សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពីធីលៀងសាយភោជន៍ ដែលរៀបចំដោយនាយករដ្ឋមន្រ្តីជប៉ុន

នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង​ពីធី​លៀង​សាយភោជន៍ ដែលរៀបចំដោយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ និងលោកជំទាវ។

ក្នុងពិធី លៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ គឺមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំប្រទេសមេគង្គ ជប៉ុន ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ា ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូ ចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងលោកជំទាវ។ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ជូនចំពោះបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តម អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមានការរីករាយ ចំពោះកិច្ចប្រជុំរបស់យើងក្នុងឆ្នាំ២០១៨នេះ ដែលប្រព្រឹត្តធ្វើឡើងស្របពេល នឹងខួប១០ឆ្នាំ នៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនរបស់យើង។ ឯកឧត្តមបន្តថា នៅក្នុងកិច្ចប្រជុំកំពូលរបស់យើងនៅថ្ងៃស្អែក យើងនឹងធ្វើការពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេស មេ គង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ