ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ស្តីពីការផ្ទេរអគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពីទីតាំងចាស់នៅសង្កាត់ភ្នំពេញថ្មី មកទីតាំងថ្មី អគារជាប់ទីស្តីការគណៈរដ្ឋមន្ត្រី

នៅរសៀល​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នាទីស្តីការគណៈ​រដ្ឋមន្ត្រី ឯកឧត្តម​កិត្តិនីតិ​កោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយក​រដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រី​ទទួលប​ន្ទុក​ទីស្តីការគ​ណៈ​រដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ ឯកឧត្តម ហូរីណូ អូជិ ហ៊ីដេអ៊ីហ្សា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីការផ្ទេរអគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពីទីតាំងចាស់នៅសង្កាត់ភ្នំពេញថ្មី មកទីតាំងថ្មី អគារជាប់ទីស្តីការគណៈរដ្ឋមន្ត្រី ។

នៅក្នុងជំនួបនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា អគារមជ្ឈមណ្ឌលតម្កល់​ឯកសារច្បាប់ (LDC) និងគណៈមេធាវី ត្រូវបានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ២០១០ ក្រោមជំនួយឥតសំណងក្រៅគម្រោងរបស់ជប៉ុន​ ដែលចំណាយអស់ទឹកប្រាក់សរុប​ប្រហែល​២,០២៥លានដុល្លារអាមេរិក។ អគារនេះ ត្រូវបានផ្ទេរ និងប្រគល់ឲ្យទៅ មជ្ឈមណ្ឌលតម្កល់​ឯកសារច្បាប់ និងគណៈ​មេធាវី សម្រាប់យកទៅ​ប្រើប្រាស់​​កាលពីចុង​ខែឧសភា ឆ្នាំ២០១២។ បន្ទាប់មក នៅចុងឆ្នាំ២០១៥ រដ្ឋា​ភិបាលជប៉ុន ក៏បានផ្តល់ថវិកាបន្ថែមចំនួនជាង៣៣ម៉ឺនដុល្លារអាមេរិក ដើម្បីបំពាក់ប្រព័ន្ធបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើឲ្យមជ្ឈ​មណ្ឌល​នេះ អាចដំណើរការទៅបានដោយពេញលេញ។

នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិនីតិកោស​លបណ្ឌិត បានមាន​ប្រសាសន៍​បញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅអំឡុងពេលប្រជុំជាមួយ​គណៈមេធាវី នៃព្រះរាជា​ណា​ចក្រកម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្រេច​ផ្ទេរចំណែក​អគារ មជ្ឈមណ្ឌលត​ម្កល់​ឯកសារ​ច្បាប់ ឲ្យស្ថិតក្រោម​ការ​គ្រប់គ្រង​របស់គណៈ​មេធា​វីតាំងស្រុង ដើម្បីប្រើប្រាស់ជា​ប្រយោជន៍រួម​របស់គណៈមេធាវី និងក្រុមប្រឹក្សា​គណៈមេធាវី ដោយហេតុ​ផល​ថា សម្តេចតេជោ​ចង់ឲ្យអ​គារ មជ្ឈមណ្ឌលត​ម្កល់​ឯកសារ​ច្បាប់ នេះ នៅជិត​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បីងា​យស្រួលចាត់ចែង និងគ្រប់គ្រង​ការងាររបស់ខ្លួន ហើយអគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់នេះ ដែលស្ថិតនៅកណ្តាលក្រុង ក៏ជួយបង្កលក្ខណៈងាយស្រួលដល់សាធារណៈជនមកទស្សនាស្វែងយល់ និងមកធ្វើការស្រាវជ្រាវដោយផ្ទាល់ដែរ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍បញ្ជាក់បន្តថា អគារដែលប្រគល់ឲ្យថ្មីនេះ គឺមានកំពស់៤ជាន់ រួមទាំងជាន់ផ្ទាល់ដី មានទំហំប្រមាណ២១០០ម៉ែត្រការ៉េ និងមានចំនួនប្រមាណ៤២បន្ទប់ ដែលមានទំហំធំជាង និងលក្ខណៈល្អប្រសើរជាងអគារចាស់។ រាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកាជាតិ ដើម្បីធ្វើការជួសជុលអគារថ្មីនេះឡើងវិញ និងចេញថ្លៃបំពាក់ប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជាជប៉ុនធ្លាប់បានជួយបំពាក់កន្លងមក ដើម្បីធ្វើឲ្យអគារថ្មីនេះ ក្លាយជាមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់មួយ ដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងដោយពេញលេញ។

ឯកឧត្តម ហូរីណូ អូជិ ហ៊ីដេអ៊ីហ្សា បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងសំណើររបស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា រដ្ឋាភិបាលជប៉ុនទទួលយ​កនូវកា​រដូរទីតាំងរបស់​អគារម​ជ្ឈមណ្ឌ​ល​តម្កល់​ឯកសារ​ច្បាប់ (​LDC) ក្រោមលក្ខខ័ណ្ឌថា អគារបច្ចុប្បន្ន និងត្រូវប្រើប្រាស់ទាំងស្រុងដោយគណៈមេធាវី ហើយនឹងក្លាយជាទ្រព្យសម្បត្តិមួយសម្រាប់ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ព្រមទាំងសម្ភារៈទាំងអស់​ដែលត្រូវ​ផ្ទេរទៅអគារថ្មី នឹងត្រូវ​ប្រើប្រាស់ជាបន្តទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានមានប្រ​សាសន៍​បញ្ជាក់ទៀតថា ក្នុងជួប​សំដែងកា​រគួរសម​ជាមួយ ឯកឧត្តមកិត្តិនីតិកោស​លបណ្ឌិត នាថ្ងៃនេះ គោលបំណង​ជម្រាបជូនចម្លើយ​ខាងលើ​ជូន​ឯកឧត្តម​​ដោយផ្ទាល់ និងចង់បាន​ការធានា​ពីឯកឧត្តម​កិត្តិនីតិ​កោស​លបណ្ឌិត ថា ក្រោយ​ពីអគារ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់ បានជួសជុល​បំពាក់​ឧបករណ៍ សម្ភារៈ និងដាក់​ឲ្យ​ដំណើរការ​រួចហើយ នឹងធ្វើ​ឲ្យមជ្ឈ​មណ្ឌល​តម្កល់​ឯកសារ​ច្បាប់នេះ ដំណើរការ ការងាររបស់​ខ្លួនបាន​កាន់​តែមានប្រសិទ្ធភាព​ខ្ពស់។
ជាការឆ្លើយតប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានថ្លែងនូវអំណរគុណចំពោះការគាំទ្រពីរដ្ឋាភិបាលជប៉ុន ទៅលើការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណា​ចក្រ​កម្ពុជា៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។