុស្សីនិងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលនោះគឺជាអាទិភាពដ៏ល្អសម្រាប់កម្ពុជាដែលរុស្សីចង់ជួយ។ ឯកឧត្តមក៏បានជំរាបជូនសម្តេច ពីការផ្តល់ជំនួយបច្ចេកទេសមួយចំនួន ក្រៅពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែររុស្សី រុស្សីក៏មានបំណងជួយដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជា ដោយសារតែមានអ្នកទេសចរណ៍រុស្សីជាច្រើន បានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា។