បន្ទាប់មក នៅព្រឹកថ្ងៃទី៨ ខែតុលា ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាន និងជានាយកប្រតិបត្តិការអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ 
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍វាយតម្លៃខ្ពស់ និងចាត់ទុកថា អង្គការចិត្រូ បានដើរតួនាទីយ៉ាងខ្លាំងក្នុងការគៀងគរវិនិយោគជប៉ុន មកកម្ពុជាក្នុងពេលកន្លងមក។ សម្តេចបន្តថា ជាមួយនិងការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន អាណា គឺពិតជាបានរួមចំណែក ជួយនាំយកនូវអ្នកវិនិយោគជប៉ុន និងអ្នកទេសចរណ៍ជប៉ុន មកកាន់កម្ពុជា។ សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពិសេសបន្តពិនិត្យមើល ថែមទៀត លើគ្រប់លទ្ធភាពក្នុងការជួយសំរួលដោយអ្នកវិនិយោគិនជប៉ុន នៅកម្ពុជា ក្នុងនោះរួម ទាំងការបង្កើតឡើងនូវវេទិការពិសេសវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ និងស្ថានឯកអគ្គរដ្ឋទូតជប៉ុន ដោយមិនចាំបាច់រងចាំវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ សម្តេចតេជោ បន្តថា សម្តេចមានយុទ្ធសាស្រ្តគឺទាក់ទាញវិនិយោគមកកម្ពុជា គឺធ្វើយ៉ាងណាឲ្យអ្នកវិនិយោគទាំង អស់បន្ត និងពង្រីកសកម្មភាពរបស់ខ្លួននៅកម្ពុជា និងទាក់ទាញវិនិយោគជប៉ុន ថែមទៀតមកកម្ពុជា។ សម្តេចតេជោបន្តថា ពីមុនមានអ្នវិនិយោគជប៉ុនតែប្រមាណ២០ក្រុមហ៊ុនទេ តែមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនប្រមាណជាង២០០ក្រុមហ៊ុន នៅកម្ពុជា៕






