បន្ទាប់មកនៅរសៀលថ្ងៃទី១៨ ខែតុលា ដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី បានអញ្ជើញទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមាននិតចិន។
ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម នាយករដ្ឋមន្រ្តីចិន មានប្រសាសន៍អបអរសាទរ ជូនចំពោះសម្តេចតេជោ ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត។ ឯកឧត្តមមានប្រសាសន៍បន្តថា ឯកឧត្តមចង់ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ចិន កាន់តែបោះជំហានទៅមុខខ្លាំងក្លាឡើងថែមទៀត។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានរំលឹកជូនឯកឧត្តម នាយករដ្ឋមន្រ្តីចិន អំពីដំណើរនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការដឹកនាំកិច្ចប្រជុំកំពូលមេគង្គ ឡាងឆាង នៅកម្ពុជាកាលពីពេលកន្លងមក។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោបាន ជំរាបជូនឯកឧត្តម នាយករដ្ឋមន្រ្តីចិន ពីការដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលតាមរយៈនោះ សម្តេចសូមគោរពអញ្ជើញ ឯកឧត្តម នាយករដ្ឋមន្រ្តីចិន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០នោះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរ នូវមតិជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី ពងហុភាគី បញ្ហាតំបន់និងអន្តរជាតិ ពិសេសលើទំនាក់ទំនងចិន-អាស៊ាន ក្នុងនោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាពីការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកន្លងមក ចិនបានផ្តល់កូតានាំចេញអង្ករពីកម្ពុជា ទៅកាន់ប្រទេសចិនចំនួន៣០ម៉ឺនតោន។
ឯកឧត្តម នាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា ចិនតែងតែគាំទ្រប្រទេសកម្ពុជា ពិសេសការគាំទ្រដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ចិននឹងបន្តគាំទ្រដល់ការនាំចូលផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន។