សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទស្សនាអគារកម្ពស់២០០ម៉ែត្រ នៃតំបន់អភិវឌ្ឍន៍មីណាតូមីរ៉ាយ

បន្ទាប់​មកនៅ​ថ្ងៃទី​៧ ខែ​តុលា នេះដែរ សម្តេចតេជោ និងគណៈ​ប្រតិភូ អញ្ជើញ​ទស្សនា​គម្រោង​អភិវឌ្ឍន៍​តំបន់ មីណាតូ មីរ៉ាយ ពីលើអាកាស​កំពស់២០០ម៉ែត្រ នៃសណ្ឋាគារ​ឡែនម៉ាក ក្នុងទីក្រុង​យូកូហាម៉ា។

សូម​បញ្ជាក់ថា នៅលើទំនាក់ទំនង​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសជប៉ុនបាន​​នាំ​ចូល​​​ទៅ​កាន់​ប្រទេស​កម្ពុជា ក្នុងឆ្នាំ២០១១ មានទំហំ​៣០៧លាន​៦៩ពាន់ដុល្លាអាមេរិក ឆ្នាំ​២០១២ មានទំហំ​៦០២​លាន​៧៤​ពាន់​ដុល្លា និងនៅ៦ខែ​ដើមឆ្នាំ២០១៣​មានទំហំ ៨៥លាន​១៧ពាន់​ដុល្លាអាមេរិក ជាមួយ​គ្នា​នេះ​ការ​នាំ​ចេញ​ពីកម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន ក្នុងឆ្នាំ២០១១ ​មានទំហំ២០៤លាន​​ ៨៧​ពាន់ដុល្លា ឆ្នាំ​២០១២ មាន​ទំហំ១​៩៧​លាន៧ពាន់ដុល្លា និង៦ខែដើម​ឆ្នាំ២០១៣ មានទំហំ​១២៩​លាន៧០ពាន់​ដុល្លា​​អាមេរិក។ ជាមួយ​គ្នានេះ​ប្រទេស​ជប៉ុនបានផ្តល់ នូវប្រព័ន្ធអនុគ្រោះ​​ពន្ធទូទៅ​ចំនួន​៣៥៥៥មុខទំនិញ និង​ការ​​លើក​លែង​ពន្ធគយ និងកូតា​​ចំនួន​៨៨៥៩មុខ ក្នុងនោះ​ទំនិញក​សិ​កម្ម និងនេសាទ ១៩៨៣មុខ ទំនិញ​ឧស្សាហកម្ម មាន៦៩៦៦មុខ ក្នុងនោះ​លើកលែង​​តែ​ផលិត​ផលស្ករ អង្ករ ផលិតផលត្រីមួយចំនួន ម្សៅ និង​ផលិតផល​ស្បែក​ខ្លះ។ ទន្ទឹមនឹងនេះ​ប្រទេសជប៉ុន​បានធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះឆ្នាំ២០១១​មាន​ទំហំ​១២០​លានដុល្លា​អាមេរិក ឆ្នាំ២០១២មានទំហំ២១២លាន៣៣ពាន់​ដុល្លា និង៩ខែដើម​ឆ្នាំ២០១៣ មាន​ទំហំ​២០លាន៩២ពាន់ដុល្លា វិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរ សម្លៀក​បំពាក់ ការសាងសង់​ផ្សារទំនើប និងការកែច្នៃឈើ។ លើវិស័យទេសចរណ៍ មានអ្នក​ទេសចរណ៍​​ជប៉ុន ធ្វើដំណើរ​​មក​ទស្សនា​ប្រទេស​កម្ពុជាមានការកើន​ឡើងផងដែរ ក្នុងនោះឆ្នាំ​២០១២ ​មានអ្នកទេសចរណ៍​ជប៉ុន មកកាន់ប្រទេស​កម្ពុជា មានចំនួន១៧៩​ពាន់​៣២៧នាក់ ស្ថិតនៅលំដាប់ថ្នាក់ទី៦ និងក្នុងរយៈ​ពេល ៩ខែនៃឆ្នាំ២០១៣ មានអ្នកទេសចរណ៍ជប៉ុនមកកាន់​កម្ពុជាមានចំនួន​១៥០ពាន់​៣៤៧​នាក់ បានកើនឡើង១៥,៣% បើ​ប្រៀប​​​ធៀប​ ​នឹងរយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០១៣ ពោលគឺនៅ​តែ​រក្សាលំដាប់លេខរៀងទី៦ នៃចំនួន​ភ្ញៀវ​ទេស​​ចរណ៍​បរទេសដែលមក​ទស្សនាប្រទេស​កម្ពុជា​។ លើការកសាង និងអភិវឌ្ឍន៍ប្រទេស​កម្ពុជា​ឡើងវិញ ប្រ​ទេសជប៉ុនបាន​រួមចំណែក​​ដល់​ការ​​ផ្តល់​ជំនួយឥត​សំណងដ៏ធំធេងគេបំផុត ក្នុងការ​រួម​ចំណែក​​កសាង​​​ប្រ​ទេស​​កម្ពុជាឡើងវិញ ក្នុងនោះ​ នៅ​ឆ្នាំ២០១២-២០១៣ ប្រទេស​ជប៉ុន​បានផ្តល់​នូវ​ជំនួយ​ឥត​សំណងមាន​ទឹកប្រាក់១១២លាន​៤​សែន ដុល្លាអាមេរិក សំរាប់បំរើ​ដល់ការ​​អភិវឌ្ឍ​ធន​ធានមនុស្ស សុខាភិបាល គ្រោះ​មហន្ត​រាយ​​ដោយទឹកជំនន់ រោងចក្រវ៉ារី​អគ្គិសនី​ខ្នាតតូច អប់រំ ការផ្គត់ផ្គង់​ទឹកស្អាត និង​កម្មវិធីបោ​សសំ​អាត​​គ្រាប់មីន។ នៅលើទំនាក់​ទំនង និងកិច្ច​សហ​ប្រតិ​បត្តិការ​ជិត​ស្និត​ភាគី​ទាំងពីរ​កម្ពុជា-ជប៉ុន បាន​ចុះ​ហត្ថលេខាលើឯកសារ​កិច្ចព្រមព្រៀងសំខាន់​​ជាច្រើន ក្នុងនោះ​កិច្ចព្រម​ព្រៀង​ស្តីពី​សហ​ប្រតិ​បត្តិ​ការ​បច្ចេកទេស ចុះហត្ថលេខា​ក្នុងឆ្នាំ២០០៣ កិច្ចព្រមព្រៀង​ស្តីពីសេរីភា​វូបនីយកម្ម ការជំរុញ ​និងការកា​រពារវិនិយោគ ចុះហត្ថលេខា​​ក្នុងឆ្នាំ២០០៧ កិច្ចព្រមព្រៀងស្តីពីកិច្ច​សហប្រតិ​បត្តិការ​លើ​​វិស័យអប់រំ និងបណ្តុះបណ្តាលក្នុ​ងក្រប​ខណ្ឌ​ប្រតិបត្តិការរក្សាសន្តិភាព អង្គការ​សហប្រជាជាតិ ចុះ​ហត្ថ​លេខា​ក្នុងឆ្នាំ២០១៣។ អនុស្សារណៈស្តីពី កិច្ចសហប្រតិ​បត្តិការលើវិស័យ​ថែទាំ​សុខ​ភាព ចុះ​ហត្ថ​លេខា​ក្នុងឆ្នាំ២០១៣ ជាមួយគ្នានេះនៅក្នុង​ដំណើរទស្សន​កិច្ចការ ងារផ្លូវ​ការរបស់​​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី មកកាន់ប្រទេស​ជប៉ុនកាលពី ខែធ្នូ ឆ្នាំ២០១៣ រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរកម្ពុជា ជប៉ុន បានចុះ​ហត្ថលេខាលើ​លិខិតប្តូរសារ និងអនុស្សារណៈសំខាន់ៗ​ចំនួន​៤ ក្នុង​នោះ​ទី១ លិ​ខិត​ប្តូរសារ​ស្តីពី​គំរោង​កែលំអរ​ផ្លូវជាតិលេខ១ ទី២លិខិតប្តូរសារ​ស្តីពីគំរោង​ការ​​ធ្វើឲ្យប្រសើរ​ឡើង នូវ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តព្រះសីហនុ ទី៣លិខិតប្តូរសារ​ស្តីពីគំរោង​កែ​លំអ​សម្ភារៈ សំរាប់ការ​ជួស​ជុល​​ស្ពាន​ហាល​​ខាងលិច នៃប្រាសាទអង្គរវត្ត  និងទី៤អនុស្សា​រណៈ​​ស្តីពីការផ្លាស់ប្តូរនិងកិច្ច​សហ​ប្រតិបត្តិការ​យោធា រវាង​ក្រសួង​ការពារ​ជាតិជប៉ុន និងក្រសួង​ការ​ពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសការតម្លើង ទំនាក់​ទំនង​នៃ​ប្រទេសទាំ​ងពីរ​ក្នុងភាព​ជា​ដៃគូយុទ្ធសាស្រ្ត។

សូមបញ្ជាក់ដែរថា នៅវេលាម៉ោង​១៧និង​៣០នាទី ម៉ោងនៅទីក្រុង​តូក្យូប្រទេស​ជប៉ុន សម្តេច​តេជោ នាយករដ្ឋមន្រ្តី និងអញ្ជើញជួប​សំណេះសំណាលជាមួយសហគមន៍និស្សិតខ្មែរ និង កម្មសិក្សាការី នៅ​ប្រទេស​ជប៉ុន ចំនួន៣៥០នាក់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ